in

យុត្តិសាស្ត្រ​នៃ​ការ​តយុទ្ធ​នឹង​ស្មារតី​មិន​មូល

7 Ways to Fight Distraction in Prayer

នៅក្នុង​ឆ្នាំ​នេះ យើងខ្ញុំ​បាន​ប្ដេជ្ញាចិត្តថា​​ព្យាយាម​ចង់​អធិស្ឋាន​ឲ្យ​បាន​ច្រើន​ជាង​ពេល​មុនៗ។ ប៉ុន្តែ ចំពោះ​ការ​ដែល​យើងខ្ញុំ​ចង់​ចំណាយ ពេល​អធិស្ឋាន​នោះ វា​មិន​កើតឡើង​ដោយ​ងាយស្រួល​នៅ​ក្នុង​ជីវិត​របស់​យើងខ្ញុំ​នោះ​ទេ។ ជា​ធម្មតា នៅពេល​ដែល​យើងខ្ញុំ​អង្គុយ​ចុះ ទាំង​មាន​ចិត្ដ​អន្ទះសា​ជា​ខ្លាំង រៀប​នឹង​អធិស្ឋាន ហើយ​ពេល​កំពុង​ផ្ចង់​គំនិត មួយ​រំពេច​នោះ ប្រមាណ​ជា​២-៣​នាទី​ក្រោយ​មក នោះ​យើងខ្ញុំ​ស្រាប់​តែ​បែរ​ជា​ចាប់ផ្ដើម​មាន​គំនិត​ស្រមើស្រមៃ ទាក់ទង​ទៅ​នឹង​ការ​ជជែក​គ្នា​លេង​ពី​ម្សិលមិញ ក៏​ដូច​ជា​គិត​អំពី​អង្គ​ប្រជុំ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​ក៏​ថែម​ទាំង​នឹក​ដល់​ការ​ដែល​យើងខ្ញុំ​នឹង​ធ្វើ​អ្វី​នា​ពេល​មាន​វិស្សមកាល​នៅ​សប្ដាហ៍​ក្រោយ​ខាងមុខ​នោះ​ទៅ​វិញ។

អ្នក​ជឿ​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​មាន​នូវ​បទពិសោធន៍​ស្រដៀង​ការ​បរិយាយ​ខាង​លើ​នេះ​ហើយ តែ​បើ​មិន​ព្រម​ទទួល​ស្គាល់​ថា​មាន​ទេ នោះ​គាត់​ប្រហែល​ជា​កំពុង​តែ​ភូតភរ​ខ្លួន​ឯង​ហើយ​មើល​ទៅ!

ការ​ដែល​យើង​មិន​មាន​ស្មារតី​មូល វា​ជា​រនាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​អធិស្ឋាន​របស់​យើង ប៉ុន្តែ​យើងខ្ញុំ​ក៏​បាន​ស្វែងយល់​បន្ថែម​ទៀត​ថា ការ​នោះ​ជា​ឱកាស​សម្រាប់​មនុស្ស​ម្នាក់ៗ ដើម្បី​អាច​លូត​លាស់​បន្ត​ទៅ​មុខ​ទៀត​ទៅ​វិញ។ សេចក្ដី​បរិយាយ​ខាង​ក្រោម​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​៧​យ៉ាង​សម្រាប់​ការ​តយុទ្ធ ហើយក៏​ជា​មេរៀន​ឲ្យ​ចេះ​គ្រប់គ្រង​លើ​ការ​មាន​ស្មារតី​មិន​មូល​របស់​យើង ដោយ​យើង​អាច​យក​វា​មក​ប្រើប្រាស់​បាន ដើម្បី​ឲ្យ​ពេលវេលា​អធិស្ឋាន​របស់​យើង​​មាន​ភាព​ស៊ីជម្រៅ និង​មាន​ការ​ផ្ចង់​អារម្មណ៍​ផង៖

១. ការអធិស្ឋាន​ដោយ​ប្រើ​ប្រាស់​ព្រះ​បន្ទូល

កាល​ពី​មុន យើងខ្ញុំ​ធ្លាប់​បាន​ឮ​គេ​និយាយ​ថា ព្រះ​បន្ទូល​ព្រះ​បង្រៀន​ដល់​យើង​អំពី​របៀប​នៃ​ការ​អធិស្ឋាន ដែល​ប្រៀប​បាន​ដូច​ជា​ម្ដាយ​ម្នាក់​បង្រៀន​កូន​ឲ្យ​ចេះ​និយាយ​អញ្ចឹង។ ព្រះ​ជាម្ចាស់​បង្រៀន​យើង​តាមរយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​យើង​ក៏​អាច​និយាយ​តប​ទៅ​កាន់​ព្រះ​អង្គ​វិញ​បាន​ដែរ។ ការ​នោះ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ម្នាក់ រៀន​ស្ដាប់​ឪពុកម្ដាយ​របស់​ពួកគាត់ ហើយ​បន្ទាប់​មក​ក៏​ចេះ​និយាយ​ឆ្លើយ​ឆ្លង​ទៅ​វិញ។ ក្នុង​នាម​យើងខ្ញុំ​ជា​ឪពុក​ម្នាក់ នៅពេល​ដែល​កូន​របស់​យើងខ្ញុំ​ចាប់ផ្តើម​ចេះ​និយាយ​តិចៗ ដោយ​គាត់​ជិត​មាន​អាយុ​៣​ឆ្នាំ​នោះ គាត់​ចាប់ផ្ដើម​រៀន​ចេះ​និយាយ​បាន​ច្រើន​ទៅៗ។ មាន​ពេល​ខ្លះ​ទៀត​អ្វី​ដែល​គាត់​និយាយ​ចេញ​មក ធ្វើ​ឲ្យ​យើងខ្ញុំ​អស់​សំណើច​យ៉ាង​ខ្លាំង​ចំពោះ​គាត់ តែ​ការ​នេះ​បាន​បំភ្លឺ បង្ហាញ​ឲ្យ​យើងខ្ញុំ​អាច​យល់​អំពី​ខ្លួន​យើងខ្ញុំ​ផ្ទាល់។ យើងខ្ញុំ​យល់​ឃើញ​ថា វា​ពិត​ជា​ស្រដៀង​គ្នា​ទៅ​នឹង​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​យើងខ្ញុំ​ផង​ដែរ។

ចំណុច​សំខាន់​លើ​ការ​ប្រៀប​ធៀប​មួយ​នេះ​គឺ​ឆ្លុះ​បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​អាច​ចេះ​និយាយ​ដោយ​ខ្លួន​ឯង​ភ្លាមៗ​បាន​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ក្នុង​ចំណោម​យើង​សុខៗ​ចេះ​អធិស្ឋាន​ដោយ​ឯងៗ​បាន​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​យើង​​ត្រូវ​តែ​រៀន​អំពី​របៀប​នៃ​ការ​អធិស្ឋាន ហើយ​ជា​ទូទៅ​ការ​ទាំង​នេះ​គឺ​កើតឡើង​តាមរយៈ​ការ​អង្កេត​មើល និង​ការ​ត្រាប់​​តាម ជា​ជាង​តាមរយៈ​ការ​ណែនាំ​ប្រាប់​ដោយ​ផ្ទាល់​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ខណៈពេល​ដែល​យើងខ្ញុំ​ធ្វើ​ការ​សង្កេត​មើល​ទៅ​ក្នុង​ព្រះ​បន្ទូល ដើម្បី​អភិវឌ្ឍន៍ ក៏​ដូច​ជា​ពង្រឹង​នូវ​សភាវគតិ​នៃ​ជីវិត​អធិស្ឋាន​របស់​ខ្លួន​យើងខ្ញុំ​ផ្ទាល់ នោះ​យើងខ្ញុំ​បាន​ឃើញ​ថា វា​មិន​គ្រាន់តែ​ផ្តល់​​ជា​ព័ត៌មាន​​សាច់​ការ ទាក់ទង​ទៅ​នឹង​​សំណូម​ពរ​អធិស្ឋាន​របស់​យើងខ្ញុំ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត វា​ថែម​ទាំង​ជួយ​បង្កើន​កម្លាំង​ចិត្ដ ហើយ​ក៏​បណ្ដាល​ឲ្យ​យើងខ្ញុំ​កាន់តែ​មាន​ភាព​ស្រេក​ឃ្លាន​ក្នុង​ការ​អធិស្ឋាន​ថែម​ទៀត​ផង​ដែរ។

មាន​ចំណុច​ជា​ច្រើន​នៅ​ក្នុង​ព្រះ​បន្ទូល ដែល​ខាង​​​​​ឯ​សាច់​ឈាម​របស់​យើង​មិន​ចង់​គិត​ដល់ ដើម្បី​ទទូច​អង្វរ​សូម​ពី​ព្រះ។ ជា​ទូទៅ សម្រាប់​ខ្លួន​យើងខ្ញុំ​ផ្ទាល់ យើងខ្ញុំ​នឹង​មិន​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ប្រទាន​នូវ​ភាព​ក្លា​ហាន​ដល់​យើងខ្ញុំ ខណៈ​ពេល​ដែល​យើងខ្ញុំ​កំពុង​តែ​មាន​គេ​បៀតបៀន​នោះ​ឡើយ (កិច្ចការ ៤:២៩)។ ហើយ​ម្យ៉ាង​វិញទៀត យើងខ្ញុំ​ក៏​មិន​ហ៊ាន​វែកញែក​នូវ​ទុក្ខព្រួយ​របស់​យើងខ្ញុំ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​កិត្តិយស និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​នោះ​ដែរ (នេហេមា ១:៥-១១)។ យើងខ្ញុំ​ក៏​មិន​ហ៊ាន​លើក​ឡើង​ថា «សូម​បង្រៀន​ឲ្យ​យើងខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​នៃ​យើងខ្ញុំ ដើម្បី​ឲ្យ​យើងខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត» ដែរ (ទំនុកតម្កើង ៩០:១២)។ ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​បន្ទូល​តែងតែ​ធ្វើ​ការ​ស្ដី​បន្ទោស​ក្រើន​រំឭក​ទៅ​លើ​ភាព​មិន​ម៉ត់ចត់ ក៏​ដូច​ជា​ការ​ដែល​យើងខ្ញុំ​គ្រាន់តែ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង។ ហើយ​ព្រះបន្ទូល​ក៏​តែងតែ​ព្យាយាម​បង្វែរ​យើងខ្ញុំ​ឲ្យ​ចាប់ផ្ដើម​អធិស្ឋាន​ដោយ​សម្លឹង​មើល​រូបភាព​ធំ​នៃ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ ក្រុមជំនុំ​របស់​ទ្រង់ ហើយនិង​ការ​ផ្សាយ​ដំណឹង​ល្អ​វិញ។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​អធិស្ឋាន​មួយ​ចំនួន យោង​តាម​អត្ថបទ​ព្រះគម្ពីរ ដែល​នឹង​អាច​ជា​ជំនួយ​ដ៏​ពិសេស​ដល់​យើង ដើម្បី​ឲ្យ​ចិត្តគំនិត​យើង​សញ្ជឹង​គិត​លើ៖

នេហេមា ១:៥-១១៖ ហោរា នេហេមា បាន​អធិស្ឋាន​នៅ​ពេល​ដែល​គាត់​បាន​ឮ​ថា កំផែង​ក្រុង​យេរូសាឡឹម នៅតែ ដួល​រលំ​បែក​បាក់​ខ្ទេចខ្ទី។

ដានីយ៉ែល ៩:១-១៩៖ ហោរា ដានីយ៉ែល បាន​អធិស្ឋាន​សម្រាប់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ជា​ឈ្លើយ​នៅ​ឡើយ។

២របាក្សត្រ ២០:១-១២៖ ស្ដេច យ៉ូសាផាត បាន​អធិស្ឋាន​ឲ្យ​ព្រះ​ជាម្ចាស់​រំដោះ​ពួកគេ​ចេញ​ពី​ការ​វាយ​ប្រហារ។

អេភេសូរ ៣:១៤-២១៖ សាវ័ក ប៉ុល បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​កម្លាំង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដល់​គាត់ ដើម្បី​ឲ្យ​គាត់​យល់​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។

ម៉ាថាយ ៦:៩-១៣៖ ពាក្យ​អធិស្ឋាន​របស់​ព្រះ​ជាម្ចាស់ (នេះ​គឺ​ជា​ចំណុច​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ហ្វឹកហាត់​នូវ​ការ​អធិស្ឋាន​របស់​យើង)។

២. ការអធិស្ឋាន​ដោយ​ប្រើប្រាស់​ប៊ិច

រូប​យើងខ្ញុំ​ផ្ទាល់​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ដែល​យើងខ្ញុំ​ចាប់​សរសេរ​នៅ​លើ​ក្រដាស​នូវ​សេចក្ដី​អធិស្ឋាន​លើ​សំណូមពរ​អធិស្ឋាន​របស់​យើងខ្ញុំ នោះ​វា​ពិត​ជា​បាន​ជួយ​ឲ្យ​យើងខ្ញុំ​មាន​ភាព​ប្រាកដ​ច្បាស់​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា​មែន។ ប៉ុន្តែ យើង​មិន​គួរ​យក​ការ​អធិស្ឋាន​បែប​សរសេរ​មក​ជំនួស​ឲ្យ​ការ​អធិស្ឋាន​ដោយ​ចេញ​ជា​សំឡេង ឬ​ក៏​ការ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​យើង​នោះ​ដែរ។ ប្រាកដ​ណាស់! យើងខ្ញុំ​សម្គាល់​ឃើញ​ថា ការ​សរសេរ​ពិត​ជា​មាន​ប្រសិទ្ធភាព​ជា​លក្ខណៈ​បន្ទាប់បន្សំ។ នៅ​ពេល​ដែល​លោក​អ្នក​ចំណាយ​ពេល​សរសេរ​នូវ​រាល់​សេចក្ដី​អធិស្ឋាន នោះ​លោកអ្នក​នឹង​ឃើញ​ថា វា​បាន​ជួយ​ឲ្យ​លោកអ្នក​ចេះ​ផ្ចង់​គំនិត​ខ្លួន ក៏​ដូច​ជា​លត់ដំ​ខាង​សតិ ឲ្យ​ចេះ​រៀបរាប់​នូវ​ពាក្យ​ពេចន៍​ដោយ​ចេតនា ដ្បិត​ធម្មតា ពេល​យើង​អធិស្ឋាន​បន្លឺ​ចេញ​ជា​សំឡេង​យើង​មិន​សូវ​បាន​ត្រៀម​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​ដែល​យើង​បញ្ចេញ​វោហារ​នោះទេ។ ពេល​ដែល​យើង​សរសេរ​បែប​នេះ នោះ​យើង​នឹង​ងាយ​មាន​ស្មារតី​មូល ហើយ​វា​ពិត​ជា​ជួយ​នាំ​យើង​ឲ្យ​ចេះ​រៀប​របៀប និង​មាន​គ្រោង​ឆ្អឹង​នៃ​ពាក្យ​ពេចន៍​ត្រឹមត្រូវ​លើ​សេចក្ដី​អធិស្ឋាន​របស់​យើង​បន្ថែម​ទៀត​ជា​មិន​ខាន។

អត្ថប្រយោជន៍​មួយ​ទៀត​គឺ៖ ពេល​ដែល​លោកអ្នក​សរសេរ​ចុះ​បែប​នេះ នា​ពេល​អនាគត​នោះ​យើង​អាច​ត្រឡប់​ទៅ​មើល​ការ​ដែល​ព្រះ​បាន​ឆ្លើយ​តប​នូវ​សំណូមពរ​អធិស្ឋាន​ណា​មួយ (មិន​ថា​វា​យូរ​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ)។ លោកអ្នក​អាច​មើលឃើញ​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​លោកអ្នក។ តាមរយៈ​បទ​ពិសោធន៍​ដ៏​សាមញ្ញ​របស់​យើងខ្ញុំ​ផ្ទាល់ យើងខ្ញុំ​ឃើញ​ថា វា​បាន​ជួយ​ឲ្យ​យើងខ្ញុំ​ចេះ​មាន​ការ​ផ្លាស់ប្រែ​ក្នុង​ជីវិត​អធិស្ឋាន​របស់​យើងខ្ញុំ ជាច្រើន​ផ្នែក ឧទាហរណ៍៖ តើ​យើងខ្ញុំ​គួរ​តែ​អធិស្ឋាន​សម្រាប់​អ្វី​ខ្លះ។

៣. ការអធិស្ឋាន​តម

រីឯ​ការ​អធិស្ឋាន និង​ការ​តម​អាហារ​វិញ ទាំង​ពីរ​នោះ​គឺ​ជា​ការ​អនុវត្ត​ដែល​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំងក្លា​ដោយ​ឯងៗ ប៉ុន្តែ​វា​នឹង​កាន់តែ​មាន​នូវ​ប្រសិទ្ធភាព​យ៉ាង​ល្អ​ប្រសើរ​ថែម​ទៀត នៅ​ពេល​យើង​ធ្វើ​កិច្ចការ​ទាំង​ពីរ​រួម​គ្នា។ ចំពោះ​ការ​តម​បែប​អាហារ នៅ​ពេល​ដែល​ក្រពះ​កូរ នោះ​ដូច​ជា​ការ​រំឭក​មួយ ឲ្យ​យើង​ចាប់ផ្ដើម​អធិស្ឋាន​ដែរ «ឱ! ព្រះ​អម្ចាស់​អើយ! សូម​បំពេញ​ព្រលឹង​វិញ្ញាណ​របស់​ទូល​បង្គំ»។ នៅពេល​ដែល​យើង​មាន​ភាព​ស្វាហាប់​ក្នុង​សេចក្ដី​អធិស្ឋាន នោះ​វា​នឹង​ជួយ​យើង​ឲ្យ​ភ្លេច​នូវ​ការ​ស្រេក​ឃ្លាន​ដែល​យើង​កំពុង​តែ​មាន។

ចំណុច​មួយ​ដែល​យើងខ្ញុំ​ត្រូវតែ​តម នោះ​គឺ​ការ​តម​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ផ្សេងៗ (social media)។ ប្រព័ន្ធ​បណ្ដាញ​ផ្សព្វផ្សាយ​បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ខួរ​ក្បាល​យើង​គិតគូរ​ទាំង​ស្រុង។ វា​បញ្ជូន​ឲ្យ​ព័ត៌មាន​​ឆ្លង​កាត់​យ៉ាង​ឆាប់​រហ័ស ​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​សតិ​បញ្ញា​របស់​យើង ហើយ​ថែម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​សមត្ថភាព​ដូច​ជា៖ ការ​សញ្ជឹង​គិត ការ​រំឭក​ស្មារតី ឬ​ក៏​ការ​នៅ​ឲ្យ​ស្ងៀមស្ងាត់។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ នៅ​ពេល​ដែល​យើង​ឈប់​លេង​ហ្វេសបុក (Facebook) ម្ដងៗ ការ​អូស​ចុះ​អូស​ឡើងៗ ក៏​ដូច​ជា​លេង Twitter ជា​ច្រើន​ម៉ោង ហើយ​បន្ទាប់​មក​ព្យាយាម​បែរ​ត្រឡប់​ទៅ​ចំណាយ​ពេល​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​តាមរយៈ​ការ​អធិស្ឋាន​វិញ​នោះ។

ឧទាហរណ៍៖ ជា​រឿយៗ នៅពេល​ដែល​ព្រះ​យេស៊ូវ​អធិស្ឋាន ទ្រង់​តែងតែ​ទៅ «ទីស្ងាត់» (ម៉ាកុស ១:៣៥)។ ដើម្បី​ធ្វើ​ឲ្យ​បាន​ដូច​ទ្រង់ យើង​ត្រូវតែ​រៀន​បង្កើត​ការ​ដាក់​នូវ​វិន័យ​លើ​ខ្លួន​ឯង​ផ្ទាល់ គឺ​នៅ​ត្រង់​ថា យើង​ត្រូវ​ដក​ខ្លួន​ទៅ​ទីកន្លែង​ដែល​ស្ងាត់ៗ ហើយ​រង់ចាំ ទាំង​បង្អង់​គ្រប់​កិច្ចការ​មួយ​រយៈ ហើយ​ស្ថិត​នៅ​ចំពោះ​ព្រះ​វត្តមាន​ព្រះ​ជាម្ចាស់។ ប្រសិនបើ​យើង​តែងតែ​មាន​ភាព​មមាញឹក​ពេញ​ដោយ​ភាព​រញ៉េរញ៉ៃ នៅ​ស្ងៀម​មិន​បាន ឬ​ក៏​មាន​ស្មារតី​មិន​មូល សឹងតែ​គ្រប់​ពេលវេលា​ទៅ​ហើយ នោះ​យើង​មិន​គួរ​មាន​ភាព​ភ្ញាក់ផ្អើល​ឡើយ​ថា យើង​ពិបាក​នឹង​ស្មិងស្មាធិ៍​ក្នុង​សេចក្ដី​អធិស្ឋាន​នោះ។

៤. ការអធិស្ឋាន​ជាមួយនឹង​អ្នក​ដទៃ

ការ​ដែល​យើង​អធិស្ឋាន​ជាមួយ​នឹង​អ្នក​ដទៃ និង​ការ​ដែល​យើង​ចំណាយ​ពេល​អធិស្ឋាន​តែ​ម្នាក់​ឯង​គឺជា​ការ​បញ្ឆេះ​នូវ​សេចក្ដី​អធិស្ឋាន និង​ផ្ដល់​កម្លាំង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក (ការ​នេះ​គឺ​វា​ប្រៀប​ដូច​ទៅ​នឹង​ការ​អធិស្ឋាន និង​ការ​តម​អញ្ចឹង)។ ការ​ដែល​យើង​អធិស្ឋាន​រួម​គ្នា​ជាមួយនឹង​អ្នក​ដទៃ​នឹង​នាំឲ្យមាន​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​ជាង​មុន ជា​ពិសេស​ប្រសិនបើ​យើង​បាន​ចំណាយ​ពេល​អធិស្ឋាន​តែ​ម្នាក់​ឯង​ជា​មុន​រួច​ជា​ស្រេច​ហើយ។ ម៉្យាងវិញទៀត យើង​នឹង​កាន់តែ​ទទួល​បាន​នូវ​ការ​ណែនាំ និង​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​អធិស្ឋាន​តែ​ម្នាក់​ឯង ព្រោះ​យើង​បាន​ឃើញ​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​ឆ្លើយតប​នឹង​សំណូមពរ​អធិស្ឋាន​របស់​អ្នក​ដទៃ​ផង​ដែរ។

ក្នុង​ខណៈពេល​ដែល​លោកអ្នក​កំពុង​តែ​អធិស្ឋាន​ជាមួយ​នឹង​អ្នក​ដទៃ លោកអ្នក​មិន​ងាយ​បែក​អារម្មណ៍​នោះ​ទេ ហើយ ម៉្យាងទៀត ​ព្រះ​គ្រីស្ទ​ក៏​បាន​សន្យា​ផង​ដែរ​ថា ព្រះ​អង្គ​នឹង​ផ្គត់ផ្គង់ (ម៉ាថាយ ១៨:១៩) ដ្បិត​ព្រះ​វត្ត​មាន​របស់​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​យើង (ម៉ាថាយ ១៨:២០) គឺ​នៅ​ពេល​ដែល​យើង​មាន​គ្នា​ចាប់​ពី «ពីរ ទៅ​បី​នាក់» ជួប​ជុំ​គ្នា​ដោយ​នៅក្នុង​ព្រះ​នាម​របស់​ព្រះ​អង្គ។

៥. ការអធិស្ឋាន​ដោយ​មាន​គោលបំណង

ការ​មាន​ស្មារតី​មិន​មូល​នឹង​កាន់តែ​កើត​មាន​ឡើង​ថែម​ទៀត ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​គ្មាន​គោល​ដៅ​ជាក់លាក់ គ្មាន​ខ្លឹមសារ​ច្បាស់លាស់ ឬ​ក៏​មើល​ស្រាល​សមត្ថភាព​នៃ​ការ​ឆ្លើយតប​សំណូមពរ​អធិស្ឋាន។ យើងខ្ញុំ​បាន​សម្គាល់​ឃើញ​ថា ប្រសិនបើ​យើងខ្ញុំ​បាន​រៀបចំ​ពេលវេលា​អធិស្ឋាន​ឲ្យ​បាន​ជាក់​លាក់ នោះ​យើងខ្ញុំ​អាច​បន្ត​ផ្ដុំ​អារម្មណ៍​ឲ្យ​មូល​ពេល​យើងខ្ញុំ​អធិស្ឋាន។ ឧទាហរណ៍៖ យើងខ្ញុំ​នឹង​រៀបរៀង​ការ​អធិស្ឋាន​តាម​លំដាប់​លំដោយ ដោយ​ផ្ដោត​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់​ដោយ​បន្លឺ​ថា «ឱ! ព្រះ​ជាម្ចាស់​អើយ! ថ្ងៃ​នេះ​ទូល​បង្គំ​បាន​ឃើញ​ពី​ភាព​ស្មោះត្រង់​របស់​ទ្រង់​តាមរយៈ…» ឬ​ក៏ យើងខ្ញុំ​អាច​ផ្ដោត​នូវ​សេចក្ដី​អធិស្ឋាន​របស់​យើងខ្ញុំ​ទៅ​លើ​តម្រូវការ​ណា​មួយ​របស់​យើងខ្ញុំ​ដោយ​បន្លឺ​ឡើង​ថា «ឱ! ព្រះ​វរបិតា​អើយ! ថ្មីៗ​នេះ​ចិត្ត​ទូលបង្គំ​ហាក់​បី​ដូច​ជា​គ្មាន​ធម៌មេត្តា​អី​សោះ….»។

ប្រសិនបើ​យើង​មាន​នូវ​ប្រធានបទ ឬ​ការ​រៀបរាប់​អធិស្ឋាន​ដ៏​ជាក់លាក់​ក្នុង​ពេល​ដែល​យើង​អធិស្ឋាន នោះ​យើង​នឹង​ពិត​ជា​មិន​ងាយ​មាន​អារម្មណ៍​អណ្ដែតអណ្ដូង​ទៅ​ទី​ណា​ផ្សេង​ទេ។

លើស​ពី​នោះ​ទៅ​ទៀត ប្រសិនបើ​លោកអ្នក​តែងតែ​មាន​ស្មារតី​មិន​មូល​ដែល​បង្ក​ឡើង​ដោយ​ចំណុច​ច្រំដែលៗ ដែល​ចំណុច​នោះ​នាំ​ឲ្យ​លោកអ្នក​បែក​អារម្មណ៍​រហូត នោះ​លោកអ្នក​ប្រហែល​គួរ​គិត​ពិចារណា ហើយ​អធិស្ឋាន​សម្រាប់​ការ​ទាំង​ប៉ុន្មាន​នោះ​ទៅ (មិន​ថា​វា​ជា​អ្វី​ក៏​ដោយ) លោកអ្នក​គួរ​អធិស្ឋាន​សម្រាប់​ការ​ទាំង​នោះ​ចុះ។ យើង​អាច​ផ្លាស់​ប្ដូរ​ក្ដី​រំខាន​ទាំង​នោះ ឲ្យ​ក្លាយ​ទៅ​ជា​ឱកាស ដោយ​គាស់​វា​ចេញពី​ជម្រៅ​ដួងចិត្ត និង​គំនិត​របស់​យើង ដើម្បី​ឲ្យ​វា​ទៅ​ជា​ការ​ពង្រឹង​ដល់​ជីវិត​អធិស្ឋាន​របស់​យើង​វិញ។ «ឱ! ព្រះ​អម្ចាស់​អើយ! នៅ​ថ្ងៃ​នេះ ទូល​បង្គំ​កំពុងតែ​ប្រឈម​មុខ​ទៅ​នឹង​ការ​មាន​ស្មារតី​មិន​មូល​ខាង​ឯ​ចិត្ដ​គំនិត​ដោយសារ​តែ______។ ទូល​បង្គំ​សូម​ថ្វាយ​ស្មារតី​មិន​មូល​នេះ​ទៅ​កាន់​ព្រះ​អង្គ….»។

៦. ការអធិស្ឋាន​ដោយ​មាន​មនោសញ្ចេតនា និង​អារម្មណ៍

ប្រាកដ​ណាស់! មនុស្សយើង​ពិត​ជា​មាន​នូវ​សម្ពាធ​ក្លែង​បន្លំ ដែល​តែងតែ​ផុស​ឡើង—តាម​រយៈ​ទង្វើ​នៃ​ឆន្ទៈ​របស់​យើង—ក្នុង​ការ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ដ​ហើយ​នាំ​ឲ្យ​យើង​គិត​ថា​ត្រូវ​មាន​អារម្មណ៍​បែប​នេះ​ឬ​បែប​នោះ​នៅ​ពេល​ដែល​យើង​អធិស្ឋាន។ វា​មិន​មែន​ជា​ការ​ល្អ​ប៉ុន្មាន​នោះ​ទេ​ក្នុង​ការ​ដែល​យើង​អនុញ្ញាត​ឲ្យ​អារម្មណ៍​របស់​យើង​មក​គ្រប់គ្រង​លើ​យើង​ទាំង​ស្រុង​នោះ ហើយ​វា​ក៏​កាន់តែ​រឹតតែ​មិន​ល្អ​ថែម​ទៀត​ក្នុង​ការ​ដែល​យើង​អនុញ្ញាត​ឲ្យ​អារម្មណ៍​របស់​យើង​មក​ត្រួតត្រា ឬ​ក៏​គ្រប់គ្រង​លើ​ឆន្ទៈ​របស់​យើង ដោយ​ឲ្យ​អារម្មណ៍​មាន​អធិបតេយ្យ​ភាព​ខ្ពស់​លើស​ឆន្ទៈ​របស់​យើង។ មាន​ទម្លាប់​ខ្លះៗ ដែល​យើង​អាច​ធ្វើ​បាន​យ៉ាង​សកម្ម​ជាមួយនឹង​អារម្មណ៍​របស់​យើង (ជាជាង​គ្រាន់តែ​ទទួល​យក​អារម្មណ៍​បែប​នោះ​ដោយ​អសកម្ម) ហើយ​ការ​នោះ​វា​ប្រសើរ​ត្រឹមត្រូវ​ជាង ដែល​លទ្ធផល​វា​អាច​ជួយ​យើង​តយុទ្ធ​នឹង​ការ​ដែល​យើង​មាន​អារម្មណ៍​មិន​មូល។

ឧទាហរណ៍៖ ស្ដេច ដាវីឌ បាន​ជជែក​សួរ​ដេញដោល អំពី​អារម្មណ៍​របស់​ផង​ទ្រង់​ផ្ទាល់​ដោយ​បន្លឺ​ថា «ឱ! ព្រលឹង​អញ​អើយ! ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ?» (ទំនុកតម្កើង ៤២:៥)។ ទ្រង់​ក៏​បាន​ដង្ហោយ​ស្រែក​ហៅ​លើ​អារម្មណ៍​របស់​ទ្រង់​ថា « ឱ! ព្រលឹង​អញ​អើយ! ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះ​នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ!» (ទំនុកតម្កើង ១០៣:១)។ ហើយ​ទ្រង់​ក៏​បាន​រក​ហេតុផល​ផ្ទាល់​ខ្លួន ទាក់ទង​ទៅ​នឹង​អារម្មណ៍​របស់​ទ្រង់​ផង​ដែរ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា» (ទំនុក​តម្កើង ២៧:១)។

ប្រសិនបើ​លោកអ្នក​មាន​អារម្មណ៍​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​លោកអ្នក​មាន​ស្មារតី​មិន​មូល (ឧទាហរណ៍៖ ភាព​អផ្សុក? ក្ដី​ថប់បារម្ភ? ការ​គិត​តែ​ពី​ខ្លួន​ឯង?) ចូរ​តវ៉ា​ទៅ​កាន់​ពួក​វា ដូច​ដែល​ស្ដេច ដាវីឌ បាន​ធ្វើ​អញ្ចឹង។ ចូរ​តយុទ្ធ​នឹង​អារម្មណ៍​វៀចវេរ​ដោយ​ប្រើប្រាស់​ការ​វាយ​បក​ប្រឆាំង ដែល​ជា​ទង្វើ​នៃ​សេចក្ដីពិត​តម្រូវ​ឲ្យ​ធ្វើ​នោះ​វិញ។

៧. ការ​អធិស្ឋាន​ដោយ​ប្រើប្រាស់​ដំណឹងល្អ

យើងខ្ញុំ​ធ្លាប់​ឮ​មាន​ពេល​មួយ​ដែល​លោកគ្រូ ស៊ី. អេឆ. ស្ពើជិន (C.H. Spurgeon) បាន​ផ្តល់​ប្រឹក្សា​ដល់​គ្រូ​អធិប្បាយ​មួយ​ចំនួន​ថា ប្រសិនបើ​ពួកគាត់​ភ្លេច​ចំណុច​ក្នុង​សេចក្ដី​អធិប្បាយ ឬ​អ្វី​ដែល​ត្រូវ​និយាយ​បន្ត​ទៀត នោះ​ចូរ​ឲ្យ​គាត់​ចាប់ផ្ដើម​ប្រកាស​អំពី​ដំណឹងល្អ​ហ្មង​ទៅ។ នេះ​គឺ​ជា​សភាវគតិ​ដ៏​ល្អ​មួយ​មែន ហើយ​យើងខ្ញុំ​ជឿ​ជាក់​ថា វា​ក៏​អាច​ជួយ​យើង​ក្នុង​ជីវិត​នៃ​ការ​អធិស្ឋាន​ផង​ដែរ។ ប្រសិនបើ​រាល់​គ្រប់​ចំណុច​ទាំង​អស់​បរាជ័យ ហើយ​ប្រសិនបើ​អារម្មណ៍​មិន​មូល​នៅ​តែ​បន្ត​កើតឡើង​ដដែលៗ នោះ​ចូរ​ឲ្យ​យើង​វិល​បែរ​ទៅ​រក​ដំណឹងល្អ​ម្ដង​ហើយ​ម្ដង​ទៀត​វិញ​ចុះ។ ជា​ញឹកញាប់ យើងខ្ញុំ​សង្កេត​ឃើញ​ថា ការ​អធិស្ឋាន​ដោយ​មាន​គម្រោង​បែប​ដូច​ខាង​ក្រោម​នេះ វា​បាន​ជួយ​ដល់​យើងខ្ញុំ​ពិត​មែន៖

១. ឱ! ព្រះ​អម្ចាស់​យេស៊ូវ​អើយ! នេះ​គឺ​ជា​លក្ខណសម្បត្តិ​ដែល​ទូលបង្គំ​នឹង​មាន បើ​គ្មាន​ព្រះ​អង្គ _________

២. ឱ! ព្រះ​អម្ចាស់​យេស៊ូវ​អើយ! នេះ​គឺ​ជា​លក្ខណសម្បត្តិ​ដែល​ទូលបង្គំ​នឹង​មាន បើ​ទូលបង្គំ​មាន​ទ្រង់​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ទូលបង្គំ __________

៣. ឱ! ព្រះ​អម្ចាស់​យេស៊ូវ​អើយ! នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​ឆ្លង​កាត់ ដើម្បី​សម្រេច​នូវ​សេចក្ដី​ទាំង​នោះ__________

ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​នឹង​មិន​ដែល​ផុតរលត់​បាត់​បង់​ភាព​រំភើប ភាព​ស្ញប់ស្ញែង និង​អំណាច​ដ៏​អស្ចារ្យ​នោះ​ឡើយ។ ព្រះ​យេស៊ូវ​បាន​រំដោះ​យើង​ឲ្យ​ចេញពី​អំពើបាប សេចក្ដី​ស្លាប់ ហើយនិង​សេចក្ដី​ហិនវិនាស​ដ៏​នៅ​អស់កល្ប​ជានិច្ច។ ព្រះ​អង្គ​បាន​ទទួល​យក​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​របស់​ទ្រង់​នៅ​ឯ​នគរ​ស្ថានសួគ៌ ហើយ​ព្រះ​អង្គ​ក៏​បាន​បំពាក់​លើ​យើង​នូវ​សេចក្ដី​សុចរិត​របស់​ទ្រង់ ព្រមទាំង​បាន​អញ្ជើញ​យើង​ឲ្យ​មាន​ចំណែក​រួម​ក្នុង​សិរីល្អ​របស់​ទ្រង់​ផង​ដែរ។ ព្រះ​អង្គ​ផ្ទាល់​បាន​សម្រេច​ការ​នេះ​ដោយ​បង់​ថ្លៃ​នូវ​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន—ខណៈពេល​ដែល​ព្រះ​លោហិត​របស់​ព្រះ​អង្គ​កំពុង​តែ​ស្រក់​ហូរចេញ​ពី​សរសៃ​ឈាម​ទ្រង់​យ៉ាង​យឺតៗ ក៏​ដូច​ក្នុង​ខណៈពេល​ដែល​ព្រះ​អង្គ​រៀប​នឹង​ដាច់​ដង្ហើម ហើយ​និង​ចំ​ពេល​ដែល​មិត្ត​នានា​របស់​ទ្រង់​បាន​បោះបង់​ចោល​ព្រះអង្គ ព្រមទាំង​មាន​ខ្មាំង​សត្រូវ​មក​សើច​ចំអក​ដាក់​ទ្រង់​ផង ហើយ​លើស​ពី​នេះ​ក្ដី​ស្រឡាញ់​រវាង​ព្រះវរបិតា និង​ព្រះ​រាជបុត្រា​ត្រូវ​បាន​ធ្លុះធ្លាយ​ជា​លើក​ដំបូង​នៅ​ក្នុង​សម័យកាល​នៃ​ពេលវេលា​ផង​នោះ។

យើង​នឹង​មិន​ងាយ​មាន​អារម្មណ៍​រវើរវាយ​ឡើយ នៅពេល​ដែល​យើង​ផ្ដោត​ចិត្តគំនិត​របស់​យើង​ទៅ​លើ​សេចក្ដីពិត​ដ៏​អស្ចារ្យ ដោយ​គិត​ដល់​ស្ថាននរក ស្ថានសួគ៌ និង​គ្រា​នៅ​ឯ​កាល់វ៉ារី​នោះ​ឡើយ។ ចូរ​ផ្ដោត​លើ​ចំណុច​ទាំង​អស់​នេះ​នៅក្នុង​ជីវិត​អធិស្ឋាន​របស់​លោកអ្នក នោះ​វា​នឹង​ជួយ​លោកអ្នក​ក្នុង​ការ​តយុទ្ធ​នឹង​ការ​មាន​ស្មារតី​មិន​មូល​ជា​មិន​ខាន។

 

និពន្ថ​ដោយ​លោកគ្រូ៖ Gavin Ortlund
ចំណាំ៖ ត្រូវបាន​ទទួល​ការ​កែសម្រួល​ដោយ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដើម។
បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​​លោក ថាច់ ទិត្យសូរិយា
អ្នក​វាយ​ឯកសារ​ចុះ៖ ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ភាព​ព្រៃ​ផ្សៃ​នៃ​អំពើបាប

ការ​ធ្វើ​ព័ន្ធកិច្ច