in ,

គ្រូគង្វាលអើយ! ចូរប្រយ័ត្ន!

ការ​ព្រមាន​៤​យ៉ាង​ចំពោះ​គ្រូ​គង្វាល​ចេញ​ពី​កណ្ឌគម្ពីរ​យ៉ូណាស

ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​រឿង​បុរស​ម្នាក់​ដែល​បាន​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ព័ន្ធកិច្ច​របស់​គាត់​យ៉ាង​ខ្លាំង​បំផុត។ ប្រសិនបើ​គាត់​រស់រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ​នេះ នោះ​ខ្ញុំ​គិត​ថា គាត់​នឹង​ក្លាយ​ជា​បុគ្គល​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​លើ​ពិភពលោក​នេះ​ជា​មិន​ខាន។ ហើយ​ប្រសិនបើ​គាត់​ជា​គ្រូ ឬ​ក៏​ជា​បេសកជន​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​វិញ នោះ​ខ្ញុំ​ក៏​គិត​ដែរ​ថា មាន​មនុស្ស​ជា​ច្រើន​នឹង​អញ្ជើញ​គាត់​ឲ្យ​មក​អធិប្បាយ ឬ​ចងក្រង​សៀវភៅ និង​ចង់​រៀន​ពី​គាត់ ដោយសារ​ភាព​ជោគជ័យ​របស់​គាត់។

ប៉ុន្តែ បើ​យើង​មើល​ពី​ជីវិត​របស់​គាត់​វិញ នោះ​យើង​នឹង​ឃើញ​ថា គាត់​មិនមែន​ជា​គំរូ​ល្អ​ទេ ព្រោះ​មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​គាត់។ ហើយ​យើង​ក៏​ទំនង​ជា​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ថ្កោល​ទោស​គាត់ និង​គិត​ថា​គាត់​ជា​អ្នក​បម្រើ​ដ៏​អាក្រក់​ម្នាក់​របស់​ព្រះ​ជាម្ចាស់។ ទោះជា​យ៉ាង​នេះ​ក្ដី នៅពេល​ដែល​យើង​កាន់​តែ​នៅ​បម្រើ​ព្រះ​យូរ​ទៅៗ នោះ​យើង​នឹង​ឃើញ​ថា ព្រះ​អង្គ​ជា​អង្គ​ប្រាកដនិយម ហើយ​ទ្រង់​ជ្រាប​ហើយ​ថា​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​អាក្រក់ តែ​ដោយសារ​ព្រះ​គុណ​ទ្រង់ ទ្រង់​នៅ​បន្ត​ប្រើប្រាស់​យើង​ជា​ឧបករណ៍​នៃ​ព្រះ​គុណ​សម្រាប់​ប្រយោជន៍​ព្រះ​គ្រីស្ទ និង​ពិភពលោក​ទាំង​មូល។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​បន្ទូល​ទ្រង់​ដោយ​មាន​រួម​ទាំង​គំរូ​ល្អៗ និង​គំរូ​អាក្រក់ៗ ដើម្បី​ឲ្យ​យើង​រៀន​ពី​ជីវិត​របស់​ពួក​បរិសុទ្ធ​ដែល​បាន​រស់នៅ​ពី​ជំនាន់​មុនៗ​យើង រៀន​ពី​ចំណុច​ខ្លាំង និង​ពី​កំហុស​របស់​ពួកគេ ដើម្បី​កុំ​ឲ្យ​យើង​ប្រព្រឹត្ត​ច្រំដែលៗ​ដូច​ប្រវត្តិសាស្ត្រ​មុនៗ​ឡើយ។ នៅក្នុង​ព័ន្ធកិច្ច​របស់​គ្រូគង្វាល យើង​ឃើញ​ថា​មាន​បញ្ហា​ជា​ច្រើន​ដែល​ពួកគាត់​ត្រូវ​ប្រឈម​មុខ​ជាមួយ ហើយ​ក៏​មាន​ការ​ល្បួង​ជា​ច្រើន​ដែល​ព្យាយាម​អូស​ទាញ​ពួកគាត់​ចេញ​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ផង​ដែរ។

តើ​គ្រូ​ដ៏​ឆ្នើម​ម្នាក់​នេះ​ជា​អ្នកណា? ចម្លើយ៖ លោក​ យ៉ូណាស។ តោះ​យើង! នាំ​គ្នា​សិក្សា​ពី​ជីវិត​របស់​គាត់​ជាមួយ​គ្នា ហើយ​មើល​ថា​តើ​យើង​អាច​នឹង​រៀន​បាន​អ្វី​ខ្លះ​ចេញពី​ជីវិត​របស់​គាត់? មាន​ការ​ព្រមាន​បួន​យ៉ាង​ចំពោះ​គ្រូគង្វាល ដែល​យើង​អាច​រៀន​បាន​ចេញ​ពី​ជីវិត​របស់​លោក យ៉ូណាស។ តោះ​យើង! នាំ​គ្នា​រៀន​ពី​ជីវិត​គាត់​ពី​ចំណុច​ដំបូង៖

យ៉ូណាស ១:១-៣ «ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​យ៉ូណាស ជា​កូន​អ័មីថាយ​ថា៖ “ចូរ​ទៅ​នីនីវេ ជា​ទីក្រុង​ធំ ហើយ​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​យើង​ហើយ”។ ប៉ុន្តែ ហោរា​យ៉ូណាស​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ​ភក្ត្រ​នៃ​ព្រះ​យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ បាន​ជួប​នឹង​សំពៅ​មួយ​ដែល​រៀប​ចេញ​ទៅ​ដល់​ក្រុង​តើស៊ីស លោក​ចេញ​ថ្លៃ​ជិះ ក៏​ចុះ​សំពៅ​នោះ​ទៅ​ឯ​តើស៊ីស​ជាមួយ​គេ ដើម្បី​ឲ្យ​រួច​ពី​ព្រះ​ភក្ត្រ​ព្រះ​យេហូវ៉ា» (គកស)។

១. កុំ​រត់​គេច​ចេញ​ពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់

ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​លោក យ៉ូណាស ប៉ុន្តែ​គាត់​បែរ​ជា​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ​វិញ។ យើងខ្ញុំ​គិត​ថា នៅពេល​ដែល​យើង​អាន​រឿង​លោក យ៉ូណាស ជា​ដំបូង នោះ​យើង​នឹង​ទំនង​ជា​មាន​សំណួរ​ដូច​ជា តើ​លោក យ៉ូណាស រត់​គេច​ពី​ព្រះ​ដើម្បី​អ្វី? ហេតុ​អ្វី​បាន​ជា​លោក យ៉ូណាស ធ្វើ​បែប​នេះ? ម៉េច​បាន​ជា​គាត់​ហ៊ាន​ប្រឆាំង​នឹង​ការ​ត្រាស់ហៅ​របស់​ព្រះ​អញ្ចឹង? យើង​ទំនង​ជា​គិត​ថា លោក យ៉ូណាស មាន​ជំនឿ​ដ៏​ទន់​ខ្សោយ​មែន! ប៉ុន្តែ យើង​មិន​គួរ​មាន​ភាព​រហ័សរហួន​ពេក​ក្នុង​ការ​ថ្កោល​ទោស​គាត់​ទេ។ សព្វ​ថ្ងៃ​នេះ យើង​ក៏​ដូច​គ្នា​ដែរ មាន​អ្នកជឿ​ជា​ច្រើន​ដែល​ធ្វើ​ជា​គ្រូគង្វាល ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​គាត់​ចាប់ផ្ដើម​ប្រឈម​មុខ​នឹង​រឿង​ដ៏​ពិបាកៗ​ក្នុង​នាម​ជា​អ្នក​មាន​តួនាទី​ជា​គ្រូ ដូច្នេះ​គាត់​ក៏​ចង់​រត់​គេច​ចេញ​ពី​ត្រាស់ហៅ​របស់​ព្រះ ដើម្បី​ទៅ​ធ្វើ​ការងារ​នៅ​អង្គការ ឫ​កន្លែង​ផ្សេងៗ​ទៀត​ដែល​ទទួល​ប្រាក់ចំណូល​ច្រើន​ជា​មុន។ ប្រាកដ​ណាស់ ការ​ត្រាប់តាម​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់​ឲ្យ​ធ្វើ​ជា​គ្រូ​គង្វាល គឺ​ពិត​ជា​ពិបាក​មែន។ ប៉ុន្តែ យើង​ត្រូវ​តែ​ចងចាំ​ពី​លោក យ៉ូណាស ត្រង់​ថា​គាត់​គឺ​ជា​ហោរា ហើយ​គាត់​មិន​បាន​ឈប់​ធ្វើ​ជា​ហោរា​ទេ។ គាត់​នៅ​បន្ត​បម្រើ​ព្រះ​ជាម្ចាស់​ក្នុង​នាម​ជា​ហោរា​ទ្រង់។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​ហោរា​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​គាត់​គ្រាន់​តែ​មិន​ចង់​ទៅ​កន្លែង​ដែល​ព្រះ​បង្គាប់​ឲ្យ​គាត់​ទៅ​នោះ​តែ​ប៉ុណ្ណោះ។ លោក យ៉ូណាស មិន​បាន​រត់​គេច​ពី​ការ​បម្រើ​ព័ន្ធកិច្ច​ទេ គាត់​គ្រាន់តែ​មិន​ចង់​ចេញ​ទៅ​បម្រើ​ព័ន្ធកិច្ច​នៅ​ក្រៅ​ប្រទេស​ខ្លួន​ប៉ុណ្ណោះ។ គាត់​មាន​ការ​ពេញ​ចិត្ត​ហើយ​ក្នុង​ការ​ធ្វើ​ជា​ហោរា​ទៅ​កាន់​ពួក​សាសន៍​អ៊ីស្រាអែល ហើយ​នឹង​ការ​ដែល​ព្រះ​ជាម្ចាស់​ប្រើប្រាស់​គាត់​ឲ្យ​ទាយ​ប្រាប់​ស្ដេច យេរ៉ូបោម ដែល​ជា​បុត្រ​យ៉ូអាស ថា ទ្រង់​នឹង​ស្ដារ​ព្រំដែន​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ (២ពង្សាវតារក្សត្រ ១៤:២៥)។ ប៉ុន្តែ ពេល​ដែល​ព្រះ​ជាម្ចាស់​ត្រាស់ហៅ​គាត់​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ខ្លួន គាត់​ក៏​បាន​រត់​គេច​ចេញ​បាត់​ទៅ។

គាត់​មិន​គ្រាន់តែ​រត់គេច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទង្វើ​របស់​គាត់​ថែម​ទាំង​សបញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​សុខចិត្ត​ស្លាប់​ជាជាង​ទៅ​ទីក្រុង​នីនីវេ។ ពេល​ដែល​លោក យ៉ូណាស ប្រាប់​ពួក​នាវិក​ឲ្យ​ទម្លាក់​គាត់​ចូល​ទៅ​ក្នុង​សមុទ្រ
តើ​នោះ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​ក្នុង​ការ​បញ្ឈប់​ព្យុះ​មែន​ឬ? មិន​មែន​ទេ! តាមពិត គាត់​អាច​នឹង​អធិស្ឋាន ហើយ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​អត់​ទោស​បាប​គាត់ នោះ​វា​ចប់​រឿង​ចប់​រ៉ាវ​ទៅ​ហើយ។ ឬ​ក៏​បើ​គាត់​គ្រាន់តែ​ប្រាប់​ពួក​នាវិក​ឲ្យ​បែរ​ទូក​ទៅ​កំពង់ផែ​វិញ នោះ​គាត់​អាច​នឹង​ទៅ​ក្រុង​នីនីវេ​បាន​បាត់​ហើយ។ លោក យ៉ូណាស ពិត​ជា​មិន​ចង់​ទៅ​ក្រុង​នីនីវេ​ទេ។ គាត់​សុខចិត្ត​លង់ទឹក​ស្លាប់ ជាជាង​ទៅ​អធិប្បាយ​នៅ​ទី​នោះ។ លោក យ៉ូណាស ប្រហែល​ជា​មាន​មូលហេតុ​ដែល​គាត់​មិន​ចង់​ទៅ​ប្រកាស​ព្រះ​បន្ទូល​នៅ​ក្រុង​នីនីវេ​ទេ។ ប្រហែលជា​គាត់​មិន​សូវ​ចេះ​និយាយ​ភាសា​របស់​គេ ឬ​ក៏​គាត់​ស្អប់​គេ ដោយសារ​ប្រទេស​នោះ​ធ្វើ​បាប​ជនជាតិ​របស់​គាត់។ យើង​ក៏​ប្រហែល​ជា​មាន​មូល​ហេតុ​របស់​យើង​ដែល​ទាក់ទង​នឹង​ទីកន្លែង​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ចេញ​ទៅ តែ​យើង​មិន​ទៅ។ ទំនង​ជា​យើង​គ្រាន់តែ​ចង់​បម្រើ​ព្រះ​ជាម្ចាស់​នៅ​រាជធានី​ភ្នំពេញ ឬ​ក៏​នៅ​តែ​ស្រុក​កំណើត​របស់​យើង​តែ​ប៉ុណ្ណោះ។ ចុះ​ហេតុអ្វី​បាន​ជា​យើង​ចង់​បម្រើ​ព្រះ​នៅ​កន្លែង​ដែល​យើង​កំពុង​បម្រើ? ដោយសារ​តែ​វា​ស្រួល ឬ​ដោយសារ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ? តើ​យើង​ចង់​បម្រើ​ព្រះ​តែ​នៅ​កន្លែង​ដែល​យើង​គិត​ថា ស្រួល ឬ​ជា​កន្លែង​ដែល​យើង​ចូលចិត្ត​តែ​ប៉ុណ្ណោះ​មែន​ឬ? តើ​ព្រះ​អង្គ​អាច​នឹង​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​បម្រើ​ទ្រង់​នៅ​កន្លែង​ដែល​យើង​ស្អប់​ឬ​ទេ? ពេល​ខ្លះ​យើង​ជា​គ្រូគង្វាល ជា​បេសកជន ជា​ធម្មតា​យើង​ជ្រើសរើស​កន្លែង​ដែល​យើង​ចូលចិត្ត​ជាង​ស្ដាប់​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ។ លោក យ៉ូណាស គឺ​ជា​ហោរា ជា​អ្នក​បម្រើ​ព្រះ​ជាម្ចាស់ ហើយ​ជនជាតិ​របស់​គាត់​ក៏​ដឹង​ផង​ដែរ​ថា គាត់​ជា​ហោរា​ដ៏​ពិតប្រាកដ​មួយ​មែន។ ប៉ុន្តែ គាត់​បាន​ព្យាយាម​រត់​គេច​ពី​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​ថា គាត់​រត់​គេច​ពី​កិច្ចការ​ដែល​ព្រះ​អង្គ​ឲ្យ​គាត់​ធ្វើ​នោះ​ដែរ។ ប្រហែល​យើង​ក៏​ដូច​គ្នា​ដែរ គឺ​កំពុង​ព្យាយាម​រត់​គេច​ពី​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ។ តើ​យើង​កំពុង​គេច​ចេញ​ពី​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​មែន​ឬ ឬក៏​កំពុង​តែ​បម្រើ​ព្រះអង្គ​នៅ​កន្លែង​ដែល​ទ្រង់​បាន​ត្រាស់ហៅ​រួច​ទៅ​ហើយ? ចុះ​បើ​ព្រះអង្គ​ត្រាស់ហៅ​យើង​ឲ្យ​ចេញ​ទៅ​បម្រើ​ទ្រង់​នៅ​ប្រទេស វៀតណាម ថៃ ឡាវ ឬ​ឲ្យ​ទៅ​ប្រទេស​ផ្សេងៗ​ណា​មួយ​ទៀត តើ​យើង​ព្រម​ទៅ​ដែរ​ឬ​ទេ? តើ​ព្រះ​អង្គ​ត្រាស់​ហៅ​យើង​ដែល​ជា​ជនជាតិ​ខ្មែរ​ឲ្យ​នៅ​តែ​ប្រទេស​ខ្មែរ​តែ​ប៉ុណ្ណឹង​ឬ? ឬក៏​ព្រះ​អង្គ​អាច​នឹង​ត្រាស់ហៅ​ជនជាតិ​ខ្មែរ​ឲ្យ​ទៅ​បម្រើ​ទ្រង់​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​បាន​ដែរ? តើ​យើង​គួរ​បដិសេធ​នឹង​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ ដោយសារ​យើង​ស្អប់​ទីកន្លែង​នោះ ប្រទេស​មួយ​នោះ ជនជាតិ​មួយ​នោះ​មែន​ឬ? យើងខ្ញុំ​សង្ឃឹម​ថា យើង​នឹង​មិន​រង់ចាំ​ដល់​ជិត​ស្លាប់ ទើប​យើង​ចេញ​ទៅ​ដូច​លោក យ៉ូណាស ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត​មុន​ដែល​លោក​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​នោះ​ឡើយ។ យើងខ្ញុំ​សង្ឃឹមថា យើង​នឹង​ឆ្លើយតប​ទៅ​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​អើយ​កូន​នឹង​ទៅ មិន​ថា​ទៅ​ទីណា​ក៏​ដោយ» ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បណ្ដាំ​របស់​ព្រះ​អង្គ​មក​យើង​ទាំង​អស់​គ្នា​ថា ចូរ​ទៅ​បង្កើត​សិស្ស​ឲ្យ​មាន​នៅ​គ្រប់​ទាំង​ជាតិ​សាសន៍។ ពេល​ព្រះ​យេស៊ូវ​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់៖ «ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ» ព្រះ​អង្គ​ពិត​ជា​មាន​ន័យ​ថា គ្រប់​ជនជាតិ​មែន (ម៉ាថាយ ២៨:១៩)។ នេះ​មាន​ន័យ​ថា មិន​អាច​មាន​ជនជាតិ​ណា​មួយ​ដែល​យើង​អាច​មើល​រំលង​បាន​ឡើយ។ តើ​លោក​អ្នក​នឹង​ហ៊ាន​កំណត់​ក្នុង​ចិត្ត​ខ្លួន​ឲ្យ​ស្អប់​អស់​អ្នក​ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​ដោយសារ​តែ​ពួកគាត់​មាន​សញ្ជាតិ​ខុស​ពី​ខ្លួន​មែន​ឬ? សម្បុរ​ស្បែក​ខុស​គ្នា? សូម​កុំ​ឲ្យ​ការ​នេះ​កើត​ឡើង​ឡើយ! តើ​លោក​អ្នក​កំពុង​តែ​រត់​គេច​ចេញពី​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់​ចំពោះ​លោក​អ្នក​ដូច​លោក យ៉ូណាស មែន​ឬ? ចូល​លន់តួ​បាប​របស់​លោក​អ្នក ហើយ​បែរ​ទៅ​រក​ព្រះ​អង្គ​វិញ ដ្បិត​ទ្រង់​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ!

ហើយ​ទោះបើ​លោក​អ្នក​មិន​គិត​ថា ខ្លួន​កំពុង​តែ​រត់​គេច​ក៏​ដោយ ក៏​លោក​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​វា​ពិត​ជា​ការ​ដ៏​ងាយ​ស្រួល​ណាស់​ដែល​យើង​រត់​គេច​ចេញ​ពី​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់ ពោលគឺ​ស្រួល​ជាង​លោក​អ្នក​អាច​គិត​ដល់​ទៅ​ទៀត។

បងប្អូន​ខ្មែរ​អើយ! គ្មាន​អ្វី​ប្រសើរ​ជា​ការ​ដើរ​តាម​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​លោក​អ្នក​ឡើយ។

២. កុំ​ផ្ដោត​សំខាន់​លើ​ក្បួន​វិធីសាស្ត្រ​ជាង​ការ​ជឿ​លើ​ព្រះបន្ទូល

បន្ទាប់ពី​លោក យ៉ូណាស បាន​រត់​គេច យើង​ទាំង​អស់​គ្នា​បាន​ដឹង​ពី​សាច់​រឿង​រួច​ហើយ៖ ព្យុះ​ក៏​បាន​កើត​ឡើង នាវិក​បាន​បោះ​គាត់​ចូល​ក្នុង​សមុទ្រ មាន​ត្រី​ដ៏​ធំ​មួយ​បាន​មក​លេប​គាត់ ហើយ​បី​ថ្ងៃ​ក្រោយ​មក វា​ក៏​បាន​ខ្ជាក់​គាត់​ចេញ​នៅ​ដី​គោក​វិញ។

ព្រះ​ជាម្ចាស់​ក៏​បាន​ត្រាស់ហៅ​លោក យ៉ូណាស ម្ដង​ទៀត ហើយ​ពេល​នេះ​គាត់​បាន​ស្ដាប់​បង្គាប់​ទ្រង់។ ហើយ​គឺ​ត្រង់​នេះ​ឯង​ដែល​លោក យ៉ូណាស បាន​ផ្ដល់​ជា​គំរូ​បែប​វិជ្ជមាន​ដល់​យើង ប៉ុន្តែ​ជា​គំរូ​បែប​វិជ្ជមាន​សម្រាប់​មូលហេតុ​ខុសឆ្គង ព្រោះ​គាត់​មាន​គោលបំណង​មិន​ត្រឹមត្រូវ ពិត​ណាស់​ដែល​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​ព្រះ​អង្គ ប៉ុន្តែ ចិត្ត​គាត់​នៅ​ចង់​ឃើញ​ព្រះ​ជាម្ចាស់​សម្លាប់​បំផ្លាញ​ក្រុង​នីនីវេ​ដដែល។ លោក យ៉ូណាស ស្អប់​ទីក្រុង​នីនីវេ ហើយ​គាត់​ចង់​ឲ្យ​ក្រុង​នោះ​វិនាស​ដោយ​ភ្លើង ហេតុដូច្នេះ​ហើយ​បាន​ជា​គាត់​ប្រកាស​តែ​ដំណឹង​ចាំបាច់ ហើយ​ត្រួសៗ​តែ​ប៉ុណ្ណោះ មិន​លើស​ឬ​ក៏​ខ្វះ​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រាប់​ឲ្យ​គាត់​និយាយ។ គាត់​គ្រាន់តែ​អធិប្បាយ​សារ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​តែ​ប៉ុណ្ណោះ។ មើល​ទៅ​គាត់​មិន​បាន​ផ្ដល់​គំនិត​ស្អី​ក្រៅ​ពី​តែ​បញ្ចេញ​សារ​របស់​ព្រះ​ជាម្ចាស់​ទេ។

ពេល​ដែល​គាត់​ចូល​ទៅ​ដល់​ទីក្រុង​នីនីវេ គាត់​គ្រាន់​តែ​ស្រែក​ប្រកាស​ថា៖ «នៅ​តែ​សែសិប​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ» តែ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​ដោយ​ចិត្ត​ឧស្សាហ៍ ឬ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់​ពី​ចិត្ត​នោះ​ឡើយ ព្រោះ​ចិត្ត​របស់​គាត់​មិន​នៅ​ជាប់​ក្នុង​កិច្ចការ​ដែល​លោក​កំពុង​តែ​ធ្វើ​នោះ​ទេ (យ៉ូណាស ៣:៤)។ គាត់​គ្រាន់តែ​នាំ​សារ​ដែល​ព្រះ​អង្គ​ប្រទាន​មក​គាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ នេះ​ជា​មេរៀន​ដ៏​ល្អ​មួយ​ដែល​យើង​មិន​គួរ​ភ្លេច​ឡើយ។ លោក យ៉ូណាស បាន​និយាយ​ការ​ពិត​នៅ​ពេល​ដែល​គាត់​នៅ​ក្នុង​ពោះ​ត្រី​ធំ​នោះ​ថា «សេចក្ដី​សង្គ្រោះ គឺ​មក​ពី​ព្រះយេហូវ៉ា មិន​មែន​មក​ពី​មនុស្ស​យើង​នោះ​ទេ»។ សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជា​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​តែ​ក្បួន​វិធីសាស្ត្រ និង​របៀប​ដែល​ត្រូវ​ធ្វើ​ព័ន្ធកិច្ច​ប៉ុណ្ណោះ។ យើង​តែងតែ​ព្យាយាម​រក​ក្បួន​ថ្មីៗ​ដែល​គិត​ថា នោះ​មាន​ប្រយោជន៍ គឺ​ព្យាយាម​ធ្វើ​ដូច​ប្រទេស​ផ្សេងៗ​ដែល​មាន​អ្នកជឿ​ច្រើន។ មាន​បេសកជន​ម្នាក់​បាន​និយាយ​ថា៖ «ប្អូន​អើយ!
ខ្ញុំ​បាន​បម្រើ​ព្រះ​ជាង​ដប់​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​​មិន​បាន​ផល​អ្វី​សោះ ប៉ុន្តែឥឡូវ​យើង​បាន​រក​ឃើញ​ក្បួន​វិធីសាស្ត្រ​ដែល​មាន​ប្រយោជន៍​ហើយ ហើយ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ពី​មុន​គឺ​ឥត​ប្រយោជន៍»។ មែន​ហើយ! មាន​ក្បួន​វិធីសាស្ត្រ​ជា​ច្រើន​ណាស់៖ ការ​និយាយ​រៀបរាប់​ប្រាប់ ការ​ប្រជុំ​គ្នា​បែប​ជា​ក្រុម​ជំនុំ​ក្រោម​ដើម​ឈើ​ដោយ​មិន​មាន​អគារ ការ​មាន​ក្រុម​ជំនុំ​តូចៗ​ជាជាង​ក្រុម​ជំនុំ​ធំៗ ការ​ស្វែងរក​មនុស្ស​នៃ​សេចក្ដី​សុខសាន្ដ​ក្នុង​ភូមិ​ស្រុក​នោះ ការ​ឲ្យ​ក្មេងៗ​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្រុម​ជំនុំ​ដោយ​មិន​មាន​ការ​គ្រប់គ្រង​ពី​មនុស្ស​ចាស់។ល។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ មាន​ក្បួន​វិធីសាស្ត្រ​ច្រើន​ណាស់។ ប៉ុន្តែ តើ​មាន​អ្វី​ទៅ​កើត​ឡើង? ប្រមាណ​ឆ្នាំ​ក្រោយ​មក ពួកគេ​នឹង​បន្ត​គិត​ថា ខ្លួន​បាន​រក​ឃើញ​ក្បួន​វិធីសាស្ត្រ​ដ៏​ល្អ​ឥត​ខ្ចោះ​ផ្សេង​ទៀត​ហើយ ហើយ​ពួកគេ​នឹង​បន្ត​ធ្វើ​បែប​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ឥត​ឈប់ឈរ។ ប៉ុន្តែ មើល​លោក យ៉ូណាស គាត់​គ្រាន់តែ​អធិប្បាយ​សារ​របស់​ព្រះ​ជាម្ចាស់​ដោយ​មិន​ធ្វើ​អស់​ពី​ចិត្ត​ផង ហើយ​តើ​មាន​អ្វី​កើត​ឡើង? ចូរ​យើង​មើល​នៅក្នុង​កណ្ឌគម្ពីរ យ៉ូណាស ៣:៥ តើ​មាន​អ្វី​កើតឡើង?

«ពួក​បណ្តាជន​នៅ​ក្រុង​នីនីវេ​ក៏​ជឿ​ព្រះអង្គ។ ដូច្នេះ គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ» (គកស)។

អស្ចារ្យ​មែនទែន! ប៉ុន្តែ កុំ​ច្រឡំ​ថា​ខ្ញុំ​ចង់​មាន​ន័យ​ដូច​នេះ​ថា យើង​មិន​គួរ​មាន​ផែនការ ឬ​វិធីសាស្ត្រ​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់​នោះ​ទេ។ ពិត​ណាស់ យើង​គួរ​មាន​ផែនការ ហើយ​ព្យាយាម​បំពេញ​ព័ន្ធកិច្ច​ក្នុង​ពួក​ជំនុំ​របស់​យើង ដើម្បី​បម្រើ​មនុស្ស​ដែល​យើង​កំពុង​បម្រើ។ ប៉ុន្តែ ចូរ​កុំ​ឲ្យ​គិត​ថា វិធីសាស្ត្រ​សំខាន់​ជាង​ព្រះបន្ទូល​ដ៏​ជា​ដំណឹងល្អ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​ឲ្យ​យើង​នោះ​ឡើយ។

ដោយសារ​ធ្លាប់​មាន​ក្បួន​វិធីសាស្ត្រ​ណា​មួយ​ដែល​ធ្លាប់​មាន​ប្រសិទ្ធភាព​នៅ​អតីតកាល នោះ​មិន​មែន​មាន​ន័យ​ថា វា​ជា​ក្បួន​វិធីសាស្ត្រ​ដ៏​ល្អ​ដែល​យើង​គួរ​យក​មក​ត្រាប់តាម​សព្វ​ថ្ងៃ​នេះ​នោះ​ទេ។ ប្រសិនបើ​បែប​នោះ​មែន យើង​ប្រាកដ​ជា​គ្រាន់តែ​ត្រូវការ​ប្រើប្រាស់​ក្បួន​វិធីសាស្ត្រ​របស់​លោក យ៉ូណាស តែ​ប៉ុណ្ណោះ ព្រោះ​គាត់​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​ហោរា ហើយ​ក៏​ទំនង​ជា​លទ្ធផល​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ផង​មើល​ទៅ បើ​យើង​រាប់​តាំង​ពី​ជំនាន់​នោះ​មក។

លោក យ៉ូណាស បាន​អធិប្បាយ ហើយ​មាន​មនុស្ស​ចំនួន ១២០.០០០ នាក់​បាន​កែប្រែ​ចិត្ត! យើង​ខ្ញុំ​គិត​ថា សូម្បី​តែ​លោកគ្រូ ប៊ីលី ហ្គ្រាម ក៏​មិន​ដែល​បាន​ធ្វើ​ដូច​នោះ​ដែរ។

តើ​លោក យ៉ូណាស បាន​ប្រើប្រាស់​ក្បួន​វិធីសាស្ត្រ​អ្វី? ១) គាត់​បាន​រត់​គេច​ចេញ​ពី​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់ ព្រោះ​គាត់​ចង់​ស្លាប់​ជាជាង​ទៅ​កាន់​ជាតិសាសន៍​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​ឲ្យ​ទៅ ២) ប្រកាស​តែ​បន្តិចបន្តួច ៣) អធិប្បាយ​ពី​សារ​នៃ​ការ​បំផ្លាញ​ទាំង​ស្រុង ៤) ហើយ​ស្រប​ពេល​នោះ​គាត់​រំពឹង​ចង់​ឲ្យ​ព្រះ​ជាម្ចាស់​បង្អុរ​ភ្លៀង​ជា​ស្ពាន់ធ័រ និង​ភ្លើង​ដ៏​ក្ដៅ​ធ្លាក់​ពី​លើ​មេឃ ដូច​ធ្លាក់​លើ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ក៏​ដូច​ជា​លើ​មនុស្ស​គ្រប់ៗ​រូប ទោះ​បើ​ពួកគេ​បាន​កែប្រែ​ចិត្ត​ក៏​ដោយ ៥) ហើយ​ពេល​ដែល​ព្រះ​ជាម្ចាស់​មិន​បាន​ធ្វើ​បែប​នោះ លោកអ្នក​ក៏​មាន​ការ​អន់ចិត្ត ៦) ហើយ​បែរ​ជា​ចង់​ស្លាប់​ទៅ​វិញ។

តើ​ក្បួន​វិធីសាស្ត្រ​នោះ​ជា​អ្វី​ដែល​លោក​អ្នក​ចង់​ធ្វើ​មែន​ឬ? ពិត​ជា​ឡប់សតិ​ហើយ! វា​ពិត​ជា​រឿង​ដ៏​លីលា​មែន បើ​យើង​ព្យាយាម​ប្រើប្រាស់​ក្បួន​វិធីសាស្ត្រ​របស់​លោក យ៉ូណាស។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី នេះ​ក៏​នៅ​តែ​ជា​សេចក្ដី​ល្បួង​ដ៏​ងាយ​ស្រួល​មួយ​មែន​ដែល​យើង​ចង់​ត្រាប់តាម​ក្បួន​វិធីសាស្ត្រ​របស់​នរណា​ម្នាក់​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច។ នឹង​មាន​ពេល​មួយ​ដែល​យើង​នឹង​យើង​ចាប់​ផ្ដើម​មាន​ភាព​ច្របូកច្របល់ ហើយ​ចាប់​ផ្ដើម​គិត​ថា ក្បួន​វិធីសាស្ត្រ​របស់​យើង​គឺ​ជា​អ្វី​ដែល​នឹង​ជួយ​សង្គ្រោះ​មនុស្ស។

ប្រសិនបើ​លោក យ៉ូណាស ជា​បេសកជន​នៅ​សម័យកាល​នេះ នោះ​យើងខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា គាត់​នឹង​និពន្ធ​សៀវភៅ​ពី​ជោគជ័យ​នៃ​ស្នាដៃ​របស់​គាត់ ហើយ​មនុស្ស​ជាច្រើន​នឹង​ព្យាយាម​ត្រាប់តាម​ក្បួន​វិធីសាស្ត្រ​របស់​គាត់​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច។ យើងខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា​នឹង​មាន​ក្រុមជំនុំ​ជាច្រើន​ដែល​នឹង​អញ្ជើញ​គាត់​ឲ្យ​មក​ចែកចាយ​នៅ​ក្រុមជំនុំ​របស់​ពួកគេ​ពី​របៀប​ប្រកាស​ដំណឹង​ល្អ ហើយ​ពួកគេ​នឹង​ព្យាយាម​រៀន​ពី​របៀប​របស់​គាត់។ គាត់​នឹង​សរសេរ​សំបុត្រ​ព្រឹត្តិការណ៍​ព័ត៌មាន សៀវភៅ​ដែល​គាត់​នឹង​លក់​ដាច់​ណាស់ ហើយ​គេ​នឹង​សួរ​គាត់​ថា៖ «តើ​លោក យ៉ូណាស បាន​ធ្វើ​ដោយ​របៀប​ម៉េច? សូម​ប្រាប់​ពី​ចំណុច​អាថ៌កំបាំង​របស់​លោក​ដល់​យើង​ផង!»។ល។

ប៉ុន្តែ​ធាតុ​ពិត​នោះ​គឺ​ថា គ្មាន​ក្បួន​វិធីសាស្ត្រ​អាថ៌កំបាំង​ស្អី​ទេ​នៅ​លើ​លោក​នេះ​ទាក់ទង​ជា​មួយ​ដំណឹង​ល្អ​​ ពីព្រោះ​ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​គ្រប់​យ៉ាង​រួច​ទៅ​ហើយ ដើម្បី​ឲ្យ​យើង​ប្រកាស​ដំណឹង​ល្អ​យ៉ាង​ពិត​ប្រាកដ​បាន។ ទោះបើ​ក្រុមជំនុំ​របស់​យើង​រីក​ចម្រើន​ពី​ដប់​នាក់​ទៅ​មួយ​ម៉ឺន​នាក់ ឬ​ក៏​មាន​គេ​ស្នើ​ឲ្យ​យើង​និពន្ធ​សៀវភៅ ដោយសារ​យើង​មាន​ព័ន្ធកិច្ច​ល្អៗ ក៏​យើង​ត្រូវ​ចងចាំ​ដែរ​ថា ព្រះ​អង្គ​ជា​គឺ​អង្គ​ដែល​ធ្វើការ​ក្នុង​ចិត្ត​មនុស្ស មិនមែន​វិធីសាស្ត្រ​របស់​យើង ឬ​ក៏​អំណាច​របស់​យើង​នោះ​ទេ។ ព្រះ​អង្គ​ជា​អង្គ​ដែល​សង្គ្រោះ​មនុស្ស ដូច្នេះ ព្រះ​អង្គ​គួរ​នឹង​ទទួល​សិរីល្អ មិនមែន​យើង​ទេ។ លោក យ៉ូណាស មិន​មែន​ជា​គ្រីស្ទបរិស័ទ​ដែល​វិសេស​វិសាល​ជាង​គ្រីស្ទបរិស័ទ​ណា​ផ្សេងៗ​ទេ។ ហើយ​លោក​អ្នក​ក៏​មិន​ខុស​អី​ពី​គាត់​នោះ​ដែរ។ ហើយ​យើងខ្ញុំ​ក៏​ដូច​នោះ​ដែរ។ គ្មាន​គ្រីស្ទបរិស័ទ​ណា​ដែល​វិសេស​វិសាល​ជាង​គ្រីស្ទបរិស័ទ​ណា​ផ្សេង​ទៀត​ឡើយ។ មាន​តែ​ព្រះ​គ្រីស្ទ​មួយ​គត់​ដែល​វិសេស។

យើង​ទាំង​អស់​គ្នា​គឺ​ជា​មនុស្ស​មាន​បាប​ដែល​ព្រះ​ជាម្ចាស់​បាន​ទិញ​យើង​ដោយ​ព្រះ​លោហិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​កូន​ចៀម។ ចំណុច​ដ៏​ពិត​គឺ​ត្រង់​ថា យើង​មិន​បាន​ធ្វើ​អ្វី​សោះ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ធ្វើ​ផង។ ព្រះ​ជាម្ចាស់​បាន​ធ្វើ​នូវ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់។ ក្បួន​វិធីសាស្ត្រ​របស់​យើង​មិន​សំខាន់​ទេ។ តែ​ផ្ទុយ​ទៅ​វិញ សារ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​យើង​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ដើម្បី​ឲ្យ​យើង​ប្រកាស គឺ​ជា​អ្វី​ដែល​សំខាន់ និង​មាន​ពេញ​ដោយ​អំណាច។

៣. កុំ​គិត​ថា​ព័ន្ធកិច្ច​មាន​សារ:សំខាន់​ជាង​អ្វីៗ​ទាំងអស់

ក្រោយ​ពី​នោះ​មក​លោក យ៉ូណាស ក៏​បាន​បំពេញ​ព័ន្ធកិច្ច ហើយ​បាន​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​គាត់​ធ្វើ។ ព្រះ​អង្គ​បាន​ប្រទាន​រាជសារ​មួយ​ដល់​គាត់ ហើយ​គាត់​បាន​នាំ​រាជសារ​នោះ​ទៅ​កាន់​ទីក្រុង​នីនីវេ។
ពិត​ណាស់ គាត់​បាន​បញ្ចប់​ព័ន្ធកិច្ច​របស់​គាត់ ប៉ុន្តែ​តើ​នោះ​គ្រាន់​តែ​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​បាន​មែន​ឬ? មិន​មែន​ទេ! ព្រះ​អង្គ​មិន​គ្រាន់តែ​យក​ព្រះទ័យ​ទុកដាក់​លើ​ព័ន្ធកិច្ច​ដែល​យើង​ធ្វើ​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ព្រះ​អង្គ​ថែម​ទាំង​យក​ព្រះទ័យ​ទុកដាក់​លើ​ខ្លួន​យើង​ផ្ទាល់​ទៀត​ផង។ ព្រះ​អង្គ​ចង់​បាន​ចិត្ត​របស់​យើង មិនមែន​គ្រាន់តែ​ព័ន្ធកិច្ច​នោះ​ឡើយ។ នៅពេល​ដែល​យើង​ធ្វើ​ព័ន្ធកិច្ច​ជាច្រើន យើង​ទំនង​នឹង​មាន​អារម្មណ៍​ល្អ ហើយ​គិត​ថា​ព្រះអង្គ​ស្រឡាញ់​យើង ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​អ្វីៗ​ដែល​យើង​កំពុង​ធ្វើ និង​ផលផ្លែ​របស់​យើង ដូច្នេះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​យើង​ជា​មិន​ខាន។ ប៉ុន្តែ សូម​គិត​ពី​លោក យ៉ូណាស៖ គាត់​បាន​ទទួល​ផលផ្លែ​ជា​ច្រើន គាត់​បាន​បំពេញ​ព័ន្ធកិច្ច​ដែល​ព្រះ​អង្គ​ត្រាស់ហៅ ក៏​ប៉ុន្តែ​អ្វី​ដែល​ព្រះអង្គ​ចង់​បាន​នោះ​គឺ​ត្រង់ ការ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​គាត់​ថែម​ទៀត ព្រោះ​គាត់​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ទ្រង់​ទេ។ ចិត្ត​របស់​គាត់​នៅ​ឆ្ងាយ​ពី​ព្រះ​អង្គ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​គាត់​ថែម​ទៀត ដើម្បី​ជួយ​គាត់​ឲ្យ​លូតលាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ និង​ឲ្យ​មាន​ចិត្ត​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ។ ទោះបើ​ព័ន្ធកិច្ច​របស់​យើង​ដំណើរ​ការ​ល្អ​ប៉ុណ្ណា​ក៏​ដោយ ក៏​នោះ​មិនមែន​ជា​សញ្ញា​ដែល​បង្ហាញ​ថា យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ព្រះ​អង្គ​នោះ​ទេ។ យើងខ្ញុំ​ស្គាល់​គ្រូគង្វាល​ជា​ច្រើន​ដែល​មាន​ការ​រីកចម្រើន​ខាង​ឯ​ព័ន្ធកិច្ច​យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ​ផ្ទាល់​ជាមួយ​ព្រះ​ចេះ​តែ​ឃ្លាត​ឆ្ងាយ​ទៅៗ​ជាង​មុន។ ពួកគាត់​ធ្លាក់​ចុះ ដោយសារ​ពួកគាត់​គិត​ថា ព័ន្ធកិច្ច​សំខាន់​ជាង​ការ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ។

ចូរ​គេច​ចេញ​ពី​អន្ទាក់​នេះ​ចុះ។ ចូរ​កុំ​រាប់​បញ្ចូល​ភាព​ជោគជ័យ​នៃ​ផ្នែក​ព័ន្ធកិច្ច​របស់​លោក​អ្នក​ជាមួយគ្នា​នឹង​សុខភាព​នៃ​ការ​ដើរ​ជាមួយ​ព្រះ​ជាម្ចាស់​របស់​លោក​អ្នក​ឡើយ។

លោក យ៉ូណាស មិន​បាន​គិត​ថា មាន​អ្វី​ខុសឆ្គង​ឡើយ ទោះបើ​គាត់​បាន​ខឹង​យ៉ាង​ខ្លាំង ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​ពួក​​អ្នក​នៅ​ក្រុង​នីនីវេ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​នៅក្នុង​កណ្ឌគម្ពីរ យ៉ូណាស ៤:៤ ថា៖ «ការ​ដែល​ឯង​ខឹង​ដូច្នេះ តើ​គួរ​ឬ?» (គកស)។ លោក យ៉ូណាស បាន​និយាយ​ថា «បាទ»។ ប៉ុន្តែ ព្រះ​ជាម្ចាស់​មិន​បាន​ឈប់​នៅ​ត្រង់​ហ្នឹង​ទេ ព្រះ​អង្គ​បាន​បន្ត​សង្វាត​ដេញ​តាម​ដួងចិត្ត​របស់​លោក យ៉ូណាស។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​មើល​ថែ​ដួងចិត្ត​របស់​លោក យ៉ូណាស។ លោក យ៉ូណាស កំពុង​តែ​ជាប់​នៅ​ក្នុង​អំពើ​បាប ហើយ​ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​គាត់​គិត​ថា វា​គ្មាន​អ្វី​ខុស​ក្នុង​ដួងចិត្ត​គាត់​ឡើយ។ អត្តិភាព​ដ៏​ចម្បង​របស់​យើង​ដែល​ជា​អ្នកជឿ គឺ​ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ព្រះអង្គ​ផ្ទាល់ៗ​ខ្លួន មិនមែន​ធ្វើ​តែ​ព័ន្ធកិច្ច​ហើយ​បាត់​ទំនាក់ទំនង​ជាមួយ​ទ្រង់​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ តើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​យ៉ាង​ម៉េច​ដែរ ល្អ​ឬ​មិន​ល្អ?

«ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំ ហើយ​ស្គាល់​ចិត្ត​ទូលបង្គំ​ផង! សូម​ល្បង​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូលបង្គំ។ សូម​ទត​មើល ប្រសិនបើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ​ផង» (ទំនុកតម្កើង ១៣៩:២៣-២៤ គកស)។ សូម​សួរ​ខ្លួន​ឯង​ទៅ​មើល​ថា តើ​ខ្ញុំ​បាន​លូតលាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ ឬក៏​កាន់តែ​ក្រិន​ទៅៗ? តើ​សេចក្តី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះអង្គ​រីកចម្រើន​ដូច​ដប់​ឆ្នាំ​មុន ឬក៏​ខ្សោយ​ជាង​មុន? ចូរ​ប្រយ័ត្ន! កុំ​បំពេញ​ជីវិត​របស់​យើង​ត្រឹមតែ​ការ​បម្រើ​ព័ន្ធកិច្ច ហើយ​គិត​ថា​ការ​ធ្វើ​ព័ន្ធកិច្ច គឺ​គ្រប់គ្រាន់​ហើយ​ក្នុង​ជីវិត​របស់​យើង! រឿង​ទីមួយ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​គិត​នោះ​គឺ ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ ខ្ញុំ​ជា​កូន​របស់​ព្រះ ដូច្នេះ​ព័ន្ធកិច្ច​របស់​ខ្ញុំ​មិន​សំខាន់​ជាង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ទេ។ ព្រះ​អង្គ​ចង់​បាន​ដួងចិត្ត​របស់​យើង ហើយ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​យើង។

៤. កុំ​ស្រឡាញ់​ដើម​វល្លិ ហើយ​បែរ​ជា​ស្អប់​មនុស្ស​ឲ្យ​សោះ

ក្រោយ​ពេល​លោក យ៉ូណាស បាន​នាំ​សារ​ទៅ​កាន់​អ្នក​នៅ​ទីក្រុង​នីនីវេ ពួកគេ​ក៏​បាន​ប្រែ​ចិត្ត​ជឿ​ទាំង​អស់​គ្នា (យ៉ូណាស ៤:៥)។ តែ​គាត់​បែរ​ជា​ចេញ​ពី​ទីក្រុង​នោះ​ទាំង​ខឹង​សម្បា រួច​ក៏​ទៅ​អង្គុយ​ចាំ​មើល​ក្រុង​នោះ​ពី​ចម្ងាយ ព្រោះ​គាត់​ចង់​ឃើញ​ព្រះជាម្ចាស់​បំផ្លាញ​ពួកគេ ហើយ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​ប្ដូរ​ព្រះ​ហឫទ័យ​ពី​ការ​ក្ដួល​អាណិត ហើយ​បំផ្លាញ​ពួកគេ​ចោល។ ប៉ុន្តែ យើង​ឃើញ​ថា «ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា ទ្រង់​ក៏​បម្រុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល​ប្រយោជន៍​ឲ្យ​លោក​បាន​រួច​ពី​សេចក្តី​តប់ប្រមល់​ទៅ ដូច្នេះ​យ៉ូណាស​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ ប៉ុន្តែ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ក្រោយ ព្រះ​ទ្រង់​បម្រុង​ឲ្យ​មាន​ដង្កូវ​១​មក​ស៊ី​ដើម​វល្លិ ឲ្យ​ស្វិត​ក្រៀម​វិញ លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ​ទ្រង់​បម្រុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូលបង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ» (យ៉ូណាស ៤:៦-៩)។ តើ​លោក យ៉ូណាស ខឹង​នឹង​ដើម​វល្លិ ឬ​មាន​អំណរ​ខ្លាំង​នឹង​ដើម​វល្លិ​នោះ? តើ​ដើម​វល្លិ​នោះ​មាន​សារៈសំខាន់​អ្វី​ចំពោះ​គាត់? តើ​វា​ជា​ការ​ជួយ​កំសាន្ត​ចិត្ត​គាត់? លោក យ៉ូណាស ប្រហែល​ជា​គិត​ថា ឥឡូវ​នេះ​ព្រះ​អង្គ​សុំទោស​គាត់​ចំពោះ​ទុក្ខ​វេទនា​របស់​គាត់​ហើយ អញ្ចឹង​ហើយ​បាន​ជា​ទ្រង់​ឲ្យ​មាន​ដើម​វល្លិ​ដុះ​មក​គ្រប​បាំង​គាត់។ ព្រះ​បន្ទូល​បាន​ចែង​ថា នៅពេល​ដើម​វល្លិ​នេះ​លូតលាស់​លោក យ៉ូណាស មាន​សេចក្តី​អំណរ​ជា​ខ្លាំង។

នេះ​ជា​ការ​ព្រមាន​មួយ​ដល់​យើង។ តើ​ហេតុអ្វី​បាន​ជា​ចំណុច​នេះ គឺ​ជា​ការ​ព្រមាន​មួយ​ដល់​យើង?
ប្រាកដ​ណាស់! ព្រះអង្គ​មិន​បាន​ប្រទាន​ដើម​វល្លិ​សម្រាប់​យើង​ទេ ប៉ុន្តែ​ព្រះអង្គ​កំពុង​បង្រៀន​លោក យ៉ូណាស ថា គាត់​កំពុង​តែ​ស្រឡាញ់​អ្វី​មួយ​ដែល​ខុស​ឆ្គង ពោលគឺ​ចិត្ត​របស់​លោក​មិន​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ដែល​មាន​ការ​ក្ដួល​អាណិត​ចំពោះ​មនុស្ស​ដែល​រស់នៅ​ទីក្រុង​នីនីវេ​ទេ។ ដើម​វល្លិ​នោះ​បាន​ក្លាយ​ទៅ​ជា​ទី​ស្រឡាញ់​របស់​លោក យ៉ូណាស ហើយ​គាត់​មាន​អំណរ​ជា​ខ្លាំង​នឹង​វា។ គាត់​គ្រាន់​តែ​គិត​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បាន​ជា​គាត់​មើល​មិន​ឃើញ​ថា ខ្លួន​មិន​ខុស។ ហើយ​គាត់​គិត​ថា នោះ​ជា​រឿង​ត្រឹមត្រូវ។

ចុះ​ក្នុង​នាម​យើង​ជា​គ្រូ​គង្វាល​វិញ តើ​យើង​កំពុងតែ​ស្រឡាញ់​អ្វី? ការ​រៀនសូត្រ? ការ​រៀបចំ​ផែនការ? ការ​ដែល​គេ​គោរព​យើង? លុយ​កាក់? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណរ​អរសប្បាយ? ប្រាកដ​ណាស់! យើង​ងាយ​នឹង​មាន​ចិត្ត​ស្អប់​មនុស្ស​ណាស់ ជាពិសេស​ពេល​គេ​ធ្វើ​ខុស​នឹង​យើង ពេល​គេ​ធ្វើ​បាប​យើង។ ក្នុង​នាម​យើង​ជា​គ្រូគង្វាល ពេល​ខ្លះ​យើង​ចង់​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស ហើយ​បែរ​ទៅ​ស្រឡាញ់​វត្ថុ​របស់របរ​ផ្សេងៗ ហើយ​រអ៊ូរទាំ​ពី​មនុស្ស​ម្នីម្នា។ ការ​ដែល​យើង​រអ៊ូរទាំ​ពី​មនុស្ស នោះ​ជា​មុខ​សញ្ញា​មួយ​បញ្ជាក់​ថា យើង​កំពុង​តែ​ស្រឡាញ់​ដើម​វល្លិ​ដូច​លោក យ៉ូណាស ព្រោះ​យើង​មិន​ខ្វល់​ពី​មនុស្ស តែ​ខ្វល់ខ្វាយ​តែ​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ។ ការ​ធ្វើ​បែប​នោះ​គឺ​ខុស​នឹង​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ហើយ។ សូម​មើល​ពី​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នៅក្នុង​កណ្ឌគម្ពីរ យ៉ូណាស ៤:១០-១១ «ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ “ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ ដែល​ឯង​មិន​បាន​ដាំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ ជា​ដើម​ដែល​ដុះ​ឡើង​ក្នុង​មួយ​យប់ ហើយ​បាន​វិនាស​ទៅ ក្នុង​មួយ​យប់​ដូច​គ្នា​នោះ។ ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អ?”»។

ព្រះ​ជាម្ចាស់​កំពុង​តែ​លើក​ឡើង​ថា៖ «តើ​មិន​ឲ្យ​អញ​មាន​ក្ដី​មេត្តាករុណា​លើ​ក្រុង​នីនីវេ​ទេ​ឬ​អី? ពួកគេ​មិន​ទាំង​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ផង? ពួកគេ​ជា​អ្នក​អវិជ្ជា។»

អូ! សូម​ឲ្យ​ដួងចិត្ត​យើង​មាន​ការ​ខ្ទេចខ្ទាំ​នៅ​រាល់​ពេល​ណា​ដែល​យើង​ឃើញ​បុគ្គល​ណា​ម្នាក់​ក្រាប​ថ្វាយ​បង្គំ ឬ​ក៏​អុច​ធូប​បន់ស្រន់​ដល់​រូប​ព្រះ​ក្លែងក្លាយ​ចុះ។

ចំពោះ​ព្រះ​ជាម្ចាស់​វិញ ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ពិសេស​លើ​អស់​អ្នក​ណា​ដែល​មិន​ទាន់​បាន​ឮ​ដំណឹងល្អ ពោលគឺ​អស់​អ្នក​ណា​ដែល​មិន​ដឹង​ថា ខ្លួន​កំពុង​តែ​ធ្វើ​អ្វី​ឡើយ។

ប្រាកដ​ណាស់! ផែនដី​ទាំង​មូល​គឺ​កំពុង​ស្ថិត​ក្រោម​សេចក្ដី​ក្រោធ​ដ៏​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់ ព្រោះ​ពួកគេ​បាន​គាបសង្កត់​ដោយ​បង្ខាំង​សេចក្ដី​ពិត​របស់​ទ្រង់ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​ខ្លះ​លើ​លោក​នេះ​ខ្លះ​ដែល​មិន​ទាន់​ទាំង​បាន​ឮ ឬ​ក៏​ដឹង​ពី​សេចក្ដី​មេត្តាករុណា និង​ចិត្ត​អាណិតអាសូរ​របស់​ទ្រង់​ផង (រ៉ូម ១:១៨)។ ពួកគេ​មិន​ទាំង​អាច​ដើរ​ទៅ​ព្រះ​វិហារ ហើយ​ស្ដាប់​ដំណឹងល្អ​បាន​ផង។ ពួកគេ​មិន​ទាំង​មាន​មិត្តភក្តិ​ដែល​ជា​គ្រីស្ទបរិស័ទ​ទៀត​ផង។ តើ​នឹង​មាន​អ្នកណា​ចេញ​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ។ តើ​អ្នកណា​មាន​ដួងចិត្ត​ដូច​ព្រះ​ជាម្ចាស់ ហើយ​នឹង​ចេញ​ទៅ ​ប្រាប់​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ​អង្គ​ពី​ដំណឹង​នៃ​សេចក្ដី​សង្គ្រោះ​ដែល​មាន​នៅ​ក្នុង​ព្រះ​យេស៊ូវ? តើ​អ្នក​ណា​នឹង​ប្រាប់​ពួកគេ​ថា ព្រះ​ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ដ៏​ម៉្លេះ ដែល​ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ ដើម្បី​សុគត និង​ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ទទួល​ជឿ​លើ​ព្រះ​អង្គ​នឹង​មិន​វិនាស​ឡើយ ប៉ុន្តែ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ?

ឱ! ព្រះ​ជាម្ចាស់​អើយ! សូម​ប្រទាន​សេចក្ដី​មេត្តាករុណា​ដូច​ដែល​ទ្រង់​មាន​សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​អង្គ។ សូម​ជួយ​យើង​ឲ្យ​ចេះ​មាន​ចិត្ត​ខ្ទេចខ្ទាំ​សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ទ្រង់​ដែល​នៅ​ជុំវិញ​យើង និង​នៅ​លើ​ពិភពលោក​ទាំង​មូល​នេះ។ សូម​ជួយ​យើង​ឲ្យ​ចេះ​ស្រឡាញ់​មនុស្ស​ម្នា​នៅ​ជុំវិញ​យើង។ ហើយ​សូម​ជួយ​យើង​ឲ្យ​ចងចាំ​ពី​ព្រះ​គុណ​របស់​ទ្រង់​ក្នុង​ជីវិត​យើង​ផង​ដែរ។ យើង​ទាំង​អស់​គ្នា​ស័ក្ដិសម​នឹង​ទទួល​សេចក្ដី​ស្លាប់​ណាស់។ ប៉ុន្តែ ឱ! ព្រះ​អម្ចាស់​អើយ! ក្នុង​សេចក្ដី​មេត្តា​ករុណា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ព្រះ​អង្គ​បាន​អត់​ទោស​បាប​យើង ហើយ​បាន​ទិញ​យើង ក៏​ដូច​ជា​បាន​ញែក​យើង​ទុក​ជា​បរិសុទ្ធ​ផង​ដែរ។

សេចក្ដី​សន្និដ្ឋាន

ឱ! បងប្អូន​ខ្មែរ​អើយ! យើង​ខ្ញុំ​អធិស្ឋាន​ទូល​សូម​ឲ្យ​លោក​អ្នក​ដើរ​តាម​ការ​ត្រាស់ហៅ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​រស់នៅ​របស់​លោក​អ្នក មិន​ថា​ព្រះ​អង្គ​បាន​ត្រាស់ហៅ​ឲ្យ​លោក​អ្នក​ទៅ​ទី​ណា​ក៏​ដោយ។ សូម​ឲ្យ​យើង​ចងចាំ​ថា យើង​គួរ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ ព្រោះ​មាន​តែ​ទ្រង់​មួយ​គត់​ប៉ុណ្ណោះ​ដែល​ជួយ​សង្គ្រោះ​មនុស្សលោក​យើង​បាន។ ចូរ​ឲ្យ​យើង​ចងចាំ​ថា ព័ន្ធកិច្ច​របស់​យើង​មិនមែន​ជា​អ្វីៗ​ទាំង​អស់​របស់​យើង​ទេ ប៉ុន្តែ​ចូរ​បង្កើន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ​វិញ ហើយ​ចូរ​ឲ្យ​យើង​មាន​ចិត្ត​ស្រឡាញ់​ដល់​មនុស្ស​ដូចជា​ព្រះអង្គ​ស្រឡាញ់​ដែរ ពោលគឺ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​អស់​អ្នក​ដែល​កំពុង​តែ​ធ្វើ​បាប​ដោយ​មិន​ដឹង​ខ្លួន។ ឱ! ព្រះ​ជាម្ចាស់​អើយ! សូម​ទ្រង់​ជួយ​យើង​តាមរយៈ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​របស់​ទ្រង់ ក្នុង​របៀប​របស់​ទ្រង់ ហើយ​សូម​ឲ្យ​ព្រះ​អង្គ​ទទួល​បាន​សិរីល្អ​តាមរយៈ​ជីវិត​របស់​យើង។ អាម៉ែន។

ទាញយក “eBook គ្រូគង្វាលអើយ! ចូរប្រយ័ត្ន!” Pastors-Beware-1.1.pdf – មាន​គេ​ទាញ​យក 571 ដង – 1.96 MB

និពន្ធដោយ៖ វែល ណាថាន
ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ៖ លោក ជួប ប៊ុនហាក់, លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ជំរាបសួរបងប្អូនរួមជំនឿទាំងអស់គ្នា
    តើអត្ថបទនេះមានជាភាសាអង់គ្លេសដែរឬទេ?
    ប្រសិនបើមាន ខ្ញុំសុំជាsoft copyមួយ ។
    បាទ​អរគុណច្រើន
    សូមព្រះប្រទានពរ

    • Hello Ratana,
      អត្ថបទ​នេះ​មាន​មូលដ្ឋាន​លើ​សេចក្ដី​អធិប្បាយ​ជា​ភាសា​ខ្មែរ។ យើង​ក៏​មាន​កំណត់​សម្គាល់​ពី​ភាសា​អង់គ្លេស​ដែល​យើងអាច​ផ្ញើ​ទៅ​បង។ ប៉ុន្តែ​វា​មិន​ដូច​គ្នា​នឹង​អត្ថបទ​នេះ​ទាំងស្រុង​ទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រូពេទ្យនានា

ស្វែងរក​នគរ​ព្រះ