សេចក្ដីបង្រៀនខុសឆ្គងថ្មីមួយបានចូលមកប្រទេសកម្ពុជាយើងហើយ ដែលមានប្រភពមកពីប្រទេសកូរ៉េ។ ក្រុមខុសឆ្គងមួយនេះមានឈ្មោះថា «សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ» ដែលថ្វាយបង្គំ «ព្រះគ្រីស្ទ» មួយ ដែលគេហៅឈ្មោះថាលោក «អាន សាង ហុង» (Ahn Sahng-Hong និងស្ត្រីកូរ៉េម្នាក់ ដែលមានឈ្មោះថាលោកស្រី Zahng Gil-jah (ហ្សាង ហ្គិល-ចា) ដែលបានអះអាងថាខ្លួនគឺជា «ព្រះម៉ែ ឬព្រះមាតា» (God the Mother)។ យើងមិនត្រូវអនុញ្ញាតឲ្យគ្រូខុសឆ្គងនេះចូលក្នុងផ្ទះ ឬក្រុមជំនុំយើងនោះឡើយ ពីព្រោះពួកគេយកអារក្សសាតាំងជាអ្នកដឹកនាំ។
១. ដើម្បីបានសង្គ្រោះ តើខ្ញុំត្រូវរក្សាគ្រប់ទាំងច្បាប់នៃគម្ពីរសញ្ញាចាស់មែនឬ?
តើអ្វីជាសេចក្ដីបង្រៀនខុសឆ្គងដំបូងដែលក្រុមជំនុំនៅសម័យកណ្ឌគម្ពីរកិច្ចការបានប្រឆាំងជំទាស់? គឺមានគ្រូខុសឆ្គងខ្លះចាប់ផ្ដើមនិយាយថា ជំនឿលើព្រះគ្រីស្ទល្អដែរ តែមិនទាន់គ្រប់គ្រាន់ទេ។ ប្រសិនបើគ្រីស្ទបរិស័ទចង់ឲ្យព្រះជាម្ចាស់ទទួលយកពួកគេ នោះពួកគេត្រូវតែកាន់តាមច្បាប់ទាំងឡាយនៅព្រះគម្ពីរសញ្ញាចាស់ផងដែរ។
ឧទាហរណ៍៖ គ្រូខុសឆ្គងខ្លះនៅក្រុមជំនុំកាឡាទីបាននិយាយថា ដើម្បីបានសង្គ្រោះ សាសន៍ដទៃមិនមែនគ្រាន់តែត្រូវជឿលើព្រះគ្រីស្ទប៉ុណ្ណោះទេ គឺត្រូវតែទទួលការកាត់ស្បែកផងដែរ។
សាវ័ក ប៉ុល បានដាក់បណ្ដាសាពីរដងលើគ្រូក្លែងក្លាយទាំងនេះ ដែលបានបន្ថែមតម្រូវការផ្សេងៗទៀតទៅចូលទៅក្នុងជំនឿលើព្រះគ្រីស្ទ។ សូមអានកណ្ឌគម្ពីរ កាឡាទី ១:៦-៩ «ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទ ជាឆាប់ម្ល៉េះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្ដងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ»។
ដូចគ្នានេះដែរ ក្រុម អាន សាង ហុង ក៏បានអះអាងថា ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ មនុស្សត្រូវតែកាន់តាមច្បាប់ទាំងឡាយនៅគម្ពីរសញ្ញាចាស់ដូចជា ក្រឹត្យវិន័យអំពីថ្ងៃឈប់សម្រាក និងបុណ្យផ្សេងៗនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ពិតណាស់! ក្រុម អាន សាង ហុង គឺជាអ្នកទទួលបណ្ដាសារបស់សាវ័ក ប៉ុល ដែលមានចែងនៅកណ្ឌគម្ពីរ កាឡាទី ១:៦-៩។ ប្រសិនបើលោកអ្នកជឿតាមក្រុម លោក អាន សាង ហុង នោះលោកអ្នកក៏នឹងត្រូវទទួលបណ្ដាសាពីព្រះជាម្ចាស់ជាប្រាកដដែរហើយ។
២. តើការថ្វាយបង្គំថ្ងៃសៅរ៍ជាការសំខាន់ ឬក៏វាគ្រាន់តែជាស្រមោល?
ក្រុមខុសឆ្គង អាន សាង ហុង បានជជែករាល់ពេលថា មនុស្សត្រូវតែថ្វាយបង្គំព្រះនៅថ្ងៃសៅរ៍ ហើយថា ការជ្រើសរើសយកថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកគឺជាអំពើបាបហើយ។
សូម្បីតែនៅសម័យសាវ័ក ប៉ុល ក៏មានក្រុមពួកគ្រូខុសឆ្គងដែរ ពួកគេចង់បង្ខំឲ្យពួកសាសន៍ដទៃធ្វើតាមច្បាប់ទាំងឡាយរបស់សាសន៍យូដា ពោលគឺច្បាប់អំពីម្ហូបអាហារ និងថ្ងៃឈប់សម្រាក។ សាវ័ក ប៉ុល បានប្រាប់ពួកជំនុំនៅក្រុងកូឡូសថាពួកគាត់មិនត្រូវអនុញ្ញាតឲ្យពួកគ្រូក្លែងក្លាយទាំងនេះវិនិច្ឆ័យទោសពួកគេ ទាក់ទងនឹងម្ហូបអាហារ ថ្ងៃបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនោះឡើយ។
សូមអានកណ្ឌគម្ពីរ កូឡូស ២:១៦-១៧ «ដូច្នេះ កុំឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សម្រាកឡើយ សេចក្ដីទាំងនេះជាស្រមោលនៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ»។ សាវ័ក ប៉ុល បានលើកឡើងនៅក្នុងខគម្ពីរទាំងនេះថា ច្បាប់ទាំងអស់នៅព្រះគម្ពីរសញ្ញាចាស់អំពីម្ហូបអាហារ ថ្ងៃបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាក គឺប្រៀបដូចជាស្រមោលអំពីព្រះយេស៊ូវគ្រីស្ទអញ្ចឹង។ តើមួយណាសំខាន់៖ ព្រះយេស៊ូវ ឬក៏ស្រមោលរបស់ទ្រង់? ប្រសិនបើប្រពន្ធរបស់លោកអ្នកត្រឡប់មកដល់ផ្ទះវិញពីការធ្វើដំណើរយ៉ាងយូរ ហើយបើលោកអ្នកស្ទុះទៅឱបថើបស្រមោលរបស់នាង ដោយមិនឱបថើបនាងនោះទេ តើនាងនឹងគិតដូចម្ដេចទៅ?
ការថើបស្រមោលរបស់ព្រះគ្រីស្ទ គឺជាការដែលពួកគ្រូខុសឆ្គងនៅក្រុមជំនុំកូឡូសបានធ្វើ។ ពួកគេបានសង្កត់ធ្ងន់លើព្រះគម្ពីរសញ្ញាចាស់លើថ្ងៃឈប់សម្រាក ថ្ងៃបុណ្យ និងម្ហូបអាហារ ប៉ុន្តែពួកគេមិនបានសង្កត់ធ្ងន់លើព្រះយេស៊ូវគ្រីស្ទឡើយ។ តាមពិតទៅពួកគេបាននិយាយអំពីពួកទេវតាផ្សេងៗច្រើនជាងអំពីព្រះគ្រីស្ទទៅទៀត។ «កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នា តាមតែចិត្តឡើយ ដោយគេប្រព្រឹត្តបែបសុភាព ទាំងថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងការ ដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមគេនោះ គេមិនកាន់ជាប់តាមសិរសាទេ ដែលដោយសារសិរសានោះ រូបកាយទាំងមូលបានមានកម្លាំង ហើយជាប់គ្នា ដោយសារសន្លាក់ នឹងសរសៃទាំងប៉ុន្មាន ឲ្យបានចម្រើនឡើង ដោយសេចក្ដីចម្រើនរបស់ព្រះ» (កូឡូស ២:១៨-១៩)។
ដូចគ្នានឹងក្រុមខុសឆ្គងដែលហៅថា «សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ» ដែលមកពីកូរ៉េដែរ។ នៅពេលពួកគេមកផ្ទះរបស់អ្នក នោះពួកគេបានចំណាយពេលយ៉ាងច្រើន ដើម្បីព្យាយាម ធ្វើឲ្យអ្នកជឿថា ព្រះជាម្ចាស់ទទួលតែការថ្វាយបង្គំនៅថ្ងៃសៅរ៍ប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សដដែលៗនេះ ក៏អះអាងថា ព្រះគ្រីស្ទនៅសម័យនេះ គឺជាបុរសជនជាតិកូរ៉េម្នាក់ដែលមានឈ្មោះថាលោក អាន សាង ហុង ដែលបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅឆ្នាំ ១៩៨៥ ហើយមិនបានរស់ពីស្លាប់ឡើងវិញទេ! ពួកគេក៏ថែមទាំងនិយាយថា ស្ត្រីម្នាក់ដែលមានឈ្មោះថាលោកស្រី ហ្សាង ហ្គិល-ចា គឺជាព្រះម៉ែ ឬព្រះមាតា ហើយលោកអ្នកក៏ត្រូវតែថ្វាយបង្គំគាត់ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ។
ប្រសិនបើមានគ្រូម្នាក់ទៅផ្ទះលោកអ្នក ហើយប្រាប់លោកអ្នកថា មានបុរសជនជាតិកូរ៉េម្នាក់ដែលគាត់គឺជាព្រះគ្រីស្ទ ហើយមានស្ត្រីម្នាក់គឺជាព្រះ តើលោកអ្នកគួរទទួលការបង្រៀនរបស់គាត់ដែរឬទេ? ប្រសិនបើគ្រូម្នាក់បង្រៀនខុសនឹងសេចក្ដីសំខាន់បំផុត ( គឺអំពីអ្នកណាជាព្រះគ្រីស្ទ) តើយើងគួរទុកចិត្តសេចក្ដីបង្រៀនផ្សេងៗទៀតរបស់គាត់បានដែរឬទេ? ទេ! មិនគួរទុកចិត្តឡើយ។
៣. តើយើងគួរជឿថា ព្រះគ្រីស្ទគឺជាបុរសជនជាតិកូរ៉េម្នាក់ដែលឈ្មោះលោក អាន សាង ហុង ដែរឬទេ?
នៅពេលព្រះយេស៊ូវព្រមានយើងនៅក្នុងកណ្ឌគម្ពីរម៉ាថាយជំពូក២៤ ទាក់ទងនឹងការលំបាកនៅគ្រាចុងក្រោយ ទ្រង់មិនដែលមានបន្ទូលអំពីម្ហូបអាហារ និង ថ្ងៃឈប់សម្រាកនោះឡើយ។ ប៉ុន្តែ ម្ដងហើយម្ដងទៀត ទ្រង់បានប្រាប់ឲ្យយើងប្រយ័ត្នចំពោះព្រះគ្រីស្ទក្លែងក្លាយ និងគ្រូក្លែងក្លាយ។ ទ្រង់បានមានបន្ទូលថានឹងមានព្រះគ្រីស្ទក្លែងក្លាយជាច្រើន។
សូមអានកណ្ឌគម្ពីរ ម៉ាថាយ ២៤:៣-៥ «រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង»។ ចូរសម្គាល់ពីការព្រមានដំបូងរបស់ព្រះយេស៊ូវ៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង» ទ្រង់កំពុងមានបន្ទូលអំពីគ្រូដែលអះអាងថា ខ្លួនជាព្រះគ្រីស្ទដែលមកពីស្ថានសួគ៌។
ក្រុម អាន សាង ហុង អះអាងថាលោក អាន សាង ហុង គឺជាព្រះគ្រីស្ទ ដែលបានយាងមកពីស្ថានសួគ៌។ ហើយពួកគេក៏បានអះអាងថា គាត់គឺជាព្រះវរបិតាដែរ! ប៉ុន្តែលោក អាន សាង ហុង គ្រាន់តែជាមនុស្សម្នាក់តែប៉ុណ្ណោះ។ តាមពិត គាត់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅថ្ងៃទី២៥ ខែ២ឆ្នាំ១៩៨៥ ហើយគាត់មិនបានរស់ពីស្លាប់ឡើងវិញទេ។ ព្រះគ្រីស្ទពិត គឺជាព្រះយេស៊ូវពីភូមិណាសារ៉ែត នៅប្រទេសអ៊ីស្រាអែល ហើយមិនបានសុគតដោយសារជំងឺទេ។ ព្រះគ្រីស្ទពិតបានសុគតនៅលើឈើឆ្កាងសម្រាប់បាបរបស់យើង ហើយបីថ្ងៃក្រោយមកទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ!
៤. នៅពេលព្រះគ្រីស្ទពិតយាងមកវិញ តើយើងអាចស្គាល់ទ្រង់បានដោយរបៀបណា?
សូមអានកណ្ឌគម្ពីរ ម៉ាថាយ ២៤:២៣-២៧ «គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសម្គាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ»។ ព្រះគ្រីស្ទបានប្រាប់យើងនៅកណ្ឌគម្ពីរម៉ាថាយជំពូក២៤ហើយថា នៅពេលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់មិនមែនមកដោយស្ងាត់ដូចចោរលួចសេះនោះឡើយ។ ទ្រង់នឹងមិនកើតមកដោយស្ងាត់ៗនៅប្រទេសកូរ៉េ ដូចលោក អាន សាង ហុង នោះទេ។ ព្រះគ្រីស្ទពិតនឹងយាងមកដូចជាផ្លេកបន្ទោរពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។ ព្រះគ្រីស្ទពិតនឹងយាងមក ដើម្បីជំនុំជម្រះពិភពលោកទាំងមូល ហើយគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ (វិវរណៈ ១:៧, ១៩៖១១-១)។
៥. ហេតុអ្វីបានជាមានគ្រីស្ទបរិស័ទខ្លះបានចាញ់បោកក្រុមខុសឆ្គងនេះ ទោះបើសេចក្ដីបង្រៀនរបស់គេអាក្រក់យ៉ាងនេះ?
ក្រុមនេះទទួលបានជោគជ័យបន្តិចបន្តួច ដោយសារពួកគេបានប្រើសំណួរអំពីការឈប់សម្រាកនៅថ្ងៃសៅរ៍ធ្វើជាស្នៀត។ ផ្លែពូថៅខាងមុខ វាស្ដើងហើយមុត តែឯខ្នងវាធំក្រាស់។ ប្រសិនបើលោកអ្នកព្យាយាមពុះអុសដោយប្រើខ្នងពូថៅ នោះវាមិនបែកទេ។ ខ្នងពូថៅមិនអាចចូលទៅក្នុងសាច់ឈើបានឡើយ។ លោកអ្នកត្រូវតែពុះអុសដោយប្រើខាងស្ដើង ហើយបន្ទាប់មកខាងធំនឹងចូលមកបាន ដែលធ្វើឲ្យឈើបែកជាពីរកំណាត់។
វិធីនេះគឺដូចជារបៀបដែលក្រុមក្លែងក្លាយមួយនេះបានធ្វើដែរ។ ពួកគេដឹងថាគ្រីស្ទបរិស័ទមិនងាយទទួលការបង្រៀនថាលោក អាន សាង ហុង ជាព្រះគ្រីស្ទនោះទេ។ ការបង្រៀននោះប្រៀបធៀបដូចជាខ្នងពូថៅដែលមិនអាចចូលទៅក្នុងសាច់ឈើបានឡើយ។ ដូច្នេះ ពួកគ្រូក្លែងក្លាយទាំងនោះ បានចំណាយពេលជាច្រើនក្នុងការជជែកគ្នាអំពីការថ្វាយបង្គំនៅថ្ងៃសៅរ៍វិញ (មុខពូថៅរបស់ពួកគេ)។ ពួកគេនិយាយថា «ដំបូង ត្រូវយល់ព្រមនឹងការបង្រៀនអំពីថ្ងៃឈប់សម្រាក ហើយទទួលបុណ្យជ្រមុជទឹកម្ដងទៀតសិន បន្ទាប់មកយើងនឹងប្រាប់អ្នកអំពីលោក អាន សាង ហុង និងព្រះម៉ែ»។ ប្រសិនបើពួកគេអាចនាំលោកអ្នកឲ្យទទួលការបង្រៀនរបស់ពួកគេទាក់ទងនឹងថ្ងៃឈប់សម្រាក នោះក្រោយមកពួកគេក៏នឹងនាំលោកអ្នកឲ្យថ្វាយបង្គំ «ព្រះគ្រីស្ទ» អាន សាង ហុង និង «ព្រះម៉ែ» ហ្សាង ហ្គិល-ចា បានដែរ។ ប្រសិនបើលោកអ្នកថ្វាយបង្គំមនុស្សទាំងពីរនាក់នេះ នោះលោកអ្នកនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ហើយក៏នឹងធ្លាក់នរកផងដែរ។ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» (ម៉ាថាយ ៤:១០)។
ព្រះជាម្ចាស់មានបន្ទូលអំពីបញ្ហានេះនៅកណ្ឌគម្ពីរ ២យ៉ូហាន ១:៩-១១៖ «អ្នកណាដែលប្រព្រឹត្តរំលង ហើយមិនកាន់ខ្ជាប់ ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះជាអ្នកគ្មានព្រះទេ តែអ្នកណាដែលកាន់ខ្ជាប់ ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទវិញ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រាផង។ បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ»។
អ្នកមិនត្រូវស្វាគមន៍ដល់អ្នកណាដែលនិយាយថា ជនជាតិកូរ៉េម្នាក់នេះគឺជាព្រះគ្រីស្ទ ហើយស្ត្រីកូរ៉េម្នាក់គឺជាព្រះម៉ែ ដែលត្រូវទទួលការថ្វាយបង្គំនោះឡើយ។ ដាច់ខាត! កុំអនុញ្ញាតឲ្យគេចូលក្នុងផ្ទះរបស់លោកអ្នកឲ្យសោះ។ គ្មាននរណាម្នាក់ ដែលថ្វាយបង្គំមនុស្សទាំងពីរនាក់នេះអាចមានចំណែកក្នុងព្រះគ្រីស្ទពិតបាននោះឡើយ។
សេចក្ដីបន្ថែម
ឃ្លាខាងក្រោមនេះគឺជាការពោលពាក្យប្រមាថខ្លះដែលខ្ញុំបានដកស្រង់ពីគេហទំព័ររបស់ «សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃលោក អាន សាង ហុង»។ ការឆ្លើយតបរបស់ខ្ញុំ គឺនៅពីក្រោមកំណត់សម្គាល់ ដោយសរសេរជាអក្សរដិត៖
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «យើងត្រូវទៅឯព្រះ គឺព្រះគ្រីស្ទ អាន សាង ហុង និងព្រះមាតា ប្រសិនបើយើងចង់បានជីវិតអស់កល្ប និងសេចក្ដីសង្គ្រោះ ពីព្រោះពួកគេគឺជាអ្នកដែលមានជីវិត»។
ចម្លើយ៖ ប៉ុន្តែ ព្រះគម្ពីរបានមានបន្ទូលថា គឺមានតែព្រះវរបិតា និងព្រះយេស៊ូវដែលអាចប្រទានជីវិតបាន៖ «ដូចជាទ្រង់បានប្រទាន ឲ្យព្រះរាជបុត្រាមានអំណាច លើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង » (យ៉ូហាន ១៧:២-៣)។
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «ព្រះគម្ពីរថ្លែងទីបន្ទាល់ថា ព្រះជាម្ចាស់មាននៅក្នុងរូបភាពជាស្ត្រី «ព្រះម៉ែ» (ព្រះមាតា) ដូចក្នុងរូបភាពបុរស ជាព្រះបិតាដែរ»។
ចម្លើយ៖ ព្រះគម្ពីរមិនដែលនិយាយអំពីព្រះម៉ែ ឬព្រះមាតាទាល់តែសោះ។ ព្រះជាម្ចាស់គឺជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ បានទទួលការយាងមកវិញលើកទីពីររបស់ព្រះគ្រីស្ទ អាន សាង ហុង គឺព្រះវរបិតា ហើយយេរូសាឡឹមនៃស្ថានសួគ៌ គឺព្រះម៉ែ (ព្រះមាតា)»។
ចម្លើយ៖ នៅក្នុងឃ្លានេះពួកគេនិយាយថាលោក អាន សាង ហុង គឺទាំងពីរ ជាព្រះគ្រីស្ទផង និងជាព្រះវរបិតាផង ហើយពួកគេជឿថាលោកស្រី ហ្សាង ហ្គិល-ចា គឺជាព្រះម៉ែ។
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «ដូច្នេះមានតែព្រះវិញ្ញាណ និងកូនក្រមុំ (គឺព្រះគ្រីស្ទ អាន សាង ហុង ដែលយាងមក និងក្រុងយេរូសាឡឹមថ្មី—ព្រះម៉ែ) គឺអមត ហើយមានតែពួកគេដែលមានជីវិត»
ចម្លើយ៖ នេះគឺជាការប្រមាថ។ ក្រុមខុសឆ្គងនេះជឿថា មានតែលោក អាន សាង ហុង និងលោកស្រី ហ្សាង ហ្គិល-ចា ទេ ដែលបានរស់នៅជារៀងរហូត ហើយគ្មានពេលចាប់ផ្តើមផង។ គេក៏ជឿថា មានតែទាំងពីរនាក់នេះទេ ដែលមានជីវិត!! ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៥:២៦ ព្រះយេស៊ូវមានបន្ទូលថា «ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រា មានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ» មិនមាននិយាយពី លោក អាន សាង ហុង និងព្រះមាតាទេ។ ប្រសិនបើលោក អាន សាង ហុង មានជីវិតក្នុងខ្លួនផ្ទាល់ ហេតុអ្វីបានជាគាត់ស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាល ហើយមិនបានរស់ពីស្លាប់ឡើងវិញ? លោកស្រី ហ្សាង ហ្គិល-ចា ក៏ជាស្ត្រីចំណាស់ដែរ មិនយូរប៉ុន្មានគាត់នឹងស្លាប់ ហើយគាត់ក៏នឹងមិនរស់ឡើងវិញម្តងទៀតដែរ។ ទាំងពីរនាក់នេះគឺជាអ្នកកុហក។ ពួកគេគ្មានជីវិតក្នុងខ្លួនឯងនោះឡើយ។ ម្នាក់បានស្លាប់ទៅហើយ និងបានទៅកន្លែងជំនុំជម្រះ ហើយមិនយូរប៉ុន្មាន ម្នាក់ទៀតក៏នឹងស្លាប់ដែរ។
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «បច្ចុប្បន្ននេះ សេចក្ដីសង្គ្រោះគឺប្រទានមកតាមរយៈព្រះគ្រីស្ទ អាន សាង ហុង តែប៉ុណ្ណោះ ហើយមានតែអស់អ្នកណាដែលធ្វើជាស្មរបន្ទាល់របស់ព្រះគ្រីស្ទ អាន សាង ហុង និងអធិស្ឋាននៅក្នុងឈ្មោះរបស់គាត់តែប៉ុណ្ណោះ ដែលនឹងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន»។
ចម្លើយ៖ ប៉ុន្តែ ព្រះគម្ពីរបានមានបន្ទូលអំពីព្រះយេស៊ូវគ្រីស្ទថា «ទ្រង់គឺជាថ្មដែលលោករាល់គ្នាជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១១-១២)។
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ជឿលើព្រះមាតា»។
• គេហទំព័ររបស់ក្រុមខុសឆ្គង លោក អាន សាង ហុង បាននិយាយថា «យើងអាចទទួលបានជីវិតអស់កល្បជានិច្ច គឺតាមរយៈព្រះមាតានៃស្ថានសួគ៌តែប៉ុណ្ណោះ»។
• គេហទំព័ររបស់ក្រុមខុសឆ្គង លោក អាន សាង ហុង បាននិយាយថា «ព្រះគ្រីស្ទ លោក អាន សាង ហុង បានមកផែនដី ដើម្បីបង្កើតក្រុមជំនុំនៃព្រះ ហើយបង្រៀនយើងថា មនុស្សទាំងអស់គឺជាពួកទេវតាដែលបានមកផែនដី បន្ទាប់ពីការធ្វើបាបនៅស្ថានសួគ៌»។
ចម្លើយ៖ ព្រះគម្ពីរមិនដែលមានបន្ទូលថា មនុស្សយើងគឺជាពួកទេវតាមានបាប ដែលត្រូវបណ្ដេញចេញពីស្ថានសួគ៌មកនោះទេ។ ព្រះជាម្ចាស់បានបង្កើតមនុស្ស និងទេវតាឲ្យមានលក្ខណៈខុសប្លែកពីគ្នា។ មនុស្សត្រូវបានបង្កើតមកនៅក្នុងរូបអង្គរបស់ព្រះ តែទេវតាមិនមែនទេ។ កណ្ឌគម្ពីរ រ៉ូម ៥:១២ បានប្រាប់ពីរបៀបដែលមនុស្សយើងត្រឡប់ជាមានបាប៖ «ដូច្នេះបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។
• គេហទំព័ររបស់ក្រុមខុសឆ្គង អាន សាង ហុង បាននិយាយថា «យើងត្រូវតែធ្វើបុណ្យជ្រមុជទឹក ហើយនិងរក្សាបុណ្យរំលង ដើម្បីឲ្យយើងអាច…ចូលក្នុងនគរស្ថានសួគ៌អស់កល្បជានិច្ច»។
ចម្លើយ៖ នេះហើយដែលក្រុមខុសឆ្គង អាន សាង ហុង នេះត្រូវទទួលបណ្ដាសា ដូចបណ្ដាសាដែលសាវ័ក ប៉ុល បានដាក់ដល់ពួកគ្រូក្លែងក្លាយនៅក្រុមជំនុំកាឡាទី។ ពួកគេនៅកាឡាទីចង់បន្ថែមការកាត់ស្បែកទៅក្នុងជំនឿលើព្រះគ្រីស្ទ។ ឯក្រុម លោក អាន សាង ហុង ចង់បន្ថែម ការរក្សាបុណ្យរំលងទៅក្នុងជំនឿលើព្រះគ្រីស្ទ។ ពួកគេជឿថា ការរក្សាច្បាប់នៃសាសនា អាន សាង ហុង គឺជាការចាំបាច់ណាស់ ដើម្បីបានទៅស្ថានសួគ៌។ សេចក្ដីសង្គ្រោះនេះគឺដោយសារការប្រព្រឹត្តមិនមែនដោយសារជំនឿទេ។
(សូមសម្គាល់៖ គ្រីស្ទបរិស័ទទាំងអស់នៅប្រទេសកូរ៉េ ហើយបេសកជនកូរ៉េទាំងអស់ ក៏បដិសេធក្រុមខុសឆ្គង លោក អាន សាង ហុង នេះដែរ។)
សេចក្ដីសន្និដ្ឋាន
ដូចដែលខ្ញុំបាននិយាយខាងលើហើយ យើងមិនត្រូវស្វាគមន៍ដល់អ្នកណាដែលនិយាយថា ជនជាតិកូរ៉េម្នាក់នេះគឺជាព្រះគ្រីស្ទ ហើយស្ត្រីកូរ៉េម្នាក់គឺជាព្រះម៉ែ ដែលត្រូវទទួលការថ្វាយបង្គំនោះឡើយ។ កុំអនុញ្ញាតឲ្យគេចូលក្នុងផ្ទះរបស់លោកអ្នកឲ្យសោះ។ គ្មាននរណាម្នាក់ ដែលថ្វាយបង្គំដល់មនុស្សទាំងពីរនាក់នេះ អាចមានចំណែកក្នុងព្រះគ្រីស្ទពិតបាននោះឡើយ។
ជីវប្រវត្តិនៃដំណើរជីវិតរបស់លោក អាន សាង ហុង
១៩១៨ លោក អាន សាង ហុង បានកើតនៅថ្ងៃទី ១៣ ខែមករា នៅប្រទេសកូរ៉េ។
១៩៤៨ គាត់បានជ្រមុជទឹកនៅក្នុងក្រុមជំនុំនិកាយសេវែនដេ (Seventh Day Adventist Church)។
១៩៥៦ គាត់បានធ្វើទំនាយថា ព្រះគ្រីស្ទនឹងយាងមកវិញនៅក្នុងឆ្នាំ១៩៦៦។
១៩៦២ និកាយសេវែនដេ បានបណ្ដេញគាត់ចេញពីនិកាយខ្លួន។
១៩៦៤ គាត់បានបង្កើតក្រុមជំនុំខ្លួនឯង។
១៩៦៦ ព្រះគ្រីស្ទមិនបានយាងមកវិញតាមដែលលោក អាន សាង ហុង បានធ្វើទំនាយ។
១៩៨០ គាត់បានធ្វើទំនាយថា ព្រះគ្រីស្ទនឹងយាងមកវិញនៅក្នុងឆ្នាំ១៩៨៨។
១៩៨៥ គាត់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅថ្ងៃទី២៥ ខែកុម្ភៈ។
១៩៨៥ ក្រុមជំនុំគាត់បានបែកជាពីរក្រុម។ ក្រោយមកក្រុមមួយបានដាក់ឈ្មោះថា សមាគមផ្សព្វផ្សាយពិភពលោកក្រុមជំនុំនៃព្រះ។ ពួកគេបានបង្រៀនថាលោក លោក អាន សាង ហុង គឺជាព្រះវរបិតា ហើយថាលោកស្រី ហ្សាង ហ្គិល ចា គឺជាព្រះមាតា ឬព្រះម៉ែ។
១៩៨៨ ព្រះគ្រីស្ទមិនបានយាងមកវិញតាមដែលលោក អាន សាង ហុង បានធ្វើទំនាយ។
ជីវប្រវត្តិនៃដំណើរជីវិតរបស់លោកស្រី ហ្សាង ហ្គិល ចា
១៩៤៣ គាត់បានកើតនៅថ្ងៃទី ២៩ ខែតុលា នៅប្រទេសកូរ៉េ។
១៩៨៥ ពួកអ្នកដែលបានជឿតាមគាត់បានប្រកាសថា គាត់គឺជាព្រះមាតា (ព្រះម៉ែ)។
២០?? លោកស្រី លោកស្រី ហ្សាង ហ្គិល ចា នឹងស្លាប់ នៅថ្ងៃណាមួយ។
ព្រះពិតដែលបានបង្កើតមនុស្ស ផ្ទៃមេឃ និងផែនដី មានតែមួយ គឺជាព្រះត្រីឯក គឺព្រះវបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ សេចក្ដីបង្រៀនណាដែល ខុសពីក្នុងព្រះបន្ទូលដែលនៅក្នុងព្រះគម្ពីរ គឺជាសេចក្ដីបង្រៀនបោកប្រាស់។ សូមគ្រីស្ទបរិស័ទទាំងអស់រក្សាសេចក្ដីជំនឿអោយបានរឹងមាំ។
ព្រះគម្ពីរបានសម្ដែងពីព្រះបន្ទូលរបស់ព្រះយេស៊ូវផ្ទាល់ថា “ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ៧ បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង” (យ៉ូហាន ១៤:៦)
គ្មានអំណាចណាទៀតដែលអាចអត់បាបឲ្យមនុស្សបាន “ព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង” (ម៉ាថាយ ២៨:១៨)