in ,

ភាព​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ

Eight Steps to Christian Maturity

«អស់​អ្នក​ដែល​បង្កើត​ឲ្យ​មាន​សកម្មភាព​ក្នុង​ក្រុម​ជំនុំ» តែងតែ​ផ្ដោត​លើ​ការ​បំផ្លាស់បំប្រែ​សង្គម ពោល​គឺ​ការ​បំផ្លាស់បំប្រែ​ដ៏​ប្រសិទ្ធភាព។ យើង​ជឿ​ជាក់​ថា បើ​យើង​បង្កើត​ឲ្យ​មាន​ចលនា​ក្នុង​ក្រុម​ជំនុំ​យើង នោះ​យើង​នឹង​បំផ្លាស់បំប្រែ​ផែនដី​នេះ​ទាំង​មូល។ ហេតុអ្វី? ព្រោះ​ក្រុម​ជំនុំ​បំផ្លាស់បំប្រែ​មនុស្ស។ ហើយ​មនុស្ស ក្នុង​នាម​ជា​ទូត​របស់​ព្រះ​គ្រីស្ទ គឺ​ជា​អ្នក​ដែល​បំផ្លាស់បំប្រែ​អ្នក​ជិតខាង ទីក្រុង ហើយនិង​ជាតិសាសន៍​យើង​ទាំង​មូល។

ត្រង់​នេះ យើងខ្ញុំ​ចង់​មាន​ន័យ​ថា ផ្លាស់ប្ដូរ​មនុស្ស។ ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ជំនុំ​ទាំង​មូល ក៏​ដូច​ជា​សមាជិក​នីមួយៗ​ផង​ដែរ។ ហើយ​មិន​យូរ​មិន​ឆាប់​ពួកគាត់​ក៏​នឹង​ទៅ​ផ្លាស់ប្ដូរ​អ្នក​ដទៃ ដែល​អ្នក​នោះ​ក៏​នឹង​ទៅ​ផ្លាស់ប្ដូរ​អ្នក​ដទៃ​ទៀត។ល។

ប៉ុន្តែ តើ​យើង​ត្រូវ​បំផ្លាស់បំប្រែ​ពួកគាត់​ត្រង់​ចំណុច​ណា​ខ្លះ?

យើង​ផ្លាស់ប្រែ​មនុស្ស​មួយ​ចំនួន​ចេញ​ពី​សេចក្ដី​ងងឹត​នៃ​អំពើ​បាប​ឲ្យ​ទៅ​នៅ​ក្នុង​ពន្លឺ​របស់​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា យើង​បង្វែរ​មនុស្ស «ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​រក​ពន្លឺ» (កិច្ចការ ២៦:១៨)។ ធាតុ​ពិត​គឺ​ជា​ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​ធ្វើ​ការ​នេះ​តាម​រយៈ​យើង (កូឡូស ១:១៣)។ យើង​បង្វែរ​ពួកគាត់​ពី​ឆ្វេង​ទៅ​ស្ដាំ។ យើង​បង្វែរ​ពួកគាត់​ចេញ​ពី​ភាព​ល្ងង់ខ្លៅ និង​ការ​មិន​ជឿ ឲ្យ​ទទួល​បាន​ជំនឿ​ដែល​សង្គ្រោះ​ពួកគាត់​បាន ក៏​ដូច​ជា​ឲ្យ​ពួកគាត់​មាន​ការ​ផ្លាស់ប្រែ​ចិត្ត (ការ​ប្ដូរ​សាសនា)។ បន្ទាប់មក យើង​ជំរុញ​ពួកគាត់​ចេញ​ពី​ភាព​មិន​ពេញ​វ័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ ឲ្យ​មាន​ការ​ពេញ​វ័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ (កូឡូស ១:២៨-២៩; ២ធីម៉ូថេ ៣:១៦-១៧)។

យើង​ផ្លាស់ប្រែ​មនុស្ស​តាម​រយៈ​ការ​ចែករំលែក​ជីវិត​របស់​យើង​ជាមួយនឹង​ពួកគាត់​ឲ្យ​បាន​ជាប់លាប់ (១ថែស្សាឡូនីច្ច ២:៨)។ សាវ័ក ប៉ុល បាន​លើក​ឡើង​ចំពោះ​អស់​អ្នក​ដែល​បាន​ធ្លាប់​ភ្លក់​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​ថា ឲ្យ​ចេញ​ទៅ​ភ្ជាប់​ជីវិត​ពួកគាត់​ជាមួយនឹង​អ្នក​ដទៃ​ឲ្យ​បាន​ជាប់លាប់ ហើយ​មាន​គោលដៅ​ច្បាស់លាស់។

«ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្ដល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។ ចូរ​អរសប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់ធ្មត់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ ចូរ​ខ្ជាប់​ខ្លួន​ក្នុង​ការ​អធិស្ឋាន។ ចូរ​ជួយ​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។ ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​ចុះ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរសប្បាយ​ជាមួយ​អ្នក​ដែល​អរសប្បាយ ចូរ​យំ​ជាមួយ​អ្នក​ណា​ដែល​យំ។» (រ៉ូម ១២:១០, ១២-១៥ គកស)។

ហើយ​យើង​ផ្លាស់ប្រែ​មនុស្ស​ដោយ​បន្ត​ចែកចាយ​ដល់​ពួកគាត់​អំពី​ព្រះ​យេស៊ូវ សូម្បីតែ​ក្រោយ​ពេល​ដែល​ពួកគាត់​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ​រួច​ទៅ​ហើយ «ដោយ​និយាយ​សេចក្ដី​ពិត​ដោយ​សេចក្ដី​ស្រឡាញ់» ដើម្បី​ឲ្យ​អវយវៈ​របស់​ព្រះ​គ្រីស្ទ​លូតលាស់​ឡើង ក៏​ដូច​ជា​មាន​ការ​ស្ដារ​ឡើង​វិញ មាន​ភាព​ម៉ត់ចត់ និង​មាន​ការ​បំផ្លាស់បំប្រែ (អេភេសូរ ៤:១៥)។ នេះ​ឯង​ជា​របៀប​ដែល​យើង​ផ្លាស់ប្រែ​មនុស្ស។

ជំហាន​៨​យ៉ាង​ក្នុង​ការ​ឲ្យ​បាន​ពេញ​វ័យ​ខាង​ឯ​ព្រលឹងវិញ្ញាណ

ពិត​ណាស់ របៀប ឬ​ក៏​ជំហាន​នៃ​គំនិត​ទាក់ទង​នឹង​ការ​នាំ​មនុស្ស​ឲ្យ​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ហើយ​បន្ត​លូតលាស់ គឺ​អាច​មាន​ការ​ខុសៗ​គ្នា​ច្រើន​ណាស់។ ក្នុង​អត្ថបទ​នេះ យើងខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ The Trellis and the Vine និពន្ធ​ដោយ​លោកគ្រូ Colin Marshall និង​លោកគ្រូ Tony Payne។

ព្រះ​គម្ពីរ​បាន​ផ្ដល់​ការ​ណែនាំ គំរូ និង​របៀប​ជា​ច្រើន​ក្នុង​ការ​ជួយ​ណែនាំ​គ្រីស្ទបរិស័ទ​ដែល​មាន​ប្រវត្តិ​ខុសៗ​គ្នា និង​បុគ្គលិកភាព​ខុសៗ​គ្នា ដើម្បី​ឲ្យ​គាត់​អាច​ចេញ​ទៅ​បម្រើ​មហា​បេសកកម្ម។ យើងខ្ញុំ​ចូលចិត្ត​ជំហាន​ទាំង​ប៉ុន្មាន​នេះ ព្រោះ​អ្នក​និពន្ធ​បាន​សម្រាយ​របៀប​នៃ​ការ​លូតលាស់​បាន​យ៉ាង​ច្បាស់​លាស់ ហើយ​ងាយ​នឹង​យក​ទៅ​អនុវត្ត។ នៅ​ពេល​ដែល​យើងខ្ញុំ​គិត​អំពី​ជំហាន​នីមួយៗ​នេះ​ទាក់ទង​នឹង​អ្នក​ជិតខាង​របស់​យើងខ្ញុំ យើងខ្ញុំ​តែងតែ​ឃើញ​ថា យើងខ្ញុំ​មិន​ទាន់​ចេះ​មាន​ចិត្ត​ស្កប់ស្កល់​នៅ​ឡើយ​ទេ ហើយ​ក៏​តែងតែ​មាន​ការ​លើក​ទឹកចិត្ត​ឲ្យ​កាន់​តែ​ចេះ​ព្យាយាម​ចាប់ផ្ដើម​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ​ថែម​ទៀត។

សូម​យក​ជំហាន​ដែល​លោកអ្នក​គិត​ថា​អាច​ជា​ជំនួយ ហើយ​បង្កើត​ឲ្យ​ចេញ​ជា​របៀប​ដែល​លោកអ្នក​អាច​យក​ទៅ​ប្រើ​បាន​ក្នុង​របៀប​ដែល​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់ និង​ពិត​ជា​បង្ហាត់​បង្រៀន​ដល់​អ្នក​ជិត​ខាង​របស់​លោកអ្នក ដែល​មាន​រួម​ទាំង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ផង​ដែរ។

១. ទំនាក់ទំនង

សូម​ជួប​អ្នក​ជិតខាង​របស់​លោកអ្នក ហើយ​ព្យាយាម​ចងចាំ​ឈ្មោះ​របស់​ពួកគាត់។ ចូរ​ព្យាយាម​ស្គាល់​របៀប​ដ៏​ជាក់លាក់​ក្នុង​ការ​ស្រឡាញ់ និង​ថែ​ពួកគាត់។ ចាំ​ព័ត៌មាន​ជាគោលៗ​របស់​ពួកគាត់៖ ត្រូវ​ចាំ​ពី​មូល​ហេតុ​ដែល​នាំ​ពួកគាត់​ឲ្យ​ប្ដូរ​ទីលំនៅ​មក​នៅ​ក្បែរ​លោកអ្នក ព័ត៌មាន​អំពី​គ្រួសារ​របស់​គាត់ ការងារ​របស់​ពួកគាត់ ទំនាក់ទំនង​ចម្បងៗ​របស់​ពួកគាត់។

ទោះបើ​ពួកគាត់​មិន​សូវ​និយាយ​ស្ដី​ច្រើន​ក៏​ដោយ ក៏​លោកអ្នក​គួរ​តែ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដោត​លើ​អ្វី​ដែល​ពួក​គាត់​ចែកចាយ​ផង​ដែរ ហើយ​ចូរ​កុំ​ធ្វើ​ការ​នោះ​ដោយ​គ្រាន់តែ​សម្ដែង​ឡើយ ប៉ុន្តែ​ចូរ​ស្រឡាញ់​ពួកគាត់​តាមរយៈ​ការ​ស្គាល់​ពួកគាត់។

២. ការ​សន្ទនា

ចូរ​បង្កើត​ទម្លាប់​នៃ​ការ​ចេះ​សួរ​សំណួរ​ល្អៗ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ដ៏​មាន​ន័យ​ខ្លឹមសារ។ ចូរ​ព្យាយាម​ចេះ​សួរ​ដេញដោល​ពួក​គាត់​រហូត​ដល់​ពួកគាត់​ហ៊ាន​បើក​ចំហ​ជីវិត​របស់​ពួក​គាត់​ដល់​លោកអ្នក។ មនុស្ស​ជា​ច្រើន​គ្រាន់តែ​ជួបប្រទះ​នឹង​ការ​និយាយ​គ្នា​ធម្មតាៗ​ទេ ដោយ​មិន​សូវ​ប្រទះ​នឹង​ការ​សន្ទនា​ដែល​មាន​ការ​ស៊ីជម្រៅ ឬ​ក៏​ពោរពេញ​ដោយ​​ខ្លឹមសារ​ឡើយ។ ចូរ​ប្រាប់​ពួកគាត់​ថា លោកអ្នក​ជា​មិត្តភក្ដិ​ដែល​ហ៊ាន​មាន​ទំនាក់ទំនង​ដែល​មាន​ភាព​ស្អិត​ល្មូន។ ជា​ដំបូង ចូរ​ហ៊ាន​ចែកចាយ​ពី​ជីវិត​លោកអ្នក​ដោយ​មាន​ការ​បើក​ចំហ​អំពី​រឿងរ៉ាវ​ដ៏​ឈឺចាប់​របស់​ខ្លួន​សិន។ ចូរ​លើក​ទឹកចិត្ត​ពួកគាត់​ឲ្យ​ហ៊ាន​ចែកចាយ​កាន់​តែ​ច្រើន​ទៀត​ពី​ជីវិត​របស់​ពួកគាត់ ដោយ​លោកអ្នក​ធ្វើ​ជា​គំរូ​ជា​មុន​សិន។

ការ​សន្ទនា​ធម្មតាៗ គឺ​ជា​ការ​និយាយ​ជា​ប្រចាំ​ថ្ងៃ ដែល​មាន​ដូច​តទៅ៖ «សុខសប្បាយ​ទេ?» «បាន​មើល​បាល់​ទាត់​អត់​យប់​មិញ?» «ញ៉ាំ​បាយ​នៅ?» ទោះបើ​ការ​សន្ទនា​បែប​នេះ​មាន​សារៈសំខាន់​ក៏​ដោយ ក៏​យើង​ចងចាំ​ថា នេះ​គួរ​ស្ថិត​ក្រោម​ជំហាន​ទី១ «ទំនាក់ទំនង»។ ក្នុង​ការ​សន្ទនា គឺ​យើង​គួរ​ព្យាយាម​ស្គាល់​គ្នា​ឲ្យ​បាន​ច្រើន ឬក៏​ថា​យើង​មាន​អារម្មណ៍ ឬ​ក៏​កំពុង​គិត​ពី​អ្វី តែ​អ្វី​ដែល​យើង​ចង់​បាន​នោះ​គឺ​ចង់​ឃើញ​គាត់​ហ៊ាន​បើក​ចំហ​អំពី​ជីវិត​គាត់​លើស​មុនៗ ជា​ពិសេស​ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​យើង​ធ្លាប់​ឆ្លងកាត់​ដែល​មាន​ការ​ឈឺចាប់។ ការ​សន្ទនា​ដែល​មាន​ន័យ​ខ្លឹមសារ​សបញ្ជាក់​ថា យើង​កំពុង​បង្កើត​ឲ្យ​មាន​មិត្តភាព​ដ៏​ល្អ។ ដើម្បី​ឲ្យ​ដល់​កម្រិត​នេះ យើង​ត្រូវការ​ចំណាយ​ពេលវេលា​ច្រើន ចេះ​ស្ដាប់ ចេះ​សួរ​សំណួរ​ដេញដោល និង​ចេះ​ហ៊ាន​ចែកចាយ​ពី​ខ្លួន​ឯង​ផ្ទាល់​ពី​រឿង​ដ៏​ឈឺចាប់​មួយ​ចំនួន​របស់​យើង។

៣. សង្គម

ជំហាន​មួយ​នេះ​អាច​កើត​ឡើង​មុន ឬ​ក៏​ក្រោយ​ជំហាន​បន្ទាប់ ដែល​ជា​ការ​ផ្សាយ​ដំណឹងល្អ។ សង្គម និង​ដំណឹងល្អ​គឺ​ជា​ជំហាន​ដ៏​ខ្លាំង​មួយ​ដែល​ជះ​លើ​ភាព​បន្តបន្ទាប់​នៃ​ជំហាន​ទាំង​ប្រាំបី​នេះ ប៉ុន្តែ​ចំណុច​ទាំង​ពីរ​នេះ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ដល់​កម្រិត​ដែល​យើងខ្ញុំ​គិត​ថា អាច​បំបែក​ជា​ពីរ​បាន។

ខណៈពេល​ដែល​អ្នក​ជិតខាង អ្នក​ធ្វើការ​ជាមួយ​អ្នក ឬ​ក៏​មិត្ត​អ្នក​រៀន​ជាមួយ ចាប់ផ្ដើម​ដឹង​ថា​លោកអ្នក​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ហើយ​លោកអ្នក​ក៏​បាន​ចាប់ផ្ដើម​មាន​ការ​សន្ទនា​ដែល​មាន​ខ្លឹមសារ ចូរ​ណែនាំ​គាត់​ឲ្យ​ស្គាល់​សង្គម​លោកអ្នក​ដែល​ជា​គ្រីស្ទបរិស័ទ។ ក្រុម​ជំនុំ​របស់​លោកអ្នក​គឺ​ជា​សង្គម​របស់​លោកអ្នក។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា មនុស្សម្នា​នឹង​ស្គាល់​ព្រះ​វរបិតា​ជា​អង្គ​ដែល​ចាត់​ទ្រង់​ឲ្យ​មក​តាមរយៈ​ការ​រួបរួម​គ្នា​ដែល​មាន​ក្នុង​អ្នក​ជឿ (យ៉ូហាន ១៧:២១, ២៣)។ ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មនុស្សម្នា​នឹង​ដឹង​ថា យើង​ជា​សិស្ស​របស់​ទ្រង់​តាមរយៈ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្នា​នឹង​គ្នា (យ៉ូហាន ១៣:៣៤-៣៥)។

ប៉ុន្តែ អស់​អ្នក​ដែល​មិន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​នឹង​មិន​អាច​ឃើញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គ្នា​នឹង​គ្នា (ឬ​ក៏​ភាព​រួបរួម​គ្នា​របស់​យើង​ក្នុង​ភាព​ខុស​គ្នា​របស់​យើង) លុះត្រា​តែ​គាត់​ឃើញ​ជីវិត​ដែល​ចេះ​ចែករំលែក​គ្នា​ក្នុង​ក្រុមជំនុំ​របស់​យើង។ ត្រង់​នេះ យើងខ្ញុំ​មិន​គ្រាន់តែ​ចង់​លើក​ឡើង​អំពី​ពេល​ដែល​លោកអ្នក​ជួប​គ្នា ដើម្បី​ថ្វាយ​បង្គំ​នោះ​ទេ ប៉ុន្តែ​យើងខ្ញុំ​ក៏​កំពុង​សំដៅ​លើ​ពេល​ដែល​លោកអ្នក​ជុំ​គ្នា​ក្រៅ​ម៉ោង​ថ្វាយ​បង្គំ​ផង​ដែរ។ ដូច្នេះ ចូរ​រក​វិធី ដើម្បី​នាំ​ពួកគាត់​ឲ្យ​មាន​ចំណែក​ក្នុង​សង្គម​របស់​លោកអ្នក​ចុះ។

ពេល​ដែល​មិត្តភក្ដិ​របស់​លោក​អ្នក​មក​ចូល​រួម​ក្នុង​សង្គម កុំ​សម្ដែង​ដោយ​បម្រើ ឬ​ក៏​ស្ដារ​ក្រុមជំនុំ​របស់​លោកអ្នក ទោះបី​ដូច​ជា​មិត្តភក្ដិ​នោះ (ដែល​មិន​មែន​ជា​អ្នក​ជឿ) មិន​នៅ​ទីនោះ។ ធ្វើ​ដូច​ធម្មតា​ដូច​សព្វ​ដង។ កុំ​ធ្វើ​ពុត ដោយ​ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​លោកអ្នក​មិន​ដែល​ធ្វើ​ពី​មុន​ឡើយ។ ចូរ​ស្ដារ​គ្នា​ទៅ​វិញ​ទៅ​មក។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​យូរ​មិន​ឆាប់ ពួកគាត់​នឹង​ឃើញ​នូវ​អ្វី​ដែល​ពួកគាត់​មិន​ធ្លាប់​ប្រទះ​ពី​មុន។ ពួកគាត់​នឹង​ឃើញ​ក្ដី​ស្រឡាញ់ ដែល​ជា​ក្ដី​ស្រឡាញ់​ពី​ស្ថានសួគ៌។ ពួកគាត់​នឹង​ចាប់ផ្ដើម​បាន​ភ្លក់​អំណាច​នៃ​ឥទ្ធិពល​ដែល​មក​ពី​ដំណឹងល្អ។ គ្មាន​សង្គម​ណា​លើ​ផែនដី​នេះ​ចែកចាយ​ជីវិត​គ្នា​ដូច​ដែល​ក្រុមជំនុំ​គ្រីស្ទបរិស័ទ​ទេ។

៤. ដំណឹងល្អ

ប្រសិនបើ​លោកអ្នក​បាន​មាន​ការ​សន្ទនា​ដែល​មាន​ន័យ​ខ្លឹមសារ​ជាមួយនឹង​បុគ្គល​ដែល​ឥឡូវ​ជា​មិត្តភក្ត​ថ្មី​របស់​លោក​អ្នក ហើយ​ថែម​ទាំង​បាន​ណែនាំ​គាត់​ឲ្យ​បាន​ស្គាល់​សង្គម​របស់​លោកអ្នក នោះ​មាន​ន័យ​ថា គាត់​ទំនង​ជា​បាន​ឮ​ដំណឹងល្អ​ហើយ យ៉ាង​តិច​ផ្នែក​ខ្លះៗ​នៃ​ដំណឹងល្អ។ មក​ដល់​ជំហាន​នេះ គាត់​ប្រហែល​ជា​បាន​ឮ​ពាក្យ​មួយ​ឃ្លា​អំពី​ឃ្លា​អំពី​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ក៏​ដូច​ជា​ថា តើ​ព្រះ​អង្គ​មាន​អត្ថន័យ​អ្វី​ក្នុង​ជីវិត​របស់​លោកអ្នក និង​ក្នុង​ជីវិត​ក្រុមជំនុំ​របស់​លោកអ្នក។

មិន​យូរ​មិន​ឆាប់ យើង​នឹង​ត្រូវ​ឈាន​ដល់​ចំណុច​ដែល​យើង​ត្រូវ​ពន្យល់​ដល់​ពួកគាត់​ឲ្យ​ស្គាល់​​យ៉ាង​ច្បាស់​អំពី​ដំណឹងល្អ ក៏​ដូច​ជា​ដាស់តឿន​ពួកគាត់​ឲ្យ​មាន​ការ​ឆ្លើយ​តប។ តើ​អ្វី​ទៅ​ជា​ដំណឹងល្អ? លោកអ្នក​ទំនង​ជា​ពន្យល់​សាច់​រឿង​ខុស​ពី​របៀប​ដែល​ខ្ញុំ​នឹង​ពន្យល់ ប៉ុន្តែ​បើ​លោកអ្នក​មិន​ទាន់​ស្គាល់​ពី​របៀប​នៃ​ការ​ពន្យល់ សូម​ចូល​អាន​ក្នុង​គេហទំព័រ​នេះ  ដែល​យើងខ្ញុំ​បាន​ពន្យល់​ពី​របៀប​នៃ​ពន្យល់​ដំណឹងល្អ​ដល់​អ្នក​មិន​ជឿ ក្នុង​ភាសា​អង់គ្លេស។ មិន​ថា​លោកអ្នក​ប្រើ​របៀប​ណា​ក៏​ដោយ សូម​ពន្យល់​ឲ្យ​ខ្លី​ពី​ចំណុច​ស្នូល​នៃ​ដំណឹងល្អ។

មក​ដល់​ចំណុច​នេះ លោកអ្នក​អាច​សាក​សួរ​គាត់ ឲ្យ​អាន​ព្រះ​គម្ពីរ​ជាមួយ​លោកអ្នក ដែល​ចេញពី​ការ​នេះ​នឹង​នាំ​ឲ្យ​លោកអ្នក​កាន់​តែ​មាន​ការ​សន្ទនា​ថែម​ទៀត​ទាក់ទង​នឹង​ដំណឹងល្អ។

៥. ការ​ប្ដូរ​សាសនា

ប្រសិនបើ​គាត់​យល់​អំពី​ដំណឹងល្អ ចូរ​សំណូម​ពរ​ឲ្យ​គាត់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ហើយ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន។ ជំនឿ​កើត​ឡើង​តាមរយៈ​ការ​ឮ​សារ​នៃ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ (រ៉ូម ១០:១៧)។ ផ្ទុយ​ពី​ជំនឿ​គឺ​ការ​កែប្រែ​ចិត្ត​ទៅ​រក​ព្រះ​យេស៊ូវ ដែល​នោះ​ជា​ការ​លែង​ទុកចិត្ត​ជឿ​លើ​ខ្លួន​ឯង បែរ​ចេញពី​បាប​របស់​ខ្លួន បែរ​ចេញពី​ការ​សង្វាត​ឲ្យ​បាន​សុចរិត​ដោយ​ខ្លួន​ឯង ក៏​ដូច​ជា​ការ​បែរ​ចេញពី​របៀប​ដែល​ដេញ​រក​ភាព​អរសប្បាយ​ក្នុង​ជីវិត​នេះ​ដោយ​ខ្លួន​ឯង។

នៅពេល​ដែល​បុគ្គល​ណា​ម្នាក់​កែប្រែ​ចិត្ត​ចេញពី​ភាព​អាត្មានិយម និង​អំពើ​បាប​របស់​ខ្លួន ហើយ​ជឿ​ទុកចិត្ត​លើ​ព្រះ​យេស៊ូវ នោះ​មាន​ន័យ​ថា គាត់​បាន​ផ្លាស់ប្ដូរ​សាសនា​ហើយ។ ដូច្នេះ ចូរ​ប្រាប់​គាត់​ឲ្យ​ស្រែក​ហៅ​រក​ព្រះ​នាម​ព្រះ​អម្ចាស់ (រ៉ូម ១០:១៣)។ ប្រសិនបើ​គាត់​បាន​ផ្លាស់ប្ដូរ​សាសនា នោះ​មាន​ន័យ​ថា គាត់​បាន​ចេញពី​នគរ​នៃ​សេចក្ដី​ងងឹត ហើយ​បាន​ចូល​ទៅ​ក្នុង​អាណាចក្រ​នៃ​ព្រះ​រាជបុត្រា (កូឡូស ១:១៣)។ ឥឡូវនេះ គាត់​គឺ​ជា​គ្រីស្ទបរិស័ទ​ថ្មី។

អញ្ចឹង​ធ្វើ​អ្វី​ទៀត?

៦. ការ​ប្ដេជ្ញាចិត្ត

ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​លាក់​ជំនឿ​របស់​យើង​លើ​ទ្រង់​ទុក​តែ​ឯង​នោះ​ទេ។ ការ​ដែល​បុគ្គល​ម្នាក់​ពិត​ជា​បាន​ទុកចិត្ត​លើ​ព្រះ ហើយ​ដើរតាម​ទ្រង់ នោះ​គាត់​ក៏​នឹង​ហ៊ាន​បើក​សម្ដែង​ពី​ការ​នោះ​ដល់​អ្នក​ដទៃ​ឲ្យ​ឃើញ​ដែរ។ ការ​បង្ហាញ​ជា​សាធារណៈ​ជា​ដំបូង គឺ​តាមរយៈ​គាត់​ទទួល​ពិធី​ជ្រមុជ​ទឹក (ម៉ាថាយ ២៨:១៩; កិច្ចការ ២:៣៨-៤១) ហើយ​បន្ទាប់ពី​នោះ​គឺ​ការ​ប្ដេជ្ញា​ចិត្ត​ខ្លួន​ឯង​ក្នុង​ការ​ចុះ​ចូល​នឹង​ក្រុមជំនុំ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​តំបន់។

ដូច្នេះ ចូរ​ជួយ​គ្រីស្ទបរិស័ទ​ថ្មី​ឲ្យ​ប្រកាស​ខ្លួន​ជា​សាធារណៈ​ដោយ​ចុះចូល​នឹង​ក្រុមជំនុំ​ដែល​ផ្ដោត​លើ​ដំណឹងល្អ​ជា​គោល ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ក៏​ដូច​ជា​បន្ត​នៅ​​សាធារណៈ​តាមរយៈ​ការ​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ (ដោយ​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់​ឲ្យ​បាន​ជាប់លាប់)។

៧. ការ​លូតលាស់

ប្រសិនបើ​បុគ្គល​នោះ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​សមាជិក នោះ​មាន​ន័យ​ថា លោក​អ្នក​ត្រូវតែ​ជួយ​គាត់​ឲ្យ​មាន​ការ​លូតលាស់ កាត់​ស្រាយ និង​ទទួល​យក​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន ហើយ​ជួយ​គាត់​ឲ្យ​មាន​ការ​ ថ្លឹងថ្លែង​​ក្នុង​ចរិតលក្ខណៈ​នៃ​ជីវិត​រស់នៅ​របស់​គាត់។ ចូរ​បង្រៀន​គាត់​អំពី​ព្រះ​គម្ពីរ និង​ទេវវិទ្យា (២ធីម៉ូថេ ៣:១៦-១៧)។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​បន្ត​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ទៅ​កាន់​គាត់។ សាវ័ក ប៉ុល បាន​ប្រកាស​អំពី​ព្រះ​យេស៊ូវ​តាមរយៈ​ការ​ទូន្មាន ការ​បង្រៀន​ដោយ​គ្រប់​ទាំង​ប្រាជ្ញា ទាំង​ខំ​ធ្វើ​ការ​យ៉ាង​នឿយហត់​សម្រាប់​អំណរ​របស់​ពួក​គេ​ដោយ​ពឹង​លើ​ឫទ្ធិបារមី​របស់​ព្រះ​ជាម្ចាស់ (កូឡូស ១:២៨-២៩)។

ការ​បន្ត​បង្ហាត់បង្រៀន​អំពី​ព្រះ​គម្ពីរ និង​ទេវវិទ្យា​ដល់​អ្នក​ដែល​ទើប​តែ​ជឿ​នឹង​បន្ត​ពង្រឹង​ជីវិត​គាត់​ពី​ការ​ដឹង​ខុស​ត្រូវ។ ចូរ​ស្ដីបន្ទោស ដាស់តឿន និង​កែ​តម្រង់​គាត់​ចេញពី​ផ្លូវ​ខុស។ ចូរ​បង្រៀន​គាត់​ឲ្យ​ស្ដាប់​បង្គាប់​នូវ​រាល់​គ្រប់​អ្វីៗ​ដែល​ព្រះ​គ្រីស្ទ​បាន​បញ្ជា (ម៉ាថាយ ២៨:២០)។ ចូរ​បង្រៀន​គាត់​ចេះ​ស្ដីបន្ទោស ដាស់តឿន និង​កែ​តម្រង់​លោកអ្នក​ឲ្យ​ចេញ​ពី​ផ្លូវ​ខុស​ផង​ដែរ។ ទំនាក់ទំនង​បែប​នេះ​នឹង​ពង្រឹង​ចរិតលក្ខណៈ​នៃ​ជីវិត​រស់នៅ​របស់​គាត់​ខណៈ​ពេល​ដែល​គាត់​សម្លាប់​អំពើ​បាប និង​កាន់តែ​ចេះ​ស្រឡាញ់​ព្រះ​ជាម្ចាស់​តាមរយៈ​ការ​រស់នៅ និង​ការ​សម្រេចចិត្ត​របស់​គាត់។

៨. ការ​ចេញ​ទៅ

ក្នុង​ជីវិត​យើង យើង​នឹង​មិន​ដែល​ឈាន​ដល់​ចំណុច​ដែល​យើង​អាច​លើកឡើង​ថា យើង​មាន​ចំណេះដឹង​យ៉ាង​គ្រប់គ្រាន់​ខាង​ឯ​ព្រះ​គម្ពីរ​ហើយ ឬ​ក៏​ថា​យើង​បាន​បរិសុទ្ធ​គ្រប់លក្ខណ៍​ហើយ​នោះ​ដែរ។ ដោយសារ​យើង​មាន​អភ័យឯកសិទ្ធិ​ក្នុង​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​យើង​បម្រើ។ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង​ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស ដូច្នេះ ចូរ​បង្រៀន​គាត់​ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស ដែល​សិស្ស​គាត់​ក៏​នឹង​ចេះ​ចេញ​ទៅ​បង្កើត​សិស្ស​ថែម​ទៀត​ដែរ។

ចូរ​បង្រៀន​គាត់​ឲ្យ​ចេះ​មាន​ទំនាក់ទំនង ការ​សន្ទនា ចេះ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​មក​ចូល​រួម​ក្នុង​សង្គម ចេះ​ផ្សាយ​ដំណឹងល្អ ចេះ​នាំ​អ្នក​ដទៃ​ឲ្យ​ចេះ​ប្ដូរ​ជំនឿ​សាសនា ចេះ​មាន​ការ​ប្ដេជ្ញាចិត្ត ចេះ​លូតលាស់​ក្នុង​ក្រុមជំនុំ និង​ជាមួយ​អ្នក​ជិត​ខាង។ ដែល​ចេញ​ពី​ការ​នេះ គាត់​ក៏​នឹង​ចេះ​បង្រៀន​អ្នក​ដទៃ​ឲ្យ​ចេះ​ចេញ​ទៅ​ធ្វើ​ដូច​គាត់។ ខណៈពេល​ដែល​គាត់​កាន់តែ​ចេះ​ធ្វើ​បែប​នេះ នោះ​គាត់​ក៏​នឹង​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​រូបអង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ក្ដី​ស្រឡាញ់ ក៏​ដូច​ជា​កាន់តែ​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ។ ហើយ​ខណៈ​ពេល​ដែល​គាត់​កាន់តែ​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ នោះ​ក្រុមជំនុំ​ក៏​នឹង​កាន់តែ​លូតលាស់ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​ជឿ​ក៏​នឹង​ចាប់ផ្ដើម​ជឿ ហើយ​ក៏​នឹង​ចូល​ក្រុមជំនុំ​ដែរ។

លោកអ្នក​ទំនង​ជា​ស្គាល់​មនុស្ស​ជា​ច្រើន​នៅ​លើ​ជំហាន​នីមួយៗ​នេះ។ តើ​ពួកគាត់​ឈ្មោះ​អ្វី? ចូរ​ព្យាយាម​គិត​ទៅ​មើល​ថា តើ​ពួក​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ជំហាន​ណា​ឲ្យ​បាន​ជាក់លាក់ ហើយ​ថា តើ​ពួកគាត់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ឈាន​ដល់​ជំហាន​មួយ​ទៀត។ សូម​លើក​ទឹកចិត្ត​ពួកគាត់​ឲ្យ​មាន​ភាព​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ។ សូម​អធិស្ឋាន​ឲ្យ​ពួកគាត់​កាន់តែ​លូត​លាស់។ ចូរ​វិនិយោគ​ពេលវេលា​របស់​លោក​អ្នក​ក្នុង​ការ​ជួយ​ពួក​គាត់។ ចូរ​បង្កើត​ឲ្យ​មាន​ការ​បំផ្លាស់បំប្រែ​នៅ​កន្លែង​ដែល​លោកអ្នក​កំពុង​រស់នៅ​ដោយ​មាន​សកម្មភាព ក៏​ដូច​ជា​ផ្លាស់ប្ដូរ​អស់​អ្នក​ដែល​នៅ​ជុំវិញ​លោកអ្នក។

និពន្ធដោយ៖ លោកគ្រូ P.J. Tibayan
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​កញ្ញា យ៉ុន សាឯម
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយ មាន ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ផែនដី​

សាតាំងចោទប្រកាន់