១. តើសាវ័ក ពេត្រុស កំពុងព្រមានគ្រីស្ទបរិស័ទអំពីរឿងអ្វីក្នុងខគម្ពីរនេះ?
២ពេត្រុស ២:១-២ «តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្ដីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្ដីប្រមាថមើលងាយ ដោយព្រោះគេដែរ»។
តើនឹងមានមនុស្សជាច្រើនដើរតាមគ្រូខុសឆ្គងទាំងនេះដែរឬទេ?
២. តើរាស្ដ្ររបស់ព្រះទទួលបង្គាប់ឲ្យធ្វើអ្វីខ្លះ?
១យ៉ូហាន ៤:១ «ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយ៍នេះហើយ»។
តើហេតុអ្វីបានជាព្រះអង្គបង្គាប់ឲ្យពួកគេធ្វើបែបនេះ?
៣. តើក្រុមជំនុំអេភេសូរបានធ្វើកិច្ចការល្អអ្វីខ្លះ?
វិវរណៈ ២:២ «អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវ័ក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ»។
៤. តើគ្រូខុសឆ្គងមានសម្បកក្រៅយ៉ាងដូចម្ដេច?
២កូរិនថូស ១១:១៣-១៥ «ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយ ជាអ្នកឆបោកដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្ដីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ ដូច្នេះ បើអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ»។
៥. នៅក្នុងខគម្ពីរនេះ ព្រះជាម្ចាស់បានហាមរាស្ដ្ររបស់ទ្រង់ឲ្យប្រុងប្រយ័ត្នចំពោះមនុស្សម្នាក់។ តើមនុស្សម្នាក់នោះជាអ្នកណា?
ចោទិយកថា ១៨:២០ «ប៉ុន្តែហោរាណាដែលនឹងនិយាយប្រាប់អ្វី តាមតែអំពើចិត្ត ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញ មិនបានបង្គាប់ឲ្យថាសោះ ឬដែលនឹងនិយាយដោយនូវឈ្មោះព្រះដទៃ ហោរានោះនឹងត្រូវស្លាប់»។
៦. នៅក្នុងអត្ថបទនេះ មានហោរាម្នាក់បានប្រកាសអំពីការអស្ចារ្យ។
ចោទិយកថា ១៣:១-៥ «បើកាលណាមានហោរាណា ឬអ្នកណាកើតឡើង នៅក្នុងពួកឯង ដែលតែងតែយល់សប្ត ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា រួចទីសម្គាល់ ឬការអស្ចារ្យនោះកើតមកមែន តាមដូចជាអ្នកនោះប្រាប់មកឯង ដោយល្បួងថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលឯងមិនបានស្គាល់សោះ) នោះមិនត្រូវឲ្យឯងស្ដាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តនោះឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ទ្រង់ នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង ឯហោរាឬអ្នកយល់សប្តនោះត្រូវតែសម្លាប់ចោលទៅ ពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងលោះឲ្យរួចពីផ្ទះពួកបាវបម្រើផង អ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញ ពីផ្លូវដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់ឲ្យដើរតាមនោះទេ យ៉ាងនោះឯងនឹងបានបំបាត់សេចក្ដីអាក្រក់ចេញពីពួកឯងទៅ»។
តើការអស្ចារ្យនោះបានកើតឡើងដែរឬទេ?
ប្រសិនបើជាការអស្ចារ្យនោះបានកើតឡើងមែន តើនោះមានន័យថា បុគ្គលនោះជាហោរាពិតមែនឬ?
ហេតុអ្វីបានជារាស្ដ្ររបស់ព្រះមិនគួរស្ដាប់តាមហោរាប្រភេទនោះ?
ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សយ៉ាងនោះកើតមកលើផែនដីនេះ?
ដូច្នេះ ដូចដែលយើងបានឃើញហើយតាមរយៈចោទិយកថា ១៣:១-៥៖ ទោះបីជាមានអ្នកណាម្នាក់ ដែលអាចធ្វើការអស្ចារ្យ ឬអាចប្រាប់ពីរឿងនៅថ្ងៃអនាគតបានយ៉ាងត្រឹមត្រូវ នោះមិនមែនមានន័យថា រាស្ដ្ររបស់ព្រះអង្គត្រូវតែស្ដាប់តាមអ្នកនោះទេ។ ប្រសិនបើអ្នកនោះបង្រៀនគោលលទ្ធិខុសឆ្គង នោះយើងមិនគួរស្ដាប់តាមឡើយ។ នៅក្នុងសាសន៍អ៊ីស្រាអែល ព្រះបានបង្គាប់ឲ្យសម្លាប់ហោរាក្លែងក្លាយចោល ដូច្នេះការដែលមិនត្រូវស្ដាប់តាមហោរាក្លែងនេះគឺជារឿងដ៏សំខាន់មួយណាស់។
៧. តើព្រះយេស៊ូវគ្រីស្ទបានពណ៌នាអំពីពួកអ្នកដែលចង់បានទីសម្គាល់ថាជាមនុស្សបែបណា?
ម៉ាថាយ ១២:៣៨-៣៩ «គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់ពីលោក តែទ្រង់មានបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាបានប្រទានមកគេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ»។
ម៉ាថាយ ១៦:១-៤ «ពួកផារិស៊ី នឹងពួកសាឌូស៊ី គេមកល្បួងទ្រង់ សូមឲ្យសម្ដែងទីសម្គាល់១ពីលើមេឃឲ្យគេឃើញ តែទ្រង់មានបន្ទូលឆ្លើយថា ដល់ល្ងាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អ ពីព្រោះក្រហម ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសម្គាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសម្គាល់នៃសម័យនេះបានទេ ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាបានប្រទានមកគេ ក្រៅពីទីសម្គាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ»។
៨. តើ «អាទទឹងច្បាប់» (គ.ខ.ប. បកប្រែថា «មេប្រឆាំងសាសនា») នឹងមានអំណាច ដើម្បីធ្វើអ្វីខ្លះ?
២ថែស្សាឡូនីច ២:៨-១០ «នោះទើបអាទទឹងច្បាប់នោះ នឹងលេចមកដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសម្គាល់ នឹងការអស្ចារ្យដ៏កំភូត ហើយដោយគ្រប់ទាំងសេចក្ដីឆបោករបស់សេចក្ដីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ»។
តើនឹងមានអ្វីកើតឡើង?
ហេតុអ្វីបានជាពួកបណ្ដាជនត្រូវវិនាស? តាមរយៈអត្ថបទខាងលើយើងឃើញថា វាមានសារៈសំខាន់ណាស់សម្រាប់រាស្ដ្ររបស់ព្រះអង្គក្នុងការដើរតាមសេចក្ដីពិត និងចៀសចេញពីការបង្រៀនខុសឆ្គង។ យើងទទួលអ្នកណាម្នាក់ថាជាគ្រូបង្រៀនត្រឹមត្រូវ ហើយដើរតាមសេចក្ដីបង្រៀនរបស់អ្នកនោះ មិនមែនដោយព្រោះតែការអស្ចារ្យ ឬទីសម្គាល់ដែលអ្នកនោះធ្វើ ឬដោយព្រោះតែអ្នកនោះទាយទំនាយបានត្រឹមត្រូវ ឬដោយព្រោះអ្នកនោះប្រកាសខ្លួនថាជាគ្រីស្ទបរិស័ទ ឬដើរតាមព្រះយេស៊ូវគ្រីស្ទនោះឡើយ ដ្បិតសាតាំងឆ្លាតវៃណាស់ក្នុងការនាំមនុស្សឲ្យដើរតាមផ្លូវខុស។ សាតាំងដឹងថា មនុស្សងាយត្រូវបានបោកប្រាសតាមរយៈការអស្ចារ្យផ្សេងៗដូចជា ការទាយឆុត ឬទីសម្គាល់ផ្សេងៗទៀត។ ដូច្នេះ វាអាចអូសទាញមនុស្សឲ្យវង្វេងតាមពួកគ្រូខុសឆ្គងតាមរយៈការអស្ចារ្យទាំងអស់នេះបាន។
មនុស្សជាច្រើនចូលចិត្ដស្វែងរកបទពិសោធន៍អស្ចារ្យ គឺជាបទពិសោធដែលខ្ពស់ជាងបទពិសោធន៍ធម្មតាដែលមនុស្សធ្លាប់មាននៅក្នុងលោកនេះ។ ពួកគេគិតថានៅពេលដែលពួកគេមានបទពិសោធន៍ដ៏អស្ចារ្យទាំងនេះ នោះពួកគេនឹងបានចូលទៅក្នុងពិភពមួយទៀតដែលមិនមែនជាពិភពរបស់មនុស្ស តែជាពិភពរបស់ «ព្រះ» ឬពិភពរបស់ «វិញ្ញាណ» ឬពិភពរបស់ «ទេវតា» វិញ។ ពួកគេប្រហែលជាស្វែងរកបទពិសោធន៍ទាំងនេះតាមរយៈពិធីកម្មសាសនាដូចជាការតាំងសមាធិ អភូតហេតុ មន្តអាគម ឬតាមពិធីផ្សេងៗជាច្រើនទៀត ហើយចំពោះអ្នកដែលអះអាងថាខ្លួនជាគ្រីស្ទបរិស័ទនឹងព្យាយាមធ្វើការដូចនោះតាមរយៈការតមអាហារ ដោយគិតថាការធ្វើបែបនោះព្រះជាម្ចាស់នឹងបើកសម្ដែង។ ដូច្នេះហើយបានជាសាសនាខុសឆ្គងនៅជុំវិញពិភពលោកមានពេញទៅដោយមនុស្សដែលស្វែងរកបទពិសោធន៍ និងអំណាចទាំងអស់នេះ។ ចំណែកឯព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថា ការដែលខិតខំស្វែងរកទីសម្គាល់ ឬការអស្ចារ្យនោះគឺជារឿងដ៏អាក្រក់មួយ។ ប៉ុន្តែ ចំពោះរឿងនេះ ជួនកាលគ្រីស្ទបរិស័ទក៏ធ្លាប់ធ្វើខុសដូចនេះផងដែរ។ នៅពេលដែលមានអ្នកណាម្នាក់បានមក ហើយបានធ្វើការអស្ចារ្យ ឬធ្វើកិច្ចការអ្វីមួយដែលមានលក្ខណៈអស្ចារ្យ ឬក៏ប្រកាសថានឹងធ្វើការអស្ចារ្យ ឬធ្លាប់មានបទពិសោធន៍ទទួលការអស្ចារ្យដែលគ្រីស្ទបរិស័ទដ៏ទៃទៀតមិនធ្លាប់មាន ហើយពួកគេបានប្រកាសថា ពួកគេមកក្នុងនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះមនុស្សម្នាជាច្រើនបានដើរតាមអ្នកនោះភ្លាមដោយគ្មានការគិតពិចារណាអ្វីទាំងអស់ ដោយយកអ្វីដែលគាត់ឃើញ ឬក៏ឮទៅប្រៀបធៀបនឹងព្រះគម្ពីរ។ ប៉ុន្តែ យើងឃើញថា នៅពេលដែលពួកមនុស្សដើរតាមលំអាននេះដោយមានមូលដ្ឋានលើការអស្ចារ្យ នោះពួកគេក៏ធ្លាក់ទៅក្នុងការបោកបញ្ឆោតយ៉ាងងាយបំផុតផងដែរ។ ពួកគេគិតថា បទពិសោធន៍អស្ចារ្យទាំងនេះគឺជា «ការបើកសម្ដែង» ប៉ុន្តែតាមពិតទៅ នោះអាចជាការបោកបញ្ឆោតសោះ។
ដូច្នេះ រាស្ដ្ររបស់ព្រះអង្គត្រូវល្បងលដល់ពួកគ្រូៗ ដើម្បីឲ្យដឹងច្បាស់ថាសេចក្ដីបង្រៀនរបស់ពួកគេត្រឹមត្រូវឬអត់។ ម្យ៉ាងវិញទៀត យើងស្គាល់សេចក្ដីពិតតាមរយៈព្រះគម្ពីរ ដែលជាការបើកសម្ដែងប្រកបដោយអំណាចរបស់ព្រះអង្គ។ នោះមានន័យថា យើងអាចស្គាល់ពីការបើកសម្ដែងរបស់ព្រះជាម្ចាស់តាមរយៈការស្វែងយល់ព្រះបន្ទូលរបស់ទ្រង់។ ដូច្នេះ យើងត្រូវប្រើគំនិតប្រាជ្ញារបស់យើងដែលព្រះប្រទានឲ្យ ដើម្បីសិក្សាព្រះបន្ទូលរបស់ទ្រង់ទាំងនេះដូចក្រុមជំនុំបេរាក្នុងកណ្ឌគម្ពីរ កិច្ចការ ១៧:១១។ នេះគឺជាហេតុផលមួយផ្សេងទៀតដែលមនុស្សម្នាងាយស្រួលធ្លាក់ទៅក្នុងការបោកបញ្ឆោត នៅពេលដែលគ្រូប្រកាសពីបទពិសោធន៍អស្ចារ្យ។ មនុស្សខ្ជិលហើយមិនសូវសិក្សានឹងគិតថា វាជាការងាយស្រួលជាងក្នុងការអនុវត្តតាមបទពិសោធន៍ដ៏អស្ចារ្យ។ មនុស្សជាច្រើនចូលចិត្ដអ្វីៗដែលទាក់ទងនឹងអារម្មណ៍ ការអស្ចារ្យ ការរំភើប ឬរំជួលចិត្ដ ភាពងាយៗ និងភ្លាមៗជាជាងការប្រើគំនិតប្រាជ្ញាក្នុងការសិក្សាស្រាវជ្រាវលើអត្ថបទព្រះគម្ពីរ។ តាមរយៈវិធីសាស្ត្រទាំងនេះ សាតាំងមានភាពងាយស្រួលក្នុងការបោកប្រាសមនុស្សលោកយើង។ នៅក្នុងក្រុមជំនុំសព្វថ្ងៃនេះ មានពួកគ្រូខុសឆ្គងជាច្រើនបានលេចឡើង។ គេយកព្រះគ្រីស្ទធ្វើជាឈ្នានក្នុងការបង្រៀនគោលលទ្ធិខុសឆ្គងយ៉ាងច្រើនរបស់ខ្លួន ដូចដែលព្រះគម្ពីរបានបង្រៀនយើងឲ្យដឹងរួចហើយថា នឹងមានមនុស្សជាច្រើនដើរតាមសេចក្ដីបង្រៀនខុសឆ្គងនេះ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏យើងឃើញថាសាវ័ក ប៉ុល បានលើកយកគំរូពីអ្នកដឹកនាំគ្រីស្ទសាសនាដែលមាន លក្ខណៈផ្ទុយពីគ្រូខុសឆ្គងទាំងអស់នេះមកបង្ហាញយើងឲ្យដឹងផងដែរ។ ដូចជានៅក្នុង ២កូរិនថូស ១២:១-៦ យើងឃើញថាសាវ័ក ប៉ុល បានមានបទពិសោធន៍ដ៏អស្ចារ្យច្រើនលើកច្រើនសារ ហើយគាត់ក៏ធ្លាប់មានបទពិសោធន៍ទទួលនូវការបើកសម្ដែងមកពីព្រះជាម្ចាស់ផងដែរ។ ប៉ុន្តែ យើងឃើញថាសាវ័ក ប៉ុល មិនបានអួត ឬប្រកាសពីបទពិសោធន៍ដែលគាត់ធ្លាប់មាននោះទេ។ គាត់មិនចង់ឲ្យអ្នកណាម្នាក់ដឹងអំពីការបើកសម្ដែងទាំងនេះទេ ហេតុនេះហើយបានជាគាត់មិនដែលប្រាប់អ្នកណាឲ្យដឹង។ មូលហេតុដែលគាត់មិនព្រមនិយាយឲ្យអ្នកណាដឹង ពីព្រោះគាត់ព្រួយបារម្ភខ្លាចក្រែងថា នៅពេលដែលគាត់និយាយប្រាប់ហើយ នោះអ្នកស្ដាប់នឹងគិតខ្ពស់ពីគាត់ ឲ្យតម្លៃខ្ពស់ដល់រូបគាត់។ មានមនុស្សចំណាយពេលយ៉ាងច្រើនរបស់ខ្លួន ដើម្បីព្យាយាមស្វែងរកមុខមាត់ក្នុងសង្គមនេះ ព្រោះភ័យខ្លាចក្រែងមនុស្សដទៃគិតទាបអំពីខ្លួន ឲ្យតម្លៃដល់ខ្លួនទាប ដែលទង្វើបែបនេះផ្ទុយពីគំនិតរបស់សាវ័ក ប៉ុល ទាំងស្រុង។ គាត់ដឹងថា ប្រសិនបើគាត់និយាយប្រាប់ពួកបណ្ដាជនថា គាត់បានទទួលការបើកសម្ដែងដ៏អស្ចារ្យមកពីព្រះជាម្ចាស់ នោះពួកបណ្ដាជននឹងគិតខ្ពស់ ឬឲ្យតម្លៃខ្ពស់ដល់រូបគាត់។ ដូច្នេះហើយបានជាគាត់សម្រេចក្នុងចិត្ដថានឹងមិននិយាយប្រាប់ពីការនេះដល់អ្នកណាឡើយ។ នៅក្នុងគំនិតរបស់គាត់ គឺគាត់ចង់ឲ្យពួកបណ្ដាជនទទួលស្គាល់គាត់ជាអ្នកដឹកនាំម្នាក់តាមរយៈអ្វីដែលគាត់បាននិយាយ និងធ្វើមិនមែនតាមរយៈបទពិសោធន៍អស្ចារ្យនោះទេ ដែលនេះគឺជាគំនិត ហើយក៏ជាទង្វើដ៏ត្រឹមត្រូវផងដែរ។ នោះមានន័យថា ពួកបណ្ដាជនគួរតែទទួលស្គាល់អ្នកដឹកនាំ តាមរយៈគំរូក្នុងជីវិត និងតាមរយៈការសាកល្បង ឬល្បងលសេចក្ដីបង្រៀនរបស់គ្រូបង្រៀននោះសិន។ តើគ្រូនោះបង្រៀនពីសេចក្ដីពិតដូចដែលមាននៅក្នុងព្រះគម្ពីរដែរឬទេ? នេះហើយជាការទទួលស្គាល់ ឬវាយតម្លៃដែលប្រកបដោយភាពចាស់ទុំ និងពេញវ័យខាងឯជំនឿ!
សំណួរបន្ថែម៖
១. តើសាតាំងអាចបំភាន់មនុស្សបានយ៉ាងងាយដោយរបៀបណា?
២. ហេតុអ្វីបានជាបទពិសោធន៍អធិធម្មជាតិងាយស្រួលក្នុងនាំមនុស្សឲ្យវង្វេង?
៣. តើសាវ័ក ប៉ុល ជាគំរូដ៏ល្អម្នាក់ដោយរបៀបណា?
៤. តើយើងគួរស្ដាប់ ឬដើរតាមគ្រូបង្រៀនបែបណា?
មតិយោបល់
Loading…