in ,

​គ្រូ&ហោរា​ក្លែង​ក្លាយ

False Teachers and Prophets

១. តើ​សាវ័ក ពេត្រុស កំពុង​ព្រមាន​គ្រីស្ទ​បរិស័ទ​អំពី​រឿង​អ្វី​ក្នុង​ខ​គម្ពីរ​នេះ?

២ពេត្រុស ២:១-២ «តែ​កាល​ពី​ដើម មាន​ហោរា​ក្លែង​ក្លាយ នៅ​ក្នុង​ពួក​ជន ដូច​ជា​នឹង​មាន​គ្រូ​ក្លែង​ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​លួច​នាំ​បញ្ចូល​បក្ស​ពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្ដី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​ខ្លួន​ផង នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​តាម​ផ្លូវ​វិនាស​របស់​គេ នោះ​ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្ដី​ប្រមាថ​មើល​ងាយ ដោយ​ព្រោះ​គេ​ដែរ»។

តើ​នឹង​មាន​មនុស្ស​ជា​ច្រើន​ដើរ​តាម​គ្រូ​ខុស​ឆ្គង​ទាំង​នេះ​ដែរ​ឬ​ទេ?

២. តើ​រាស្ដ្រ​របស់​ព្រះ​ទទួល​បង្គាប់​ឲ្យ​ធ្វើ​អ្វីខ្លះ?

១យ៉ូហាន ៤:១ «ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ»។

តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​បែប​នេះ?

៣. តើ​ក្រុម​ជំនុំ​អេភេសូរ​បាន​ធ្វើ​កិច្ចការ​ល្អ​អ្វី​ខ្លះ?

វិវរណៈ ២:២ «អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ នឹង​សេចក្ដី​នឿយ​ហត់ ហើយ​សេចក្ដី​អត់​ធ្មត់​របស់​ឯង​ហើយ​ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវ័ក តែ​មិន​មែន​ជា​សាវ័ក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត​ភរ​វិញ»។

៤. តើ​គ្រូ​ខុស​ឆ្គង​មាន​សម្បក​ក្រៅ​យ៉ាង​ដូច​ម្ដេច?

២កូរិនថូស ១១:១៣-១៥ «ដ្បិត​មនុស្ស​យ៉ាង​នោះ​ជា​សាវ័ក​ក្លែង​ក្លាយ ជា​អ្នក​ឆបោក​ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​នៃ​ព្រះ​គ្រីស្ទ​ទេ ហើយ​សេចក្ដី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវ​តា​នៃ​ពន្លឺ​ដែរ ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ ឯ​ចុង​បំផុត​របស់​គេ នឹង​បាន​ត្រូវ​តាម​អំពើ​ដែល​គេ​ធ្វើ​ដែរ»។

៥. នៅ​ក្នុង​ខ​គម្ពីរ​នេះ ព្រះ​ជា​ម្ចាស់​បាន​ហាម​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ម្នាក់។ តើ​មនុស្ស​ម្នាក់​នោះ​ជា​អ្នក​ណា?

ចោទិយកថា ១៨:២០ «ប៉ុន្តែ​ហោរា​ណា​ដែល​នឹង​និយាយ​ប្រាប់​អ្វី តាម​តែ​អំពើ​ចិត្ត ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ មិន​បាន​បង្គាប់​ឲ្យ​ថា​សោះ ឬ​ដែល​នឹង​និយាយ​ដោយ​នូវ​ឈ្មោះ​ព្រះ​ដទៃ ហោរា​នោះ​នឹង​ត្រូវ​ស្លាប់»។

៦. នៅ​ក្នុង​អត្ថបទ​នេះ មាន​ហោរា​ម្នាក់​បាន​ប្រកាស​អំពី​ការ​អស្ចារ្យ។

ចោទិយកថា ១៣:១-៥ «បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង នៅ​ក្នុង​ពួក​ឯង ដែល​តែង​តែ​យល់​សប្ត ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មក​មែន តាម​ដូច​ជា​អ្នក​នោះ​ប្រាប់​មក​ឯង ដោយ​ល្បួង​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (‍ជា​ព្រះ​ដែល​ឯង​មិន​បាន​ស្គាល់​សោះ) នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស្ដាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​ដែល​យល់​សប្ត​នោះ​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​គ្រាន់​តែ​ល្បង​ឯង​មើល ឲ្យ​ដឹង​ជា​ឯង​រាល់​គ្នា​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ឬ​ទេ ត្រូវ​ឲ្យ​ដើរ​តាម​តែ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់ ក៏​ត្រូវ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ផង ឯ​ហោរា​ឬ​អ្នក​យល់​សប្ត​នោះ​ត្រូវ​តែ​សម្លាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ​បោរ​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បម្រើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ»។

តើ​ការ​អស្ចារ្យ​នោះ​បាន​កើត​ឡើង​ដែរ​ឬ​ទេ?

ប្រសិន​បើ​ជា​ការ​អស្ចារ្យ​នោះ​បាន​កើត​ឡើង​មែន តើ​នោះ​មាន​ន័យ​ថា បុគ្គល​នោះ​ជា​ហោរា​ពិត​មែន​ឬ?

ហេតុ​អ្វី​បាន​ជា​រាស្ដ្រ​របស់​ព្រះ​មិន​គួរ​ស្ដាប់​តាម​ហោរា​ប្រភេទ​នោះ?

ហេតុ​អ្វី​បាន​ជា​ព្រះ​ជា​ម្ចាស់​អនុញ្ញាត​ឲ្យ​មនុស្ស​យ៉ាង​នោះ​កើត​មក​លើ​ផែនដី​នេះ?

ដូច្នេះ ដូច​ដែល​យើង​បាន​ឃើញ​ហើយ​តាម​រយៈ​ចោទិយកថា ១៣:១-៥៖ ទោះ​បី​ជា​មាន​អ្នក​ណា​ម្នាក់ ដែល​អាច​ធ្វើ​ការ​អស្ចារ្យ ឬ​អាច​ប្រាប់​ពី​រឿង​នៅ​ថ្ងៃ​អនាគត​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​មិន​មែន​មាន​ន័យ​ថា រាស្ដ្រ​របស់​ព្រះ​អង្គ​ត្រូវ​តែ​ស្ដាប់​តាម​អ្នក​នោះ​ទេ។ ប្រសិន​បើ​អ្នក​នោះ​បង្រៀន​គោល​លទ្ធិ​ខុស​ឆ្គង នោះ​យើង​មិន​គួរ​ស្ដាប់​តាម​ឡើយ។ នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល ព្រះ​បាន​បង្គាប់​ឲ្យ​សម្លាប់​ហោរា​ក្លែង​ក្លាយ​ចោល ដូច្នេះ​ការ​ដែល​មិន​ត្រូវ​ស្ដាប់​តាម​ហោរា​ក្លែង​នេះ​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ណាស់។

៧. តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ពណ៌នា​អំពី​ពួក​អ្នក​ដែល​ចង់​បាន​ទី​សម្គាល់​ថា​ជា​មនុស្ស​បែប​ណា?

ម៉ាថាយ ១២:៣៨-៣៩ «គ្រា​នោះ ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សម្គាល់​ពី​លោក តែ​ទ្រង់​មាន​បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ»។

ម៉ាថាយ ១៦:១-៤ «ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី គេ​មក​ល្បួង​ទ្រង់ សូម​ឲ្យ​សម្ដែង​ទី​សម្គាល់​១​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដល់​ល្ងាច​អ្នក​រាល់​គ្នា​និយាយ​ថា មេឃ​នឹង​ល្អ ពី​ព្រោះ​ក្រហម ហើយ​ដល់​ព្រឹក នោះ​អ្នក​រាល់​គ្នា​ក៏​ថា នៅ​ថ្ងៃ​នេះ​នឹង​មាន​ព្យុះ​ភ្លៀង ព្រោះ​មេឃ​ក្រហម​ស្រទំ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​សណ្ឋាន​របស់​មេឃ​មែន តែ​ពុំ​អាច​នឹង​ស្គាល់​ទី​សម្គាល់​នៃ​សម័យ​នេះ​បាន​ទេ ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សម្គាល់​តែ​មួយ​នោះ​ទេ គឺ​ហោរា​យ៉ូណាស រួច​ទ្រង់​យាង​ចោល​គេ​បាត់​ទៅ»។

៨. តើ «អា​ទទឹង​ច្បាប់» (គ.ខ.ប. បក​ប្រែ​ថា «មេ​ប្រឆាំង​សាសនា») នឹង​មាន​អំណាច ដើម្បី​ធ្វើ​អ្វី​ខ្លះ?

២ថែស្សាឡូនីច ២:៨-១០ «នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ នឹង​លេច​មក​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះ​ឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សម្គាល់ នឹង​ការ​អស្ចារ្យ​ដ៏​កំភូត ហើយ​ដោយ​គ្រប់​ទាំង​សេចក្ដី​ឆបោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ»។

តើ​នឹង​មាន​អ្វី​កើត​ឡើង?

ហេតុ​អ្វី​បាន​ជា​ពួក​បណ្ដា​ជន​ត្រូវ​វិនាស? តាម​រយៈ​អត្ថ​បទ​ខាង​លើ​យើង​ឃើញ​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​រាស្ដ្រ​របស់​ព្រះ​អង្គ​ក្នុង​ការ​ដើរ​តាម​សេចក្ដី​ពិត និង​ចៀស​ចេញពី​ការ​បង្រៀន​ខុស​ឆ្គង។ យើង​ទទួល​អ្នក​ណា​ម្នាក់​ថា​ជា​គ្រូ​បង្រៀន​ត្រឹម​ត្រូវ ហើយ​ដើរ​តាម​សេចក្ដី​បង្រៀន​របស់​អ្នក​នោះ មិន​មែន​ដោយ​ព្រោះ​តែ​ការ​អស្ចារ្យ ឬ​ទី​សម្គាល់​ដែល​អ្នក​នោះ​ធ្វើ ឬ​ដោយ​ព្រោះតែ​អ្នក​នោះ​ទាយ​ទំនាយ​បាន​ត្រឹម​ត្រូវ ឬ​ដោយ​ព្រោះ​អ្នក​នោះ​ប្រកាស​ខ្លួន​ថា​ជា​គ្រីស្ទ​បរិស័ទ ឬ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ឡើយ ដ្បិត​សាតាំង​ឆ្លាត​វៃ​ណាស់​ក្នុង​ការ​នាំ​មនុស្ស​ឲ្យ​ដើរ​តាម​ផ្លូវ​ខុស។ សាតាំង​ដឹង​ថា មនុស្ស​ងាយ​ត្រូវ​បាន​បោក​ប្រាស​តាម​រយៈ​ការ​អស្ចារ្យ​ផ្សេងៗ​ដូច​ជា ការ​ទាយ​ឆុត ឬ​ទី​សម្គាល់​ផ្សេងៗ​ទៀត។ ដូច្នេះ វា​អាច​អូស​ទាញ​មនុស្ស​ឲ្យ​វង្វេង​តាម​ពួក​គ្រូ​ខុស​ឆ្គង​តាម​រយៈ​ការ​អស្ចារ្យ​ទាំង​អស់​នេះ​បាន។

មនុស្ស​ជា​ច្រើន​ចូល​ចិត្ដ​ស្វែង​រក​បទ​ពិសោធន៍​អស្ចារ្យ គឺជា​បទ​ពិសោធ​ដែល​ខ្ពស់​ជាង​បទ​ពិសោធន៍​ធម្មតា​ដែល​មនុស្ស​ធ្លាប់​មាន​នៅ​ក្នុង​លោក​នេះ។ ពួក​គេ​គិត​ថា​នៅ​ពេល​ដែល​ពួក​គេ​មាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​នេះ នោះ​ពួក​គេ​នឹង​បាន​ចូល​ទៅ​ក្នុង​ពិភព​មួយ​ទៀត​ដែល​មិន​មែន​ជា​ពិភព​របស់​មនុស្ស តែ​ជា​ពិភព​របស់ «ព្រះ» ឬ​ពិភព​របស់ «វិញ្ញាណ» ឬ​ពិភព​របស់ «ទេវតា» វិញ។ ពួក​គេ​ប្រហែល​ជា​ស្វែង​រក​បទ​ពិសោធន៍​ទាំង​នេះ​តាម​រយៈ​ពិធី​កម្ម​សាសនា​ដូច​ជា​ការ​តាំង​សមាធិ អភូតហេតុ មន្តអាគម ឬ​តាម​ពិធី​ផ្សេងៗ​ជា​ច្រើន​ទៀត ហើយ​ចំពោះ​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទ​បរិស័ទ​នឹង​ព្យាយាម​ធ្វើ​ការ​ដូច​នោះ​តាម​រយៈ​ការ​តម​អាហារ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នោះ​ព្រះ​ជាម្ចាស់​នឹង​បើក​សម្ដែង។ ដូច្នេះ​ហើយ​បានជា​សាសនា​ខុស​ឆ្គង​នៅ​ជុំវិញ​ពិភព​លោក​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្វែង​រក​បទ​ពិសោធន៍ និង​អំណាច​ទាំង​អស់នេះ។ ចំណែក​ឯ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា ការ​ដែល​ខិត​ខំ​ស្វែង​រក​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​នោះ​គឺជា​រឿង​ដ៏​អាក្រក់​មួយ។ ប៉ុន្តែ ចំពោះ​រឿង​នេះ ជួន​កាល​គ្រីស្ទ​បរិស័ទ​ក៏​ធ្លាប់​ធ្វើ​ខុស​ដូច​នេះ​ផង​ដែរ។ នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​មក ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​ដែល​មាន​លក្ខណៈ​អស្ចារ្យ ឬ​ក៏​ប្រកាស​ថា​នឹង​ធ្វើការ​អស្ចារ្យ ឬ​ធ្លាប់​មាន​បទ​ពិសោធន៍​ទទួល​ការ​អស្ចារ្យ​ដែល​គ្រីស្ទ​បរិស័ទ​ដ៏​ទៃ​ទៀត​មិន​ធ្លាប់​មាន ហើយ​ពួក​គេ​បាន​ប្រកាស​ថា ពួក​គេ​មក​ក្នុង​នាម​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​ម្នា​ជា​ច្រើន​បាន​ដើរ​តាម​អ្នក​នោះ​ភ្លាម​ដោយ​គ្មាន​ការ​គិត​ពិចារណា​អ្វី​ទាំងអស់ ដោយ​យក​អ្វី​ដែល​គាត់​ឃើញ ឬ​ក៏​ឮ​ទៅ​ប្រៀប​ធៀប​នឹង​ព្រះ​គម្ពីរ។ ប៉ុន្តែ យើង​ឃើញ​ថា នៅ​ពេល​ដែល​ពួក​មនុស្ស​ដើរ​តាម​លំ​អាន​នេះ​ដោយ​មាន​មូល​ដ្ឋាន​លើ​ការ​អស្ចារ្យ នោះ​ពួក​គេ​ក៏​ធ្លាក់​ទៅ​ក្នុង​ការ​បោក​បញ្ឆោត​យ៉ាង​ងាយ​បំផុត​ផង​ដែរ។ ពួក​គេ​គិត​ថា បទ​ពិសោធន៍​អស្ចារ្យ​ទាំង​នេះ​គឺ​ជា «ការ​បើក​សម្ដែង» ប៉ុន្តែ​តាម​ពិត​ទៅ នោះ​អាច​ជា​ការ​បោក​បញ្ឆោត​សោះ។

ដូច្នេះ រាស្ដ្រ​របស់​ព្រះ​អង្គ​ត្រូវ​ល្បង​ល​ដល់​ពួក​គ្រូៗ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ត្រឹមត្រូវ​ឬ​អត់។ ម្យ៉ាង​វិញ​ទៀត យើង​ស្គាល់​សេចក្ដី​ពិត​តាម​រយៈ​ព្រះ​គម្ពីរ ដែល​ជា​ការ​បើក​សម្ដែង​ប្រកប​ដោយ​អំណាច​របស់​ព្រះ​អង្គ។ នោះ​មាន​ន័យ​ថា យើង​អាច​ស្គាល់​ពី​ការ​បើក​សម្ដែង​របស់​ព្រះ​ជា​ម្ចាស់​តាម​រយៈ​ការ​ស្វែង​យល់​ព្រះ​បន្ទូល​របស់​ទ្រង់។ ដូច្នេះ យើង​ត្រូវ​ប្រើ​គំនិត​ប្រាជ្ញា​របស់​យើង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់​ទាំង​នេះ​ដូច​ក្រុម​ជំនុំ​បេរា​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១៧:១១។ នេះ​គឺ​ជា​ហេតុ​ផល​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ម្នា​ងាយ​ស្រួល​ធ្លាក់​ទៅ​ក្នុង​ការ​បោក​បញ្ឆោត នៅ​ពេល​ដែល​គ្រូ​ប្រកាស​ពី​បទ​ពិសោធន៍​អស្ចារ្យ។ មនុស្ស​ខ្ជិល​ហើយ​មិន​សូវ​សិក្សា​នឹង​គិត​ថា វា​ជា​ការ​ងាយ​ស្រួល​ជាង​ក្នុង​ការ​អនុវត្ត​តាម​បទ​ពិសោធន៍​ដ៏​អស្ចារ្យ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ដ​អ្វីៗ​ដែល​ទាក់​ទង​នឹង​អារម្មណ៍ ការ​អស្ចារ្យ ការ​រំភើប ឬ​រំជួល​ចិត្ដ ភាព​ងាយៗ និង​ភ្លាមៗ​ជា​ជាង​ការ​ប្រើ​គំនិត​ប្រាជ្ញា​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​អត្ថ​បទ​ព្រះ​គម្ពីរ។ តាម​រយៈ​វិធី​សាស្ត្រ​ទាំង​នេះ សាតាំង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បោក​ប្រាស​មនុស្ស​លោក​យើង។ នៅ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ មាន​ពួក​គ្រូ​ខុស​ឆ្គង​ជា​ច្រើន​បាន​លេច​ឡើង។ គេ​យក​ព្រះគ្រីស្ទ​ធ្វើ​ជា​ឈ្នាន​ក្នុង​ការ​បង្រៀន​គោល​លទ្ធិ​ខុស​ឆ្គង​យ៉ាង​ច្រើន​របស់​ខ្លួន ដូច​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ឲ្យ​ដឹង​រួច​ហើយ​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ដើរ​តាម​សេចក្ដី​បង្រៀន​ខុស​ឆ្គង​នេះ។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្ដី ក៏​យើង​ឃើញ​ថា​សាវ័ក ប៉ុល បាន​លើក​យក​គំរូ​ពី​អ្នក​ដឹក​នាំ​គ្រីស្ទ​សាសនា​ដែល​មាន លក្ខណៈ​ផ្ទុយ​ពី​គ្រូ​ខុស​ឆ្គង​ទាំង​អស់នេះ​មក​បង្ហាញ​យើង​ឲ្យ​ដឹង​ផង​ដែរ។ ដូច​ជា​នៅ​ក្នុង ២កូរិនថូស ១២:១-៦ យើង​ឃើញ​ថា​សាវ័ក ប៉ុល បាន​មាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ច្រើន​លើក​ច្រើន​សារ ហើយ​គាត់​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ទទួល​នូវ​ការ​បើក​សម្ដែង​មក​ពី​ព្រះ​ជាម្ចាស់​ផង​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា​សាវ័ក ប៉ុល មិន​បាន​អួត ឬ​ប្រកាស​ពី​បទ​ពិសោធន៍​ដែល​គាត់​ធ្លាប់​មាន​នោះ​ទេ។ គាត់​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​ការ​បើក​សម្ដែង​ទាំង​នេះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មិន​ដែល​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង។ មូល​ហេតុ​ដែល​គាត់​មិន​ព្រម​និយាយ​ឲ្យ​អ្នក​ណា​ដឹង ពីព្រោះ​គាត់​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ថា នៅ​ពេល​ដែល​គាត់​និយាយ​ប្រាប់​ហើយ នោះ​អ្នក​ស្ដាប់​នឹង​គិត​ខ្ពស់​ពី​គាត់ ឲ្យ​តម្លៃ​ខ្ពស់​ដល់​រូប​គាត់។ មាន​មនុស្ស​ចំណាយ​ពេល​យ៉ាង​ច្រើន​របស់​ខ្លួន ដើម្បី​ព្យាយាម​ស្វែង​រក​មុខ​មាត់​ក្នុង​សង្គម​នេះ ព្រោះ​ភ័យ​ខ្លាច​ក្រែង​មនុស្ស​ដទៃ​គិត​ទាប​អំពី​ខ្លួន ឲ្យ​តម្លៃ​ដល់​ខ្លួន​ទាប ដែល​ទង្វើ​បែប​នេះ​ផ្ទុយ​ពី​គំនិត​របស់​សាវ័ក ប៉ុល ទាំងស្រុង។ គាត់​ដឹង​ថា ប្រសិនបើ​គាត់​និយាយ​ប្រាប់​ពួក​បណ្ដា​ជន​ថា គាត់​បាន​ទទួល​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ​មក​ពី​ព្រះ​ជាម្ចាស់ នោះ​ពួក​បណ្ដាជន​នឹង​គិត​ខ្ពស់ ឬ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​រូប​គាត់។ ដូច្នេះ​ហើយ​បានជា​គាត់​សម្រេច​ក្នុង​ចិត្ដ​ថា​នឹង​មិន​និយាយ​ប្រាប់​ពី​ការ​នេះ​ដល់​អ្នក​ណា​ឡើយ។ នៅ​ក្នុង​គំនិត​របស់​គាត់ គឺ​គាត់​ចង់​ឲ្យ​ពួក​បណ្ដា​ជន​ទទួល​ស្គាល់​គាត់​ជា​អ្នក​ដឹក​នាំ​ម្នាក់​តាម​រយៈ​អ្វី​ដែល​គាត់​បាន​និយាយ និង​ធ្វើ​មិន​មែន​តាម​រយៈ​បទ​ពិសោធន៍​អស្ចារ្យ​នោះ​ទេ ដែល​នេះ​គឺជា​គំនិត ហើយ​ក៏​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​ផង​ដែរ។ នោះ​មាន​ន័យ​ថា ពួក​បណ្ដា​ជន​គួរ​តែ​ទទួល​ស្គាល់​អ្នក​ដឹក​នាំ តាម​រយៈ​គំរូ​ក្នុង​ជីវិត និង​តាម​រយៈ​ការ​សាក​ល្បង ឬ​ល្បង​ល​សេចក្ដី​បង្រៀន​របស់​គ្រូ​បង្រៀន​នោះ​សិន។ តើ​គ្រូ​នោះ​បង្រៀន​ពី​សេចក្ដី​ពិត​ដូច​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ? នេះ​ហើយ​ជា​ការ​ទទួល​ស្គាល់ ឬ​វាយ​តម្លៃ​ដែល​ប្រកប​ដោយ​ភាព​ចាស់​ទុំ និង​ពេញ​វ័យ​ខាង​ឯ​ជំនឿ!

សំណួរ​បន្ថែម៖

១. តើ​សាតាំង​អាច​បំភាន់​មនុស្ស​បាន​យ៉ាង​ងាយ​ដោយ​របៀប​ណា?

២. ហេតុ​អ្វី​បាន​ជា​បទ​ពិសោធន៍​អធិធម្មជាតិ​ងាយ​ស្រួល​ក្នុង​នាំ​មនុស្ស​ឲ្យ​វង្វេង?

៣. តើ​សាវ័ក ប៉ុល ជា​គំរូ​ដ៏​ល្អ​ម្នាក់​ដោយ​របៀប​ណា?

៤. តើ​យើង​គួរ​ស្ដាប់ ឬ​ដើរ​តាម​គ្រូ​បង្រៀន​បែប​ណា?

រៀបរៀង​ និង​និពន្ធ​ដោយ៖ ដៃគូរ​ដំណឹង​ល្អ
កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ម៉េង មនោ និង​លោក​ស្រី ឡូញ ណារ៉ុង
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​

នឹក​គិត​តែ​អំពី​ព្រះ​ជាម្ចាស់