in

សេចក្ដី​ពិត​ដ៏​ភ្ញាក់​ផ្អើល​អំពី​ពួក​គ្រូ​ខុស​ឆ្គង


សំណួរ​គឺ​មិន​មែន​ថា តើ​លោក​អ្នក​ធ្លាប់​ឮ​សំឡេង​របស់​ពួក​គ្រូ​ខុស​ឆ្គង​នោះ​ទេ ព្រោះ​លោក​អ្នក​ឮ​ស្ទើរ​រាល់​តែ​ថ្ងៃ​ពេក​ហើយ​ក៏​មិន​ដឹង។ តែ​សំណួរ​គឺ៖ តើ​លោក​អ្នក​អាច​វែក​ញែក​ដោយ​ដឹង​ថា​សេចក្ដី​បង្រៀន​មួយ​ណា​ខុស​ឆ្គង​បាន​ដែរ​ឬ​ទ?

បើ​លោក​អ្នក​ធ្លាប់​តាម​ដាន​សង្គម​បណ្ដាញ​ហ្វេសបុក (Facebook) ស្ដាប់​វិទ្យុ មើល​ក្នុង​យូធូប (Youtube) តាម​ដាន​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន ឬ​ក៏​មាន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​សង្គម​យើង​សម័យ​នេះ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ខ្លះៗ​រួច​បាត់​ទៅ​ហើយ។ ប្រសិន​បើ​លោក​អ្នក​មិន​អាច​វែក​ញែក​សំឡេង​មួយ​ចំនួន​ដែល​លោក​អ្នក​កំពុង​ឮ​ថា វា​ខុស​ឆ្គង ឬ​ក៏​មិន​ខុស​ឆ្គង នោះ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​មិន​ប្រឈម​មុខ​នឹង​វា​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា លោក​អ្នក​កំពុង​លង់​ខ្លះៗ​នឹង​សេចក្ដី​បង្រៀន​របស់​គេ​ហើយ។

ក្នុង​សម័យ​កាល​ជា​ច្រើន​នៃ​ក្រុម​ជំនុំ​ពី​មុនៗ ដើម្បី​ឲ្យ​ជះ​ឥទ្ធិ​ពល​លើ​មនុស្ស​ម្នា​បាន គឺ​ត្រូវ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា។ កាល​សម័យ​នោះ ពួក​គេ​ត្រូវ​តែ​ចម្លង​សេចក្ដី​បង្រៀន​ដោយ​ដៃ ហើយ​ពួក​គ្រូៗ​ត្រូវ​តែ​ធ្វើ​ដំណើរ​ថ្មើរ​ជើង ឬ​ក៏​ជិះ​សេះ ដើម្បី​ទៅ​ណា​ទៅ​ណី។ កាល​នោះ​មិន​ទាន់​មាន​បច្ចេកវិជ្ជា​ទំនើបៗ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ឡើយ ដែល​មាន​ដូច​ឡាន យន្ត​ហោះ និង​មិន​មាន​ម៉ាស៊ីន​ថត​ចម្លង គេហទំព័រ ឬ​ក៏​ផេក​ហ្វេសបុក (Facebook Page) ដូច​ឥឡូវ​នេះ​ទេ។ល។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ស្ទើរ​តែ​រាល់​ពួក​គ្រូ​ខុស​ឆ្គង​សុទ្ធ​តែ​មាន​គណនី​បណ្ដាញ​សង្គម​គ្រប់ៗ​គ្នា។

ដូច្នេះ ក្នុង​ករណី​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​បង្រៀន​ខុស​ឆ្គង​បែប​នេះ តើ​ឲ្យ​ក្រុម​ជំនុំ​វែក​ញែក​រវាង​គ្រូ​ត្រឹម​ត្រូវ និង​គ្រូ​ខុស​ឆ្គង​បាន​ដោយ​របៀប​ណា​ទៅ?

ដ្បិត​ពួក​គ្រូ​ក្លែង​ក្លាយ​នឹង​កើត​ឡើង

យើង​ចាប់​ផ្ដើម​ដោយ​ទទួល​ស្គាល់​ថា ទំនង​នឹង​មិន​គ្រាន់​តែ​មាន​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ប៉ុណ្ណោះ​នោះ​ទេ តែ​នឹង​ប្រាកដ​ជា​មាន​យ៉ាង​ជាក់​លាក់​មែន។ យើង​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​យើង​ឃើញ​មាន​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ។ ព្រះ​យេស៊ូវ និង​ពួក​សិស្ស​របស់​ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​នឹង​មាន​ពួក​គ្រូ​ខុស​ឆ្គង​កើត​ឡើង​មែន។ ពួក​គាត់​បាន​សន្យា​ថា​នឹង​មាន ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល៖

«ដ្បិត​នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សម្គាល់​ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត​ឲ្យ​មែន​ទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ» (ម៉ាកុស ១៣:២២-២៣ និង​សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ ២៤:២៤)។

ដូច​គ្នា​ផង​ដែរ​សាវ័ក ប៉ុល ក៏​បាន​ដាស់​តឿន​ក្រុម​ជំនុំ​អេភេសូរ (កិច្ចការ ២០:២៩-៣១) និង​លោក ធីម៉ូថេ ដែល​ជា​អ្នក​កំពុង​ទទួល​ការ​ណែនាំ​ពី​គាត់​ថា (២ធីម៉ូថេ ៤:៣-៤) នឹង​ប្រាកដ​ជា​មាន​សេចក្ដី​បង្រៀន​ខុស​ឆ្គង​កើត​មាន​ឡើង​មែន (សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៤:១; ២ធីម៉ូថេ ៣:១-៦)។ បើ​យើង​នៅ​មាន​មន្ទិល​សង្ស័យ​អំពី​ចំណុច​នេះ សូម​កុំ​ភ្លេច​ថា​សូម្បី​តែ​សាវ័ក ពេត្រុស ក៏​បាន​គាំទ្រ​បន្ទរ​សំឡេង​នោះ​ដោយ​លើក​ឡើង​ដូច​ត​ទៅ «នឹង​មាន​គ្រូ​ក្លែង​ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ» (២ពេត្រុស ២:១)។

សរុប​សេចក្ដី​មក យើង​មិន​គួរ​មាន​ការ​ធ្វេស​ប្រហែស​ឡើយ​ពេល​មាន​ពួក​គ្រូ​ក្លែង​ក្លាយ​បាន​ងើប​ក្បាល​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ក៏​ថែម​ទាំង​បាន​ចម្រើន​ឡើង​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។

ចូរ​ពិនិត្យ​មើល​គោល​លទ្ធិ និង​ជីវិត​របស់​ពួក​គេ

យោង​តាម​ព្រះ​យេស៊ូវ និង​ពួក​សិស្ស​របស់​ទ្រង់ អ្វី​ដែល​យើង​ទំនង​ជា​រក​ឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ៖ ពួក​គ្រូ​ក្លែង​ក្លាយ​មាន​ការ​បើក​ចំហ​យ៉ាង​ខ្លាំង​ណាស់​អំពី​សេចក្ដី​ខុស​ឆ្គង​របស់​ខ្លួន។ ពួក​គេ​មិន​គ្រាន់​តែ​មាន​ការ​ខុស​ឆ្គង​ក្នុង​សេចក្ដី​បង្រៀន​របស់​ខ្លួន​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​ថែម​ទាំង​មាន​ការ​ក្លែង​បន្លំ​ក្នុង​ជីវិត​រស់​នៅ​ទៀត​ផង។

នៅ​ពី​ក្រោយ​ភាព​ខុស​ឆ្គង​នៃ​គោល​លទ្ធិ​របស់​ពួក​គេ (មិន​ថា​ខុស​ខ្លាំង ឬ​ក៏​មិន​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ) ក៏​យើង​នឹង​ឃើញ​ការ​ដែល​ពួក​គាត់​ប្រព្រឹត្ត​ល្មើស​នឹង​ក្រមសីលធម៌​ផង​ដែរ។ តែ​យើង​នឹង​មិន​ឃើញ​ការ​នេះ​យ៉ាង​ពេញ​ភ្នែក​ភ្លាមៗ​នោះ​ទេ យើង​ត្រូវ​ការ​ពេល​វេលា។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ យើង​នឹង​ឃើញ​ជា​មិន​ខាន! ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៧:១៥-២០ ព្រះ​យេស៊ូវ​បាន​ជួយ​ឲ្យ​យើង​ចេះ​ត្រៀម​ខ្លួន​ដោយ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ដូច​ត​ទៅ៖

«ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ​សារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​អញ្ចាញ​ឡើយ» (សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ៦:៤៣-៤៤)។

ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ពីរ​ដង ដើម្បី​កុំ​ឲ្យ​យើង​មើល​រំលង៖ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ​សារ​តែ​ផ្លែ​ទេ។ ពេល​យើង​អាន​លើក​ដំបូង មើល​ទៅ​សេចក្ដី​ព្រមាន​របស់​ទ្រង់​ទំនង​ជា​ច្បាស់ ហើយ​សាមញ្ញ​ណាស់ ប៉ុន្តែ​ដូច​ដែល​យើង​រាល់​គ្នា​ដឹង​ហើយ​ថា ដើម​ឈើ​មិន​បង្កើត​ផល​ផ្លែ​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ទេ។ ហើយ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​មិន​យូរ​មិន​ឆាប់​យើង​នឹង​ឃើញ​ការ​មាន (ឬ​ក៏​មិន​មាន) ផល​ផ្លែ​ជា​មិន​ខាន។ ដូច​គ្នា​ផង​ដែរ ការ​នេះ​ក៏​នឹង​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ក្រមសីលធម៌​ដែរ។ អ្វី​ដែល​ទំនង​ជា​មាន​ដើម​ចម​ជា​ការ​ខ្សឹបខ្សៀវ​នៅ​ក្នុង​បន្ទប់​សម្ងាត់​នឹង​ត្រូវ​បាន​ប្រកាស​ឡើង​ពី​លើ​ដំបូល​ផ្ទះ (លូកា ១២:៣)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល មិន​គ្រាន់​តែ​បាន​ណែនាំ​ឲ្យ​អ្នក​ដឹក​នាំ​ផ្ទៀង​ផ្ទាត់​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ជីវិត​ពួក​ក្រុម​ជំនុំ​ខ្លួន និង​លើ​សេចក្ដី​បង្រៀន​របស់​ពួក​គាត់​ឡើយ ប៉ុន្តែ​ក៏​ថែម​ទាំង​លើ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ផង​ដែរ (កិច្ចការ ២០:២៨; ១ធីម៉ូថេ ៤:១៦)។

ពិត​ណាស់ យើង​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ស្គាល់​ថា តើ​ពួក​គ្រូ​មួយ​ណា​ជា​គ្រូ​ខុស​ឆ្គង​ពេល​ដែល​យើង​ប្រទះ​ភ្លាមៗ។ បើ​យើង​មិន​ដឹង​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ ឬ​ក៏​ថា​គាត់​បាន​ប្រព្រឹត្ត​ល្មើស​នឹង​គោល​ជំនឿ​ដោយ​របៀប​ណា​ខ្លះ​ហើយ ដែល​ការ​នោះ​មិន​ទាន់​ចេញ​មុខ​ជា​សាធារណៈ​ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ដោយ​សារ​ការ​នេះ នោះ​យើង​មិន​មាន​ភាព​លំបាក​ក្នុង​ការ​ដឹង​ថា ពួក​គេ​ជា​គ្រូ​ត្រឹម​ត្រូវ ឬ​ក៏​ជា​គ្រូ​ក្លែង​ក្លាយ។ ប៉ុន្តែ ពេល​វេលា​នឹង​ជួយ​បញ្ជាក់​ប្រាប់​យើង​ឲ្យ​ដឹង។ យើង​នឹង​ស្គាល់​ពួក​គេ​តាម​រយៈ​ផល​ផ្លែ​របស់​ពួក​គេ​មិន​មែន​ផល​ផ្លែ​នៃ​ភាព​ចម្រើន​ផ្នែក​ព័ន្ធ​កិច្ច និង​ចំនួន​មនុស្ស​ក្នុង​ព័ន្ធ​កិច្ច​របស់​ពួក​គេ​ឡើយ ប៉ុន្តែ​គុណភាព និង​ការ​តស៊ូ​ហើយ​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ​គឺ​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ផ្ទាល់។

ធ្លាក់​ក្នុង​អន្លង​ស្នេហ៍​លើ​លុយ ភាព​ស្រើប​ស្រាល និង​អំណាច

កណ្ឌ​គម្ពីរ​២ពេត្រុស​ជំពូក២​បាន​រៀប​រាប់​យ៉ាង​ក្បោះក្បាយ​ដោយ​ពន្យល់​អំពី​ការ​ព្រមាន​របស់​ព្រះ​យេស៊ូវ​ទាក់​ទង​នឹង​ផល​ផ្លែ​នៃ​សេចក្ដី​បង្រៀន​ខុស​ឆ្គង។ សាវ័ក ពេត្រុស មិន​បាន​លើក​ឡើង​ប៉ុន្មាន​ទេ​អំពី​សេចក្ដី​បង្រៀន​ល្មើស ប៉ុន្តែ​គាត់​បាន​លើក​ឡើង​ជា​ច្រើន​អំពី​លទ្ធផល​នៃ​ជីវិត​ដែល​ប្រព្រឹត្ត​ល្មើស។

ខ១ និង​ខ៣​បាន​រៀប​រាប់​បែប​ទូលំទូលាយ​អំពី «បក្ស​ពួក​ដែល​បង្ខូច​បំផ្លាញ» និង «ពាក្យ​បញ្ឆោត​បំពោត»—ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​សេចក្ដី​បង្រៀន—ប៉ុន្តែ​បន្ទាប់​ពី​នោះ​ជំពូក​នេះ​មិន​មាន​ការ​ផ្ដោត​លើ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ទៀត​ឡើយ។ រាល់​គ្រប់​ចំណុច​គឺ​ផ្ដោត​ទៅ​លើ​ជីវិត​របស់​ពួក​គាត់​ផ្ទាល់។

យើង​អាច​សង្ខេប​ខ​គម្ពីរ​ទាំង​នោះ​ទៅ​ជា​ចំណុច​បី​យ៉ាង​ដ៏​សំខាន់ៗ—ដែល​ទាំង​អស់​ទាក់​ទង​នឹង​លក្ខណសម្បត្តិ និង​អ្វីៗ​ដែល​ពួក​គាត់​ប្រព្រឹត្ត​ជា​ជាង​សេចក្ដី​បង្រៀន៖

  • អំនួត ឬ​ក៏​ការ​មើល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា (ខ១០)—ខ១៖ ពួក​គេ​បាន​បដិសេធ​ចោល «ព្រះ​ដ៏​ជា​ម្ចាស់​ដែល​បាន​លោះ​គេ» (សូម​អាន​បន្ថែម​នៅ​ខ១២-១៣ និង​ខ១៨)។
  • ភាព​ស្រើប​ស្រាល ដែល​ជា​ទូ​ទៅ​នេះ​ទាក់​ទង​នឹង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ ខ២៖ «គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប​ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក​អរ​សប្បាយ» (សូម​អាន​បន្ថែម​នៅ​ខ១០, ១២-១៤ និង​ខ១៩)។
  • មាន​ចិត្ត​លោភ​ទាក់​ទង​នឹង​លុយ​កាក់ និង​សម្ភារៈ​និយម—ខ៣៖ «គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ» ( សូម​អាន​បន្ថែម​នៅ​ខ១៤-១៥)។

ម្ដង​ហើយ​ម្ដង​ទៀត​សេចក្ដី​ព័ណ៌នា​របស់​សាវ័ក ពេត្រុស គឺ​សុទ្ធ​តែ​ទាក់​ទង​នឹង​ការ​មាន​ចិត្ត​លោភ ភាព​ស្រើប​ស្រាល និង​អំនួត ឬ​ក៏​លុយ​កាក់ ការ​រួម​ភេទ និង​អំណាច។ យោង​តាម​ប្រវត្តិសាស្ត្រ ពួក​គ្រូ​ខុស​ឆ្គង​មិន​គ្រាន់​តែ​មាន​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ដូចៗ​គ្នា​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​ពួក​គេ​ក៏​ថែម​ទាំង​មាន​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ផ្នែក​សីលធម៌​ក្នុង​ចំណុច​ណា​មួយ​នៃ​ចំណុច​ទូទៅ​ទាំង​នោះ​ផង​ដែរ។

យើង​អាច​មើល​ពី​ចំណុច​ដូច​គ្នា​នេះ​ក្នុង​របៀប​មួយ​ទៀត៖ សេចក្ដី​ខុស​ឆ្គង​របស់​ពួក​គេ​នឹង​កើត​ចេញ​ឡើង​ក្នុង​អំពើ​បាប​ទាស់​នឹង​ខ្លួន​ឯង អ្នក​ដទៃ ឬ​ក៏​ទាស់​នឹង​ព្រះ​ជាម្ចាស់។ ក្នុង​ការ​មាន​ចិត្ត​លោភ ពួក​គេ​បោក​ប្រាស់​ពួក​អ្នក​ជឿ​យក​លុយ​កាក់​សម្រាប់​ជា​ការ​ចម្រើន​សម្ភារៈ​និយម​ផ្ទាល់​ខ្លួន។ ឬ​ក៏​ក្នុង​ភាព​ស្រើប​ស្រាល ពួក​គេ​ប្រព្រឹត្ត​ល្មើស​ក្នុង​ការ​រួម​ភេទ (មិន​ថា​ក្នុង​កាម​គុណ ការ​ផិត​ក្បត់ ឬ​ក៏​ការ​រួម​ភេទ​ជា​មួយ​នឹង​ភេទ​ដូច​គ្នា ដូច​ដែល​កណ្ឌ​គម្ពីរ​២ពេត្រុស​ជំពូក២​បាន​លើក​ឡើង)។ ឬ​ក៏​ក្នុង​អំនួត ពួក​គេ «មើល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា» (២ពេត្រុស ២:១០) ហើយ​អំណាច​ដ៏​ធំ​បំផុត ដែល​ជា​អំណាច​ដែល​ត្រួត​ត្រា​លើ​អំណាច​ផ្សេងៗ គឺ​ព្រះ​ជាម្ចាស់​ផ្ទាល់។

លោក​អ្នក​មិន​អាច​ស្គាល់​នូវ​រាល់​សេចក្ដី​ក្លែង​ក្លាយ​បាន​ឡើយ

បើ​សេចក្ដី​បង្រៀន​ខុស​ឆ្គង​មិន​មែន​គ្រាន់​តែ​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​អ្នក​ដឹក​នាំ​យើង​និយាយ និង​សរសេរ ប៉ុន្តែ​ក៏​ពាក់​ព័ន្ធ​នឹង​ជីវិត​រស់​នៅ​របស់​ពួក​គេ​ផ្ទាល់ តើ​ឲ្យ​ក្រុម​ជំនុំ​ស្គាល់ ហើយ​បើក​បង្ហាញ​អំពី​ការ​ខុស​ឆ្គង​នោះ​បាន​ដោយ​របៀប​ណា​ទៅ​សព្វ​ថ្ងៃ​នេះ? វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដែល​យើង​ឮ​សេចក្ដី​បង្រៀន​របស់​នរណា​ម្នាក់​តាម​ប្រព័ន្ធ​បណ្ដាញ​អ៊ីនធឺណិត ឬ​ក៏​នៅ​ឯ​មហា​សន្និបាត​ណា​មួយ ប៉ុន្តែ​តើ​ឲ្យ​យើង​ដឹង​ថា ជីវិត​រស់​នៅ​របស់​គាត់​ពិត ឬ​ខុស​ឆ្គង​ដោយ​របៀប​ណា​ទៅ​បាន?

មធ្យោបាយ​នៃ​ការ​ការ​ពារ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទាស់​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង​គឺ៖ ការ​មាន​ក្រុម​ជំនុំ​តាម​តំបន់​ដែល​ជា​សង្គម​ដែល​ស្គាល់ រីករាយ​ក្នុង និង​ការ​យក​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មក​អនុវត្ត—ហើយ​និង​ការ​មើល​ខុស​ត្រូវ​លើ​ជីវិត​របស់​អ្នក​ដឹក​នាំ។ យើង​មិន​សូវ​មាន​លទ្ធភាព (ទំនង​មិន​មាន​សោះ​ផង) ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ជីវិត​របស់​គ្រូៗ​ដែល​រស់​នៅ​ទី​កន្លែង​ឆ្ងាយៗ ប៉ុន្តែ​យើង​គួរ​មាន​សកម្ម​ភាព​ខ្លះៗ​ដែល​ជាក់​លាក់​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ជីវិត​គ្រូៗ​ដែល​នៅ​តាម​តំបន់​របស់​យើង។

យើង​ត្រូវ​តែ​មើល​ខុស​ត្រូវ​លើ​ជីវិត​របស់​អ្នក​ដឹក​នាំ​របស់​យើង ហើយ​មិន​គួរ​ខ្លាច​គាត់​ពេក​ដល់​ថ្នាក់​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​តែ​អ្វី​តាម​ចិត្ត​ក្នុង​ការ​រស់​នៅ​របស់​គាត់​បែប​ជា​គ្រីស្ទ​បរិស័ទ។ គ្រូ​គង្វាល​គួរ​មាន​ពេល​វេលា​ជា​មួយ​នឹង​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់។ គ្រូ​គង្វាល​ចៀម​គួរ​មាន​ក្លិន​ដូច​ជា​សត្វ​ចៀម​ដែរ ព្រោះ​ពួក​គាត់​រស់​នៅ​ជា​មួយ ហើយ​ក៏​ដើរ​ក្នុង​ចំណោម​សត្វ​ចៀម​ទាំង​នោះ ដោយ​មិន​មែន​រស់​នៅ​ដាច់​តែ​ឯងៗ​ពី​ពួក​ហ្វូង​នោះ​ទេ។ យើង​ត្រូវ​ការ​គ្រូ​គង្វាល​ដែល​ទទួល​ស្គាល់​ថា ជា​ដំបូង​ពួក​គាត់​ក៏​ជា​ចៀម​ដែរ ហើយ​បន្ទាប់​មក​ទើប​ពួក​គាត់​គួរ​ទទួល​ស្គាល់​ថា​ខ្លួន​គឺ​ជា​អ្នក​ដឹក​នាំ និង​ជា​គ្រូៗ—ពោល​គឺ​ជា​គ្រូៗ​ដែល​មាន​ចិត្ត​អរ​សប្បាយ​ត្រង់​ថា ពួក​គាត់​មាន​ឈ្មោះ​កត់​ចុះ​ក្នុង​បញ្ជី​នៅ​ឯ​ស្ថាន​សួគ៌ ជា​ជាង​អ្នក​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ព័ន្ធ​កិច្ច​ដ៏​អស្ចារ្យ (លូកា ១០:២០)។

ព្រះ​យេស៊ូវ​នឹង​សង្គ្រោះ​ក្រុម​ជំនុំ​របស់​ព្រះ​អង្គ

ប៉ុន្តែ តើ​លោក​អ្នក​ដឹង​ទេ? ទោះ​បើ​យើង​មាន​ប្រព័ន្ធ​នៃ​ការ​មើល​ខុស​ត្រូវ (ហើយ​យើង​គួរ​តែ​មាន) ហើយ​យើង​អាច​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ពួក​គាត់ និង​គោល​លទ្ធិ​របស់​អ្នក​ដឹក​នាំ​របស់​យើង​ក៏​ដោយ (ហើយ​យើង​គួរ​តែ​ធ្វើ) ប៉ុន្តែ​នៅ​ចុង​បញ្ចប់​គឺ​គ្មាន​ប្រព័ន្ធ​ដ៏​ល្អ​ណា​មួយ​ដែល​មនុស្ស​យើង​បាន​បង្កើត​មក​អាច​ទប់​ស្កាត់​បាន​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កណ្ឌ​គម្ពីរ ២ពេត្រុស ២:៩ (ដែល​នេះ​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង) បាន​នាំ​មក​នូវ​ការ​ធានា​ដ៏​ផ្អែម​ល្ហែម​បំផុត​ដល់​យើង—«ព្រះ​អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្តិ​ដល់​ទ្រង់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង»។

មិន​ថា​សេចក្ដី​បង្រៀន​មាន​សេចក្ដី​បំប្លែង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ មិន​ថា​ក្រុម​ជំនុំ​អាម៉ាស់​មុខ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ (ព្រោះ​សង្គម​ឃើញ​ថា​អ្នក​ដឹក​នាំ​របស់​ពួក​គាត់​បាន​ប្រព្រឹត្ត​ល្មើស​នឹង​សីលធម៌) ហើយ​មិន​ថា​មើល​ទៅ​ពិត​ជា​ពិបាក​មែន​ទែន​ប៉ុណ្ណា​ក៏​ដោយ មិន​ថា​យើង​មិន​មាន​លទ្ធភាព​ខ្លាំង​ប៉ុណ្ណា​ក្នុង​ការ​ព្យាយាម​ការ​ពារ​គោល​ជំនឿ​នៃ​ដំណឹង​ល្អ និង​រក្សា​ដំណឹង​ល្អ​ទុក—ជីវិត​ដ៏​ស័ក្តិសម ក៏​យើង​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម​មួយ​នេះ​ផង​ដែរ៖ ព្រះ​យេស៊ូវ​ជ្រាប​អំពី​របៀប​នៃ​ការ​សង្គ្រោះ​ពួក​បរិសុទ្ធ។

ព្រះ​យេស៊ូវ​មិន​មែន​គ្រាន់​តែ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ និង​ពិត​ដែល​ធ្លាប់​រស់​នៅ​លើ​ផែន​ដី​នេះ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​ជា​ព្រះ​សង្គ្រោះ​ដ៏​អស្ចារ្យ​ផង​ដែរ។ ព្រះ​អង្គ​បាន​សង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប ហើយ​ទ្រង់​ក៏​នឹង​រក្សា​ទុក​អស់​អ្នក​ដែល​ពិត​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់​ចេញ​ពី​សេចក្ដី​ខុស​ឆ្គង​ដែល​នឹង​បំផ្លាញ​ព្រលឹង​របស់​ពួក​គាត់​ផង​ដែរ។ មិន​ថា​ក្រុម​ជំនុំ​មាន​អារម្មណ៍​ថា​ខ្លួន​តូច​តាច​ប៉ុណ្ណា ឬ​ក៏​មិន​ថា​ក្រុម​ជំនុំ​មាន​អារម្មណ៍​ងាយ​ប្រេះ​ស្រាំ​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះ​អង្គ​ដែល​ជា​សេចក្ដី​ផ្ដើម​នៃ​សេចក្ដី​បង្រៀន​ដ៏​ពិត និង​ជា​គំរូ​ដ៏​ពិត​ដែល​កំពុង​មាន​ព្រះ​ជន្ម​រស់​នៅ​តែ​ជា​ព្រះ​ដែល​រក្សា​ទុក​ជីវិត និង​ព្រលឹង​របស់​យើង​ផង​ដែរ។

ដូច​ដែល​ព្រះ​ជាម្ចាស់​បាន​រក្សា​លោក ណូអេ (២ពេត្រុស ២:៥) ហើយ​សង្គ្រោះ​លោក ឡុត (២ពេត្រុស ២:៧) នោះ​ព្រះ​អម្ចាស់​យេស៊ូវ​ក៏​នឹង​សង្គ្រោះ​ពួក​រាស្ត្រ​ដ៏​ពិត​របស់​ទ្រង់​ពី​សេចក្ដី​បង្រៀន​ខុស​ឆ្គង—និង​ការ​រស់​នៅ​ដែល​មិន​ត្រឹម​ត្រូវ—របស់​ពួក​គ្រូ​ខុស​ឆ្គង​ផង​ដែរ។

និពន្ធ​ដោយ៖ លោក​គ្រូ David Mathis
បក​ប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឈាង បូរ៉ា, ខែម បូឡុង, លោក ម៉េង មនោ និង​លោកស្រី ឡូញ ណារ៉ុង
ដក​ស្រង់​ខ្លះៗ​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ការ​បំផ្លាស់​បំប្រែ​ដួង​ចិត្ត និង​ការ​បើក​ភ្នែក

មិន​ព្យាយាម​រស់​នៅ