ប្រសិនបើលោកអ្នកមានលក្ខណៈដូចជាយើងខ្ញុំ នោះលោកអ្នកនឹងឃើញថា ការចំណាយពេលអធិស្ឋានឲ្យទៀងទាត់គឺពិបាកជាងការចំណាយពេលអានព្រះគម្ពីរទៅទៀត។
ទាក់ទងនឹងការចំណាយពេលអានព្រះគម្ពីរ លោកអ្នកត្រូវមានគម្រោងការជាក់លាក់ ទីកន្លែងពិតប្រាកដ និងពេលវេលាយ៉ាងត្រឹមត្រូវ។ តែឯការចំណាយពេលអធិស្ឋានមានផលលំបាកច្រើនជាង។ យើងអាចអានអំពីជីវប្រវត្តិនៃអ្នកដើរតាមព្រះអម្ចាស់ពីជំនាន់មុនៗ អំពីការដែលពួកគាត់បានចំណាយពេលជាច្រើនម៉ោងដោយលុតជង្គង់ក្នុងការអធិស្ឋានសម្រាប់អ្នកដទៃ។ ជាធម្មតា យើងមានអារម្មណ៍ថាចាញ់ពួកគាត់ទាំងស្រុងតែម្ដង។ យើងហាក់បីដូចជាមានការប្រញាប់ប្រញាល់ណាស់ក្នុងការអធិស្ឋាន បន្ទាប់ពីបានចំណាយពេលអានព្រះគម្ពីរបន្តិចបន្តួច ឬក៏យើងប្រាប់ខ្លួនឯងថា «យើងនឹងអធិស្ឋានខណៈពេលដែលយើងកំពុងចេញទៅ» ដោយអធិស្ឋានខ្លីៗ នៅទីនេះ នៅទីនោះ ពេញមួយថ្ងៃ។ តាមពិតទៅ យើងមិនដែលបានឈប់ដោយចំណាយពេលយ៉ាងល្អ ដើម្បីផ្ដោតអារម្មណ៍ទាំងស្រុងរបស់យើងទៅលើព្រះជាម្ចាស់បន្តិចសោះឡើយ។
រាល់ដើមឆ្នាំ យើងសង្វាតត្រាប់តាមគម្រោងការសម្រាប់អានព្រះគម្ពីរជាច្រើន ប៉ុន្តែភាគតិចណាស់ដែលយើងនឹងឃើញមានការផ្សាយអំពីគម្រោងការនៃការដាក់វិន័យលើខ្លួនឯងឲ្យអធិស្ឋានជាប្រចាំថ្ងៃ។ នេះមិនមែនមកពីយើងបានតាំងចិត្តចង់គេចវេសចេញនោះឡើយ។ យើងសុទ្ធតែដឹងហើយថា យើងត្រូវតែអធិស្ឋាន។ យើងដឹងហើយថា ព្រះជាម្ចាស់បានត្រាស់ហៅឲ្យយើងអធិស្ឋាន។ យើងដឹងទៀតថា ការដែលយើងមិនចំណាយពេលអធិស្ឋានគឺជាមុខសញ្ញាដែលថា យើងមិនខ្វល់ពីការដែលយើងត្រូវការព្រះអង្គ ហើយក៏ថាយើងស្កប់ចិត្តក្នុងការរស់នៅដោយពឹងលើកម្លាំងខ្លួនឯង។ ប៉ុន្តែ តើត្រូវឲ្យយើងធ្វើដូចម្ដេចទៅ ដើម្បីឲ្យយើងអាចចំណាយពេលក្នុងការអធិស្ឋានជាប្រចាំថ្ងៃបានទៅណ៎?
ក្នុងនាមជាបុគ្គលដែលបានតយុទ្ធនឹងការមិនអធិស្ឋានឲ្យទៀងទាត់ជារៀងរាល់ថ្ងៃ សូមអនុញ្ញាតឲ្យយើងខ្ញុំលើកឡើងនូវមធ្យោបាយ៣យ៉ាងដែលបានជួយយើងខ្ញុំផ្ទាល់ក្នុងការនៅបន្តអធិស្ឋាន៖
១. ចូរសរសេរនូវសេចក្ដីអធិស្ឋានរបស់លោកអ្នកក្នុងសៀវភៅកំណត់ហេតុ
យើងខ្ញុំបានធ្វើបែបនេះអស់រយៈពេលប្រមាណជាង២០ឆ្នាំទៅហើយ។ យើងខ្ញុំតែងតែសរសេររៀបរាប់អំពីអ្វីៗដែលបានកើតឡើងជាប្រចាំថ្ងៃ ដោយលើកទូលសូមទៅកាន់ព្រះអង្គដែលមើលខុសត្រូវលើជីវិតរបស់យើងខ្ញុំ។ ជាដំបូង ការសរសេរចុះនូវអ្វីៗដែលបានកើតឡើងគឺយើងខ្ញុំមិនបានផ្ដោតបែបជាការអធិស្ឋាននោះទេ ប៉ុន្តែជាការកត់ចុះនូវអ្វីៗដែលបានកើតឡើង។ ហើយមិនយូរមិនឆាប់ ការកត់ចុះបែបនោះបាននាំឲ្យយើងខ្ញុំរៀបរាប់តបទៅកាន់ព្រះអម្ចាស់នូវព្រឹត្តិការណ៍ប្រចាំថ្ងៃបែបជាការអធិស្ឋានវិញ។ យើងខ្ញុំខានបានអធិស្ឋានបែបសរសេរចុះជាកំណត់ហេតុជាយូរឆ្នាំហើយ ប៉ុន្តែកាលចូលកងវគ្គសិក្សាឆ្នាំមុននេះ យើងខ្ញុំក៏ចាប់ផ្ដើមសរសេរវិញម្ដងទៀត។
មកដល់សព្វថ្ងៃនេះ សៀវភៅកំណត់ហេតុអធិស្ឋានរបស់យើងខ្ញុំមានលក្ខណៈបែបជាសេចក្ដីអធិស្ឋាន និងជាការដែលយើងខ្ញុំរៀបរាប់ពីអ្វីៗដែលបានកើតឡើងផងដេរ។ ជាទូទៅ នៅពេលព្រឹក (មិនថាជារៀងរាល់ថ្ងៃ ឬក៏រំលងមួយថ្ងៃម្ដងៗ) គឺយើងខ្ញុំតែងតែចំណាយពេល១៥ទៅ២០នាទីក្នុងការសរសេរចុះនូវពាក្យពេចន៍សរសើរតម្កើងព្រះអម្ចាស់ លន់តួបាប និងភាពអាម៉ាស់ ទូលសូមនូវការដឹកនាំ និងជំនួយទាក់ទងនឹងអ្វីៗដែលយើងខ្ញុំកំពុងប្រឈមមុខ ឬក៏រៀបរាប់អំពីចំណុចល្អៗ និងមិនល្អមួយចំនួនដែលបានកើតឡើងពីថ្ងៃមុន និងអធិស្ឋានសម្រាប់អស់អ្នកដែលព្រះជាម្ចាស់ដាក់ក្នុងដួងចិត្តយើងខ្ញុំឲ្យអធិស្ឋាន ដែលមានដូចជាអ្នកនៅព្រះវិហារ នៅកន្លែងធ្វើការ និងសមាជិកនៅក្នុងគ្រួសារយើងខ្ញុំ។ ការដែលយើងខ្ញុំសរសេរសំបុត្រទៅកាន់ព្រះជាម្ចាស់ជាប្រចាំថ្ងៃគឺជារបៀបមួយនៃ «ការដែលយើងខ្ញុំចូលទៅកាន់ព្រះវត្តមានរបស់ព្រះអង្គ» ដែលការធ្វើបែបនោះបង្ហាញយ៉ាងច្បាស់ថា យើងខ្ញុំជាបុរសម្នាក់ដែលត្រូវការព្រះគុណរបស់ព្រះជាម្ចាស់ ជាបុរសម្នាក់ដែលរៀបរាប់អំពីអ្វីដែលយើងខ្ញុំធ្វើទៅកាន់ទ្រង់ក្នុងជីវិតរស់នៅ។
២. ចូរប្រើប្រាស់ព្រះបន្ទូលក្នុងការអធិស្ឋានរបស់លោកអ្នកសម្រាប់គ្រួសារខ្លួន
មានពេលខ្លះ មានមនុស្សមួយចំនួនអន់ចិត្តនឹងខ្លួនឯង ព្រោះពួកគាត់អធិស្ឋានដោយប្រើប្រាស់ពាក្យពេចន៍ដដែលៗនៅពេលដែលពួកគាត់អធិស្ឋានសម្រាប់គ្រួសាររបស់ខ្លួន។ តើយើងខ្ញុំមានការលើកទឹកចិត្តបែបណាទាក់ទងនឹងការអន់ចិត្តបែបនោះ? ចម្លើយគឺ៖ ចូរឈប់ព្យាយាមធ្វើអ្វីមួយដោយមិនបានគិតគូរជាមុនសិនចុះ។ ផ្ទុយពីនោះ ចូរពឹងផ្អែកលើលក្ខណៈនៃការអធិស្ឋានដដែលៗរបស់លោកអ្នក ប៉ុន្តែចូរឲ្យកាន់តែធ្វើការនោះឡើងជារបៀបដែលពឹងផ្អែកលើព្រះគម្ពីរវិញចុះ។
នេះជារបៀបដែលយើងខ្ញុំធ្វើ៖ ពីរបីខែម្ដងៗ យើងខ្ញុំតែងតែរៀបរៀងលើក្រដាសមួយសន្លឹកដោយញែកមួយកថាខណ្ឌសម្រាប់រាល់សមាជិកម្នាក់ៗនៃគ្រួសាររបស់យើងខ្ញុំ។ យើងខ្ញុំទូលសុំឲ្យព្រះអម្ចាស់ដាក់ក្នុងចិត្តយើងខ្ញុំអំពីតម្រូវការនានារបស់សមាជិកម្នាក់ៗនៃគ្រួសារខ្ញុំ ហើយបន្ទាប់មកយើងខ្ញុំបើកមើលអត្ថបទព្រះគម្ពីរដែលលើកឡើងអំពីតម្រូវការទាំងនោះ។ ហើយយើងខ្ញុំក៏រៀបរៀងខគម្ពីរទាំងនោះសារជាថ្មីឡើងវិញ ដើម្បីឲ្យខទាំងនោះក្លាយទៅជាមូលដ្ឋាននៃសេចក្ដីអធិស្ឋានរបស់យើងខ្ញុំសម្រាប់សមាជិកម្នាក់ៗនៃគ្រួសារខ្ញុំ។
មានលក្ខណសម្បត្តិមួយចំនួនពាក់ព័ន្ធនឹងយើងគ្រប់ៗគ្នា (សេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ សេចក្ដីបង្រៀននៅលើភ្នំ។ល។) ដូច្នេះ យើងអាចយកលំនាំនៃសេចក្ដីអធិស្ឋានបែបនោះមកប្រើប្រាស់សម្រាប់គ្រួសាររបស់យើងបាន។ ប៉ុន្តែ ទំនងជាមានសមាជិកមួយចំនួនក្នុងគ្រួសារយើងត្រូវការសេចក្ដីអធិស្ឋានជាក់លាក់ខ្លះៗទាក់ទងនិងផ្នែកមួយចំនួននៃសេចក្តីបរិសុទ្ធ។ ទំនងជាមានសមាជិកណាម្នាក់កំពុងតែតយុទ្ធនឹងកំហឹង ឬក៏គំនុំនោះ។ ទំនងជាមានអ្នកខ្លះកំពុងតែឆ្លងកាត់ការកាន់ទុក្ខយ៉ាងលំបាកលំបិន។ ទំនងជាកូនៗជំទង់របស់លោកអ្នកត្រូវការឲ្យលោកអ្នកការពារពួកគាត់ពីការមានអារម្មណ៍ស្រើបស្រាល និងសេចក្ដីប៉ងប្រាថ្នាដែលចង់ប្រព្រឹត្តអំពើបាប។ ទំនងលោកអ្នកកំពុងបារម្ភអំពីកូនស្រីរបស់ខ្លួន ដោយចង់ឃើញនាងចេះបើកចំហ និងទទួលព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់នាង។ ចូរស្វែងរកខគម្ពីរដែលនិយាយអំពីតម្រូវការទាំងនោះ ហើយបន្ទាប់មកចូរសរសេរចុះនូវសេចក្ដីអធិស្ឋានឲ្យចំៗសម្រាប់សមាជិកម្នាក់ៗក្នុងគ្រួសាររបស់លោកអ្នកដោយពឹងផ្អែកលើព្រះបន្ទូលទាំងនោះ។
បន្ទាប់មក ចូរចំណាយពេលជារៀងរាល់ព្រឹកក្នុងការអធិស្ឋានរបស់លោកអ្នក (ឬក៏ចល័តថ្ងៃក្នុងចន្លោះអាទិត្យតាមដែលលោកអ្នកអាចធ្វើទៅបាន) ដោយអានសេចក្ដីអធិស្ឋានដែលលោកអ្នកបានសរសេរចុះនោះ ដែលមានពេញទៅដោយខគម្ពីរ។ ក្នុងរបៀបនេះ លោកអ្នកកំពុងតែអធិស្ឋានព្រះបន្ទូលសម្រាប់គ្រួសាររបស់ខ្លួនហើយ ដោយទូលសុំឲ្យព្រះជាម្ចាស់ច្នៃយើងឲ្យក្លាយដូចជារូបព្រះអង្គ។ ការធ្វើបែបនេះបានជួយឲ្យយើងខ្ញុំចេះបន្តនៅអធិស្ឋានឲ្យបានជាប់លាប់សម្រាប់អស់អ្នកដែលស្និទ្ធស្នាលនឹងយើងខ្ញុំ។
៣. ចូរយកកណ្ឌគម្ពីរទំនុកតម្កើងមកអធិស្ឋាន
ព្រះជាម្ចាស់បានតែងកណ្ឌគម្ពីរទំនុកតម្កើងឡើងក្នុងលក្ខណៈបែបជាសៀវភៅអធិស្ឋានសម្រាប់ក្រុមជំនុំ។ ព្រះយេស៊ូវបានប្រើប្រាស់កណ្ឌគម្ពីរនោះបែបជាសៀវភៅបទចម្រៀងតម្កើង។
ប្រសិនបើលោកអ្នកមានការពិបាកក្នុងការអធិស្ឋានឲ្យបានជាប់លាប់ សូមបើកកណ្ឌគម្ពីរទំនុកតម្កើង ហើយចាប់ផ្ដើមទូលឲ្យឮៗបែបជាសេចក្ដីអធិស្ឋានទៅកាន់ព្រះជាម្ចាស់ចុះ។ ចូរអនុញ្ញាតឲ្យចង្វាក់នៃពាក្យពេចន៍ អារម្មណ៍ និងសេចក្តីពិតនៃទេវវិទ្យាដែលអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងមានចែងទុក ឲ្យក្លាយទៅជាការទូលសូមនៅក្នុងចិត្តរបស់លោកអ្នកចុះ។ ចូរស្វែងរកទំនុកដែលគេបានយកធ្វើជាបទចម្រៀង ហើយចាក់ស្ដាប់នៅក្នុងទូរស័ព្ទរបស់លោកអ្នក។ ចូរបន្តការអានទំនុកតម្កើងរហូតដល់លោកអ្នកស្គាល់ និងស្រឡាញ់ទំនុកទាំងនោះ ហើយមិនយូរមិនឆាប់ចម្រៀងទាំងនោះនឹងក្លាយទៅជាការអធិស្ឋានក្នុងដួងចិត្តរបស់លោកអ្នកជាមិនខានឡើយ។ បើលោកអ្នកបារម្ភដោយមិនដឹងថាគួរទូលឡើងបែបណាពេលអធិស្ឋាន នោះសូមបែរទៅរកកណ្ឌគម្ពីរទំនុកតម្កើង ហើយអនុញ្ញាតឲ្យកណ្ឌគម្ពីរទាំងនោះបង្វែរចិត្តរបស់លោកអ្នកឲ្យមានពាក្យពេចន៍ត្រឹមត្រូវចុះ។
ចុះចំពោះលោកអ្នកវិញ? តើលោកអ្នកមានរបៀបណាខ្លះដែលលោកអ្នកបានរកឃើញថាជាគុណប្រយោជន៍ក្នុងការជួយឲ្យលោកអ្នកនៅបន្តអធិស្ឋានថែមទៀត?
មតិយោបល់
Loading…