in

​មើល​ទូរស័ព្ទ​​ពេល​ព្រឹក

Six Wrong Reasons to Check Your Phone in the Morning

មូល​ហេតុ​ដ៏​ខុស​ឆ្គង​៦​យ៉ាង​ក្នុង​ការ​មើល​ទូរស័ព្ទ​របស់​លោក​អ្នក​នៅ​ពេល​ព្រឹក
(និង​របៀប​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ពុះ​ពារ​ទៅ​មុខ)

ព្វ​ថ្ងៃ​នេះ យើង​ដាក់​ទូរស័ព្ទ​តាម​ខ្លួន​ទៅ​ទី​កន្លែង​ណា​ដែល​យើង​ទៅ—ដែល​ជា​ទូ​ទៅ​គឺ​គ្រប់​ទី​កន្លែង។ ចំពោះ​អ្នក​ខ្លះ​ការ​នេះ​មាន​ន័យ​ថា យើង​ថែម​ទាំង​គេង​ជា​មួយ​ទូរស័ព្ទ​របស់​ខ្លួន​ទៀត​ផង។ នៅ​ក្នុង​បន្ទប់​គេង ទូរស័ព្ទ​របស់​យើង​គឺ​ជា​អ្វី​មួយ​ដែល​ដាស់​យើង វាស់​វែង​ពី​របៀប​គេង​របស់​យើង ហើយ​អ្នក​ដទៃ​ក៏​អាច​ទាក់​ទង​មក​យើង​បាន​ក្នុង​ករណី​ដែល​មាន​គ្រា​អាសន្ន​ណា​មួយ។

អត្ថ​ប្រយោជន៍​ទាំង​នោះ​គឺ​ល្អ​ប្រសើរ​ណាស់។ ប៉ុន្តែ បញ្ហា​ក៏​កើត​មាន​ឡើង​នៅ​ពេល​ដែល​យើង​អាច​លូក​ដៃ​ទៅ​ទាញ​យក​ទូរស័ព្ទ​របស់​យើង​នៅ​ពេល​ណា​ក៏​បាន ហើយ​ឆែក​អ៊ីមែល និង​បណ្ដាញ​សង្គម​ផ្សេងៗ​ខណៈ​ពេល​ដែល​យើង​មិន​ទាន់​បាន​ភ្ញាក់​ពី​គេង​ស្រួល​បួល​នៅ​ឡើយ​ផង—មុន​ពេល​ដែល​​ភ្នែក​របស់​យើង​បាន​ស្វាង​ពី​គេង។

តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​មាន​តារាង​បទ​បង្ហាញ ដើម្បី​ឲ្យ​ដឹង​ថា​យើង​មាន​ការ​រហ័ស​រហូន​ណាស់​ក្នុង​ការ​មើល​ហ្វេសប៊ុក ហើយ​យឺត​នឹង​ការ​ចំណាយ​ពេល​ជាមួយ​ព្រះ​ជាម្ចាស់​ឡើយ។ ប្រសិន​បើ​លោកគ្រូ ចន ផាភ័រ និយាយ​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​ពេល​វេលា​បែប​ហ្នឹង​គឺ​ជា​បញ្ហា​មែន «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ការ​សេចក្ដី​សង្គ្រោះ​ជា​រៀង​រាល់​ព្រឹក។ ពេល​ខ្ញុំ​ភ្ញាក់​ពី​គេង អារក្ស​អង្គុយ​នៅ​ចំ​ពី​មុខ​ខ្ញុំ​តែ​ម្ដង។»

នោះ​ពិត​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន ទាក់​ទង​ទៅ​នឹង​របៀប​ដែល​យើង​និយាយ​អំពី​ផល​លំបាក​នៃ​ការ​រស់​នៅ​ជីវិត​បែប​ជា​គ្រីស្ទ​បរិស័ទ​ប្រចាំ​ថ្ងៃ។

យើង​អាច​និយាយ​បាន​មួយ​បែប​ទៀត​ថា អ្វី​ដែល​យើង​ផ្ដោត​ចិត្ត​លើ​មុន​គេ​នៅ​ពេល​ព្រឹក នោះ​នឹង​ក្លាយ​ជា​ទ្រង់​ទ្រាយ​ពេញ​មួយ​ថ្ងៃ​របស់​យើង។

តើ​ហេតុ​អ្វី​បាន​ជា​យើង​តក់​ក្រហល់​ម៉្លេះ​ក្នុង​ការ​ឆែក​អ៊ីមែល និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​នៅ​ពេល​ព្រឹក ហើយ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចំណាយ​ពេល​ជាក់​លាក់​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​ក្នុង​ការ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ការ​អធិស្ឋាន​ទៅ​វិញ? ហើយ​តើ​យើង​អាច​រក​វិធី​ណា​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ឈាន​ទៅ​មុខ​ក្នុង​ទំព័រ​នៃ​ព្រះ​បន្ទូល​បាន​ដែរ​ឬទេ?

យើង​ខ្ញុំ​បាន​សួរ​លោក​គ្រូ ចន ផាភ័រ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​សំណេរ​ដែល​សរសេរ​ចុះ​បែប​សង្ខេប​នូវ​ចម្លើយ​របស់​គាត់៖

យើង​ខ្ញុំ​បាន​សួរ​គាត់​ថា «តើ​ហេតុ​អ្វី​បាន​ជា​យើង​មាន​ការ​ងាយ​យ៉ាង​ខ្លាំង​ម៉្លេះ​ក្នុង​ការ​ចុច​ទូរស័ព្ទ​មុន​ពេល​ដែល​យើង​ធ្វើ​អ្វី​ផ្សេង​ទៀត មិន​ថា​អ្វី​ក៏​ដោយ?» ។ ចេញ​ពី​ការ​វិភាគ​លើ​ដួង​ចិត្ត​របស់​ខ្ញុំ​ផ្ទាល់ និង​សេចក្ដី​ល្បួង ខ្ញុំ​គិត​ឃើញ​មូលហេតុ​៦​យ៉ាង។

ចំពោះ​យើង​ខ្ញុំ មូល​ហេតុ​ទាំង​៦​យ៉ាង​នោះ​សុទ្ធ​តែ​មាន​ឫស​គល់​ក្នុង​អំពើ​បាប ជា​ជាង​ក្នុង​ចិត្ត​ប្រាថ្នា​ចង់​បម្រើ​អ្នក​ដទៃ និង​ការ​មាន​ចំណង​ចិត្ត​នឹង​ព្រះ​ជាម្ចាស់។ យើង​ខ្ញុំ​បាន​លើក​ឡើង​បែប​នោះ ព្រោះ​យើង​ខ្ញុំ​គិត​ថា មហា​បេសកកម្ម​ជួយ​រៀប​រៀង​របៀបវារៈ​សម្រាប់​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​របស់​យើង។

យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្រឡាញ់​ព្រះ​ជាម្ចាស់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក។ ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​ក្នុង​ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ដូច​ខ្លួន​ឯង​ផង​ដែរ (ម៉ាថាយ ២២:៣៧-៤០)។

កម្រ​មាន​ណាស់​ក្នុង​ចំណោម​យើង​ដែល​ភ្ញាក់​ឡើង ហើយ​ព្រលឹង​ទាំង​មូល​របស់​យើង​​ស្រឡាញ់​ព្រះ​ជាម្ចាស់ និង​អ្នក​ដទៃ​ទាំង​ស្រុង​នោះ។ ការ​ត្រៀម​ខ្លួន​តម្រូវ​ឲ្យ​មាន​ការ​ផ្ដោត​ជា​ថ្មី—បើ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់​ទៅ—គឺ​តាម​រយៈ​ព្រះ​បន្ទូល និង​ការ​អធិស្ឋាន។

ដូច្នេះ​ហើយ ខាង​ក្រោម​នេះ​គឺ​ជា​យោបល់​៦​យ៉ាង​របស់​យើង​ខ្ញុំ ទាក់​ទង​និង​មូល​ហេតុ​ដែល​មនុស្ស​ជា​ច្រើន​មាន​ការ​ទាក់​ទាញ​ស្ទើរ​តែ​ញៀន​នៅ​ក្នុង​ការ​ឆែក​មើល​ទូរស័ព្ទ​ដៃ​របស់​ខ្លួន នៅ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង។ ខ្ញុំ​ហៅ​យោបល់​៣​យ៉ាង​ដំបូង​ថា ចំណង​ចិត្ត​ក្ដៅៗ។ ខ្ញុំ​ហៅ​យោបល់​៣​យ៉ាង​ទី​ពីរ​ថា ចំណង​ចិត្ត​គេច​ចេញ

មូល​ហេតុ​ទី១៖ ចំណង់​ចិត្ត​ថ្មីៗ

ជា​ទូទៅ យើង​ម្នាក់ៗ​ចង់​ដឹង​ចង់​ឮ​នូវ​អ្វីៗ​ដែល​ថ្មី​នៅ​លើ​ភព​ផែនដី​យើង​នេះ ហើយ​នៅ​ក្នុង​ចំណោម​មិត្តភក្ដិ​របស់​យើង​ដូច​គ្នា។ តើ​មាន​​អ្វី​បាន​កើត​ឡើង​នៅ​ចុង​ក្រោយ​បង្អស់ ដែល​យើង​បាន​ឃើញ​លើ​ផែនដី​នេះ? ក្នុង​ចំណោម​យើង​ភាគ​ច្រើន យើង​ចូល​ចិត្ត​ធ្វើ​ជា​អ្នក​ដឹង​ហេតុ​ការណ៍​អ្វី​មួយ​មុន​គេ ដើម្បី​កុំ​ឲ្យ​យើង​ចាំ​បាច់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្ដាប់​អ្នក​ដទៃ ដោយ​ឲ្យ​គេ​ដែល​ឆ្លាត​ជាង​យើង ពូកែ​ជាង​យើង​មក​ប្រាប់​យើង​នូវ​អ្វី​ដែល​យើង​បាន​ដឹង​រួច​ទៅ​ហើយ​នោះ​ទេ។

ទំនង ដើម្បី​ឲ្យ​យើង​អាច​ឆក់​ឱកាស​ក្នុង​ការ​មាន​តួនាទី​ជា​អ្នក​ផ្ដល់​ព័ត៌មាន ជា​ជាង​ឲ្យ​យើង​ធ្វើ​ជា​អ្នក​មិន​តាម​ដាន​ព័ត៌មាន​ទាន់​ហេតុ​ការណ៍ ដែល​ការ​នោះ​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ត្រូវ​ទទួល​ព័ត៌មាន​ពី​អ្នក​ផ្សេង​ទៀត​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង ពី​ព្រោះ​បើ​ពួក​គេ​ពិតជា​ឆ្លាត​មែន នោះ​ពួក​គេ​នឹង​ចូល​ទៅ​មើល​បណ្ដាញ​សង្គម​​មុន​យើង​ហើយ។

មូល​ហេតុ​ទី២៖ ចំណង់​ចិត្ត​លើ​ខ្លួន​ឯង

តើ​មាន​គេ​បាន​និយាយ​អ្វី​ខ្លះ​អំពី​យើង​នៅ​វេលា​ចុង​ក្រោយ​គេ​ដែល​យើង​បាន​ឆែក​មើល? តើ​នរណា​ខ្លះ​បាន​កត់​សម្គាល់​មក​លើ​យើង? តើ​នរណា​ខ្លះ​បាន​ស៊ែរ status របស់​យើង? តើ​នរណា​ខ្លះ​បាន​សរសេរ​សំដៅ​មក​លើ​យើង ចុច like ឬ​ក៏​បាន​តាម​ដាន​ជីវិត​របស់​យើង​តាម​រយៈ​ខមិន (comment)? ដោយ​សារ​ការ​ធ្លាក់​ក្នុង​អំពើ​បាប នោះ​យើង​ក៏​មាន​ចំណង​ចិត្ត​ដោយ​គ្រប់​គ្រង់​ខ្លួន​ឯង​មិន​បាន ទាក់​ទង​នឹង​ការ​គិត​តែ​ពី​ខ្លួន​ឯង។ អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ភាគ​ច្រើន​គឺ​ខ្សោយ​ល្មម ត្រូវ​របួស​ល្មម ងាយ​ប្រេះ​ស្រាំ​ល្មម អត់​មាន​សុវត្ថិ​ភាព​ល្មម​រួច​ទៅ​ហើយ ដូច្នេះ​ហើយ​បើ​មាន​គេ​និយាយ​អំពី​យើង នោះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ វា​ហាក់​បី​ដូច​ជា​មាន​រណា​ម្នាក់​មក​ថើប​យើង​អញ្ចឹង។

មូល​ហេតុ​ទី៣៖ ចំណង់​ចិត្ត​កំសាន្ត​អារម្មណ៍

នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត​មាន​ការ​កំសាន្ត​ឥត​ឈប់​ឈរ​ដែល​មាន​ដូច​ជា៖ រឿង​ប្លែកៗ គួរ​ឲ្យ​ចាប់​អារម្មណ៍ អស្ចារ្យ ភ្ញាក់​ផ្អើល គួរ​ឲ្យ​ទាក់​ទាញ រូប​ភាព​ស្អាតៗ សម្រង់​សម្ដី​ល្អៗ វីដេអូ រឿង​ភាគ និង​កំណត់​បណ្ដាញ​តំណ​ឥត​ល្ហែ។ អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ភាគ​ច្រើន​ស្ទើរ​តែ​ញៀន​នឹង​តម្រូវ​ការ​នៃ​ការ​មើល​អ្វី​មួយ​ដែល​មើល​ទៅ​គួរ​ឲ្យ​ញាក់​សាច់ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ហើយ​ចម្លែក​មែន​ទែន។

ហេតុ​ដូច្នេះ មាន​ចំណង់​ចិត្ត​យ៉ាង​ហោច​ណាស់​បី​យ៉ាង ដែល​ធ្វើ​ការ​ក្នុង​យើង​នៅ​រាល់​ពេល​ព្រឹក ហើយ​បណ្ដាល​ឲ្យ​យើង​ចង់​បំពេញ​ការ​ញៀន​ទាំង​នោះ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​យើង។

ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​ចំណង់​ចិត្ត​គេច​ចេញ​បី​យ៉ាង​ផង​ដែរ។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ចំណង់​ចិត្ត​ទាំង​នោះ​គឺ​មិនមែន​ជា​សេចក្ដី​​ប៉ង​ប្រាថ្នា​បែប​វិជ្ជមាន​លើ​អ្វី​មួយ​ឡើយ ប៉ុន្តែ​ទាំង​នោះ​គឺ​ជា​អ្វី​ម៉្យាង​ដែល​យើង​គ្រាន់តែ​ចង់​គេច​ចេញ​ក្នុង​ជីវិត​យើង ដើម្បី​ឲ្យ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ជំនួស​វា។

មូល​ហេតុ​ទី៤៖ ចំណង់​ចិត្ត​គេច​ចេញ​ពី​ភាព​អផ្សុក

ពេល​យើង​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង មើល​ទៅ​ថ្ងៃ​ហ្នឹង​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ គ្មាន​អ្វី​គួរ​ឲ្យ​រំភើប​សប្បាយ​នឹង​កើត​ឡើង​ទាល់​តែ​សោះ ដែល​ការ​ទាំង​នោះ​មិន​ចង់​ឲ្យ​យើង​ក្រោក​ចេញ​ពី​គ្រែ។ អញ្ចឹង​ហើយ​បាន​ជា​យើង​ស្អប់​ភាព​ទទេ​សូន្យ​ឈឹង​ណាស់។ ប្រសិន​បើ​គ្មាន​អ្វី​សំខាន់ វិជ្ជមាន ឬ​ក៏​ក្ដី​សង្ឃឹម​នៅ​ពី​មុខ​យើង​ក្នុង​ការ​បំពេញ​នូវ​ចន្លោះ​ប្រហោង​នៃ​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​យើង នោះ​យើង​នឹង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ការ​គេចវេស ដើម្បី​​ឈាន​ចេញ​ពី​ភាព​អផ្សុក​ទាំង​នោះ។

មូល​ហេតុ​ទី៥៖ ចំណង់​ចិត្ត​គេច​ចេញ​ពី​ទំនួល​ខុស​ត្រូវ

យើង​ម្នាក់ៗ​សុទ្ធ​តែ​មាន​ទំនួល​ខុស​ត្រូវ ដែល​មាន​ដូច​ត​ទៅ​នេះ៖ ជា​ឪពុក ជា​ម្ដាយ ជា​ចៅហ្វាយ​នាយ ជា​បុគ្គលិក។ល។ ជា​រៀង​រាល់​ថ្ងៃ យើង​ប្រឈម​មុខ​នឹង​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន។ យើង​ជា​អ្នក​ទទួល​រ៉ាប់​រង​នូវ​ទំនួល​ខុស​ត្រូវ​ទាំង​នោះ។ យើង​ជា​អ្នក​ចាត់​ចែង​ទាក់​ទង​នឹង​កូន​ចៅ ផ្ទះ​សម្បែង យាន​ជំនិះ ការ​ចាយ​វាយ​ជា​ដើម និង​ទំនួល​ខុស​ត្រូវ​ជា​ច្រើន​ផ្សេងៗ​ទៀត​ផង​ដែរ។ ជីវិត​គឺ​ពោរ​ពេញ​ទៅ​ដោយ​ទំនួល​ខុសត្រូវ​ជា​ច្រើន ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា វា​ហួស​ហេតុ​ពេក​ហើយ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​យើង​បន្ត​ដេក​ដោយ​មាន​ភាព​ភ័យ​ខ្លាច—ទំនង​ថែម​ទាំង​អាក់​អន់​ស្រពន់​ចិត្ត​ទៀត​ផង—ទៅ​កាន់​អស់​អ្នក​ដែល​ដាក់​សម្ពាធ​ខ្លាំង​ពេក​មក​លើ​យើង។ ថ្ងៃ​នេះ​គ្មាន​អ្វី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង​ទេ អញ្ចឹង​ហើយ​បាន​ជា​យើង​ជ្រើស​រើស​ការ​គេច​ចេញ​ពី​ទំនួល​ខុស​ត្រូវ​ប្រាំ​ទៅ​ដប់​នាទី​ទៀត​សិន។ ហើយ​ទូរស័ព្ទ​ដៃ​យើង​ក៏​ជួយ​អូស​ក្រឡា​ពេល​វេលា​សម្រាប់​យើង​ដែរ។

មូល​ហេតុ​ទី៦ ៖ ចំណង់​ចិត្ត​គេច​ចេញ​ពី​ទុក្ខ​លំបាក

លោកអ្នក​ទំនង​ជា​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ជីវិត​ដែល​ថា អ្វី​ដែល​លោកអ្នក​ជួប​ប្រទះ​ពេល​ដែល​លោកអ្នក​ងើប​ពី​ដំណេក​គឺ​មិន​មែន​គ្រាន់តែ​មក​ពី​លោកអ្នក​អផ្សុក ឬ​ក៏​មិន​មែន​គ្រាន់​តែ​មិន​មាន​ទំនួល​ខុស​ត្រូវ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​មាន​ជម្លោះ​ដ៏​ធំ​ខាង​ឯ​​ទំនាក់​ទំនង ឬ​ក៏​បញ្ហា​ជំងឺ មាន​ជន​ពិការ​ក្នុង​ផ្ទះ មិត្តភក្ដិ​ដែល​ឈ្លោះ​ទាស់​ទែង​នឹង​លោកអ្នក ឬ​ក៏​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន​របស់​លោក​អ្នក​ផ្ទាល់ តាម​សន្លាក់​ដៃ​ជើង ហើយ​លោកអ្នក​ស្ទើរ​តែ​ងើប​ចេញ​ពី​គ្រែ​មិន​រួច ពី​ព្រោះ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ពេក​នៅ​ពេល​ព្រឹក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកអ្នក​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​បន្ត​សម្ងំ​នៅ​លើ​គ្រែ​បន្តិច​ទៀត​ទៅ។ ហើយ​ទូរស័ព្ទ​យើង វា​ជួយ​ឲ្យ​យើង​អាច​គេចវេស​បាន​បន្តិច​ទៀត។

ការ​គិត​អំពី​ផ្លូវ​ផ្ទុយ

សរុប​សេចក្ដី​ទៅ ទាំង​នោះ​គឺ​ជា​សេចក្ដី​សន្និដ្ឋាន​ប្រាំ​មួយ​យ៉ាង​របស់​យើង​ខ្ញុំ​អំពី​មូល​ហេតុ​ដែល​យើង​មួយ​ចំនួន​តែង​តែ​មាន​ចិត្ត​ញៀន​ក្នុង​ការ​មើល​ទូរស័ព្ទ​របស់​យើង​ពេល​យើង​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក៖ ចំណង​ចិត្ត​ក្ដៅៗ និង​ចំណង​ចិត្ត​គេច​ចេញ

ប៉ុន្តែ សូម​គិត​អំពី​ចំណុច​នេះ៖ ឧទាហរណ៍​ថា​លោក​អ្នក​បាន​បើក​ទូរស័ព្ទ​ខ្លួន​ភ្លាម​នៅ​ពេល​ព្រឹក ចុះ​បើ​លោក​អ្នក​ជា​បុគ្គល​ដំបូង​ក្នុង​ព័ត៌មាន​ដ៏​អាក្រក់ ចុះ​បើ​ក្នុង​ការ​ស្វែង​រក​ចំណង់​ចិត្ត​តម្កើង​ខ្លួន​ឯង លោក​អ្នក​បែរ​ជា​ត្រូវ​គេ​បន្ទាប​ចុះ ហើយ​មាន​គេ​ស្អប់​លោក​អ្នក​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​តែ​មួយ​យប់ តើ​លោក​អ្នក​គិត​យ៉ាង​ម៉េច​វិញ? ឬ​ក៏​ថា ចុះ​បើ​លោក​អ្នក​បាន​ចំណាយ​ពេល​ប្រាំ​នាទី​នៅពេល​ព្រឹក​ដោយ​កម្សាន្ត​ចិត្ត​ខ្លួន ជាជាង​ប្រឈម​មុខ​នឹង​ទំនួល​ខុស​ត្រូវ​ដែល​លោក​អ្នក​មាន​នៅ​ថ្ងៃ​នោះ ហើយ​លោក​អ្នក​ឃើញ​ថា បន្ទាប់​ពី​បាន​ចំណាយ​ពេល​ប្រាំ​នាទី​នោះ​មក គឺ​មាន​មនុស្ស​ម្នា​ជា​ច្រើន​នាក់​អូស​ទម្លាក់​លោក​អ្នក​ក្នុង​របៀប​ដ៏​កំប្លែងៗ មើល​ងាយ​មើល​ថោក អត់​ខួរ។ល។ តើ​លោក​អ្នក​នឹង​គិត​យ៉ាង​ដូច​ម្ដេច​ទៅ?

តើ​លោក​អ្នក​ពេញ​ចិត្ត​ដែរ​ឬ​ទេ?

ហើយ​ចុះ​បើ​លោក​អ្នក​បាន​ចំណាយ​ពេល​ប្រាំ​នាទី​ក្នុង​ការ​គេច​ចេញ​ពី​ភាព​អផ្សុក ទំនួល​ខុស​ត្រូវ និង​ភាព​លំបាក​នៅ​ថ្ងៃ​នោះ​ដោយ​គ្រាន់​តែ​យល់​ឃើញ​ថា ចេញ​ពី​ការ​ចំណាយ​ពេល​ប្រាំ​នាទី​នៃ​ការ​គេច​ចេញ​នោះ លោក​អ្នក​ក៏​កាន់​តែ​មិនអាច​ប្រឈម​មុខនឹង​ធាតុ​ពិត​នៃ​ថ្ងៃ​នោះ​ខាង​ឯ​ព្រលឹង​វិញ្ញាណ សីលធម៌ និង​អារម្មណ៍ តើ​លោក​អ្នក​និង​ធ្វើ​យ៉ាង​ម៉េច​វិញ?

តើ​លោក​អ្នក​ពេញ​ចិត្ត​ឬ​ទេ?

អ្វី​ដែល​យើង​ចង់​ឲ្យ​កើត​មាន​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ពេល​ព្រឹក​នោះ​គឺ មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ យើង​ចង់​បាន​នូវ​អ្វី​ដែល​នឹង​ប្រទាន​ភាព​ឆេះ​ឆួល​សម្រាប់​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ​នៅ​ថ្ងៃ​ហ្នឹង។ យើង​ចង់​ទទួល​បាន​កម្លាំង​ក្នុង​ការ​ប្រឈម​មុខ​នឹង​អ្វី​ដែល​ថ្ងៃ​នោះ​មាន​សម្រាប់​យើង។ យើង​ចង់​បាន​នូវ​អ្វី​ដែល​ផ្ដល់​អំណរ​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​ក្នុង​ការ​មាន​ចិត្ត​ព្យាយាម​រាប់​អ្នក​ដទៃ​ថា​ល្អ​ជាង​ខ្លួន ហើយ​សង្វាត​ដេញ​តាម​ភាព​ពិត​ដ៏​អស្ចារ្យ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ការ​នោះ​កើត​ឡើង​តាម​រយៈ​ការ​ដែល​យើង​ធ្វើ​ជា​អ្នក​បម្រើ​មនុស្ស​ទាំង​អស់ (ម៉ាថាយ ២០:២៦-២៨)។ នោះ​ឯង​គឺ​ជា​សេចក្ដី​ប្រាថ្នា​ដ៏​ពិត​របស់​យើង​នៅ​ពេល​ព្រឹក។

យើង​ត្រូវ​ការ​ពេល​វេលា​ពេល​ព្រឹក​របស់​យើង

ក្នុង​ចំណោម​យើង​គឺ​មាន​គ្នា​តិច​ណាស់​ដែល​ងើប​ឡើង​ដោយ​មាន​កម្លាំង​ក្នុង​ការ​ធ្វើ​នូវ​រាល់​ចំណុច​ល្អៗ​ទាំង​អស់​នោះ។ ដូច្នេះ យើង​ខ្ញុំ​គិត​ថា ផ្លូវ​ថ្មី​សម្រាប់​ពេល​ព្រឹក​គឺ​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង។

«ឱ​ព្រះ​យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូល​បង្គំ គឺ​នៅ​ពេល​ព្រឹក ទូល​បង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង» (ទំនុក​តម្កើង ៥:៣)។

ពេល​ដែល​លោក​អ្នក​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​នៅ​ដេក​លើ​ខ្នើយ​នៅ​ឡើយ សូម​ឲ្យ​អ្វី​ដែល​លោក​អ្នក​និយាយ​ចេញ​ពី​មាត់​មុន​គេ​បង្អស់​គឺ​ជា​ការ​ស្រែក​យំ​ទៅ​កាន់​ព្រះ​ជាម្ចាស់៖ «ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ។ ទូល​បង្គំ​ត្រូវ​ការ​ព្រះ​អង្គ។ សូម​ជួយ​ទូល​បង្គំ!»។ នោះ​គឺ​ជា​សម្រែក​ដំបូង​ចេញ​ពី​បបូរ​មាត់​របស់​យើង​ខ្ញុំ​នៅ​ពេល​ព្រឹក។ «ថ្ងៃ​នេះ ទូល​បង្គំ​ត្រូវ​ការ​ទ្រង់​ជា​ថ្មី​ម្ដង​ទៀត!»។ បន្ទាប់​មក ចូរ​ត្រៀម​ការ​លះ​បង់ និង​ការ​រង់ចាំ។ ហើយ​យើង​ខ្ញុំ​គិត​ថា រូប​កាយ​យើង​ខ្ញុំ​គឺ​ជា​ការ​លះ​បង់​នោះ ហើយ​យើង​ខ្ញុំ​ថ្វាយ​ចំណាប់​អារម្មណ៍​របស់​យើង​ខ្ញុំ​ទៅ​កាន់​ព្រះ​អង្គ​ទាំង​ស្រុង។

តើ​យើង​ខ្ញុំ​រង់ចាំ​ឲ្យ​ព្រះ​អង្គ​យាង​មក ដើម្បី​ឲ្យ​ធ្វើ​អ្វី? យើង​ខ្ញុំ​កំពុង​រង​ចាំ​អ្វី?

«សូម​ឲ្យ​ទូល​បង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូល​បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូល​បង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់» (ទំនុក​តម្កើង ១៤៣:៨)។

យើង​ខ្ញុំ​រង់​ចាំ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​យើង​ខ្ញុំ​ធ្វើ​បែប​នោះ​តាម​រយៈ​ការ​មើល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។

«ឱ! សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក​រាយ​ឡើង ហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត» (ទំនុក​តម្កើង ៩០:១៤)។

យើង​រង់ចាំ​ក្នុង​ព្រះ​បន្ទូល​ដែល​ព្រះ​អង្គ​បាន​បណ្ដាល​ឲ្យ​តែង​ក្នុង​ការ​ដែល​ទ្រង់​បើក​សម្ដែង​សេចក្ដី​សប្បុរស​របស់​ទ្រង់ និង​ការ​ដឹក​នាំ​សម្រាប់​ជីវិត​របស់​យើង ដោយ​រួម​មាន​ទាំង​ការ​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​ស្កប់​ចិត្ត ព្រោះ​ព្រះ​អង្គ​ល្អ ហើយ​ទ្រង់​មើល​ថែ​យើង។

«ទូល​បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក ដើម្បី​រំពឹង​គិត​ពី​ព្រះ​បន្ទូល​ទ្រង់» (ទំនុក​តម្កើង ១១៩:១៤៨)។

«ឱ! ព្រះ​អង្គ​អើយ! ព្រះ​តម្រិះ​របស់​ទ្រង់​មាន​តម្លៃ​វិសេស​ដល់​ទូល​បង្គំ​ណាស់​ហ្ន៎ ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង។ បើ​សិន​ជា​ទូល​បង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល​បង្គំ​ភ្ញាក់​ឡើង នោះ​ទូល​បង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ» (ទំនុក​តម្កើង ១៣៩:១៧-១៨)។

មុន​លោក​អ្នក​ចូល​គេង​យប់​នេះ សូម​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន និង​សូម​រៀប​ចំ​ផែនការ​មួយ​ចំនួន​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ចំណង់​ចិត្ត​ញៀន និង​ទម្លាប់​នៃ​ការ​គេច​ចេញ ដែល​ការ​ទាំង​នោះ​បាន ក៏​ដូច​ជា​កំពុង​បំផ្លាញ​នូវ​កម្លាំង​ដែល​លោក​អ្នក​អាច​នឹង​មាន​នៅ​ពេល​ព្រឹក។

និពន្ធ​ដោយ៖ លោក​គ្រូ Tony Reinke
បក​ប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឈាង បូរ៉ា, ខែម បូឡុង និង​កញ្ញា សួន សុជាតា
ដក​ស្រង់​ខ្លះៗ​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កុំ​ឲ្យ​បន្ថែម​បញ្ចូល​ក្នុង​ព្រះបន្ទូល

មិន​បោះបង់​កូនៗ​របស់​ទ្រង់