in ,

ក្រុម​ខុសឆ្គង៖ អាន សាង ហុង

The Cult: Ahn Sahng-Hong

សេចក្ដី​បង្រៀន​ខុសឆ្គង​ថ្មី​មួយ​បាន​ចូល​មក​ប្រទេស​កម្ពុជា​យើង​ហើយ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ។ ក្រុម​ខុសឆ្គង​មួយ​នេះ​មាន​ឈ្មោះ​ថា «សមាគម​ផ្សព្វផ្សាយ​ពិភពលោក ពួក​ជំនុំ​នៃ​ព្រះ» ដែល​ថ្វាយបង្គំ «ព្រះគ្រីស្ទ» មួយ ដែល​គេ​ហៅ​ឈ្មោះ​ថា​លោក «អាន សាង ហុង» (Ahn Sahng-Hong និង​ស្ត្រី​កូរ៉េ​ម្នាក់ ដែល​មាន​ឈ្មោះ​ថា​លោកស្រី Zahng Gil-jah (ហ្សាង ហ្គិល-ចា) ដែល​បាន​អះអាង​ថា​ខ្លួន​គឺ​ជា «ព្រះម៉ែ ឬ​ព្រះមាតា» (God the Mother)។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រូ​ខុសឆ្គង​នេះ​ចូល​ក្នុង​ផ្ទះ ឬ​ក្រុមជំនុំ​យើង​នោះ​ឡើយ ពីព្រោះ​ពួកគេ​យក​អារក្ស​សាតាំង​ជា​អ្នក​ដឹកនាំ។

១. ដើម្បី​បាន​សង្គ្រោះ តើ​ខ្ញុំ​ត្រូវ​រក្សា​គ្រប់​ទាំង​ច្បាប់​នៃ​គម្ពីរ​សញ្ញាចាស់​មែន​ឬ?

តើ​អ្វី​ជា​សេចក្ដី​បង្រៀន​ខុសឆ្គង​ដំបូង​ដែល​ក្រុមជំនុំ​នៅ​សម័យ​កណ្ឌគម្ពីរ​កិច្ចការ​បាន​ប្រឆាំង​ជំទាស់? គឺ​មាន​គ្រូ​ខុសឆ្គង​ខ្លះ​ចាប់​ផ្ដើម​និយាយ​ថា ជំនឿ​លើ​ព្រះ​គ្រីស្ទ​ល្អ​ដែរ តែ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ប្រសិន​បើ​គ្រីស្ទបរិស័ទ​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់​ទទួល​យក​ពួកគេ នោះ​ពួកគេ​ត្រូវតែ​កាន់​តាម​ច្បាប់​ទាំង​ឡាយ​នៅ​ព្រះគម្ពីរ​សញ្ញាចាស់​ផង​ដែរ។

ឧទាហរណ៍៖ គ្រូ​ខុសឆ្គង​ខ្លះ​នៅ​ក្រុមជំនុំ​កាឡាទី​បាន​និយាយ​ថា ដើម្បី​បាន​សង្គ្រោះ សាសន៍​ដទៃ​មិនមែន​គ្រាន់តែ​ត្រូវ​ជឿ​លើ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​តែ​ទទួល​ការ​កាត់​ស្បែក​ផង​ដែរ។

សាវ័ក ប៉ុល បាន​ដាក់​បណ្ដាសា​ពីរ​ដង​លើ​គ្រូ​ក្លែងក្លាយ​ទាំង​នេះ ដែល​បាន​បន្ថែម​តម្រូវការ​ផ្សេងៗ​ទៀត​ទៅ​ចូល​ទៅ​ក្នុង​ជំនឿ​លើ​ព្រះគ្រីស្ទ។ សូម​អាន​កណ្ឌគម្ពីរ កាឡាទី ១:៦-៩ «ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ​គុណ​នៃ​ព្រះ​គ្រីស្ទ ជា​ឆាប់​ម្ល៉េះ នឹង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ​គ្រីស្ទ​ផង ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវ​តា​ពី​ស្ថាន​សួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់​មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ»។

ដូច​គ្នា​នេះ​ដែរ ក្រុម អាន សាង ហុង ក៏​បាន​អះអាង​ថា ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ មនុស្ស​ត្រូវ​តែ​កាន់​តាម​ច្បាប់​ទាំង​ឡាយ​នៅ​គម្ពីរ​សញ្ញា​ចាស់​ដូច​ជា ក្រឹត្យវិន័យ​អំពី​ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ផ្សេងៗ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ពិត​ណាស់! ក្រុម អាន សាង ហុង គឺ​ជា​អ្នក​ទទួល​បណ្ដាសា​របស់​សាវ័ក ប៉ុល ដែល​មាន​ចែង​នៅ​កណ្ឌគម្ពីរ កាឡាទី ១:៦-៩។ ប្រសិន​បើ​លោកអ្នក​ជឿ​តាម​ក្រុម លោក អាន សាង ហុង នោះ​លោកអ្នក​ក៏​នឹង​ត្រូវ​ទទួល​បណ្ដាសា​ពី​ព្រះជាម្ចាស់​ជា​ប្រាកដ​ដែរ​ហើយ។

២. តើ​ការ​ថ្វាយ​បង្គំ​ថ្ងៃ​សៅរ៍​ជា​ការ​សំខាន់ ឬ​ក៏​វា​គ្រាន់​តែ​ជា​ស្រមោល?

ក្រុម​ខុសឆ្គង អាន សាង ហុង បាន​ជជែក​រាល់​ពេល​ថា មនុស្ស​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃ​សៅរ៍ ហើយ​ថា ការ​ជ្រើសរើស​យក​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ឈប់សម្រាក​គឺ​ជា​អំពើបាប​ហើយ។

សូម្បីតែ​នៅ​សម័យ​សាវ័ក ប៉ុល ក៏​មាន​ក្រុម​ពួក​គ្រូ​ខុសឆ្គង​ដែរ ពួកគេ​ចង់​បង្ខំ​ឲ្យ​ពួក​សាសន៍​ដទៃ​ធ្វើ​តាម​ច្បាប់​ទាំង​ឡាយ​របស់​សាសន៍​យូដា ពោលគឺ​ច្បាប់​អំពី​ម្ហូបអាហារ និង​ថ្ងៃ​ឈប់​សម្រាក។ សាវ័ក ប៉ុល បាន​ប្រាប់​ពួកជំនុំ​នៅ​ក្រុង​កូឡូស​ថា​ពួកគាត់​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ពួក​គ្រូ​ក្លែងក្លាយ​ទាំង​នេះ​វិនិច្ឆ័យ​ទោស​ពួកគេ ទាក់ទង​នឹង​ម្ហូបអាហារ ថ្ងៃ​បុណ្យ​ផ្សេងៗ និង​ថ្ងៃ​ឈប់​សម្រាក​នោះ​ឡើយ។

សូម​អាន​កណ្ឌគម្ពីរ កូឡូស ២:១៦-១៧ «ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក​ឡើយ សេចក្ដី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ​គ្រីស្ទ»។ សាវ័ក ប៉ុល បាន​លើកឡើង​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ថា ច្បាប់​ទាំង​អស់​នៅ​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​ម្ហូបអាហារ ថ្ងៃ​បុណ្យ​ផ្សេងៗ និង​ថ្ងៃ​ឈប់​សម្រាក គឺ​ប្រៀប​ដូច​ជា​ស្រមោល​អំពី​ព្រះយេស៊ូវគ្រីស្ទ​អញ្ចឹង។ តើ​មួយ​ណា​សំខាន់៖ ព្រះយេស៊ូវ ឬក៏​ស្រមោល​របស់​ទ្រង់? ប្រសិន​បើ​ប្រពន្ធ​របស់​លោកអ្នក​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ពី​ការ​ធ្វើ​ដំណើរ​យ៉ាង​យូរ ហើយ​បើ​លោកអ្នក​ស្ទុះ​ទៅ​ឱប​ថើប​ស្រមោល​របស់​នាង ដោយ​មិន​ឱប​ថើប​នាង​នោះ​ទេ តើ​នាង​នឹង​គិត​ដូច​ម្ដេច​ទៅ?

ការ​ថើប​ស្រមោល​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ការ​ដែល​ពួក​គ្រូ​ខុសឆ្គង​នៅ​ក្រុមជំនុំ​កូឡូស​បាន​ធ្វើ។ ពួកគេ​បាន​សង្កត់​ធ្ងន់​លើ​ព្រះគម្ពីរ​សញ្ញា​ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃបុណ្យ និង​ម្ហូបអាហារ ប៉ុន្តែ​ពួកគេ​មិន​បាន​សង្កត់​ធ្ងន់​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ។ តាម​ពិត​ទៅ​ពួកគេ​បាន​និយាយ​អំពី​ពួក​ទេវតា​ផ្សេងៗ​ច្រើន​ជាង​អំពី​ព្រះ​គ្រីស្ទ​ទៅ​ទៀត។ «កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ​បង្គំ​ពួក​ទេវ​តា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ គេ​មិន​កាន់​ជាប់​តាម​សិរ​សា​ទេ ដែល​ដោយ​សារ​សិរ​សា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កម្លាំង ហើយ​ជាប់​គ្នា ដោយ​សារ​សន្លាក់ នឹង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចម្រើន​ឡើង ដោយ​សេចក្ដី​ចម្រើន​របស់​ព្រះ» (កូឡូស ២:១៨-១៩)។

ដូច​គ្នា​នឹង​ក្រុម​ខុសឆ្គង​ដែល​ហៅ​ថា «សមាគម​ផ្សព្វផ្សាយ​ពិភពលោក ពួក​ជំនុំ​នៃ​ព្រះ» ដែល​មក​ពី​កូរ៉េ​ដែរ។ នៅ​ពេល​ពួកគេ​មក​ផ្ទះ​របស់​អ្នក នោះ​ពួកគេ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ដើម្បី​ព្យាយាម ធ្វើ​ឲ្យ​អ្នក​ជឿ​ថា ព្រះ​ជាម្ចាស់​ទទួល​តែ​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​សៅរ៍​ប៉ុណ្ណោះ។ ប៉ុន្តែ មនុស្ស​ដដែលៗ​នេះ ក៏​អះអាង​ថា ព្រះ​គ្រីស្ទ​នៅ​សម័យ​នេះ គឺ​ជា​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​លោក អាន សាង ហុង ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​ឆ្នាំ ១៩៨៥ ហើយ​មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ! ពួកគេ​ក៏​ថែម​ទាំង​និយាយ​ថា ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​លោកស្រី ហ្សាង ហ្គិល-ចា គឺ​ជា​ព្រះម៉ែ ឬ​ព្រះមាតា ហើយ​លោកអ្នក​ក៏​ត្រូវ​តែ​ថ្វាយ​បង្គំ​គាត់ ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ។

ប្រសិន​បើ​មាន​គ្រូ​ម្នាក់​ទៅ​ផ្ទះ​លោកអ្នក ហើយ​ប្រាប់​លោកអ្នក​ថា មាន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​គាត់​គឺ​ជា​ព្រះ​គ្រីស្ទ ហើយ​មាន​ស្ត្រី​ម្នាក់​គឺ​ជា​ព្រះ តើ​លោកអ្នក​គួរ​ទទួល​ការ​បង្រៀន​របស់​គាត់​ដែរ​ឬ​ទេ? ប្រសិន​បើ​គ្រូ​ម្នាក់​បង្រៀន​ខុស​នឹង​សេចក្ដី​សំខាន់​បំផុត ( គឺ​អំពី​អ្នក​ណា​ជា​ព្រះ​គ្រីស្ទ) តើ​យើង​គួរ​ទុក​ចិត្ត​សេចក្ដី​បង្រៀន​ផ្សេងៗ​ទៀត​របស់​គាត់​បាន​ដែរ​ឬ​ទេ? ទេ! មិន​គួរ​ទុក​ចិត្ត​ឡើយ។

៣. តើ​យើង​គួរ​ជឿ​ថា ព្រះ​គ្រីស្ទ​គឺជា​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​ឈ្មោះ​លោក អាន សាង ហុង ដែរ​ឬ​ទេ?

នៅ​ពេល​ព្រះ​យេស៊ូវ​ព្រមាន​យើង​នៅ​ក្នុង​កណ្ឌគម្ពីរ​ម៉ាថាយ​ជំពូក២៤ ទាក់ទង​នឹង​ការ​លំបាក​នៅ​គ្រា​ចុង​ក្រោយ ទ្រង់​មិន​ដែល​មាន​បន្ទូល​អំពី​ម្ហូបអាហារ និង ថ្ងៃ​ឈប់​សម្រាក​នោះ​ឡើយ។ ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត ទ្រង់​បាន​ប្រាប់​ឲ្យ​យើង​ប្រយ័ត្ន​ចំពោះ​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​គ្រូ​ក្លែងក្លាយ។ ទ្រង់​បាន​មាន​បន្ទូល​ថា​នឹង​មាន​ព្រះគ្រីស្ទ​ក្លែងក្លាយ​ជា​ច្រើន។

សូម​អាន​កណ្ឌគម្ពីរ ម៉ាថាយ ២៤:៣-៥ «រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ​ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះ​គ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង»។ ចូរ​សម្គាល់​ពី​ការ​ព្រមាន​ដំបូង​របស់​ព្រះ​យេស៊ូវ៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង» ទ្រង់​កំពុង​មាន​បន្ទូល​អំពី​គ្រូ​ដែល​អះអាង​ថា ខ្លួន​ជា​ព្រះ​គ្រីស្ទ​ដែល​មក​ពី​ស្ថានសួគ៌។

ក្រុម អាន សាង ហុង អះអាង​ថា​លោក អាន សាង ហុង គឺ​ជា​ព្រះ​គ្រីស្ទ ដែល​បាន​យាង​មក​ពី​ស្ថានសួគ៌។ ហើយ​ពួកគេ​ក៏​បាន​អះអាង​ថា គាត់​គឺ​ជា​ព្រះ​វរបិតា​ដែរ! ប៉ុន្តែ​លោក អាន សាង ហុង គ្រាន់តែ​ជា​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ។ តាម​ពិត គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​ថ្ងៃទី២៥ ខែ២​ឆ្នាំ​១៩៨៥ ហើយ​គាត់​មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ ព្រះ​គ្រីស្ទ​ពិត គឺជា​ព្រះ​យេស៊ូវ​ពី​ភូមិ​ណាសារ៉ែត នៅ​ប្រទេស​អ៊‌ីស្រាអែល ហើយ​មិន​បាន​សុគត​ដោយសារ​ជំងឺ​ទេ។ ព្រះ​គ្រីស្ទ​ពិត​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​បាប​របស់​យើង ហើយ​បី​ថ្ងៃ​ក្រោយ​មក​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ!

៤. នៅ​ពេល​ព្រះ​គ្រីស្ទ​ពិត​យាង​មក​វិញ តើ​យើង​អាច​ស្គាល់​ទ្រង់​បាន​ដោយ​របៀប​ណា?

សូម​អាន​កណ្ឌគម្ពីរ ម៉ាថាយ ២៤:២៣-២៧ «គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ​គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សម្គាល់​យ៉ាង​ធំ ហើយនិង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោ​ស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ផ្លេក‍ៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ»។ ព្រះ​គ្រីស្ទ​បាន​ប្រាប់​យើង​នៅ​កណ្ឌគម្ពីរ​ម៉ាថាយ​ជំពូក២៤​ហើយ​ថា នៅ​ពេល​ព្រះ​គ្រីស្ទ​ពិត​ប្រាកដ​យាង​មក​វិញ ទ្រង់​មិនមែន​មក​ដោយ​ស្ងាត់​ដូច​ចោរ​លួច​សេះ​នោះ​ឡើយ។ ទ្រង់​នឹង​មិន​កើត​មក​ដោយ​ស្ងាត់ៗ​នៅ​ប្រទេស​កូរ៉េ ដូច​លោក អាន សាង ហុង នោះ​ទេ។ ព្រះ​គ្រីស្ទ​ពិត​នឹង​យាង​មក​ដូច​ជា​ផ្លេក​បន្ទោរ​ពី​ជើង​មេឃ​ម្ខាង​ដល់​ជើង​មេឃ​ម្ខាង​ទៀត។ ព្រះ​គ្រីស្ទ​ពិត​នឹង​យាង​មក ដើម្បី​ជំនុំជម្រះ​ពិភពលោក​ទាំង​មូល ហើយ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ (វិវរណៈ ១:៧, ១៩៖១១-១)។

៥. ហេតុ​អ្វី​បាន​ជា​មាន​គ្រីស្ទ​បរិស័ទ​ខ្លះ​បាន​ចាញ់បោក​ក្រុម​ខុស​ឆ្គង​នេះ ទោះបើ​សេចក្ដី​បង្រៀន​របស់​គេ​អាក្រក់​យ៉ាង​នេះ?

ក្រុម​នេះ​ទទួល​បាន​ជោគជ័យ​បន្តិចបន្តួច ដោយសារ​ពួកគេ​បាន​ប្រើ​សំណួរ​អំពី​ការ​ឈប់​សម្រាក​នៅ​ថ្ងៃ​សៅរ៍​ធ្វើ​ជា​ស្នៀត។ ផ្លែ​ពូថៅ​ខាង​មុខ វា​ស្ដើង​ហើយ​មុត តែ​ឯ​ខ្នង​វា​ធំ​ក្រាស់។ ប្រសិន​បើ​លោកអ្នក​ព្យាយាម​ពុះ​អុស​ដោយ​ប្រើ​ខ្នង​ពូថៅ នោះ​វា​មិន​បែក​ទេ។ ខ្នង​ពូថៅ​មិន​អាច​ចូល​ទៅ​ក្នុង​សាច់​ឈើ​បាន​ឡើយ។ លោកអ្នក​ត្រូវ​តែ​ពុះ​អុស​ដោយ​ប្រើ​ខាង​ស្ដើង ហើយ​បន្ទាប់​មក​ខាង​ធំ​នឹង​ចូល​មក​បាន ដែល​ធ្វើ​ឲ្យ​ឈើ​បែក​ជា​ពីរ​កំណាត់។

វិធី​នេះ​គឺ​ដូច​ជា​របៀប​ដែល​ក្រុម​ក្លែងក្លាយ​មួយ​នេះ​បាន​ធ្វើ​ដែរ។ ពួកគេ​ដឹង​ថា​គ្រីស្ទ​បរិស័ទ​មិន​ងាយ​ទទួល​ការ​បង្រៀន​ថា​លោក អាន សាង ហុង ជា​ព្រះ​គ្រីស្ទ​នោះ​ទេ។ ការ​បង្រៀន​នោះ​ប្រៀប​ធៀប​ដូច​ជា​ខ្នង​ពូថៅ​ដែល​មិន​អាច​ចូល​ទៅ​ក្នុង​សាច់​ឈើ​បាន​ឡើយ។ ដូច្នេះ ពួក​គ្រូ​ក្លែងក្លាយ​ទាំង​នោះ បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ជជែក​គ្នា​អំពី​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​សៅរ៍​វិញ (មុខ​ពូថៅ​របស់​ពួកគេ)។ ពួកគេ​និយាយ​ថា «ដំបូង ត្រូវ​យល់​ព្រម​នឹង​ការ​បង្រៀន​អំពី​ថ្ងៃ​ឈប់​សម្រាក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ម្ដង​ទៀត​សិន បន្ទាប់មក​យើង​នឹង​ប្រាប់​អ្នក​អំពី​លោក អាន សាង ហុង និង​ព្រះ​ម៉ែ»។ ប្រសិន​បើ​ពួកគេ​អាច​នាំ​លោកអ្នក​ឲ្យ​ទទួល​ការ​បង្រៀន​របស់​ពួក​គេ​ទាក់ទង​នឹង​ថ្ងៃ​ឈប់​សម្រាក នោះ​ក្រោយ​មក​ពួកគេ​ក៏​នឹង​នាំ​លោកអ្នក​ឲ្យ​ថ្វាយ​បង្គំ «ព្រះ​គ្រីស្ទ» អាន សាង ហុង និង «ព្រះម៉ែ» ហ្សាង ហ្គិល-ចា បាន​ដែរ។ ប្រសិន​បើ​លោកអ្នក​ថ្វាយបង្គំ​មនុស្ស​ទាំង​ពីរ​នាក់​នេះ នោះ​លោកអ្នក​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ហើយ​ក៏​នឹង​ធ្លាក់​នរក​ផង​ដែរ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា «ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ» (ម៉ាថាយ ៤:១០)។

ព្រះ​ជាម្ចាស់​មាន​បន្ទូល​អំពី​បញ្ហា​នេះ​នៅ​កណ្ឌគម្ពីរ ២យ៉ូហាន ១:៩-១១៖ «អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់ ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់ខ្ជាប់ ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​ផង។ បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ​នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ដ្បិត​បើ​អ្នក​ណា​ជំរាបសួរ នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»។

អ្នក​មិន​ត្រូវ​ស្វាគមន៍​ដល់​អ្នក​ណា​ដែល​និយាយ​ថា ជនជាតិ​កូរ៉េ​ម្នាក់​នេះ​គឺ​ជា​ព្រះ​គ្រីស្ទ ហើយ​ស្ត្រី​កូរ៉េ​ម្នាក់​គឺ​ជា​ព្រះ​ម៉ែ ដែល​ត្រូវ​ទទួល​ការ​ថ្វាយបង្គំ​នោះ​ឡើយ។ ដាច់ខាត! កុំ​អនុញ្ញាត​ឲ្យ​គេ​ចូល​ក្នុង​ផ្ទះ​របស់​លោកអ្នក​ឲ្យ​សោះ។ គ្មាន​នរណា​ម្នាក់ ដែល​ថ្វាយបង្គំ​មនុស្ស​ទាំង​ពីរ​នាក់​នេះ​អាច​មាន​ចំណែក​ក្នុង​ព្រះ​គ្រីស្ទ​ពិត​បាន​នោះ​ឡើយ។

សេចក្ដីបន្ថែម

ឃ្លា​ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពោល​ពាក្យ​ប្រមាថ​ខ្លះ​ដែល​ខ្ញុំ​បាន​ដក​ស្រង់​ពី​គេហទំព័រ​របស់ «សមាគម​ផ្សព្វផ្សាយ​ពិភពលោក ពួកជំនុំ​នៃ​លោក អាន សាង ហុង»។ ការ​ឆ្លើយ​តប​របស់​ខ្ញុំ គឺ​នៅ​ពី​ក្រោម​កំណត់​សម្គាល់ ដោយ​សរសេរ​ជា​អក្សរ​ដិត៖

• គេហទំព័រ​របស់​ក្រុម​ខុសឆ្គង អាន សាង ហុង បាន​និយាយ​ថា «យើង​ត្រូវ​ទៅ​ឯ​ព្រះ គឺ​ព្រះគ្រីស្ទ អាន សាង ហុង និង​ព្រះមាតា ប្រសិន​បើ​យើង​ចង់​បាន​ជីវិត​អស់កល្ប និង​សេចក្ដី​សង្គ្រោះ ពីព្រោះ​ពួកគេ​គឺ​ជា​អ្នក​ដែល​មាន​ជីវិត»។

ចម្លើយ៖ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​មាន​បន្ទូល​ថា គឺ​មាន​តែ​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​ដែល​អាច​ប្រទាន​ជីវិត​បាន​៖ «ដូចជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះរាជបុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជា​និច្ច ដល់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ​រាជបុត្រា​ដែរ នេះ​ជា​ជីវិត​ដ៏​អស់កល្បជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » (យ៉ូហាន ១៧:២-៣)។

• គេហទំព័រ​របស់​ក្រុម​ខុសឆ្គង អាន សាង ហុង បាន​និយាយ​ថា «ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​ថា ព្រះជាម្ចាស់​មាន​នៅ​ក្នុង​រូបភាព​ជា​ស្ត្រី «ព្រះម៉ែ» (ព្រះមាតា) ដូច​ក្នុង​រូបភាព​បុរស ជា​ព្រះបិតា​ដែរ»។

ចម្លើយ៖ ព្រះ​គម្ពីរ​មិនដែល​និយាយ​អំពី​ព្រះម៉ែ ឬ​ព្រះមាតា​ទាល់​តែ​សោះ។ ព្រះ​ជាម្ចាស់​គឺ​ជា ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះ​វិញ្ញាណបរិសុទ្ធ។

• គេហទំព័រ​របស់​ក្រុម​ខុស​ឆ្គង អាន សាង ហុង បាន​និយាយ​ថា «សមាគម​ផ្សព្វផ្សាយ​ពិភពលោក ពួកជំនុំ​នៃ​ព្រះ បាន​ទទួល​ការ​យាង​មក​វិញ​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ អាន សាង ហុង គឺ​ព្រះវរបិតា ហើយ​យេរូសាឡឹម​នៃ​ស្ថានសួគ៌ គឺ​ព្រះម៉ែ (ព្រះមាតា)»។

ចម្លើយ៖ នៅ​ក្នុង​ឃ្លា​នេះ​ពួកគេ​និយាយ​ថា​លោក អាន សាង ហុង គឺ​ទាំង​ពីរ ជា​ព្រះ​គ្រីស្ទ​ផង និង​ជា​ព្រះវរបិតា​ផង ហើយ​ពួកគេ​ជឿ​ថា​លោកស្រី ហ្សាង ហ្គិល-ចា គឺ​ជា​ព្រះ​ម៉ែ។

• គេហទំព័រ​របស់​ក្រុម​ខុស​ឆ្គង អាន សាង ហុង បាន​និយាយ​ថា «ដូច្នេះ​មានតែ​ព្រះវិញ្ញាណ និង​កូន​ក្រមុំ​ (គឺ​ព្រះគ្រីស្ទ អាន សាង ហុង ដែល​យាង​មក និង​ក្រុង​យេរូសាឡឹម​ថ្មី—ព្រះ​ម៉ែ) គឺ​អមត ហើយ​មាន​តែ​ពួក​គេ​ដែល​មាន​ជីវិត»

ចម្លើយ៖ នេះ​គឺ​ជា​ការ​ប្រមាថ។ ក្រុម​ខុស​ឆ្គង​នេះ​ជឿ​ថា មាន​តែ​លោក អាន សាង ហុង និង​លោកស្រី ហ្សាង ហ្គិល-ចា ទេ ដែល​បាន​រស់​នៅ​ជា​រៀង​រហូត ហើយ​គ្មាន​ពេល​ចាប់ផ្តើម​ផង។ គេ​ក៏​ជឿ​ថា មាន​តែ​ទាំង​ពីរ​នាក់​នេះ​ទេ ដែល​មាន​ជីវិត!! ប៉ុន្តែ នៅ​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ៥:២៦ ព្រះយេស៊ូវ​មាន​បន្ទូល​ថា «ពីព្រោះ​ដែល​ព្រះ​វរបិតា​មាន​ជីវិត​ក្នុង​ព្រះ​អង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ​រាជ​បុត្រា មាន​ជីវិត​ក្នុង​ព្រះ​អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ» មិន​មាន​និយាយ​ពី លោក អាន សាង ហុង និង​ព្រះមាតា​ទេ។ ប្រសិនបើ​លោក អាន សាង ហុង មាន​ជីវិត​ក្នុង​ខ្លួន​ផ្ទាល់ ហេតុអ្វី​បាន​ជា​គាត់​ស្លាប់​ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ហើយ​មិន​បាន​រស់​ពី​ស្លាប់​ឡើងវិញ? លោកស្រី ហ្សាង ហ្គិល-ចា ក៏​ជា​ស្ត្រី​ចំណាស់​ដែរ មិន​យូរ​ប៉ុន្មាន​គាត់​នឹង​ស្លាប់ ហើយ​គាត់​ក៏​នឹង​មិន​រស់​ឡើង​វិញ​ម្តង​ទៀត​ដែរ។ ទាំង​ពីរ​នាក់​នេះ​គឺ​ជា​អ្នក​កុហក។ ពួកគេ​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឯង​នោះ​ឡើយ។ ម្នាក់​បាន​ស្លាប់​ទៅ​ហើយ និង​បាន​ទៅ​កន្លែង​ជំនុំជម្រះ ហើយ​មិន​យូរ​ប៉ុន្មាន ម្នាក់​ទៀត​ក៏​នឹង​ស្លាប់​ដែរ។

• គេហទំព័រ​របស់​ក្រុម​ខុសឆ្គង អាន សាង ហុង បាន​និយាយ​ថា «បច្ចុប្បន្ន​នេះ សេចក្ដី​សង្គ្រោះ​គឺ​ប្រទាន​មក​តាមរយៈ​ព្រះ​គ្រីស្ទ អាន សាង ហុង តែ​ប៉ុណ្ណោះ ហើយ​មាន​តែ​អស់​អ្នក​ណា​ដែល​ធ្វើ​ជា​ស្មរបន្ទាល់​របស់​ព្រះ​គ្រីស្ទ អាន សាង ហុង និង​អធិស្ឋាន​នៅ​ក្នុង​ឈ្មោះ​របស់​គាត់​តែ​ប៉ុណ្ណោះ ដែល​នឹង​អាច​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​បាន»។

ចម្លើយ៖ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​មាន​បន្ទូល​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា «ទ្រង់​គឺ​ជា​ថ្ម​ដែល​លោក​រាល់​គ្នា​ជា​ជាង​សង់​ផ្ទះ បាន​មើលងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ» (កិច្ចការ ៤:១១-១២)។

• គេហទំព័រ​របស់​ក្រុម​ខុស​ឆ្គង អាន សាង ហុង បាន​និយាយ​ថា «សមាគម​ផ្សព្វផ្សាយ​ពិភពលោក ពួកជំនុំ​នៃ​ព្រះ ជឿ​លើ​ព្រះមាតា»។

• គេហទំព័រ​របស់​ក្រុម​ខុសឆ្គង លោក អាន សាង ហុង បាន​និយាយ​ថា «យើង​អាច​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច គឺ​តាមរយៈ​ព្រះមាតា​នៃ​ស្ថានសួគ៌​តែ​ប៉ុណ្ណោះ»។

• គេហទំព័រ​របស់​ក្រុម​ខុសឆ្គង លោក អាន សាង ហុង បាន​និយាយ​ថា «ព្រះ​គ្រីស្ទ លោក អាន សាង ហុង បាន​មក​ផែនដី ដើម្បី​បង្កើត​ក្រុមជំនុំ​នៃ​ព្រះ ហើយ​បង្រៀន​យើង​ថា មនុស្ស​ទាំង​អស់​គឺ​ជា​ពួក​ទេវតា​ដែល​បាន​មក​ផែន​ដី បន្ទាប់​ពី​ការ​ធ្វើ​បាប​នៅ​ស្ថានសួគ៌»។

ចម្លើយ៖ ព្រះ​គម្ពីរ​មិនដែល​មាន​បន្ទូល​ថា មនុស្ស​យើង​គឺ​ជា​ពួក​ទេវតា​មាន​បាប ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​មក​នោះ​ទេ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស និង​ទេវតា​ឲ្យ​មាន​លក្ខណៈ​ខុសប្លែក​ពី​គ្នា។ មនុស្ស​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​រូប​អង្គ​របស់​ព្រះ តែ​ទេវតា​មិនមែន​ទេ។ កណ្ឌគម្ពីរ រ៉ូម ៥:១២ បាន​ប្រាប់​ពី​របៀប​ដែល​មនុស្ស​យើង​ត្រឡប់​ជា​មាន​បាប៖ «ដូច្នេះ​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ​សារ​មនុស្ស​តែ​​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើបាប​ហើយ»។

• គេហទំព័រ​របស់​ក្រុម​ខុសឆ្គង អាន សាង ហុង បាន​និយាយ​ថា «យើង​ត្រូវ​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយនិង​រក្សា​បុណ្យ​រំលង ដើម្បី​ឲ្យ​យើង​អាច…ចូល​ក្នុង​នគរ​ស្ថានសួគ៌​អស់​កល្ប​ជានិច្ច»។

ចម្លើយ៖ នេះ​ហើយ​ដែល​ក្រុម​ខុស​ឆ្គង អាន សាង ហុង នេះ​ត្រូវ​ទទួល​បណ្ដាសា ដូច​បណ្ដាសា​ដែល​សាវ័ក ប៉ុល បាន​ដាក់​​ដល់​ពួក​គ្រូ​ក្លែងក្លាយ​នៅ​ក្រុម​ជំនុំ​កាឡាទី។ ពួក​គេ​នៅ​កាឡាទី​ចង់​បន្ថែម​ការ​កាត់​ស្បែក​ទៅ​ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ ឯ​ក្រុម លោក អាន សាង ហុង ចង់​បន្ថែម ការ​រក្សា​បុណ្យ​រំលង​ទៅ​ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ ពួក​គេ​ជឿ​ថា ការ​រក្សា​ច្បាប់​នៃ​សាសនា អាន សាង ហុង គឺ​ជា​ការ​ចាំបាច់​ណាស់ ដើម្បី​បាន​ទៅ​ស្ថានសួគ៌។ សេចក្ដី​សង្គ្រោះ​នេះ​គឺ​ដោយ​សារ​ការ​ប្រព្រឹត្ត​មិនមែន​ដោយ​សារ​ជំនឿ​ទេ។

(សូម​សម្គាល់៖ គ្រីស្ទបរិស័ទ​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ ហើយ​បេសកជន​កូរ៉េ​ទាំងអស់ ក៏​បដិសេធ​ក្រុម​ខុស​ឆ្គង លោក អាន សាង ហុង នេះ​ដែរ។)

សេចក្ដីសន្និដ្ឋាន

ដូច​ដែល​ខ្ញុំ​បាន​និយាយ​ខាង​លើ​ហើយ យើង​មិន​ត្រូវ​ស្វាគមន៍​ដល់​អ្នក​ណា​ដែល​និយាយ​ថា ជនជាតិ​កូរ៉េ​ម្នាក់​នេះ​គឺ​ជា​ព្រះ​គ្រីស្ទ ហើយ​ស្ត្រី​កូរ៉េ​ម្នាក់​គឺ​ជា​ព្រះ​ម៉ែ ដែល​ត្រូវ​ទទួល​ការ​ថ្វាយបង្គំ​នោះ​ឡើយ។ កុំ​អនុញ្ញាត​ឲ្យ​គេ​ចូល​ក្នុង​ផ្ទះ​របស់​លោកអ្នក​ឲ្យ​សោះ។ គ្មាន​នរណា​ម្នាក់ ដែល​ថ្វាយបង្គំ​ដល់​មនុស្ស​ទាំង​ពីរ​នាក់​នេះ អាច​មាន​ចំណែក​ក្នុង​ព្រះ​គ្រីស្ទ​ពិត​បាន​នោះ​ឡើយ។

ជីវប្រវត្តិ​នៃ​ដំណើរ​ជីវិត​របស់​លោក អាន សាង ហុង

១៩១៨ លោក អាន សាង ហុង បាន​កើត​នៅ​ថ្ងៃទី ១៣ ខែមករា នៅ​ប្រទេស​កូរ៉េ។
១៩៤៨ គាត់​បាន​ជ្រមុជទឹក​នៅ​ក្នុង​ក្រុមជំនុំ​និកាយ​សេវែនដេ (Seventh Day Adventist Church)។
១៩៥៦ គាត់​បាន​ធ្វើ​ទំនាយ​ថា ព្រះគ្រីស្ទ​នឹង​យាង​មក​វិញ​នៅ​ក្នុង​ឆ្នាំ១៩៦៦។
១៩៦២ និកាយ​សេវែនដេ បាន​បណ្ដេញ​គាត់​ចេញ​ពី​និកាយ​ខ្លួន។
១៩៦៤ គាត់​បាន​បង្កើត​ក្រុមជំនុំ​ខ្លួន​ឯង។
១៩៦៦ ព្រះគ្រីស្ទ​មិន​បាន​យាង​មក​វិញ​តាម​ដែល​លោក អាន សាង ហុង បាន​ធ្វើ​ទំនាយ។
១៩៨០ គាត់​បាន​ធ្វើ​ទំនាយ​ថា ព្រះគ្រីស្ទ​នឹង​យាង​មក​វិញ​នៅ​ក្នុង​ឆ្នាំ១៩៨៨។
១៩៨៥ គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​ថ្ងៃទី២៥ ខែ​កុម្ភៈ។
១៩៨៥ ក្រុមជំនុំ​គាត់​បាន​បែក​ជា​ពីរ​ក្រុម។ ក្រោយ​មក​ក្រុម​មួយ​បាន​ដាក់​ឈ្មោះ​ថា សមាគម​ផ្សព្វផ្សាយ​ពិភពលោក​ក្រុមជំនុំ​នៃ​ព្រះ។ ពួក​គេ​បាន​បង្រៀន​ថា​លោក លោក អាន សាង ហុង គឺ​ជា​ព្រះវរបិតា ហើយ​ថា​លោកស្រី ហ្សាង ហ្គិល ចា គឺ​ជា​ព្រះមាតា ឬ​ព្រះម៉ែ។
១៩៨៨ ព្រះគ្រីស្ទ​មិន​បាន​យាង​មក​វិញ​តាម​ដែល​លោក អាន សាង ហុង បាន​ធ្វើ​ទំនាយ។

ជីវប្រវត្តិ​នៃ​ដំណើរ​ជីវិត​របស់​លោកស្រី ហ្សាង ហ្គិល ចា
១៩៤៣ គាត់​បាន​កើត​នៅ​ថ្ងៃទី ២៩ ខែតុលា នៅ​ប្រទេស​កូរ៉េ។
១៩៨៥ ពួក​អ្នក​ដែល​បាន​ជឿ​តាម​គាត់​បាន​ប្រកាស​ថា គាត់​គឺ​ជា​ព្រះមាតា (ព្រះម៉ែ)។
២០?? លោកស្រី លោកស្រី ហ្សាង ហ្គិល ចា នឹង​ស្លាប់ នៅ​ថ្ងៃ​ណា​មួយ។

ឯកសារ​បន្ងែម

និពន្ធ​ដោយ​៖ លោកគ្រូ ចេឌី ក្រោលី
កែសម្រួល​ដោយ៖ លោក ឈាង ប៉ូរា និង​លោក ទេព រ៉ូ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

13 Points
Upvote Downvote

មតិយោបល់

Leave a Reply
  1. ព្រះពិតដែលបានបង្កើតមនុស្ស ផ្ទៃមេឃ និងផែនដី មានតែមួយ គឺជាព្រះត្រីឯក គឺព្រះវបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ សេចក្ដីបង្រៀនណាដែល ខុសពីក្នុងព្រះបន្ទូលដែលនៅក្នុងព្រះគម្ពីរ គឺជាសេចក្ដីបង្រៀនបោកប្រាស់។ សូមគ្រីស្ទបរិស័ទទាំងអស់រក្សាសេចក្ដីជំនឿអោយបានរឹងមាំ។

  2. ព្រះគម្ពីរបានសម្ដែងពីព្រះបន្ទូលរបស់ព្រះយេស៊ូវផ្ទាល់ថា “ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ ៧ បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរបិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង” (យ៉ូហាន ១៤:៦)

    គ្មានអំណាចណាទៀតដែលអាចអត់បាបឲ្យមនុស្សបាន “ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង” (ម៉ាថាយ ២៨:១៨)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

លក្ខណៈជំនឿ​​​របស់​គ្រីស្ទាន

អ្នក​ម្ដាយ​ដ៏​ល្អ​ឥត​ខ្ចោះ​