យើងធ្លាប់លឺគេនិយាយថា សាសនាទាំងអស់សុទ្ធតែមានគោលបំណងដូចៗគ្នា ពោលគឺដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សអោយខិតខំប្រព្រឹត្តិអំពើល្អ។ ក្នុងន័យនេះគេគិតថា គ្រីស្ទសាសនាក៏មិនខុសអីពីសាសនាទាំងអស់លើពិភពលោកផងដែរ។ តើគ្រីស្ទបរិស័ទគួរឆ្លើយតបយ៉ាងណាចំពោះទស្សនៈមួយនេះ?
ប្រាកដណាស់ បើយើងក្រឡេកមើលព្រះគម្ពីរបរិសុទ្ធ នោះយើងនឹងឃើញថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្គាប់អោយគ្រីស្ទបរិស័ទប្រព្រឹត្តិល្អ។ តួយ៉ាង “ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបត្រូវ ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន នោះជាបញ្ញត្តិមុនដំបូង” (អេភេសូរ ៦:១-២)។ “ត្រូវអោយស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង” (ម៉ាថាយ ២២:៣៩)។ “កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ” (ហេព្រើរ ១៣:១៦)។ល។
បើទោះបីជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបរិសុទ្ធបានចង្អុលបង្ហាញយ៉ាងច្បាស់ថា “គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ” (រ៉ូម ៣:២៣)។ មនុស្សទាំងអស់មានបាប។ មនុស្សមិនអាចប្រព្រឹត្តិល្អឥតខ្ចោះទាំងកាយ វាចា ចិត្តឡើយ។ ឧទាហរណ៍ លោកប៉ុលបាននិយាយអំពីខ្លួនគាត់ថា “ខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែរកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តិការល្អដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ” (រ៉ូម ៧:១៨-១៩)។ យើងទាំងអស់គ្នាមានបទពិសោធន៍ជាមួយនឹងការនេះ ដូចជាលោកប៉ុលផងដែរ។ ពេលខ្លះ យើងដឹងពីអ្វីដែលល្អនិងត្រឹមត្រូវ ប៉ុន្តែយើងមិនអាចធ្វើតាម ឬយើងមិនព្រមធ្វើតាមតែម្តង។ ជាក់ស្តែង យើងដឹងថាការលួចមិនល្អ វាជាអំពើបាប។ ប៉ុន្តែ តើមានប៉ុន្មាននាក់ដែលមិនធ្លាប់លួចសោះ? ដូចគ្នានេះដែរ ចំពោះការស្អប់ ការគុំគួន កំហឹង ការជេរប្រទេច ការប្រើពាក្យអសុរោះ ការប្រមាថមើលងាយ ការចង់បានទ្រព្យសម្បត្តិអ្នកដ៏ទៃ និងភាពអាត្មានិយម ។ល។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានប្រព្រឹត្តិការអាក្រក់ដោយផ្ទាល់ ឬដោយប្រយោល ដោយបើកចំហ ឬដោយលាក់កំបាំង។
ក្នុងន័យនេះផងដែរ គ្រីស្ទបរិស័ទមិនមែនប្រព្រឹត្តិល្អដើម្បីទទួលបានសេចក្តីសង្គ្រោះឡើយ។ ការនេះខុសពីសេចក្តីបង្រៀនរបស់សាសនាដ៏ទៃផ្សេងទៀត។ សេចក្តីសង្គ្រោះមិនមែនអាស្រ័យលើការប្រព្រឹត្តិល្អទេ ប៉ុន្តែ វាមកពីព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធបានអះអាងថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីអោយអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺអោយមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៦)។ “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន” (អេភេសូរ ២:៨-៩)។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះជាម្ចាស់ (លូកា ១:៣៥; ម៉ាកុស ៣:១១; ម៉ាថាយ ១៤:៣៣)។ ព្រះយេស៊ូវគ្រីស្ទ គឺជាផ្លូវតែមួយគត់សម្រាប់សេចក្តីសង្គ្រោះ (យ៉ូហាន ១៤:៦; កិច្ចការ ៤:១២)។ នេះគឺជាដំណឹងល្អ ព្រោះបើផ្អែកលើសេចក្តីខាងលើ មនុស្សមិនអាចប្រព្រឹត្តិល្អឥតខ្ចោះសមនឹងទទួលបានសេចក្តីសង្គ្រោះឡើយ។
បើដូច្នោះ តើគ្រីស្ទបរិស័ទចាំបាច់ត្រូវប្រព្រឹត្តិល្អដើម្បីអ្វី? សេចក្តីមួយនៅក្នុងសំបុត្ររបស់សាវ័កប៉ុល បានលើកឡើងចំពោះគ្រីស្ទបរិស័ទថា “យើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំជាមុនអោយយើងរាល់គ្នាប្រព្រឹត្តិតាម” (អេភេសូរ ២:១០)។ គ្រីស្ទបរិស័ទប្រព្រឹត្តិល្អ ព្រោះវាគឺជាបំណងព្រះហឫទ័យរបស់ព្រះដែលពួកគេកំពុងតែថ្វាយបង្គំ។ ព្រះជាម្ចាស់ គឺជាព្រះដ៏ល្អ។ ព្រះអង្គគឺជាគំរូនៃសេចក្តីល្អ។ ទន្ទឹមនឹងនេះដែរ ព្រះអង្គបណ្តាលចិត្តអោយគ្រីស្ទបរិស័ទចង់ធ្វើល្អ ព្រមទាំងជួយគេអោយអាចប្រព្រឹត្តិល្អបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ផងដែរ (ភីលីព ២:១២-១៣)។
ជាចុងក្រោយ គ្រីស្ទបរិស័ទមិនមែនប្រព្រឹត្តិល្អដើម្បីខ្លួនឯងនោះទេ ប៉ុន្តែដើម្បីជាពន្លឺលោកិយ និងសិរីល្អរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលដោយផ្ទាល់ថា “ចូរអោយពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីអោយគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តិ រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌” (ម៉ាថាយ ៥:១៦)។
សរុបសេចក្តីមក ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយមនុស្សប្រព្រឹត្តិល្អ ក៏ប៉ុន្តែក្នុងនាមជាមនុស្សបាប យើងមិនអាចប្រព្រឹត្តិល្អគ្រប់គ្រាន់ដោយពឹងផ្អែកលើខ្លួនឯងឡើយ។ យើងត្រូវការព្រះយេស៊ូវគ្រីស្ទ ដើម្បីសម្រេចការនេះ។ មួយទៀត គ្រីស្ទបរិស័ទមិនមែនប្រព្រឹត្តិល្អក្នុងគោលបំណងរំដោះខ្លួនរួចផុតពីអំពើបាប និងដើម្បីទទួលបានសេចក្តីសង្គ្រោះឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីទទួលបានសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ នោះគ្រីស្ទបរិស័ទប្រព្រឹត្តិល្អដើម្បីជាពន្លឺលោកិយ សម្រាប់សិរីល្អរបស់ព្រះជាម្ចាស់ស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។
មតិយោបល់
Loading…