in

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ ពួក​ហោរា

ការ​យល់​អំពី​សម័យ​កាល​លោក យ៉ូស្វេ និង​ពួក​ចៅហ្វាយ​អាច​ជួយ​ឲ្យ​យើង​យល់​អំពី​ការ​បើក​ឆាក​នៅ​ក្នុង​សម័យ​កាល​ពួក​ហោរា។ ឧទាហរណ៍៖ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​អាន​កណ្ឌ​គម្ពីរ អេសាយ ហើយ​ខ​ដំបូងៗ​បាន​ប្រាប់​យើង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ព័ន្ធកិច្ច​របស់​ហោរា អេសាយ ទាក់​ទង​ទៅ​នឹង​ការ​សោយ​រាជ្យ​របស់​ស្ដេច​នេះ​ស្ដេច​នោះ។ល។

ហោរា អេសាយ បាន​រស់​នៅ​ក្នុង​អំឡុង​ពេល​នៃ​អំណាច​របស់​ពួក​សាសន៍​អាសស៊ើរ ប៉ុន្តែ​ក្នុង​នាម​ជា​ហោរា គាត់​ក៏​ទាយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​បាប៊ីឡូន​ដែរ ដល់​ថ្នាក់​ថា​ការ​ទាយ​របស់​គាត់​រាប់​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ដែល​គ្រប​ដណ្ដប់​អស់​រយៈ​ពេល១៥០ឆ្នាំ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ ហើយ​គាត់​ក៏​មិន​គ្រាន់​តែ​បាន​ឃើញ​ជា​មុន​អំពី​ការ​បំផ្លាញ​ទី​ក្រុង​យេរូសាឡឹម និង​មិន​គ្រាន់​តែ​អំពី​ការ​ក្លាយ​ជា​ឈ្លើយ​ដែរ ប៉ុន្តែ​ក៏​ឃើញ​អំពី​ការ​ត្រឡប់​មក​វិញ​ពី​ភាព​ជា​ឈ្លើយ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​នាំ​សេចក្ដី​សង្គ្រោះ​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់។ ហើយ​នៅ​ក្នុង​ពេល​វេលា​យូរ​ទៀត​នៅ​ខាង​មុខ ហើយ​ជា​ចុង​បញ្ចប់​ហោរា អេសាយ បាន​ឃើញ​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី​ដែល​នឹង​ផ្លាស់​ប្ដូរ​ការ​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់​ទាំង​ស្រុង។

ដូច្នេះ ក្នុង​ទំនាយ​ដូច​នោះ ឥឡូវ​នេះ​ហោរា អេសាយ ស្រមើស្រមៃ​អំពី​ពេល​វេលា​ដែល​បុត្រា​មួយ​អង្គ​នឹង​កើត​មក​ពី​ខ្សែស្រឡាយ​រាជ​វង្ស​ស្ដេច ដាវីឌ៖ «ដ្បិត​មាន​បុត្រ១កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា១មក​យើង​ហើយ»។ បុត្រា​នោះ​នឹង​សោយ​រាជ្យ​លើ​រាជ​បល្ល័ង្ក​របស់ ស្ដេច ដាវីឌ ដែល​ជា​ព្រះ​បិតា​របស់​ទ្រង់។ ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ទ្រង់ នោះ​នឹង​មិន​មាន​ទី​បញ្ចប់​ឡើយ (អេសាយ ៩:៦-៧)។ មាន​សេចក្ដី​សន្យា​អំពី​រាជ​វង្ស​របស់​ស្ដេច ដាវីឌ។ ប៉ុន្តែ ក្នុង​ពេល​តែ​មួយ ងារ​របស់​ទ្រង់​ក៏​មាន​ដូច​ត​ទៅ «ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ព្រះ​វរ​បិតា​ដ៏​គង់​នៅ​អស់​កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី​ភាព» (អេសាយ ៩:៦)។ យើង​ក៏​ត្រូវ​បើក​បង្ហាញ​បន្ថែម​ទៀត​អំពី​ប្រធាន​បទ​នៃ​រាជ​វង្ស​របស់​ស្ដេច ដាវីឌ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

ជា​បន្ទាប់ នៅ​គ្រា​ដដែល​នោះ រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ក៏​ក្លាយ​ជា​ឈ្លើយ ហើយ​នៅ​ក្នុង​ឆ្នាំ​មុន​ដែល​គេ​នាំ​ពួក​រាស្ត្រ​នៃ​ទី​ក្រុង​យេរូសាឡឹម​ទៅ​ចក្រភព​បាប៊ីឡូន នោះ​ហោរា យេរេមា ក៏​កំពុង​អធិប្បាយ​នៅ​ទី​ក្រុង​យេរូសាឡឹម ហើយ​ហោរា អេសេគាល​ក៏​កំពុង​អធិប្បាយ​នៅ​ទី​ក្រុង​បាប៊ីឡូន ដោយ​គេ​បាន​ចាប់​គាត់​ទៅ​ជា​ឈ្លើយ​នៅ​វគ្គ​ដំបូង។ ហើយ​ហោរា​ទាំង​ពីរ​នាក់​នោះ​ក៏​កំពុងតែ​អធិប្បាយ​នូវ​ប្រធាន​បទ​ដូចៗ​គ្នា​ដែរ។ ពួក​គាត់​ទាំង​ពីរ​នាក់​កំពុង​តែ​លើក​ឡើង​ថា៖ ពួក​សាសន៍​អ៊ីស្រាអែល​មិន​ត្រូវ​បះបោរ​ទាស់​ប្រឆាំង​នឹង​ពួក​បាប៊ីឡូន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បះបោរ នោះ​ពួក​បាប៊ីឡូន​នឹង​បំផ្លាញ​ពួក​គេ​ចោល​ជា​មិន​ខាន។ ប៉ុន្តែ ពួក​គេ​បាន​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ ដូច្នេះ​ព្រះ​អង្គ​ក៏​បាន​បំផ្លាញ​ពួក​គេ​ចោល​ទៅ។ សារ​របស់​ហោរា យេរេមា និង​ហោរា អេសេគាល៖ ពួក​រាស្ត្រ​អាក្រក់​ណាស់ ដល់​ថ្នាក់​ថា​មិន​អាច​គេច​ចេញ​ពី​ការ​បំផ្លាញ​ចោល និង​ការ​ក្លាយ​ជា​ឈ្លើយ​បាន​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​នៃ​ពេល​វេលា​នៃ​ភាពជា​ឈ្លើយ​គឺ​ថា ព្រះ​ជាម្ចាស់​ផ្ទាល់​នឹង​នាំ​ពួក​គាត់​ត្រឡប់​មក​វិញ ហើយ​ក៏​នឹង​ប្រទាន​ព្រះ​ប្រោស​លោះ​សម្រាប់​ពួក​គាត់​ដែរ។

ដូច្នេះ នៅ​ពេល​ដែល​ពួក​រាស្ត្រ​ចាប់​ផ្ដើម​ត្រឡប់​មក​វិញ នោះ​យើង​ឃើញ​ថា​មាន​ព័ន្ធ​កិច្ច​ក្រោយ​គ្រា​ពេល​ភាព​ជា​ឈ្លើយ​របស់​ពួក​ហោរា ដែល​មាន​ដូច​ជា​ហោរា ហាកាយ ដែល​បាន​អធិប្បាយ​ដោយ​ប្រាប់​ពួក​រាស្ត្រ​ដែល​បាន​ត្រឡប់​មក​វិញ​ថា ពួក​គាត់​ត្រូវ​តែ​ចាប់​ផ្ដើម​សាង​សង់​ព្រះ​វិហារ​វិញ​ភ្លាម។ នោះ​គឺ​ជា​កន្លែង​ចម្បង​នៃ​ការ​ជួប​រវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស​ដែល​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​គ្រោង​ទុក។ ដូច្នេះ គេ​ក៏​បាន​សាង​សង់​ព្រះ​វិហារ​តូច​មួយ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡឹម ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​យើង​ឃើញ​ព័ន្ធ​កិច្ច​របស់​ហោរា អែសរ៉ា ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នោះ​ព័ន្ធ​កិច្ច​របស់​ហោរា នេហេមា ដែល​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​នាំ​គាត់​ឲ្យ​ត្រឡប់​មក​វិញ ដើម្បី​សាង​សង់​កំផែង​នៅ​ជុំ​វិញ​ទី​ក្រុង។

ពួក​គាត់​បាន​សាង​សង់​ព្រះ​វិហារ​មុន​សាង​សង់​ទី​ក្រុង​យេរូសាឡឹម​ឡើង​វិញ។ នៅ​គ្រា​នោះ មិន​សូវ​មាន​មនុស្ស​រស់​នៅ​ទី​នោះ​ទេ។ ពួក​គាត់​ក្រ​ខ្លាំង​មែន​ទែន ហើយ​ក៏​កំពុង​រស់​នៅ​ដោយ​ដាំ​ដំណាំ​នៅ​ជុំ​វិញ។ ប៉ុន្តែ ឥឡូវ​មាន​ព្រះ​វិហារ ហើយ​ក៏​កំពុង​ដំណើរ​ការ​ក្នុង​លំដាប់​តូច​តាច មិន​សូវ​មាន​ភាព​ស្មោះ​ត្រង់ ហើយ​ពេញ​ដោយ​ទុក្ខ​លំបាក រហូត​ដល់​ពេល​ហោរា នេហេមា (ដោយ​ទទួល​កម្លាំង​ពី​ព្រះ​ជាម្ចាស់) បាន​សាង​សង់​កំផែង​ទីក្រុង ទោះ​បី​មាន​ការ​ប្រឆាំង​ជា​ច្រើន ហើយ​គាត់​ក៏​បាន​វិនិយោគ​លើ​កម្មវិធី​ប្រមូល​មនុស្ស​ម្នា​ចូល​មក​នៅ​ក្នុង​ទី​ក្រុង និង​ដើម្បី​កសាង​ទី​ក្រុង​ជា​ថ្មី​ឡើង​វិញ។ ហើយ​នេះ​គឺ​ជា​ពេល​ដែល​យើង​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​នៃ​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ក្រោម​ព័ន្ធកិច្ច​របស់ ហោរា នេហេមា។

មក​ដល់​ពេល​នេះ យើង​មាន​ការ​សរសេរ​ចុះ និង​ការ​អធិប្បាយ​ពី​ព័ន្ធកិច្ច​ក្រោយ​ពេល​ភាព​ជា​ឈ្លើយ​របស់​ពួក​ហោរា​នៅ​ពេល​នោះ—ដែល​នេះ​សំដៅ​ទៅ​លើ​ការ​ដែល​ពួក​ហោរា​អធិប្បាយ​ទៅ​កាន់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ក្រោយ​ពេល​នៃ​ភាព​ជា​ឈ្លើយ។ ដូច្នេះ យើង​ក៏​មាន​ពួក​ហោរា​មុន​គ្រា​នៃ​ភាព​ជា​ឈ្លើយ​ដែរ​ដូច​ជា​ហោរា អេសេគាល និង​ហោរា អេសាយ ហើយ​បន្ទាប់​មក​ទៀត​ហោរា​ក្រោយ​ពេល​នៃ​ភាព​ជា​ឈ្លើយ​ដែរ ដូច​ជា​ហោរា ដានីយ៉ែល នៅ​គ្រា​ឆ្លង​សម័យ​កាល។ ហើយ​ក៏​មាន​ហោរា​ក្រោយ​ពេល​នៃ​ភាព​ជា​ឈ្លើយ​ដូច​ជា ហោរា ហាកាយ, ហោរា សាការី និង​ហោរា ម៉ាឡាគី ជា​ដើម។

និពន្ធដោយ៖ លោកគ្រូ D.A. Carson
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ?

តើ​អណ្ដាត​ភ្លើង​ជា​អ្វី?