«ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយគឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវដែលព្រះបានតាំងទ្រង់ទុកជាទីសន្ដោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្ដីជំនឿ
ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។» (រ៉ូម ៣:២១-២៦)។
ហេតុអ្វីបានជាព្រះយេស៊ូវយាងមកគង់ក្នុងចំណោមយើង?
កណ្ឌគម្ពីរ ម៉ាថាយ ១:២៣ បានចែងថា «មើល៍ នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា “អេម៉ាញូអែល” ដែលប្រែថា “ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”»។
បងប្អូនដឹងហើយថា ព្រះអង្គមិនចាំបាច់ធ្វើដូច្នោះទេ។ ព្រះអង្គអាចទុកយើងចោលក្នុងអំពើបាបរបស់យើងបាន ហើយព្រះអង្គក៏មានភាពយុត្តិធម៌ក្នុងការថ្កោលទោសយើងផងដែរ។ យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះអាទិកររបស់យើង។ ប្រសិនបើព្រះអង្គគ្រាន់តែមក ដើម្បីបង្រៀនយើងអំពីសេចក្ដីពិតផ្នែកសីលធម៌ខ្លះៗ នោះព្រះអង្គមិនចាំបាច់យាងទៅឯឈើឆ្កាងទេ ប៉ុន្តែព្រះអង្គបានយាងទៅ ដោយសារទ្រង់ស្រឡាញ់យើង។ កណ្ឌគម្ពីរ រ៉ូម ៦:១-៣ បានចែងថា «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬអី? ទេ! មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាបហើយ បាននៅរស់ក្នុងអំពើបាបទៀតបាន តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្ដីសុគតនៃទ្រង់ដែរ» ។ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
ក្រឹត្យវិន័យបានបើកសម្ដែងអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ក្នុងភាពបរិសុទ្ធ យុត្តិធម៌ និងសប្បុរសធម៌ដ៏អស្ចារ្យរបស់ទ្រង់។ ផ្នត់គំនិតត្រង់នេះគឺមិនមែនអំពីការយាងមកយកសណ្ឋានជាមនុស្សទេ ប៉ុន្តែគឺអំពីការជះឥទ្ធិពលនៃសេចក្ដីសង្គ្រោះ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ និងអំពីព្រឹត្តិការណ៍នានាដែលយើងឃើញក្នុងដំណឹងល្អ។ «ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសម្ដែងមកក្នុងដំណឹងល្អនោះ ដោយសារជំនឿ ហើយឲ្យបានជំនឿចម្រើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងជំនឿ» (រ៉ូម ១:១៦-១៧)។
ហេតុអ្វីបានជាទ្រង់យាងមក?
ព្រះអង្គបានយាងមក ដើម្បីបំពេញក្រឹត្យវិន័យ តាមរយៈការរស់នៅក្នុងការស្ដាប់បង្គាប់ព្រះវរបិតារបស់ទ្រង់បានយ៉ាងល្អឥតខ្ចោះ និងស្រឡាញ់អស់អ្នកដែលទ្រង់បានជួបយ៉ាងពេញលេញ។ លើសពីការដែលព្រះអង្គយាងមកសុគត ព្រះអង្គបានយាងមក ដើម្បីបំពេញក្រឹត្យវិន័យ និងស្រឡាញ់អស់អ្នកដែលព្រះអង្គបានជួបយ៉ាងពេញលេញ។ [ព្រះអង្គបានយាងមក ដើម្បីដើរក្នុងជំនឿក្នុងចំណុចដែលសាសន៍អ៊ីស្រាអែល និងយើងបរាជ័យ]។ ទោះបីជាយើងខិតខំបំពេញក្រឹត្យវិន័យយ៉ាងណាក៏ដោយក៏យើងនៅតែមិនអាចបំពេញបានដែរ។ ប៉ុន្តែ តាមរយៈព្រះយេស៊ូវ ព្រះអង្គអាចបំពេញបាន។ ព្រះអង្គបានយាងមក ដើម្បីបង្រៀនយើងអំពីអត្ថន័យនៃព្រះជន្ម—និងការសុគតរបស់ទ្រង់។ សូមផ្ទៀងជាមួយគ្នានៅក្នុងកណ្ឌគម្ពីរ រ៉ូម ៨:១-៤ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្ដីស្លាប់ហើយ ពីព្រោះ ឯការដែលក្រិត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកម្សោយ ព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គ បែបដូចជាសាច់ឈាមដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្ដីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ»។
សាច់ឈាមរបស់យើងចេះតែចង់បះបោរទាស់ប្រឆាំង ចង់តែប្រព្រឹត្តិអំពើបាប ចង់តែល្មើសជាមួយព្រះអង្គ។ ព្រះអង្គបានប្រសូត ដើម្បីសុគត។ ហេតុអ្វី? គឺដើម្បីឲ្យយើងដែលទទួលជឿបានរស់នៅយ៉ាងអស់កល្បជានិច្ចជាមួយនឹងទ្រង់បាន។ នៅពេលយើងស្លាប់ទៅ ទាំងអ្នកជឿ និងអ្នកមិនជឿមានជីវិតអស់កល្បជានិច្ច។ ប៉ុន្តែ អ្នកជឿមានជីវិតអស់កល្បជានិច្ចក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយអ្នកមិនជឿមានជីវិតអស់កល្បជានិច្ចក្នុងស្ថាននរកវិញ។ មានតែពីរជម្រើសទេ៖ តើយើងចង់នៅស្ថានសួគ៌ ឬទៅស្ថាននរក? តាមរយៈការប្រសូតរបស់ព្រះយេស៊ូវ នៅយប់ដ៏បរិសុទ្ធនោះ ព្រះគុណនៃការប្រោសលោះក៏បានមកដល់ផងដែរ។
តើការប្រោសលោះមានន័យយ៉ាងដូចម្ដេច?
ពាក្យ ប្រោសលោះ» មានន័យថា ព្រះអង្គបានទិញយើងក្នុងតម្លៃណាមួយ។ ហើយតម្លៃដែលព្រះអង្គបានបង់ថ្លៃ ដើម្បីទិញយើងនោះគឺជាព្រះជន្មរបស់ព្រះអង្គ។ ព្រះអង្គត្រូវសុគត ដើម្បីអាចប្រោសលោះយើងបាន។ យើងនាំមកនូវបំណុលចំពោះអំពើបាប [មានន័យថា យើងមានតែបំណុលចំពោះអំពើបាបទេ] ដោយសារយើងបានបះបោរទាស់ប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។
សាវ័ក ប៉ុល បានលើកឡើងថា «យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ» (កាឡាទី ២:១៦; cf. ៣:២)។
ហើយព្រះយេស៊ូវបានរំដោះយើងឲ្យមានសេរីភាព។ និយាយម៉្យាងទៀត ព្រះអង្គបានប្រោសលោះយើង។ នៅ ក្នុងកណ្ឌគម្ពីរ កូឡូស ១:១២-១៤ មានចែងថា «ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់»។ តាមរយៈព្រះលោហិត យើងទទួលបានការប្រោសលោះ។ នេះជាមូលហេតុដែលទ្រង់ត្រូវសុគត។ នេះជាមូលហេតុដែលព្រះអង្គបានប្រសូតមក ដើម្បីប្រោសលោះតាមរយៈការខ្ចាយព្រះលោហិតរបស់ទ្រង់។
ប៉ុន្តែ តើទ្រង់បានធ្វើការនោះដោយរបៀបណា?
មានរបៀបតែមួយដែលទ្រង់អាចធ្វើបាន៖ ដើម្បីឲ្យព្រះជាម្ចាស់មានភាពយុត្តិធម៌ និងជាអង្គដែលនាំឲ្យមានភាពយុត្តិធម៌ក្នុងពេលតែមួយបាន។ មានន័យថា ព្រះអង្គត្រូវធ្វើតាមលក្ខន្តិករបស់ព្រះវរបិតា ដើម្បីឲ្យទ្រង់អាចប្រោសលោះយើងបាន។ ព្រះយេស៊ូវបានប្រគល់រូបអង្គទ្រង់ជាយញ្ញបូជាជំនួសអំពើបាបរបស់យើង។ ព្រះអង្គគឺជាកូនចៀមនៃថ្ងៃបុណ្យរំលង។ ព្រះអង្គបានសុគតសម្រាប់សេចក្ដីស្លាប់ដែលយើងស័ក្តិសមនឹងទទួល ដើម្បីឲ្យព្រះដ៏យុត្តិធម៌អាចមានការស្កប់ព្រះទ័យបាន។
តើនៅមានសល់អ្វីសម្រាប់ឲ្យយើងធ្វើ? គឺទទួលយកអំណោយទានដ៏ល្អអស្ចារ្យបំផុត—ការរាប់ជាសុចរិតមួយនេះ។ ព្រះយេស៊ូវបានមកយកអំពើបាបរបស់យើង ហើយយើងទទួលបានសេចក្ដីសុចរិតរបស់ទ្រង់។ សូមផ្ទៀងជាមួយគ្នានៅក្នុងកណ្ឌគម្ពីរ រ៉ូម ៥:៩-១០ «ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ»។ ព្រះអង្គមិនគ្រាន់តែសុគត ហើយនៅក្នុងផ្នូរនោះទេ ប៉ុន្តែព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ។
តើយើងអាចទទួលបានអំណោយទាននេះដោយរបៀបណា?
គឺតាមរយៈជំនឿ។ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៣:២៤-២៥ «តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្ដោសប្រោស ដោយសារជំនឿដល់ព្រះលោហិតទ្រង់ សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ»។
យើងនឹងមិនអាចរកបានអ្វីដែលល្អប្រសើរជាងនេះនោះទេ។ ប៉ុន្តែ ដំណឹងល្អនេះគឺសម្រាប់អស់អ្នកដែលមានការបន្ទាបខ្លួនប៉ុណ្ណោះ។ សម្រាប់តែអស់អ្នកដែលមានចិត្តខ្ទេចខ្ទាំ។ សម្រាប់អស់អ្នកដែលទទួលស្គាល់ថា ខ្លួនមិនមានជម្រើសណាផ្សេងទៀតឡើយ។ អំណោយទាននេះមិនមែនសម្រាប់អស់អ្នកណាដែលគិតថា ខ្លួនស័ក្តិសមក្នុងការទទួលបាននោះទេ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ» (អេភេសូរ ២:៨)។ តាមរយៈជំនឿយើងទទួលបានសេចក្ដីសង្គ្រោះ ហើយសេចក្ដីសង្គ្រោះនោះគឺជាអំណោយទានរបស់ព្រះអង្គ។
អ្នកដែលព្រះជាម្ចាស់បានរាប់ជាសុចរិតនឹងទទួលស្គាល់ថា ព្រះជាម្ចាស់មានភាពយុត្តិធម៌ក្នុងការដាក់ទោសពួកគាត់។ ពួកគាត់ដឹងថា ការខិតខំប្រឹងប្រែងដ៏ល្អប្រសើរបំផុតរបស់ខ្លួនក្នុងការត្រាប់តាមក្រឹត្យវិន័យនឹងនៅតែខ្វះមិនដល់សិរីល្អរបស់ទ្រង់ទាល់តែសោះ។ វាហាក់បីដូចជាថា អំណោយទានដ៏ធំបំផុតនារដូវកាលណូអែលនេះគឺជាការទទួលស្គាល់របស់កូនៗដែលដឹងថា ខ្លួនស័ក្ដិសមទទួលបានតែសំរាមជាកាដូ។ នេះហើយជាមូលហេតុដែលព្រះអង្គលះបង់នគរស្ថានសួគ៌មកផ្ទំក្នុងផ្ទៃនាងម៉ារាដែលជាមាតារបស់ទ្រង់។ នៅក្នុងកណ្ឌគម្ពីរ កូឡូស ១:១៦ បានចែងថា «ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសម្រាប់ទ្រង់ទាំងអស់ផង»។ គ្រប់របស់ទាំងអស់សុទ្ធតែកើតមកពីទ្រង់ ព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់ ប៉ុន្តែ ព្រះអង្គស្ម័គ្រព្រះទ័យយាងមកយកសណ្ឋានជាទារកដោយពឹងផ្អែកលើការមើលថែរបស់នាង ម៉ារា វិញ។ សាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៥:២១ ថា «ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»។ ព្រះអង្គមិនមានអំពើបាបទាល់តែសោះ ប៉ុន្តែព្រះអង្គបានយាងមក ដើម្បីទទួលយកអំពើបាបរបស់យើង។ ហើយលើសពីនោះទៅទៀត នៅពេលដែលគេចាប់ព្រះអង្គសម្រាប់អំពើល្មើសរបស់យើង ព្រះក៏មានព្រះជន្មរស់ឡើងវិញផងដែរ។
ព្រះអង្គជ្រាបរួចហើយថា យើងស័ក្ដិសមមានឈ្មោះនៅក្នុងបញ្ជីឈ្មោះមនុស្សខិលខូច។ នេះហើយជាមូលហេតុដែលទ្រង់បានយាងមក ដើម្បីសង្គ្រោះយើង។ នេះឯងជាមូលហេតុដែលទ្រង់បានលះបង់សិរីល្អនៃស្ថានសួគ៌ ដើម្បីមកផ្ទំនៅក្នុងផ្ទៃនាង ម៉ារា ដែលជាមាតារបស់ទ្រង់។ «ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង» (២កូរិនថូស ៥:២១)។ ព្រះអង្គបានប្រសូតមក ដើម្បីសុគត។ ហើយប្រសើរជាងនោះទៅទៀត បន្ទាប់ពីគេបានចាប់ទ្រង់សម្រាប់អំពើល្មើសរបស់យើង នោះព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញសម្រាប់ជាការរាប់ជាសុចរិតរបស់យើងដែរ។ កណ្ឌគម្ពីរ រ៉ូម ៤:២៥ បានចែងថា «ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត» (រ៉ូម ៤:២៥ សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ អេសាយ ៥៣ និងទំនុកតម្កើង ២២)។
នារដូវកាលបុណ្យណូអែលនេះ សូមប្រាកដឲ្យច្បាស់ថា លោកអ្នកនឹងទទួលយកអំណោយទាននេះ។ សូមទទួលយកការប្រោសលោះ ទទួលយកការរាប់ជាសុចរិតរបស់ព្រះអង្គ។ សូមចូលមកដោយមានជំនឿ ហើយចេញទៅវិញដោយទទួលបានការរាប់ជាសុចរិតចុះ។
សាវ័ក ប៉ុល បានលើកឡើងថា «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត [តាមរយៈបបូរមាត់របស់យើង យើងអាចថ្លែងប្រាប់ ហើយយើងអាចទទួលបានសេចក្ដីសង្គ្រោះ] ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:៩-១០)។ ប្រសិនបើលោកអ្នកមិនទាន់បានបើកចិត្តទទួលជឿលើព្រះយេស៊ូវនៅឡើយទេ សូមកុំឲ្យថ្ងៃនេះរំលងឲ្យសោះ។ សូមទទួលជឿលើព្រះអង្គឥឡូវនេះ។ ចំពោះអ្នកដែលបានជឿលើព្រះយេស៊ូវហើយ សូមរកឱកាស ដើម្បីផ្សាយដំណឹងល្អទៅកាន់អ្នកដទៃដែរ។
ការឆ្លើយតប
តើព្រះជាម្ចាស់អាចមានភាពយុត្តិធម៌ ហើយក៏អាចជាអ្នកនាំឲ្យមានភាពយុត្តិធម៌ក្នុងពេលតែមួយបានដោយរបៀបណា? តើចំណេះដឹងរបស់យើងអំពីអំពើបាបរបស់ខ្លួនអាចនាំឲ្យយើងកាន់តែស្រឡាញ់ព្រះជាម្ចាស់បានដោយរបៀបណា?
លោក ម៉ាកុស បានលើកឡើងថា «”ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង” នោះហើយជាបញ្ញត្តិទី១ “ឯបញ្ញត្តិទី២ ក៏បែបដូចគ្នា គឺថា “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង” គ្មានបញ្ញត្តិណាទៀតធំជាងបទទាំង២នេះទេ» (ម៉ាកុស ១២:៣០-៣១)។
សព្វថ្ងៃនេះ តើបងប្អូនស្រឡាញ់ព្រះជាម្ចាស់ និងអ្នកជិតខាងរបស់ខ្លួនដែរឬទេ? បើស្រឡាញ់ សូមប្រាប់ដំណឹងល្អដល់ពួកគាត់។ សូមផ្ទៀងជាមួយគ្នា «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះមួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា “ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎”» (រ៉ូម ១០:១៤-១៥)។ ការដែលយើងផ្សាយដំណឹងល្អដល់អ្នកដទៃ គឺជាការដ៏ល្អប្រពៃបំផុតនៅក្នុងជីវិតនេះ។
ការអនុវត្ត
១ថែស្សាឡូនីច ៥:១៥-២២]
១៥ ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ។ ចូរឲ្យយើងប្រយ័ត្ន ហើយកុំធ្វើអំពើអាក្រក់ស្នងនឹងអំពើអាក្រក់ឡើយ។
១៦ ចូរអរសប្បាយជានិច្ច។ ការដែលយើងទទួលបាននូវដំណឹងល្អ ការនោះគួរតែធ្វើឲ្យយើងមានអំណរ។ ហើយការដែលយើងផ្សាយដំណឹងល្អទៅអ្នកដទៃ ហើយគេបើកចិត្តជឿក៏ជាការធ្វើឲ្យយើងមានអំណរដែរ។
១៧ ចូរអធិស្ឋានឥតឈប់ឈរ។ ប្រសិនបើយើងមានការភ័យខ្លាចក្នុងការប្រាប់ដំណឹងល្អដល់អ្នកដទៃ នោះយើងអាចអធិស្ឋានសូមឲ្យព្រះអង្គប្រទាននូវភាពក្លាហានដល់យើងជាមុនសិន។
១៨ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ការដែលយើងអរព្រះគុណដល់ព្រះអង្គគឺជាចំណុចមួយដែលបង្ហាញពីការដែលយើងទទួលជឿព្រះអង្គ។ យើងទទួលស្គាល់ថា អ្វីៗដែលយើងមានគឺមកពីព្រះអង្គទាំងអស់។
១៩ កុំឲ្យពន្លត់ព្រះវិញ្ញាណ។ ប្រសិនបើយើងមិនផ្សាយដំណឹងល្អដល់អ្នកដទៃ ប្រៀបដូចជាយើងបង្ខាំងព្រះវិញ្ញាណដែលធ្វើការក្នុងចិត្តយើងដែរ។
២០ កុំឲ្យមើលងាយការអធិប្បាយឡើយ។ យើងអាចឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះអង្គ យើងឲ្យតម្លៃទៅលើការអធិប្បាយ។
២១ ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ។ វាងាយស្រួលក្នុងការដែលយើងត្រាប់តាមលោកីយ៍ ប៉ុន្តែព្រះអង្គបានបង្គាប់ឲ្យយើងធ្វើអ្វីដែលត្រឹមត្រូវវិញ។
២២ ចូរចៀសចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង។ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងដើរក្នុងផ្លូវដែលត្រឹមត្រូវ។
មតិយោបល់
Loading…