in

កូន​របស់​ព្រះ​ជាម្ចាស់

អភ័យឯកសិទ្ធិ​ដ៏​អស្ចារ្យ​ទាំង​​៧​យ៉ាង

ថ្ងៃ​នេះ តើ​លោក​អ្នក​មាន​អារម្មណ៍​ថា អស់​កម្លាំង​ដែរ​ឬ​ទេ? តើ​លោក​អ្នក​មាន​អារម្មណ៍​ថា ឃ្លាត​​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? ​តើ​មាន​អារម្មណ៍​ថា ​មិន​ស្រួល​ដែរ​ឬ​ទេ? នៅ​ក្នុង​ឯកសារ​នេះ លោក​គ្រូ ធីម ឃែលើរ៍ (Tim Keller) បាន​​លើក​ឡើង​នូវ​​​ចំណុច​៧​យ៉ាង ​ដែល​ជា​អភ័យឯកសិទ្ធិ​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ទ្រង់​ដែល​​សាវ័ក ប៉ុល បាន​និយាយ​​នៅ​​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:១៤-១៧៖

«ហើយ​អស់​អ្នក​ណា​ដែល​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បម្រើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា «ឱ! អ័ប្បា ព្រះ​វរ​បិតា​អើយ!» ហើយ​ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរតក​ដែរ គឺ​ជា​អ្នក​គ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជាមួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជាមួយ​នឹង​ទ្រង់​ដែរ»។

១. សន្តិភាព

យើង​មិន​ត្រូវ​មាន​ការ​ភ័យខ្លាច​ឡើយ ប៉ុន្តែ​ត្រូវ​រីករាយចំពោះ​​អត្ត​សញ្ញាណ​ដែល​ថា​ យើង​ជា​កូន​របស់​ព្រះ​ជាម្ចាស់​វិញ (១៥ក)។ អ្នក​ធ្វើការ​ឲ្យ​គេ ឬ​ក៏​បម្រើ​គេ​ ស្ដាប់​បង្គាប់ ព្រោះ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច ឬ​ខ្លាច​គេ​ធ្វើ​បាប ឬ​ក៏​​ខ្លាច​គេ​បញ្ឈប់​ពី​ការងារ។ល។ ប៉ុន្តែ ទំនាក់ទំនង​រវាង​កូន​ និង​ឪពុក​ម្ដាយ គឺ​មិន​ពាក់​ព័ន្ធ​​នឹង​ការ​ខ្លាច​បាត់​បង់​ទំនាក់​ទំនង​ឡើយ។

២. អំណាច

យើង​មិន​មាន​ឋានៈ​ជា «បាវ​បម្រើ» ទេ ប៉ុន្តែ​យើង​មាន​ឋានៈ​ជា «ពួក​កូន» របស់​ព្រះ​វិញ (១៥ក)។ បាវ​បម្រើ​គ្មាន​អំណាច​​នៅ​ក្នុង​ផ្ទះ​ទេ។ ពួក​គេ​ត្រឹម​តែ​អាច​ធ្វើ​នូវ​អ្វី​ដែល​ចៅហ្វាយ​បាន​ប្រាប់​ឲ្យ​ធ្វើ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោម​ឪពុក​ម្ដាយ​ខ្លួន កូនៗ​មាន​អំណាច​នៅ​​ក្នុង​ផ្ទះ ពោល​គឺ​ពួក​គេ​​មិន​មែន​ជា​អ្នក​បម្រើ​ទេ។ កូនៗ​របស់​ព្រះ​ជាម្ចាស់​បាន​ទទួល​អំណាច​​​លើ​អំពើ​បាប និង​អារក្សសាតាំង។ ក្នុង​កាល​ដែល​ពួក​គេ​​រស់នៅ​លើ​ផែនដី​នេះ ​គឺ​ពួក​គេ​​ត្រូវ​រស់នៅ​ដោយ​ដឹង​ថា ព្រះ​វរបិតា​របស់​ពួក​គេ​គឺ​ជា​ម្ចាស់​នៃ​ផែនដី​នេះ។ ពួក​គេ​​ត្រូវ​មាន​ទំនុក​ចិត្ត ហើយ​​ដើរ​ឲ្យ​សម​ជា​កូន​របស់​ព្រះ​វរបិតា។ កូនៗ​មាន​កិត្តិយស​ក្នុង​ការ​មាន​នាម​ត្រកូល​របស់​ឪពុក​ម្ដាយ ហើយ​តាម​រយៈ​នាម​ត្រកូល​នេះ យើង​ទទួល​បាន​​នូវ​ឋានៈ​ថ្មី​ដ៏​ល្អ។

៣. ភាព​ស្និទ្ធស្នាល

«ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា «ឱ! អ័ប្បា ព្រះ​វរ​បិតា​អើយ!»» (១៥ខ)។ ត្រង់​នេះ យើង​គួរ​បក​ស្រាយ​ភាសា​ដើម​បន្តិច។ ពាក្យ «អ័ប្បា» ជា​ភាសា​អារ៉ាមេក​ ​​មាន​ន័យ​ថា «ឪ ឬ​ក៏​ពុក» ហើយ​ពាក្យ​នេះ​បង្ហាញ​អំពី​ភាព​ស្និទ្ធស្នាល​ដ៏​ខ្លាំង​បំផុត។ ជា​រឿយៗ កូន​មិន​សូវ​ហៅ​ប៉ា​ខ្លួន​ថា «ប៉ា» នោះ​ទេ។ ជា​ទូ​ទៅ គឺ​កូនៗ​តែង​តែ​​បង្ហាញ​ពី​សេច​​ក្ដី​ស្រឡាញ់ និង​ទំនុក​ចិត្ត​ដ៏​ជ្រាលជ្រៅ​ចំពោះ​​ប៉ា​របស់​​ខ្លួន​ដោយ​ប្រើ​ពាក្យ​ផ្សេង​​ដូច​ជា «ឪ» ឬក៏ «ពុក»។ ប៉ុន្តែ ចំណុច​នេះ​ក៏​​អាស្រ័យ​ទៅ​តាម​​តំបន់​ដែរ។ ​ភាគ​ច្រើន មនុស្ស​នៅ​​តាម​ទី​ជន​បទ​​មិន​ទម្លាប់​ប្រើ​ពាក្យ «ប៉ា» ទេ ហើយ​មនុស្ស​ដែល​រស់​នៅ​ក្នុង​ទី​​ក្រុង ឬ​តាម​តំបន់​ទី​ប្រជុំ​ជន​ក៏​មិន​ទម្លាប់​​ប្រើ​ពាក្យ «ឪ» ឬ​ក៏ «ឪពុក» ដែរ។ នៅ​ពេល​ដែល​មនុស្ស​នៅ​តាម​​ទី​ជន​បទ​ប្រើ​ពាក្យ «ឪ» ឬ​ក៏ «ឪពុក» គឺ​បង្ហាញ​អំពី​​ភាព​ស្និទ្ធស្នាល ហើយ​នៅ​ពេល​​ដែល​​មនុស្ស​ដែល​រស់​នៅ​ក្នុង​ទី​​ក្រុង​ ឬ​តាម​តំបន់​ទី​ប្រជុំ​ជន​ប្រើ​ពាក្យ «ប៉ា» នោះ​ក៏​បង្ហាញ​​អំពី​ភាព​ស្និទ្ធស្នាល​ដែរ។ ក្នុង​នាម​​ជា​គ្រីស្ទ​បរិស័ទ នេះហើយ​ជា​របៀប​ដែល​យើង​អាច​នឹង​ហៅ​ព្រះ​អាទិករ​នៃ​ចក្រវាលទាំង​មូល​​ដែល​ពោរ​​ពេញ​ទៅ​ដោយ​អំណាច​ចេស្ដា។ ទ្រង់​គឺ​ជា​ព្រះ​ដែល​ផ្គត់ផ្គង់ ហើយ​ទ្រទ្រង់​​​ជីវិត​ទាំង​អស់​​នៅ​លើ​ចក្រវាល​នេះ!

សម្រង់​សម្ដី​របស់​លោក​គ្រូ ម៉ាទិន លយឌ៍-ច្យូនស៍ (Martyn Lloyd-Jones) ​ពិត​ជា​​សក្ដិសម​នឹង​ចំណុច​នេះ​ណាស់៖ «ចូរ​យើង​កត់​សម្គាល់​លើ​ពាក្យ «ស្រែក​ឡើង»…យើង​ស្រែក​ឡើង​ថា «ឱ! អ័ប្បា ព្រះ​វរបិតា!»។ ពាក្យ​នោះ​ជា​ពាក្យ​ដ៏​ធ្ងន់​មួយ ហើយ​​​សាវ័ក ប៉ុល​​បាន​ប្រើ​វា​ចំ​ៗ​ទៅ​តាម​អត្ថ​ន័យ។ ពាក្យ​នេះ​​មាន​ន័យ​ថា «ស្រែក​ឡើង​យ៉ាង​ខ្លាំង​»… វា​បង្ហាញ​ពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ… ជា​អារម្មណ៍​ភ្លាមៗ​ដែល​កូនៗ​មាន​នៅ​​ពេល​ដែល​​ឃើញ​ឪពុក… ហើយ​មិន​មែន​គ្រាន់​តែ​ជា​អារម្មណ៍​ភ្លាមៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ហាញ​ពី​​ទំនុក​ចិត្ត​ផង​ដែរ (រ៉ូម ៨:៥-១៧, ទំព័រ​២៤០-២៤២)។

៤. ការធានាអះអាង

កណ្ឌ​គម្ពីរ រ៉ូម ៨:១៦ បាន​ចែង​ថា «ហើយ​ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ»។

នៅ​ពេល​ដែល​យើង​ស្រែក​ឡើង​ថា «អ័ប្បា» ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​មក​រួម​ជាមួយ «នឹង​វិញ្ញាណ​យើង» ហើយ​ផ្ដល់​ការ​ធានា​អះអាង​ថា ​យើង​ពិត​ជា​នៅ​ក្នុង​គ្រួសារ​របស់​ព្រះ​ជាម្ចាស់​មែន។ ទោះ​បី​ជា​​មាន​ការ​វែក​ញែក​គ្នា​ជា​ច្រើន​អំពី​ការ​ដែល​ព្រះ​វិញ្ញាណ «ធ្វើ​បន្ទាល់» ក៏​ដោយ ក៏​យើង​នៅ​តែ​​ដឹង​ថា នេះ​ជា​ការ​ធ្វើ​បន្ទាល់​​នៅ​ក្នុង​ចិត្ត​ដែល​​បញ្ជាក់​យ៉ាង​ពិត​ប្រាកដ​​ថា ទ្រង់​ពិត​ជា​ស្រឡាញ់​យើង​ខ្លាំង​ណាស់។

ចូរ​កត់​សម្គាល់៖ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា វិញ្ញាណ​របស់​យើង​បាន​ធ្វើ​បន្ទាល់​រួច​ស្រេច​ហើយ «ព្រះ​វិញ្ញាណ​ទ្រង់…ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង»។ នេះ​មាន​ន័យ​ថា យើង​មាន​ភស្តុតាង​ជា​ស្រេច​ហើយ​ថា ​យើង​ជា​គ្រីស្ទ​បរិស័ទ។ យើង​ដឹង​ថា យើង​បាន​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ ហើយ​យើង​មាន​ក្ដី​សន្យា​របស់​ទ្រង់។ យើង​ឃើញ​ពី​ការ​បំផ្លាស់​បំប្រែ​​​ក្នុង​ជីវិត​រស់នៅ​របស់​យើង ហើយ​យើង​ក៏​បន្ត​រីក​ចម្រើន​ទៀត​​ដែរ។ ភស្តុតាង​ទាំង​ប៉ុន្មាន​នេះ​នាំ​ឲ្យ «វិញ្ញាណ» យើង​ ដែល​ជា​ចិត្ត​របស់​យើង​​មាន​ទំនុក​ចិត្ត​ថា ​យើង​ពិត​ជា​កម្មសិទ្ធិ​របស់​ទ្រង់​មែន។ ប៉ុន្តែ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ព្រះ​វិញ្ញាណ​មក​រួម​ជាមួយ​នឹង​យើង (រួម​ទាំង​អ្វីៗ​ដែល​យើង​​មើល​ឃើញ) ដើម្បី​នឹង​ធ្វើ​បន្ទាល់។ ចំណុច​នេះ​ហាក់​បី​ដូច​ជា​ផ្ដោត​​ទៅ​លើ​ទី​បន្ទាល់​របស់​ព្រះ​វិញ្ញាណ​​នៅ​ក្នុង​ចិត្ត​របស់​យើង។ នេះ​ប្រហែល​ជា​អារម្មណ៍​ដែល​យើង​មាន ​អំពី​ការ​ដែល​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​​ដែល​ទ្រង់​បាន​​យាង​មក​គង់​នៅ​ក្នុង​​យើង​ភ្លាមៗ និង​សេច​​ក្ដី​ស្រឡាញ់​ដែល​ទ្រង់​ចាក់​​​បង្ហូរមក​លើ​យើង។ សាវ័ក ប៉ុល បាន​រៀបរាប់​​អំពី​ចំណុច​នេះ​នៅក្នុង​​កណ្ឌ​គម្ពីរ រ៉ូម ៥:៥ រួច​ម្ដង​ហើយ។ យើង​មិន​មាន​អារម្មណ៍​បែប​នេះ​គ្រប់​ពេល​វេលា ឬ​ក៏​ជា​រឿយៗ​​នោះ​​ទេ ហើយ​ពេល​ខ្លះ​យើង​ក៏​មិន​សូវ​មាន​អារម្មណ៍​បែប​នេះ​ខ្លាំង​ក្លា​​ដែរ។ ប៉ុន្តែ ក្រោយ​ពេល​ដែល​យើង​ស្រែក​ហៅ​អ័ប្បា នោះ​នឹង​មាន​ពេល​​ខ្លះ​ដែល​យើង​មាន​ការ​ធានា​អះអាង​យ៉ាង​ជ្រាល​ជ្រៅ​ថា ទ្រង់​ពិត​ជា​ឪពុក​របស់​យើង​មែន។ នោះ​ហើយ​ជា​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​ធ្វើ​បន្ទាល់​សម្រាប់​យើង​ថា យើង​ពិត​ជា​កូន​​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​មែន។

៥. កេរ្តិ៍​មរតក

នៅ​ក្នុង​កណ្ឌ​គម្ពីររ៉ូម ៨:១៧ បាន​ចែង​ថា «បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរតក​ដែរ…»។ នេះ​មាន​ន័យ​ថា យើង​មាន​អនាគត​ដ៏​ល្អ​​បំផុត! នៅ​សម័យ​មុនៗ កូន​ប្រុស​ច្បង​គឺ​ជា​អ្នក​គ្រង​មរតក។ ឪពុកម្ដាយ​ខ្លះ​មាន​កូន​ច្រើន ហើយ​គេ​ស្រឡាញ់​កូន​គ្រប់ៗ​រូប ប៉ុន្តែ​កូន​ច្បង​ទទួល​ចំណែក​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ ហើយ​ក៏​បន្ត​នាម​ត្រកូល​គ្រួសារ​ដែរ។ នោះ​ជា​របៀប​ដែល​គ្រួសារ​ធំៗ​​រក្សា​ឥទ្ធិពល​របស់​ខ្លួន ដោយ​មិន​ឲ្យ​មាន​ការ​បែកបាក់ ឬ​ក៏​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ​។ (សម្គាល់៖ ការ​ដែល​​សាវ័ក ប៉ុល លើក​យក​​ចំណុច​នេះ​ឡើង គឺ​មិន​មែន​ដើម្បី​គាំទ្រ ឬ​ក៏​បដិសេធ​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​នៅ​សម័យ​​នោះ​ទេ ​តែ​គឺ​ដើម្បី​​ធ្វើ​ជា​បទ​បង្ហាញ​ប៉ុណ្ណោះ។) នៅ​ត្រង់​ចំណុច​នេះ គាត់​បាន​បង្វែរ​បទ​បង្ហាញ​របស់​គាត់​ ដោយ​លើក​ឡើង​ថា គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប «គឺ​ជា​អ្នក​គ្រង​មរត​ក​នៃ​ព្រះ»។ ពិត​ណាស់! នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ ព្រោះ​មាន​តែ​កូន​ច្បង​ប៉ុណ្ណោះ​ដែល​ទទួល​ចំណែក​​មរតក​ពី​​ឪពុកម្ដាយ​ច្រើន​ជាង​គេ។ អ្វី​ដែល​សាវ័ក ប៉ុល កំពុង​តែ​លើក​ឡើង​នោះ​​គឺ​ជាអ្វីៗ​ដែល​ព្រះ​ជាម្ចាស់​បាន​រៀបចំ​ទុក​សម្រាប់​​យើង។ នោះ​ជា​មរតកដ៏​​ធំ និង​អស្ចារ្យ​ណាស់ ហើយ​យើង​ក៏​នឹង​មាន​អារម្មណ៍​ថា​​ខ្លួន​យើង​គ្រប់ៗ​រូប​ពិត​ជា​បាន​ទទួល​ចំណែក​នៃ​សិរីល្អ​ដ៏​អស្ចារ្យ​រៀងៗ​ខ្លួន​ដែរ។

៦. ការ​ដាក់​វិន័យ

កណ្ឌ​គម្ពីររ៉ូម ៨:១៧ បាន​ចែង​ទៀត​ថា «បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរតក​ដែរ…ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ»។ ឪពុក​តែងតែ​ដាក់​វិន័យ​លើ​កូនៗ​របស់​ខ្លួន។ នៅ​ពេល​ដែល​ឪពុកម្ដាយ​ដាក់​វិន័យ​​លើ​កូនៗ គឺ​ពួក​គាត់​កំពុង​តែ​បង្រៀន​កូនៗ​ឲ្យ​ស្គាល់​ពី​​ការ​ឈឺ​ចាប់​ដ៏​តិច​តួច ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​គេច​ចេញ​ពី​ឥរិយាបថ ​ដែល​នឹង​នាំ​ឲ្យ​ពួក​គាត់​ជួប​ប្រទះ​នូវ​​ការ​ឈឺ​ចាប់​​ធ្ងន់ធ្ងរ​ជាង​នោះ​ទៅ​ទៀត​​នៅ​ពេល​​អនាគត។ កណ្ឌ​គម្ពីរ ហេព្រើរ ១២:៩-១០ ពន្យល់បន្ថែម​​ទៀត​ថា «…យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម​ដែល​វាយ​ផ្ចាល​យើង…តែ​…ចំណែក​ព្រះ​ដែល​ទ្រង់​វាយ​ផ្ចាល នោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ»។ ឪពុក​ល្អ​នឹង​ដាក់​វិន័យ​កូន​ៗ​​ដោយ​សេច​​ក្ដី​ស្រឡាញ់។ គាត់​នឹង​មិន​ប្រើ​អំណាច​របស់ខ្លួន​​ដោយ​ភាព​អាត្មានិយម ដើម្បី​បំពេញ​ចិត្ត​​របស់​​គាត់​ថា មាន​តែ​គាត់​ប៉ុណ្ណោះ​​ដែល​ជា​អ្នក​គ្រប់​គ្រង ឬ​ក៏​មាន​អំណាច​​នោះ​ទេ​។ ប៉ុន្តែ គាត់​ក៏​នឹង​មិន​ត្រូវ​ការ​សេច​ក្ដី​ស្រឡាញ់ ឬ​ក៏​ការ​ស្រុះស្រួល​ពី​កូនៗ​របស់​គាត់​​ដែរ រហូត​ដល់​ចំណុច​ដែល​គាត់​នឹង​មិន​ហ៊ាន​ប្រព្រឹត្តិ​នូវ​អ្វីៗ​ដែល​ពិបាក​ធ្វើ​នោះ​ឡើយ។ នេះ​ជា​អភ័យឯកសិទ្ធិ (ដ៏​ឈឺ​ចាប់) ដែល​ឪ​​ពុក​ម្នាក់​​ប្រកប​ដោយ​សេច​​ក្ដី​ស្រឡាញ់​ដ៏​ធំ​​បំផុត​នៅ​​លើ​ចក្រវាល​នេះ​ដាក់​វិន័យ​យើង។

៧. ភាព​ស្រដៀង​គ្នា​នៅ​​ក្នុង​គ្រួសារ

នៅ​ក្នុង​កណ្ឌ​គម្ពីររ៉ូម ៨:១៧ បាន​ចែង​ទៀត​ថា «យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់»។ គ្រីស្ទ​បរិស័ទ​នឹង​ទទួល​ការ​រងទុក្ខ ​មិន​មែន​ដោយ​សារ​​នោះ​​ជា​​ការ​ឈឺ​ចាប់​នៃ​​​​លោកីយ៍​ដែល​មនុស្ស​គ្រប់​រូប​ជួប​ប្រទះ​ទេ ប៉ុន្តែ​ដោយ​​ព្រោះ​ពួក​យើង​ជា​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ​វិញ។ គេ​បាន​បដិសេធ​ព្រះ​គ្រីស្ទ​ដោយ​សារ​លក្ខណសម្បត្តិ​របស់​ទ្រង់ និង​ដោយ​​ព្រោះ​ទ្រង់​បាន​យាង​មក​​បើក​សម្ដែង​​ឲ្យ​គេ​ឃើញ​អំពើ​បាប​របស់​ខ្លួន​ ហើយ​​ក៏​បាន​ព្រមាន​ពួក​គេ​អំពី​​ការ​ជំនុំ​ជម្រះ​​ដែល​នឹង​កើត​ឡើង ព្រម​ទាំង​​បាន​ប្រាប់​​​គេ​ថា គេ​អាច​ទទួល​បាន​​សេច​ក្ដី​សង្គ្រោះ​តាម​រយៈ​ទ្រង់។ ជា​មួយ​គ្នា​នោះ​ដែរ គ្រួសារ​របស់​ព្រះ​អង្គ​ក៏​នឹង​ទទួល​រងទុក្ខ​វេទនា​​ដូច​ជា​​ទ្រង់​ដែរ នៅ​ពេល​ដែល​គេ​រស់នៅ​សម្រាប់​ទ្រង់ និង​​និយាយ​ជំនួស​ទ្រង់។ យើង​មាន​ឱកាស​រស់នៅ​ដូច​ទ្រង់! ព្រះ​ជាម្ចាស់​ធ្វើ​ការ​នៅ​​ក្នុង​យើង និង​តាម​រយៈ​កាលៈទេសៈ​របស់​យើង ដើម្បី «ឲ្យ [យើង] បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន» (រ៉ូម ៨:២៩)។ ទោះ​បើ​យើង​ជា​កូន​ចិញ្ចឹម​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​បាន​បណ្ដុះ​លក្ខណសម្បត្តិ​របស់​ព្រះ​គ្រីស្ទ​​នៅ​ក្នុង​យើង​ដែរ។ ក្នុង​នាម​ជា​កូន​របស់​ព្រះ​ជាម្ចាស់ យើង​នឹង​ចាប់​ផ្ដើម​មាន​លក្ខណៈ​ដូច​ជា​ព្រះ​រាជ​​បុត្រា​របស់​ទ្រង់។ នៅ​ពេល​ដែល​យើង​កាន់​តែ​ទ្រាំ​ទ្រ​នៅ​ក្នុង​ការ​រងទុក្ខ​ដូច​ជា​គ្រួសារ​ទ្រង់ នោះ​យើង​នឹង​កាន់​តែ​មាន​លក្ខណសម្បត្តិ​ដូច​ជា​រូប​អង្គ​​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ហើយ​ចំណុច​​នេះ​នឹង​​បង្ហាញ​ចេញ​នៅ​​ក្នុង​អត្តចរិត និង​ឥរិយាបថ​របស់​យើង។ នេះ​ហើយ​​ជា​របៀប​ដែល​គ្រីស្ទ​បរិស័ទ​សម្លឹងឆ្ពោះទៅ​កាន់​ការ​បៀតបៀន ដោយ​រាប់​វា​ថា​ជា​អភ័យឯកសិទ្ធិ (កិច្ចការ ៥:៤១; ១ពេត្រុស ៤:១៣, ១៦)។ យើង​មាន​ឱកាស​ទទួល​បាន​លក្ខណសម្បត្តិ​ដូច​ទ្រង់!

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Timothy Keller
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegoodbook.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រទាន​ជីវិត

កុំលាក់​ពន្លឺ