in ,

គ្រីស្ទបរិស័ទ និង​អារក្ស

Christians and Demons

តើ​អារក្ស​អាច​ចូល​គ្រីស្ទ​បរិស័ទ​បាន​ដែរ​ឬ​ទេ? ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​គង្វាល​ម្នាក់ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ដែល​គេ​សួរ​សំណួរ​នេះ​មក​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​ចម្លើយ​មិន​មែន​សាមញ្ញ​នោះ​ទេ។ បើ​តាម​រយៈ​ពាក្យ​ថា «អារក្ស​ចូល» យើង​ចង់​មាន​ន័យ​ថា អារក្ស​បាន​គ្រប់គ្រង​លើ​បុគ្គល​ណា​ម្នាក់​រហូត​ដល់​ថា គាត់​មិន​អាច​ថ្វាយ​បង្គំ​ព្រះ​អង្គ មិន​អាច​ស្ដាប់​បង្គាប់​ព្រះ​អង្គ ឬ​ថា​វា​គ្រប់គ្រង​លើ​អាកប្បកិរិយា​របស់​បុគ្គល​នោះ​ទាំង​ស្រុង នោះ​ចម្លើយ​ច្បាស់​ជា​ថា អារក្ស​មិន​អាច​ចូល​គ្រីស្ទ​បរិស័ទ​បាន​ឡើយ។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ពេល​ដែល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​បាន​ចូល​មក​ក្នុង​ជីវិត​អ្នក​ណា​ម្នាក់ ការ​នោះ​នឹង​រារាំង​មិន​ឲ្យ​មាន​ការ​គ្រប់គ្រង​បែប​នោះ​ពី​អារក្ស​ឡើយ។

  • អំពើ​បាប​នឹង​មិន​មាន​អំណាច​លើ​គ្រីស្ទ​បរិស័ទ​ដែល​បាន​ទទួល​ការ​រស់​ឡើង​វិញ​ជាមួយ​នឹង​ព្រះ​យេស៊ូវ​ឡើយ (រ៉ូម ៦:១៤)។
  • ព្រះ​ជាម្ចាស់​គង់​ក្នុង​រាស្ត្រ​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​ដើរ​ជាមួយ​នឹង​ពួក​គេ​ដែរ ដែល​នេះ​ស​ឲ្យ​ឃើញ​ថា រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ និង​សាតាំង​មិន​អាច​មាន​ការ​ប្រកប​គ្នា​បាន​ឡើយ (២កូរិនថូស ៦:១៥-១៦)។
  • ព្រះ​វិញ្ញាណ​នៃ​ព្រះ​ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​អ្នក​ជឿ គឺ​មាន​អំណាច​ខ្លាំង​ជាង​អារក្ស​ទៅ​ទៀត (១យ៉ូហាន ៤:៤)។
  • អ្នក​ជឿ​មិន​មែន​ជា​ជាតិ​សាសន៍​នៃ​នគរ​របស់​សេចក្តី​ងងឹត​ទៀត​ឡើយ ប៉ុន្តែ​ជា​ជាតិ​សាសន៍​នៃ​នគរ​របស់​​ព្រះ​យេស៊ូវ​វិញ (កូឡុស ១:១៣)។

ដូច្នេះ យើង​ត្រូវ​តែ​បដិសេធ​គំនិត​ដែល​គេ​លើក​ឡើង​ថា អារក្ស​អាច​ចូល អាច​គ្រប់គ្រង ឬ​ក៏​ត្រួតត្រា​លើ​គ្រីស្ទ​បរិស័ទ​បាន។ ព្រះ​យេស៊ូវ​បាន​ចង​សាតាំង ហើយ​ក៏​បាន​លែង​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​អំណាច​របស់​វា​រួច​ហើយ (ម៉ាថាយ ១២:២៩)។ វា​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​ដែល​សាតាំង​ប្រើ​អំណាច​របស់​វា​មក​លើ​បុគ្គល​ណា​ម្នាក់​ដែល​ព្រះ​យេស៊ូវ​បាន​ទិញ​ដោយ​ព្រះ​លោហិត​របស់​ទ្រង់​នោះ។

ប៉ុន្តែ បើ​យើង​ដក​ពាក្យ «ចូល» នេះ​ចេញ ហើយ​ប្រើ​ពាក្យ​ទាក់ទង​នឹង​អារក្ស​ដូច​ជា «ជះ​ឥទ្ធិពល» ឬ «ទាស់​ប្រឆាំង» នោះ​យើង​អាច​នឹង​គិត​បាន​យ៉ាង​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ និង​អារក្ស​បាន។ យើង​អាច​ឃើញ​ពី​ការ​នេះ​ក្នុង​បទ​ពិសោធន៍​របស់​ស្ដេច ដាវីឌ ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ ១របាក្សត្រ ២១:១៖

«គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊‌ីស្រាអែល បណ្ដាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្ដា​រាស្ត្រ​ទាំង​ឡាយ។»

យើង​មិន​ដឹង​យ៉ាង​ប្រាកដ​អំពី​របៀប​ដែល​សាតាំង «បណ្ដាល​ឲ្យ» ស្ដេច ដាវីឌ រាប់​ចំនួន​រាស្ត្រ​នោះ​ទេ ប៉ុន្តែ​យើង​ដឹង​ថា វា​ជា​ចំណែក​ដ៏​ធំ​មួយ​នៃ​ផែនការ​របស់​សាតាំង​ក្នុង​ការ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ លោក យ៉ូប បាន​ប្រឈម​មុខ​យ៉ាង​ស្មោះ​ត្រង់​នឹង​ការ​ទាស់​ប្រឆាំង​របស់​សាតាំង ប៉ុន្តែ​ស្ដេច ដាវីឌ បែរ​ជា​បាន​ចុះ​ចូល​នឹង​ការ​ល្បួង​ដោយ​សារ​ទ្រង់​មាន​អំនួត​នឹង​ហ្វូង​ទ័ព​ដ៏​ធំ។ ប៉ុន្តែ ចេញ​ពី​រឿង​នេះ យើង​មិន​អាច​សន្មត​ថា ស្ដេច ដាវីឌ (ឬ​ក៏​អ្នក​ណា​ផ្សេង​ទៀត​ក្នុង​ប្រទេស​អ៊‌ីស្រាអែល) បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អារក្ស​សាតាំង​ដោយ​អចេតនា​នោះ​ទេ។

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​ថា សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូវ​ក្នុង​ទី​រហោស្ថាន អ្នក​នាំ​សារ​ពី​អារក្ស​បាន​មក​ធ្វើ​បាប​សាវ័ក ប៉ុល ហើយ​ក៏​បាន​ឃាត់​ផែនការ​របស់​គាត់​ទៀត​ផង (២កូរិនថូស ១២:៧; ១ថែសាឡូនីច ២:១៨)។ ហើយ​យើង​ក៏​ដឹង​ដែរ​ថា អារក្ស​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន (១ពេត្រុស ៥:៨)។ អារក្ស​សាតាំង​មាន​បំណង​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ប្រឆាំង​នឹង​ពួក​គេ​ខាង​ឯ​ព្រលឹង​វិញ្ញាណ ព្រម​ទាំង​វាយ​លុក ទាំង​បាញ់​ព្រួញ​ភ្លើង​ដាក់​ពួក​គេ​ទៀត​ផង (អេភេសូរ ៦:១១-១៦)។ ពិត​ណាស់ អារក្ស​សាតាំង​អាច​ល្បួង ជះ​ឥទ្ធិពល​លើ ក៏​ដូច​ជា​ទាស់​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​បាន ប៉ុន្តែ​វា​មិន​អាច «ចូល» ឬ​ក៏ «ស្ថិត» លើ​គ្រីស្ទ​បរិស័ទ​បាន​ឡើយ បើ​យោង​តាម​ភស្តុតាង​ក្នុង​ព្រះ​គម្ពីរ។

ចំណាំ៖ យើង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Mike McKinley
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, និងលោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី Did the Devil Make Me Do it? ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. គ្រីស្ទានពិតប្រាកដ គឺនឹងមានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយ អារក្សមិនអាចប៉ះពាល់បាន។ តែវាមិនបោះបង់នឹងរង់ចាំឱកាសឡើយ។ តែគ្រីស្ទបរិស័ទតែនាមខាងក្រៅទេ ដែលអារក្សវាលេងសើចបានតាមចិត្ត។

  2. នាង​ខ្ញុំមានចម្ងល់មួយ ដោយសារតែមានបងប្អូនរួមជំនឿនៅក្នុងព្រះវិហាររបស់នាងខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពនោះ គឺអារក្សបានគ្រប់គ្រងទៅលើគាត់ និង ក្រុមគ្រួសាររបស់គាត់។​ហើយបងប្អូនរួមជំនឿព្រមទាំង លោកគ្រូគង្វាល កំពុងតែអធិស្ថានសម្រាប់ការនោះទៅកាន់ព្រះជាម្ចាស់ដើម្បីអោយទ្រង់បានមានផែនការ ក៏ដូចជាដកកានោះចេញពីគ្រួសារនោះ ។ ហើយនាងខ្ញុំក៏មិនអាចសន្និស្ថានថាជំនឿរបស់គាត់មានកម្រិតប៉ុនណានោះទេ​ ព្រោះយើងមិនអាចវិនិឆ័យជំនឿ​របស់នណារម្នាក់បានឡើយ៕ ប៉ុន្តែនាងខ្ញុំបានឃើញថាគ្រួសារ របស់គាត់ពឹតជាមានភាពការបម្រើ​ ស្រលាញ់ នឹង មានជំនឿទៅលើព្រះខ្លាំងណាស់។

    នាងខ្ញុំចង់សួរសំណួរថា សម្រាប់ករណីនេះតើលោកគ្រូគង្វាល មានយោបល់យ៉ាងណាដែរ?

    • ចំពោះ​ករណី​នេះ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ឆ្លើយ​ព្រោះ​ខ្ញុំ​មិន​សូវ​ដឹង​ស្ថានភាព​ផ្ទាល់ ប៉ុន្តែ​យោងតាម​ឯកសារ​ដែល​បាន​បក​ស្រាយ យើង​ឃើញ​យ៉ាង​ច្បាស់​ថា អារក្ស​មិន​អាច​ចូល​ក្នុង​អ្នក​ជឿ​បាន​ឡើយ ដ្បិត​ព្រះ​វិញ្ញាណ​គង់​នៅ​ក្នុង​យើង ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា តាម​ឧទាហរណ៍​មួយ​ចំនួន​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​មាន​ការ​អនុញ្ញាត​ឲ្យ​អារក្ស​ទៅ​ធ្វើ​បាប ឬ​ក៏​ល្បងល​អ្នក​ណា​ម្នាក់។ ក្នុង​លោកុប្បត្តិ​ជំពូក​៣ អារក្ស​បាន​មក​ល្បង​លោក អ័ដាម និង​នាង អេវ៉ា ហើយ​ពួកគាត់​បាន​ធ្លាក់​ក្នុង​ការ​ល្បង ដែល​នោះ​បាន​នាំ​ឲ្យ​មាន​អំពើ​បាប​មក​ចូល​ក្នុង​ផែនដី​យើង។ ឧទាហរណ៍ ក្នុង​ជីវិត​ស្ដេច សុល ទ្រង់​បាន​មាន​ការ​ធ្វើ​បាប​ពី​អារក្ស​ដែល​នាំ​ទ្រង់​ឲ្យ​ព្យាយាម​សម្លាប់​លោក ដាវីឌ។

      ១សាំយូអែល ១៨:១០-១៩៖

      «១០លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​សូល បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្ដី​ក្រោធ​នៅ​កណ្ដាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ​ហស្ត​ផង ឯ​ដាវីឌ​ក៏​ចាប់​លេង​ភ្លេង​ឡើង​ដូច​កាល​សព្វ​១​ដង
      ១១ខណ​នោះ សូល​ទ្រង់​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា អញ​នឹង​ចាក់​ទំ​លុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​២​ដង
      ១២ដូច្នេះ​សូល​ទ្រង់​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ
      ១៣ហេតុ​ដូច្នោះ​សូល​ទ្រង់​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​ដំរូវ​ឲ្យ​ធ្វើ​ជា​មេ​ទ័ព​លើ​១​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្ដា​ទ័ព​ចេញ​ចូល
      ១៤លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​ផង
      ១៥កាល​សូល​ទ្រង់​ឃើញ​ថា​ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ នោះ​ទ្រង់​កោត​ខ្លាច​ដល់​លោក
      ១៦តែ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ទាំង​ប៉ុន្មាន​គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ពី​ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល ។
      ១៧នៅ​គ្រា​នោះ សូល​មាន​បន្ទូល​ទៅ​ដាវីឌ​ថា មើល អញ​នឹង​ឲ្យ​នាង​ម្រ៉ាប ជា​កូន​ច្បង​របស់​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​បាន​ធ្វើ​ជា​អ្នក​ក្លាហាន សំរាប់​អញ ហើយ​ច្បាំង​ចំបាំង​នៃ​ព្រះ​យេហូវ៉ា​ចុះ ពី​ព្រោះ​សូល​មាន​បំណង​ថា កុំ​ឲ្យ​ដៃ​នៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​ធ្វើ​វិញ​ចុះ
      ១៨ដាវីឌ​ទូល​ឆ្លើយ​នឹង​សូល​ថា តើ​ទូល​បង្គំ​ជា​អ្វី ឬ​ជីវិត​ទូល​បង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួ​នៃ​ឪពុក​ទូល​បង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រាអែល បាន​ជា​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ​ជា​កូន​ប្រសា​នៃ​ទ្រង់​ព្រះ​ករុណា​ដូច្នេះ
      ១៩តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម្រ៉ាប ជា​បុត្រី​សូល ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​បាន​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រីអែល ជា​ពួក​មហូឡា​វិញ»។

      សាតាំង​ក្នុង​បាន​មក​ល្បង​ស្ដេច ដាវីឌ ដែរ (១ពស្សវតាក្សត្រ ២១:១-៣០)។

      ខគម្ពីរ១ បាន​ចែង​ថា «គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊ីស្រាអែល បណ្ដាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្ដា​រាស្ត្រ​ទាំង​ឡាយ»។ ការ​ដែល​ស្ដេច ដាវីឌ បាន​ប្រព្រឹត្ត​បែប​នោះ​បាន​នាំ​ឲ្យ​មាន «ជំងឺ​អាសន្ន​រោគ​កើត​ឡើង​ក្នុង​ស្រុក» (ខ១២)។

      ក្នុង​កណ្ឌគម្ពីរ យ៉ូប ១:១-២:១-១៣ យើង​ឃើញ​ថា សាតាំង​បាន​សុំ​សិទ្ធិ​ពី​ព្រះ​ជាម្ចាស់​ក្នុង​ការ​ល្បងល​ជំនឿ​របស់​លោក យ៉ូប លើ​ព្រះ​ជាម្ចាស់ (សូម​បង​អាន​ជំពូក​ទាំង​ពីរ​នោះ)។ យ៉ូប ១:៩-១២ «៩សាតាំង​ទូល​ឆ្លើយ​ដល់​ព្រះ​យេហូវ៉ា​ថា ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ​អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ
      ១០តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ​ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែន​ដី
      ១១ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ត្រ
      ១២ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ​យេហូវ៉ា​ទៅ»។

      យើង​ឃើញ​ការ​សុំ​សិទ្ធិ​ម្ដង​ទៀត​នៅ​ក្នុង​ជំពូក​២:៤-៥ «៤សាតាំង​ទូល​តប​ថា ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ
      ៥ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ត្រ»។

      សរុប​សេចក្ដី​ទៅ យើង​ឃើញ​ថា ពេល​ខ្លះ​ព្រះ​ជាម្ចាស់​អនុញ្ញាត​ឲ្យ​អារក្ស​មក​ល្បងល​បុគ្គល ឬ​ក៏​គ្រួសារ​ណា​មួយ ដើម្បី​ល​ជំនឿ​របស់​គាត់ ប៉ុន្តែ យើង​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ដឹង​ពី​មូល​ហេតុ​ដែល​រឿងរ៉ាវ​ផ្សេងៗ​កើត​ឡើង​ក្នុង​ជីវិត​យើង ដូច​នៅ​ក្នុង​ករណី​លោក យ៉ូប ព្រះ​គម្ពីរ​មិន​ដែល​លើក​ឡើង​ថា គាត់​ដឹង​ពី​ការ​ដែល​សាតាំង​បាន​ទៅ​និយាយ​ជាមួយ​ព្រះ​ជាម្ចាស់ សុំ​សិទ្ធិ​ល្បងល​គាត់​ឡើយ។

      អ្វី​ដែល​យើង​អាច​ទុក​ចិត្ត​បាន​យ៉ាង​ប្រាកដ​គឺ​ត្រង់​ថា «…បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន» (រ៉ូម ៨:៣១)។

  3. ត្រូវហើយអារក្សមិនអាចចូលអ្នកជឿព្រះបានទេនេះជាចម្លើយដ៏ត្រឹមត្រូវ ព្រោះអ្នកជឿព្រះពិតប្រាកមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយហើយ មានអ្នកជឿព្រះមួយចំនួនមានវិញ្ញាណអារក្សចូលពេលថ្វាយបង្គំ រឺអធិស្ធានខ្ញុំឃើញច្រើនដងណាស់នៅវិហារ ពេលមានកម្មវិធីធំៗម្តងៗ វាជាចម្ងល់មួយដែលយើងឆ្លល់? នោះមានន័យថាគាត់ខ្លួនឯងជាអ្នកអនុញ្ញាតអោយវាចូលតាមរយះការរស់នៅរបស់គាត់ ការគិតរបស់គាត់ ការប្រព្រឹត្តរបស់គាត់ ដែលមិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះ អ្វីដែលគាត់ធ្វើគឺបានបណ្តេញព្រះវិញ្ញាណបរិសុទ្ធចេញ ហើយបានអនុញ្ញាតអោយវិញ្ញាណអារក្សគ្រប់គ្រងគាត់ដោយមិនដឹងខ្លួន។ ជំនឿដែលគ្មានការប្រព្រឹត្តតាមព្រះបន្ទូលគឺជាជំនឿដែលស្លាប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចុះចូលចំពោះប្តី

តម្រូវការ & ចំណង់ចិត្ត