in

អំពើបាប និងបញ្ញាចិត្ត

ចំណង់​បើ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ឥត​សៅហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ​វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជា​និច្ច នោះ​នឹង​សម្អាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​
ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់
តើ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។
(ហេព្រើរ ៩:១៤)

មាន​រឿង​ខ្លះ វា​មិន​ចេះ​ប្រែប្រួល​ឡើយ។ បញ្ហា​នៃ​បញ្ញា​ចិត្ត​ស្មោក​គ្រោក មាន​ចាប់​តាំង​ពី​សម័យ​លោក អ័ដាម និង​អេវ៉ា​មក​ម៉្លេះ។ នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​បាប​ភ្លាម បញ្ញា​ចិត្ត​ពួក​គេ​បាន​ក្លាយ​ជា​ស្មោក​គ្រោក។ ពេល​នោះ​ពួក​គេ​បាន​ដឹង​ថា ភាព​ពិរុទ្ធ​របស់​ពួក​គេ​មាន​ភាព​ធ្ងន់ធ្ងរ។ អំពើ​បាប​របស់​ពួក​គេ​បាន​បំផ្លាញ​ទំនាក់​ទំនង​រវាង​ពួក​គេ​នឹង​ព្រះ​ជាម្ចាស់ ដោយ​ពួក​គេ​បាន​រត់​ពួន​ទ្រង់។ អំពើ​បាប​ ឬ​បញ្ញា​ចិត្ត​ស្មោក​គ្រោក​នោះ​ក៏​បាន​បំផ្លាញ​ទំនាក់​ទំនង​រវាង​ពួក​គេ​ទាំង​ពីរ​នាក់​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។ អំពើ​បាប​នោះ​ក៏​បាន​បំផ្លាញ​ភាព​សុខសាន្ត​ក្នុង​ចិត្ត​របស់​ពួក​គេ​ផ្ទាល់ ហើយ​ពេល​នោះ​ឯង​ជា​ពេល​ដែល​ពួក​គេ​មើល​ខ្លួន​ឯង​ថា នៅ​ជា​អាក្រាត និង​មាន​ភាព​អាម៉ាស់​ជា​លើក​ដំបូង។

ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល​តែង​តែ​លើក​ពី​រឿង​ទាក់​ទង​ទៅ​នឹង​បញ្ញា​ចិត្ត​ដ៏​ស្មោក​គ្រោក​នេះ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត។ ការ​ថ្វាយ​សត្វ​ជា​យញ្ញ​បូជា​មិន​អាច​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​របស់​ខ្លួន​បាន​ជ្រះ​ស្អាត​នោះ​ទេ។ «…តង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ ដ្បិត​មាន​តែ​សេចក្ដី​បញ្ញត្តិ​ខាង​សាច់​ឈាម​ទេ ដែល​សំដែង​ពី​ម្ហូបម្ហា និង​គ្រឿង​ផឹក ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀបចំ​ឲ្យ​ត្រឹមត្រូវ​ឡើង​វិញ» (ហេព្រើរ ៩:៩-១០)។ ការ​ដែល​ព្រះ​ជាម្ចាស់​បាន​រាប់​ឈាម​សត្វ​ជា​ការ​គ្រប់​គ្រាន់​ក្នុង​ការ​សម្អាត​បាប​ខាង​ឯ​សាច់​ឈាម តែ​មិន​អាច​សម្អាត​បញ្ញា​ចិត្ត​របស់​យើង​បាន ព្រោះ​វា​គ្រាន់​តែ​ជា​ពិធីបុណ្យ​មួយ​ប៉ុណ្ណោះ ព្រះ​គម្ពីរ​បាន​ចែង​ទុក​ជា​មុន​ហើយ​ថា ព្រះ​ជាម្ចាស់​នឹង​រាប់​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​ជា​ការ​គ្រប់​គ្រាន់​ក្នុង​ការ​សម្អាត​បញ្ញាចិត្ត​របស់​យើង។

គ្មាន​ឈាម​សត្វ​ណា​អាច​លាង​ជម្រះ​បញ្ញា​ចិត្ត​យើង​ឲ្យ​បាន​ស្អាត​នោះ​ទេ។ ពួក​សាសន៍​អ៊‌ីស្រាអែល​បានដឹង​ពី​ការ​នេះ​រួច​ហើយ (សូម​អាន​កណ្ឌ​គម្ពីរ អេសាយ ៥៣ និង​ទំនុកដំកើង ៥១)។ ហើយ​យើង​ទាំង​អស់​គ្នា​ក៏​បាន​ដឹង​ពី​ការ​នេះ​ហើយ​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​សម្ដេច​សង្ឃ​ថ្មី​មួយ​អង្គ​បាន​យាង​មក​ដោយ​ភ្ជាប់​មក​ជា​មួយនឹង​យញ្ញ​បូជា​ដ៏​ប្រសើរ​ជាង គឺ​ជា​រូប​អង្គ​ទ្រង់​ផ្ទាល់​ដែល​មាន​ព្រះ​នាម​ថា ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់។ ទ្រង់​បាន​យាង​មក ហើយ​ថ្វាយ​រូប​អង្គ​ទ្រង់​ជា​យញ្ញ​បូជា​ដល់​ព្រះ​ជាម្ចាស់ «ចំណង់​បើ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ឥត​សៅហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ​វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជា​និច្ច នោះ​នឹង​សម្អាត ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា​ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ តើ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត» (ហេព្រើរ ៩:១៤)។ ការ​ថ្វាយ​សត្វ​ជា​យញ្ញ​បូជា គឺ​ជា​និមិត្ត​តំណាង​អំពី​ការ​ថ្វាយ​ព្រះ​រាជបុត្រា​ជា​យញ្ញ​បូជា​នៅ​ចុង​ក្រោយ។ ឯ​ការ​សុគត​របស់​ព្រះ​រាជបុត្រា​នោះ​មាន​អំណាច​អាច​អត់​ទោស​បាប​របស់​មនុស្ស​តាំង​ពី​ដើម​មក​ម៉្លេះ ហើយ​ក៏​មាន​អំណាច​អាច​អត់​ទោស​បាប​របស់​មនុស្ស​ទាំង​អស់​នៅ​ថ្ងៃ​អនាគត​បាន​ផង​ដែរ។

ទោះ​បើ​ឥឡូវ​នេះ យើង​កំពុង​ស្ថិត​នៅ​ក្នុង​យុគសម័យ​ទំនើប ជា​យុគសម័យ​វិទ្យាសាស្ត្រ អ៊ីនធឺណិត ការ​ដោះដូរ​សរីរាង្គ​របស់​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ការ​ផ្ញើ​សារ​រហ័ស​ទាន់ចិត្ត ឬ​ទូរស័ព្ទ​ក៏​ដោយ ក៏​បញ្ហា​របស់​យើង​នៅ​តែ​មាន​ដដែល​គឺ​ថា បញ្ញា​ចិត្ត​របស់​យើង​នៅ​តែ​ថ្កោល​ទោស​យើង។ យើង​មាន​អារម្មណ៍​ថា យើង​មិន​ល្អ​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់។ ហើយ​ទោះ​បើ​បញ្ញា​ចិត្ត​របស់​យើង​ថា ខ្លួន​យើង​ស្មោះត្រង់​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ដឹង​យ៉ាង​ពិត​ប្រាកដ​ថា យើង​មិន​ល្អ​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​នោះ​ឡើយ។

ទោះបើ​យើង​អារ​សាច់​ខ្លួន​ឯង ឬ​ក៏​បោះ​កូន​របស់​យើង​ទៅ​ក្នុង​ទន្លេ​ដ៏​ស័ក្ដិសិទ្ធិ ឬ​ឲ្យ​លុយ​មួយ​លាន​ដុល្លារ​ទៅ​សមាគមន៍​ចាំ​ជួយ​សង្គមជាតិ​របស់​ខ្លួន ឬ​ស្ម័គ្រ​ចិត្ត​ធ្វើ​ម្ហូប​សម្រាប់​អ្នកក្រ ឬ​ដាក់​ទោស​ខ្លួន​ឯង​ដោយ​ធ្វើ​ឲ្យ​ខ្លួន​មាន​របួស​ក៏​ដោយ ក៏​លទ្ធផល​នឹង​នៅ​តែ​ដដែល​ដែរ៖ ស្នាម​ប្រឡាក់​នៅ​តែ​មាន​នៅ​ក្នុង​បញ្ញាចិត្ត ហើយ​សេចក្ដី​ស្លាប់​នៅ​តែ​ធ្វើ​ឲ្យ​យើង​ភ័យរន្ធត់។ យើង​ដឹង​ហើយ​ថា បញ្ញា​ចិត្ត​របស់​យើង​បាន​ខូច មិន​មែន​តាម​រយៈ​ការ​ប៉ះពាល់​របស់​អ្វី​មួយ​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ដូច​ជា៖ ការ​ប៉ះពាល់​សាកសព ឬ​ការ​បរិភោគ​សាច់​ជ្រូក​នោះ​ឡើយ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គឺ​ជា​សេចក្ដី​ដែល​ចេញ​មក​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក​វិញ​មិន​មែន​ពី​អ្វី​ដែល​ចូល​ទៅ​ខាង​ក្នុង​ធ្វើ​ឲ្យ​ស្មោក​គ្រោក​នោះ​ឡើយ (ម៉ាកុស ៧:១៥-២៣)។ ចិត្ត​យើង​ស្មោក​គ្រោក​ដោយ​សារ៖ អំនួត ការ​គិត​តែ​ពី​រឿង​អវិជ្ជមាន​ដែល​បាន​កើត​ចំពោះ​ខ្លួន ភាព​ល្វីងជូរចត់ ការ​ស្រើបស្រាល ការ​ឈ្នានីស ច្រណែន សេចក្ដី​លោភ ការ​ព្រងើយ​កន្តើយ ការ​ភ័យខ្លាច និង​ផលផ្លែ​ផ្សេងៗ​ទៀត​ដែល​អំពើ​ទាំង​អស់​នេះ​បង្កើត​ឲ្យ​មាន។ ទាំង​អស់នេះ​គឺ​ជា «កិច្ចការ​ខាង​ឯ​សេចក្តី​ស្លាប់» (ហេព្រើរ ៩:១៤ គគខ)។ អំពើ​ទាំង​អស់​នេះ​គ្មាន​ជីវិត​ខាង​ឯ​វិញ្ញាណ​នៅ​ក្នុង​វា​ទេ។ ពួកវា​មិន​មែន​កើត​មក​ពី​ជីវិត​ថ្មី​នោះ​ឡើយ តែ​វា​កើត​មក​ពី​សេចក្ដី​ស្លាប់ ហើយ​វា​នាំ​ឲ្យ​ស្លាប់។ ហេតុ​ដូច្នោះ​ហើយ​បាន​ជា វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា អស់​សង្ឃឹម​នៅ​ក្នុង​បញ្ញា​ចិត្ត​របស់​យើង។

មាន​តែ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​សម្អាត​បញ្ញា​ចិត្ត​របស់​យើង​នៅ​ក្នុង​យុគសម័យ​នេះ ក៏​ដូច​ជា​យុគសម័យ​មុនៗ​ផង​ដែរ។ នៅ​ពេល​ដែល​បញ្ញា​ចិត្ត​យើង​ចាប់​ផ្ដើម​ថ្កោល​ទោស​ខ្លួន​ឯង តើ​យើង​នឹង​បែរ​ទៅ​ឯណា? យើង​បែរ​ទៅ​ឯ​ព្រះ​គ្រីស្ទ។ យើង​បែរ​ទៅ​រក​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​បាន​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់។ នេះ​ហើយ​ជា​អ្វី​ដែល​អាច​លាង​ជម្រះ​បញ្ញា​ចិត្ត​ឲ្យ​បាន​ធូរ​ស្បើយ​នៅ​លើ​ចក្រវាល​នេះ ហើយ​នាំ​ឲ្យ​មាន​ភាព​សុខសាន្ត​បន្ទាប់​ពី​លាចាក​លោក​នេះ​ទៅ។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ព្រះ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង

​សម្លាប់​អំពើ​បាប