មានកញ្ញាម្នាក់ឈ្មោះ ធីតា បានលើកជាសំណួរថា «តើព្រះជាម្ចាស់ជាព្រះដូចគ្នានឹងព្រះនានាក្នុងគ្រប់សាសនា ប៉ុន្តែគ្រាន់តែមានរូបរាងខុសៗគ្នាមែនឬ? នាងខ្ញុំបានឮគេនិយាយបែបដូចនោះ ប៉ុន្តែតើព្រះគម្ពីរបានចែងយ៉ាងដូចម្ដេចទាក់ទង់នឹងការលើកឡើងបែបនោះ?»
ជាដំបូង សូមអនុញ្ញាតឲ្យយើងខ្ញុំយល់នូវសំណួរដែលសួរនេះសិន។ យើងខ្ញុំយល់សំណួររបស់ធីតាដូចតទៅ៖ «ប្រសិនបើយើងពិតជាគោរពថ្វាយបង្គំព្រះណាមួយក្នុងគ្រប់សាសនាទាំងអស់ដោយអស់ពីចិត្តមែន តើយើងកំពុងតែថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតមែនឬ?» ឬយើងអាចសួរបែបនេះក៏បាន «តើព្រះគម្ពីរពិតជាបានបង្រៀនថា ព្រះនានានៅក្នុងសាសនាផ្សេងទៀត ក្រៅពីជំនឿរបស់គ្រីស្ទបរិស័ទ គឺពិតជាព្រះដ៏ពិត ខុសប្លែកពីគ្នា ហើយផ្ទុយពីគ្នាទៅនឹងព្រះជាម្ចាស់ដ៏ពិតតែមួយគត់ ដែលជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងមែនឬ?» នោះជារបៀបពីយ៉ាងដែលយើងខ្ញុំនឹងកាត់ស្រាយយល់លើសំណួររបស់កញ្ញាធីតា។
ព្រះនានាដែលប្រជែងគ្នា
ចម្លើយរបស់យើងខ្ញុំទៅនឹងសំណួរទីពីរគឺ បាទ! ព្រះគម្ពីរបានបង្រៀនថា ព្រះដទៃនៅក្នុងសាសនាផ្សេងៗគឺមិនមែនគ្រាន់តែជាការរាយនាមចុះនៅក្នុងព្រះគម្ពីរប៉ុណ្ណោះនោះទេ។ ព្រះដទៃទាំងនោះមិនមែនជាព្រះបែបដូចរឿងព្រេងទេ តែតាមការពិតទៅពួកវាក៏ជាព្រះដែរ។ ពួកវាទាំងនោះចូលចិត្តឲ្យមនុស្សស្រឡាញ់ និងថ្វាយបង្គំពួកវា ហើយចង់បញ្ជោតមនុស្សលើផែនដី ថែមទាំងចង់ទទួលការទទួលស្គាល់ពីមនុស្សលោក ដើម្បីឲ្យវាទទួលបានតំណែងជំនួសកន្លែងរបស់ព្រះជាម្ចាស់ដ៏ជាព្រះពិត។ ចម្លើយសម្រាប់សំណួរទីមួយរបស់យើងខ្ញុំគឺ អត់ទេ។ ទោះបើលោកអ្នកពិតជាថ្វាយបង្គំព្រះដទៃនៅក្នុងសាសនាផ្សេងៗយ៉ាងអស់ពីចិត្តមែន ក៏នោះមិនមែនមានន័យថា លោកអ្នកកំពុងថ្វាយបង្គំព្រះដ៏ពិតតែមួយ ដែលបានបើកសម្ដែងនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទនោះឡើយ។ នោះឯងជាចម្លើយរបស់យើងខ្ញុំ។
ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំបង្ហាញនូវខគម្ពីរមួយចំនួន ដែលយើងខ្ញុំរំពឹងទៅលើទាក់ទងនឹងចម្លើយ។ សាវ័ក ប៉ុល បានមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១០:១៩-២០ ដូចតទៅ «ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬតង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្ដីប្រកបនឹងអារក្សឡើយ»។ សំណួរដែលគាត់កំពុងតែឆ្លើយគឺទាក់ទងទៅនឹងម្ហូបអាហារសំណែនដល់រូបព្រះនៃសាសនាផ្សេងៗ ហើយផងដែរតើគ្រីស្ទបរិស័ទគួរមានចំណែកដែរឬអត់។
នៅសតវត្សទី១ ការពន្យល់របស់សាវ័ក ប៉ុល ទាក់ទងនឹងការថ្វាយយញ្ញបូជាក្នុងសាសនាផ្សេងៗគឺមិនមែនជាការថ្វាយយញ្ញបូជាទៅកាន់ព្រះជាម្ចាស់ដ៏ពិតនោះទេ ទោះបើក្នុងសាសនាទាំងនោះបានអះអាងថា ព្រះរបស់ពួកគេគឺដូចតែគ្នាតែមួយនឹងព្រះដ៏ពិតក៏ដោយ។ ពួកគេបានថ្វាយយញ្ញបូជាទៅកាន់ព្រះ—ដែលសាវ័ក ប៉ុល បានហៅពួកវាថាអារក្ស—ដែលពួកវាប្រឆាំងនឹងព្រះជាម្ចាស់។ នោះឯងជាអ្វីដែលពួកអារក្សអសោចធ្វើ។ អ្វីដែលសាវ័ក ប៉ុល កំពុងតែប្រកាសយ៉ាងសាមញ្ញគឺថា នេះជាការបន្តនូវអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងឲ្យឃើញរួចហើយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ មានព្រះដ៏ពិតតែមួយទេនៅអ៊ីស្រាអែល (ព្រះយេហូវ៉ា) ដែលព្រះអង្គបានបើកសម្ដែងអង្គទ្រង់ផ្ទាល់តាមរយៈព្រះបន្ទូលរបស់ទ្រង់ទៅកាន់លោក ម៉ូសេ ហើយនិងពួកហោរាផ្សងៗទៀត។
សាសន៍ដទៃក៏មានព្រះនានារបស់ខ្លួនដែរ ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់មិនគួរថ្វាយបង្គំទេ។ ឧ. កណ្ឌគម្ពីរ ចោទិយកថា ២៩:១៧ បានចែងថា «ក្រែងនៅក្នុងពួកឯងរាល់គ្នា នៅថ្ងៃនេះ មានមនុស្សប្រុស ឬស្រីណា ឬគ្រួណា ឬពូជអំបូរណាដែលមានចិត្តបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃយើង ទៅគោរពប្រតិបត្តិដល់ព្រះរបស់សាសន៍ទាំងនោះវិញ ហើយក្រែងនៅក្នុងពួកឯងរាល់គ្នា មានឫសណាដែលបង្កើតជាតិពុល ហើយនិងស្លែង»។ ឬក៏ក្នុងកណ្ឌគម្ពីរ យ៉ូស្វេ ២៣:៧-៨៖ «ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ គឺត្រូវឲ្យតោងជាប់នឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាវិញ ដូចជាបានធ្វើដរាបដល់សព្វថ្ងៃនេះ»។
ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់លាស់ ជាច្រើនដងរួចហើយ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលថា មានព្រះដទៃជាច្រើនផងដែរ។ មានសាសនាផ្សេងៗជាច្រើន ហើយប្រជារាស្ត្ររបស់ទ្រង់ក៏មិនគួរចាត់ទុកថា ព្រះទាំងអស់នោះគឺជាការបើកបង្ហាញពីភាពពិតជាក់ស្ដែងរបស់ព្រះអង្គផ្ទាល់នោះឡើយ—ដូចជាសន្មតថាព្រះដូចគ្នានៅក្នុងរាល់សាសនាទេ។ ព្រះទាំងនោះខុសគ្នាពីព្រះក្នុងព្រះគម្ពីរ។ ព្រះទាំងនោះប្រជែងគ្នានឹងព្រះដ៏ពិត។ ព្រះទាំងនោះជាខ្មាំងសត្រូវរបស់ព្រះដ៏ពិត។ ព្រះទាំងនោះគឺជាអារក្សអសោច។ ពួកវាទាំងនោះមិនមែនជាព្រះជាម្ចាស់ទេ។ ពួកវាទាំងនោះគឺជាអ្នកប្រជែងដណ្ដើមចង់យកតំណែងជាព្រះដ៏ពិត។ ពួកវាមានពិតប្រាកដមែន ពោលគឺជាអារក្សអសោចដ៏ពិត។
តើលោកអ្នកនឹងបម្រើព្រះមួយណា?
ចំណុចដ៏ចម្បងនៃជីវិតគឺថា «តើលោកអ្នកនឹងបម្រើព្រះដ៏ពិតតែមួយ ឬក៏តើលោកអ្នកនឹងបម្រើព្រះដទៃផ្សេងៗឯទៀត?» នៅលើភ្នំកើមែល ហោរា អេលីយ៉ា បានប្រៀបធៀបការនោះដូចនេះ៖ រវាងព្រះយេហូវ៉ា ហើយនិងព្រះបាល តើលោកអ្នកនឹងបម្រើព្រះមួយណា? ហោរា អេលីយ៉ា បានមានប្រសាសន៍ថា «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ»
(១ពង្សាវតារក្សត្រ ១៨:២១) ។
លោកអ្នកមិនអាចនិយាយថា អស់ដែលថ្វាយបង្គំព្រះបាលដោយស្មោះត្រង់ទាំងនោះ គឺកំពុងតែថ្វាយបង្គំព្រះដ៏ពិតបាននោះទេ។ ប្រសិនបើនោះជាការពិតមែន នោះព្រះគម្ពីរមិនគួរយកការបានឡើយ។ ព្រះទាំងអស់នោះគឺជាខ្មាំងសត្រូវដ៏ធំ ហេតុដូច្នេះហើយ បានជានៅក្នុងក្រឹត្យវិន័យដំបូងមានចែងថា «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ» (និក្ខមនំ ២០:៣)។ នេះគឺជារឿងដ៏ចម្បងនៅសម័យកាលយើងនេះ ចាប់តាំងពីពេលដែលព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះក្នុងនាមជាទីបញ្ចប់ និងការសម្រេចនៃការបើកសម្ដែងជាព្រះដ៏ពិតនោះមក៖ ព្រះអង្គផ្ទាល់ (ដូចដែលទ្រង់បានបើកសម្ដែងអង្គទ្រង់ផ្ទាល់នៅក្នុងប្រវត្តិសាស្ត្រ) គឺជាការល្បងលថា តើអំណះអំណាងណាដែលថាខ្លួនកំពុងថ្វាយបង្គំព្រះដ៏ពិតគឺជាការពិតឬក៏មិនពិត។
ឧទាហរណ៍៖ កណ្ឌគម្ពីរ ១យ៉ូហាន ៤:១ បានចែងថា «ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ»—ប្រសិនបើមានវិញ្ញាណណាមួយបាននិយាយថា «នេះគឺជាសាសនាដ៏ពិតប្រាកដ ឬក៏ថា ព្រះដ៏ពិតគង់នៅទីនោះ» ចូរកុំជឿពួកវាឲ្យសោះ—«ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន»។ តើយើងនឹងល្បងលការនោះដោយរបៀបណា? សាវ័ក យ៉ូហាន បានបន្តមានប្រសាសន៍ថា «មានហោរាក្លែងក្លាយជាច្រើនបានចូលមកក្នុងលោកីយ៍។ ដោយការនេះ លោកអ្នកនឹងដឹងថា វិញ្ញាណនេះមកពីព្រះគឺថា៖ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ» (១យ៉ូហាន ៤:២)។
ការល្បងលដ៏ពិត
បើនិយាយម្យ៉ាងវិញទៀត ព្រះយេស៊ូវដែលមានបើកសម្ដែងនៅក្នុងប្រវត្តិសាស្ត្រដែលមានចែងក្នុងព្រះគម្ពីរគឺជាការល្បងលដ៏ពិតប្រាកដទាក់ទងនឹងអំណះអំណាងពីព្រះឯទៀត។ រាល់សាសនាឯទៀត ដែលមិនបានឧបក្រសោប ក្រាបថ្វាយបង្គំ និងស្ដាប់បង្គាប់ព្រះយេស៊ូវទាក់ទងនឹងលក្ខណៈរបស់ព្រះអង្គ—ដែលមានបើកសម្ដែងនៅក្នុងព្រះគម្ពីរ—គឺជាសាសនាមិនពិតហើយ។ នេះមិនមែនជាព្រះដែលយើងមិនអាចស្គាល់បាននោះឡើយ។ ព្រះយេស៊ូវបានមានបន្ទូលដូចនេះនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៥:២៣៖ «អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា»—ព្រះយេស៊ូវ—«នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ»។
មិនថាពួកគេកំពុងនិយាយអ្វីអំពីព្រះជាម្ចាស់ក៏ដោយ—ត្រង់នេះព្រះយេស៊ូវកំពុងមានបន្ទូលសំដៅទៅពួកផារិស៊ី ដែលបានអះអាងថា ខ្លួនពិតជាបានទុកចិត្ត ហើយនិងទទួលជឿលើព្រះជាម្ចាស់នៃព្រះគម្ពីរសញ្ញាចាស់—ក៏ព្រះយេស៊ូវបានមានបន្ទូលឆ្លើយតបថា «អត់ទេ! ពួកឯងមិនបានទទួលជឿឡើយ ព្រោះពួកឯងមិនទទួលយកខ្ញុំ»។ ព្រះយេស៊ូវគឺជាសេចក្ដីល្បងលសម្រាប់រាល់សាសនា ដែលមានរួមបញ្ចូលទាំងសាសនាយូដាដែរ។ ជាថ្មីម្ដងទៀតកណ្ឌគម្ពីរ យ៉ូហាន ៨:៤២ មានចែងថា «បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ»។ (យ៉ូហាន ៨:៤២)។ សាវ័ក យ៉ូហាន បានលើកឡើងថា «ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង» (១យ៉ូហាន ២:២៣)។
សេចក្ដីសន្និដ្ឋានរបស់យើងខ្ញុំដែលមានចេញពីព្រះគម្ពីរគឺថា៖ ពិតជាមានព្រះឯទៀតៗជាច្រើនមែននៅខាងក្រោយសាសនាផ្សេងៗ ប៉ុន្តែពួកវាមិនមែនជាព្រះដ៏ពិតនោះឡើយ។ ពួកវាជាអ្នកប្រជែងដណ្ដើមប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេតើ។ ពួកវាគឺជាអារក្សអសោច និងជាពួកបញ្ជោត ហើយព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីល្បងលដ៏ពិតទាក់ទងនឹងការប្រកាសពីសាសនាផ្សេងៗថាជាសាសនាពិត។ ព្រះអង្គជាទីបញ្ចប់ និងជាការសម្រេចនៃការបើកសម្ដែងនៃព្រះដ៏ពិតតែមួយគត់។
ព្រះយេស៊ូវបានប្រទានចំណុចសាកល្បងសម្រាប់គ្រប់សាសនា។ សាសនាណាដែលបដិសេធមិនថ្វាយបង្គំទ្រង់គឺជាសាសនាក្លែងក្លាយ។
មតិយោបល់
Loading…