in

មិនយល់អំពីជីវិត

When Life Doesn’t Make Sense

តើលោកអ្នកនឹងធ្វើដូចម្ដេចនៅពេលដែលលោកអ្នកមិនយល់អំពីជីវិតរបស់ខ្លួន? ជាពិសេសពេលមានជំងឺកើតឡើង ការបាត់បង់ការងារ ការបាត់បង់មិត្តភាព ភាពមិនច្បាស់លាស់កើតមានឡើង។ មិនថាគ្រីស្ទបរិស័ទដែលមានភាពពេញវ័យខាងឯជំនឿ ដែលមានវ័យចំណាស់ម្នាក់ កំពុងជួបប្រទះជំងឺមហារីក ឬក៏និស្សិតនៅសកលវិទ្យាល័យដែលបានទទួលរងសម្ពាធនៃអនាគតនោះទេ ក៏គុណវិបត្តិ និងការរងទុក្ខមានរបៀបមួយក្នុងការធ្វើឲ្យយើងរង្គើបានផងដែរ សូម្បីតែគ្រីស្ទបរិស័ទដែរមានទំនុកចិត្តយ៉ាងខ្លាំងក៏ដោយ។

ទោះបើយើងប្រហែលជាអាចដឹងហើយថា ព្រះជាម្ចាស់ជាអង្គដែលគ្រប់គ្រងគ្រប់លើរបស់ទាំងអស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ក៏យើងនៅតែងតែមានអារម្មណ៍ថាខកចិត្តដោយព្រោះយើងមិនបានយល់ថា ព្រះជាម្ចាស់កំពុងតែធ្វើអ្វីនោះទេ។ ដូច្នេះ តើយើងគួរធ្វើអ្វីនៅពេលដែលយើងមិនយល់អំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងជីវិតរបស់យើង?

អ្នកនិពន្ធកណ្ឌគម្ពីរសាស្ដាក៏បានសួរសំណួរស្រដៀងគ្នានេះដែរ។ ជាញឹកញាប់ នៅពេលដែលមានអ្នកណាម្នាក់លើកឡើងអំពីកណ្ឌគម្ពីរ សាស្ដា យើងតែងតែគិតថា «វ៉ាវ! គាត់គឺជាម្នាក់ដែលនិយាយតែពីចំណុចអវិជ្ជមាន»។ តាមពិតទៅ ទោះបីជាកណ្ឌគម្ពីរ សាស្ដា មិនបានរុញច្រានអ្នកដែលបានបាក់ទឹកចិត្តឲ្យធ្លាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញបានផ្ដល់ជូននូវទីលំនឹងនៃអំណរដល់អ្នកពិបាកចិត្តក្នុងពិភពលោកដែលពិបាកយល់នេះ។ អ្នកនិពន្ធកណ្ឌគម្ពីរនេះបានប្រកាសសារដ៏សាមញ្ញអំពីសេចក្ដីសង្ឃឹមសម្រាប់អ្នកដែលកំពុងតយុទ្ធថា៖ ចូរឲ្យមានអំណរនៅក្នុងជីវិតរបស់លោកអ្នកដោយកោតខ្លាចព្រះជាម្ចាស់ ទោះបីជាលោកអ្នកមិនយល់អំពីកិច្ចការ និងរបៀបរបស់ទ្រង់ក៏ដោយ។

ព្រះជាម្ចាស់ត្បាញអ្វីៗទាំងអស់ជាមួយគ្នា

នៅពេលដែលយើងមិនបានយល់ថា ហេតុអ្វីបានជាជីវិតរបស់យើងវាស្ថិតនៅក្នុងរបៀបនេះក៏ដោយ ក៏អ្នកនិពន្ធនៅតែចង់បង្ហាញឲ្យយើងបានដឹងយ៉ាងប្រាកដថា ព្រះជាម្ចាស់ចាត់ចែងគ្រប់គ្រងគ្រប់រដូវកាលនៃការផ្លាស់ប្ដូររបស់វាទាំងអស់។

គ្រប់ការទាំងអស់មានពេលវេលារបស់វា៖ «មានពេលសម្រាប់កើតមក និងពេលសម្រាប់ស្លាប់ទៅ» (សាស្ដា ៣:២)។ អ្នកនិពន្ធបានប្រើប្រាស់កំណាព្យក្នុងការណែនាំប្រធានបទរបស់គាត់ដោយផ្ដើមជាមួយការកើត និងការស្លាប់ ដើម្បីសង្ខេបបង្ហាញអំពីគ្រប់របស់ទាំងអស់នៅក្នុងជីវិតនេះ។ គ្រប់របស់ទាំងអស់—ទាំងការល្អ និងការអាក្រក់ និងការនៅក្នុងចំណុចកណ្ដាលនៃការទាំងពីរនេះ—កើតឡើងតាមពេលវេលាកំណត់របស់វា។ នៅក្នុងឃ្លានេះ «មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ» (សាស្ដា ៣:១)។ តើអ្នកណាជាអ្នកកំណត់ពេលវេលាមួយនេះ? អ្នកនិពន្ធមិនបានទុកឲ្យយើងឆ្ងល់បានយូរនោះទេ៖ [ទ្រង់] «បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល» (សាស្ដា ៣:១១)។

ដូចដែលសម្រស់ស្រស់ស្អាតសមជាមួយនឹងគូរ (បទចម្រៀងសាឡូម៉ូន ១:៨, ១៥; ២:១០) ដូច្នេះ ព្រះជាម្ចាស់ធ្វើនូវគ្រប់ការទាំងអស់នៅក្នុងពេលដែលសមស្រប ក្នុងរបៀបដ៏ស្រស់ស្អាតដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គគឺជាវិចិត្រករ គ្រប់ជីវិតទាំងអស់គឺជាផ្នែកតូចៗដែលទ្រង់អ្នកផ្គុំរូបភាពរបស់ទ្រង់ឡើង។ ព្រះអង្គគឺជាអ្នកតម្បាញដ៏អស្ចារ្យដែលបានត្បាញរាល់ការទាំងអស់បញ្ចូលគ្នា ដើម្បីបង្កើតគ្រឿងព្រំដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ប្រហែលជាលោកអ្នកបានដឹងអំពីអ្វីដែលសាវ័ក ប៉ុល បានសញ្ជឹងគិតនៅក្នុងខគម្ពីរដែលគាត់បានលើកឡើងថា «តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ» (រ៉ូម ៨:២៨)។

អាថ៌កំបាំងតាំងពីចាប់ផ្ដើមរហូតដល់ចប់

ទោះបីជាការមានទំនុកចិត្តនៅក្នុងអធិបតេយ្យភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើគ្រប់របស់ទាំងអស់ស្ថិតនៅក្នុងពេលវេលា និងគ្រប់ទីកន្លែងក៏ដោយ ក៏អ្នកនិពន្ធបានដឹងពីភាពអសមត្ថភាពរបស់ខ្លួនក្នុងការយល់ដែរ។ គាត់បានសរសេរថា «ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ» (សាស្ដា ៣:១១)។

នៅក្នុងបរិបទ ពាក្យ «អស់កល្បជានិច្ច» មានភាពស៊ីគ្នាទៅនឹង «អ្វីដែលព្រះជាម្ចាស់បានធ្វើហើយរួចរាល់ចាប់តាំងពីដើមរហូតដល់ទីបញ្ចប់»។ មនុស្សជាតិមានបំណងប្រាថ្នាដែលព្រះជាម្ចាស់បានប្រទានឲ្យក្នុងការយល់អំពី «អ្វីដែលព្រះជាម្ចាស់បានធ្វើហើយរួចរាល់ចាប់តាំងពីដើមរហូតដល់ទីបញ្ចប់» ប៉ុន្តែ ព្រះជាម្ចាស់បានជំនួសបំណងប្រាថ្នានោះនៅក្នុងចិត្តរបស់យើងនៅក្នុងរបៀបមួយដែលយើង «មិនអាចយល់» ពីអ្វីដែលទ្រង់បានធ្វើរួចហើយ។ ដូចដែលលោកគ្រូ ហ្គ្រេហ្គោរី ពីទីក្រុង នីសា (Gregory of Nyssa) ឆ្នាំ ៣៣៥-៣៩៥ បានសរសេរថា «ចាប់តាំងពីអស់កល្បជានិច្ចមក ព្រះអង្គបានដាក់ការពិតនៅក្នុងដួងចិត្តរបស់មនុស្ស ដែលពួកគេមិនអាចស្វែងយល់បានពីអ្វីដែលព្រះជាម្ចាស់បានធ្វើរួចរាល់ហើយ ចាប់តាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់» (សេចក្ដីអធិប្បាយលើកណ្ឌគម្ពីរ សាស្ដា ទំព័រ៧៩)។

ជាធម្មតា នៅពេលដែលយើងមកដល់ចំណុចប្រសព្វនៃដែនកំណត់របស់យើង និងភាពគ្មានដែនកំណត់របស់ព្រះជាម្ចាស់ នោះយើងចាកចេញដោយមានការខកចិត្តជាមិនខាន។ អ្នកនិពន្ធបានសរសេរថា «តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ» (សាស្ដា ៣:៩-១០)។ សំណួររបស់គាត់លើកជាសំណើនូវចម្លើយអវិជ្ជមាន៖ គ្មានទេ។ មនុស្សមិនទទួលបានប្រយោជន៍អ្វីពីការដែលខ្លួនគេខំធ្វើយ៉ាងនឿយហត់នោះទេ។

តើអ្វីជាការនឿយហត់? ជាទូទៅ រាល់សកម្មភាពដែលបានកត់ទុកនៅក្នុងកណ្ឌគម្ពីរ សាស្ដា ៣:២-៨ បង្កើតការនឿយហត់របស់យើងតាមរយៈជីវិតនេះ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរ សាស្ដា ៨:១៧ ក៏បានបង្ហាញផ្នែកជាក់ស្ដែងមួយនៃការតស៊ូរបស់យើងផងដែរ៖ «នោះយើងបានយល់ពីការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សប្រាជ្ញណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់អំពីអ្វីដែលព្រះអង្គកំពុងធ្វើ និងរបៀបរបស់ទ្រង់បានដែរ»។

យ៉ាងហោចណាស់ យើងគួរតែសញ្ជឹងគិតពិចារណាឡើងវិញទៅលើសំណួរដើម។ ជាជាងសួរថា «តើយើងធ្វើអ្វីនៅពេលដែលយើងមិនយល់អំពីជីវិតរបស់ខ្លួន?» យើងគួរតែសួរថា «តើយើងធ្វើអ្វីនៅពេលដែលយើងមិនយល់អំពីអ្វីដែលកំពុងកើតឡើងចំពោះយើង?» ព្រះជាម្ចាស់ធ្វើគ្រប់ការទាំងអស់រួមគ្នាស្របតាមព្រះប្រាជ្ញារបស់ទ្រង់ ប៉ុន្តែយើងមិនមានសមត្ថភាពក្នុងការយល់ពីគ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើនោះទេ។ អ្វីដែលព្រះអង្គធ្វើ និងរបៀបរបស់ទ្រង់សមហេតុសមផល—ស្រស់ស្អាត ពេញដោយប្រាជ្ញា និងសមហេតុផល—តែមិនមែនសមហេតុសមផលសម្រាប់យើងគ្រប់ពេលនោះទេ។ ហោរា អេសាយ មិនបានមានការភ្ញាក់ផ្អើលនោះទេនៅក្នុងសេចក្ដីសន្និដ្ឋានរបស់គាត់៖ «ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ» (អេសាយ ៥៥:៨)។

ការកោតខ្លាចនៅចំពោះទ្រង់

ដូច្នេះ តើយើងធ្វើអ្វីនៅពេលដែលយើងមិនយល់អំពីអ្វីដែលកំពុងកើតឡើងចំពោះយើង?

អ្នកនិពន្ធមិនបានទុកយើងចោលឲ្យនៅរងទុក្ខម្នាក់ឯងនៅក្នុងការលាចេញពីគ្រប់សាសនាទាំងអស់នោះទេ៖ «យើងក៏ដឹងដែរ ថាការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប នឹងបន្ថែមអ្វីចូល ឬដកអ្វីចេញមិនបានឡើយ ១ទៀតព្រះទ្រង់ធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់» (សាស្ដា ៣:១៤)។

ព្រះជាម្ចាស់មិនគ្រាន់តែលេងជាមួយនិងការបង្កើតរបស់ទ្រង់ដោយសារព្រះអង្គសព្វព្រះទ័យក្នុងការមានភាពសប្បាយ ដោយយកយើងមកចំណាយនោះទេ។ ព្រះអង្គមិនបានបង្កើតផែនដីមកដោយមិនមែនឲ្យវាគ្មានន័យនោះឡើយ ហើយក៏មិនបានទុកមនុស្សឲ្យនៅវង្វេងតាមរយៈជីវិតដោយមិនមានសេចក្ដីសង្ឃឹមនៃការយល់ដឹងនោះដែរ។ ប៉ុន្តែ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានរចនាយើងឲ្យមានបំណងប្រាថ្នាដែលមានចំណេះដឹងដ៏គ្មានដែនកំណត់ ដើម្បីឲ្យយើងអាចកោតខ្លាចទ្រង់បាន។

ការកោតខ្លាចព្រះជាម្ចាស់មានន័យថា ជាការចងចាំថាព្រះជាម្ចាស់ជាអ្នកណា និងការចងចាំថាតើយើងជាអ្នកណានៅក្នុងទំនាក់ទំនង (និងក្រៅពីទំនាក់ទំនង) ជាមួយទ្រង់។ យើងរម្លឹកខ្លួនឯងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងលើគ្រប់របស់ទាំងអស់នៅក្នុងជីវិត ដោយបន្ទាបខ្លួនទទួលយកនូវភាពអសមត្ថភាពរបស់យើង ដើម្បីឲ្យយើងយល់ពីរបៀបរបស់ទ្រង់ជានិច្ច។ ស្របពេលជាមួយគ្នានេះដែរ យើងក៏អាចធ្វើបានដូចគ្នាដែរដោយមានអំណរ ពីព្រោះយើងដឹងថាព្រះជាម្ចាស់ធ្វើគ្រប់ការទាំងអស់ជាមួយគ្នាយ៉ាងល្អប្រសើរសម្រាប់ការល្អរបស់យើង។

ដូចដែលលោក យ៉ូប នៅពេលដែលគាត់បានជួបទុក្ខលំបាកដ៏សម្បើម យើងសួរថា «យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?» (យ៉ូប ២:១០)។ យើងមើលភាពមិនច្បាស់លាស់ និងមានភាពសោកសៅចំៗតែម្ដង ទោះបើវាឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយក៏តាមរយៈព្រះគុណរបស់ទ្រង់ យើងអាចប្រកាសថា «សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ» (យ៉ូប ១:២១)។

ឱបក្រសោបជីវិតដែលលោកអ្នកអាចមើលឃើញ

ទោះជាយ៉ាងណាក្ដី ក៏យើងមិនឈប់នៅត្រង់ចំណុច «ខ្លាច» នៅឡើយ។ ការកោតខ្លាចព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ ចាប់ផ្ដើមមានដំណើរការ ប៉ុន្តែព្រះជាម្ចាស់សព្វព្រះទ័យចង់បានខ្លាំងលើសជាងនោះទៅទៀត។ អ្នកនិពន្ធបានសរសេរថា «យើងដឹងហើយ ថាគ្មានអ្វីសម្រាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្តីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ ហើយការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ» (សាស្ដា ៣:១២-១៣)។ សូមកុំយកពាក្យពេចន៍របស់អ្នកនិពន្ធទុកថាជាបាវចនានៃការនិយាយថា «ចូរឆក់យកឱកាស» ដែលជំរុញយើងក្នុងការប្រើជីវិតរបស់យើងឲ្យបានច្រើនបំផុតតាមដែលយើងអាចធ្វើបាននោះឡើយ។ ទោះបីជានៅពេលដែលយើងមិនអាចយល់ពីកិច្ចការ ឬរបៀបរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គសព្វព្រះទ័យឲ្យយើងមានអំណរនៅក្នុងជីវិតនេះ—គ្រប់រដូវកាលនៃពេលវេលា—នៅក្នុងបរិបទនៃការកោតខ្លាចដ៏បរិសុទ្ធ។

នៅក្នុងសៀវភៅរបស់លោក ចូ រិហ្គនី (Joe Rigney) ដែលមានចំណងជើងថា “Things on Earth” (ដែលមានន័យថា «របស់លើផែនដីនេះ») បានជំរុញគ្រីស្ទបរិស័ទក្នុងការ «ចូរឱបក្រសោបភាពជាមនុស្សរបស់ខ្លួន។ ប៉ុន្តែ ចូរកុំស្វែងរកអ្វីក្នុងការធ្វើជាព្រះឡើយ។ ផ្ទុយទៅវិញ ចូរឱបក្រសោបនូវសិរីល្អ និងព្រំដែននៃការកំណត់ដែលព្រះជាម្ចាស់បានដាក់លោកអ្នកឲ្យធ្វើជាតួអង្គម្នាក់នៅក្នុងដំណើររឿងរបស់ទ្រង់» (ទំព័រ២៣៤)។ ការរម្លឹករបស់លោក រិហ្គនី មានភាពស៊ីគ្នាជាមួយនិងចំណុចស្នូលនៅក្នុងកណ្ឌគម្ពីរ សាស្ដា ជំពូក៣៖ ការកោតខ្លាចព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ និងការមានអំណរនៅក្នុងពិភពលោករបស់ទ្រង់។ ការកោតខ្លាចព្រះជាម្ចាស់យ៉ាងត្រឹមត្រូវគឺជាការចងចាំអំពីភាពជាមនុស្សរបស់យើង។ នៅពេលយើងមិនអាចមើលឃើញជុំវិញជ្រុងងងឹតនៃជីវិតរបស់យើងដែលមិនទាន់កើតឡើង ហើយមិនថាយើងចង់ឃើញវាខ្លាំងប៉ុណ្ណាក៏ដោយ ក៏សូមឲ្យយើងនៅតែចងចាំពីភាពជាមនុស្សរបស់យើងដែរ។ ចូរចងចាំថា ទ្រង់គឺជាព្រះ ហើយយើងមិនមែនជាព្រះនោះទេ។ ព្រះអង្គគ្រប់គ្រងគ្រប់របស់ទាំងអស់គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយព្រះអង្គទ្រង់ល្អ។

ដូច្នេះ យើងទូលសូមព្រះជាម្ចាស់សម្រាប់ព្រះគុណរបស់ទ្រង់ក្នុងការជួយឲ្យយើងនៅតែឱបក្រសោបជីវិតដែលយើងអាចមើលឃើញនេះ—ជីវិតដែលព្រះអង្គបានប្រទានដល់យើង—ហើយឲ្យអរសប្បាយជាមួយវាយ៉ាងពេញទី។ ការដកដង្ហើមមួយៗយ៉ាងស្រស់ស្រាយនៅពេលព្រឹកជាមួយខ្យល់ត្រជាក់ខណៈពេលលោកអ្នកកំពុងបណ្ដើរឆ្កែរបស់ខ្លួន។ ភ្លក់សូកូឡាក្ដៅបន្តិចបន្តួចជាមួយកូនៗរបស់លោកអ្នក។ ខិតខំព្យាយាមធ្វើការបណ្ដោះអាសន្នមួយខណៈពេលដែលលោកអ្នកកំពុងរងចាំតំណែងដ៏អចិន្ត្រៃយ៍មួយផ្សេងទៀត។ ចូរប្រើប្រាស់ដៃរបស់ខ្លួនក្នុងការមើលថែអ្នកឈឺដែលអ្នកស្រឡាញ់ចុះ។ ទោះបីជាយើងមិនបានយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងរបៀបរបស់ទ្រង់ក៏ដោយ ក៏សូមឲ្យយើងនៅតែអាចមានអំណរនៅក្នុងអំណោយល្អៗដែលព្រះអង្គបានប្រទានមកយើងដែរ។ យើងអាចស្វែងរកអំណរតែមួយគត់នៅក្នុងការនឿយហត់របស់យើង ខណៈពេលដែលយើងទម្លាក់ខ្លួនរបស់យើងទៅលើថ្មដា គឺជាព្រះយេស៊ូវគ្រីស្ទ តាមរយៈព្យុះនៃជីវិតរបស់យើង។

លោកគ្រូ ជេសិន ឌីរ៉ូឈី (Jason DeRouchie) បានសង្ខេបភាពតានតឹងរវាង ភាពមានព្រំដែន ភាពគ្មានព្រំដែន ការខកចិត្ត និងអំណរបានយ៉ាងល្អថា «នេះគឺជាគោលបំណងនៃកណ្ឌគម្ពីរ សាស្ដា៖ អ្នកជឿជាច្រើនមានអារម្មណ៍ថា ទម្ងន់នៃបណ្ដាសា និងបន្ទុកអំពីការសួរនៃជីវិតនេះនឹងបែរត្រឡប់ភ្នែករបស់គេទៅកាន់ព្រះជាម្ចាស់ សម្រាកនៅក្នុងបំណងរបស់ទ្រង់ និងការមានអំណរគ្រប់ពេលដែលអាចធ្វើទៅបាននៅក្នុងពិភពលោកដែលស្រស់ស្អាតរបស់ទ្រង់ និងខូចទ្រង់ទ្រាយនេះ។ (“Shepherding Wind and One Wise Shepherd,” ទំព័រ១៥)

ចូរប្រព្រឹត្តល្អឲ្យដូចព្រះជាម្ចាស់

បន្ទាប់ពីព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមានអំណរនៅក្នុងជីវិតដែលព្រះអង្គបានប្រទានឲ្យ អ្នកនិពន្ធក៏បានបន្ថែមចំណុចមួយទៀតដែលជួយយើងក្នុងការរីកចម្រើនផងដែរ៖ «គ្មានអ្វីសម្រាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្តីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ» (សាស្ដា ៣:១២)។ នៅពេលដែលយើងឱបក្រសោបភាពមានដែនកំណត់របស់យើង ហើយមានអំណរជាមួយព្រះជាម្ចាស់ និងអំណោយទានដែលព្រះអង្គបានប្រទានមកយើង នោះទីបំផុតយើងរស់នៅដូចព្រះជាម្ចាស់ដោយធ្វើការល្អដល់អ្នកដទៃដែរ។ យើងទទួលយកអំណរដែលព្រះជាម្ចាស់បានប្រទានឲ្យមកកាន់យើង ហើយបន្ទាប់មកយើងក៏ផ្ដល់ជូនបន្តនូវអំណរនោះទៅដល់អ្នកផ្សេងទៀតដែរ។

ដូច្នេះ តើយើងធ្វើអ្វីនៅពេលដែលយើងមិនយល់អំពីអ្វីដែលកំពុងកើតឡើងចំពោះយើង? យើងប្រឈមមុខគ្រប់ការទាំងអស់—ទាំងការល្អ ការអាក្រក់ និងការដែលនៅចន្លោះការទាំងពីរនោះផងដែរ—ដោយមានទំនុកចិត្តពីព្រោះយើងដឹងថាព្រះជាម្ចាស់នៃយើងទ្រង់កំពុងត្បាញគ្រប់ការទាំងអស់សម្រាប់ការល្អវិញ ទោះបីជាយើងមិនអាចមើលលើសពីកាលៈទេសៈនៅជុំវិញយើងឥឡូវនេះក៏ដោយ។ យើងដើរប្រកៀកដៃគ្នាជាមួយព្រះអង្គសង្គ្រោះនៃយើងនៅលើវិថីនៃជីវិតនេះ មានអំណរនៅគ្រប់របស់ទាំងអស់ដែលទ្រង់បានប្រទានឲ្យ ទាំងការតូច និងការធំ។ ហើយបន្ទាប់មកយើងធ្វើការល្អចំពោះគ្នាទៅវិញទៅមកដោយអញ្ជើញពួកគាត់ឲ្យធ្វើដូចយើងដែរ។

និពន្ធដោយ​៖ Joshua Bremerman
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, ​លោក ឈាង បូរ៉ា,លោក ឯក សត្យា,​ លោក ធីម៉ូថេ ឯក
កែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អំពើ​បាប​ដ៏​អាក្រក់

ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌