in

តើ​ពួកជំនុំ​របស់​អ្នក​មាន​តែ​សមាជិក​ច្រមុះ?

រឿង​ប្រៀបប្រដូច

ក្រោយ​ពី​កម្មវិធី​ថ្វាយបង្គំ​ពេលព្រឹក​ដែល​ដឹកនាំ​ដោយ​លោក​ត្រចៀក និង​លោក​មាត់​បាន​បញ្ចប់​ នោះ​លោក​ច្រមុះ និង​លោក​ដៃ​ក៏​បាន​អង្គុយ​ជជែក​គ្នា​នៅក្នុង​ព្រះវិហារ​។ ពេលនោះ​ លោក​ដៃ​បាន​ប្រាប់​លោក​ច្រមុះ​ថា ​រូបលោក និង​គ្រួសារ​របស់​លោក​បាន​សម្រេចចិត្ត​ស្វែងរក​ពួកជំនុំ​មួយទៀត​ហើយ។

លោក​ច្រមុះ​បាន​សួរ​ទៅកាន់​លោក​ដៃ​ថា «ពិត​មែន​ឬ? ហេតុ​អ្វី​បាន​ជា​ប្អូន​សម្រេចចិត្ត​បែប​ហ្នឹង?»។
ពេលនោះ​លោក​ដៃ​បាន​ឆ្លើយតប​ទៅ​វិញ​ដោយ​ឈ្ងោកមុខ​ថា «ហ៎! ខ្ញុំ​មិន​ដឹង​ទេ»។ តាម​ធម្មតា​ គាត់​ជា​មនុស្ស​យឺត​នឹង​និយាយ​ជាង​សមាជិក​ពួកជំនុំ​ដទៃ​ទៀត។ រួច​លោក​ដៃ​ក៏​បន្ត​ទៀត​ថា «ខ្ញុំ​គិត​ថា​ដោយសារ​តែ​ពួកជំនុំ​នេះ​មិន​មាន​អ្វី​ដែល​ខ្ញុំ និង​ប្រពន្ធ​របស់​ខ្ញុំ​កំពុង​តែ​ស្វែងរក​នោះ​ទេ»។

លោក​ច្រមុះ​បាន​សួរ​ថា «អញ្ចឹង តើ​ប្អូន​កំពុងតែ​ស្វែងរក​អ្វី​នៅក្នុង​ពួកជំនុំ?»។

លោក​ច្រមុះ​និយាយ​ពាក្យ​ទាំងនេះ​ដោយ​សំឡេង​ក្ដួល​អាណិត ប៉ុន្តែ ទោះបីជា​គាត់​និយាយ​ពាក្យ​ទាំង​នេះ ក៏​គាត់​នៅតែ​មិន​ឯកភាព​នឹង​ចម្លើយ​របស់​លោក​ដៃ​ដដែល។ ហើយ​ប្រសិនបើ​លោក​ដៃ និង​ប្រពន្ធ​របស់​គាត់ មិនបាន​មើល​ឃើញ​ថា​ លោក​ច្រមុះ និង​អ្នក​ដឹកនាំ​ឯទៀត​ដឹកនាំ​ពួកជំនុំ​បាន​យ៉ាង​ល្អ​ត្រឹមត្រូវ​ទេ​ នោះ​ពួកជំនុំ​ក៏​មិន​ត្រូវការ​គ្រួសារ​លោក​ដៃ​ដែរ។

នៅ​ពេល​ឮ​លោក​ច្រមុះ​សួរ​ដូច​នោះ លោក​ដៃ​បាន​ពិចារណា​បន្តិច​មុន​នឹង​គាត់​ឆ្លើយ។ លោក​ដៃ​ និង​ប្រពន្ធ​របស់​គាត់ ចូលចិត្ត​លោកគ្រូ​មាត់ និង​គ្រួសារ​របស់​គាត់។ ហើយ​លោក​ត្រចៀក​ដែល​ជា​អ្នក​នាំ​កម្មវិធី​ថ្វាយបង្គំ​ក៏​ជា​មនុស្ស​ល្អ​ មាន​គុណធម៌ ហើយ​សប្បុរស​ទៀត។

ចុងបញ្ចប់ លោក​ដៃ​បាន​ឆ្លើយ​ទាំង​រអាក់រអួល​ថា «តាម​ពិត​ទៅ​ ខ្ញុំ​គិត​ថា​យើង​កំពុងតែ​ស្វែងរក​ពួកជំនុំ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មាន​លក្ខណៈ​ដូច​ពួក​យើង»។ គាត់​បាន​បន្ត​ថា «ពួក​យើង​បាន​សាកល្បង​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ​លោក​ជើង​ដែរ ប៉ុន្តែ​​ពួក​យើង​ហាក់ដូចជា​មិន​ស៊ីចង្វាក់​ជាមួយ​នឹង​ពួកគេទេ។ បន្ទាប់មក​ ពួក​យើង​បាន​ចូលរួម​ក្រុម​តូច​ដែល​មាន​សុទ្ធ​តែ​គ្រួសារ​លោក​ម្រាមជើង ប៉ុន្តែ​ ពួកគេគិត​តែ​និយាយ​ពី​ស្រោមជើង ស្បែកជើង និង​ក្លិន​របស់​វា​ទៅ​វិញ ហើយ​យើង​មិន​ចាប់​អារម្មណ៍​នឹង​ការ​នោះ​ទេ»។

លោក​ច្រមុះ​បាន​មើល​ទៅ​លោក​ដៃ​ម្តង​នេះ​ដោយ​ស្រងាក​ចិត្ត ហើយ​ក៏​សួរ​ថា «តើ​ប្អូន​មិន​សប្បាយ​ចិត្ត​ទេឬ​អី ដែល​ពួកគេបាន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ក្លិន​នោះ?»។

លោក​ដៃ​ក៏​ឆ្លើយ​ថា «ពិត​ប្រាកដ​ណាស់! ប៉ុន្តែ ពួក​យើង​មិន​សូវ​ខ្វល់​អំពី​ការ​នោះ​ប៉ុន្មាន​ទេ។ បន្ទាប់មក ពួក​យើង​បាន​ចូលរួម​រៀន​នៅ​សាលារៀន​ថ្ងៃអាទិត្យ​ដែល​មាន​សុទ្ធតែ​លោក​ត្រចៀក លោក​ភ្នែក​ លោក​ច្រមុះ និង​លោក​មាត់។ តើ​បង​ចងចាំ​ទេ​ថា ពួក​យើង​ចូលរួម​បាន​បួន​ប្រាំ​សបា្តហ៍​ដែរ​កាលពី​ប៉ុន្មាន​ខែមុន?»។

លោក​ច្រមុះ​បាន​និយាយ​ថា «បាទ ល្អ​ដែល​ប្អូន​បាន​ចូលរួម​ជាមួយ​ពួក​យើង»។

លោក​ដៃ​ក៏​តប​ថា «អរគុណ! ប៉ុន្តែ​ពួកគេ​គ្រប់គ្នា​គ្រាន់​តែ​ចង់​និយាយ​ ស្តាប់​ ហិត​ក្លិន​ ហើយ​ភ្លក់​រសជាតិ​តែ​ប៉ុណ្ណោះ។ មើល​ទៅ ដូចជា​ពួកគេ​​មិន​ចង់​ធ្វើការ​ ហើយ​មិន​ចង់​ប្រឡាក់​ដៃ​សោះ។ និយាយ​អញ្ចឹង ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​គិតថា យើង​នឹង​សាក​ល្បង​ចូលរួម​ជាមួយ​ពួកជំនុំ​ថ្មី​មួយ​នៅ​ខាង​កើត​នេះ។ ពួក​យើង​ឮ​ថា ពួកគេ​ចូលចិត្ត​ទះ​ដៃ និង​លើកដៃ​សរសើរ​ព្រះជាម្ចាស់​ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ពួក​យើង​ចង់​បាន​ឥឡូវ​នេះ»។

លោក​ច្រមុះ​បាន​ឆ្លើយ​តប​ថា «ហ៊ឺ!​ ខ្ញុំ​យល់​ពី​អ្វី​ដែល​ប្អូន​និយាយ​ហើយ ពួក​យើង​ពិត​ជា​មិន​ចង់​ឃើញ​ប្អូន​ចេញ​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា ប្អូន​ត្រូវតែ​ធ្វើអ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង»។

នៅ​ពេល​នោះ​ប្រពន្ធ​របស់​លោក​ដៃ​ដែល​កំពុង​ជាប់​មាត់​សន្ទនា​ជាមួយ​​អ្នក​ផ្សេងទៀត​នោះ ​ក៏​បាន​ងាក​មក​ចូលរួម​ជាមួយ​នឹង​ប្តី​របស់​នាង​ និង​លោក​ច្រមុះ​វិញ។ លោក​ដៃ​បាន​ពន្យល់​ដោយ​សង្ខេប​ពី​អ្វី​ដែល​គាត់ និង​លោក​ច្រមុះ​ទើប​តែ​បាន​និយាយ។ បន្ទាប់មក​ លោក​ច្រមុះ​បាន​សម្ដែង​នូវ​ការ​សោកស្តាយ​របស់​លោក ពី​ការ​ចាក​ចេញ​របស់​គ្រួសារ​លោក​ដៃ។ ហើយ​លោក​ច្រមុះ​បាន​និយាយ​ម្ដង​ទៀត​ថា គាត់​យល់​ ពីព្រោះ​ស្តាប់​ទៅ​ដូច​ជា​ពួកជំនុំ​មិនបាន​បំពេញ​តម្រូវការ​របស់​លោក​ដៃ និង​គ្រួសារ​របស់​គាត់​ទេ។

ប្រពន្ធ​របស់​លោក​ដៃ​បាន​ងក់​ក្បាល​ឯកភាព។ នាង​ចង់​ធ្វើ​ជា​គួរ​សម ប៉ុន្តែ​តាមពិត​ទៅ នាង​មិន​មែន​មិន​សប្បាយ​ចិត្ត​នឹង​ចាកចេញ​នោះ​ទេ។ ប្តី​របស់​នាង​បាន​រិះគន់​​ពួកជំនុំ​ល្មម​គ្រប់គ្រាន់​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ អញ្ចឹង​ហើយ​ ចិត្ត​របស់​នាង​ក៏​មិន​ខុស​ពី​ប្តី​របស់​នាង​នោះ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ប្តី​របស់​នាង​មិន​ដែល​និយាយ​រិះគន់​ទាស់​នឹង​រូបកាយ​នៃ​ពួកជំនុំ​ជា​ចំ​ហរ​នោះ​ទេ។ តាម​ពិត​ទៅ​ គាត់​ធ្លាប់​សុំទោស​ពី​ការ​ដែល​គាត់​មាន​គំនិត​អវិជ្ជមាន​ខ្លាំង​ពេក​ចំពោះ​ពួកជំនុំ​ជា​ច្រើន​មក​ហើយ ប៉ុន្តែ ការ​ត្អូញត្អែរ​បន្តិច​បន្តួច​ដែល​គាត់​បាន​និយាយ​ចេញ​មក​ត្រង់នេះ​បន្តិច និង​ត្រង់​នោះ​បន្តិច​ បាន​ជះ​ឥទ្ធិពល​លើ​ប្រពន្ធ​របស់​គាត់​រួច​ទៅ​ហើយ។ លោក​ដៃ​គិត​ថា ក្រុម​តូច​មាន​ ការ​ប្រកាន់​បក្សពួក​បន្តិច បទ​ចម្រៀង​គឺ​  ហួស​សម័យ​បន្តិច ហើយ​កម្មវិធី​ហាក់​ដូច​ជា​ខុស​ទំនង​បន្តិច។ ហើយ​ពួកគេ​ក៏​មិនសូវ​ ពេញចិត្ត​លើ​សេចក្តី​បង្រៀន​ដែរ។ ពួកគេ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ពួកគេ​ចង់​ចេញពី​ពួកជំនុំ​នេះ​ទេ ប៉ុន្តែ ពួកគេ​គិត​ថា ពួកជំនុំ​នេះ​មិន​ស៊ី​ចង្វាក់​នឹង​ពួកគេ​សោះ។

លើសពីនោះទៅទៀត ប្រពន្ធ​របស់​លោក​ដៃ​បាន​ដឹង​ថា កូនស្រី​របស់​ពួកគេ​មិន​សូវ​កក់ក្ដៅ​ជាមួយនឹង​ក្រុម​យុវជន​ឯទៀត​នោះ​ទេ។ គ្រប់​គ្នា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នាង ដូច្នេះ​ហើយ នាង​មាន​អារម្មណ៍​ថា​មិន​ស៊ីចង្វាក់​ជាមួយនឹង​ពួកគេ​ទាល់​តែ​សោះ។

បន្ទាប់មក ប្រពន្ធ​របស់​លោក​ដៃ​បាន​កោតសរសើរ​ជា​ខ្លាំង​ដល់​លោក​ច្រមុះ និង​អ្នក​ដឹកនាំ​ដទៃ​ទៀត។ ប៉ុន្តែ ការ​សន្ទនា​បាន​អូស​បន្លាយ​យូរ​ពេក​ហើយ​សម្រាប់​លោក​ច្រមុះ។ មិន​តែ​ប៉ុណ្ណោះ ក្លិន​ទឹកអប់​របស់​នាង​បាន​ធ្វើ​ឲ្យ​គាត់​ចង់​ឈ្លក់។ គាត់​បាន​អរគុណ​ដល់​នាង អំពី​ការ​លើកទឹកចិត្ត​របស់​នាង ហើយ​ក៏​បាន​បញ្ជាក់​ម្តង​ទៀត​ថា ​គាត់​សោកស្តាយ​ណាស់​ដោយ​បាន​ឮ​ពី​ការ​ចាកចេញ​របស់​ពួក​គេ រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ។

តើ​មាន​នរណា​ត្រូវការ​គ្រួសារ​លោក​ដៃ​ឬ​ទេ? ពួកជំនុំ​នេះ​គិតថា ពួកគេ​មិន​ត្រូវការ​គ្រួសារ​លោក​ដៃ​នោះ​ឡើយ។

ព្រះ​ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយៗ ក្នុង​រូបកាយ​តាម​ព្រះ​ហឫទ័យ​ទ្រង់ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូប​កាយ​តែ១​ទេ ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា​អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ។
— ១កូរិនថូស ១២:១៨-២១

 

What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់​ចេញ​ពី​សៀវភៅ «ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយ​លោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំ​ជា​ផ្លូវ

​ព្រះ​អង្គ​បាន​ជំនួស​យើង​រាល់​គ្នា