in ,

ព្រះ​វរបិតា​ធំ​លើស​ជាង​ខ្ញុំ

«អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា “ខ្ញុំ​នឹង​ចេញ​ទៅ ហើយ​ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ”។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​ត្រូវ​មាន​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរបិតា ដ្បិត​ព្រះ​វរបិតា​ធំ​លើស​ជាង​ខ្ញុំ» (យ៉ូហាន ១៤:២៨ គកស)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ព្រះ​វរបិតា​ធំ​លើស​ជាង​ខ្ញុំ» កាល​ទ្រង់​កំពុង​ប្រជុំ​បង្រៀន​នៅ​ឯ​បន្ទប់​ខាង​លើ ហើយ​បរិបទ​ដ៏​ធំ​គឺ​អំពី​ក្ដី​សន្យា​នៃ​ការ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​កាន់​ពួក​សិស្ស​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ថា​ទ្រង់​កំពុង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា ដែល​ចំណុច​នេះ​ថ្លែង​បញ្ឆិត​បញ្ឆៀង​ថា​ក្នុង​របៀប​ណា​មួយ ព្រះ​យេស៊ូវ​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ​វរបិតា។ អញ្ចឹង​សំណួរ​គឺ​សួរ​ថា តើ​ឲ្យ​ព្រះ​យេស៊ូវ​នៅ​ស្មើ​នឹង​ព្រះ​ជាម្ចាស់​បាន​យ៉ាង​ដូច​ម្ដេច​ទៅ ខណៈ​ពេល​ដែល​ទ្រង់​ក៏បាន​ទទួល​ស្គាល់​ដែល​ថា ទ្រង់​ស្ថិត​ក្រោម​អំណាច​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា? ចម្លើយ​លើ​សំណួរ​នេះ​មាន​នៅ​ក្នុង​លក្ខណៈ​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស។

កាល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត ទ្រង់​ត្រូវ​បាន «ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ» (ហេព្រើរ ២:៩) ដែល​នេះ​សំដៅ​ទៅលើ​ឋានៈ​របស់​ព្រះ​យេស៊ូវ។ គោល​ជំនឿ​នៃ​ការ​យាង​មក​យក​កំណើត​បាន​លើក​ឡើង​ថា បុគ្គល​ទីពីរ នៃ​ព្រះ​ត្រៃ​ឯក​បាន​យាង​មក​យក​សណ្ឋាន​ជា​មនុស្ស។ ហេតុ​ដូច្នេះ​ហើយ ទាក់​ទង​ទៅ​នឹង​គោល​ដៅ និង​គោល​បំណង​ទាំង​អស់ ព្រះ​យេស៊ូវ​បាន​យក​សណ្ឋាន​ជា​មនុស្ស ១០០% ហើយ​ក៏​ត្រូវ​បាន «ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា» ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ព្រះ​យេស៊ូវ​នៅ​តែ​ជា​ព្រះ ១០០% ដដែល។ តាម​រយៈ​ការ​យក​សណ្ឋាន​ជា​មនុស្ស ព្រះ​យេស៊ូវ​មិន​បាន​បោះ​បង់​ចោល​ភាព​ជា​ព្រះ​របស់​ទ្រង់​ឡើយ—ព្រះ​មិន​អាច​លែង​ក្លាយ​ជា​ព្រះ​បាន​ទេ។ បើ​យោង​តាម​អត្ថន័យ​នៃ​ឃ្លា «ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា» តើ​ឲ្យ​យើង​បក​ស្រាយ​យ៉ាង​ដូច​ម្ដេច​លើ​ចំណុច​ពិត​ដែល​ថា បុគ្គល​ទីពីរ​នៃ​ព្រះ​ត្រៃ​ឯក​គឺ​ជា​ព្រះ ១០០% ហើយ​ក៏​ជា​មនុស្ស ១០០% បាន​ទៅ? កណ្ឌ​គម្ពីរ ភីលីព ២:៥-១១ បាន​ផ្ដល់​ជា​ចម្លើយ​លើ​សំណួរ​នេះ៖

«ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​ឋានៈ​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ ប៉ុន្តែ ព្រះ​អង្គ​បាន​លះបង់​អង្គ​ទ្រង់ មក​យក​សណ្ឋាន​ជា​អ្នក​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​សណ្ឋាន​ជា​មនុស្ស​ផង។ ដោយ​ឃើញ​ព្រះ​អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ​អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម ដើម្បី​ពេល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា “ព្រះ‌​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់ សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ជា​ព្រះ​វរបិតា”» (គកស)។

នៅ​ពេល​ដែល​បុគ្គល​ទី​ពីរ​នៃ​ព្រះ​ត្រៃ​ឯក​បាន​មក​យក​សណ្ឋាន​ជា​មនុស្ស មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន​បាន​កើត​ឡើង។ ព្រះ​គ្រីស្ទ «បាន​លះបង់​អង្គ​ទ្រង់»។ ឃ្លា​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​និពន្ធ​ច្រើន​ជាង​ឃ្លា​នានា​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។ ក្នុង​អត្ថ​ន័យ​គោល អ្វី​ដែល​ឃ្លា​នេះ​ចង់​មាន​ន័យ​គឺ​ថា ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​ក្នុង​ការ​លះបង់​អភ័យ​ឯកសិទ្ធិ​នៃ​ការ​ប្រើ​ប្រាស់​ដោយ​សេរី​នៃ​លក្ខណសម្បត្តិ​ជា​ព្រះ​របស់​ទ្រង់​ចោល ហើយ​ក៏​បាន​ចុះ​ចូល​រូប​អង្គ​ទ្រង់​ទៅ​ក្រោម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា ខណៈ​ពេល​ដែល​ទ្រង់​នៅ​លើ​ផែនដី​នេះ។

ចំណុច​ពិត​មួយ​ទៀត​ដែល​យើង​ត្រូវ​តែ​ពិចារណា​គឺ​ត្រង់​ថា ការ​ចុះ​ចូល​ក្នុង​តួនាទី​មិន​មែន​ស្មើ​គ្នា​នឹង​ការ​ចុះ​ចូល​ក្នុង​លក្ខណៈ​នោះ​ឡើយ។ ឧទាហរណ៍៖ ចូរ​ពិចារណា​អំពី​ទំនាក់​ទំនង​រវាង​និយោជក និង​និយោជិក។ និយោជក​មាន​សិទ្ធិ​ក្នុង​ការ​ទាម​ទារ​ពី​និយោជិក ហើយ​និយោជិក​មាន​កាតព្វកិច្ច​ក្នុង​ការ​បម្រើ​និយោជក។ តួនាទី​របស់​ពួក​គាត់​ទាំង​ពីរ​គឺ​ត្រូវ​បាន​ផ្ដល់​អត្ថ​ន័យ​យ៉ាង​ច្បាស់​ទាក់​ទង​នឹង​ទំនាក់​ទំនង​នៃ​ការ​ចុះ​ចូល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​បុគ្គល​ទាំង​ពីរ​នាក់​នៅ​តែ​ជា​មនុស្ស ហើយ​ក៏​នៅ​មាន​ចំណែក​ដូច​គ្នា​ក្នុង​លក្ខណៈ​ជា​មនុស្ស​ដែរ។ គ្មាន​ចំណុច​ខុស​គ្នា​ឡើយ​រវាង​ពួក​គាត់​ទាំង​ពីរ​ទាក់​ទង​នឹង​លក្ខណៈ ពោល​គឺ​ពួក​គាត់​នៅ​មាន​លក្ខណៈ​ស្មើ​គ្នា។ ចំណុច​ពិត​ត្រង់​ថា ម្នាក់​ជា​និយោជក ហើយ​ម្នាក់​ទៀត​ជា​និយោជិក គឺ​មិន​បាន​បំផ្លាស់​បំប្រែ​ចំណុច​សំខាន់​នៃ​ភាព​ស្មើ​គ្នា​នៃ​បុគ្គល​ទាំង​ពីរ​នាក់​នេះ​ទាក់​ទង​នឹង​ភាព​ជា​មនុស្ស​ឡើយ។ យើង​ក៏​អាច​លើក​ឡើង​ដូច​គ្នា​បាន​ផង​ដែរ ទាក់​ទង​នឹង​បុគ្គល​នៃ​ព្រះ​ត្រៃឯក។ បុគ្គល​ទាំង​បី (ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ) មាន​លក្ខណៈ​ស្មើៗ​គ្នា។ ឧទាហរណ៍៖ បុគ្គល​ទាំង​បី​មាន​លក្ខណៈ​ជា​ព្រះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ក្នុង​ផែនការ​ដ៏​ធំ​នៃ​ការ​សង្គ្រោះ បុគ្គល​ទាំង​បី​មាន​តួនាទី​ផ្សេងៗ​គ្នា ហើយ​តួនាទី​ទាំង​នោះ​ផ្ដោត​លើ​អំណាច និង​ការ​ចុះ​ចូល។ ព្រះ​វរបិតា​បញ្ជា​ព្រះ​រាជបុត្រា ហើយ​ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​បញ្ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

សរុប​សេចក្ដី​ទៅ ចំណុច​ពិត​គឺ​ត្រង់​ថា ព្រះ​រាជបុត្រា​បាន​យក​សណ្ឋាន​ជា​មនុស្ស ហើយ​បាន​ចុះ​ចូល​រូប​អង្គ​ទ្រង់​ផ្ទាល់​ក្រោម​អំណាច​ព្រះ​វរបិតា ក៏​មិន​បាន​បដិសេធ​ថា ព្រះ​រាជបុត្រា​បាន​បាត់​បង់​ភាព​ជា​ព្រះ​របស់​ទ្រង់​ឡើយ ហើយ​វា​ក៏​មិន​បាន​បំបាត់​ចោល​នូវ​ភាព​ស្មើ​គ្នា​របស់​ទ្រង់​ជា​មួយ​នឹង​ព្រះ​វរបិតា​ដែរ។ ដូច្នេះ ចំណុច​ដែល​ខ​គម្ពីរ​នេះ​បាន​លើក​ឡើង​ទាក់​ទង​នឹង «ភាព​ធំ​លើស​ជាង» គឺ​ទាក់​ទង​នឹង​តួនាទី មិន​មែន​លក្ខណៈ​នោះ​ទេ។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បោះ​ទៅ​ក្នុង​បឹង​ភ្លើង

អទិភាពចម្បងក្នុងជីវិតនៃក្រុមជំនុំ