in

ផល​ផ្លែ​របស់ព្រះ​វិញ្ញាណ

The Fruit of the Spirit

ទាញយក “ផល​ផ្លែ​របស់ព្រះ​វិញ្ញាណ PDF” Fruit-of-the-Spirit-Tree-Khmer.1.3.pdf – មាន​គេ​ទាញ​យក 1316 ដង – 140.54 KB

«រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ​ សេចក្ដី​សុខសាន្ដ សេចក្ដី​អត់ធ្មត់ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ ភាព​ស្មោះ​ត្រង់​ចិត្ត​ស្លូតបូត និង​ការ​គ្រប់គ្រង​ចិត្ដ ហើយ​គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​សេចក្ដី​ទាំង​នេះ​ឡើយ។​» (កាឡាទី ៥:២២-២៣ គគខ)

សាវ័ក ប៉ុល មិន​បាន​លើក​ឡើង​អំពី​កិច្ចការ​ខាង​ឯង​ព្រះ​វិញ្ញាណ​ដូច​ដែល​គាត់​បាន​លើក​ឡើង​ពី​កិច្ចការ​ខាង​សាច់​ឈាម​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ផ្ដល់​ឈ្មោះ​ដ៏​ល្អ​ជាង​នោះ​ទៅ​ទៀត​សម្រាប់​លក្ខណសម្បត្តិ​គ្រីស្ទ​បរិស័ទ។ គាត់​បាន​ហៅ​លក្ខណសម្បត្តិ​នោះ​ថា «ផល​ផ្លែ​របស់​ព្រះ​វិញ្ញាណ»។

សេចក្ដី​ស្រឡាញ់

បើ​សាវ័ក ប៉ុល គ្រាន់​តែ​លើក​ឡើង​អំពី​សេចក្ដី​ស្រឡាញ់ នោះ​នឹង​គ្រប់​គ្រាន់​ហើយ ដ្បិត​ផល​ផ្លែ​នៃ​សេចក្ដី​ស្រឡាញ់​ក្ដោប​នូវ​រាល់​ផល​ផ្លែ​ផ្សេងៗ​ទៀត​របស់​ព្រះ​វិញ្ញាណ។ ក្នុង​កណ្ឌ​គម្ពីរ​១កូរិនថូស​ជំពូក​១៣​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​ការ​សង្ខេប​លើ​ផល​ផ្លែ​ទាំង​អស់​នៃ​ព្រះ​វិញ្ញាណ៖ «ឯ​សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយ​ក៏​សប្បុរស…» (១កូរិនថូស ១៣:៤)។ ត្រង់​នេះ​គាត់​បាន​លើក​សេចក្ដី​ស្រឡាញ់​ឲ្យ​នៅ​តែ​ឯង​ក្នុង​ចំណោម​ផល​ផ្លែ​ផ្សេងៗ​របស់​ព្រះ​វិញ្ញាណ ដើម្បី​ជា​ការ​រំឭក​ដ៏​គ្រីស្ទ​បរិស័ទ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក «ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ» (រ៉ូម ១២:១០)។ នេះ​មាន​ន័យ​ថា ពួក​គាត់​ត្រូវ​តែ​លើក​អ្នក​ដទៃ​ខ្ពស់​ជា​ខ្លួន ព្រោះ​ពួក​គាត់​មាន​ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ជាមួយ។

អំណរ

អំណរ​មាន​ន័យ​ថា យើង​មាន​គំនិត​ផ្អែម​ល្ហែម​អំពី​ព្រះ​គ្រីស្ទ ការ​មាន​ទៅ​ដោយ​ទំនុក​ចម្រៀង និង​ទំនុកដំកើង ការ​ច្រៀង​សរសើរ ការ​អរ​ព្រះ​គុណ ដែល​នោះ​ឯង​ជា​អ្វី​ដែល​គ្រីស្ទ​បរិស័ទ​រៀន ទទួល​ការ​លើក​ទឹក​ចិត្ត និង​សម្រាល​ខ្លួន​ពី​ភាព​ហត់​នឿយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ការ​មាន​មន្ទិល​សង្ស័យ និង​ការ​បាក់​ទឹក​ចិត្ត​ឡើយ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​លើ​គោល​ជំនឿ​ដែល​ជា​បន្ទុក​ដល់​អ្នក​កាន់ ឬ​ក៏​ការ​មាន​គំនិត​ស្រអាប់​មាន​ពេញ​ទៅ​ដោយ​ទុក្ខព្រួយ។ ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ចិត្ត​ត្រេកអរ។ ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ដើម្បី​នាំ​យើង​ឲ្យ​មាន​ការ​ខូច​ចិត្ត​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​ហោរា ពួក​សាវ័ក និង​ព្រះ​គ្រីស្ទ​ផ្ទាល់​បាន​លើក​ទឹក​ចិត្ត​យើង ហើយ​ប្រាកដ​ណាស់​ថែម​ទាំង​បង្គាប់​ឲ្យ​យើង​មាន​អំណរ ហើយ​ចិត្ត​អរសប្បាយ។ «ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក​រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្ដេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង…» (សាការី ៩:៩)។ ក្នុង​កណ្ឌ​គម្ពីរ ទំនុកដំកើង យើង​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ដែល​អ្នក​និពន្ធ​បាន​លើក​ទឹក​ចិត្ត​ឲ្យ «មាន​សេចក្ដី​អំណរ​ក្នុង​ព្រះ​យេហូវ៉ា» (ទំនុកតម្កើង ៣៥:៩)។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ចូរ​អរ​សប្បាយ​ជា​និច្ច» (១ថែស្សាឡូនីច្ច ៥:១៦)។ ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​បាន​មាន​បន្ទូល​ថា «…ត្រូវ​ឲ្យ​រីក​រាយ​ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​វិញ» (លូកា ១០:២០)។

សេចក្ដី​សុខសាន្ត

ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ជាមួយ​នឹង​ទ្រង់ និង​មនុស្ស​ជុំវិញ​យើង។ ព្រះ​អង្គ​ក៏​បាន​ហៅ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​ឲ្យ​យើង​រស់​នៅ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ ហើយ​ស្ងៀមស្ងាត់។ យើង​មិន​អាច​មាន​សេចក្ដី​សុខសាន្ត​បាន​ទេ បើ​យើង​មិន​មាន​ភាព​អត់​ធ្មត់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​ចំណុច​នោះ​បន្ទាប់ពី​សេចក្ដី​សុខសាន្ត។

សេចក្ដី​អត់​ធ្មត់

សេចក្ដី​អត់​ធ្មត់ គឺ​ជា​លក្ខណសម្បត្តិ​មួយ​ដែល​ជួយ​ឲ្យ​បុគ្គល​ម្នាក់​ចេះ​មាន​ការ​ទ្រទ្រាំ​ពេល​ឈ្លោះ​គ្នា ពេល​មាន​ការ​ឈឺ​ចាប់ ពេល​មាន​គេ​ស្ដី​បន្ទោស ហើយ​វា​ក៏​ជួយ​យើង​ឲ្យ​ចេះ​អត់​ធ្មត់​ដោយ​ចេះ​រង់ចាំ​ឲ្យ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​កែ​ខ្លួន។ ពេល​ដែល​អារក្សសាតាំង​ឃើញ​ថា​វា​មិន​អាច​យក​ឈ្នះ​លើ​បុគ្គល​ណា​មួយ​ដោយ​ការ​បង្ខំ​ភ្លាមៗ នោះ​វា​នឹង​ចំណាយ​ពេល​យូរ ដើម្បី​នឹង​ព្យាយាម​យក​ឈ្នះ។ វា​ដឹង​ថា​យើង​ខ្សោយ ហើយ​យើង​មិន​អាច​ទ្រទ្រាំ​យូរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វា​ល្បួង​យើង​ម្ដង​ហើយ​ម្ដង​ទៀង​រហូត​ទាល់​តែ​វា​ឈ្នះ។ ដើម្បី​ឲ្យ​យើង​អាច​នឹង​ទ្រាំ​នឹង​ការ​វាយ​ប្រហារ​របស់​អារក្សសាតាំង​បាន ដាច់​ខាត​យើង​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់ ហើយ​ចាំ​រហូត​ដល់​វា​មាន​ការ​ហត់​នឿយ​ក្នុង​ការ​ល្បួង​យើង។

សេចក្ដី​សប្បុរស

យើង​ត្រូវ​តែ​ចេះ​មាន​ភាព​សប្បុរស​ក្នុង​ការ​ប្រព្រឹត្ត​នឹង​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង។ អ្នក​ដែល​ដើរ​តាម​ដំណឹង​ល្អ​ដ៏​ពិត​ត្រូវ​ធ្វើ​ជា​មនុស្ស​មិន​ចេះ​ខឹង ឬ​ក៏​មាន​គំនុំ ប៉ុន្តែ ត្រូវ​ធ្វើ​ជា​អ្នក​ដែល​សុភាព ទន់​ភ្លន់ គួរ​សម ចេះ​ថ្នាក់​ថ្នម​សម្ដី ដែល​ការ​ធ្វើ​បែប​នោះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដទៃ​ស្វែងរក​គ្នា​គេ។ ការ​មាន​ចិត្ត​សប្បុរស​នឹង​មើល​រំលង​កំហុស​ឆ្គង​អ្នក​ដទៃ ហើយ​នឹង​បំភ្លេច​វា​ចោល។ ការ​មាន​សេចក្ដី​សប្បុរស​តែងតែ​មាន​ការ​រីករាយ​ក្នុង​ការ​ចុះចូល​នឹង​អ្នក​ដទៃ។ ការ​មាន​សេចក្ដី​សប្បុរស​តែង​តែ​ចេះ​សម្រប​ខ្លួន​ជាមួយ​នឹង​មនុស្ស​ដែល​គេ​ពិបាក​ចូល​ជាមួយ។ មាន​សម្រង់​សម្ដី​ពី​ដើម​មួយ​ថា «លោក​អ្នក​ត្រូវ​តែ​ស្គាល់​របៀប​របប​របស់​មិត្តភក្ត​ខ្លួន ប៉ុន្តែ​ចូរ​កុំ​ស្អប់​ពួក​គេ​ឡើយ។» កណ្ឌ​គម្ពីរ​ដំណឹងល្អ​បាន​បង្ហាញ​យើង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​បុគ្គល​ដែល​មាន​សេចក្ដី សប្បុរស គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។ ប្រវត្តិសាស្ត្រ​បាន​មាន​សរសេរ​ចុះ​ថា​សាវ័ក ពេត្រុស តែង​តែ​យំ​រាល់​ពេល​ដែល​គាត់​នឹក​ចាំ​ពី​ភាព​សប្បុរស​ដ៏​ផ្អែម​ល្ហែម​របស់​ព្រះ​គ្រីស្ទ​ក្នុង​ការ​ដែល​ទ្រង់​រាប់​រក​មនុស្ស​ដែល​ទ្រង់​ជួប​ជា​ប្រចាំ​ថ្ងៃ។ សេចក្ដី​សប្បុរស​ជា​លក្ខណសម្បត្តិ​ដ៏​ល្អ​មួយ ហើយ​ក៏​មាន​អត្ថ​ប្រយោជន៍​ណាស់​ក្នុង​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ។

សេចក្ដី​ល្អ

បុគ្គល​ដែល​ចិត្ត​ល្អ គឺ​ជា​បុគ្គល​ដែល​ហ៊ាន​ជួយ​អ្នក​ដទៃ​ពេល​ដែល​គេ​មាន​តម្រូវការ។ ឧទាហរណ៍៖ យើង​ដឹង​ហើយ​ថា តម្រូវការ​ដ៏​ចម្បង​របស់​មនុស្ស​លោក​យើង គឺ​យើង​ត្រូវការ​ការ​សង្គ្រោះ​រួច​ពី​អំពើ​បាប ហេតុ​ដូច្នេះ ដាច់ខាត​យើង​ត្រូវ​តែ​ហ៊ាន​ប្រាប់​ដំណឹង​ល្អ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង។

ភាព​ស្មោះ​ត្រង់

ត្រង់​នេះ​សាវ័ក ប៉ុល មិន​ចង់​មាន​ន័យ​អំពី​ជំនឿ​ដែល​នាំ​ឲ្យ​មាន​ការ​រាប់​ជា​សុចរិត​ទេ ព្រោះ​គាត់​បាន​រៀប​រាប់​អំពី​ការ​នោះ​យ៉ាង​ស៊ី​ជម្រៅ​រួច​ទៅ​ហើយ ប៉ុន្តែ​គាត់​កំពុង​តែ​លើក​ឡើង​អំពី​ជំនឿ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​មាន​រួម​ការ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​បាន​ឯកភាព និង​សេចក្ដី​សន្យា។ គេ​ហៅ​ការ​នេះ​ថា ជា​ការ​ដែល​អាច​ទុក​ចិត្ត​បាន ឬ​ក៏​ជា​ការ​ដ៏​សាមញ្ញ​ថា យើង​ហ៊ាន​ជឿ​នូវ​អ្វី​ដែល​អ្នក​ដទៃ​បាន​និយាយ។ តោះ​យើង​និយាយ​ពី​ការ​ដែល​អាច​ទុក​ចិត្ត​បាន​សិន។ លក្ខណសម្បត្តិ​នេះ​គឺ​ជា​ការ​ដែល​យើង​រក្សា​ទុក​នូវ​សម្បថ​ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​តុលាការ ជា​ការ​ដែល​មេ​និង​អ្នក​បម្រើ ឬ​ក៏​ប្រជាជន​រក្សា​ទុក​នូវ​សេចក្ដី​សន្យា ឬ​ក៏​ឯកភាព​ដែល​គេ​បាន​ចុះ​រវាង​គ្នា​នឹង​គ្នា។ (ដក​ស្រង់​ចេញ​ពី​លោក​គ្រូ Johannes Brenz)។

«អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត​នោះ​ក៏​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ។» (លូកា ១៦:១០)

សេចក្ដី​ស្លូត​បូត

បុគ្គល​ដែល​មិន​រហ័ស​នឹង​ខឹង គឺ​ជា​បុគ្គល​ដែល​មាន​ចិត្ត​ស្លូត​បូត។ មាន​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ងាយ​ស្រួល​នឹង​ខឹង ប៉ុន្តែ​គ្រីស្ទ​បរិស័ទ​នឹង​មិន​ចេះ​ខឹង​ដោយ​សារ​គាត់​ជា​មនុស្ស​ស្លូត​បូត។

ការ​គ្រប់​គ្រង​ចិត្ត

ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គ្រីស្ទ​បរិស័ទ​ឲ្យ​ចេះ​រស់នៅ​ដោយ​មិន​ស្រវឹង​ស្រា ហើយ​មាន​ភាព​ស្អាត​ស្អំ​ខាង​ឯ​សីលធម៌។ ពួក​គាត់​មិន​គួរ​រស់នៅ​បែប​ជា​មនុស្ស​កំផិត ប្រព្រឹត្ត​កាម​តណ្ហា ឬ​ក៏​ចេះ​តែ​រួម​ភេទ​ជាមួយ​អ្នក​នេះ​អ្នក​នោះ។ ពួក​គាត់​មិន​គួរ​ដើរ​ឈ្លោះ​នឹង​គេ ហើយ​ស្រវឹង​ប៉ោឡែ​ឡើយ។ ក្នុង​ជំពូក​១​និង​២​នៃ​កណ្ឌ​គម្ពីរ​ទីតុស យើង​ឃើញ​ថា​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​អ្នក​ដឹក​នាំ ស្ត្រី​ក្មេងៗ និង​អស់​អ្នក​ដែល​បាន​រៀបការ​ហើយ​ថា ឲ្យ​ពួក​គាត់​ចេះ​រស់នៅ​ដោយ​មាន​ភាព​ស្អាត​ស្អំ ហើយ​បរិសុទ្ធ។

បើ​អ្នក​ចង់​ដឹង​ថែម​ទៀត សូម​ស្តាប់​សេចក្តី​អធិប្បាយ​ទាក់ទង​ទៅ​នឹង ផល​ផ្លែ​របស់​ព្រះវិញ្ញាណ នៅ​ទីនេះ

និពន្ធ​ដោយ៖ លោក​គ្រូ Martin Luther and Johannes Brenz
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ

ទាញយក “ផល​ផ្លែ​របស់ព្រះ​វិញ្ញាណ PDF” Fruit-of-the-Spirit-Tree-Khmer.1.3.pdf – មាន​គេ​ទាញ​យក 1316 ដង – 140.54 KB

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ក្ដី​ស្រឡាញ់​ពិត

ការ​ពិឃាត