in

១០ចំណុច​​ដែល​លោកអ្នក​ត្រូវ​ដឹង​អំពី​ស្ថាននរក

10 Things You Should Know about Hell

យើងខ្ញុំ​មិន​សូវ​មាន​ចិត្ត​ត្រេកអរ​ប៉ុន្មាន​ទេ​ក្នុង​ការ​និពន្ធ​ឯកសារ​មួយ​នេះ។ ប៉ុន្តែ ស្ថាននរក​គឺ​ជា​ទីកន្លែង​ដ៏​ពិត ហើយ​មាន​មនុស្ស​ជា​ច្រើន​ក៏​កំពុង​ឆ្ពោះ​ទៅ​កាន់​ទីកន្លែង​នោះ។ ហេតុដូច្នេះ​ហើយ តោះ! ចូរ​យើង​ស្វែងយល់​ដោយ​យក​ចិត្ត​ទុក​ដាក់៖ តើ​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទាក់ទង​នឹង​ស្ថាននរក និង​អំពី​ការ​វែកញែក​គ្នា​ត្រង់​ថា តើ​ស្ថាននរក​ជា​ទីកន្លែង​ដែល​ដាក់​ទារុណកម្ម​លើ​សតិសម្បជញ្ញៈ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មែន ឬ​ទេ?

វា​គ្មាន​អ្វី​សំខាន់​ទេ​ត្រង់​ថា តើ​លោកអ្នក ហើយនិង​ខ្ញុំ «ចូលចិត្ត» អ្វី។ ព្រះ​ជាម្ចាស់​មិន​បាន​គ្រោង​ព្រះ​ហឫទ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ដោយ​រំពឹង​លើ​អ្វី​ដែល​យើង «ប្រាថ្នា​ចង់​បាន» នោះ​ទេ។ អ្វី​ដែល​យើង​ទំនង​ជា​មាន​គំនិត «គិត​ថា​​» វា​ជា​ការ​ពិត​ នោះ​វា​​មិន​សំខាន់​។ អ្វី​ដែល​ធ្វើ ឬ​ក៏​មិន​ធ្វើ​វា​ធ្វើ​ឲ្យ​យើង «មាន​អារម្មណ៍​ថា​ស្រួល» វា​ក៏​មិន​មាន​ទម្ងន់​លើ​ចំណុច​ពិត ឬ​ក៏​ចំណុច​ខុសឆ្គង​លើ​ប្រធានបទ​មួយ​នេះ​មួយ​នោះ​ដែរ។ សេចក្ដី​ពិត​ត្រង់​ថា យើង​មាន​ញាណ​ថា​អ្វី​មួយ «សមរម្យ» ឬ​ក៏ «ត្រឹមត្រូវ» វា​ក៏​គ្មាន​ចំណែក​អ្វី​ទេ​លើ​ការ​សន្និដ្ឋាន​ថា ពិត​ជា​មាន ឬ​ក៏​ពិត​ជា​មិន​មាន​ស្ថាននរក​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ​ឡើយ។ ត្រង់​ចំណុច​ថា យើង​មិន​មាន​សូវ​មាន​ការ​សប្បាយ​ចិត្ត​លើ​គំនិត​ទាក់ទង​នឹង​ការ​ដាក់​ទារុណកម្ម​លើ​សតិសម្បជញ្ញៈ​ដ៏​នៅ​អស់កល្ប​ជានិច្ច ការ​នោះ​នឹង​មិន​ធ្វើ​ឲ្យ​លែង​មាន​ស្ថាននរក​នោះ​ទៀត​ឡើយ។ សេចក្ដី​ពិត​ត្រង់​ថា លោកអ្នក​ទំនង​ជា​មាន «អារម្មណ៍» ថា​ការ​មាន​ស្ថាននរក​វា​មិន​ស៊ីគ្នា​ទេ​ទៅ​នឹង​ផ្នត់​គំនិត​លោកអ្នក​ចំពោះ​ព្រះ​ជាម្ចាស់ ការ​នោះ​ក៏​មិន​មែន​មាន​ន័យ​ថា គ្មាន​ស្ថាននរក​ដែរ។ មិន​ថា​យើង «ចង់បាន» ឬ​ក៏ «សង្ឃឹម» ឬ​ក៏ «ប្រាថ្នា» អ្វី​ក៏​ដោយ ក៏​វា​គ្មាន​អ្វី​ទាក់ទង​នឹង​ការ​ជជែក​វែកញែក​គ្នា​មួយ​នេះ​ដែរ។ មាន​សំណួរ​ដ៏​សំខាន់​តែ​មួយ​គត់៖ «តើ​ព្រះ​គម្ពីរ​បាន​បង្រៀន​ពី​ការ​នោះ​ដែរ​ឬ​ទេ?» ហើយ​ប្រសិនបើ​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​ការ​នោះ (កណ្ឌគម្ពីរ​វិវរណៈ​ជំពូក១៤ និង​ខគម្ពីរ​ផ្សេងៗ​ទៀត​ពិត​ជា​បាន​បង្រៀន​មែន) ហេតុ​ដូច្នេះ​ហើយ តួនាទី​របស់​យើង​គឺ ដាច់ខាត យើង​ត្រូវតែ​ទទួល​ជឿ​លើ​ចំណុច​នេះ ហើយ​យើង​ត្រូវតែ​ប្រកាស​យ៉ាង​ពេញទី និង​ឲ្យ​ស្មោះត្រង់​អំពី​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ថា នោះ​គឺ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​មនុស្ស​មាន​បាប​នា​ពេល​បច្ចុប្បន្ន​នេះ និង​នា​ពេល​អនាគត​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ចណុខ​១០​យ៉ាង​អំពី​ស្ថាននរក​ដែល​យើង​ត្រូវតែ​យល់ និង​ទទួល​ជឿ៖

១. មាន​ទី​កន្លែង​មួយ​ដែល​គេ​ហៅ​វា​ថា «ហ្គាហិនណា» (ភ្លើង​នរក)

ជា​រឿយៗ នៅ​ពេល​ដែល​គេ​បាន​បកប្រែ​ពាក្យ​ថា «នរក» នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី គឺ​មក​ពី​ពាក្យ​ភាសា​ក្រិក​ ហ្គាហិនណា (“Gehenna”) ដែល​ស្មើ​ទៅ​នឹង​ពាក្យ «ច្រកភ្នំ​ហ៊ីនណំម»។ ច្រកភ្នំ​មួយ​នេះ​មាន​ទីតាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ទីក្រុង​យេរូសាឡឹម ហើយ​យើង​អាច​ទៅ​ទស្សនា​បាន ដែល​វា​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រសិនបើ​យើង​ឈរ​មើល​ពី​លើ​កំពូលភ្នំ​ដើម​អូលីវ។ នៅពេល​​មុន គេ​បាន​ធ្លាប់​ប្រើ​ទី​កន្លែង​នោះ ដើម្បី​ធ្វើ​ជា​ទី​កន្លែង​សម្រាប់​ថ្វាយ​យញ្ញបូជា​មនុស្ស​ឧទ្ទិស​ទៅ​ដល់​ព្រះ​ម៉ូឡុក (Moloch) ដែល​ជា​ព្រះ​ក្លែងក្លាយ (២ពង្សាវតារក្សត្រ ២៣:១០; ២របាក្សត្រ ២៨:៣; ៣៣:៦ សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌគម្ពីរ យេរេមា ៧:៣១-៣២ និង​១៩:៥)។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​មាន​ការ​វែកញែក​ក្នុង​ចំណោម​ទេវវិទូ​ជា​ច្រើន​ដោយ​លើកឡើង​សួរ​ដេញដោល​ថា តើ «ច្រកភ្នំ​ហ៊ីនណំម» ពិតជា​ទី​កន្លែង​ដែល​គេ​បាន​ប្រើប្រាស់ ដើម្បី​ចាក់​សំរាម​មែន​ឬ​នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម​នៅ​សម័យកាល​នេះ? ភស្តុតាង​បាន​បង្ហាញ​ឲ្យ​យើងខ្ញុំ​ឃើញ​ថា យើង​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​យ៉ាង​ដូច្នោះ​នោះ​ទេ ហេតុ​ដូច្នេះ យើង​មិន​គួរ​ប្រកាន់​ភ្ជាប់​ចំណុច​នេះ​យ៉ាង​ម៉ឺងម៉ាត់​នោះ​ឡើយ។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​បដិសេធ​ថា គេ​ពិត​ជា​ធ្លាប់​ប្រើប្រាស់​កន្លែង​នោះ​សម្រាប់​គោរព​ថ្វាយ​បង្គំ​ដល់​ព្រះ​ក្លែងក្លាយ ទុក​ជា​កន្លែង​ធ្វើ​យញ្ញបូជា​ក្មេងៗ​នោះ​ទេ។ ដូច្នេះ វា​ជា​ការ​ដ៏​ត្រឹមត្រូវ​ណាស់​ដែល​គេ​ប្រៀបធៀប​ទី​កន្លែង​នេះ​ទុក​ជា​កន្លែង ដែល​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​ទុក្ខសោក​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ទាក់ទង​ទៅ​នឹង​ការ​ទាស់​ប្រឆាំង​ត្រង់​ចំណុច​ដែល​បាន​លើកឡើង​ថា នៅ​សម័យ​កាល​ព្រះ​យេស៊ូវ​ហ្គាហិនណា គឺ​ជា​ទី​កន្លែង​ដែល​គេ​បាន​ចាក់​សំរាម សូម​អាន​បន្ថែម​ទៀត​ក្នុង​សៀវភៅ​ដែល​និពន្ធ​ដោយ​លោកគ្រូ៖ ហ្វ្រេន សីស ឆែន ហើយនិង លោកគ្រូ ផ្រីសតិន សិនហ្គូល ((Francis Chan & Preston Sprinkle) ដែល​មាន​ចំណង​ជើង​ក្នុង​ភាសា​អង់គ្លេស​ថា Erasing Hell: what God said about eternity, and the things we made up «ការ​លុប​ស្ថាននរក៖ អ្វី​ដែល​ព្រះជាម្ចាស់​បាន​លើកឡើង​អំពី​ភាព​អស់​កល្ប​ជានិច្ច ហើយ​នឹង​អំពី​អ្វី​ដែល​យើង​បាន​បង្កើត​ដោយ​ខ្លួន​ឯង។» (Colorado Springs: David C. Cook, ឆ្នាំ២០១១), ទំព័រ៥៦-៦៧); និង David A. Croteau, Urban Legends of the New Testament: 40 Common Misconceptions (B & H, ឆ្នាំ២០១៥), ទំព័រ៤៩-៥៣)។

២. កណ្ឌគម្ពីរ វិវរណៈ ១៤:៩-១១ មាន​រៀបរាប់​យ៉ាង​ចំៗ​ទាក់ទង​នឹង​ស្ថាននរក

ខគម្ពីរ​ទាំង​នោះ​មាន​ចែង​ថា « រួច​មាន​ទេវ​តា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ នឹង​រូប​វា ហើយ​ទទួល​ទី​សម្គាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រមទាំង​ត្រូវ​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ និង​កូន​ចៀម​ផង ឯ​ផ្សែង​នៃ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នឹង​ហុយ​ឡើង​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ គេ​នឹង​ឥត​មាន​សេចក្ដី​ស្រាក​ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ និង​រូប​វា ឬ​អ្នក​ណា​ដែល​ទទួល​ទី​សម្គាល់​នៃ​ឈ្មោះ​វា​ផង»។ ( វិវរណៈ ១៤:៩-១១)

៣. ភ្លើង ហើយនិង​ស្ពាន់ធ័រ ដែល​នឹង​នៅ​អស់​កល្ប​ជានិច្ច​មាន​ពណ៌នា​យ៉ាង​ចំ​ៗ

សាវ័ក យ៉ូហាន បាន​បន្ត​ពណ៌នា​ទាក់ទង​នឹង​ពេលវេលា​នៃ​ការ​ដាក់​ទោស​នៅ​ក្នុង​ខ​១១។ ទីមួយ «ផ្សែង» នៃ​សេចក្ដី​ទុក​លំបាក ឧ. ផ្សែង​នៃ​ភ្លើង និង​ស្ពាន់ធ័រ (ខ១០) «នឹង​ហុយ​ឡើង​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ» (ដើម្បី​ឲ្យ​យល់​សាច់រឿង​ប្រវត្តិសាស្ត្រ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌគម្ពីរ អេសាយ ៣៤:៩-១០)។ មើល​ទៅ​ការ​ឆេះ​ដែល​ពុំ​មាន​ភ្លើង​នេះ​គឺ​ជា​ទី​បន្ទាល់​នៃ​លទ្ធផល​នៃ​អំពើបាប ហើយនិង​អំពី​ភាព​យុត្តិធម៌​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់។ ការ​លើកឡើង​យ៉ាង​ចំៗ​ពី​ពេលវេលា​នៃ​បាតុភូត​ដ៏​អស្ចារ្យ​នេះ​ត្រង់​ថា​វា​នឹង​កើត​ឡើង​ជា «រៀង​រាប​ត​ទៅ»។

ការ​ប្រើ​ពាក្យ​ពេចន៍​បែប​នេះ​មាន​ចំនួន​សរុប​១៣ដង​នៅ​ក្នុង​កណ្ឌគម្ពីរ​វិវរណៈ៖ ទី១៖ ៣ដង​ទាក់ទង​ទៅ​នឹង​ពេលវេលា​នៃ​ការ​សរសើរ​តម្កើង ការ​ថ្វាយ​សិរីល្អ ហើយ​និង​ព្រះ​ចេស្ដា​ដល់​ព្រះ​ជាម្ចាស់ (១:៦; ៥:១៣; ៧:១២) ទី២៖ ៥ដង​ទាក់ទង​ទៅ​នឹង​ពេលវេលា​នៃ​ព្រះជន្ម​របស់​ព្រះជាម្ចាស់ ឬ​ក៏​ព្រះ​គ្រីស្ទ (១:១៨; ៤:៩; ១០; ១០:៦; ១៥:៧) ទី៣៖ ម្ដង​គឺ​ទាក់ទង​ទៅ​នឹង​ការ​សោយរាជ្យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​គ្រីស្ទ (១១:១៥) ទី៤៖ ម្ដង​ទាក់ទង​ទៅ​នឹង​ពេលវេលា​នៃ​ការ​សោយរាជ្យ​របស់​ពួក​បរិសុទ្ធ (២២:៥) ទី៥៖ ម្ដង​ទាក់ទង​ទៅ​នឹង​ផ្សែង​នៃ​ទីក្រុង​បាប៊ីឡូន​ដែល​បាន​ហុយ​ឡើង​ទៅ​លើ​មេឃ (១៩:៣) ទី៦៖ ម្ដង​ទាក់ទង​ទៅ​នឹង​ពេលវេលា​នៃ​សេចក្ដី​ទុក​លំបាក​របស់​អារក្ស សត្វ ហើយនិង​ហោរា​ក្លែងក្លាយ (២០:១០) ហើយ​ទី៧៖ គឺ​ម្ដង​នៅ​ត្រង់​កន្លែង​នេះ​គឺ​នៅ​ក្នុង​កណ្ឌគម្ពីរ វិវរណៈ ១៤:១១។

ទីពីរ «គេ​នឹង​ឥត​មាន​សេចក្ដី​ស្រាកស្រាន្ត​ឡើយ​ទាំង​យប់​ទាំង​ថ្ងៃ» (រីឯ​ឃ្លា​ដែល​ថា «ទាំង​យប់​ទាំង​ថ្ងៃ» គឺ​មាន​ការ​ស៊ីគ្នា​ទៅ​នឹង​ឃ្លា​ដែល​ថា «អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ»)។ កណ្ឌគម្ពីរ វិវរណៈ ៤:៨ ក៏​បាន​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ដូច​គ្នា​នេះ​ផង​ដែរ ទាក់ទង​ទៅ​នឹង​ពេលវេលា​នៃ​ការ​ថ្វាយ​បង្គំ ដែល​ជា​ផ្នែក​មួយ​នៃ​សត្វ​ដែល​មាន​ជីវិត​ទាំង​បួន​បាន​ធ្វើ។ ទំនង​ត្រង់​ចំណុច​ថា ពួកគេ «ឥត​មាន​សេចក្ដី​ស្រាកស្រាន្ត» នោះ​គឺ​ជា​សេចក្ដី​ទុក្ខ​លំបាក​ដែល​បង្ក​បង្កើត​ឡើង​តាមរយៈ​ភ្លើង និង​ស្ពាន់ធ័រ។

៤. សកម្មភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​អាច ឬ​ក៏​មិន​អាច​នៅ​យ៉ាង​អស់​កល្ប​ជានិច្ច

តើ​បទ​គម្ពីរ ឬ​ក៏​ខ​គម្ពីរ​បែប​នេះ​កំពុង​និយាយ​សំដៅ​អំពី​ការ​ដាក់​ទារុណកម្ម​ដ៏​នៅ​អស់កល្ប​ជានិច្ច (ដោយ​ផ្ដោត​ទៅ​លើ​សកម្មភាព​នៃ​ការ​កាត់​ទោស) ឬ​ក៏​ទណ្ឌកម្ម (ដោយ​ផ្ដោត​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​ថ្កោល​ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ)? និយាយ​បែប​ម្យ៉ាង​ទៀត តើ​អ្វី​ទៅ​ដែល​នៅ​អស់​កល្ប​ជានិច្ច ឬ​ក៏​នៅ​ឥត​ឈប់ឈរ៖ សកម្មភាព​នៃ​ការ​ដាក់​ទារុណកម្ម​អ្នក​មិន​ជឿ ឬ​ក៏​ឥទ្ធិពល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ពួកគេ? ជា​ថ្មី​ម្ដង​ទៀត តើ​សេចក្ដី​ទុក្ខ​លំបាក​របស់​អស់​អ្នក​ដែល​បាត់បង់ គឺ​ជា​ការ​ដក​បទ​ពិសោធន៍​នៃ​សតិសម្បជញ្ញៈ​ដែល​គ្មាន​ទី​បញ្ចប់​មែន​ឬ? ឬ​ក៏​ថា តើ​នេះ​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​រហូត​ដល់​ព្រលឹង​វិញ្ញាណ​ពួកគេ​រលាយ​សាប​សូន្យ​អស់​ទៅ​ដោយ​លែង​មាន​ជីវិត​ត​ទៅ​មុខ​ទៀត បន្ទាប់​ពី​ពួកគេ​បាន​រងទុក្ខ​ក្នុង​លក្ខណៈ​ដែល​មាន​ការ​​ស៊ីសង​នឹង​ការ​បង់ថ្លៃ​ឲ្យ​ធួន​ទៅ​នឹង​អំពើបាប​ដែល​ពួកគាត់​បាន​ប្រព្រឹត្ត? តើ​ផ្សែង​នៃ​ការ​រងទុក្ខ​របស់​ពួកគេ​ដែល​ហុយ​នោះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​ដក​ពិសោធន៍​នូវ​សតិសម្បជញ្ញៈ​នៃ​ការ​រងទុក្ខ​ដែល​គ្មាន​ទី​បញ្ចប់​ដែល​ពួក​គេ​ត្រូវ​ឆ្លងកាត់​មែន​ឬ? ឬ​ក៏​ថា តើ​នេះ​ជា​សញ្ញា​តំណាង​ពី​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួកគេ​ដែល​នឹង​នៅ​អស់​កល្ប​ជានិច្ច ហើយ​ជា​ឥទ្ធិពល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន រហូត​ដល់​ពួកគេ​នឹង​រលាយ​សាប​សូន្យ​បាត់​ឈឹង? ចំពោះ​អស់​អ្នក​ណា​ដែល ប្រកាន់​ខ្ជាប់​តាម​ទស្សនៈ​ចុង​ក្រោយ​មួយ​នេះ ពួកគាត់​នឹង​ព្យាយាម​វែកញែក​ដោយ​លើក​ឡើង​ថា សេចក្ដី​ស្រាក​ស្រាន្ត «ទាំង​យប់​ទាំង​ថ្ងៃ» ចេញពី​ការ​ទទួល​ទារុណកម្ម​នឹង​នៅ​បន្ត​ខណៈពេល​ដែល​កំពុង​កើត​ឡើង ឬ​ក៏​ថា​នឹង​នៅ​ជា​ដរាប​រហូត​ដល់​ពី​បញ្ចប់។ ប៉ុន្តែ ទាក់ទង​ទៅ​នឹង​ចំណុច​ដែល​លើក​ឡើង​ថា វា​នឹង​មាន​ជា​រៀង​រហូត ឬ​ក៏​មិន​រហូត​អស់កល្ប​ជានិច្ច គឺ​ដាច់ខាត​យើង​ត្រូវតែ​សម្រេច​ដោយ​ឈរ​ទៅ​លើ​មូលដ្ឋាន​ផ្សេងៗ​ទៀត​ផង​ដែរ។

៥. ទស្សនៈ​របស់​យើង​ទៅ​លើ​ស្ថាននរក​គឺ​ពឹង​អាង​ទៅ​លើ​ទស្សនៈ​របស់​យើង​លើ «ព្រលឹង​វិញ្ញាណ​អមត)

មាន​មនុស្ស​ជា​ច្រើន (តែ​មិនមែន​ទាំង​អស់​នោះ​ទេ) ដែល​ជា​អ្នក​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​ទាក់ទង​ទៅ​នឹង​ត្រង់​ចំណុច​ថា «នឹង​រលាយ​សាប​សូន្យ» (annihilationism) ពួកគាត់​ក៏​ជា​អ្នក​ដែល​ប្រកាន់​ខ្ជាប់​លើ​ទស្សនៈ​នៃ «ការ​ដាក់​លក្ខខណ្ឌ» (conditionalists) ផ្សេងៗ​ទៀត​ផង​ដែរ។ នេះ​មាន​ន័យ​ថា ពួកគាត់​បាន​បដិសេធ​ថា ព្រលឹង​របស់​យើង​មិន​នៅ​ជា​អចិន្ត្រៃយ៍ ឬ​ក៏​នៅ​អមត​ទេ លុះត្រា​តែ​ព្រះ​ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​ពួកគេ​នៅ​អមត (ដែល​ជា​រឿយៗ ការ​នោះ​អាច​កើត​ឡើង​បាន​នៅពេល​ដែល​ព្រះ​អង្គ​ប្រទាន​នូវ​អំណោយ​ទាន​នៃ​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេ)។ ចំពោះ​អស់​អ្នក​ដែល​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​ដែល​ថា ព្រលឹង​វិញ្ញាណ​នឹង​រលាយ​សាប​សូន្យ ពួកគាត់​បដិសេធ​ទស្សនៈ​របស់​អ្នក​ដែល​ដាក់​លក្ខខណ្ឌ​ផ្សេងៗ ដោយ​គ្រាន់តែ​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​បាន​ដាក់​ទណ្ឌកម្ម​លើ​​អ្នក​មិន​ជឿ​ដោយ​មិន​ឲ្យ​ពួកគេ​មាន​ព្រលឹងវិញ្ញាណ​អមត​ទេ ដែល​ព្រះ​អង្គ​បាន​ធ្វើ​ការ​នោះ​មុន​ថ្ងៃ​ដែល​ព្រះ​ជាម្ចាស់​ជំនុំជម្រះ​នៅ​ថ្ងៃ​ចុងក្រោយ។ ចំណែក​ឯ​អ្នក​ដែល​ប្រកាន់​ខ្ជាប់​នូវ​«ប្រពៃណី​និយម» (traditionalist) វិញ ពួកគាត់​បាន​អះអាង​ថា មាន​តែ​ព្រះ​ជាម្ចាស់​មួយ​អង្គ​គត់​ប៉ុណ្ណោះ​ដែល​អមត ហើយ​ព្រះអង្គ​បាន​ដាក់​ភាព​អមត​ក្នុង​មនុស្ស​លោក​នៅ​ពេល​ដែល​ព្រះអង្គ​បាន​បង្កើត​ពួកគេ​មក ដោយ​ព្រះ​អង្គ​នឹង​មិន​ដក​ភាព​អមត​នោះ​ចេញពី​ពួកគេ​ឡើយ។

៦. វា​ទំនង​ជា​ការ​ដាក់​ទណ្ឌកម្ម​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ខាង​ឯ​សម្បជញ្ញៈ…ឬ​ក៏​ជា​ការ​បំផ្លាញ​ចោល​ទាំង​ស្រុង​តែ​ម្ដង

តើ​គេ​បាន​លើក​ឡើង​ជា​ហេតុផល​អ្វី​ខ្លះ ទាក់ទង​នឹង​ការ​បដិសេធ​ទស្សនៈ​នៃ​ការ​ដាក់​ទណ្ឌកម្ម​​សម្បជញ្ញៈ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយនិង​ការ​អះអាង​ពី​ទស្សនៈ​នៃ​ភាព​រលាយ​សាបសូន្យ​បាត់​ទៅ (ឬ​ក៏​ពេល​ខ្លះ​គេ​រាប់​ការ​នេះ​ថា​ជា «ជីវិត​អមត​ដែល​មាន​លក្ខខណ្ឌ» (conditional immortality))? មាន​មនុស្ស​ជា​ច្រើន​នឹង​ផ្ដោត​ទៅ​លើ​ការ​ដែល​ព្រះ​គម្ពីរ​ប្រើ​ពាក្យ​ពេចន៍​ទាក់ទង​នឹង​ស្ថាននរក ជា​ពិសេស​ទៅ​លើ​ពាក្យ​ថា «បំផ្លាញ» ក៏​ដូច​ជា «សេចក្ដី​ហិន​វិនាស» (សូម​អាន​កណ្ឌគម្ពីរ ភីលីព ៣:១៩; ១ថេស្សាឡូនីច ៥:៣; ២ថេស្សាឡូនីច ១:៩ និង​២ពេត្រុស ៣:៧)។ ពួកគាត់​អះអាង​ថា «ភ្លើង» នៃ​ស្ថាននរក​នឹង​ឆេះ​សុស ពោល​គឺ​វា​នឹង​ដុត «បំផ្លាញ» នូវ​អ្វីៗ​ដែល​មាន​នៅ​ក្នុង​នោះ​ចោល​ទាំង​ស្រុង ដោយ​មិន​បន្សល់​នូវ​អ្វី​មួយ​ទាល់តែ​សោះ (សូម​អាន​កណ្ឌគម្ពីរ ម៉ាថាយ ១០:២៨)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគាត់​កាត់​ស្រាយ​លើ​ពាក្យ «បំផ្លាញ» ឲ្យ​មាន​ន័យ​ថា ការ​ដក​ជីវិត​ចេញ ឬ​ក៏​ការ​ដក​ការ​មាន​ជីវិត​ចោល ពោលគឺ​ការ​បាត់​បង់​ជីវិត​ទាំង​ស្រុង​តែ​ម្ដង។ អ្នក​ដែល​ប្រកាន់​ខ្ជាប់​តាម​គំនិត​នៃ​ភាព​រលាយ​សាប​សូន្យ​បាត់​ទៅ​ក៏​តែងតែ​បាន​លើក​ឡើង​ថា​ពាក្យ​ក្រិក​ដែល​ជា​ទូទៅ​មាន​ការ​បកប្រែ​ថា «អស់​កល្ប​ជានិច្ច» (អ៊ីអន “aion”) ឲ្យ​ទៅ​ជា​ថា តាម​ពិត​ទៅ ពាក្យ​នោះ​គឺ​មាន​ន័យ​យ៉ាង​ចំ​ទៅ​លើ «សម័យកាល» ដោយ​សង្កត់​ធ្ងន់​ទៅ​លើ ពេលវេលា​នៃ​សម័យកាល​នោះ​មាន​ដែន​កំណត់​វិញ។ ហើយ​ជា​​រឿយៗ យើង​ក៏​តែងតែ​ឮ​គេ​និយាយ​ពី​ចំណុច​យុត្តិធម៌​ផង​ដែរ។ គេ​បាន​លើកឡើង​ដូច​បែប​នេះ​ថា៖ ការ​ដាក់​ពិន័យ «ដ៏​យុត្តិធម៌» នឹង​ស៊ីសង​គ្នា​លើ​បទ​ឧក្រិដ្ឋ ឬ​ក៏​អំពើបាប​ដែល​បាន​ប្រព្រឹត្ត​ឡើង។ តើ​ឲ្យ​អំពើបាប​ដែល​បាន​ប្រព្រឹត្ត​ដោយ​អស់​អ្នក​ដែល​មិន​នៅ​ស្ថិតស្ថេរ ឲ្យ​វា​អាច​នឹង​ទទួល​បាន​នូវ​ទុក្ខ​លំបាក​ដោយ​គ្មាន​ទី​បញ្ចប់ ឬ​ក៏​នៅ​អស់កល្ប​ជានិច្ច​បាន​ដោយ​របៀប​ណា​ទៅ?

៧. មាន​ការ​វែកញែក​មួយ​ទៀត៖ តើ​យើង​ត្រូវ​យល់​នូវ​រាល់​គ្រប់​ចំណុច​ទាំង​អស់​តាម​ន័យ​ត្រង់ៗ ហើយ​ចំៗ​តែ​ម្ដង​មែនឬ?

ចំពោះ​អស់​អ្នក​ណា​ដែល​ប្រកាន់​ភ្ជាប់​តាម​ផ្នត់​គំនិត​នៃ​ពួក​ប្រពៃណី​និយម​ទាក់ទង​ទៅ​នឹង​ស្ថាននរក​ត្រង់​ថា​ជា​ការ​ដែល​សតិសម្បជញ្ញៈ​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដ៏​នៅ​អស់កល្ប​ជានិច្ច ពួកគេ​នឹង​ចាប់ផ្ដើម​ដោយ​ចង្អុល​បង្ហាញ​ថា ក្រុម​ពាក្យ​ដែល​មាន​ដូច​ជា «ការ​បំផ្លាញ» ហើយនិង​ពាក្យ​វេវចនៈ​សព្ទ​នៃ​ពាក្យ​ទាំង​នោះ គឺ​សុទ្ធតែ​មាន​ការ​ប្រើប្រាស់​ក្នុង​របៀប​ខុសៗ​គ្នា ដែល​តាមពិត​ទៅ​ពាក្យ​មួយ​ចំនួន​មិន​ទាមទារ ឬ​ក៏​អះអាង​ថា ដាច់ខាត​ត្រូវតែ​មាន​ភាព​រលាយ​សាបសូន្យ​បាត់​ទៅ​នោះ​ឡើយ។ តាម​ការ​សង្កេត​ដោយ​យកចិត្ត​ទុកដាក់​ទៅ​លើ​ពាក្យ «បំផ្លាញ» នឹង​បើក​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បំផ្លាញ​អាច​កើត​ឡើង​បាន​ដោយ​មិន​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​រលាយ​សាបសូន្យ​បាត់​ទាំង​ស្រុង​នោះ​ឡើយ។ ដូច​គ្នា​នោះ​ដែរ ទាក់ទង​ទៅ​នឹង «ភ្លើង» ក្នុង​ស្ថាននរក ដាច់ខាត យើង​ក៏​ត្រូវតែ​ទទួល​ស្គាល់​ថា នេះ​គឺ​ជា​ការ​ប្រៀប​ប្រដូច។ ហេតុដូច្នេះ យើង​មិន​គួរ​ច្របាច់​ពាក្យ​ណា​មួយ​ឲ្យ​ចេញ​អត្ថន័យ ដើម្បី​បង្ហាញ​ជា​ភស្តុតាង​បញ្ជាក់​ពី​ពេលវេលា​នៃ​ស្ថាននរក​ក្នុង​ករណី​ដែល​អ្នកនិពន្ធ​មិន​ទាំង​បាន​ប្រើប្រាស់​វា​ឲ្យ​ចេញ​អត្ថន័យ​ដូច​ដែល​យើង​ព្យាយាម​ច្របាច់​ឲ្យ​វា​ចេញ​នោះ​ឡើយ។ ចូរ​គ្រាន់តែ​គិត​ពី​ស្ថាននរក​ដែល​មាន​ពណ៌នា​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី ត្រង់​ថា​ពេល​ខ្លះ​ខគម្ពីរ​នោះ​បាន​ប្រាប់​យើង​ថា វា​ជា​កន្លែង «ងងឹត​សូន្យ​ឈឹង» ហើយ​ពេល​ខ្លះ​ទៀត​ថា «បឹង​ភ្លើង» តែ​ប៉ុណ្ណឹង​បាន​ហើយ។ តើ​ឲ្យ​ការ​ពណ៌នា​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​ក្នុង​ពេល​តែ​មួយ​យ៉ាង​ដូចម្ដេច​បាន ប្រសិនបើ​យើង​កាត់​ស្រាយ​វា​តាម​អត្ថន័យៗ​ចំៗ? ហេតុ​ដូច្នេះ ដាច់ខាត យើង​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្លាំង​មែនទែន​ក្នុង​ការ​សន្និដ្ឋាន​ពី​គោល​ជំនឿ​របស់​យើង​យ៉ាង​ម៉ឺងម៉ាត់ ទាក់ទង​នឹង​អំណះអំណាង​ថា «មុខ​ងារ» នៃ​ភ្លើង​ក្នុង​ស្ថាននរក​មាន​ន័យ​យ៉ាង​ដូចម្ដេច។ យើង​មិន​អាច​ជួយ​បាន​នោះ​ទេ ក្រៅ​ពី​ការ​ឆ្ងល់​លើ​កណ្ឌគម្ពីរ ម៉ាថាយ ១៨:៨ ដែល​មាន​លើកឡើង​អំពី​អស់​អ្នក​ដែល​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ «នៅ​អស់​កល្ប​ជានិច្ច» ។ ដូច​ដែល​លោកគ្រូ ឌី. អេ. ខរសិន (D.A. Carson) បាន​លើក​ឡើង​ថា «ប្រាកដ​ណាស់! គេ​មាន​សិទ្ធិ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ភ្លើង​នៅ​តែ​ឆេះ​អស់​កល្ប​ជានិច្ច ឬ​ក៏​ថា ហេតុ​អ្វី​បាន​ជា​ដង្កូវ​មិន​ចេះ​ស្លាប់​អញ្ចឹង [សូម​អាន​បន្ថែម​ក្នុង​កណ្ឌគម្ពីរ ម៉ាកុស ៩:៤៧-៤៨] ប្រសិនបើ​នៅ​ទី​បញ្ចប់​ពួកគេ​នឹង​លែង​មាន​ទៀត?» (ដកស្រង់​ចេញ​ពី​សៀវភៅ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា The Gagging of God  នៅ​ក្នុង​ទំព័រ៥២៥)។ ទាក់ទង​ទៅ​នឹង​ពាក្យ «អ៊ីអន» “aion”) មាន​ខគម្ពីរ​ជា​ច្រើន​ដែល​បាន​លើកឡើង​ពី​ពេលវេលា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ស្រប​ពេល​គ្នា​នោះ​ផង​ដែរ ក៏​មាន​ខគម្ពីរ​ជា​ច្រើន​ទៀត​ដែល​មាន​លើកឡើង​ជា​អំណះអំណាង​អំពី​ពេលវេលា​ដែល​មាន​ដែន​កំណត់​ផង​ដែរ។ ចំពោះ​ការ​វែកញែក​ទាំង​ពីរ​សង​ខាង​នេះ យើង​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ទាំង​ស្រុង​នៅ​ឡើយ​បាន​ទេ។

៨. ស្ថាននរក​មិន​ទាក់ទង​អ្វី​ទៅ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើបាប​របស់​យើង​នោះ​ទេ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ភាព​ធំ​សម្បើម​របស់​ព្រះ​ជាម្ចាស់​ទៅ​វិញ។

ចំណែក​ឯ​ការ​វែកញែក​ចេញពី​ទស្សនៈ​នៃ​ភាព​យុត្តិធម៌​វិញ ក្នុង​នាម​យើង​ជា​មនុស្ស យើង​គ្មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ថា តើ​អំពើបាប​របស់​យើង​មាន​ទំហំ​ធំ​ប៉ុណ្ណា ឬ​ក៏​តូច​ប៉ុណ្ណា​នោះ​ទេ។ «តើ​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើបាប​របស់​យើង​អាស្រ័យ​ទៅ​លើ​ឋានៈ​របស់​យើង ឬ​ក៏​អាស្រ័យ​ទៅ​លើ​ភាព​ធំ​សម្បើម​នៃ​ការ​ទាស់​ប្រឆាំង​ទៅ​នឹង​ព្រះ​ជាម្ចាស់​ដែល​មាន​ពេញ​ដោយ​អធិបតេយ្យភាព និង​លើ​ភាព​ធំ​មហិមា​របស់​ព្រះ​អង្គ? (Carson ទំព័រ៥៣៤)។ ដូច​ដែរ​លោកគ្រូ ចន ផាបភ័រ (John Piper) បាន​លើក​ថា «ចំណុច​ស្នូល​នៃ​កម្រិត​ដែល​យើង​ស័ក្តិសម​នឹង​ទទួល​ការ​ស្ដី​បន្ទោស​គឺ​មិន​ទាក់ទង​ត្រង់​ចំណុច​ដែល​ថា តើ​យើង​បាន​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​មាន​ការ​អន់​ព្រះ​ទ័យ​យូរ​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​គឺ​ទាក់ទង​ទៅ​នឹង​ភាព​ធំ​ឧត្ដម​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ជាម្ចាស់​ដែល​យើង​បាន​ធ្វើ​ឲ្យ​ទ្រង់​អន់​ព្រះ​ទ័យ​វិញ​ទេ​តើ» (ដកស្រង់​ចេញពី​សៀវភៅ Let the Nations be Glad ទំព័រ១២៧)។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត យើង​ស័ក្តិសម​នឹង​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដ៏​គ្មាន​ព្រំ​ដែន​កំណត់​ដោយសារ​អំពើបាប​របស់​យើង ពីព្រោះ​យើង​បាន​ប្រព្រឹត្ត​នូវ​អំពើបាប​នោះ​ទាស់​នឹង​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ដ៏​នៅ​អស់​កល្ប​ជានិច្ច ពោល​គឺ​សិរីល្អ​ដែល​គ្មាន​ព្រំដែន​សោះ។

៩. ភាព​បរិសុទ្ធ និង​ភាព​សុចរិត​របស់​ព្រះ​ជាម្ចាស់​សំខាន់—ខ្លាំង​ណាស់!

បើ​យើង​មិន​ទទួល​បាន​ការ​ដាក់​ទារុណកម្ម​ដោយ​សារ​អំពើបាប​របស់​យើង​ទេ ការ​នោះ​នឹង​សបញ្ជាក់​ពី​ភាព​បរាជ័យ​នៃ​ភាព​យុត្តិធម៌ និង​ពី​ភាព​បរាជ័យ​នៃ​គោលបំណង​របស់​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។ ការ​ដែល​ស្ថាននរក​នៅតែ​មាន​ត​ទៅ​មុខ​ទៀត និង​ការ​ដែល​មាន​មនុស្ស​មួយ​ចំនួន​នឹង​បន្ត​មាន​វត្តមាន​ក្នុង​ស្ថាននរក​នោះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​លាស់​ឲ្យ​ឃើញ​ពី​សិរីល្អ​របស់​ព្រះ​ដ៏​បរិសុទ្ធ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ដែល​ទាស់​ប្រឆាំង​ទៅ​នឹង​អំពើអាក្រក់។

ប្រហែល​ជា​នឹង​លែង​មាន​អ្នក​អាក់អន់​ស្រពោន​ចិត្ត​ទៀត​ហើយ បើ​ពួកគេ​គិត​ទៅ​ដល់​ការ​ដាក់​ទារុណកម្ម​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​ប្រៀប​ធៀប​វា​ទៅ​នឹង​អ្នក​ប្រព្រឹត្ត​អំពើបាប​ក៏​នឹង​តែ​ប្រព្រឹត្ត​ដោយ​គ្មាន​ទី​បញ្ចប់​ផង​ដែរ។ និយាយ​ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​អស់​អ្នក​ដែល​នៅ​ស្ថាននរក​មិន​ដែល​ចេះ​ឈប់​ប្រព្រឹត្ត​អំពើបាប ចុះ​តើ​ឲ្យ​ពួកគេ​ឈប់​ទទួល​ការ​រងទុក្ខ​បាន​យ៉ាង​ម៉េច​បាន​ទៅ? ទាក់ទង​ទៅ​នឹង​ចំណុច​មួយ​នេះ មាន​មនុស្សម្នា​ជា​ច្រើន​តែងតែ​ចង្អុល​ទៅ​លើ​កណ្ឌគម្ពីរ វិវរណៈ ២២:១១ ដែល​ជា​ខគម្ពីរ​មួយ​ដែល​ទេវតា​បាន​មាន​បន្ទូល​ទៅ​កាន់​សាវ័ក យ៉ូហាន ថា «អ្នក​ណា​ដែល​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត អ្នក​ដែល​ស្មោក​គ្រោក ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោក​គ្រោក​ចុះ តែ​អ្នក​ណា​ដែល​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ចេះ​តែ​ប្រព្រឹត្ត​ផ្លូវ​សុចរិត​ទៅ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល»។

លោកគ្រូ ឌី. អេ. ខរសិន បាន​លើកឡើង​ថា «ប្រសិនបើ​ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត​នឹង​នៅ​បន្ត​រស់នៅ​ជា​បរិសុទ្ធ ហើយនិង​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​សុចរិត​ក្នុង​ការ​រង់ចាំ​នៃ​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ភាព​បរិសុទ្ធ និង​សេចក្ដី​សុចរិត​ដែល​ទាក់ទង​ទៅ​នឹង​ជីវិត​រស់នៅ និង​ការ​ដែល​ពួកគេ​នឹង​ប្រព្រឹត្ត​ដ៏​អស់​កល្ប​ជានិច្ច​ពិត​ជា​មាន​មែន ចុះ​តើ​ឲ្យ​យើង​មិន​គួរ​សន្និដ្ឋាន​យ៉ាង​ដូច​ម្ដេច​បាន​ត្រង់​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពួកគាត់​នឹង​បន្ត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ក្នុង​ការ​ដែល​ពួកគេ​រង់ចាំ​ភាព​ទុច្ចរិត​ដែល​ពួកគេ​នឹង​បន្ត​រស់នៅ​
ជា​មួយ​ ហើយ​នឹង​ប្រព្រឹត្ត​​អំពើ​ទុច្ចរិត​អស់​កល្ប​ជានិច្ច​ផង​ដែរ​យ៉ាង​ដូច​ម្ដេច​ទៅ?» (ទំព័រ៥៣៣)។

ប្រសិនបើ​មាន​នរណា​ម្នាក់​បដិសេធ​ផ្នត់​គំនិត​មួយ​នេះ ហើយ​ព្យាយាម​ជជែក​វែកញែក​ថា នឹង​មាន​មនុស្ស​បង់​ថ្លៃ​លោះ​អំពើ​បាប​របស់​ពួកគេ​បាន​យ៉ាង​ពេញទី ហើយ​ថា​នឹង​មាន​ពេល​មួយ​ដែល​ពួកគេ​នឹង​ឈប់​ប្រព្រឹត្ត​អំពើបាប ចុះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​អាច​ចូល​ទៅ​ស្ថានសួគ៌​បាន (ដែល​នេះ​មាន​ន័យ​ថា យើង​បាន​ប្ដូរ​ស្ថានសួគ៌​ឲ្យ​ទៅ​ជា​ស្ថាន​ឃុំ​មនុស្ស​វិញ (purgatory) ដោយ​មាន​អ្នក​ខ្លះ​គិត​ថា នោះ​ជា​ចន្លោះ​នៃ​ស្ថាននរក និង​ស្ថានសួគ៌)? ប្រសិនបើ​ពួកគេ​មិន​ទាន់​បាន​បង់​ថ្លៃ​លោះ​អំពើបាប​របស់​ខ្លួន​យ៉ាង​ពេញទី​នៅ​ក្នុង​ស្ថាននរក​នៅ​ឡើយ​ទេ តើ​ឲ្យ​ពួកគេ​ឈរ​លើ​មូលដ្ឋាន​មួយ​ណា​ក្នុង​ការ​ទាមទារ​ឲ្យ​ភាព​យុត្តិធម៌​រំលាយ​ឲ្យ​ពួកគេ​សាបសូន្យ​បាត់​ទាំង​ស្រុង​បាន​ទៅ?

១០. តាមពិត សាតាំង​នឹង​រងទុក្ខ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មែន!

ជា​ចុង​ក្រោយ ដាច់ខាត យើង​ត្រូវតែ​ពន្យល់​កណ្ឌគម្ពីរ ម៉ាថាយ ២៥:៤៦ ហើយនិង​កណ្ឌគម្ពីរ វិវរណៈ ២០:១០-១៥ ផង​ដែរ។ មិន​ថា​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា សត្វ និង​ពួក​ហោរា​ក្លែងក្លាយ​មាន​សណ្ឋាន​យ៉ាង​ដូចម្ដេច​នោះ​ទេ ពិត​ប្រាកដ​ណាស់ គ្មាន​អ្នក​ជឿ​ណា​ម្នាក់​នឹង​ហ៊ាន​បដិសេធ​ថា គ្មាន​សាតាំង​នោះ​ឡើយ ដ្បិត​សូម្បី​តែ​អារម្មណ៍​របស់​យើង​ក៏​បាន​បញ្ជាក់​ថា​សាតាំង​ពិតជា​មាន​មែន​ដែរ។ ហេតុ​ដូច្នេះ​ហើយ យ៉ាង​ហោច​ណាស់​យើង​នៅ​អាច​ដឹង​ថា នឹង​ពិត​ជា​មាន «បុគ្គល» ម្នាក់​ដែល​ប្រាកដ​ជា​ទទួល​ទារុណកម្ម​ខាង​ឯ​សតិសម្បជញ្ញៈ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មែន។ «យើង​មិន​អាច​មាន​អារម្មណ៍​អាណិត​អាសូរ​ដល់​សាតាំង​ដូច​ដែល​យើ​ង​មាន​អារម្មណ៍​អាណិត​អាសូរ​ដល់​មនុស្ស​លោក ហើយ​យើង​ក៏​មិន​អាច​ស្រែក​ហោ ដោយ​អះអាង​ថា សាតាំង​វា​អាក្រក់​ជា​មនុស្ស​លោក​បាន​នោះ​ដែរ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ទាស់​ប្រឆាំង​វែកញែក​ត្រង់​ថា សតិសម្បជញ្ញៈ​របស់​មនុស្ស​មាន​បាប​នឹង​ទទួល​ទារុណកម្ម​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ការ​ទទួល​ទារុណកម្ម​នោះ​នឹង​មិន​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​អារក្ស​សាតាំង​នោះ​ទេ» (Carson ទំព័រ​៥២៧)។

និពន្ធ​ដោយ៖ លោកគ្រូ Sam Storms
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
អ្នក​វាយ​ឯកសារ​ចុះ៖ ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.crosswalk.com ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មិន​ផ្ដល់​អត្ថន័យ​លើ

ព្រះ​ជាម្ចាស់​តូចតាច