in ,

​​តើខ្ញុំដឹងថា ព្រះ​វិញ្ញាណ​​គង់​​នៅក្នុង​ខ្ញុំ​ដោយ​របៀប​ណា?

មាន​សំណួរ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​សំខាន់​ដូច​សំណួរ​មួយ​នេះ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​សួរ​នូវ​សំណួរ​នេះ។ ហើយ​នេះ​ក៏​ជា​សំណួរ​មួយ​ដែល​សូម្បី​តែ​គ្រូ​គង្វាល​ក៏​សួរ​ដែរ៖ «សួស្ដី​លោក​គ្រូ! ជម្រាប​សួរ​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​យើង! ខ្ញុំ​ជា​គ្រូ​គង្វាល​ម្នាក់​នៅ​ជនបទ។ សូម​លោក​គ្រូ​ជួយ​ប្រាប់​ខ្ញុំ​ថា តើ​ខ្ញុំ​អាច​ដឹង​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​ខ្ញុំ​ដោយ​របៀប​ណា? ខ្ញុំ​បាន​ទទួល​ជឿ​ព្រះ​អង្គ​កាល​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ខ្ញុំ​ក៏​កំពុង​តែ​បម្រើ​ព្រះ​អង្គ​ដែរ ប៉ុន្តែ​ខ្ញុំ​នៅ​មិន​ទាន់​បាន​ទទួល​បទ​ពិសោធន៍​នៃ​អំណាច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​ខ្ញុំ​នៅ​ឡើយ—តាម​ដែល​អាច​មើល​ឃើញ។ សូម​លោក​គ្រូ​ជួយ​ពន្យល់​ផង​ថា តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា​ទៅ? តើ​ការ​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច

ខ្ញុំ​ចង់​ចាប់​ផ្ដើម​ឆ្លើយ​ដោយ​បក​ស្រាយ​ឲ្យ​ច្បាស់​សិន៖ មិត្ត​អ្នក​សួរ​សំណួរ​របស់​យើង​កំពុង​តែ​សួរ​នូវ​សំណួរ​ពីរ​យ៉ាង​ដោយ​ដាច់​ដោយ​ឡែក​ពី​គ្នា តែ​ខ្ញុំ​មិន​ប្រាកដ​ថា​គាត់​ដឹង​ថា​គាត់​កំពុង​តែ​សួរ​នូវ​សំណួរ​ពីរ​យ៉ាង ឬ​ក៏​អត់​នោះ​ទេ។ ដូច្នេះ ចំណុច​ដំបូង​របស់​ខ្ញុំ​គឺ​ចង់​លើក​ឡើង​ឲ្យ​ច្បាស់​ថា គាត់​យល់​ថា​នេះ​គឺ​ជា​សំណួរ​ពីរ​យ៉ាង​ដោយ​យោង​តាម​ព្រះ​គម្ពីរ។

សំណួរ​ដំបូង​គឺ៖ «តើ​ខ្ញុំ​អាច​ដឹង​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​ខ្ញុំ​ដោយ​របៀប​ណា។ ហើយ​សំណួរ​ទី២៖ «តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា​ទៅ។ វា​ពិត​ជា​អាច​កើត​ឡើង​មែន​ត្រង់​ថា ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត​ក៏​មាន​ពេល​ដែល​យើង​មិន​ទទួល​ការ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ហើយ​នេះ​គឺ​ជា​ចំណុច​ដែល​ខ្ញុំ​មិន​ដឹង​ជា​ប្រាកដ​ថា​គាត់​យល់ ឬ​ក៏​អត់​នោះ​ទេ។ ប៉ុន្តែ វា​មិន​អាច​ទៅ​រួច​បាន​ឡើយ​ដែល​ថា បុគ្គល​ម្នាក់​ជា​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​គាត់​មិន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​គាត់។

គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​មាន​ព្រះ​វិញ្ញាណ

ជីវិត​ជា​គ្រីស្ទ​បរិស័ទ​គឺ​ជា​ជីវិត​ដែល​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​គង់​ជា​មួយ។ កណ្ឌ​គម្ពីរ រ៉ូម ៨:៩ បាន​ចែង​ថា «តែ​បើ​សិន​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ»

ដូច្នេះ បុគ្គល​ណា​ម្នាក់​មិន​អាច​ជា​គ្នា​គ្រីស្ទ​បរិស័ទ​បាន​ឡើយ ប្រសិន​បើ​គាត់​មិន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​គាត់។ បន្ទាប់​មក​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៥:១៨ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​ដែល​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ហើយ​យើង​ដឹង​អំពី​ចំណុច​នេះ ពីព្រោះ​នៅ​ក្នុង​ជំពូក​ទី១ គាត់​បាន​លើក​ឡើង​ថា «ឯ​អ្នក​រាល់​គ្នា [អ្នក​អាន] ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា ព្រះ​វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរអាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សម្រាប់​ជា​សេចក្ដី​សរសើរ​ដល់​សិរីល្អ​នៃ​ទ្រង់» (អេភេសូរ ១:១៣១៤)។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៥:១៨២០ ថា៖

«កុំ​ឲ្យ​ស្រវឹង​ស្រា​ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ [គ្រីស្ទ​បរិស័ទ​ដែល​មាន​ព្រះ​វិញ្ញាណ] ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចម្រៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ​អម្ចាស់​ដោយ​ចិត្ត ទាំង​អរ​ព្រះ​គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ»

និយាយ​ម្យ៉ាង​ទៀត​ទៅ ការ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​គឺ​មាន​កម្រិត ឬ​ក៏​មាន​លក្ខណៈ​សម្បត្តិ​នៃ​ការ​ដែល​មាន​អំណាច​ពី​ព្រះ​វិញ្ញាណ​ដែល​ពេល​ខ្លះ​មាន​ច្រើន ហើយ​ពេល​ខ្លះ​ទៀត​មាន​តិច។ ឧទាហរណ៍៖ ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ៤:៣១ បាន​លើក​ឡើង​អំពី​គ្រីស្ទ​បរិស័ទ​ដែល​បាន​ជួប​ជុំ​គ្នា​ដើម្បី​អធិស្ឋាន​ថា «កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លា​ហាន»

ដូច្នេះ លទ្ធផល​មួយ​នៃ​បទ​ពិសោធន៍​ដ៏​ពិសេស មាន​តម្លៃ ផ្អែម​ល្ហែម ពេញ​ដោយ​អំណាច​ព្រះ​ចេស្ដា និង​ប្លែក​នៃ​ការ​មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ថា យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច មាន​សេរី​ភាព និង​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​ធ្វើ​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ។ ឬ​ក៏​ថា យោង​តាម​កណ្ឌ​គម្ពីរ​អេភេសូរ​ជំពូក​ទី៥ យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច មាន​សេរី​ភាព និង​មាន​ចិត្ត​ប្រាថ្នា​ហូរ​ហៀរ​ដោយ​បទ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចម្រៀង​ខាង​ឯ​វិញ្ញាណ និង​កា​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ខ្លាំង​ជាង​មុន។

ការ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ចំណុច​សម្គាល់​ដ៏​សំខាន់​មួយ​ដែល​ថា​បុគ្គល​ណា​ម្នាក់​ជា​គ្រីស្ទ​បរិស័ទ។ លោក​អ្នក​មិន​អាច​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​បាន​នោះ​ទេ ប្រសិន​បើ​លោក​អ្នក​មិន​មាន​ព្រះ​វិញ្ញាណ។ គ្មាន​គ្រីស្ទ​បរិស័ទ​ណា​ដែល​មិន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។ ការ​មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្វី​ដែល​អ្នក​ជឿ​គ្រប់ៗ​រូប​គួរ​តែ​ស្វែង​រក​ក្នុង​បទ​ពិសោធន៍​សម្រាប់​ជា​ប្រយោជន៍​ដ៏​អស្ចារ្យ សេរីភាព​ដែល​លើក​តម្កើង​ព្រះ​គ្រីស្ទ ភាព​ក្លាហាន និង​អំណាច​ដែល​ការ​នោះ​នាំ​ឲ្យ​កើត​ឡើង។

គាត់​បាន​សួរ «ដូច្នេះ តើ​ខ្ញុំ​អាច​ដឹង​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​ខ្ញុំ​ដោយ​របៀប​ណា។ ចម្លើយ​របស់​ខ្ញុំ​គឺ​ថា៖ «តាម​ពិត​ទៅ ប្រសិន​បើ​លោក​អ្នក​គឺ​ជា​គ្រីស្ទ​បរិស័ទ​មែន នោះ​លោក​អ្នក​អាច​ដឹង​ថា​ខ្លួន​មាន​ព្រះ​វិញ្ញាណ​បាន —ប្រសិន​បើ​លោក​អ្នក​ពិត​ជា​បាន​កើត​ជា​ថ្មី​មែន»

សណ្ឋាន​របស់​យើង​ចំពោះ​ព្រះ​គ្រីស្ទ

ដើម្បី​ឲ្យ​យើង​អាច​ឆ្លើយ​សំណួរ​នេះ​បាន ដោយ​យោង​តាម​ព្រះ​គម្ពីរ វា​ជា​ការ​ដ៏​សំខាន់​ណាស់​ដែល​លោក​អ្នក​ស្គាល់​អំពី​សណ្ឋាន​របស់​ខ្លួន​មុន​លោក​អ្នក​ទទួល​ជឿ​សិន។ លុះ​ត្រា​តែ​លោក​អ្នក​ស្គាល់​ពី​ព្រះ​គម្ពីរ មិន​មែន​ពី​បទ​ពិសោធន៍​ជា​ចម្បងៗ—ហើយ​ខ្ញុំ​ក៏​មិន​បារម្ភ​អំពី​មនុស្ស​នានា​ដូច​ខ្ញុំ​ជា​ដើម​ដែល​មិន​នឹក​ចាំ​អំពី​ពេល​ដែល​ខ្ញុំ​ទទួល​ជឿ ដូច្នេះ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ពន្យល់​អំពី​ការ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​សិន៖ ខ្ញុំ​កំពុង​តែ​លើក​ឡើង​ថា ដាច់​ខាត​យើង​ត្រូវ​តែ​រៀន​ពី​ព្រះ​គម្ពីរ​អំពី​សណ្ឋាន​ដែល​យើង​នៅ​ក្នុង​នោះ​មុន​ពេល​យើង​ទទួល​ជឿ​ជា​មុន​សិន។ មិន​មែន​ពី​ការ​ចង​ចាំ​របស់​អ្នក​ម្ដាយ​យើង ឬ​ក៏​ការ​ចង​ចាំ​របស់​យើង ឬ​ក៏​ពី​ទី​បន្ទាល់​របស់​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​អំពី​សណ្ឋាន​ដ៏​អាក្រក់ៗ​របស់​យើង​នោះ​ទេ ប៉ុន្តែ​ពី​ព្រះ​គម្ពីរ​ផ្ទាល់។

យើង​រៀន​អំពី​សណ្ឋាន​របស់​យើង​ពី​ព្រះ​គម្ពីរ។ មាន​មនុស្ស​ច្រើន​នាក់ (រាប់​ពាន់​នាក់) បាន​ទទួល​ការ​បង្រៀន​ដ៏​អាក្រក់​អំពី​សណ្ឋាន​ដែល​ពួក​គេ​បាន​ស្ថិត​នៅ​ក្នុង​នោះ​មុន​ពេល​ដែល​គេ​ទទួល​ជឿ។ ហើយ​ចម្លើយ​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​គឺ​ដូច​នេះ៖

  • យើង​ស្លាប់​ខាង​ឯ​ព្រលឹង​វិញ្ញាណ (អេភេសូរ ២:, )

  • យើង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​នូវ​អ្វីៗ​ពី​ព្រះ​វិញ្ញាណ​ទេ (១កូរិនថូស ២:១៤)

  • សាវ័ក ប៉ុល បាន​លើក​ឡើង​ថា យើង​ស្ថិត​ក្នុង​ផ្នត់​គំនិត​នៃ​សាច់​ឈាម ដែល​មិន​មាន​សមត្ថ​ភាព​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ព្រះ​ជាម្ចាស់ ឬ​ក៏​ការ​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​បាន (រ៉ូម ៨:)

យើង​មិន​មាន​អំណាច​ក្នុង​ការ​បំផ្លាស់​បំប្រែ​ឆន្ទៈ ដួង​ចិត្ត ចិត្ត​គំនិត ឬ​ក៏​ការ​ស្រឡាញ់​របស់​យើង​បាន​នោះ​ទេ។ យើង​បាន​បែរ​ចេញ​ពី​ព្រះ​ជាម្ចាស់​ទាំង​ស្រុង។ បើ​អញ្ចឹង​មែន តើ​យើង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា​ទៅ? វា​គឺ​ជា​រឿង​អស្ចារ្យ។ គឺ​ដោយ​ព្រះ​គុណ​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព គឺ​ព្រះ​គុណ​ដ៏​មាន​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់​ដែល​ព្រះ​អង្គ​បាន​ដាក់​លើ​យើង​កាល​យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន។

ការ​ប្រោស​ពី​ស្លាប់

«ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន» ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល «ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ​វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ» (យ៉ូហាន ៣:)។ ការ​អស្ចារ្យ​បាន​កើត​ឡើង។ ព្រះ​វិញ្ញាណ​បាន​បើក​ភ្នែក​របស់​លោក​អ្នក (កិច្ចការ ១៦:១៤)។ ព្រះ​ជាម្ចាស់​បាន​ចែង​ចាំង​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក​ដោយ​មាន​ពេញ​ទៅ​ដោយ​សព្វានុភាព ដើម្បី​បណ្ដាល​ឲ្យ​លោក​អ្នក​អាច​ឃើញ​ពន្លឺ​នៃ​ដំណឹង​ល្អ​នៃ​ភាព​ស្រស់​ស្អាត និង​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ (២កូរិនថូស ៤:)។ ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​លោក​អ្នក​មាន​ជីវិត ដើម្បី​កុំ​ឲ្យ​លោក​អ្នក​នៅ​បន្ត​ស្លាប់ ខ្វាក់ ឬ​ក៏​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ មិន​អាច​មាន​សមត្ថ​ភាព​ក្នុង​ការ​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​បាន មិន​បន្ត​បះបោរ និង​មិន​បន្ត​មើល​ឈើ​ឆ្កាង​ថា​ជា​សេចក្ដី​ល្ងីល្ងើ។

ផ្ទុយ​ទៅ​វិញ លោក​អ្នក​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ​ក្នុង​ដំណឹង​ល្អ។ លោក​អ្នក​បាន​ឃើញ​ថា វា​ស្រស់​ស្អាត​ជាង និង​គួរ​ឲ្យ​ប្រាថ្នា​ចង់​បាន​ខ្លាំង​ជាង​អ្វីៗ​លើ​ផែនដី​នេះ​ទៅ​ទៀត។ ព្រះ​វិញ្ញាណ​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ជីវិត។ ព្រះ​អង្គ​ពិត មាន​តម្លៃ ហើយ​ស្រស់​ស្អាត។ លោក​អ្នក​លែង​នៅ​ជា​ខ្វាក់​ទៀត។ លោក​អ្នក​បាន​ឃើញ​ឈើ​ឆ្កាង ព្រះ​គ្រីស្ទ ផ្លូវ​របស់​ព្រះ​អង្គ និង​ព្រះ​បន្ទូល​របស់​ទ្រង់​ថា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​សេចក្ដី​សន្យា​នានា​នៃ​អំពើ​បាប។ ជា​ជាង​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ លោក​អ្នក​បាន​ស្រឡាញ់​ព្រះ​អង្គ ហើយ​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់។ ជា​ជាង​មាន​មន្ទិល​សង្ស័យ និង​ចិត្ត​រឹង​រូស នោះ​លោក​អ្នក​បាន​ឃើញ​សេចក្ដី​សន្យា​របស់​ព្រះ​អង្គ​ថា​ពិត ហើយ​ក៏​បាន​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​ទាំង​នោះ ដោយ​បាន​ដាក់​ទំនុក​ចិត្ត​លើ​សេចក្ដី​សន្យា​នោះ។ ព្រះ​គ្រីស្ទ​បាន​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក។

នោះ​ឯង​គឺ​ជា​របៀប​ដែល​លោក​អ្នក​អាច​ដឹង​ថា ខ្លួន​កំពុង​តែ​មាន​ជីវិត។ នោះ​ឯង​គឺ​ជា​របៀប​ដែល​លោក​អ្នក​អាច​ដឹង​ថា ខ្លួន​បាន​ទទួល​ជឿ។ នោះ​ឯង​គឺ​ជា​របៀប​ដែល​លោក​អ្នក​អាច​ដឹង​ថា ខ្លួន​មាន​ជំនឿ។ នោះ​ឯង​គឺ​ជា​របៀប​ដែល​លោក​អ្នក​អាច​ដឹង​ថា ខ្លួន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជា​មួយ។ ចំណុច​ទាំង​អស់​នោះ​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​ការ​អស្ចារ្យ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​លោក​អ្នក។ ប៉ុន្តែ លោក​អ្នក​ក៏​នឹង​មិន​អាច​ដឹង​អំពី​ចំណុច​នោះ​បាន​ដែរ លុះ​ត្រា​តែ​លោក​អ្នក​បាន​ទទួល​ការ​បង្រៀន​ចេញ​ពី​ព្រះ​គម្ពីរ​ត្រង់​ថា លោក​អ្នក​បាន​ស្លាប់​ដល់​កម្រិត​ណា និង​អំពី​របៀប​ដែល​មិន​អាច​ទៅ​រួច​បាន​ទាល់​តែ​សោះ​ទាក់​ទង​នឹង​ការ​បំផ្លាស់​បំប្រែ​ដ៏​ស្រស់​ស្អាត​មួយ​នេះ លុះ​ត្រា​តែ​តាម​រយៈ​ព័ន្ធ​កិច្ច​នៃ​អធិបតេយ្យភាព​របស់​ព្រះ​វិញ្ញាណ (លូកា ១៨:២៧)

តើ​លោក​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​ទេ?

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​ទទួល​ការ​បង្រៀន​ថា​គឺ​លោក​អ្នក​ហើយ​ដែល​ជា​អ្នក​សម្រេច​ចិត្ត—សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​ចំណុច​នេះ​ជា​ថ្មី​ម្ដង​ទៀត ពីព្រោះ​នេះ​គឺ​ជា​ការ​បង្រៀន​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ចោល ហើយ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ធ្លាប់​ទទួល​ការ​បង្រៀន​ថា​គឺ​លោក​អ្នក​ហើយ​ដែល​ជា​អ្នក​សម្រេច​ចិត្ត​លើ​ចំណុច​ទាំង​អស់​នេះ នោះ​លោក​អ្នក​នឹង​មិន​អាច​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ការ​បំផ្លាស់​បំប្រែ​របស់​ខ្លួន​បាន​ឡើយ។ នោះ​លោក​អ្នក​នឹង​ឃើញ​ថា នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​នៃ​ទង្វើ​របស់​ខ្លួន ដែល​នោះ​នឹង​បង្ហាញ​ថា គ្មាន​ភស្តុតាង​ដ៏​ពិត​ណា​ដែល​បញ្ជាក់​ថា​លោក​អ្នក​បាន​កើត​ជា​ថ្មី​ឡើយ ឬ​ក៏​ថា​ព្រះ​វិញ្ញាណ​ក៏​កំពុង​តែ​គង់​ក្នុង​នៅ​លោក​អ្នក​ដែរ។ នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លោចផ្សា​ខ្លាំង​មែន​ទែន​មួយ​សម្រាប់​អស់​អ្នក​ដែល​បដិសេធ​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់​ក្នុង​សេចក្ដី​សង្គ្រោះ។

សូម​សួរ​ខ្លួន​ឯង​ថា៖ តើ​ខ្លួន​ឯង​មាន​ការ​ភ្ញាក់​ផ្អើល​លើ​អធិបតេយ្យភាព​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ​ត្រង់​ថា​ជា​រៀង​រាល់​ព្រឹក​លោក​អ្នក​ភ្ញាក់​ឡើង​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ? តើ​លោក​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ​ឬ​ទេ? ជំនឿ​ដ៏​ពិត​ដែល​សង្គ្រោះ​គឺ​ជា​ភស្តុតាង​លេខ​មួយ​ដែល​បង្ហាញ​ថា លោក​អ្នក​បាន​កើត​ជា​ថ្មី​មែន។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១ បាន​ចែង​ថា «អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ»។ នេះ​មាន​ន័យ​ថា កើត​ពី​ព្រះ​វិញ្ញាណ ហើយ​មាន​ព្រះ​វិញ្ញាណ​ជា​កម្ម​សិទ្ធិ។

ដូច្នេះ ខ្ញុំ​ត្រូវ​តែ​បញ្ចប់​ត្រង់​នេះ។ ខ្ញុំ​ដឹង​ថា​មិត្ត​អ្នក​អាន​បាន​សួរ​ថា៖ «តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​បំពេញ​ដោយ​របៀប​ណា​ទៅ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ឆ្លើយ​អ្វី​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែ​ឈប់​ត្រង់​នេះ ពីព្រោះ​សំណួរ​មួយ​ទៀត​របស់​គាត់ «តើ​ខ្ញុំ​អាច​ទទួល​បាន​ការ​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា​ទៅ គឺ​ជា​សំណួរ​ធំ​ពេក​ក្នុង​ការ​ឆ្លើយ​នៅ​ពេល​នេះ។ ហើយ​ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​បាន​ឆ្លើយ​គឺ​គ្រាន់​តែ​ជា​ផ្នែក​លើៗ​ប៉ុណ្ណោះ៖ តើ​អ្វី​ទៅ​ជា​ព័ន្ធកិច្ច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​យើង​ដែល​យើង​អាច​មើល​ឃើញ​បាន? ហើយ​ថា តើ​អ្វី​ទៅ​ជា​ចម្លើយ​ស្នូល​ក្នុង​ព្រះ​គម្ពីរ? ចម្លើយ​គឺ​ថា ព្រះ​អង្គ​បាន​ប្រោស​ឲ្យ​យើង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​បាន​ធ្វើ​ឲ្យ​យើង​យក​ព្រះ​គ្រីស្ទ​ធ្វើ​ជា​សម្បត្តិ​ដ៏​ធំ​ឧត្តម​បំផុត​របស់​យើង។

មិនថា​លោក​អ្នក​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​នៅ​អាយុ​៥​ឆ្នាំ ឬ​ក៏​៨៥​ឆ្នាំ​ក៏​ដោយ​ក៏​ព្រះ​ជាម្ចាស់​នៅ​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ដើម្បី​បើក​ភ្នែក​ឲ្យ​លោក​អ្នក​ឃើញ​ការ​អស្ចារ្យ​ និង​សិរី​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា, លោក ឯក ធីម៉ូថេ និង លោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​គង់​ជា​មួយ

ទទួលបានការសង្គ្រោះ