in ,

ការ​ចែកចាយ​ទីបន្ទាល់​នៅ​ពេលណូអែល

How to Share Your Story This Christmas

នៅ​ក្នុង​រដូវ​កាល​នា​ពេល​បុណ្យ​ឈប់​សម្រាក យើង​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ រវាង​ការ​ជួប​ជុំ​គ្នា​ជា​គ្រួសារ និង​ការ​មាន​ដំណើរ​កំសាន្ត ជា​រឿយៗ​យើង​ឃើញ​ថា យើង​មាន​ឱកាស​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ​ជា​ច្រើនៗ​ដោយ​គ្មាន​ការ​ប្រញាប់ប្រញាល់​ទៅ​នេះ​ទៅ​នោះ​ឡើយ។ តើ​យើង​នឹង​ចំណាយ​ពេល​វេលា​បែប​នោះ​ដោយ​របៀប​ណា​ទៅ? តើ​យើង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​ចែកចាយ​ពី​ក្ដី​សង្ឃឹម​ដែល​យើង​មាន? ឬ​ក៏​ថា តើ​យើង​នឹង​ទាញ​យក​ទូរស័ព្ទ​ទំនើបៗ​របស់​យើង​មក​ចុច​លេង អូស​ចុះ​អូស​ឡើយ ខណៈ​ពេល​ដែល​យើង​កំពុង​ជួប​ជុំ​គ្នា?

ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​អាច​ផ្សាំង​បាន​ដែរ សូម្បីតែ​មនុស្ស​ដែល​មាន​បាប​ដ៏​សាហាវ​ឃោរឃៅ ដូច​សាច់រឿង​នៅ​ខាង​លើ ហើយ​បន្ទាប់​មក​ចាត់​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់ ដែល​អាច​ឃើញ​នូវ​ចំណុច​ផ្លាស់​ប្រែ​ដ៏​ធំ​មហិមា​ក្នុង​ជីវិត​របស់​គាត់។ ដំណឹង​ល្អ​មួយ​នេះ ដែល​អាច​បំផ្លាស់​បំប្រែ​នៅ​សម័យ​នានា​ក៏​អាច​ផ្លាស់​ប្រែ​ជីវិត​យើង​បាន​ផង​ដែរ ហើយ​ថែម​ទាំង​ផ្ដល់​នូវ​អំណរ​ដល់​យើង​ទៀត​ផង។ យើង​ក៏​គួរ​ប្រើ​ឱកាស​នា​រដូវ​បុណ្យ​ណូអែល​នេះ ដើម្បី​នឹង​ចែកចាយ​ដំណឹង​ល្អ​មួយ​នេះ​ទៅ​កាន់​អ្នក​ដទៃ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​១៥​យ៉ាង​ដែល​លោក​គ្រូ ស៊ី. អេឆ. ស្ពើចិន (C.H. Spurgeon) បាន​លើកឡើង៖

១. ចូរ​រាប់​ការ​ដែល​លោកអ្នក​ទទួល​បាន​ការ​រំដោះ​ថា ជា​បេសកកម្ម​នៃ​ដំណឹង​ល្អ​របស់​លោកអ្នក​ផង​ដែរ។
២. ចូរ​ចាត់ទុក​រដូវ​កាល​បុណ្យ​ណូអែល​ថា ជា​ពេល​វេលា​ដ៏​ចម្បង​មួយ​សម្រាប់​ចែកចាយ​ដំណឹង​ល្អ។
៣. ចូរ​ព្យាយាម​ចែកចាយ​ដំណើរ​រឿង​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​របស់​លោកអ្នក។
៤. ចូរ​ប្រើប្រាស់​ទីបន្ទាល់​របស់​លោកអ្នក​ជា​ការ​ស្ដារ​អ្នក​ជឿ​ផ្សេងៗ​ឡើង​វិញ។
៥. ចូរ​រំពឹង​ទុក​ថា លោកអ្នក​នឹង​ជួប​ប្រទះ​ភាព​តានតឹង។ ដូច្នេះ សូម​អធិស្ឋាន​ឲ្យ​អ្នក​ស្ដាប់​បើក​ចិត្ត​ទទួល​ជឿ ពេល​ដែល​លោកអ្នក​ចែកចាយ​ទៅ​កាន់​អស់​អ្នក​ដែល​មិន​ទាន់​ជឿ។
៦. ចូរ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឆក់​យក​ឱកាស ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​លោកអ្នក​មួយ​ទល់​នឹង​មួយ។
៧. ចូរ​កុំ​រំពឹង​ថា លោកអ្នក​នឹង​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចែកចាយ ជា​ពិសេស​ជាមួយ​អស់​អ្នក​ដែល​បាន​ស្គាល់​លោកអ្នក​ជា​យូរ​ណាស់​មក​ហើយ។
៨. ចូរ​យក​ឈ្នះ​លើ​ភាព​ភ័យ​ខ្លាច ដើម្បី​ឲ្យ​លោកអ្នក​អាច​ថ្វាយ​កិត្តិយស​ចំពោះ​ក្ដី​ស្រឡាញ់​នៃ​ព្រះ​សង្គ្រោះ​សម្រាប់​លោកអ្នក​បាន។
៩. ចូរ​ចែកចាយ​ទីបន្ទាល់​របស់​លោកអ្នក​ឲ្យ​​មាន​ពេញ​ទៅ​ដោយ​ការ​អរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់។
១០. ចូរ​ចែកចាយ​ទីបន្ទាល់​របស់​លោកអ្នក​ដោយ​មាន​ការ​បន្ទាប​ខ្លួន មិនមែន​ដោយ​របៀប​មើល​ងាយ​មើល​ថោក​អ្នក​ផ្សេង​នោះ​ទេ។
១១. ចូរ​ចែកចាយ​ទីបន្ទាល់​របស់​លោកអ្នក​ដោយ​សេចក្ដី​ពិត ហើយ​កុំ​ថែម​របោយ​ដោយ​និយាយ​បំផ្លើស​ឡើយ។
១២. ចូរ​ចែកចាយ​ទីបន្ទាល់​របស់​លោកអ្នក​យ៉ាង​ម៉ឺងម៉ាត់ មិនមែន​ជា​ការ​លេង​សើច​ទេ។
១៣. ចូរ​កុំ​ភ្លេច​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះ​ជាម្ចាស់​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​នេះ។
១៤. ចូរ​ពឹងផ្អែក​លើ​ព្រះ​វិញ្ញាណបរិសុទ្ធ​ក្នុង​ការ​ចែកចាយ។
១៥. ចូរ​ចងចាំ​ថា៖ ទីបន្ទាល់​របស់​លោកអ្នក​នៅ​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវប្រវត្តិ​របស់​លោកអ្នក​នា​គ្រា​អស់កល្ប​ជានិច្ច។

ម៉ាកុស ៥:១-២០៖
នោះ​ក៏​មក​ដល់​ស្រុក​គេរ៉ាស៊ីន​នៅ​ត្រើយ​សមុទ្រ​ម្ខាង។ កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស​អសោចិ៍​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់ វា​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់​ក៏​ពុំ​បាន​ផង។ ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កម្រាប​វា​បាន​ដែរ។ វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​ជា​និច្ច។ កាល​វា​ឃើញ​ព្រះ​យេស៊ូវ​ពី​ចម្ងាយ​ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់ ស្រែក​ដោយ​សម្រែក​ជា​ខ្លាំង​ថា «ឱ​ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ​នឹង​ទូល​បង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូល​បង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូល​បង្គំ​ទេ?» វា​ទូល​ដូច្នោះ​ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​បន្ទូល​ថា ម្នាល អារក្ស​អសោចិ៍ ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ  រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូល​បង្គំ​ឈ្មោះ «‍កងទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន ១០ នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្ដេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ។ ១១រី​ឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ១២ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ។ ១៣នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្ស​អសោចិ៍​ទាំង​នោះ​បាន​ចេញ​ហើយ វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​អស់​ទៅ។ ១៤ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សាសព្ទ​ប្រាប់​ពី​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង។ ១៥គេ​មក​ឯ​ព្រះ​យេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀក​ពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច។ ១៦ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌​នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា​តាម​ការ​ដែល​កើត​ឡើង ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង។ ១៧នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ។ ១៨កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ ១៩តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម្ល៉េះ ដែល​ព្រះ​អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ។ ២០គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកាប៉ូល ពី​ការ​ធំ​ទាំង​ម្ល៉េះ ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

និពន្ធដោយ៖ លោកគ្រូ Tony Reinke
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
កែសម្រួលដោយ៖ លោកស្រី ឡូញ ណារ៉ុង និង​លោក ម៉េង មនោ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

អេម៉ាញូអែល

​មនុស្ស​ល្អ​ម្នាក់​បាន​ស្ម័គ្រ​ចិត្ត