ចម្លើយ៖ ខ្ញុំសូមឆ្លើយសំណួរនេះ ក្នុងករណីប្អូនជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទដ៏ពិតប្រាកដ។ ដោយសារព្រះគុណ តាមរយៈជំនឿ ប្អូនបានកើតជាថ្មីរួចហើយ។ ឥឡូវប្អូនកំពុងតែព្រួយបារម្ភខ្លាចក្រែងបាត់បង់សេចក្តីសង្គ្រោះ ដោយព្រោះនៅកន្លែងធ្វើការ ពេលខ្លះប្អូនផឹកស៊ីកំដរភ្ញៀវ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្តែងមកថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីអោយអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺអោយមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៦)។ នៅថ្ងៃដែលយើងទទួលជឿលើព្រះយេស៊ូវគ្រីស្ទ យើងមិនមែនទទួលបានជីវិតបណ្តោះអាសន្ន ហើយចាំមើលប្រសិនបើយើងអាចដើរតាមព្រះអង្គបានត្រឹមត្រូវឥតខ្ចោះ ទើបទ្រង់ប្រោសប្រទានជីវិតអស់កល្បដល់យើងនោះទេ។ ផ្ទុយទៅវិញ នៅថ្ងៃដែលយើងទទួលជឿលើព្រះយេស៊ូវគ្រីស្ទ យើងទទួលបានជីវិតអស់កល្បជានិច្ច។ ក្នុងន័យដូចគ្នានេះដែរ លោកសាវ័កប៉ុលបានបញ្ជាក់អោយដឹងថា “ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ទុកជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ” (រ៉ូម ៨:៣០)។ នេះមានន័យថា ពេលដែលយើងឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះដោយជំនឿ នោះយើងដឹងច្បាស់ប្រាកដថានៅថ្ងៃចុងក្រោយ យើងនឹងបានតម្កើងឡើងជាមួយនឹងទ្រង់ដែរ។ បងប្អូនអើយ យើងអាចទុកចិត្តព្រះបាន ព្រោះព្រះអង្គស្មោះត្រង់ ទ្រង់មិនប្រែក្រឡាស់ដូចជាមនុស្សទេ (ហេព្រើរ ១៣:៨, ២ធីម៉ូថេ ២:១១-១៣, យ៉ូហានទី១ ១:៩ )។
ដូច្នេះ គ្រីស្ទបរិស័ទដែលបានកើតជាថ្មីហើយ គេនឹងបានរស់នៅអស់កល្បជានិច្ច។ ក្នុងករណីនេះ ប្អូននឹងមិនបាត់បង់សេចក្តីសង្គ្រោះទេ។
បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តប្អូនអោយគិតបន្តទៀតថា តើការនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានលើកឡើងថា “ទ្រង់ប្រោសអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិតនៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍អោយអ្នករាល់គ្នាបានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នាដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ដោយសារព្រះគ្រីស្ទយេស៊ូវ …” (ហេព្រើរ ១៣:២១)។ នៅក្នុងជីវិតថ្មី គ្រីស្ទបរិស័ទសង្វាតរស់នៅដើម្បីជាទីគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ (កូរិនថូសទី២ ៥:៩)។ ហេតុដូច្នោះហើយ លោកសាវ័កប៉ុលបានក្រើនរំលឹកពួកអ្នកជឿនៅទីក្រុងអេភេសូរថា “ដ្បិតកាលពីដើម អ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញបានភ្លឺក្នុងព្រះអម្ចាស់ ដូច្នោះចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត ចូរលមើលអោយដឹងសេចក្តីអ្វីដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ កុំអោយប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ…” (អេភេសូរ ៥:៨-១០)។ រាល់ថ្ងៃ យើងត្រូវសិក្សាស្វែងយល់ពីអ្វីដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយប្រព្រឹត្តិតាម (ភីលីព ៤:៨-៩)។ ទន្ទឹមនឹងនេះដែរ ទាក់ទងទៅនឹងការស៊ីផឹក លោកសាវ័កប៉ុលបានលើកចំៗថា “ត្រូវអោយយើងដើរតាមតែគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីសនោះឡើយ” (រ៉ូម ១៣:១៣)។ នៅក្នុងបរិបទស្រុកខ្មែរ យើងឃើញថា ស្រាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ។ នៅក្រោមក្រសែភ្នែកបណ្តាជន ការផឹកស៊ីផ្តល់ជាភាពអវិជ្ជមានដ៏ច្រើនលើសលប់។ ដូច្នេះ បើតាមគំនិតខ្ញុំ ការផឹកស៊ីមិនត្រឹមតែមិនបានលើកតម្កើងសិរីល្អរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាប៉ះពាល់ដល់សិរីល្អរបស់ទ្រង់។ ក្នុងន័យនេះ វាមិនមែនជាទីគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ទេ។
ចំណុចចុងក្រោយ ទាក់ទងទៅនឹងទីបន្ទាល់របស់ប្អូន។ ប្អូនគឺជាទូតដំណាងព្រះគ្រីស្ទ (កូរិនថូសទី២ ៥:២០)។ ប្អូនគឺជាអំបិល និងពន្លឺលោកិយ (ម៉ាថាយ ៥:១៣-១៦)។ ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គថា “ដូច្នោះ ចូរអោយពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកដូច្នោះដែរ ដើម្បីអោយគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តិ រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌” (ម៉ាថាយ ៥:១៦)។ ថ្វីដ្បិតបើការផឹកស៊ីមិនប៉ះពាល់ដល់សេចក្តីសង្គ្រោះរបស់ប្អូន ប៉ុន្តែវាប៉ះពាល់យ៉ាងខ្លាំងដល់ទីបន្ទាល់របស់ប្អូន។ តើមនុស្សនៅជុំវិញនឹងគិតយ៉ាងណាអំពីប្អូន អំពីសេចក្តីជំនឿរបស់ប្អូន និងអំពីព្រះដែលប្អូនថ្វាយបង្គំ នៅពេលដែលគេឃើញប្អូនផឹកស៊ីកំដរភ្ញៀវ? មួយវិញទៀត នៅក្នុងសំបុត្រផ្ញើទៅកាន់បងប្អូនរួមជំនឿនៅឯទីក្រុងរ៉ូម លោកសាវ័កប៉ុលបានរំលេចឡើងថា “គួរតែកុំអោយបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំអោយបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើអោយខ្សោយនោះឡើយ” (រ៉ូម ១៤:២១)។ ទីបន្ទាល់របស់គ្រីស្ទបរិស័ទមិនត្រឹមតែចំពោះអ្នកមិនជឿប៉ុណ្ណោះទេ។ ទន្ទឹមនឹងនេះដែរ យើងត្រូវរស់នៅជាទីបន្ទាល់ដល់បងប្អូនរួមជំនឿដ៏ទៃទៀត។ ឆ្លើយតបទៅនឹងព្រះគម្ពីរ រ៉ូម ១៤:២១ ខាងលើ បើការនោះបណ្តាលអោយបងប្អូនរួមជំនឿដ៏ទៃទៀតជំពប់ ឬរវាតចិត្ត ឬធ្វើអោយគេខ្សោយនោះ លោកសាវ័ក ប៉ុល ហាមមិនអោយយើងប្រព្រឹត្តិទេ។
ដូច្នោះ បើប្អូនសម្លឹងមើលបរិបទស្រុកខ្មែរ ទាក់ទងទៅនឹងបញ្ហាផឹកស៊ី សូមប្អូនគិតពិចារណាថា តើវានឹងប៉ះពាល់យ៉ាងណាខ្លះដល់ទីបន្ទាល់របស់ប្អូនចំពោះក្រុមគ្រួសារ ចំពោះឪពុកម្តាយ ចំពោះបងប្អូន ចំពោះប្រពន្ធកូន ចំពោះសាច់ញាតិ ចំពោះមិត្តភក្តិ ព្រមទាំងចំពោះអ្នកជឿដ៏ទៃផ្សេងៗទៀត។ល។
សរុបមកវិញ ថ្វីត្បិតតែការផឹកស៊ីកំដរភ្ញៀវមិនប៉ះពាល់ដល់សេចក្តីសង្គ្រោះរបស់ប្អូន ប៉ុន្តែក្នុងបរិបទស្រុកខ្មែរ យើងឃើញថា វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីបន្ទាល់របស់ប្អូន និងសិរីល្អរបស់ព្រះជាម្ចាស់។ ក្នុងន័យនេះ ខ្ញុំយល់ថា វាមិនមែនជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ទេ។ ក្នុងនាមជាបងប្អូនរួមជំនឿ ខ្ញុំសូមលើកទឹកចិត្តប្អូនអោយទូលសូមជំនួយ និងប្រាជ្ញាពីព្រះជាម្ចាស់ ដើម្បីអោយប្អូនបានធ្វើជាពន្លឺរបស់ទ្រង់នៅកន្លែងធ្វើការរបស់ប្អូន។ វាគឺជាទីបន្ទាល់ដ៏ល្អបំផុតមួយ ប្រសិនបើអ្នកនៅជុំវិញមើលឃើញប្អូនត្រឹមត្រូវ ដោយប្អូនមិនប្រព្រឹត្តិដូចជាអ្នកដ៏ទៃ។ ស្របពេលជាមួយគ្នានេះផងដែរ បើបញ្ញាចិត្តរបស់ប្អូនប្រាប់ថា ការដែលប្អូនកំពុងតែប្រព្រឹត្តិ វាមិនត្រឹមត្រូវចំពោះព្រះជាម្ចាស់ វាកំពុងតែបន្ទាបបន្ថោកសិរីល្អរបស់ព្រះជាម្ចាស់ វាកំពុងតែប៉ះពាល់ដល់ទីបន្ទាល់របស់ប្អូន វាគឺជាការដាស់តឿនមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលប្អូនត្រូវតែស្តាប់តាម។ ជាជម្រើសចុងក្រោយ យ៉ាងណាក៏ដោយ បើការងារនេះប៉ះពាល់ដល់សិរីល្អរបស់ព្រះជាម្ចាស់ និងទីបន្ទាល់របស់ប្អូន ខ្ញុំសូមលើកទឹកចិត្តប្អូនអោយរកការងារថ្មី ដែលអនុញ្ញាតអោយប្អូនបានធ្វើជាពន្លឺសម្រាប់មនុស្សនៅជុំវិញ និងសម្រាប់ជាសិរីល្អដល់ព្រះជាម្ចាស់៕
មតិយោបល់
Loading…