នៅក្នុងសង្គមគ្រីស្ទបរិស័ទ យើងឃើញថា មានការជាច្រើនដែលកំពុងកើតមានឡើង ហើយក៏មានសេចក្តីបង្រៀនមិនត្រឹមត្រូវជាច្រើនទៅនឹងអ្វីដែលជាសេចក្តីពិតនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ក៏មានកត្តាមួយចំនួនដែលយើងមិនសូវបានយកចិត្តទុកដាក់ ទាក់ទងនឹងអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងឲ្យយើងឃើញរួចមកហើយនៅក្នុងព្រះគម្ពីរ។ យើងក៏ងាយនឹងទទួលនូវសេចក្តីបង្រៀនផ្សេងៗពីអ្នកដទៃទៀត ដែលពេលខ្លះស្តាប់ទៅហាក់បីដូចជាល្អ ប៉ះពាល់ចិត្ត ត្រូវចិត្តរបស់យើង ហើយខ្លះទៀតស្តាប់ទៅហើយគិតថា ដូចជាត្រូវម៉្យាងដែរ។ បន្ទាប់មក លោកអ្នកក៏ចាប់ផ្តើមដើរតាមនូវសេចក្តីបង្រៀនដែលមិនត្រឹមត្រូវនោះ ដោយលោកអ្នកមិនបានយកចិត្តទុកដាក់ផ្ទៀង និងពិនិត្យ សង្កេតមើលនូវអ្វីដែលត្រឹមត្រូវនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
មានមនុស្សជាច្រើនបាននិយាយថា នៅពេលដែលយើងទទួលជឿលើព្រះយេស៊ូវហើយ នោះយើងក៏បានទទួលសេចក្តីសង្គ្រោះរួចពីបាបហើយ ដោយមិនចាំបាច់ធ្វើអ្វីទាល់តែសោះ ហើយខ្លះទៀតបានលើកឡើងថា អូ! មិនចាំបាច់ទៅព្រះវិហារ ជួបជុំគ្នា ឬក៏ក្រុមតូច ដើម្បីនឹងរៀនព្រះបន្ទូល ដើម្បីនឹងអធិស្ឋាន ឬក៏ប្រកបគ្នានោះទេ គឺគ្រាន់តែជឿនោះគឺវាគ្រប់គ្រាន់ហើយ។ ពួកគេទាំងនោះថែមទាំងនិយាយថា ព្រះយេស៊ូវបានសម្អាតយើងរួចហើយ ហើយក៏បានអត់ទោសនូវរាល់អំពើបាបរបស់យើង តាំងពីអតីតកាល បច្ចុប្បន្នកាល នឹងរហូតតទៅដល់អនាគតកាល។ ដូច្នេះ បើគ្រាន់តែជឿ នោះគ្រប់គ្រាន់ហើយ។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យមើលនៅក្នុងព្រះគម្ពីរឲ្យបានហ្មត់ចត់យើងឃើញថា ពិតប្រាកដណាស់គ្រាន់តែជឿនោះនឹងបានទទួលនូវសេចក្តីសង្គ្រោះ ប៉ុន្តែសំណួរសួរថា តើអ្វីទៅដែលជាភស្តុតាងដែលបញ្ជាក់ថា លោកអ្នកជាអ្នកជឿព្រះយេស៊ូវដ៏ពិតប្រាកដ? ហើយព្រះគម្ពីរក៏បានបង្ហាញយ៉ាងច្បាស់ថា អស់អ្នកដែលជឿពិតប្រាកដ គឺមានសេចក្តីពិតពីរយ៉ាង។
ទី១៖ អស់អ្នកណាដែលជឿពិតប្រាកដនោះនឹងបានសង្គ្រោះ នេះជាអ្វីដែលព្រះអម្ចាស់យេស៊ូវបានអះអាង។ ប៉ុន្តែ ក៏មានសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ដែលបានលើកឡើងស្របគ្នាដែរថា តើធ្វើយ៉ាងមិចឲ្យយើងអាចដឹងថា គាត់ម្នាក់នោះជាអ្នកជឿព្រះអង្គដ៏ពិតប្រាកដ? ហើយធ្វើមិចឲ្យយើងអាចដឹងថា គាត់ម្នាក់នោះនឹងទទួលបានសេចក្តីសង្គ្រោះពិតប្រាកដមែន? ជាការពិតណាស់! ពេលខ្លះលោកអ្នកពិបាកនឹងដឹង ព្រមទាំងពិបាកនឹងយល់ផងដែរ។ ប៉ុន្តែ ចូរក្រឡេកមើលក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៤:១៣៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ» នេះគឺភស្តុតាងមួយដែលលោកអ្នកអាចដឹងបានថា គាត់នឹងទទួលបានសេចក្ដីសង្គ្រោះ គឺនៅពេលដែលគាត់កាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់រហូតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់។ នេះហើយគឺជា សេចក្តីបង្រៀនដែលបានប្រាប់យើងយ៉ាងច្បាស់លាស់។
ទី២៖ យើងនឹងមើលអំពីពួកទទឹងនឹងព្រះគ្រីស្ទក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:១៨-២៥ «ក្មេងរាល់គ្នាអើយ នេះជាពេលម៉ោងក្រោយបង្អស់ហើយ សព្វថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន ដូចជាអ្នករាល់គ្នាបានឮហើយថា អាទទឹងនឹងព្រះគ្រីស្ទត្រូវមក ហេតុនោះបានជាយើងដឹងថា នេះជាពេលម៉ោងក្រោយបង្អស់ គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសម្ដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់ លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង ខ្ញុំសរសេរផ្ញើមក មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះបានស្គាល់ហើយ ក៏ដឹងថា គ្មានសេចក្ដីភូតភរណាកើតពីសេចក្ដីពិតនោះឡើយ តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា និងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្ដីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ។ នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច»។ យើងឃើញថា សាវ័ក យ៉ូហាន បានបញ្ជាក់យើងបន្ថែមទៀតថា តើនរណាដែលជាអ្នកប្រឆាំង និងទទឹងនឹងព្រះគ្រីស្ទ? ហើយជីវិតគ្រីស្ទបរិស័ទដែលពិតប្រាកដគួរតែរស់នៅក្នុងជីវិតយ៉ាងដូចម្តេច?
តើហេតុអ្វីបានជាការនៅឲ្យជាប់ក្នុងសេចក្តីពិតរបស់ព្រះគ្រីស្ទជាការដ៏សំខាន់ម្ល៉េះ?
កណ្ឌគម្ពីរ ១យ៉ូហាន ២:២៤ បានចែងថា «ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្ដីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ»។ ការដែលលោកអ្នកនៅជាប់ក្នុងសេចក្តីពិតនៃព្រះគ្រីស្ទគឺជាអ្វីដែលលោកអ្នកបានជឿកន្លងមកហើយ ដោយទទួលជឿលើដំណឹងល្អរបស់ផងព្រះគ្រីស្ទដែរថា ព្រះអង្គទ្រង់គឺជាព្រះដ៏ពិតប្រាកដ។ ហើយព្រះយេស៊ូវគ្រីស្ទក៏បានយកនិស្ស័យជាមនុស្សយ៉ាងពិតប្រាកដផងដែរ។ ហើយប្រសិនបើមានអ្នកណាដែលបដិសេធសេចក្តីពិតទាំងនេះ ព្រះគម្ពីរបានហៅថា ជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ យើងនឹងមើលពីមូលហេតុមួយចំនួនដែរថា តើហេតុអ្វីបានជាយើងត្រូវនៅជាប់ក្នុងសេចក្តីពិតនៃព្រះគ្រីស្ទ? មានការបីយ៉ាងអំពីការនេះ៖
ទី១៖ យើងកំពុងរស់នៅក្នុងគ្រាចុងក្រោយបង្អស់
នៅពេលសាវ័ក យ៉ូហាន បានសរសេរថា «គ្រានេះជាម៉ោងចុងក្រោយបង្អស់ហើយ» តើលោកអ្នកគិតថាវាមានរយៈពេលប៉ុន្មានឆ្នាំហើយ? ចម្លើយគឺ៖ ២០០០ ឆ្នាំ! ប៉ុន្តែ ក៏វានៅតែជាគ្រាចុងក្រោយបង្អស់។ ហើយខ្ញុំជឿថា នេះហើយគឺជាជីវិតដែលគ្រីស្ទបរិស័ទគ្រប់ៗរូបគួរតែរស់នៅ ដោយដូចជាគ្រាចុងក្រោយបង្អស់ដែលនឹងត្រូវមក ប្រសិនបើលោកអ្នកដឹងថា ពេលវេលានេះគឺជាគ្រាចុងក្រោយបង្អស់ហើយ នោះជីវិតរបស់លោកអ្នកមិនរស់នៅដដែលៗទៀតនោះទេ។ ហើយប្រសិនបើលោកអ្នកដឹងថា ពេលវេលានេះជាពេលដែលព្រះយេស៊ូវនឹងយាងមកជាលើកទីពីរ ហើយលោកអ្នកក៏បានដឹងដែរថា ព្រះយេស៊ូវបានយាងមកផែនដីជាលើកទីមួយរួចហើយ គឺទ្រង់យាងមកសុគតនៅលើឈើឆ្កាង ហើយបន្ទាប់មកទ្រង់បានរស់ពីសុគតឡើងវិញ ហើយបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយទ្រង់ក៏បានមានបន្ទូលផងដែរថា នៅថ្ងៃមួយទ្រង់នឹងយាងមកវិញ (មិនដឹងថ្ងៃណាទេ មិនជាក់លាក់ទេ)។ ប៉ុន្តែ ព្រះអង្គក៏បានប្រាប់ពីសញ្ញាមួយចំនួនតែទ្រង់មិនប្រាប់ថា ចំថ្ងៃណានោះទេ។
ដូច្នេះ ជីវិតយើងដែលជាគ្រីស្ទបរិស័ទគួរតែរស់នៅដោយមានការត្រៀមខ្លួនរួចជាស្រេចថា អត់ដឹងថាព្រះអង្គយាងមកពេលណានោះទេ ទ្រង់ក៏អាចយាងមកពេលដែលយើងកំពុងថ្វាយបង្គំទ្រង់ថ្ងៃអាទិត្យ ថ្ងៃស្អែក ឬថ្ងៃណាក៏ថាបាន។ ប៉ុន្តែ យើងដែលជាគ្រីស្ទបរិស័ទគួរតែរស់នៅដែលមានលក្ខណៈដែលត្រៀមខ្លួនរួចជាស្រេច ហើយអធិស្ឋានចាំយាមជានិច្ច ប្រុងប្រៀបជានិច្ច ដឹងខ្លួនជានិច្ច ដោយដឹងថា ព្រះអង្គជិតនឹងយាងមកហើយ ក៏យើងត្រូវតែដឹងដែរថាពេលនេះជាម៉ោងចុងក្រោយបង្អស់ហើយគឺគ្រាឥឡូវនេះឯង។ ពិតប្រាកដណាស់! សាវ័ក យ៉ូហាន បានពិនិត្យមើលអំពីភស្តុតាងឬសញ្ញាមួយចំនួនដែលគាត់គិតថា នេះឯងគឺជាគ្រាចុងក្រោយហើយ។ គ្រាចុងក្រោយដែលគាត់លើកមកនិយាយនេះគឺ រហូតមកដល់ពេលនេះគឺជាង២០០០ឆ្នាំមកហើយ ហើយយើងឃើញថា ព្រះអង្គនៅមិនទាន់យាងមកទេ។ ប៉ុន្តែ ការនេះមិនមែនន័យថា ឲ្យលោកអ្នកបញ្ឈប់ការត្រៀមខ្លួននឹងចាំយាមនោះឡើយ។ យើងដែលជាគ្រីស្ទបរិស័ទគួរតែរស់នៅក្នុងលក្ខណៈមួយដែលគិតថា គ្រានេះហើយគឺជាម៉ោងចុងក្រោយ ទោះបើយើងមិនអាចដឹងបានក៏ដោយ។ មានទីសម្គាល់ដែលអាចបានបង្ហាញឲ្យយើងអាចដឹងដូចដែលសាវ័ក យ៉ូហាន បានប្រាប់៖ សញ្ញានោះគឺជាសញ្ញាដែលមានពួកអាទទឹងនឹងព្រះគ្រីស្ទជាច្រើនបានកើតមានឡើង។
តើពួកអាទទឹងនឹងព្រះគ្រីស្ទជានរណា?
ព្រះគម្ពីរបានប្រាប់យើងនៅត្រង់ខ១៩ថា «គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសម្ដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ»។ ប្រហែលជាលោកអ្នកអាចមានគំនិតគិតថា ពួកអាទទឹងនឹងព្រះគ្រីស្ទគឺជាម្នាក់ដែលនឹងកើតមាននៅគ្រាចុងក្រោយបង្អស់ដែលនឹងមក ប៉ុន្តែព្រះគម្ពីរនៅខនេះបានប្រាប់យើងយ៉ាងច្បាស់ថា មានការមួយចំនួនដែលទទឹងនឹងព្រះគ្រីស្ទ ដែលមានការពីរយ៉ាងគឺ ទី១ អ្នកដែលនៅខាងឯព្រះគ្រីស្ទ ទី២ អ្នកដែលទទឹងនឹងព្រះគ្រីស្ទ (ហើយអត់មានអ្នកនៅកណ្តាលធ្វើអាជ្ញាកណ្តាលនោះទេ)។ ប្រសិនបើលោកអ្នកមិននៅខាងព្រះគ្រីស្ទ នោះមានន័យថា លោកអ្នកទទឹងនឹងព្រះគ្រីស្ទហើយ។
ខ១៩បានប្រាប់យើងថា ពួកអ្នកដែលទទឹងនឹងព្រះគ្រីស្ទគឺជាពួកអ្នកដែលដើរចេញពីជំនឿដើមនៃពួកជំនុំ គឺជាអ្នកដែលបដិសេធព្រះគ្រីស្ទ និងជាអ្នកដែលបដិសេធជំនឿ ដែលពួកជំនុំលោកអ្នកកំពុងតែជឿ ហើយអ្វីដែលពួកគេបានឮពីមុនមក ពីសេចក្តីពិតនៅក្នុងព្រះគម្ពីរគឺគេចាប់ផ្តើមដើរចេញពីជំនឿដើម ព្រមទាំងដើរចេញពីសេចក្តីបង្រៀននៃពួកជំនុំ រួមទាំងសេចក្តីបង្រៀនរបស់ពួកសាវ័កដើមផងដែរ។ ហើយពួកគេទាំងនោះបានគិតថា មានការបើកសម្ដែងមួយថ្មីទៀតមកពីព្រះជាម្ចាស់សម្រាប់ពួកគេ ដើម្បីឲ្យគេអះអាងថា មានសេចក្តីពិតមួយផ្សេងទៀត ដែលការនោះគ្រាន់តែជាការបោកបញ្ឆោត និងបន្លំតែប៉ុណ្ណោះ។ ប៉ុន្តែ យើងដឹងហើយថាសេចក្តីបង្រៀនដ៏ត្រឹមត្រូវពីដើមរៀងមក គឺល្មមគ្រប់គ្រាន់រួចហើយព្រមទាំងមានការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈព្រះបន្ទូលរបស់ព្រះអង្គគឺវាល្មមគ្រប់គ្រាន់រួចទៅហើយ ហើយក៏មិនត្រូវមានការបើកសម្ដែងថ្មីណាផ្សេងៗទៀតនោះដែរ។
ខ២២បានបញ្ជាក់ប្រាប់យើងថា «តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា និងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ»។ អ្នកដែលទទឹងនឹងព្រះគ្រីស្ទគឺជាអ្នកចាប់ផ្តើមបដិសេធព្រះអង្គ ដោយពួកទាំងនោះបានលើកឡើងថា ព្រះអង្គមិនមែនជាព្រះគ្រីស្ទ ព្រះអង្គមិនមែនជាព្រះដែលនាំមកនូវសេចក្តីសង្គ្រោះនោះទេ ហើយព្រះអង្គគ្រាន់តែជាម្នាក់ដែលមិនស្មើនឹងព្រះវរបិតានោះដែរ។ ពួកគេថែមទាំងថា ព្រះយេស៊ូវគ្រាន់តែជាហោរាម្នាក់ប៉ុណ្ណោះ ហើយថាទ្រង់មិនមែនជាព្រះដែលមានព្រះជន្មអស់កល្បជានិច្ចឡើយ។ ដូច្នេះ អ្នកដែលបដិសេធព្រះគ្រីស្ទ គឺជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទហើយ។ ហើយលោកអ្នកក៏បានឃើញមានកើតឡើងជាច្រើនក្នុងសម័យកាលយើងនេះ ហើយព្រះគម្ពីរបានប្រាប់យើងថា នេះគឺជាសញ្ញាដែលបង្ហាញយើងថា នេះជាគ្រាម៉ោងចុងក្រោយហើយ ដូច្នេះ យើងដែលជាគ្រីស្ទបរិស័ទគួរត្រៀមខ្លួន ហើយប្រុងប្រយ័ត្នជានិច្ច។ កណ្ឌគម្ពីរ ម៉ាថាយ ២៤:៥ បានចែងថា «ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា “ខ្ញុំនេះជាព្រះគ្រីស្ទ” ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង»។ មានក្រុមខុសឆ្គងមួយចំនួនដូចជាក្រុម អាន់ សាំងហុង ដោយក្រុមនេះបានអះអាងថាលោក អាន់ សាំងហុង ជាព្រះគ្រីស្ទចុងក្រោយដែលបានយាងមក ដើម្បីនឹងសង្គ្រោះមនុស្សលោក ហើយថែមទាំងបង្រៀនថា អស់អ្នកណាដែលជឿ នោះត្រូវតែធ្វើពិធីបុណ្យជ្រមុជទឹកដោយនូវ ព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះនាម អាន់ សាំងហុង ទើបបានសេចក្តីសង្គ្រោះ។
ដូច្នេះ លោកអ្នកបានឃើញសព្វថ្ងៃនេះហើយថា មានមនុស្សដែលគេអះអាងខ្លួនគេថា គេជាព្រះគ្រីស្ទ។ កណ្ឋគម្ពីរ ម៉ាថាយ ២៤:២៤ ចែងថា «ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសម្គាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន»។ នេះហើយជាសញ្ញាមួយដែលបង្ហាញយើងដឹងថា យើងកំពុងរស់នៅ ក្នុងគ្រាចុងក្រោយ ចូរឲ្យលោកអ្នកត្រៀមខ្លួនជាស្រេច ចូរឲ្យយើងនៅជាប់ក្នុងសេចក្តីពិតនៅក្នុងព្រះគ្រីស្ទ ដែលលោកអ្នកកំពុងជឿនៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរបានប្រាប់យើងថា វាគ្រប់គ្រាន់ល្មមសម្រាប់ជំនឿរបស់យើងក្នុងការទៅរកសេចក្តីសង្គ្រោះរួចហើយ។ ចូរឲ្យយើងនៅជាប់នឹងព្រះគ្រីស្ទចុះ!
ជាចុងក្រោយ៖ ដើម្បីឲ្យលោកអ្នកអាចដឹងថា ពួកអ្នកទទឹងនឹងព្រះគ្រីស្ទជានរណា? កណ្ឌគម្ពីរ ១យ៉ូហាន ៤:៣ ចែងថា «តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណអាទទឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយ៍ហើយ»។ គ្រានេះហើយគឺ ជាគ្រាចុងក្រោយបង្អស់។ ចូរឲ្យយើងនៅជាប់ក្នុងសេចក្តីពិតនៃព្រះគ្រីស្ទ។
ទី២៖ យើងបានស្គាល់សេចក្តីពិតហើយ
ហេតុអ្វីបានជាយើងត្រូវនៅជាប់ក្នុងសេចក្តីពិតរបស់ព្រះគ្រីស្ទ? ចម្លើយគឺ៖ ដោយសារយើងបានស្គាល់សេចក្តីពិតហើយ។ ខ្ញុំជឿថា ប្រសិនបើយើងមិនបានស្គាល់សេចក្តីពិតអំពីព្រះគ្រីស្ទទេ នោះយើងក៏មិនអាចទទួលជឿលើអង្គព្រះយេស៊ូវគ្រីស្ទបានដែរ។ លោកអ្នកដឹងច្បាស់ហើយថា ព្រះជាម្ចាស់បានធ្វើការក្នុងចិត្តរបស់លោកអ្នក ហើយព្រះវិញ្ញាណបានធ្វើការប៉ះពាល់ចិត្តរបស់លោកអ្នក ដើម្បីឲ្យលោកអ្នកអាចយល់បាននូវដំណឹងល្អរបស់ផងព្រះគ្រីស្ទ ហើយអាចនឹងទទួលយកនូវសេចក្តីពិតនៅក្នុងព្រះគ្រីស្ទក្នុងជីវិតរបស់លោកអ្នកបាន។ ដូច្នេះ លោកអ្នកឃើញថា ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកកាន់យើង ហើយព្រះវិញ្ញាណបរិសុទ្ធនោះឯងបានបង្រៀនយើងនូវសេចក្តីពិតរបស់ផងព្រះជាម្ចាស់ និងសេចក្តីពិតពីសេចក្តីសង្គ្រោះរបស់ទ្រង់។ ត្រង់ខ២០ ពាក្យថា «ក៏ចេះគ្រប់ទាំងអស់ផង» នៅគម្ពីរបកប្រែថ្មីឆ្នាំ២០១៦ បានសរសេរថា «អ្នកបានស្គាល់សេចក្ដីពិតហើយ»។ តើវាមានន័យយ៉ាងដូចម្តេច? តើនេះចង់មានន័យថា នៅពេលលោកអ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ នោះលោកអ្នកនឹងចេះគ្រប់ទាំងអស់ ដូចជាចេះកុំព្យូទ័រ ចេះនិយាយភាសាអង់គ្លេសទេ! មិនដូច្នោះឡើយ។ នេះគឺចង់បង្ហាញថា លោកអ្នកចេះពីសេចក្តីពិត ដែលនាំលោកអ្នកទៅរកសេចក្តីសង្គ្រោះវិញបាន។ កណ្ឌគម្ពីរ យ៉ូហាន ១៤:២៦ «តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរម្លឹកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ»។ ដូច្នេះ លោកអ្នកដឹងហើយថា ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនយើងពីគ្រប់ទាំងសេចក្តីពិត ដែលនាំទៅរកសេចក្តីសង្គ្រោះ ហើយទ្រង់ក៏រម្លឹកគ្រប់ទាំងសេចក្តី ដែលព្រះយេស៊ូវបានប្រាប់ដល់យើងរាល់គ្នា។
សរុបសេចក្តីមក ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងមិនបង្រៀនអ្វីដែលថ្មី ក្រៅពីអ្វីដែលនៅក្នុងព្រះគម្ពីរនោះទេ។ ប្រសិនបើមាននរណាម្នាក់ដែលមក ហើយនិយាយនឹងលោកអ្នកថា ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្ដែងឲ្យខ្ញុំឃើញនៅសេចក្តីពិតថ្មីមួយទៀត ហើយគេចាប់ផ្ដើមដើរតាម នោះហើយដែលជាបញ្ហាធំ។ មានសាសនាមួយក្រុមទៀតគឺជាសាសនា «មរមន» (Mormon) ដែលពួកនេះមានឯកសណ្ឋានស្អាតបាត (អាវស ខោខ្មៅ មានក្រវ៉ាត់ក) ពួកគេតែងតែជិះកង់ ហើយផ្សាយដំណឹងល្អ អ្នកដឹកនាំរបស់ពួកគេមានឈ្មោះថា លោក យ៉ូសែប ស្មីត (Joseph Smith)។ គាត់ម្នាក់នេះបាននិយាយថា គាត់ជាម្នាក់ដែលបានទទួលការបើកសម្ដែងពីព្រះជាម្ចាស់ចុងក្រោយបង្អស់សម្រាប់គាត់ ដោយឲ្យគាត់បានសរសេរព្រះគម្ពីរមួយផ្សេងទៀតយកមកបន្ថែមជំនួសលើព្រះគម្ពីរ «បរិសុទ្ធ» ដែលពួកគេគិតថា កាលនោះឯងដែលព្រះវិញ្ញាណបរិសុទ្ធរួមទាំងទេវតារបស់ព្រះបានបើកសម្ដែងឲ្យគាត់សរសេរនឹងធ្វើ។ ប៉ុន្តែ ព្រះគម្ពីរបានប្រាប់ហើយថា ព្រះវិញ្ញាណបរិសុទ្ធទ្រង់នឹងរម្លឹកពីគ្រប់ទាំងសេចក្តីដែលព្រះយេស៊ូវបានបង្រៀនយើងក្នុងព្រះគម្ពីរ។
ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធមិនមែនបើកសម្ដែងសេចក្តីពិតបន្ថែមទៀត ខុសអំពីអ្វីដែលមានក្នុងព្រះគម្ពីរនោះឡើយ។ ហេតុដូចនេះហើយបានជាសាវ័ក យ៉ូហាន ប្រាប់យើងឲ្យដឹងថា ចូរយើងល្បងលមើលវិញ្ញាណ តើវិញ្ញាណនោះមកពីព្រះ ឬក៏យ៉ាងណា? កណ្ឌគម្ពីរ ១យ៉ូហាន ៤:១ ចែងថា «ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយ៍នេះហើយ»។ ពិតប្រាកដណាស់! ព្រះវិញ្ញាណនឹងបើកសម្ដែងឲ្យយើងស្គាល់នូវសេចក្តីពិត និងស្គាល់សេចក្តីពិតអំពីអង្គព្រះយេស៊ូវគ្រីស្ទ ដែលមានតែអង្គព្រះយេស៊ូវមួយប៉ុណ្ណោះ ដែលអាចនាំយើងទៅរកសេចក្តីសង្គ្រោះបាន ហើយតាមរយៈអ្វីដែលយើងជឿលើព្រះអង្គ ដែលទ្រង់បានយកនិស្ស័យជាមនុស្សយ៉ាងពិតប្រាកដ ហើយទ្រង់ក៏ជាព្រះយ៉ាងពិតប្រាកដដដែល ដោយតាមរយៈព្រះអង្គ នោះទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបរបស់យើង នោះជាសេចក្តីពិត នឹងជាអ្វីដែលព្រះអង្គបានបើកសម្ដែងឲ្យបានដឹង ថែមទាំងឮរួចទៅហើយ។ ដូច្នេះ ចូរយើងនៅជាប់នឹងសេចក្តីពិតនោះចុះ ដោយមិនត្រូវដេញតាមការបើកសម្ដែងផ្សេងៗទៀត ដែលផ្ទុយពីសេចក្តីបង្រៀននៃព្រះគម្ពីរនោះឡើយ។ ដូច្នេះ ចូរយើងនៅជាប់នឹងសេចក្តីពិតនៃព្រះគ្រីស្ទ ដ្បិតយើងកំពុងរស់នៅក្នុងគ្រាចុងក្រោយ។ ហើយដោយសារយើងបានស្គាល់សេចក្តីពិត នោះយើងគួរបន្តនៅជាប់នឹងព្រះបន្ទូលរបស់ផងព្រះអង្គផងដែរ។
ទី៣៖ ចូរបន្តនៅឲ្យជាប់ក្នុងសេចក្តីពិត
ការដែលយើងនៅក្នុងសេចក្តីពិតព្រះគ្រីស្ទ នោះនាំយើងទៅរកជីវិតអស់កល្បជានិច្ច នេះហើយជាការសំខាន់។ បន្ទាប់ពីយើងបានស្គាល់សេចក្តីពិតរួចហើយ ចូរនៅបន្តឲ្យជាប់ក្នុងសេចក្តីពិតនោះចុះ។ ព្រះគម្ពីរបានប្រាប់យើងថា ហេតុអ្វីបានយើងត្រូវបន្តនៅជាប់ក្នុងសេចក្តីពិត ដែលនាំយើងទៅរកជីវិតអស់កល្បជានិច្ច? ខ២៣ បានចែងថា «ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង»។ នៅពេលយើងនៅជាប់នឹងសេចក្តីពិតផងព្រះគ្រីស្ទ នោះយើងក៏ទទួលស្គាល់ព្រះរាជបុត្រា កាលណាយើងទទួលស្គាល់ព្រះរាជបុត្រា នោះយើងក៏ទទួលស្គាល់ព្រះវរបិតាផងដែរ។
ខ២៤-២៥ បន្តទៀតថា «ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្ដីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច»។ ទាំងនេះហើយជាមូលហេតុដែលយើងបន្តនៅជាប់ក្នុងសេចក្តីពិតនៃព្រះគ្រីស្ទ ហើយគ្រីស្ទបរិស័ទដែលពិតប្រាកដនឹងនៅតែបន្តនៅជាប់ក្នុងសេចក្តីពិតរបស់ផងព្រះគ្រីស្ទដែរ។ នៅពេលដែលយើងទទួលស្គាល់ភាពជាព្រះរបស់ព្រះគ្រីស្ទ និងភាពជាមនុស្ស ១០០% របស់ព្រះគ្រីស្ទ ហើយទទួលស្គាល់ថា ព្រះអង្គអាចអត់ទោសបាបឲ្យយើងបាន ហើយនោះឯងដែលនាំយើងទៅរកជីវិតដ៏នៅអស់កល្បជានិច្ច។ កណ្ឌគម្ពីរ ១យ៉ូហាន ៥:១១-១២៖ «នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ»។
ដូច្នេះ យើងដឹងហើយអ្នកដែលមាន ព្រះរាជបុត្រា នោះនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។ ហើយយើងក៏ដឹងផងដែរថា អ្នកដែលនឹងបានសេចក្តីសង្គ្រោះក៏នឹងមានជីវិតដ៏អស់កល្បជានិច្ច។ គាត់ជាអ្នកដែលរក្សាខ្ជាប់ខ្ជួននៃជំនឿនៅក្នុងសេចក្តីពិតនោះរហូតដល់ចុងបំផុតទៅ។ ចូរឲ្យយើងរស់នៅដូចជានៅចុងគ្រាក្រោយបង្អស់ហើយ ដោយមើលឃើញសញ្ញាមួយចំនួន ដែលយើងអាចគិតថា ព្រះអង្គអាចយាងមកនៅពេលណាមួយក៏បាន។ សំណួរសួរថា៖ តើលោកអ្នកប្រុងប្រៀបរួចជាស្រេចហើយឬនៅ? តើយើងបាននៅជាប់នឹងព្រះបន្ទូលផងព្រះជាម្ចាស់ដែរឬទេ? នេះជាគោល និងជាគោលគន្លឹះដែលចែងនៅក្នុងព្រះគម្ពីរ។ តើយើងបានស្គាល់ព្រះបន្ទូលផងព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើយើងមិនបានស្គាល់ មិនបានអានព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះយើងនឹងងាយធ្លាក់ក្នុងសេចក្តីល្បួង និងការបោកបញ្ឆោតនៃការបង្រៀនខុសឆ្គងផ្សេងៗជាមិនខាន។ ហើយវាក៏ជាអ្នកទទឹងនឹងព្រះគ្រីស្ទជាអម្ចាស់នៃយើងរាល់គ្នា ហេតុដូច្នេះហើយបានជាគ្មានអាថ៌កំបាំងណាផ្សេងទៀតដែលក្រៅពីព្រះបន្ទូលរបស់ផងព្រះម្ចាស់នោះទេ។ នៅពេលណាយើងនៅជាប់នឹងព្រះបន្ទូលព្រះអង្គ នោះព្រះអង្គក៏នៅជាប់នឹងយើង នោះនាំយើងមានជីវិតអស់កល្បជានិច្ច។
មតិយោបល់
Loading…