តើពិធីបុណ្យណូអែលជាពិធីបុណ្យពីសាសនាក្លែងក្លាយមែនឬ?
ទេ! ពិធីបុណ្យណូអែលមិនមែនជាពិធីបុណ្យពីសាសនាក្លែងក្លាយនោះទេ។ ពិធីបុណ្យណូអែលគឺជាពិធីបុណ្យដែលគ្រីស្ទបរិស័ទប្រារព្ធរម្លឹកអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ។ គ្រីស្ទបរិស័ទជឿថា ក្នុងព្រះគ្រីស្ទ ព្រះបានយាងចូលមកភពមនុស្ស (ដើម្បីយកនិស្ស័យជាមនុស្ស) ហើយក៏ស័ក្ដិសមនឹងទទួលងារ «អេម៉ាញូអែល» ដែលមានន័យថា «ព្រះគង់ជាមួយយើង» ដែរ (ម៉ាថាយ ១:២៣)។
ទោះជាយ៉ាងណាក៏ដោយក៏នៅមានមនុស្សមួយចំនួនបានលើកឡើងខុសៗគ្នាថា ទំនៀមទម្លាប់នៃពិធីបុណ្យណូអែលមានប្រភពចេញពីសាសនាក្លែងក្លាយ ដូច្នេះសំណួរនេះគឺជាសំណួរដ៏ត្រឹមត្រូវមួយ។
ទី១ ប្រភពដែលថា បុណ្យណូអែលកើតចេញពីសាសនាក្លែងក្លាយគឺមិនប្រាកដប្រជាទេ។ ជាទូទៅ ការដែលរដូវរងាឈានដល់ចំណុចនៃភាពត្រជាក់បំផុតមានការទាក់ទងគ្នាជាមួយនឹងបុណ្យណូអែលមិនដែលធ្លាក់ចំនៅលើខែធ្នូ ថ្ងៃទី២៥ នោះទេ។ ដូចគ្នាផងដែរ ពិធីបុណ្យសាន់តូនីតា (Saturnalia) ដែលមនុស្សមួយចំនួនបានលើកឡើងថា ជាប្រភពនៃពិធីបុណ្យណូអែល ក៏គេមិនបានប្រារព្ធនៅថ្ងៃ២៥ដែរ។ និមិត្តរូបមួយចំនួនទៀត ដែលមានដូចជាដើមណូអែល និងទានទំនងជាអាចមានចំណុចបន្ថែមទៅលើន័យសំខាន់របស់សាសនាក្លែងក្លាយ ប៉ុន្តែទាំងនេះគឺគ្រាន់តែជាបទពិសោធន៍ដ៏សាមញ្ញៗក្នុងលោកប៉ុណ្ណោះ ដែលថាយើងមានការពិបាកណាស់ក្នុងការអះអាងថាគេប្រើប្រាស់វាសម្រាប់តែការថ្វាយបង្គំព្រះក្លែងក្លាយ។
ទី២ អត្ថន័យលើពាក្យ និមិត្តរូប ឬក៏ទម្លាប់ណាមួយគឺមានការសន្និដ្ឋានលើការប្រើប្រាស់បច្ចុប្បន្នកាល មិនមែនលើប្រភពដើមនោះទេ។ មានពាក្យពេចន៍ និងការប្រារព្ធជាច្រើនដែលបានចាកចេញពីប្រភពដើមរបស់វា ហើយក៏លែងមានអត្ថន័យដូចអ្វីដែលវាធ្លាប់មានពីមុនដែរ។ ឧទាហរណ៍៖ សញ្ញាតំណាងគណបក្សហ្វាស៊ីសអាល្លឺម៉ង់មានរាប់ពាន់ឆ្នាំហើយ ដែលជានិមិត្តរូបនៃភ័ព្វសំណាង។ ដូច្នេះ វាជាមូលហេតុសមហេតុសមផលក្នុងការដែលពួកណាស៊ីយកវាមកប្រើជាសញ្ញាសម្គាល់របស់គណបក្សពួកគេ ដូចដែលពួកគេបានផ្ដោតលើហើយថា ពួកគេគឺជាគណបក្សដែលនាំមកនូវពេលវេលាល្អៗមកកាន់ប្រទេសអាល្លឺម៉ង់វិញ ដែលពេលនោះកំពុងតែឆ្លងកាត់ពេលវេលាដ៏ពិបាកៗក្នុងសង្គ្រាមលោកលើកទី១។ ទោះជាយ៉ាងណាក៏ដោយក៏វាជារឿងដ៏ពោរពេញទៅដោយភាពល្ងីល្ងើក្នុងការដែលបុគ្គលណាម្នាក់យកសញ្ញាតំណាងគណបក្សហ្វាស៊ីសអាល្លឺម៉ង់មកតាំងក្នុងផ្ទះរបស់គាត់ថាជា «អត្ថន័យដ៏ពិត»។ គេបានសម្គាល់សញ្ញាតំណាងគណបក្សហ្វាស៊ីសអាល្លឺម៉ង់ថាជាអំពើដ៏អាក្រក់នៃហានិភ័យ (the Holocaust) ដល់ថ្នាក់ថាក្នុងប្រពៃណីសព្វថ្ងៃនេះវាគឺជាសញ្ញាសម្គាល់សម្រាប់ការទាស់ប្រឆាំងនឹងពួកសាសន៍យូដា និងរាល់អ្វីៗដែលជាអំពើអាក្រក់។ អត្ថន័យដើមនៃសញ្ញាសម្គាល់នោះគ្មានការអ្វីដែលសំខាន់ទៀតទេ។
ដូចគ្នាផងដែរ ប្រសិនបើលោកអ្នកសួរជនជាតិអាមេរិកណាម្នាក់ឲ្យប្រាប់លោកអ្នកអំពីសញ្ញា នីក (Nike) ទំនងជា ៩០% នឹងនិយាយអំពីម៉ាកស្បែកជើងកីឡា និងខោអាវដោយស្ទើរតែមិននិយាយអ្វីសោះទាក់ទងទៅនឹងព្រះដែលមានភេទស្រីម្នាក់នៅឯប្រទេសក្រិកដែលជាព្រះនៃជ័យជម្នះ ដែលក្រុមហ៊ុននោះបានដាក់ឈ្មោះតាម។ ក្នុងការស្វែងរកក្នុងប្រព័ន្ធហ្គូហ្គោល (Google) លើពាក្យ «នីក» (“Nike” ក្នុងភាសាអង់គ្លេស) នោះលោកអ្នកទំនងជាត្រូវមើលរំលងបួន-ដប់លទ្ធផលសិនមុនលោកអ្នករកឃើញអ្វីទាក់ទងទៅនឹងព្រះដែលមានភេទស្រីម្នាក់នៅឯប្រទេសក្រិកដែលជាព្រះនៃជ័យជម្នះ។ នៅពេលដែលលោកអ្នកឃើញបុគ្គលណាម្នាក់ពាក់សញ្ញានីកដ៏ល្បី គំនិតដំបូងរបស់លោកអ្នកគឺអំពីក្រុមហ៊ុនសព្វថ្ងៃនេះ មិនមែនអំពីព្រះពីសម័យបុរាណ ហើយក៏គ្មានអ្នកណានឹងសន្មតថា អ្នកពាក់កំពុងតែថ្វាយបង្គំព្រះម្នាក់នោះដែរ។
មិនថានិមិត្តរូបសញ្ញាសម្រាប់បុណ្យណូអែលធ្លាប់មានអត្ថន័យបែបណាពីមុននោះទេក៏ការប្រើប្រាស់សព្វថ្ងៃនេះត្រូវតែមានការថ្លឹងថ្លែងលើមូលដ្ឋាននៃអត្ថន័យសព្វថ្ងៃនេះហើយ។ ការសន្មតជាស្វ័យប្រវត្តិថា ទាន ភ្លើងមានពណ៌ផ្សេងៗគ្នា ឬក៏ការតុបតែងដើមឈើគឺជាការថ្វាយបង្គំព្រះក្លែងក្លាយគឺជាការគិតមិនត្រឹមត្រូវទេ។
ប្រសិនបើមានការប្រព្រឹត្តមួយចំនួនដែលមិនមានភាពស៊ីគ្នាទៅនឹងព្រះគម្ពីរក្នុងការប្រារព្ធពិធីបុណ្យណូអែលរបស់យើង នោះយើងគួរតែបោះបង់វាចោល។ ពិធីជប់លៀងមាននៅក្នុងព្រះគម្ពីរ ប៉ុន្តែទម្លាប់ល្មោភស៊ីមិនមានទេ។ ដូច្នេះ នោះទំនងជាចំណុចមួយចំនួនដែលគ្រីស្ទបរិស័ទចាំបាច់ត្រូវតែគិតអំពីទាក់ទងទៅនឹងការប្រារព្ធពិធីបុណ្យណូអែលរបស់ពួកគេ។ ព្រះគម្ពីរមិនដែលហាមប្រាមមិនឲ្យផឹកស្រានោះទេ ប៉ុន្តែហាមមិនឲ្យស្រវឹង។ ដូច្នេះ ការប្រារព្ធរបស់គ្រីស្ទបរិស័ទមិនគួរពាក់ព័ន្ធទៅនឹងការស្រវឹងឡើយ។ ការឲ្យកាដូមាននៅក្នុងព្រះគម្ពីរ ប៉ុន្តែការចំណាយដល់ថ្នាក់ថាមានបំណុល ឬក៏ចំណាយលើសពីសមត្ថភាពរបស់ខ្លួនមិនមានទេ ដូច្នេះយើងគួរទិញកាដូសម្រាប់បុណ្យណូអែលដោយមានទំនួលខុសត្រូវ។ វាជាការល្អទេក្នុងការឲ្យគ្រីស្ទបរិស័ទពិនិត្យមើលការប្រារព្ធរបស់ខ្លួន ដើម្បីឲ្យប្រាកដប្រជាថា វាពិតជាថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់មែន ឬក៏អត់។
ទី៣ នៅពេលដែលប្រពៃណីប្រឆាំងគ្នា នោះនឹងតែងតែមានការព្យាយាមបំផ្លាស់បំប្រែ និងការអនុញ្ញាតឲ្យដាក់បញ្ចូលនូវភាសា ឬក៏និមិត្តរូបប្រពៃណីជាមិនខាន។ សាវ័ក ប៉ុល មិនមានបញ្ហាក្នុងការដាក់បញ្ចូលនូវអាសនារបស់ព្រះក្លែងក្លាយក្នុងការផ្សព្វផ្សាយដំណឹងល្អនោះទេ។ ក្នុងការនិយាយនៅកណ្ដាលទីអើរីយ៉ូស (the Areopagus) គាត់បានមានប្រសាសន៍ថា «អស់លោកអ្នកក្រុងអាថែនអើយ! ខ្ញុំយល់ឃើញថា គ្រប់ផ្លូវទាំងអស់ អស់លោកខ្នះខ្នែងកាន់សាសនាខ្លាំងណាស់។ ដ្បិតពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតឃើញគ្រឿងសក្ការដែលអស់លោកគោរពបូជា ហើយខ្ញុំក៏ឃើញអាសនាមួយ ដែលមានចារឹកអក្សរថា “ព្រះដែលមិនស្គាល់”។ ដូច្នេះ ខ្ញុំនឹងប្រាប់អស់លោកពីព្រះ ដែលអស់លោកគោរពបូជា ដោយមិនស្គាល់ហ្នឹងហើយ» (កិច្ចការ ១៧:២៣-២៤)។
ប្រសិនបើអ្វីដែលយើងដឹងអំពីបុណ្យណូអែលមានប្រភពចាប់ផ្ដើមចេញពីការប្រារព្ធរបស់សាសនាក្លែងក្លាយ នោះមានន័យថា គ្រីស្ទបរិស័ទបានដាក់បញ្ចូលអត្ថន័យយ៉ាងបានសម្រេចហើយ ដែលនោះមានន័យថា អ្នកកាន់សាសនាក្លែងក្លាយណាម្នាក់ដែលគោរពខ្លួនឯងនឹងប្រាកដជាមានការខូចចិត្តលើអ្វីដែលគ្រីស្ទបរិស័ទបានធ្វើជាមិនខាន។ ការប្រារព្ធពិធីបុណ្យណូអែលមានលក្ខណៈផ្ទុយគ្នាទាំងស្រុងពីការថ្វាយបង្គំរូបព្រះក្លែងក្លាយដល់ថ្នាក់ថា ការលើកជាការស្នើភ្ជាប់រវាងពិធីប្រារព្ធទាំងពីរនេះគឺត្រូវបានបោះបង់ចោល។
គ្រីស្ទបរិស័ទដែលប្រារព្ធពិធីបុណ្យណូអែលមិនមានលក្ខណៈលើសជាងសាសនាក្លែងក្លាយណាមួយជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំនៅថ្ងៃអាទិត្យទេ (ដែលឈ្មោះនេះដកចេញពីសាសនាក្លែងក្លាយ «ថ្ងៃរបស់ព្រះអាទិត្យ») ឬក៏អ្នកដែលជួបជុំគ្នា ដើម្បីមានពិធីអធិស្ឋាននៅថ្ងៃពុធ (ដែលឈ្មោះនេះដកចេញពីសាសនានៃព្រះបែលហ្សិកអូដិន (Norse god Woden)។ ប្រភពដើមនៃព្រះក្លែងក្លាយទាក់ទងទៅនឹងឈ្មោះថ្ងៃនានាក្នុងអាទិត្យមិនមានអ្វីទាក់ទងទៅនឹងការជួបជុំគ្នាជាប្រចាំអាទិត្យរបស់ក្រុមជំនុំទេ ហើយការដែលសាសនាក្លែងក្លាយពីបុរាណជួបជុំគ្នា ដើម្បីធ្វើពិធីជប់លៀងនៅខែត្រជាក់ក៏មិនមានអ្វីទាក់ទងទៅនឹងការដែលគ្រីស្ទបរិស័ទប្រារព្ធពិធីបុណ្យណូអែលបច្ចុប្បន្នកាលនេះដែរ។
ចូរស្រមៃ៖ គ្រីស្ទបរិស័ទពីសតវត្សទី២ ឬក៏ទី៣កំពុងតែសញ្ជឹងគិតទៅលើភូមិរបស់គាត់ដែលកំពុងប្រារព្ធពិធីបុណ្យសាន់តូនីតា។ គាត់បានគិតមកខ្លួនឯងថា៖ «ភូមិទាំងមូលកំពុងតែប្រារព្ធពិធីបុណ្យរបស់សាន់តូនីតាដោយមានការជប់លៀង និងការប្ដូរកាដូ។ ពួកគេកំពុងតែនិយាយអំពី «ការរំដោះព្រលឹងឲ្យចូលទៅក្នុងភាពអមតៈ» និង «ការដែលយុគសម័យមាសឈានមកដល់»។ ខ្ញុំគិតថា នេះជាពេលវេលាដ៏ល្អបំផុត ក្នុងការធ្វើពិធីជប់លៀង ហើយអញ្ជើញមិត្តភក្ដិរបស់ខ្ញុំឲ្យមក ដើម្បីប្រាប់ពួកគេអំពីរបៀបដែលពួកគេពិតជាអាចទទួលបានសេរីភាពចូលទៅក្នុងភាពអមតៈបានមែន និងការដែលយុគសម័យមាសអាចឈានមកដល់ជាពិតមែន គឺព្រះរាជ្យនគររបស់ព្រះជាម្ចាស់។ ខ្ញុំគិតថា វាក៏ទំនងជាគំនិតល្អដែលក្នុងការឲ្យកាដូខ្លះទៅកាន់ពួកគាត់ក្នុងការថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់ទាក់ទងទៅនឹងការដែលព្រះអង្គបានប្រទានអំណោយទានដ៏ពិតបំផុតមកដល់យើង»។ ក្នុងរបៀបនេះ ការប្រារព្ធ «នឹងទទួលបានការសង្គ្រោះ» សម្រាប់ជាសិរីល្អរបស់ព្រះជាម្ចាស់ ហើយគ្រីស្ទបរិស័ទនឹងទទួលបានការគិតមួយផ្សេងទៀតដែលយោងតាមព្រះគម្ពីរសម្រាប់ថ្ងៃនៃព្រះក្លែងក្លាយមួយនេះ។
ទាក់ទងទៅនឹងការគោរពប្រពៃណីទាំងអស់ ជាទូទៅ គ្រីស្ទបរិស័ទធ្លាក់ចូលក្រុមបីប្រភេទ។ អ្នកខ្លះទទួលការប្រារព្ធទាំងអស់ដោយគ្មានការសញ្ជឹងគិត។ ពិតណាស់! នេះមិនមែនជាការមានប្រាជ្ញាទេ។ គ្រីស្ទបរិស័ទមួយចំនួនទៀតនឹងបដិសេធ ហើយជាទូទៅក៏នឹងរត់ចូលប្រពៃណីបន្ទាប់បន្សំណាមួយរបស់គ្រីស្ទបរិស័ទផ្សេងជាមិនខាន។ ជាចុងក្រោយ គ្រីស្ទបរិស័ទមួយចំនួនទៀតនឹងសញ្ជឹងគិតដោយយកចិត្តទុកដាក់លើការប្រារព្ធតាមប្រពៃណី ឱបក្រសោបយកនូវអ្វីដែលគេអាចយកបាន បដិសេធនូវអ្វីដែលមិនថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់ ហើយសង្គ្រោះនូវអ្វីដែលស័ក្តិសមនឹងទទួលការសង្គ្រោះយកមកទុក។ គ្រីស្ទបរិស័ទទទួលបានជោគជ័យជាច្រើនលើកច្រើនសារក្នុងការដាក់បញ្ចូលនូវការប្រារព្ធនានាដល់ថ្នាក់ថាសូម្បីតែមនុស្សមួយចំនួនក៏មិនអាចចងចាំអំពីអត្ថន័យដើមនៃការប្រារព្ធនោះបានទៀតផង។ ប្រសិនបើពិធីបុណ្យណូអែលពិតជាមានប្រភពចេញពីការថ្វាយបង្គំរូបព្រះក្លែងក្លាយមែន នេះឯងគឺជាអ្វីដែលបានកើតឡើង ហើយសូមថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ចុះ! សូមព្រះជាម្ចាស់ជួយឲ្យការនេះកាន់តែកើតឡើងថែមទៀតក្នុងសង្គម និងប្រពៃណីនៃការប្រព្រឹត្តនូវទង្វើនានារបស់យើង។
ទោះបើមិនបាននិពន្ធឡើងអំពីបុណ្យណូអែលក៏ដោយក៏កណ្ឌគម្ពីរ រ៉ូម ១៤:៥-៦ ហាក់បីដូចជាមានការអនុវត្តដូចម្ដេច៖ «ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។ អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់»។ ប្រសិនបើគ្រីស្ទបរិស័ទណាមួយមិនមានអារម្មណ៍ស្រួលទាក់ទងទៅនឹងផ្នែកណាខ្លះ ឬក៏ផ្នែកទាំងអស់នៃការប្រារព្ធពិធីបុណ្យណូអែល នោះគ្រីស្ទបរិស័ទម្នាក់នោះគួរធ្វើនូវអ្វីដែលគាត់ជឿជាក់ថា ជាការត្រឹមត្រូវចុះ។ គាត់មិនគួរថ្កោលទោសអ្នកដទៃដែលជឿ ហើយប្រារព្ធខុសពីគាត់ទេ ហើយអ្នកដទៃក៏មិនគួរថ្កោលទោសគាត់ដែរ នៅពេលដែលមិនមានការណែនាំច្បាស់លាស់ចេញពីព្រះគម្ពីរ។
និពន្ធដោយ៖ ក្រុម GotQuestions
បកប្រែដោយ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោកស្រី ឡូញ ស្រីរដ្ឋ និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។
មតិយោបល់
Loading…