តោះ! ចូរយើងចាប់ផ្ដើមដោយមើលរូបភាពធំ៖ ការចិញ្ចឹមកូនគឺជារឿងពិបាក ហើយក៏តម្រូវឲ្យមានការទាមទារពេលវេលាជាច្រើន—ខ្ញុំគិតថា ឪពុកម្ដាយគ្រប់ៗរូបនឹងឯកភាពលើចំណុចនេះ។ ប៉ុន្តែ តើគោលដៅ និងគោលបំណងនៃការចិញ្ចឹមបីចាច់ថែរក្សាកូនៗពិតជារឿងដែលស្មុគស្មាញមែនឬ? បើសួរម្យ៉ាងវិញទៀតទៅ៖ តើឪពុកម្ដាយដែលជាគ្រីស្ទបរិស័ទ ហាក់បីដូចជាបានធ្វើឲ្យវាសាមញ្ញពេក ទាក់ទងនឹងការចិញ្ចឹមកូន ឬក៏ធ្វើឲ្យវាស្មុគស្មាញពេក។
ខ្ញុំឯកភាពថា ការចិញ្ចឹមកូនគឺជារឿងដែលពិបាក ដែលទាមទារពេលវេលា ការផ្ដោតលើជាច្រើន និងការធ្វើដោយចេតនា ប៉ុន្តែខ្ញុំគិតថាវាមិនចាំបាច់មានការស្មុគស្មាញខ្លាំងពេកនោះទេ។ បញ្ហាមួយដែលយើងមាន ក្នុងសម័យទំនើបនេះ គឺថាមនុស្សយើងចង់មានកូន ប៉ុន្តែពួកគាត់មិនចង់ធ្វើជាឪពុកម្ដាយទេ។ ហាក់បីដូចជាថា យើងមានទស្សនៈថាកូនយើងគឺជាកម្មសិទ្ធិរបស់យើង «ខ្ញុំមានកូន ពួកគាត់ស្អាតដែរឬទេ?» ជាពិសេសនៅពេលដែលពួកគាត់នៅក្មេង ហើយមនុស្សគ្រប់គ្នាសរសើរកូនយើង។ ប៉ុន្តែ ការត្រាស់ហៅឲ្យធ្វើជាឪពុកម្ដាយគឺជាការផ្ដោតទៅលើពេលវេលាទាំងអស់។ ដាច់ខាត! វាត្រូវតែជាចំណុចចម្បងមួយ ដែលលោកអ្នកត្រូវតែមានចំណែក ក្នុងការចិញ្ចឹមកូន។
ការមើលថែ មិនមែនគ្រាន់តែជាការគ្រប់គ្រងទេ
ដូច្នេះ ខ្ញុំគិតថាការស្គាល់ព្រះជាម្ចាស់ និងត្រាប់តាមគំរូរបស់ទ្រង់សម្រាប់កូនៗយើង គឺជារូបភាពធំដ៏ពិត—ត្រង់ថា ខ្ញុំគឺជាគ្រីស្ទបរិស័ទ ខ្ញុំស្រឡាញ់ព្រះជាម្ចាស់ និងខ្ញុំចង់នាំឲ្យកូនៗរបស់ខ្ញុំចូលមកក្នុងពិភពនៃវិញ្ញាណទាំងមូលនៃព្រះដ៏អស្ចារ្យ ដើម្បីឲ្យពួកគាត់ស្រឡាញ់ទ្រង់និងមានអំណរក្នុងទ្រង់។ ហើយបន្ទាប់មកជួយឲ្យពួកគាត់ឃើញ និងឱបក្រសោបសេចក្ដីល្អនៃផ្លូវរបស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្តិដ៏ពិតនៃសេចក្ដីពិតរបស់ទ្រង់។ នេះគឺជាទិសដៅដែលខ្ញុំចង់ទៅដល់ ជាមួយនឹងកូនៗរបស់ខ្ញុំ ក្នុងគ្រប់ពេលវេលា។
ក្នុងពាក្យពេចន៍ដ៏សាមញ្ញបំផុត នេះគឺជាទស្សនៈត្រួសៗ ដែលខ្ញុំចង់ឲ្យឪពុកម្ដាយទាំងអស់ទទួលបាន៖ គោលដៅរបស់យើងគឺមិនមែនគ្រាន់តែដើម្បីគ្រប់គ្រងលើអាកប្បកិរិយាប៉ុណ្ណោះនោះទេ។ គោលដៅដ៏ពិតនោះគឺ ការថែរក្សាដួងចិត្តរបស់កូនៗយើងទេ។ ការអប់រំគឺជាគោលដៅត្រង់ថា ទំនួលខុសត្រូវរបស់យើងក្នុងនាមជាឪពុកម្ដាយគឺមិនមែនគ្រាន់តែដើម្បីត្រួតពិនិត្យ ឃាត់ឃាំង ដាក់កំហិតលើជម្រើស ឬក៏ដើម្បីគ្រប់គ្រងលើកូន ដើម្បីឲ្យគាត់អាចបត់បែនតាមច្បាប់របស់យើង ហើយធ្វើតាមអ្វីដែលយើងចង់ឲ្យគាត់ធ្វើតាមនោះទេ។ ខ្ញុំគិតថា ឪពុកម្ដាយជាច្រើនមិនបានធ្វើអ្វីលើសពីការផ្ដោតបែបនេះ សូម្បីតែឪពុកម្ដាយដែលជាគ្រីស្ទបរិស័ទដែរ។
ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះគឺ ថែរក្សាដួងចិត្តរបស់គាត់។ យើងចង់ឲ្យពួកគាត់យល់ថា ដួងចិត្តពួកគាត់គឺជារន្ធអណ្ដូងនៃជីវិត៖ «ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក» (សុភាសិត ៤:២៣)។ ហើយជាលទ្ធផល គ្រប់ជម្រើស សេចក្ដីប្រាថ្នា និងគោលបំណងរបស់បុគ្គលណាម្នាក់គឺមានចងភ្ជាប់នៅក្នុងចិត្ត ហេតុដូច្នេះហើយបានជាយើងធ្វើការសម្រេចចិត្ត និងការជ្រើសរើស ដោយមានមូលដ្ឋានលើអ្វីដែលជាចំណាប់អារម្មណ៍យើង និងសំខាន់ដល់យើង។
ការនិយាយទៅកាន់ដួងចិត្តរបស់កូនយើង
នេះគឺជាអ្វីដែលយើងចង់ធ្វើក្នុងគ្រប់ដំណាក់កាលនៃការចិញ្ចឹមកូន។ ហើយរបៀបដែលយើងធ្វើនឹងមានលក្ខណៈខុសៗគ្នាពីរបៀបដែលយើងធ្វើជាមួយនឹងកូនដែលមានអាយុពីរឆ្នាំ និងជាមួយកូនដែលមានវ័យជំទង់។ កូនដែលមានអាយុពីរឆ្នាំនឹងមិនមានការយល់ដឹងខ្លួនឯងអំពីការជំរុញ។ យើងមិនអាចសួរគាត់អំពីដួងចិត្តរបស់គាត់បានឡើយ។ ដ្បិតគាត់មិនទាំងយល់បានផង។ គាត់មិនស្គាល់ពាក្យដើម្បីនិយាយ មិនមានការយល់ដឹងជ្រៅជ្រះ មិនទាន់មានចំណេះដឹង ហើយគាត់ក៏ថែមទាំងមិនទាន់មានខួរក្បាល ដើម្បីធ្វើអន្តរអំពើលើសំណួរនេះផង។ ដូច្នេះ យើងចាប់ផ្ដើមនិយាយជាមួយកូនៗរបស់យើងអំពីដួងចិត្ត នៅពេលដែលយើងប្រដៅគាត់។ ឧទាហរណ៍៖ កូនពៅយើងរុញប្អូនស្រីរបស់គាត់ ហើយដណ្ដើមយករបស់លេងគាត់ ពិតណាស់យើងចង់កែតម្រង់អាកប្បកិរិយានោះ៖ «អត់ទេកូន! អត់ទេ! កូនមិនអាចធ្វើដូចនេះបានទេ។ ប្អូនស្រីកូនកំពុងតែលេងរបស់នោះ។ យើងត្រូវតែឲ្យគាត់លេងវិញ»។
នៅពេលដែលយើងកែតម្រង់កូនៗ យើងត្រូវតែប្រើភាសាបេះដូងក្នុងការពណ៌នា៖ «កូន! កូនឯងកំពុងតែមិនមានចិត្តល្អដាក់ប្អូនស្រី។ កូនកំពុងតែស្រឡាញ់ខ្លួនឯង ហើយមិនស្រឡាញ់ប្អូនទេ។ កូនកំពុងតែបម្រើខ្លួនឯង មិនមែនបម្រើប្អូន។ កូនត្រូវតែឲ្យរបស់លេងនោះទៅកាន់ប្អូនវិញ។ ប្អូនកំពុងតែលេងជាមួយនឹងរបស់នោះ។ នេះគឺជារបៀបដែលកូនអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះប្អូន»។
ដូច្នេះ សូម្បីតែនៅពេលដែលយើងកំពុងតែកែតម្រង់កូនរបស់យើងដែលមានអាយុពីរឆ្នាំ យើងត្រូវតែនិយាយឲ្យលើសពីការគ្រាន់តែ «ឲ្យរបស់នោះទៅប្អូនវិញភ្លាម។ នេះមិនល្អទេ។ កុំធ្វើជាមនុស្សអាក្រក់។ ត្រូវធ្វើល្អដាក់ប្អូន»។ ការប្រើប្រាស់ពាក្យពេចន៍ដូចនោះមិនមានអត្ថន័យទេ។ ចំពោះគាត់ វាមិនមានន័យអ្វីឡើយ។ ដូច្នេះ យើងត្រូវផ្ដល់អត្ថន័យលើពាក្យទាំងនោះ ដោយនិយាយសំដៅទៅកាន់ដួងចិត្តវិញ។ ហើយចំពោះកូនៗដែលមានវ័យជំទង់ ពិតណាស់យើងអាចនិយាយអំពីបញ្ហាដួងចិត្តបានជ្រៅជ្រះជាងនោះ ហើយក៏ថែមទាំងអាចបង្រៀនគាត់អំពីអាកប្បកិរិយានៃដួងចិត្ត និងអំពីរបៀបដែលអាកប្បកិរិយានោះទទួលការរុញច្រានពីអ្វីៗដែលកំពុងតែកើតឡើងនៅជុំវិញពួកគាត់។
សរុបសេចក្ដីទៅ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ តាមពិតទៅគោលបំណងនៃការចិញ្ចឹមកូន គឺដើម្បីឲ្យពួកគាត់ក្លាយជាគ្រីស្ទបរិស័ទដែលពេញដោយជំនឿ។
ពិតណាស់ យើងក៏ចង់ឲ្យកូនយើងយល់អំពីធាតុពិតនៃពិភពលោកដែលនៅជុំវិញពួកគាត់ផងដែរ។ ត្រង់ថា មានព្រះដែលគង់នៅស្ថានសួគ៌។ ព្រះអង្គពេញទៅដោយសិរីល្អ។ ព្រះអង្គពេញទៅដោយសេចក្ដីសប្បុរស។ ហើយយើងក៏ចង់ឲ្យពួកគាត់ឃើញសេចក្ដីសប្បុរសរបស់ទ្រង់ផងដែរ។
មតិយោបល់
Loading…