in

តើ​​មហា​បេសកកម្ម​គឺ​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​មែន​ឬ?

ព្រះ​យេស៊ូវ​បាន​ប្រទាន​មហា​បេសកកម្ម​មក​កាន់​យើង។ ក្នុង​មហា​បេសកកម្ម​នេះ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​យើង​ឈោង​ចាប់​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ​ជា​មួយ​នឹង​ដំណឹង​ល្អ។ ប៉ុន្តែ តើ​ព្រះ​យេស៊ូវ​កំពុង​តែ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​ណា? តើ​បង្គាប់​នោះ​សម្រាប់​តែ​ពួក​សាវ័ក​ដំបូង​មែន​ឬ? ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​មូល? ទៅ​កាន់​ក្រុម​ជំនុំ​តាម​តំបន់​ណា​មួយ​មែន​ឬ? ទៅ​កាន់​អស់​អ្នក​ដែល​កំពុងតែ​បម្រើ​នូវ​ជួរ​មុខ ដែល​ជា​អ្នក​គិត​អំពី​បេសកកម្ម? ឬ​ក៏​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប?

ប្អូន​ប្រុស​ម្នាក់​បាន​សួរ​ដូច​ត​ទៅ៖ «ជម្រាប​សួរ​លោក​គ្រូ ថ្មីៗ​នេះ មិត្តភក្ដិ​របស់​ខ្ញុំ​ម្នាក់​បាន​លើក​ឡើង​ថា យើង​គួរ​កាត់​ស្រាយ​បញ្ជា​នៃ​មហា​បេសកកម្ម​ក្នុង​ការ​បង្កើត​សិស្ស​ថា​សំដៅ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​មូល មិន​មែន​ជា​បញ្ជា​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​រៀងៗ​ខ្លួន​នោះ​ទេ។ តើ​លោក​គ្រូ​គិត​ថា វា​ជា​ការ​ល្អ​ទេ​ដែល​យើង​កាត់​ស្រាយ​បញ្ជា​នៃ​ការ​ឈោង​ចាប់​មនុស្ស​ជាតិ​ថា​សម្រាប់​ពួក​សាវ័ក អ្នក​ដឹកនាំ​ក្រុម​ជំនុំ និង​សូម្បី​តែ​សម្រាប់​ក្រុម​ជំនុំ​តាម​តំបន់​ទាំង​មូល? ឬ​ក៏​ថា នេះ​គឺជា​បញ្ជា​បែប​បុគ្គល​ពី​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ប្រទាន​ទៅ​កាន់​អ្នក​ជឿ​រៀងៗ​ខ្លួន​វិញ?»។

តើ​អ្នក​ណា​ជា​ក្រុម​ជំនុំ?

ចូរ​យើង​ចាប់​ផ្ដើម​ដោយ​វែក​ញែក​សំណួរ​ផ្ទាល់​សិន។ ទី១ «តើ​យើង​គួរ​កាត់​ស្រាយ​បញ្ជា​នៃ​មហា​បេសកកម្ម​ថា​សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​ទាំង​អស់ ហើយ​ថា​មិន​មែន​ជា​បញ្ញត្តិ​សំដៅ​ទៅ​លើ​អ្នក​ជឿ​រៀងៗ​ខ្លួន​មែន​ឬ?» ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​យើង​កាត់​ស្រាយ​ថា បញ្ញត្តិ​នៃ​មហា​បេសកកម្ម​គឺ​សម្រាប់ក្រុម​ជំនុំ​ទាំង​អស់? តើ​ការ​ធ្វើ​បែប​នោះ​នឹង​មិន​បន្សល់​នូវ​សំណួរ​ដូច​គ្នា​ដែល​ថា សម្រាប់​អ្នកជឿ​រៀងៗ​ខ្លួន ហាក់​បី​ដូច​ជា​ថា​បញ្ញត្តិ​នោះ​គឺ សំដៅ​ផ្ទាល់​ទៅ​លើ​គាត់?

ប្រសិន​បើ​លោក​អ្នក​គិត​ថា ព្រះ​អង្គ​បាន​ប្រទាន​បញ្ញត្តិ​នេះ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់ ហើយ​លោក​អ្នក​មិន​បាន​គិត​ថា ក្រុម​ជំនុំ​ទាំង​អស់​នឹង​មិន​ទៅ​ឈោង​ចាប់​មនុស្ស​ជាតិ​ទាំង​អស់ ប៉ុន្តែ​គ្រាន់​តែ​សំដៅ​ទៅ​លើ​បុគ្គល​នីមួយៗ​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​វិញ នោះ​លោក​អ្នក​ត្រូវ​តែ​សម្រេច​ថា តើ​បុគ្គល​មួយ​ណា​នឹង​ចេញ​ទៅ​ធ្វើ​នូវ​អ្វី​ដែល​ក្រុម​ជំនុំ​ទាំង​មូល​ធ្វើ។ បើ​ដូច្នោះ​មែន នោះ​បញ្ញត្តិ​នេះ​គឺ​សម្រាប់​បុគ្គល​នីមួយៗ​ដូច​គ្នា ហាក់​បី​ដូច​ជា​ថា បញ្ញត្តិ​នោះ​គឺ​សំដៅ​ទៅលើ​គាត់​ផ្ទាល់​តែ​ម្ដង៖ តើ​ចំណុច​នេះ​មាន​ន័យ​ថា​ខ្ញុំ​ផ្ទាល់​ត្រូវ​ទៅ​មែន​ឬ ឬ​ក៏​មាន​ន័យ​ថា ខ្ញុំ​ផ្គត់​ផ្គង់​បេសកកម្ម​តាម​រយៈ​អស់​អ្នក​ដែល​ចេញ​ទៅ​ផ្ទាល់​វិញ?

ដូច្នេះ ខ្ញុំ​គិត​ថា​ការ​ធ្វើ​បែប​នោះ​មិន​ដោះ​ស្រាយ​ចំណុច​អនុវត្ត​ផ្ទាល់​ទាល់​តែ​សោះ ក្នុង​ការ​លើក​ឡើង​ថា បញ្ញត្តិ​នេះ​គឺ​សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​ទាំង​អស់។ នេះ​គឺ​ជា​ការ​វែក​ញែក​ដំបូង​របស់​ខ្ញុំ​លើ​សំណួរ​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​វែក​ញែក​ទី២

មិន​មែន​ថា គ្រប់​គ្នា​ចេញ​ទៅ​នោះ​ទេ

នៅ​ត្រង់​នេះ យើង​ក៏​ត្រូវ​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់​សិន​ដែរ៖ «តើ​នេះ​ជា​បញ្ជា​បែប​បុគ្គល​ពី​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ប្រទាន​ទៅ​កាន់​អ្នក​ជឿ​រៀងៗ​ខ្លួន​មែន​ឬ?»។ ប្រសិន​បើ​យើង​ឆ្លើយ​ថា «បាទ/ចាស» នោះ​យើង​ក៏​ត្រូវ​តែ​បន្ត​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់​ដោយ​សួរ​ថា៖ «តើ​លោក​អ្នក​មាន​ន័យ​ថា ព្រះ​យេស៊ូវ​បាន​បញ្ជា​អ្នក​ជឿ​គ្រប់ៗ​រូប​ឲ្យ​ធ្វើ​ជា​បេសកជន​ទៅ​មនុស្ស​ជាតិ​ជា​មួយ​នឹង​ដំណឹង​ល្អ និង​ផ្ដោត​លើ​ការ​ឆ្លង​វប្បធម៌ និង​ឈោង​ចាប់​មនុស្ស​ជាតិ​ទាំង​អស់ ដែល​តាម​ពិត​ទៅ​នោះ​គឺ​ជា​ការ​ផ្ដោត​លើ​បញ្ញត្តិ​នៃ​មហា​បេសកកម្ម (មិន​ដែល​គ្រាន់​តែ​សម្រាប់​ការ​ផ្សាយ​ដំណឹង​ល្អ​តាម​តំបន់​នោះ​ទេ)?»។

ចម្លើយ​លើ​សំណួរ​ហ្នឹង​គឺ​ច្បាស់​ណាស់៖ ទេ! ព្រះ​អង្គ​មិន​បាន​រំពឹង​ទុក​ដូច​នោះ ហើយ​ក៏​មិន​បាន​បញ្ជា​ដូច​នោះ​ដែរ។ កណ្ឌ​គម្ពីរ (រ៉ូម ១៥) គឺ​ជា​ភស្តុតាង​មួយ ដែល​ត្រង់​នេះ​សាវ័ក ប៉ុល កំពុង​តែ​បបួល​អស់​អ្នក​ដែល​នៅ​ទីក្រុង​រ៉ូម​ថា​មិន​ឲ្យ​ទៅ​ស្រុក​អេស្ប៉ាញ​ជា​មួយ​គាត់ ប៉ុន្តែ​ឲ្យ​ផ្គត់​ផ្គង់​ដល់​គាត់ ខណៈ​ពេល​ដែល​គាត់​ចេញ​ទៅ​ស្រុក​អេស្ប៉ាញ​វិញ។

គាត់​ដឹង​ថា អ្នក​ទាំង​អស់​នោះ​ដែល​គាត់​កំពុង​តែ​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ទីក្រុង​រ៉ូម—គ្រីស្ទ​បរិស័ទ​ទាំង​នោះ​ដែល​ទទួល​បាន​ដំណឹង​ល្អ—មាន​ការ​ងារ។ ពួក​គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ដទៃ​ទៀត។ ដូច្នេះ គាត់​មិន​មែន​ហៅ​ពួក​គាត់ «ឱ​អស់អ្នក​ដែល​ជា​អ្នក​ជឿ​ពិត​អើយ គ្រប់​គ្នា​សូម​ឡើង​ទូក ហើយ​ចេញ​ទៅ​ស្រុក​អេស្ប៉ាញ​ជា​មួយ​ខ្ញុំ» នោះ​ទេ។ គាត់​កំពុង​តែ​លើក​ឡើង​ថា «សូម​ផ្គត់​ផ្គង់​មក​កាន់​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ»។

ដូច្នេះ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​ជាម្ចាស់​មិន​បាន​រំពឹង​ឲ្យ​បុគ្គល​គ្រប់ៗ​រូប​ដែល​បានឮ​អំពី​មហា​បេសកកម្ម​ចេញ​ទៅ ឆ្លង​វប្បធម៌ ហើយ​ធ្វើ​ជា​បេសកជន​នោះ​ទេ។ ខ្ញុំ​គិត​ថា​កណ្ឌ​គម្ពីរ (១ពេត្រុស ២:៩) បាន​ណែ​នាំ​ឲ្យ​អ្នក​ជឿ​គ្រប់ៗ​គ្នា​ប្រកាស​អំពី​ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​គ្រីស្ទ ក្នុង​បណ្ដាញ​ទំនាក់​ទំនង​របស់​ខ្លួន៖ «តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្ដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់»។

ប៉ុន្តែ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏​មិន​បាន​ថា​ឲ្យ​គ្រប់​អ្នក​ជឿ​គួរ​ឆ្លង​វប្បធម៌ ហើយ​ធ្វើ​ជា​បេសកជន​នោះ​ទេ ដោយ​ព្យាយាម​ឈោង​ចាប់​អស់​អ្នក​ដែល​មិន​ទាន់​បាន​ជឿ​ក្នុង​នាម​ជា​បេសកជន​នៅ​ជួរ​មុខ​ឡើយ។

ដរាប​ដល់​អស់​កល្ប

ដូច្នេះ ចូរ​យើង​ត្រឡប់​ទៅ​មើល​មហា​បេសកកម្ម​បន្តិច​ក្នុង​កណ្ឌ​គម្ពីរ (ម៉ាថាយ​ជំពូក២៨)។ ប្រយោគ​ដែល​ថា «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍» (ខ១៩) គឺ​ព្រះ​យេស៊ូវ​កំពុង​តែ​សំដៅ​ទៅ​លើ​ពួក​សាវ័ក​ទាំង​១១​នាក់។ យើង​ឃើញ​អំពី​ការ​នេះ​នៅ​ក្នុង​(ខ១៦)។ យើង​ឃើញ​ថា​ពួក​សាវ័ក​ទាំង​១១​នាក់​បាន​មក​ជួប​ជុំ​គ្នា។

តម្រុយ​ដែល​ព្រះ​យេស៊ូវ​មាន​សម្រាប់​បញ្ញត្តិ​នេះ​គឺ​មិន​មែន​គ្រាន់​តែ​សម្រាប់​ពួក​សាវ័ក​ទាំង​១១​នាក់​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​នឹង​រស់​នៅ​យូរ​ជាង​ពួក​សាវ័ក​ទាំង​១១​នាក់​វិញ យើង​ឃើញ​តម្រុយ​នេះ​នៅ​ក្នុង​ខ២០។ ដីកា ជំហរ និង​ការ​គាំទ្រ​បញ្ញត្តិ​នេះ គឺ​សេចក្ដី​សន្យា​ដែល​ថា «ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ»។ ហើយ​ព្រះ​អង្គ​បាន​ប្រាប់​ថា​ដីកា​នេះ​នឹង​នៅ​យូរ​ប៉ុណ្ណា៖ «ដរាប​ដល់​បំផុត​កល្ប»។

កិច្ចការ​នេះ​នឹង​នៅ​បន្ត​មាន​យូរ​តាម​ដែល​ព្រះ​ជាម្ចាស់​សន្យា​ថា​នឹង​ជួយ ខណៈ​ពេល​ដែល​កិច្ចការ​នោះ​នៅ​មាន៖ «ខ្ញុំ​នឹង​នៅ​ជួយ​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ក្នុង​កិច្ចការ​នេះ ដរាប​ដល់​បំផុត​កល្ប»។

ដូច្នេះ សំណួរ​សួរ​ថា—ហើយ​គ្រប់​ជំនាន់​នៃ​អ្នក​ជឿ​ក៏​ត្រូវ​តែ​សួរ​សំណួរ​នេះ​ដដែលៗ​ដែរ—តើ​អ្នក​ណា​នឹង​បន្ត​ព័ន្ធកិច្ច​នៅ​ក្នុង​សតវត្សរ៍​បន្ទាប់? វា​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​លើក​ឡើង​ថា ទំនង​បុគ្គល​គ្រប់ៗ​រូប ឬ​ក៏​ក្រុម​ជំនុំ​ទាំង​មូល​ត្រូវ​បន្ត​ព័ន្ធ​កិច្ច​នេះ។ ចម្លើយ​នោះ​មិន​គ្រប់​គ្រាន់​ទេ ពីព្រោះ​វា​មិន​បាន​ឆ្លើយ​ថា​អ្នក​ណា​នឹង​បន្ត​ចេញ​ទៅ​ធ្វើ​ឡើយ។

អ្នក​ណា​នឹង​ចេញ​ទៅ​ធ្វើ?

តើ​អ្នក​ណា​នឹង​ងើប​ឡើង​ចេញ​ទៅ ហើយ​ហ៊ាន​ប្ដូរ​ផ្ដាច់​ជីវិត​ក្នុង​ការ​ឈោង​ចាប់​អស់អ្នក​ដែល​មិន​ទាន់​បាន​ជឿ​នៅ​លើ​ផែនដី​នេះ? នេះ​គឺ​ជា​ចំណុច​សំខាន់។ បុគ្គល​នីមួយៗ​មិន​ធ្វើ​ការ​នោះ​ទេ ហើយ​ក្រុម​ជំនុំ​ទាំង​មូល​ក៏​មិន​ធ្វើ​ការ​នោះ​ដែរ។ គឺ​បុគ្គល​ជាក់​លាក់​ណា​ម្នាក់​ ដែល​ធ្វើ​ការ​នោះ។

យើង​សង្ឃឹម​ថា​បុគ្គល​ជាក់​លាក់​នោះ​នឹង​ទទួល​ការ​ផ្គត់​ផ្គង់​ពី​បុគ្គល​នីមួយៗ និង​ពី​ក្រុម​ជំនុំ​ទាំង​មូល។ គឺ​បុគ្គល​នីមួយៗ​ដែល​នាំ​ដំណឹង​ល្អ​ឆ្លង​វប្បធម៌​ទៅ​កាន់​អ្នក​ដទៃ។ តើ​ពួក​គាត់​មក​ពី​ណា? តើ​ពួក​គាត់​ជា​នរណា? តើ​ពួក​គាត់​ឈាន​ទៅ​ដល់​ចំណុច​នោះ​ដោយ​របៀប​ណា? តើ​ពួក​គាត់​ទទួល​បាន​អំណាច អំណោយ​ទាន ចំណេះ​ដឹង និង​ការ​ទ្រទ្រង់​ខ្លួន​ដោយ​របៀប​ណា?

នេះ​គឺ​ជា​ចំណុច​ដែល​ខ្ញុំ​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​ចង្អុល​បង្ហាញ​ទៅ​កាន់​ចម្លើយ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង កណ្ឌ​គម្ពីរ (យ៉ូហាន ១០:១៥-១៦) ថា៖ «ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ និង​អ្នក​គង្វាល​តែ​១​វិញ»។ បើ​និយាយ​ម្យ៉ាង​ទៀត​ទៅ ព្រះ​យេស៊ូវ​បាន​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់—«ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត​ខ្ញុំ​នឹង​ចៀម»—ដើម្បី​ប្រមូល​ចៀម​ឯ​ទៀត​របស់​ទ្រង់ ដែល​មិន​មែន​ជា​សាសន៍​យូដា ឲ្យ​ចូល​ក្នុង​ក្រោល​ដែរ។

យោង​តាម​កណ្ឌ​គម្ពីរ (យ៉ូហាន ១១:៥២) ចៀម​បាន​ខ្ចាត់ខ្ចាយ​ពាស​ពេញ​ផែនដី ហើយ​ព្រះ​អង្គ​ត្រូវ​ប្រមូល​ឲ្យ​ពួក​គាត់​មក​វិញ។ ព្រះ​អង្គ​បាន​ប្ដូរ​ជីវិត​ទ្រង់ ដើម្បី​ប្រមូល​ពួក​គាត់។ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា «វា​នឹង​ស្ដាប់​តាម​សំឡេង​ខ្ញុំ»។ តើ​ពួក​គាត់​នឹង​ស្ដាប់​សំឡេង​ទ្រង់​ដោយ​របៀប​ណា? ពួក​គាត់​នឹង​ឮ​សំឡេង​ទ្រង់ តាមរយៈ​សំឡេង​មនុស្ស ដែល​នឹង​ប្រកាស​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូវ​ឲ្យ​ពួក​គាត់​ដឹង។

ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ (យ៉ូហាន ១៧:២០)៖ «ទូល​បង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ ដោយ​សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ»។ យើង​ឃើញ​ថា នៅ​ទីណា​ដែលគេ​បាន​បន្ទរ​ពាក្យ​ពេចន៍​របស់​ពួក​សាវ័ក តាម​រយៈ​បបូរ​មាត់​របស់​ទូត​ព្រះ​យេស៊ូវ នោះ​មនុស្ស​ម្នា​ក៏​បាន​បើក​ចិត្ត​ជឿ​ដែរ។

ដូច្នេះ តើ​យើង​អាច​ឈោង​ចាប់​ជាតិ​សាសន៍ និង​មនុស្ស​ជាតិ​បាន​ដោយ​របៀប​ណា? គឺ​តាម​រយៈ​អ្នក​ជឿ​ដែល​បើក​មាត់​ខ្លួន ដោយ​ប្រកាស​អំពី​ដំណឹង​ល្អ​ដែល​ពួក​សាវ័ក​ផ្ញើ​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ទាក់​ទង​ទៅ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ។ ហើយ​តើ​អ្នក​ណា​ជា​ទូត ដែល​ឆ្លង​កាត់​វប្បធម៌​នោះ? តើ​ពួក​គាត់​ជា​អ្នក​ណា? គឺ​បុគ្គល​នីមួយៗ។

ការ​ត្រាស់​ហៅ​ដ៏​អាថ៌កំបាំង

នៅ​ពេល​នោះ ខ្ញុំ​បាន​បម្រើ​ជា​គ្រូ​គង្វាល​អស់​រយៈ​ពេល​៣៣​ឆ្នាំ—ដោយ​មាន​បន្ទុក​នេះ និង​លើក​ឡើង​នូវ​សំណួរ​នេះ​ជា​ច្រើន​ដង ហើយ​រស់​នៅ​ដោយ​គិត​អំពី​អស់​អ្នក​ដែល​មិន​ទាន់​ជឿ​ពាស​ពេញ​ផែនដី—អស់​រយៈ​ពេល​៣៣​ឆ្នាំ​នោះ គឺ​វា​ពិត​ជា​អស្ចារ្យ ពេញ​ដោយ​សិរី​ល្អ និង​ភាព​ស្អាត​ស្អំ​ក្នុង​កាល​ឃើញ​ព្រះ​ជាម្ចាស់​តែង​តាំង​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​កូនៗ​របស់​ទ្រង់ ដែល​មាន​ការ​ត្រាស់​ហៅ​ដ៏​អស្ចារ្យ​ផ្ទាល់ ឥត​ឈប់​ឈរ មិន​អាច​បដិសេធ​បាន ទទួល​ការ​ណែនាំ​ពី​ព្រះ​គម្ពីរ ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ មាន​មូល​ដ្ឋាន​លើ​ក្រុម​ជំនុំ ក្នុង​ការ​ចេញ​ទៅ​ធ្វើ​ព័ន្ធ​កិច្ច​នៅ​ជួរ​មុខ ឆ្លង​វប្បធម៌​សម្រាប់​ប្រយោជន៍​ព្រះ​គ្រីស្ទ។

ដូច្នេះ ចម្លើយ​សង្ខេប​របស់​ខ្ញុំ​គឺ​ថា៖ អ្នក​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ​ត្រូវ​តែ​ស្រឡាញ់ ផ្គត់ផ្គង់ និង​គាំទ្រ​មហា​បេសកកម្ម ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​ដែរ។ យើង​មិន​ស្រឡាញ់​ការ​នេះ​មិន​បាន​ទេ។

ក្នុង​ចំណោម​អ្នក​ទាំង​នេះ គឺ​ក្នុង​ក្រុម​ជំនុំ​ដែល​ប្រកាស​ដំណឹង​ល្អ ហើយ​បាន​លើក​ស្ទួយ​បន្ទុក​បេសកកម្ម​ឡើង នោះ​ព្រះ​ជាម្ចាស់​នឹង​ត្រាស់​ហៅ​ទូត​ជួរ​មុខ​របស់​ទ្រង់​ក្នុង​របៀប​ដែល​ពេញ​ទៅ​ដោយ​អាថ៌កំបាំង ការ​អស្ចារ្យ និង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​មិន​ខាន។

ព្រះ​យេស៊ូវ​បាន​ប្រទាន​មហា​បេសកកម្ម​មក​កាន់​យើង។ ក្នុង​មហា​បេសកកម្ម​នេះ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​យើង​ឈោង​ចាប់​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ​ជា​មួយ​នឹង​ដំណឹង​ល្អ…

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។​ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ខ្ញុំ​អាច​ជ្រើស​រើស និង​រៀបចំ​កាល​វិភាគ​សម្រាប់​ទំនាក់​ទំនង​ក្នុង​ការ​បង្កើត​សិស្ស​ដោយ​របៀប​ណា

ទំ​នួល​ខុស​ត្រូវ​៥​យ៉ាង​នៃ​សមាជិក​ពួក​ជំនុំ​គ្រប់​រូប