in

តើព្រះគម្ពីរបានបញ្ជាឲ្យគ្រីស្ទបរិស័ទថ្វាយតង្វាយដែរឬទេ?

មិត្ត​អ្នក​អាន​ម្នាក់​បាន​សួរ​ថា «លោក​គ្រូ តើ​ការ​ដាក់​ដង្វាយ​គឺ​ជា​អ្វី​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​ធ្វើ​សព្វ​ថ្ងៃ​នេះ​ដែរ​មែន​ឬ? ជា​ពិសេស​ដង្វាយ​១​ភាគ​១០?»

នេះ​គឺ​ជា​សំណួរ​អំពី​ទំនាក់​ទំនង​រវាង​ក្រឹត្យ​វិន័យ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ជា​មួយ​នឹង​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​នេះ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ក្នុង​កណ្ឌ​គម្ពីរ​លេវី​វិន័យ ចោទិយកថា និង​ជនគណនា​សុទ្ធ​តែ​បាន​បង្រៀន​ថា​ការ​ដាក់​ដង្វាយ​គឺ​ជា​តួនាទី​សម្រាប់​រាស្ត្រ​ដែល​បាន​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ដូច្នេះ សំណួរ​ក៏​បាន​ក្លាយ​ទៅ​ជា៖ «តើ​ការ​រៀប​រៀង​នៃ​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​លោក ម៉ូសេ មាន​ការ​ទាក់​ទង​យ៉ាង​ដូច​ម្ដេច​ជា​មួយ​យើង​ក្នុង​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​សព្វ​ថ្ងៃ​នេះ?» ហើយ​នេះ​គឺ​ជា​សំណួរ​ដ៏​ធំ​មួយ។ មាន​គេ​និពន្ធ​សៀវភៅ​ជា​ច្រើន​ក្បាល​ក្នុង​ការ​ព្យាយាម​ឆ្លើយ​តប​ទៅ​សំណួរ​មួយ​នេះ។ ប៉ុន្តែ យើង​ខ្ញុំ​នឹង​គ្រាន់​តែ​លើក​ឡើង​នូវ​ខ​គម្ពីរ ហើយ​នឹង​ព្យាយាម​ឆ្លើយ​ក្នុង​លក្ខណៈ​យ៉ាង​សាមញ្ញ តាម​ដែល​យើង​ខ្ញុំ​អាច​ធ្វើ​បាន។

ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី និង​ក្រឹត្យ​វិន័យ​ចាស់?

កណ្ឌ​គម្ពីរ រ៉ូម ៧:៤, ៦៖ «យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រិត្យ​វិន័យ​ដែរ ដោយ​សារ​រូប​អង្គ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ…តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រិត្យ​វិន័យ​ហើយ ដោយ​បាន​ស្លាប់​ក្នុង​សេចក្ដី​ដែល​ឃុំ​ឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិបត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ»។

ឬ​កណ្ឌ​គម្ពីរ កាឡាទី ២:១៩៖ «ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ​វិន័យ ដោយ​សារ​ក្រិត្យ​វិន័យ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ»។

ឬ​ក៏​កណ្ឌ​គម្ពីរ អេភេសូរ ២:១៥៖ «[លើ​ឈើ​ឆ្កាង​របស់​ព្រះ​គ្រីស្ទ ព្រះ​ជាម្ចាស់​បាន] បំបាត់​ក្រិត្យ​វិន័យ​ដែល​មាន​បញ្ញត្តិ នឹង​សេចក្ដី​ហាម​ប្រាម​ទាំង​ប៉ុន្មាន​ចេញ»។

ឬ​កណ្ឌ​គម្ពីរ រ៉ូម ៦:១៥៖ «ដូច្នេះ ធ្វើ​ដូច​ម្ដេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ​គុណ»។

ដូច្នេះ ចម្លើយ​របស់​យើង​ខ្ញុំ​គឺ​ថា ក្នុង​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី ក្នុង​ទំនាក់​ទំនង​ថ្មី​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​មេស្ស៊ី​ដែល​បាន​បំពេញ​នូវ​រាល់​គ្រប់​ក្រឹត្យ​វិន័យ​ទាំង​អស់​ជំនួស​យើង នោះ​យើង​មិន​ត្រូវ​ស្ថិត​ក្រោម​ក្រឹត្យ​វិន័យ​ទៀត​ទេ។ វា​មិន​មែន​ជា​របៀប​ដ៏​ចម្បង​ដែល​នាំ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​នោះ​ទេ ឬ​ក៏​ជា​របៀប​ដែល​យើង​វែក​ញែក និង​ស្វែង​រក​កម្លាំង ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ជា​ការ​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​ដែរ។ ហើយ​នៅ​ក្នុង​កន្លែង​របស់​វា យើង​ក៏​ឃើញ​នូវ​អ្វី​ដែល​សាវ័ក ប៉ុល បាន​ហៅ​ថា​ជា​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ​ពីរ​ដង៖ «ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សម្រេច​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ» (កាឡាទី ៦:២។

ឬ​កណ្ឌ​គម្ពីរ ១កូរិនថូស ៩:២១ «ហើយ​ដូច​ជា​ឥត​ក្រឹត្យ​វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យ​វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រឹត្យ​វិន័យ​ព្រះ​គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យ​វិន័យ​ដែរ»។ ដូច្នេះ វា​មិន​មែន​ហាក់​បី​ដូច​ជា​ថា យើង​កំពុង​តែ​អណ្ដែត​ដោយ​គ្មាន​ការ​គាំទ្រ​នោះ​ទេ។ ព្រះ​គ្រីស្ទ​គឺ​ជា​អ្នក​គាំទ្រ​យើង លក្ខណសម្បត្តិ​របស់​ទ្រង់ អ្វី​ដែល​ទ្រង់​បាន​បង្រៀន អ្វី​ដែល​ទ្រង់​បាន​លើក​ឡើង និង «ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»។ ហើយ​តាម​ពិត​ទៅ ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ​គឺ​ជា​ក្រឹត្យ​វិន័យ​នៃ​ការ​ស្រឡាញ់​ដែល​បំពេញ​បទ​បញ្ញត្តិ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

កណ្ឌ​គម្ពីរ រ៉ូម ១៣:៨៖ «ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សម្រេច​តាម​ក្រិត្យ​វិន័យ​ហើយ “កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ” ហើយ​បើ​មាន​បញ្ញត្ត​ណា​ទៀត នោះ​ក៏​រួម​គ្នា​មក​ក្នុង​ពាក្យ​១​ម៉ាត់​នេះ​ឯង ដែល​ថា ‘ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង’”»។

ដូច្នេះ យើង​ខ្ញុំ​គិត​ថា យើង​បែរ​ចេញ​ពី​ការ​រក្សា​ក្រឹត្យ​វិន័យ​ថា​សំខាន់ ថា​ច្បាស់​លាស់ និង​ថា​ជា​របៀប​ចម្បង​ដែល​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ—របៀប​ថ្មី​របស់​ព្រះ​វិញ្ញាណ។ ហើយ​បន្ទាប់​មក សំណួរ​ក៏​ក្លាយ​ជា៖ «អញ្ចឹង តើ​ការ​ដាក់​ដង្វាយ​មាន​ភាព​ស៊ី​គ្នា​នៅ​ក្នុង​ចំណុច​ណា? បើ​គ្រាន់​តែ​យក​ការ​ដាក់​ដង្វាយ​ជា​ឧទាហរណ៍​ជាក់​លាក់​នៃ​ក្រឹត្យ​វិន័យ​មួយ តើ​ការ​ដាក់​ដង្វាយ​មាន​ភាព​ស៊ី​គ្នា​នៅ​ក្នុង​ចំណុច​ណា​ទៅ?»។

គ្រូ​គង្វាល ពួក​លេវី និង​១០%

យើង​ដឹង​ថា នោះ​គឺ​ជា​របៀប​នៃ​ការ​ផ្គត់​ផ្គង់​ដល់​ពួក​លេវី។ ពួក​លេវី​មិន​មាន​ដី​ធ្លី។ ពួក​គាត់​មិន​មាន​មរតក ហើយ​ការ​យក​ពន្ធ​ពី​កុលសម្ព័ន្ធ​ផ្សេងៗ​គឺ​ជា​របៀប​នៃ​ការ​ផ្គត់​ផ្គង់​ដល់​ពួក​គាត់។ និយាយ​ឲ្យ​ចំៗ​ទៅ កុលសម្ព័ន្ធ​ផ្សេងៗ​ត្រូវ​ថ្វាយ​មួយ​ភាគ​ដប់ ហើយ​យក​មក​ឲ្យ​ពួក​លេវី ហើយ​ពួក​លេវី​រស់​នៅ​ដោយ​ពឹង​លើ​ដង្វាយ​ពី​ពួក​រាស្ត្រ​ដែល​បាន​ចែក​ចាយ​ជា​មួយ​នឹង​ពួក​គាត់។ ដូច្នេះ​លោក​អ្នក​អាច​និយាយ​ជា​ទូ​ទៅ​ថា នោះ​គឺ​ជា​របៀប​នៃ​ការ​ផ្គត់​ផ្គង់​រចនាសម្ព័ន្ធ​សាសនា បែប​ជា​ការ​តាំង​សញ្ញា នៅ​ជំនាន់​នោះ។

ដូច្នេះ សំណួរ​ដែល​យើង​គួរ​សួរ​គឺ​ថា៖ «បើ​អញ្ចឹង​មែន តើ​នេះ​គួរ​ជា​របៀប​ដែល​យើង​ផ្គត់​ផ្គង់​រចនាសម្ព័ន្ធ​នៃ​ការ​តាំង​សញ្ញា​ក្នុង​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ?» ដោយ​សារ​យើង​ដឹង​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​ឡើង​ថា​គ្រូ​គង្វាល​គួរ​ទទួល​ការ​ផ្គត់​ផ្គង់។ «“មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ” ហើយ​ថា “ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន”» (១ធីម៉ូថេ ៥:១៨)។ «អ្នក​ចាស់​ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិបត្តិ​ជា​ទ្វេ​គុណ​ឡើង» (១ធីម៉ូថេ ៥:១៧)។

ដូច្នេះ យើង​ដឹង​ថា​សាវ័ក ប៉ុល បាន​គិត​ថា គ្រូ​គង្វាល​គួរ​ទទួល​ប្រាក់​ខែ ប្រសិន​បើ​ពួក​គាត់​ចំណាយ​ជីវិត​របស់​ខ្លួន​ដើម្បី​ដំណឹង​ល្អ។ តើ​នោះ​ជា​ការ​អនុវត្ត​ដែល​យើង​គួរ​យក​មក​ប្រើ​ប្រាស់​ជា​មួយ​នឹង​ការ​ដាក់​ដង្វាយ​ដែរ​មែន​ឬ? ហើយ​ដំណោះ​ស្រាយ​របស់​សាវ័ក ប៉ុល ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​គឺ​ថា៖ «ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ» (២កូរិនថូស ៩:៧ នេះ​ហាក់​បី​ដូច​ជា​ថា​សាវ័ក ប៉ុល មាន​ការ​ច្រណែន​ក្នុង​ការ​រៃអង្គាស​ថវិកា​ដែល​មនុស្ស​ម្នា​គួរ​ឲ្យ មិន​មែន​ដោយ​បង្ខំ ឬ​ក៏​ស្ទាក់​ស្ទើរ ប៉ុន្តែ​គួរ​ឲ្យ​ដោយ​អំណរ។

ការ​តាំង​សេចក្ដី​សញ្ញា​ដ៏​ល្អ​ប្រសើរ​ជាង និង​ការ​ថ្វាយ​ដ៏​ល្អ​ប្រសើរ​ជាង

នៅ​ចុង​បញ្ចប់ ដូច​ដែល​លោក​គ្រូ ដុន ខាសុន (Don Carson) ចូល​ចិត្ត​លើក​ឡើង «ខ្ញុំ​គិត​ថា យើង​គួរ​ឲ្យ​តម្លៃ​លើ​ទ្រព្យ​សម្បត្តិ​របស់​យើង​ក្នុង​ព្រះ​គ្រីស្ទ​ក្នុង​ទំនាក់​ទំនង​នៃ​ការ​តាំង​សេចក្ដី​សញ្ញាថ្មី​ដ៏​ខ្ពង់​ខ្ពស់​នេះ និង​សេរី​ភាព​របស់​យើង​ចេញ​ពី​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ និង​ដំណឹង​ល្អ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​យើង ដល់​ថ្នាក់​ថា​យើង​នឹង​ចូល​ចិត្ត​ថ្វាយ»។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា ការ​ឲ្យ​គឺ​ជា​ព្រះ​ពរ​ខ្លាំង​ជាង​ការ​ទទួល (កិច្ចការ ២០:៣៥)។ នោះ​យើង​នឹង​ទទួល​ការ​រំដោះ​ចេញ​ពី​ការ​ស្រឡាញ់​របស់របរ ការ​ពឹង​ផ្អែក​លើ​របស់របរ ហើយ​យើង​នឹង​ថ្វាយ​លើស​ជាង​អស់​អ្នក​ដែល​បាន​រស់​នៅ​ក្រោម​ក្រឹត្យ​វិន័យ​ទៅ​ទៀត ពីព្រោះ​យើង​មាន​សេចក្តី​តាំង​សញ្ញា​ដែល​ល្អ​ប្រសើរ​ជាង និង​សេចក្ដី​សន្យា​ដែល​ល្អ​ប្រសើរ​ជាង​ដែរ។ គ្រប់​អ្វីៗ​ទាំង​អស់​គឺ​ល្អ​ប្រសើរ​ជាង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។ ចុះ​ហេតុ​អ្វី​បាន​ជា​ការ​ថ្វាយ​មិន​គួរ​ល្អ​ប្រសើរ​ជាង​ដែរ​ទៅ?

ដូច្នេះ​យើង​ខ្ញុំ​គិត​ថា​យើង​ខ្ញុំ​អធិប្បាយ​លើ​ការ​ថ្វាយ​ដង្វាយ​ពីរ​ទៅ​បី​ដង​ក្នុង​អំឡុង​ពេល​៣៣​ឆ្នាំ​នៅ​ឯ​ព្រះ​វិហារ​របស់​យើង​ខ្ញុំ។ អ្វី​ដែល​យើង​ខ្ញុំ​ចង់​មាន​ន័យ​គឺ​ថា យើង​ខ្ញុំ​បាន​និយាយ​ស្ទើរ​តែ​គ្រប់​ពេល​វេលា​អំពី​ការ​ផ្គត់​ផ្គង់ និង​ការ​លះ​បង់ ប៉ុន្តែ​ទាក់​ទង​ទៅ​នឹង​ការ​ថ្វាយ​ដង្វាយ…ជា​ទូ​ទៅ យើង​ខ្ញុំ​បាន​លើក​ឡើង​ដូច​នេះ៖ «ឱ​បង​ប្អូន​អើយ! ហេតុ​អ្វី​បាន​ជា​យើង​ចង់​ថ្វាយ​តិច​ជាង? បុគ្គល​ដែល​លើក​ឡើង​ថា៖ “តើ​ខ្ញុំ​ត្រូវ​ថ្វាយ​មែន​ឬ?” គឺ​គាត់​កំពុង​តែ​ឈរ​លើ​ជំហរ​មិន​ត្រឹម​ត្រូវ​រួច​ស្រេច​បាត់​ទៅ​ហើយ។ រាល់​គ្រប់​អ្វីៗ​ទាំង​អស់​គឺ​ល្អ​ប្រសើរ​ជាង​ក្នុង​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី។ យើង​មាន​សេចក្ដី​សន្យា​ល្អ​ប្រសើរ​ជាង សេចក្ដី​តាំង​សញ្ញា​ល្អ​ប្រសើរ​ជាង—កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ឡើង—ចុះ​ហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​លះបង់ និង​ការ​ថ្វាយ​ល្អ​ប្រសើរ​ខ្លាំង​ជាង​ដែរ​ទៅ?

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ក្រឹត្យ​វិន័យ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​សម្រាប់​រាស្ត្រ​របស់​ទ្រង់។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​លែង​តម្រូវ​ឲ្យ​យើង​ដាក់​តង្វាយ​ទៀត​មែន​ឬ?

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ

នោះ​ទ្រង់​មិន​អាច​ធ្វើ​ជា​ព្រះ​បាន​ទេ