in ,

តើ​ព្រះ​យេស៊ូវ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​មែន​ឬ?

Did Jesus ever travel to India?

តើ​ព្រះ​យេស៊ូវ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​មែន​ឬ?

ចម្លើយ៖ គ្មាន​ខគម្ពីរ​យោង​ណា​ក្នុង​ព្រះ​គម្ពីរ​លើក​ឡើង​ទាក់ទង​នឹង​គំនិត​ដែល​ថា ព្រះ​យេស៊ូវ​ទៅ​ស្មិងស្មាធិ៍​នៅ​ប្រទេស​ឥណ្ឌា​មុន​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច​របស់​ទ្រង់​នៅ​ប្រទេស​អ៊ីស្រាអែល​ទេ។ ហើយ​ក៏​គ្មាន​ភស្តុតាង​ផង​ដែរ ដែល​ថា​ទ្រង់​បាន​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ទ្រង់​ក្នុង​ពេល​ណា​មួយ ដើម្បី​ទៅ​ប្រទេស​ឥណ្ឌា។ ចេញពី​កណ្ឌ​ដំណឹង​ល្អ​ទាំង​បួន មាន​តែ​ពីរ​កណ្ឌ​ទេ ដែល​បាន​លើកឡើង​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ (ម៉ាថាយ និង​លូកា) ហើយ​ក្នុង​នោះ​មាន​តែ​មួយ​កណ្ឌ (លូកា) ទេ ដែល​លើកឡើង​អំពី​ជីវិត​របស់​ព្រះ​យេស៊ូវ​មុន​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច​របស់​ទ្រង់​អស់​រយៈពេល​បី​ឆ្នាំ​នៅ​ប្រទេស​អ៊ីស្រាអែល។ ដូច្នេះ ចាប់ពី​កំណើត​របស់​ព្រះ​យេស៊ូវ​រហូត​ដល់​ទ្រង់​មាន​ព្រះ​ជន្ម​១២​ឆ្នាំ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​តិច​តួច​ណាស់ អំពី​អ្វី​ដែល​កើតឡើង​ក្នុង​ជីវិត​របស់​ទ្រង់។ ហើយ​ចាប់​តាំង​ពី​ព្រះ​ជន្ម១២​ឆ្នាំ​ដល់​៣០​ឆ្នាំ យើង​មិន​មាន​ព័ត៌មាន​អ្វី​ពី​ទ្រង់​ទេ។ ការ​នេះ​បាន​នាំ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូវ​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​អំឡុង​ឆ្នាំ​ហ្នឹង។

តាម​ទស្សនៈ​គោល​ជំនឿ​ដើម ព្រះ​យេស៊ូវ​បាន​ពេញ​វ័យ​ឡើង​នៅ​ស្រុក​ណាសារ៉ែត​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ទ្រង់​រហូត​ដល់​ពេល​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច។ ទោះ​បើ​ព្រះ​គម្ពីរ​មិន​បាន​លើកឡើង​យ៉ាង​ចំៗ​អំពី​ចំណុច​នេះ ក៏​ខគម្ពីរ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ក្នុង​កណ្ឌ​គម្ពីរ​លូកា​បាន​និយាយ​បង្កប់​អំពី​ចំណុច​នេះ​ផង​ដែរ។ «រួច​ទ្រង់​យាង​មក​ដល់​ណាសារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក តាម​ទម្លាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ….គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះ​បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក ហើយ​គេ​និយាយ​ថា តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូ​ពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ ទ្រង់​ក៏​មាន​បន្ទូល​ទៀត​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់​អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ» (លូកា ៤:១៦, ២២-២៤)។ សូម​កត់​សម្គាល់​ត្រង់​ថា លោក​គ្រូ​ពេទ្យ លូកា បាន​លើកឡើង​ថា ព្រះ​យេស៊ូវ «គង់​នៅ» ស្រុក​ណាសារ៉ែត ហើយ​គាត់​ក៏​លើកឡើង​ពីរ​ដង​ថា ណាសារ៉ែត​គឺ​ជា​ស្រុក​ដែល​ព្រះ​យេស៊ូវ​បាន​គង់​នៅ។ លើស​ពី​នោះ​ទៅ​ទៀត អស់​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ​ក៏​ស្គាល់​ព្រះ​យេស៊ូវ ហើយ​ដឹង​ផង​ដែរ​ថា ទ្រង់​គឺ​ជា​កូន​របស់​លោក យ៉ូសែប។ ចំណុច​ទាំង​អស់​នេះ​ហើយ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា ព្រះ​យេស៊ូវ​បាន​រស់នៅ​ម្ដុំ​ស្រុក​ណាសារ៉ែត​រហូត​ដល់​ទ្រង់​ទទួល​ពិធី​ជ្រមុជ​ទឹក។

ទោះ​បើ​កំណត់ត្រា​នេះ​ច្បាស់​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ចង់​បញ្ចូល​សាច់រឿង​ក្នុង​ចន្លោះ​ជីវិត​របស់​ព្រះ​យេស៊ូវ​ដោយ​ដាក់​ដំណើរ​ផ្សង​ព្រេង និង​រឿង​អាថ៌កំបាំង​យ៉ាង​ឱឡារិក​ផង​ដែរ។ មាន​រឿងរ៉ាវ​ប្រឌិត​បាន​ដំណាល​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​នៅ​វ័យ​កុមារ​ថា ទ្រង់​ជា​ក្មេង​ខិល​ខូច​បោកប្រាស់​គេ ជាជាង​ថា​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់។ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ដំណាល​ថា ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​រៀន​ធម៌អារ្យ​អាថ៌កំបាំង​របស់​សាសនា​ហិណ្ឌូ ព្រះ​ពុទ្ធ​សាសនា និង​គ្រូៗ​នៅ​លោក​ខាង​កើត។ សរុប​សេចក្ដី​ទៅ មិន​ខ្វះ​ទេ​មាន​ឯកសារ​ក្លែង​បន្លំ​ជា​ច្រើន ដែល​អះអាង​ថា ពួកគាត់​មាន «ភស្តុតាង​យ៉ាង​ជាក់លាក់» អំពី​អំឡុង​ឆ្នាំ​ចន្លោះ​របស់​ព្រះ​យេស៊ូវ។ តាម​ធនធាន​ឯកសារ​ផ្សេង​ទៀត អ្នក​ខ្លះ​បាន​អះអាង​ថា ព្រះ​យេស៊ូវ​ទំនង​ជា​បាន​ចំណាយ​ពេល​១៧​ឆ្នាំ នៅ​ប្រទេស​ឥណ្ឌា​មុន​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​តាម​ធនធាន​ឯកសារ​ផ្សេង​ទៀត​​មាន​អ្នក​ខ្លះ​ថា បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ឆ្លងកាត់​ការ​ជាប់​ឆ្កាង​ដោយ​ទ្រង់​មាន​ដង្ហើម​នៅ​ឡើយ ព្រះ​អង្គ​ក៏​បាន​ទៅ​ប្រទេស​ឥណ្ឌា ហើយ​ក៏​បាន​សុគត​នៅ​អាយុ​១២០​ឆ្នាំ។ មើល​ទៅ​ទ្រឹស្ដី​ទាំង​អស់​នេះ ហាក់បី​ដូចជា​យក​អត្តសញ្ញាណ​អំពី​ព្រះ​យេស៊ូវ​ទៅ​នឹង​សង្ឃ​ម្នាក់​នៅ​តំបន់​កាស្មៀរ (Kashmiri) ដែល​មាន​ឈ្មោះ​ថា អ៊ីសា យូស អាសាហ្វ (Issa Yuz Asaf [ដែល​ប្រែ​ថា «យេស៊ូវ​ដែល​ជា​កូន​យ៉ូសែប»])។

អ្នក​និពន្ធ​ថ្មីៗ​ជាង​គេ​ដែល​លើក​ស្ទួយ​ទស្សនៈ​មួយ​នេះ​គឺ​លោក ហូលហ្គឺ ខៀរស្ទ័ន (Holger Kersten) ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា Jesus Lived in India: His Unknown Life Before and After the Crucifixion (1994) ដែល​ប្រែ​ថា ព្រះ​យេស៊ូវ​បាន​រស់នៅ​ប្រទេស​ឥណ្ឌា៖ ជីវិត​មិន​ដឹង​អំពី​ទ្រង់​បន្ទាប់​ពី​ជីវិត​មុន និង​ក្រោយ​ការ​ជាប់​ឆ្កាង ដែល​បោះពុម្ព​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៩៤។ អ្នក​និពន្ធ​ម្នាក់​នេះ​បាន​អះអាង​ថា «ភស្តុតាង​ដែល​ថា ព្រះ​យេស៊ូវ​ពិតជា​ធ្លាប់​រស់នៅ​ប្រទេស​ឥណ្ឌា​គឺ​គ្មាន​នរណា​ម្នាក់​អាច​តវ៉ា​នឹង​គាត់​បាន​ឡើយ»។ លោក ខៀរស្ទ័ន ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ក្លែង​បន្លំ​មួយ​ទៀត​ដែល​មាន​ចំណង​ជើង​ភាសា​អង់គ្លេស​ថា The Jesus Conspiracy ដែល​ប្រែ​ថា រឿង​អាថ៌កំបាំង​សម្ងាត់​របស់​ព្រះ​យេស៊ូវ។ ក្នុង​សៀវភៅ​នេះ​គាត់​បាន​ប្រកែក​ថា ក្រុម​ជំនុំ​រ៉ូម៉ាំង​កាតូលិក​បាន​បន្លំ​កាល​បរិច្ឆេទ​កាបូន (carbon dating) ក្រណាត់​រុំ​សព​នៅ​ទី​ក្រុង ទូរីន នៅ​ប្រទេស​អ៊ីតាលី (Turin of Italy) ឲ្យ​ធ្លាក់​លើ​សម័យ​កាល​មជ្ឈិម (the Middle Ages)។ លោក ខៀរស្ទ័ន បាន​ប្រកែក​ថា ក្រណាត់​រុំ​សព​នោះ​តាម​ពិត​គឺ​ជា​ក្រណាត់​ដែល​គេ​ប្រើប្រាស់​រុំ​ព្រះ​សព​ព្រះ​យេស៊ូវ​ផ្ទាល់ ប៉ុន្តែ​គាត់​បាន​ប្រកែក​ថែម​ទៀត​ថា ក្រោយ​ការ​ជាប់​ឆ្កាង​ព្រះ​យេស៊ូវ​នៅ​រស់​នៅ​ឡើយ។ បញ្ហា​នៃ​អ្នក​ដែល​បន្លំ​គឺ​ថា សៀវភៅ​របស់​ពួកគាត់​មាន​រៀបរាប់​អំពី​ការ​បន្លំ​យ៉ាង​ហូរហែ ប៉ុន្តែ​មិន​សូវ​មាន​ភស្តុតាង​ទេ។ ចំពោះ​អ្នក​និពន្ធ​ដូចជា​លោក ខៀរស្ទ័ន ទេវវិទូ​ខាង​ព្រះ​គម្ពីរ​មិន​ទទួល​យក​នូវ​សម្ដី​លើក​ឡើង​របស់​គាត់​នោះ​ឡើយ។

លោក និខូឡីស៍ ណូតធូវិធ៍ (Nicolas Notovitch) គឺ​ជា​អ្នក​និពន្ធ​ម្នាក់​មុន​លោក ហូលហ្គឺ ខៀរស្ទ័ន។ លោក ណូតធូវិធ៍ គឺ​ជា​ទាហាន​ពី​ប្រទេស​រុស្ស៊ី ដែល​ជា​អ្នក​រាយ​ការណ៍​សារ​ព័ត៌មាន​អំពី​សង្គ្រាម ហើយ​គាត់​ក៏​បាន​ទៅ​លេង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ទីបេ​នៅ​ចុង​សតវត្ស​ទី១៩។ កាល​គាត់​នៅ​ទី​នោះ លោក ណូតធូវិធ៍ បាន​ឮ​ជីវប្រវត្តិ​សង្ឃ​អ៊ីសា «កូន​ប្រុស​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​ប្រុសៗ​ទាំង​អស់» ។ លោក ណូតធូវិធ៍ បាន​កត់​ត្រា​ពង្សាវតារ​ជីវប្រវត្តិ​របស់​សង្ឃ​អ៊ីសា ដែល​គាត់​ចាត់​ទុក​ថា​ជា​ព្រះ​យេស៊ូវ។ គាត់​បាន​សរសេរ​ថា សង្ឃ​អ៊ីសា បាន​លូតលាស់​ខាង​ឯ​ប្រាជ្ញា និង​ចំណេះ​ដឹង ខណៈពេល​ដែល​គាត់​កំពុង​រៀន​សូត្រ​នៅ​វិទ្យាល័យ​ដ៏​បុរាណ​មួយ​នៅ​ស្រុក ណាឡាដា (Nalanda) នៅ​ប្រទេស​ឥណ្ឌា។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ជេ. អក់ឃីបោរ ឌឹហ្គ្លឹស (J. Archibald Douglas) បាន​លើក​ឡើង​ពី​ភស្តុតាង​ជាក់លាក់​ពី​មូលហេតុ​ដែល​យើង​មិន​កួរ​ជឿ​ការ​និពន្ធ​របស់​លោក ណូតធូវិធ៍ គឺ​ព្រោះ​គាត់​មិន​ទាំង​ធ្លាប់​បាន​ទៅ​ទី​អាស្រម ហឺមីស (Hemis) ដែល​គាត់​បាន​ថា ជា​កន្លែង​ដែល​គាត់​បាន​ឮ​អំពី​សង្ឃ​អ៊ីសា​ទេ។

យើង​អាច​ប្រកែក និង​ប៉ាន់ស្មាន​លើ​ហេតុផល​ដែល​មាន​ទ្រឹស្ដី​ទាក់ទង​នឹង​ព្រះ​យេស៊ូវ​ច្រើន​បាន ប៉ុន្តែ ចំណុច​ស្នូល​ដែល​យើង​គួរ​នឹកចាំ ទោះ​បើ​ទ្រឹស្ដី​ទាំងនោះ​វា​ចេញ​មក​ពី​ណា​ក៏​ដោយ​គឺ​ថា ប្រភព​ដើម​នៃ​ទ្រឹស្ដី​របស់​ពួកគាត់​ទាំង​អស់​ចេញ​មក​ពី​មារ​សាតាំង ដ្បិត​វា​ជា​ឪពុក​នៃ​សេចក្ដី​កុហក (យ៉ូហាន ៨:៤៤) ។ ដូច​ដែល​វា​ធ្លាប់​កុហក​តាំង​ពី​ដើម​មក​ម៉្លេះ ហើយ​វា​ក៏​កំពុង​បន្ត​កុហក​ដល់​ឥឡូវ​នេះ​ផង​ដែរ។ កាល​ព្រះ​យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​ទឹក មាន​សំឡេង​ប្រកាស​ចេញពី​ស្ថានសួគ៌​ថា «នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់» (ម៉ាថាយ ៣:១៧)។ ព្រះ​វរបិតា​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ដែល​ជា​អ្នក​មក​ពី​ស្រុក​ណាសារ៉ែត​គឺ​ជា​បុត្រា​តែ​មួយ​គត់​របស់​ទ្រង់។ រាល់​គ្រប់​ទ្រឹស្ដី​ទាំង​នោះ​គឺ​សុទ្ធតែ​ជា​ការ​ដែល​ពួកគាត់​ព្យាយាម​បង្វែរ​យើង​ចេញពី​ការ​ប្រកាស​របស់​ព្រះ​ជាម្ចាស់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។ ពួកគាត់​ធ្វើ​បែប​នោះ​តាមរយៈ​ការ​បន្ទាប​បន្ថោក និង​ការ​បដិសេធ​យ៉ាង​ឱឡារិក​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​មិនមែន​ជា​ព្រះ​ទេ។ តាមរយៈ​ការ​បដិសេធ​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ ពួកគាត់​បាន​បន្ទាប​ព្រះ​យេស៊ូវ​មក​ត្រឹម​តែ​ជា​គ្រូ ហោរា បណ្ឌិត ឬ​ក៏​អ្នក​ប្រាជ្ញ​ណា​ម្នាក់​ប៉ុណ្ណោះ។ ក្នុង​ករណី​របស់​លោក ខៀរស្ទ័ន គាត់​មិន​ត្រឹមតែ​បដិសេធ​ចោល​នូវ​ភាព​ជា​ព្រះ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​គាត់​ថែម​ទាំង​បាន​អះអាង​ថា ព្រះ​យេស៊ូវ​មិន​ទាំង​បាន​សុគត​នៅ​លើ​ឈើឆ្កាង​ផង​ដែរ។ តាមរយៈ​ការ​បដិសេធ​ចោល​ការ​សុគត និង​ការ​រស់​ឡើងវិញ​របស់​ព្រះ​គ្រីស្ទ លោក ខៀរស្ទ័ន បាន​វាយ​ប្រហារ​លើ​ចំណុច​ស្នូល​នៃ​គោល​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ ហើយ​នោះ​ឯង​ជា​គោល​បំណង​របស់​គាត់។

ទោះ​បើ​មាន​ទ្រឹស្ដី​បោក​ប្រាស់​អះអាង​មួយ​ចំនួន​នេះ​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ចងចាំ​ថា កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នៅ​តែ​ផ្ដល់​ដល់​យើង​នូវ​ការ​និពន្ធ​ដ៏​ត្រឹមត្រូវ​បំផុត​នៃ​ជីវប្រវត្តិ​របស់​ព្រះ​យេស៊ូវ។ ប្រសិន​បើ​ព្រះ​យេស៊ូវ​បាន​ទៅ​ប្រទេស​ឥណ្ឌា​មុន​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច​បី​ឆ្នាំ​របស់​ទ្រង់ នោះ​យើង​គួរ​រំពឹង​ថា ក្នុង​សេចក្ដី​បង្រៀន​របស់​ទ្រង់​គួរ​តែ​មាន​លក្ខណៈ​បែប​ជា​ស្ទាយ​ឥណ្ឌា​យ៉ាង​ចំៗ​ជា​មិន​ខាន។ ទោះ​ជា​យ៉ាង​ណា​ក្ដី តើ​ឲ្យ​យើង​យល់​បាន​យ៉ាង​ដូចម្ដេច​ទៅ​ទាក់ទង​នឹង​ចំណេះដឹង​របស់​ព្រះ​យេស៊ូវ​ទៅ​លើ​គម្ពីរ​តូរ៉ា (Torah)? ព្រះ​យេស៊ូវ​លើកឡើង​នូវ​សម្រង់​សម្ដី​ចេញពី​ព្រះ​គម្ពីរ​សញ្ញាចាស់​ក្នុង​ភាសា​ហេព្រើរ ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​លើ​ផែនដី​នេះ ដល់​ថ្នាក់​ដែល​ទ្រង់​បាន​កែ​តម្រូវ សូម្បី​តែ​ពួក​សាស្ត្រាចារ្យ​នៅ​សម័យ​កាល​ទ្រង់​ទៀត​ផង។ មិន​គ្រាន់តែ​ប៉ុណ្ណោះ សូម្បី​តែ​លក្ខណៈ​បែប​ស្ទាយ​បង្រៀន​របស់​ទ្រង់​ក៏​ថែម​ទាំង​មាន​ភាព​ស៊ី​គ្នា​ទៅ​ហ្នឹង​របៀប​ដែល​ពួក​គ្រូៗ​សាសន៍​យូដា​បង្រៀន​នៅ​គ្រា​នោះ​ដែរ។ សាស្ត្រាចារ្យ​ត្រូវ​តែ​ចំណាយ​ពេល​សឹង​តែ​អស់​មួយ​ជីវិត ដើម្បី​អាច​មាន​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​លើ​ក្រឹត្យវិន័យ និង​ទំនៀម​ទម្លាប់​របស់​សាសន៍​យូដា​បាន​ដូច​ដែល​ព្រះ​យេស៊ូវ​មាន។ តើ​យើង​គួរ​ជឿ​ថា ព្រះ​យេស៊ូវ​បាន​យក​ព្រះ​គម្ពីរ​សញ្ញាចាស់​ទៅ​ជាមួយ​ទ្រង់​ទៅ​ប្រទេស​ឥណ្ឌា ហើយ​រៀន​សូត្រ​ព្រះ​គម្ពីរ​ក្នុង​ចន្លោះ​ពេល​សម្រាក​ពី​ការ​តាំង​សមាធិ​មែន​ឬ?

ពិត​ណាស់! មាន​មនុស្ស​មួយ​ចំនួន​បាន​បដិសេធ​សេចក្ដី​ពិត​នៃ​ភាព​ត្រឹមត្រូវ​ក្នុង​កណ្ឌ​ដំណឹង​ល្អ​ទាំង​បួន។ តើ​យើង​ឆ្លើយតប​យ៉ាង​ដូច​ម្តេច​ទៅ? លើកលែង​តែ​សាវ័ក យ៉ូហាន គ្រប់​សាវ័ក​ទាំង​ដប់ពីរ​នាក់ (រួម​មាន​ទាំង​សាវ័ក ប៉ុល និង​សាវ័ក ម៉ាត់ធាស ជំនួស​លោក យូដាស) បាន​ស្លាប់​ដោយសារ​ជំនឿ​លើ​ព្រះ​យេស៊ូវ។ តើ​ឲ្យ​ពួកគាត់​ហ៊ាន​ធ្វើ​បែប​នោះ​ដោយ​ព្រោះ​ការ​កុហក​បាន​យ៉ាង​ដូចម្ដេច​ទៅ? លើស​ពី​នោះ​ទៅ​ទៀត តើ​ឲ្យ​ពួកគាត់​ធ្វើ​បែប​នោះ​យ៉ាង​ដូចម្ដេច​ទៅ ខណៈពេល​ដែល​ពួកគាត់​ដឹង​ថា វា​ជា​សេចក្ដី​កុហក? មាន​គេ​វាយ​ប្រហារ​លើ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​អស់​ប្រមាណ​ជាង​២០០០​ឆ្នាំ​ហើយ ដែល​តាម​ពិត​ទៅ គ្មាន​សៀវភៅ​ណា​ផ្សេង​ទៀត​បាន​ទទួល​ការ​ពិនិត្យ​ពិច័យ​ជាជាង​ព្រះ​គម្ពីរ​នោះ​ទេ ប៉ុន្តែ​ព្រះ​គម្ពីរ​​នៅ​តែ​ស្ថិតស្ថេរ ទោះ​បើ​មាន​គេ​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ការ​លប់​បំបាត់​ចោល​ក៏​ដោយ។ ហើយ​ព្រះ​គម្ពីរ​នៅ​បន្ត​បំផ្លាស់​បំប្រែ​ជីវិត​មនុស្ស ក៏​ដូច​ជា​នៅ​បន្ត​ផ្ដល់​ភស្តុតាង​លើ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ «ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់គ្នា​វិញ នោះ​ស្ថិតស្ថេរ​នៅ​ជា​ដរាប» (អេសាយ ៤០:៨)។

និពន្ធ​ដោយ៖ ក្រុម gotquestions.org
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ, លោកគ្រូ ជឿ ជីវិចន្ធា និងលោក​គ្រូ វ៉ែល ណាថាន
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

28 Points
Upvote Downvote

មតិយោបល់

Leave a Reply
  1. ++តេីព្រះបង្កេីតមនុស្ស​ឬមនុស្សជាអ្នកបង្កេីតព្រះ?
    តេីវាដូចជាស៊ុតមាន់​និងមេមាន់ដែរទេ​? អ្នកខ្លះថាមាន់កេីតមុន​ ចំណែកផ្សេងទៀតគេថាកស៊ុតកេីតមុន។ ចង់សួរថាបេីគ្មានស៊ុតទេ​ តេីមាន់កេីតពីណា?ហេីយបេីគ្មានមាន់ទេ​ តេីស៊ុតកេីតពីណា?
    ++បេីព្រះបង្កេីតមនុស្ស​ពិតមែន​ ហេតុអ្វីបានជាមនុស្សខ្លះមានទ្រព្យហូរហៀ​រ​ ស្របពេលមនុស្សខ្លះទៀតកំពុងតែរស់នៅយ៉ាងវេទនា? ហេតុអ្វីបានជាព្រះបង្កេីតមនុស្សហេីយ​ ធ្វេីឱ្យមានភាពអយុត្តិធម៌រវាងគ្នាយ៉ាងនេះ?
    ++ខ្ញុំបានសិក្សាពីគម្គីប៊ីបខ្លះដែរ​ ត្រង់ចំណុចខ្លះខ្ញុំក៏យល់ស្រប​ព្រោះជាដំបូន្មានល្អ​ ត្រង់ចំណុចខ្លះទៀតវាហាក់បីដូចជាហួសពីការពិតខ្លាំងពេក​ វាប្រៀបបានដូចជារឿងទេវកថាអញ្ចឹង? តេីវាជាការងប់ងល់ខ្លាំងរបស់មនុស្សជំនាន់នោះឬ?
    ++​ចំណុចមួយទៀត​ ននៅកនុងព្រះគម្ពីបញ្ជាក់ថាព្រះជាអ្នកបង្កេីតរបស់សព្វសារពេី​ ទ្រង់បង្កេីតផែនដី​ ព្រះចន្ទ​ ព្រះអាទិ្យ​ ផ្កាយ​ សមុទ្រ​ ភ្នំ…ក្នុងរយៈពេល៦ថ្ងៃ​ហេីយព្រះបង្កេីតមនុស្សដំបូងគេ​ “អ័រដាម​”ដោយសូន្យរូបរួចហេីយផ្លំខ្យល់ដង្ហេីមឱ្យគាត់​ ទេីបគាត់មានជីវិតរស់​ ហេីយទ្រង់ក៏បានបង្កេីតនាង​ អេវ៉ា​ ម្នាក់ទៀត​ដែលកេីតចេញពីឆ្អឹងជំនីរបស់អ័រដាម​ តេីនេះមែនទេដែលជាចំណុចចាប់ផ្ដេីមលេីការមិនឱ្យតម្លៃលេីស្រ្តីតាំងពីសម័យបុរាណ? ដោយហេតុតែការបង្រៀនពីសាសនានេះហេីយ​ ទេីបធ្វេីឱ្យគេមិន ឱ្យតម្លៃលេីស្រ្តី​តាំងពីដេីមមក។
    ++​អ្នកណាដែលមិនស្របតាមព្រះ​ សុទ្ធតែជាកូនចៅអារក្សសាតាំងទាំងអស់​។ អារក្សសាតាំងព្រះជាអ្នកបង្កេីត​ ហេតុអ្វេីបានាទ្រង់បង្កេីតឱ្យមានកំហុសបែបនេះ។ បេីព្រះកំចាត់អារក្សសាតាំង​ តាំងពីដំបូងមកក៏គ្មានរឿងអាក្រក់កេីតឡេីងលេីផែនដីនេះដែរ​ វាជាកំហុសដ៏ធំមួយហេីយ។

    • សួរស្ដីបងប្រុស ឬ​បងស្រី! ជាការល្អ​ដែល​បងបាន​ដឹងរឿង ហើយស្គាល់ព្រះ​គម្ពីរ​ខ្លះៗ​(តែមិន​មែនទាំងអស់) ហើយខ្ញុំគិតថា​បង​មិនមែន​ជាអ្នក​​ជឿព្រះយេស៊ូវនោះទេ ដោយស្ដាប់មើលទៅ​បង​គ្រាន់តែ​ សិក្សា​ពី​ជំនឿព្រះយេស៊ូវ​ ហើយ​យក​មក​វាយប្រហារលើ​គ្រីស្ទបរិស័ទ​ប៉ុណ្ណោះ។ តើ​បងស្គាល់​ព្រះ​គម្ពីរ​ប៉ុណ្ណា?​ តើ​បង​បាន​ចូលរៀន​ថ្នាក់ហ្វឹកហ្វើន​ដែរ​ឬទេ ឬ​គ្រាន់តែអានព្រះ​គម្ពីរ​ដោយខ្លួន​ឯង ហើយ​ឃើញ​ចំណុច​នេះ ចំនុចនោះ ហើយ​ចេះតែសន្មត​បែប​នេះ​ បែបនោះ រួចបង្កើត​ជា​គំនិត​អវិជ្ជមាន ហើយលើក​យល់ខគម្ពីរនេះដោយខុសបរិបទ។ ចំនុច​គោល​គឺថា ហេតុអ្វី​បាន​ជាបង​ត្រូវ​ជឿ​ព្រះយេស៊ូវ? តើមាន​ប្រយោជន៍ទេ ពេលខ្ញុំជឿព្រះយេស៊ូវ? តើ​ព្រះយេស៊ូវ​ជានរណា? តើ​ព្រះយេស៊ូវអាចជួយ​ខ្ញុំ​បាន​ទេ ដែលខ្ញុំជាមនុស្ស​បាប? តើ​អ្វី​ទៅ​ជាគោលបំណងធំរបស់​បងក្នុង​គំនិត ដែលត្រូវសិក្សាពី​ព្រះយេស៊ូវ? តើបងសម្រេចចិត្តទទួល​ជឿព្រះយេស៊ូវហើយ​ឬនៅ? ប្រសិ​នបើបងពិតជាចង់ដឹង​ ចង់ស្គាល់ បងគួរតែ​ទៅចូលរួម​ក្រុម​ជំនុំ ឬ​ព្រះវិហារ។ តែអ្វីដែលសំខាន់បងត្រូវយល់ឲ្យច្បាស់ថា តើ​បងចង់ស្វែងយល់អំពីព្រះយេស៊ូវដើម្បីអ្វី? ឬ​គ្រាន់តែវាយប្រហោរលើ​គ្រីស្ទបរិស័ទ? ប្រសិន​បើ​មាន​គំនិត​អវិជ្ជមាន​ទៅ​ហើយ ទោះបើពន្យល់យ៉ាងណាក៏​មិន​អាច​ដែរ។

      ទាក់ទង​នឹង​អារក្សសាតាំង បង​អះអាងថា បងធ្លាប់អាន​ព្រះ​គម្ពីរ​ខ្លះដែរ ហេតុអ្វី​គ្រាន់តែរឿង​អារក្សសាតាំង និង​ដើមកំណើតនៃ​មនុស្ស​ជាតិ អំពើបាបដើមដំបូង បងហាក់បីដូចជាមិនដឹង​អញ្ចឹង? បងវាយប្រហារបែបនេះ ដោយសារតែព្រះ​គម្ពីរផ្ទាល់ប្រឆាំងនឹង​គំនិត​របស់​បង ឬក៏ទស្សនៈ​របស់​បង បើកបង្ហាញអំពី​អំពើបាបរបស់​បង។ល។ ខ្ញុំមិនអាចឆ្លើយឆ្លងបានទេ ប្រសិន​បើ​មាន​ទស្សនៈគ្រាន់តែចង់វាយប្រហារ (ដោយ​បង​មិនមែនជាមិនជឿ) វាពិតជាពិតបាកក្នុង​ការនិយាយ​ប្រាប់​បង ដោយសារតែ​បងមិនមែនជាអ្នក​ជឿព្រះយេស៊ូវ។ នេះ​ជាlink ដែល​បង​អាចមើលមេរៀន​ដែល​ទាក់ទង​នឹង​ដើមកំនើត​អារក្ស៖
      http://plovpit.com/where-did-satan-came-from/

      ផ្លូវពីរ
      http://plovpit.com/jesus/

      សូមព្រះប្រទានពរ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​រក​បាន​សេចក្ដី​សង្ឃឹម

​ព្រះគ្រីស្ទ​បាន​បង់ថ្លៃ