in

ព្រះលោហិតនៃការ​តាំង​សញ្ញាថ្មី​

…នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី
ដែល​ត្រូវ​ច្រួច​សម្រាប់​មនុស្ស​ជា​ច្រើន។
(ម៉ាកុស ១៤:២៤)

អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​ថា…អញ​នឹង​ដាក់​សេចក្ដី​កោតខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ
ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ។
(យេរេមា ៣២:៤០)

ព្រះ​គម្ពីរ​មាន​ចែង​អំពី «ការ​តាំង​សញ្ញា​ចាស់» និង «ការ​តាំង​សញ្ញា​ថ្មី»។ ពាក្យ​ថា ការ​តាំង​សញ្ញា សំដៅ​លើ​កិច្ច​ព្រមព្រៀង​ដ៏​ស្អិតល្មួត និង​ដ៏​រឹង​មាំ​មួយ​រវាង​ភាគី​ពីរ​ដែល​ប្រតិបត្តិ​កាតព្វកិច្ច​សម្រាប់​ភាគី​ទាំង​សង​ខាង ហើយ​មាន​ការ​ធានា​ថា​នឹង​គោរព​តាម​ពាក្យ​សម្បថ​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ។ នៅ​ក្នុង​ព្រះ​គម្ពីរ​យើង​ឃើញ​ថា ការ​តាំង​សញ្ញា​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ឡើង​ជា​មួយ​មនុស្ស គឺ​ផ្ដើម​ឡើង​ដោយ​រូប​អង្គ​ទ្រង់​ផ្ទាល់។ ទ្រង់​ជា​អង្គ​ដែល​កំណត់​លក្ខខណ្ឌ។ កាតព្វកិច្ច​របស់​ទ្រង់​គឺ​កំណត់​ដោយ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ផ្ទាល់។

«ការ​តាំង​សញ្ញា​ចាស់» សំដៅ​លើ​ការ​រៀបចំ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ឡើង​ជា​មួយនឹង​សាសន៍​អ៊‌ីស្រាអែល​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ។ ចំណុច​ខ្សោយ​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ គឺ​មិន​មែន​ការ​បំផ្លាស់​បំប្រែ​ខាង​ឯ​វិញ្ញាណ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​គេ​មិន​បាន​គោរព​តាម​ការ​តាំង​សញ្ញា​នោះ ហើយ​ការ​នោះ​ក៏​មិន​បាន​ផ្ដល់​ជីវិត​ឲ្យ​គេ​ដែរ។ ព្រះ​ជាម្ចាស់​បាន​ចារឹក​ក្រឹត្យវិន័យ​នោះ​ជា​អក្សរ​នៅ​លើ​ផ្ទាំង​ថ្ម មិន​មែន​ចារឹក​ព្រះ​វិញ្ញាណ​នៅ​ក្នុង​ចិត្ត​ពួក​គេ​នោះ​ទេ។ ពួក​ហោរា​បាន​លើក​ឡើង​ពី​សេចក្តី​សន្យា​នៃ «ការ​តាំង​សញ្ញា​ថ្មី» ដែល​នឹង​មាន​លក្ខណៈ​ខុស​ពី​សញ្ញា​ចាស់។ ការ​នេះ «…មិន​មែន​សរសេរ​ជា​អក្សរ​ទេ ប៉ុន្តែ​ដោយ​ព្រះ​វិញ្ញាណ​វិញ ដ្បិត​អក្សរ​សម្លាប់ ប៉ុន្តែ​ព្រះ​វិញ្ញាណ​ផ្ដល់​ជីវិត» (២កូរិនថូស ៣:៦ គគខ)។

ការ​តាំង​សញ្ញា​ថ្មី​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ការ​តាំង​សញ្ញា​ចាស់។ ព្រះ​ជាម្ចាស់​បាន​អនុម័ត​ការ​តាំង​សញ្ញា​នោះ​ឡើង​ដោយ​យោង​លើ​មូលដ្ឋាន​នៃ​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​យេស៊ូវ។ «…ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី…» (ហេព្រើរ ៩:១៥)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ឈាម​របស់​ទ្រង់ «…គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សម្រាប់​មនុស្ស​ជា​ច្រើន» (ម៉ាកុស ១៤:២៤)។ នេះ​មាន​ន័យ​ថា ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​បាន​ទិញ​យក​អំណាច និង​សេចក្ដី​សន្យា​នៃ​ការ​តាំង​សញ្ញា​ថ្មី។ ការ​តាំង​សញ្ញា​ថ្មី​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត ពីព្រោះ​ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​តាំង​សញ្ញា​នោះ។

តើ​លក្ខខណ្ឌ​នៃ​ការ​តាំង​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​សម្រេច​ដោយ​សារ​ព្រះ​លោហិត​របស់​ទ្រង់​មាន​អ្វី​ខ្លះ? ហោរា យេរេមា ពណ៌នា​ពី​លក្ខខណ្ឌ​ខ្លះៗ​ថា៖ «អញ​នឹង​តាំង​សញ្ញា​ថ្មី…សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង…គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ…ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​និង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ» (យេរេមា ៣១:៣១-៣៤)។ ការ​រងទុក្ខ​ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ធានា​ថា នឹង​មាន​ការ​ផ្លាស់​ប្រែ​ខាង​ក្នុង​ខ្លួន​រាស្ដ្រ​របស់​ទ្រង់ (ក្រឹត្យវិន័យ​ដែល​ចារឹក​ទុក​ក្នុង​ចិត្ដ​គេ) និង​ការ​អត់​ទោស​បាប​របស់​គេ។

ព្រះ​គ្រីស្ទ​បាន​បង្កើត​ជំនឿ ហើយ​រក្សា​ភាព​ស្មោះត្រង់​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ធានា​ការ​តាំង​សញ្ញា​ថា​នឹង​មិន​បរាជ័យ​នោះ​ឡើយ។ ទ្រង់​បាន​បង្កើត​រាស្ត្រ​ដែល​នៅ​ក្នុង​សញ្ញា​ថ្មី​ដោយ​មិន​គ្រាន់​តែ​ចារឹក​ក្រឹត្យវិន័យ​នៅ​លើ​ថ្ម​នោះ​ទេ ប៉ុន្តែ​ចារឹក​ទុក​ក្នុង​ចិត្ត​ពួក​គេ​ផង​ដែរ។ ផ្ទុយ​ទៅ​នឹង «អក្សរ» នៅ​លើ​ថ្ម ទ្រង់​មាន​បន្ទូល​ថា «…ព្រះ​វិញ្ញាណ​ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ» (២កូរិនថូស ៣:៦)។ «ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយនឹង​ព្រះ​គ្រីស្ទ…» (អេភេសូរ ២:៥)។ នេះ​ហើយ​គឺ​ជា​ជីវិត​ខាង​ឯ​វិញ្ញាណ​ដែល​បណ្ដាល​ឲ្យ​យើង​មើល​ឃើញ ហើយ​ជឿ​លើ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ។ ការ​អស្ចារ្យ​នេះ​បង្កើត​ឲ្យ​មាន​រាស្ត្រ​ដែល​នៅ​ក្នុង​សញ្ញា​ថ្មី។ នេះ​គឺ​ជា​ការ​ពិត​ណាស់ ពីព្រោះ​ព្រះ​គ្រីស្ទ​បាន​ទិញ​រាស្ត្រ​ទ្រង់​ដោយ​ព្រះ​លោហិត​របស់​ទ្រង់​ផ្ទាល់។

ការ​អស្ចារ្យ​នេះ​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​បង្កើត​ឲ្យ​យើង​មាន​ជំនឿ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​រក្សា​ភាព​ស្មោះត្រង់​របស់​យើង​ទៀត​ផង។ «អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​ថា….អញ​នឹង​ដាក់​សេចក្ដី​កោតខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ» (យេរេមា ៣២:៤០)។ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​សុគត ទ្រង់​មិន​គ្រាន់​តែ​ធានា​ថា រាស្ដ្រ​របស់​ទ្រង់​នឹង​មាន​ចិត្ដ​ថ្មី​ដែល​មក​ពី​ទ្រង់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សុវត្ថិភាព​ថ្មី​ទៀត​ផង។ ទ្រង់​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ឃ្លាត​ចេញ​ពី​ទ្រង់​ឡើយ។ ទ្រង់​នឹង​រក្សា​ពួក​គេ។ ពួក​គេ​នឹង​មាន​សេចក្ដី​ខ្ជាប់​ខ្ជួន។ ព្រះ​លោហិត​នៃ​ការ​តាំង​សញ្ញា​ថ្មី​របស់​ព្រះ​គ្រីស្ទ​ធានា​ថា ពួក​គេ​នឹង​មាន​សេចក្តី​ខ្ជាប់​ខ្ជួន។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ទុក​ចិត្ត​លើ​ព្រះ​ហស្ត​

ព្រះ​ជាម្ចាស់​គឺ​ជា​គោលដៅ​នៃ​សេចក្ដី​សង្គ្រោះ