ជាញឹកញយ ចំណងជើងនៃសោកនាដកម្មមួយតែងតែលេចឡើងនៅលើទំព័រមុខនៃទស្សនាវដ្ដី។ វាត្រូវបានអានអ្វីមួយដូចជា «ដោយគ្មានការសង្ស័យ ម្ចាស់ត្រូវបានស្លាប់ដោយសត្វពស់ថ្លាន់ដែលខ្លួនចិញ្ចឹម អាណាខុនដា»។ សាច់រឿងក៏បានបន្តក្នុងការពណ៌នាអំពីរបៀបដ៏ឆោតល្ងង់ដែលម្ចាស់បានទិញសត្វពស់មកចិញ្ចឹម។ អ្វីគ្រប់យ៉ាងល្អប្រសើរ រហូតដល់ពេលសត្វពស់គេចខ្លួន លូនចូលទៅក្នុងបន្ទប់របស់ម្ចាស់ ឬបន្ទប់កូនរបស់គាត់ ហើយបានលេបជនរងគ្រោះដែលកំពុងតែដេកលក់។
អ្នកខ្លះក្នុងចំណោមយើងក៏បានប្រព្រឹត្តទៅកាន់អំពើបាបនៅក្នុងរបៀបដូចគ្នានេះដែរ។ យើងដឹងថា វាអាចបង្កគ្រោះថ្នាក់ ប៉ុន្តែសន្មតថាយើងអាចបន្សាំ ហើយគ្រប់គ្រងលើវាបាន។ ប្រហែលជាអំពើបាបរបស់យើងព្រមចុះចូលជាមួយយើងមួយរយៈពេល មើលទៅដូចជាអាចគ្រប់គ្រងលើបាន ប៉ុន្តែវានឹងតែងតែស្វែងរកឱកាស ដើម្បីវាយប្រហារដល់យើងជាមិនខាន។
ទោះបើយើងបានមានសេរីភាពចេញពីទាសករនៃអំពើបាបហើយក៏ដោយ ក៏និស្ស័យបាបនៃសាច់ឈាមរបស់យើងនៅតែបន្តស្វែងរកឱកាសក្នុងការប្រព្រឹត្តអំពើអាក្រក់ដែរ។ ការសម្លាប់អំពើបាបគឺជារបៀបតែមួយគត់ដែលមានសុវត្ថិភាពក្នុងការដោះស្រាយអំពើបាបដែលជាប់នៅក្នុងយើងចេញ។ ព្រះជាម្ចាស់បង្គាប់យើងថា «ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សម្រើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ» (កូឡូស ៣:៥)។ អំពើបាបបដិសេធការជាប់ឃុំឃាំង ឬការគ្រប់គ្រងលើ យើងត្រូវតែសម្លាប់វាចោល។ វាមិនត្រូវទទួលយកការប្រព្រឹត្តដោយសន្តិភាពឡើយ។ នេះជាមូលហេតុដែលលោកគ្រូ ចន អូវិន បានព្រមានយ៉ាងត្រឹមត្រូវថា «ចូរព្យាយាមសម្លាប់អំពើបាប បើមិនដូច្នោះវានឹងព្យាយាមសម្លាប់លោកអ្នក»។
ជំហានដែលយើងឈាននៅក្នុងការប្រយុទ្ធជាមួយនឹងអំពើបាបគឺជាបញ្ហានៃជីវិត និងសេចក្តីស្លាប់—«ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសម្លាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ» (រ៉ូម ៨:១៣)។ ការភ្នាល់គឺខ្ពស់ណាស់។ អំពើបាបគ្មានបំណងក្នុងការរួមរស់ជាមួយយើងឡើយ។ វាប៉ុនប៉ងគ្រប់គ្រងលើយើងវិញ។
សាវ័ក ពេត្រុស បានអង្វរដល់យើងឲ្យ «ចៀសចេញពីសេចក្តីប៉ងប្រាថ្នានៃសាច់ឈាមដែលវាតយុទ្ធប្រឆាំងនឹងព្រលឹងរបស់យើង» (១ពេត្រុស ២:១១)។ ដរាបណាយើងនៅរស់នៅលើផែនដីនេះ នោះអំពើបាបនឹងតែងតែព្យាយាមអូសទាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ ហើយជំរុញសេចក្តីស្រឡាញ់របស់យើងទៅកាន់គ្រប់ទាំងរូបព្រះដទៃផ្សេងទៀត។ ដូច្នេះ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីសម្លាប់វាចោល។ សេចក្តីស្រឡាញ់សម្រាប់ព្រះ និងអំពើបាបមិនអាចរួមរស់ជាមួយគ្នាបានឡើយ។ សូមសម្លាប់ការស្រឡាញ់អំពើបាបរបស់អ្នក ឬក៏អំពើបាបនឹងសម្លាប់សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាមិនខាន។
ហេតុអ្វីបានជាយើងមិនសម្លាប់អំពើបាបរបស់យើង
ប៉ុន្តែ ពេលខ្លះយើងបានអែអង់ក្នុងការសម្លាប់អំពើបាបរបស់យើង។ យើងមិនបានសម្លាប់អ្នកប្រមាញ់ដែលដើរក្រវែល ដោយមានចេតនាអាក្រក់ (១ពេត្រុស ៥:៨)។ យើងព្រងើយកន្តើយជាមួយនឹងអំពើបាប ដែលលាក់ខ្លួនជាមួយនឹងបំណងចិត្តអាក្រក់របស់យើង (លោកុប្បត្ដិ ៤:៨)។ យើងមិនព្រមដំឡើងកម្មវិធីដែលជួយមានទំនួលខុសត្រូវ ឬមិនព្រមឈប់ប្រើទូរស័ព្ទដែលនាំឲ្យយើងធ្លាក់ខ្លួនទៅប្រព្រឹត្តអំពើបាបដដែលៗ។ យើងមិនព្រមលុបលេខទំនាក់ទំនងស្នេហ៍អតីតចោល។ យើងលាក់បាំងគណនីធនាគារជាសម្ងាត់។ យើងបានសារភាពអំពើបាបខ្លះៗ ប៉ុន្តែបានលាក់បាំងទុកផ្នែកខ្មៅងងឹតបំផុត។
តើមានអ្វីកំពុងរារាំងយើងមិនឲ្យសម្លាប់អំពើបាបរបស់យើង? ហេតុអ្វីបានជាលោកអ្នកអែអង់ក្នុងការសម្លាប់ជនប្រមាញ់ ដែលដើរក្រវែល ដើម្បីបំផ្លាញអ្នកអញ្ចឹង? ខណៈពេលដែលចិត្តរបស់យើងរៀងៗខ្លួនទទួលបានការបោកបញ្ឆោតនៅក្នុងរបៀបផ្សេងៗពីគ្នា នោះខ្ញុំសូមផ្តល់យោបល់ថា យើងមិនព្រមសម្លាប់អំពើបាបរបស់យើងដោយរួមបញ្ចូលនូវហេតុផលមួយចំនួនដូចខាងក្រោម៖
១. ពីព្រោះយើងស្រឡាញ់អំពើបាប
លោកគ្រូ អហ្គស្ទីន បានធ្លាប់អធិស្ឋានថា «ឱព្រះអម្ចាស់អើយ! សូមប្រោសឲ្យទូលបង្គំបានបរិសុទ្ធ ប៉ុន្តែកុំទាន់ឥឡូវឡើយ»។ សេចក្តីអធិស្ឋានយ៉ាងស្មោះត្រង់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបង្ហាញអំពីការស្រឡាញ់អំពើបាប ដែលតែងតែលងបន្លាចដល់ចិត្តរបស់យើងជាច្រើន។ យើងមានបំណងចិត្តស្រឡាញ់ព្រះ—និងចង់រស់នៅសម្រាប់ទ្រង់—ប៉ុន្តែយើងនៅតែស្រឡាញ់អំពើបាប។ យើងស្អប់អ្វីដែលយើងស្រឡាញ់ ប៉ុន្តែយ៉ាងណាក៏ដោយក៏យើងនៅតែស្រឡាញ់វា។
ប្រហែលជាភាពរំភើបនៃការស្វែងរករឿងអាសអាភាសជួយឲ្យលោកអ្នកចេញផុតពីភាពធុញទ្រាន់របស់លោកអ្នកក៏ថាបាន។ ការឱបពីគូស្នេហ៍បានធានាអំពីតម្លៃរបស់លោកអ្នក ទោះបីវាគ្រាន់តែសម្រាប់មួយយប់ក៏ដោយ។ ការផឹកពីរឬបីកែវថែម វានឹងជួយឲ្យការប្រឈមមុខជាមួយនឹងគ្រួសាររបស់លោកអ្នកកាន់តែងាយស្រួលឡើង។ ភាពអាថ៌កំបាំងនៃផ្លែឈើដែលហាមឃាត់ពិតជាអស្ចារ្យពេកហើយ។ អ្វីក៏ដោយដែលអ្នកស្រឡាញ់អំពីអំពើបាប នោះលោកអ្នកត្រូវដឹងថា វាកំពុងតែសម្លាប់លោកអ្នក។ នៅក្នុងទីងងឹត អំពើបាបមានរសជាតិផ្អែមណាស់ ប៉ុន្តែពន្លឺនៃភាពស្រស់ស្អាតរបស់ព្រះគ្រីស្ទបានបង្ហាញថា វាគឺជាលាមកដែលស្រោបដោយស្ករ។ សូមទូលអង្វរឲ្យព្រះជាម្ចាស់ផ្លាស់ប្តូរនូវអ្វីដែលអ្នកស្រឡាញ់ចុះ។
ឱព្រះជាម្ចាស់អើយ! សូមបង្ហាញទូលបង្គំអំពីអំពើបាបរបស់ទូលបង្គំ។ តើទូលបង្គំស្វែងរកអ្វីចេញពីវា? សូមបើកភ្នែកទូលបង្គំឲ្យឃើញនូវអ្វីដែលទ្រង់ឃើញដែរ។ សូមផ្លាស់ប្រែចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចស្រឡាញ់ការសម្លាប់នូវអ្វីដែលទ្រង់ស្អប់។
២. ពីព្រោះការសម្លាប់អំពើបាបវាមានការឈឺចាប់
នៅក្នុងសៀវភៅប្រលោមលោកបុរាណរបស់លោក ស៊ី. អែស. លេវីស (C.S. Lewis) អំពីការលែងលះដ៏អស្ចារ្យ (“The Great Divorce”) នោះយើងបានជួបប្រទះជាមួយនឹងអ្នកធ្វើដំណើរម្នាក់ ដែលញាំញីដោយសត្វបង្កួយក្រហមដែលតំណាងឲ្យតណ្ហា។ សត្វបង្កួយបានទំនៅលើស្មារបស់គាត់ ខ្សឹបដាក់ក្នុងត្រចៀករបស់គាត់ រារាំងគាត់ពីការដើរឆ្ពោះទៅកាន់ពន្លឺ។ ទេវតាបានសួរទៅកាន់អ្នកដំណើរនោះថា តើគាត់ចង់ឲ្យសត្វចម្លែកដែលគួរឲ្យខ្លាចនោះបាត់ឬយ៉ាងណា ពេលនោះគាត់ក៏បានឆ្លើយថាយល់ព្រម។ នៅពេលដែលទេវតាចាប់ច្របាច់កសត្វបង្កួយនោះ វាខ្ញាំក្រចករបស់វា ហើយអ្នកដំណើរក៏ស្រែកឡើងថា «លោកកំពុងធ្វើឲ្យខ្ញុំឈឺចាប់»។ ទេវតាក៏ឆ្លើយឡើងថា «ខ្ញុំមិនបាននិយាយថា វានឹងមិនធ្វើឲ្យលោកឈឺចាប់នោះទេ។ ខ្ញុំនិយាយថា វានឹងមិនធ្វើឲ្យអ្នកស្លាប់ទេ»។
ប្រសិនបើលោកអ្នកនឹងសម្លាប់អំពើបាប នោះវានឹងមានការឈឺចាប់។ ការលន់តួនាំមកជាមួយនូវការរំពឹងទុកដែលគួរឲ្យភ័យខ្លាច។ ការដកខ្លួនចេញខាងរូបកាយនៅពេលដំបូងប្រហែលជាអាចនឹងមានអារម្មណ៍ថា ហួសពីកម្លាំង។ បេះដូងរបស់គូស្នេហ៍ប្រហែលជាត្រូវខ្ទេចខ្ទាំ។ លោកអ្នកប្រហែលជាជួបនឹងភាពអាម៉ាស់រាល់ពេលដែលលោកអ្នកឈានជើងចេញពីទ្វាផ្ទះ។ នៅក្នុងដំណើរជីវិតជាគ្រីស្ទបរិស័ទដំបូងរបស់ខ្ញុំ ខ្ញុំបានជាប់ក្នុងអន្ទាក់នៃភាពអសីលធ៌ក្នុងទំនាក់ទំនង ហើយខ្ញុំចងចាំដោយគិតថា ខ្ញុំស៊ូស្លាប់ជាជាងបែកចេញពីវា ហើយត្រូវសារភាពនូវអំពើអសីលធម៌នោះ។
ប្រសិនបើលោកអ្នកដឹងអំពីសេរីភាពនៃការជួបជាមួយព្រះជាម្ចាស់ នោះលោកអ្នកក៏ត្រូវតែដឹងអំពីភាពឈឺចាប់នៃការសម្លាប់អំពើបាបចោលដែរ។
ឱព្រះជាម្ចាស់អើយ! សូមប្រទានឲ្យទូលបង្គំមានដួងចិត្តដែលព្រមប្រឈមជាមួយភាពឈឺចាប់ ដែលកើតចេញពីការសម្លាប់អំពើបាបរបស់ទូលបង្គំចោល។ សូមធ្វើអ្វីទាំងអស់ដែលអាចជួយឲ្យទូលបង្គំអាចធ្វើបានក្នុងការមានសេរីភាពចេញពីភាពតណ្ហា ហើយសូមប្រទានឲ្យទូលបង្គំមានដួងចិត្តដែលទុកចិត្តលើទ្រង់វិញ។ សូមប្រើប្រាស់ភាពឈឺចាប់ ដើម្បីជួយឲ្យទូលបង្គំមើលឃើញព្រះអង្គកាន់តែច្បាស់ជាងមុន។
៣. ពីព្រោះយើងភ្លេចអំពីការបង់ថ្លៃ
ទោះបីជារូបកាយរបស់ពួកអ៊ីស្រាអែលបានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកាណានដែលជាទឹកដីសន្យាក៏ដោយ តែដួងចិត្តរបស់ពួកគាត់បានឆ្ពោះត្រឡប់ទៅស្រុកអេស៊ីព្ទដែរ។ ពួកគាត់បានមើលទៅកាន់អតីតកាលនៃភាពជាទាសកររបស់ខ្លួនថាជាការល្អវិញ។ «យើងនឹករម្លឹកពីត្រីដែលយើងបានបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ នឹងខ្ទឹមសផង»(ជនគណនា ១១:៥; និក្ខមនំ ១៦:៣)។ អំពើបាបល្បួងយើងឲ្យសុបិនទាំងថ្ងៃអំពីភាពអស្ចារ្យនៃទាសកររបស់យើងចំពោះវា។ វាទាក់ទាញលោកអ្នកឲ្យគិតអំពីភាពមិនធម្មតានៃការស្រឡាញ់អតីតកាល ដោយថែមទាំងជំរុញឲ្យលោកអ្នកចង់លោកអ្នកធ្វើឡើងវិញម្តងទៀត។ ការសញ្ជឹងគិតដូច្នេះនឹងនាំលោកអ្នកឆ្ពោះទៅកាន់ការក្បត់ជំនឿហើយ។
ឱព្រះជាម្ចាស់អើយ! សូមជួយទូលបង្គំឲ្យឃើញអំពីអំពើបាបពីអតីតកាលរបស់ទូលបង្គំដូចដែលទ្រង់ឃើញផង។ សូមជួយទូលបង្គំឲ្យចងចាំអំពីភាពជូរចត់របស់វា ជាជាងអំពីភាពផ្អែមល្ហែមរបស់វា។ សូមការពារទូលបង្គំចេញពីការមើលត្រឡប់ក្រោយវិញ។ សូមជួយទូលបង្គំឲ្យមើលឃើញព្រះអង្គ ហើយរីករាយក្នុងអ្វីដែលទ្រង់បានត្រាស់ហៅទូលបង្គំធ្វើ មិនមែនពីអ្វីដែលទ្រង់បានហៅទូលបង្គំឲ្យចាកចេញនោះឡើយ។
អំណោយដែលចាំបាច់
ប្រសិនបើយើងពិតជានឹងមានសេរីភាពចេញពីអំពើបាបមែន នោះយើងត្រូវតែជឿជាក់ថា ការសម្លាប់វាគឺមានតម្លៃណាស់។ ប្រភេទនៃជំនឿដែលសម្លាប់អំពើបាបនេះគឺជាអំណោយមកពីព្រះ។ សូមអង្វរទ្រង់ឲ្យបង្ហាញឲ្យលោកអ្នកឃើញអំពីសេចក្តីលំអនៃព្រះវត្តមានរបស់ទ្រង់ (ទំនុកតម្កើង ២៧:៤)។ សូមទ្រង់ឲ្យប្រទានឲ្យលោកអ្នកមានសេចក្តីសង្ឃឹមនៅក្នុងសេចក្តីអំណរដ៏អស់កល្ប ដែលមាននៅក្នុងព្រះហស្តស្តាំទ្រង់ (ទំនុកតម្កើង ១៦:១១)។ សូមទ្រង់ឲ្យជួយលោកអ្នកឲ្យមានដួងចិត្តដូចព្រះគ្រីស្ទ «ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់»(ហេព្រើរ ១២:២)។
នៅពេលដែលបំណងប្រាថ្នារបស់យើងទទួលបានការផ្លាស់ប្រែ នោះការប្ដេជ្ញាចិត្តរបស់យើងក៏នឹងចម្រើនកម្លាំងដល់យើងក្នុងការសម្លាប់គ្រប់ទាំងអំពើបាបដែលអាចរារាំងយើងមិនឲ្យរីករាយជាមួយនឹងព្រះជាម្ចាស់។ គ្មានអ្វីដែលល្អវិសេសជាងព្រះវត្តមានរបស់ព្រះឡើយ ដូច្នេះសូមសម្លាប់អំពើបាបរបស់លោកអ្នកចោល មុនវាមកប្លន់លោកអ្នកចេញពីព្រះអង្គចុះ។
ការស្រឡាញ់ព្រះ និងអំពើបាបមិនអាចមានក្នុងពេលតែមួយបានទេ។ សូមសម្លាប់ការស្រឡាញ់អំពើបាបរបស់លោកអ្នក បើមិនដូច្នោះទេអំពើបាបនឹងសម្លាប់ការស្រឡាញ់របស់លោកអ្នកសម្រាប់ព្រះជាម្ចាស់ជាមិនខាន។
មតិយោបល់
Loading…