១យ៉ូហាន ៤:១-៦ «ពួកស្ងួនភ្ងាអើយ! កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ។ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយ៍នេះហើយ។ យើងនឹងសម្គាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណា ដែលថ្លែងប្រាប់ថា “ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ។” តែវិញ្ញាណណាដែលមិនព្រមថា “ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ។” នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណអាទទឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា “ត្រូវមក”។ តែឥឡូវនេះ ក៏នៅក្នុងលោកីយ៍ហើយ។ ពួកកូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង។ ពួកនោះមកពីលោកីយ៍ទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះនោះក៏ស្តាប់យើងខ្ញុំ។ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន»។
តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យដឹងថា វិញ្ញាណនោះមកពីព្រះ ឬមកពីអារក្ស?
តើយើងធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យដឹងថា សេចក្តីបង្រៀននោះជាសេចក្តីបង្រៀនដែលត្រឹមត្រូវ ឬជាសេចក្តីបង្រៀនខុសឆ្គង?
លោកអ្នកបានឃើញហើយថា នៅក្នុងសង្គមសព្វថ្ងៃនេះ គឺមានការជាច្រើនដែលពួកគេព្យាយាមក្លែងបន្លំយ៉ាងច្រើន ហើយពួកគេព្យាយាមធ្វើឲ្យដូចទៅនឹងអ្វីដែលជារបស់ដើម ហើយអ្វីដែលពួកគេក្លែងនោះគឺវាមានភាពស្រដៀងគ្នាទៅនឹងរបស់ពិត។ ឧទាហរណ៍៖ លុយដុល្លាចំនួនដប់ដុល្លា។ នៅក្នុងជំនឿរបស់យើងដែលជាគ្រីស្ទបរិស័ទ មិនត្រឹមតែសម័យសព្វថ្ងៃនេះទេ គឺតាំងពីដើមរៀងមកគឺតែងតែមានការបង្រៀនខុសឆ្គងផ្សេងៗ និងមានគ្រូក្លែងក្លាយបានលេចមក ហើយដោយសារការបង្រៀនរបស់ពួកគេមានភាពស្រដៀងគ្នាទៅនឹងសេចក្ដីបង្រៀននៃជំនឿរបស់គ្រីស្ទបរិស័ទដែរ ហេតុដូច្នេះហើយគឺធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យអ្នកដែលមិនទាន់យល់ព្រះបន្ទូលព្រះអង្គច្បាស់ងាយនឹងចាញ់ល្បួងឬចាញ់បោកទៅតាមគេដែរ។
ចូរឲ្យយើងល្បងលគ្រប់ទាំងសេចក្ដីបង្រៀន
នៅសម័យសាវ័ក យ៉ូហាន ក្រុមជំនុំនីមួយៗមានទីតាំងនៅឆ្ងាយនឹងនៅដាច់ដោយឡែកពីគ្នា ហើយព្រះគម្ពីរក៏មិនមានច្រើនសម្រាប់អាន ដូចលោកអ្នក ហើយនិងខ្ញុំប្រើប្រាស់សព្វថ្ងៃនេះផងដែរ នៅសម័យនោះគឺពួកគេចាត់គ្រូណាម្នាក់ឲ្យចេញបង្រៀននឹងពន្យល់ដល់ពួកគេ។ ហេតុដូច្នេះហើយបានជាមានគ្រូដែលក្លែងខ្លួនដោយចេញទៅអះអាងខ្លួនថា គេគឺជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទពិតប្រាកដដោយទទួលការចាត់តាំងពីពួកសាវ័កមក ប៉ុន្តែផ្ទុយទៅវិញគឺគេជាគ្រូហោរាក្លែងក្លាយទៅវិញ។ ហេតុដូច្នេះហើយបានជាសាវ័ក យ៉ូហាន សរសេរថា ចូរឲ្យលោកអ្នក ហើយនិងខ្ញុំល្បងលមើលគ្រប់ទាំងវិញ្ញាណ ដោយកុំចេះតែជឿផ្តេសផ្តាស។ ថ្មីៗនេះ ខ្ញុំបានទៅជួបអ៊ុំម្នាក់ដែលគាត់មានឈ្មោះថា «ថានី ហើយខ្ញុំបានសួរថា អ៊ុំបើសិនខ្ញុំហៅព្រះយេស៊ូវថា លោកយេស៊ូវ ហើយប្រាប់អ៊ុំថា ព្រះយេស៊ូវគ្រាន់តែជាមនុស្សម្នាក់ដែលព្រះជាម្ចាស់បានបង្កើតមកតែប៉ុណ្ណោះ តើអ៊ុំយល់យ៉ាងណាដែរ?»។ ហើយនេះគឺជារឿងជាក់ស្ដែងដែលកំពុងកើតមានឡើង ហើយពួកគេទាំងនោះគឺសកម្មណាស់។ ហើយពួកគេកំពុងស្វែងរកតែអ្នកណាដែលជឿព្រះយេស៊ូវរួចហើយដោយពួកគេបានចូលមកនិយាយនឹងលោកអ្នកដែលជាគ្រីស្ទបរិស័ទ ដោយសួរសំណួរអំពីព្រះយេស៊ូវថា ចុះបើខ្ញុំហៅព្រះយេស៊ូវថា លោកយេស៊ូវ តើលោកអ្នកគិតយ៉ាងដូចម្តេចដែរ? ហើយពួកគេទាំងនោះនឹងលើកនូវខគម្ពីរជាច្រើនមកប្រាប់លោកអ្នក ព្រមទាំងពន្យល់លោកអ្នកអំពីព្រះយេស៊ូវដែលគេនឹងប្រាប់លោកអ្នកថា ព្រះយេស៊ូវមិនជាព្រះទេ ទ្រង់គ្រាន់តែជាបុត្រច្បង និងជាអ្នកដែលព្រះជាម្ចាស់បង្កើតមកតើ។តើលោកអ្នកនឹងឆ្លើយតបទៅពួកនោះយ៉ាងដូចម្ដេច? ដូច្នេះ នៅពេលដែលមានគេនិយាយប្រាប់លោកអ្នកយ៉ាងដូច្នោះ នោះហើយជាពេលដែលលោកអ្នកត្រូវប្រុងប្រយ័ត្ន ហើយក៏ជាពេលដែលរម្លឹកលោកអ្នកពីគោលជំនឿរបស់យើងដែលជាគ្រីស្ទបរិស័ទ។ លោកអ្នកអាចដឹងថា វិញ្ញាណណាដែលមកពីព្រះ ឬមិនមែនមកពីព្រះតាមរបៀបដូចជា៖
ទី១ សាកល្បងលមើលពីនូវអ្វីដែលគេនិយាយពីព្រះគ្រីស្ទ
១យ៉ូហាន ៤:២ «យើងនឹងសម្គាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណា ដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ» ។ នេះហើយគឺប្រធានបទមួយដែលសំខាន់សម្រាប់លោកអ្នក ហើយនិងខ្ញុំដែលជាគ្រីស្ទបរិស័ទ ហើយគ្រីស្ទបរិស័ទគឺជាអ្នកដែលជឿទៅលើព្រះគម្ពីរ ដែលព្រះបន្ទូលបានថា ព្រះយេស៊ូវបានលេចមកជាសាច់ឈាម ហើយទ្រង់គឺជាព្រះពិតប្រាកដ នឹងជាមនុស្សពិតប្រាកដផងដែរ នេះហើយជាអ្វីដែលព្រះគម្ពីរប្រាប់យើងជាច្រើនអំពីទ្រង់ផ្ទាល់។ កណ្ឌ គម្ពីរ ១យ៉ូហាន ១:១ «ដំបូងមានព្រះបន្ទូល…) នេះគឺចំណុចមួយដែលអាចរម្លឹកនឹងជួយលោកអ្នកឲ្យដឹងពីការបង្រៀនរបស់ពួកគេអំពីព្រះយេស៊ូវ ថាទ្រង់ជានរណា? ពិតប្រាកដណាស់ទ្រង់បានយាងមកលើផែនដីដែលទ្រង់បានបង្កើតមែន ហើយក៏បានយកនិស្ស័យជាមួយនឹងស្ត្រីក្រមុំព្រហ្មចារីគឺនាង ម៉ារ៉ា តែនេះមិនមែនមានន័យថា ទ្រង់ក៏ជាមនុស្សពិតប្រាកដ ១០០% និងជាព្រះពិតប្រាកដ ១០០% មិនមែនលែងជាព្រះនោះឡើយ។
នេះហើយគឺចំណុចមួយដែលលោកអ្នកអាចធ្វើការល្បងលមើលបាន ពីអ្វីដែលពួកគេនិយាយពីព្រះយេស៊ូវគ្រីស្ទ។ នៅសម័យសាវ័ក យ៉ូហាន មនុស្សសម័យនោះគេជឿថា អ្វីក៏ដោយដែលជារបស់ ឬក៏វត្ថុដែលមិនមែនជាវិញ្ញាណគឺសុទ្ធតែអាក្រក់ ប៉ុន្តែមានតែវិញ្ញាណទេដែលល្អ សរុបសេចក្តីមកអ្វីក៏ដោយដែលបានកើតមកមានជីវិត ជារបស់ និងមានរូប គឺសុទ្ធតែជាការអាក្រក់។ ប្រសិនបើព្រះអង្គគឺជាព្រះពិតប្រាកដ នោះព្រះអង្គមិនអាចលេចមកជាសាច់ឈាមបាននោះទេ ហើយប្រសិនបើព្រះអង្គលេចមកជាសាច់ឈាមនោះ ព្រះអង្គនឹងអាក្រក់ហើយ។ នោះហើយគឺជាការយល់ឃើញរបស់មនុស្សសម័យនោះ។ ពួកគេថា វត្ថុនិងរបស់សុទ្ធតែអាក្រក់ ប៉ុន្តែទាល់តែវិញ្ញាណទើបល្អ ហេតុដូច្នេះហើយបានគេនិយាយថា ព្រះយេស៊ូវមិនបានលេចមកជាមនុស្សទេ តែកាលណាកើតមកជាមនុស្សគឺមានបាប និងអាក្រក់ ហើយមិនអាចល្អបាននោះទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូវទ្រង់បានប្រសូតនឹងនាងព្រហ្មចារី ហើយទ្រង់គ្មានបាបសោះ ហើយផងដែរទ្រង់ជាមនុស្សយ៉ាងពិតប្រាកដ ហើយព្រះអង្គ ស្រេក ព្រះអង្គឃ្លាន ព្រះអង្គផ្ទំលក់ ព្រះអង្គអស់កម្លាំង ទាំងនេះហើយដែលបង្ហាញថា ទ្រង់ជាមនុស្សយ៉ាងពិតប្រាកដ។
ដូច្នេះ ឃ្លាដែលសំខាន់ នោះគឺ «អស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវបានមកក្នុងសាច់ឈាម…» ។ ប៉ុន្តែ លោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ មានពេលខ្លះពួកគេក៏និយាយ ហើយនឹងទទួលស្គាល់ថា ព្រះយេស៊ូវបានមកក្នុងសាច់ឈាមពិតមែន ព្រះគ្រីស្ទទ្រង់ជាព្រះ ១០០% ប៉ុន្តែពួកគេនិយាយបែបនេះតែបបូរមាត់តែប៉ុណ្ណោះ ដោយមិនមែនចេញពីចិត្តរបស់ពួកគេនោះទេ។ លោកអ្នកក៏ដឹងហើយ អារក្សក៏វាទទួលស្គាល់ថា ព្រះគ្រីស្ទទ្រង់មានអំណាចដែរ។កណ្ឌគម្ពីរ កិច្ចការ ១៩:១៥ «តែអារក្សអសោចិ៍ឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯងរាល់គ្នា តើជាអ្នកណាវិញ»។ ដូច្នេះ លោកអ្នកឃើញហើយថា អារក្សវាក៏ស្គាល់ព្រះយេស៊ូវហើយផងដែរក៏ទទួលស្គាល់ថា ទ្រង់គឺជាព្រះ តែវាមិនទទួលជឿលើព្រះអង្គទេ។ នេះហើយគឺចំណុចមួយដែលសំខាន់សម្រាប់លោកអ្នក នៅពេលមាននរណាម្នាក់មកនិយាយយ៉ាងដូច្នោះចំពោះលោកអ្នកអំពីព្រះយេស៊ូវដោយទទួលស្គាល់ថា ពួកគេគឺជាគ្រីស្ទបរិស័ទដូចលោកអ្នក ហើយលោកអ្នកគឺតែមួយទេជាមួយពួកគេ។ ប៉ុន្តែ ប្រសិនបើលោកអ្នកបានចូលរួមជាមួយពួកគេ នោះលោកអ្នកនឹងឃើញថា ពួកគេមិនបានជឿ ឬក៏បានទទួលស្គាល់ពីភាពជាព្រះរបស់ព្រះអម្ចាស់យេស៊ូវ និងការដែលព្រះអង្គយកនិស្ស័យជាមនុស្សនោះឡើយ។
ដូច្នេះ ចូរឲ្យលោកអ្នកល្បងលមើល នូវអ្វីដែលពួកគេថ្លែង និងអ្វីដែលគេនិយាយពីព្រះគ្រីស្ទថា តើទ្រង់ជានរណា? ប្រសិនបើព្រះវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនពួកគេជាព្រះវិញ្ញាណដែលមកពីព្រះយ៉ាងពិតប្រាកដមែន នោះជាទូទៅពួកគេនឹងនិយាយលើកតម្កើងព្រះគ្រីស្ទ ដោយព្រោះព្រះវិញ្ញាណរបស់ព្រះនឹងលើកតម្កើងព្រះអង្គ។ កណ្ឌគម្ពីរ ១កូរិនថូស ១២:៣ «ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ»។ នេះមានន័យថា អ្នកដែលមានព្រះវិញ្ញាណនឹងពេញដោយព្រះវិញ្ញាណយ៉ាងពិតប្រាកដ គឺច្បាស់ណាស់ថា ពួកគេនឹងមិននិយាយអ្វីដែលបន្ទាបបន្ថោកព្រះយេស៊ូវនោះទេ។
អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដនោះគឺជាគ្រីស្ទបរិស័ទដែលជឿលើព្រះយេស៊ូវគ្រីស្ទ នោះពួកគាត់នឹងនិយាយអ្វីដែលលើកតម្កើងដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលពិត និងអ្វីដែលត្រឹមត្រូវ។ នេះគឺចំណុចស្នូលមួយ ដែលក្រុមខុសឆ្គងមួយចំនួនដែលតែងតែទាស់ប្រឆាំង និងតែងតែនិយាយដូចអ្វីដែលបានលើកឡើងនៅខាងលើអញ្ចឹង។ ហើយជាទូទៅពួកគេតែងតែនិយាយជាដំបូងគឺ៖ ទី១ ការដែលព្រះគ្រីស្ទបានយកកំណើតជាសាច់ឈាម ទី២ ព្រះយេស៊ូវទ្រង់បានសុគត ហើយមិនបានមានព្រះជន្មរស់ឡើងវិញទៀតទេ បើរស់គឺរស់តែខាងឯវិញ្ញាណប៉ុណ្ណោះ ហើយមិនមែនរស់ដោយសាច់ឈាមនោះទេ។ នេះហើយជាសេចក្តីបង្រៀនមួយចំនួន ដែលក្រុមខុសឆ្គងមួយចំនួនបានបង្រៀនយ៉ាងដូច្នោះ។ ដូច្នេះ បើសិនមានពួកគេមកសួរលោកអ្នកថា តើព្រះគ្រីស្ទជានរណា? តើលោកអ្នកនឹងឆ្លើយតបទៅពួកគេយ៉ាងដូចម្ដេច? ហើយក៏ជាចំណុចមួយដែលលោកអ្នកគួរសួរខ្លួនឯងផងដែរ។ ហើយខ្ញុំជឿថា លោកអ្នកនឹងឆ្លើយតបទៅកាន់ពួកគេនូវចម្លើយដែលពួកគេអាចទទួលយកបាន។ កណ្ឌគម្ពីរ ១យ៉ូហាន ៤:៣ «តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណអាទទឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយ៍ហើយ»។ ដូច្នេះ លោកអ្នកក៏បានឃើញថា គឺវាមាននៅក្នុងលោកីយ៍សព្វថ្ងៃនេះ ដោយមានការបង្រៀនសេចក្ដីបង្រៀនខុសឆ្គងយ៉ាងច្រើន ដែលជាអ្នកដែលទាស់ប្រឆាំង និងទទឹងនឹងព្រះគ្រីស្ទ ដែលជាអ្វីមួយធ្វើឲ្យលោកអ្នកគួរតែមានការប្រុងប្រយ័ត្ន។
ទី២ ត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យយើងដឹងថា សេចក្តីបង្រៀននោះមកពីវិញ្ញាណព្រះ ឬមកពីអារក្ស?យើងត្រូវពិនិត្យមើលនូវអ្វីដែលគេស្តាប់៖
កណ្ឌគម្ពីរ ១យ៉ូហាន ៤:៥ «ពួកនោះមកពីលោកីយ៍ទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះនោះក៏ស្តាប់យើងខ្ញុំ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន»។ ដូច្នេះ មានតែការស្តាប់ទៅចំពោះសេចក្ដីបង្រៀនរបស់ពួកសាវ័ក និងស្តាប់នូវដំណឹងល្អ ដែលមាននៅក្នុងព្រះគម្ពីរ សំណួរសួរថា តើពួកគាត់ស្តាប់តាមដំណឹងល្អ ឬទទួលស្គាល់ដែរឬទេ និងអ្វីដែលមានចែងក្នុងព្រះបន្ទូលដែរឬទេ? ឬក៏ពួកគាត់ស្តាប់តាមលោកីយ៍នូវអ្វីដែលលោកីយ៍បានធ្វើ ហើយស្តាប់ទៅតាមលោកីយ៍បានបង្រៀន និងប្រាប់ ជាជាងស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីបង្រៀនរបស់ពួកសាវ័ក។ ប្រសិនបើគាត់ជឿយ៉ាងពិតប្រាកដ និងមានព្រះវិញ្ញាណបរិសុទ្ធយ៉ាងពិតប្រាកដគង់នៅជាមួយ នោះគឺនឹងស្តាប់ ប៉ុន្តែនៅពេលដែលគាត់មិនមានវិញ្ញាណដែលមកពីព្រះអង្គនោះទេ នោះគាត់នឹងបដិសេធនូវសេចក្ដីបង្រៀននៃដំណឹងល្អពីព្រះយេស៊ូវ និងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ព្រមទាំងបដិសេធនូវសេចក្ដីបង្រៀនរបស់ពួកជំនុំដែលបង្រៀនយ៉ាងត្រឹមត្រូវតាមព្រះគម្ពីរ។
ដូច្នេះ ការដែលស្តាប់គឺវាលើសអំពីការគ្រាន់តែឮ ពីខាងឆ្វេងចេញខាងស្ដាំ ប៉ុន្តែការដែលស្ដាប់នៅត្រង់ចំណុចត្រង់នេះ ហើយក៏ជាអ្វីដែលព្រះគម្ពីរបានលើកឡើងផងដែរ។ ការស្តាប់គឺជាការអនុញ្ញាតឲ្យព្រះបន្ទូលរបស់ផងព្រះអង្គ បានជ្រាបចូលទៅក្នុងចិត្តរបស់ពួកគេ ហើយអនុវត្តធ្វើតាមនូវអ្វីដែលពួកគេបានឮពីព្រះបន្ទូលនោះឯង នេះហើយគឺជាការស្តាប់យ៉ាងពិតប្រាកដ។ ប្រហែលមានមនុស្សមួយចំនួននិយាយថា ខ្ញុំជឿព្រះយេស៊ូវដែរតើ ខ្ញុំបានស្តាប់សេចក្ដីបង្រៀនរបស់ព្រះយេស៊ូវដែរតើ ប៉ុន្តែដោយគ្រាន់ពាក្យ «ដែរតើ» ដូច្នេះ សំណួរសួរថា តើគាត់បានអនុញ្ញាតឲ្យព្រះបន្ទូលរបស់ផងព្រះអង្គបានប៉ះពាល់ចិត្តដែរឬទេ? ហើយអនុញ្ញាតឲ្យព្រះបន្ទូលផងព្រះអង្គធ្វើការក្នុងជីវិតពួកគាត់ដែរឬទេ? នេះគឺជាការសំខាន់ ហើយក៏ជាការល្បងលទី២ ដែលលោកអ្នក ហើយនិងខ្ញុំត្រូវតែល្បងលមើលថា តើគាត់ស្តាប់តាមសេចក្ដីបង្រៀនរបស់ដំណឹងល្អពីព្រះយេស៊ូវដែរឬទេ? ហេតុដូច្នេះហើយបានជាសាវ័ក យ៉ូហាន តែងតែរម្លឹកលោកអ្នក ហើយនិងខ្ញុំថា កុំឲ្យមានភាពភ័យខ្លាចសោះឡើយ ហើយអ្វីដែលសាវ័ក យ៉ូហាន បាននិយាយបែបនេះគឺជាអ្វីដែលគាត់លើកទឹកចិត្ត ហើយតែងតែបញ្ជាក់ម្តងហើយម្តងទៀត អ្នករាល់គ្នាបានជឿដល់ទ្រង់ហើយ នោះអ្នករាល់គ្នាក៏បានជីវិតដ៏នូវអស់កល្បជានិច្ច។ កណ្ឌគម្ពីរ ១យ៉ូហាន ៤:៤ «ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង»។ ដូច្នេះ លោកអ្នកឃើញហើយថា នេះគឺជាការរម្លឹកបន្ថែមទៀតថា កុំឲ្យយើងភ័យខ្លាច វិញ្ញាណរបស់លោកអ្នក ហើយនិងខ្ញុំដែលជាអ្នកជឿគឺធំជាងវិញ្ញាណអានោះ (គឺជាវិញ្ញាណអារក្ស) ដែលនៅខាងក្រៅទៅទៀត។ ចូរឲ្យលោកអ្នកបន្តដោយស្វាហាប់ដោយលោកអ្នកទទួលជឿព្រះអង្គយ៉ាងពិតប្រាកដ ដោយទទួលស្គាល់ភាពជាព្រះរបស់ព្រះគ្រីស្ទ ហើយនិងភាពជាមនុស្សរបស់ផងទ្រង់យ៉ាងពិតប្រាកដ ហើយនិងស្តាប់តាមសេចក្ដីបង្រៀននៃដំណឹងល្អ ពីព្រះយេស៊ូវព្រមទាំងពួកសាវ័កផងដែរ។ ដូច្នេះ នេះគឺការដែលរម្លឹកដាស់តឿនលោកអ្នក ចូរឲ្យលោកអ្នកល្បងលមើលដោយកុំចេះតែជឿនូវសេចក្ដីបង្រៀនរបស់ពួកគេនោះឡើយ ចូរឲ្យលោកអ្នកគិតពិចារណាមុននឹងជឿថា វាត្រឹមត្រូវតាមព្រះបន្ទូលព្រះដែរឬទេ? ជាការលើកទឹកចិត្ត ចូរឲ្យលោកអ្នកស្គាល់នូវអ្វីដែលជារបស់ពិត។
មតិយោបល់
Loading…