តើយើងអាចស្គាល់សេចក្តីស្រឡាញ់ដ៏ពិតប្រាកដបានដោយរបៀបណា?
១យ៉ូហាន ៣-១៦-១៨ «ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ។ បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្ដីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។ ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ»។
ទី១៖ យើងអាចដឹងពីស្រឡាញ់ដ៏ពិតប្រាកដបាន តាមរយៈការប្រព្រឹត្ត
លោកអ្នកអាចស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវបានតាមរយៈការលះបង់ព្រះជន្មរបស់ផងទ្រង់នៅលើឈើឆ្កាងសម្រាប់លោកអ្នក ហើយនិងខ្ញុំ ដែលជាមនុស្សមានបាប។ នេះគឺជាការបញ្ជាក់បង្ហាញយ៉ាងច្បាស់នូវសេចក្តីស្រឡាញ់របស់ព្រះអង្គសម្រាប់យើងគ្រប់ៗគ្នា។ ដូច្នេះ លោកអ្នកអាចស្គាល់ការស្រឡាញ់ដ៏ពិតប្រាកដពីបុគ្គលណាម្នាក់បានតាមរយៈការប្រព្រឹត្តរបស់បុគ្គលនោះ មិនមែនគ្រាន់តែការនិយាយចេញពីមាត់ថា ស្រឡាញ់តែគ្មានការប្រព្រឹត្តនោះទេ។ ហើយព្រះបន្ទូលរបស់ព្រះបានប្រាប់ថា ចូរឲ្យស្រឡាញ់ដូចជាព្រះយេស៊ូវគ្រីស្ទបានស្រឡាញ់ដែរ។ ហេតុដូច្នេះហើយ សេចក្ដីស្រឡាញ់របស់យើង ដែលជាគ្រីស្ទបរិស័ទគឺប្រៀបធៀបទៅនឹងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ។
ពេលខ្លះលោកអ្នកគ្រាន់តែនិយាយពាក្យថា «ស្រឡាញ់» តែដោយមិនដឹងពីស្តង់ដារនៃពាក្យស្រឡាញ់ដែលគ្រីស្ទបរិស័ទគួរតែមានដោយមានគំនិតគិតថា តើខ្ញុំគួរមានសេចក្តីស្រឡាញ់ប៉ុណ្ណា ទើបជាសេចក្ដីស្រឡាញ់ដែលមានស្តង់ដារ? ឬក៏ជាអារម្មណ៍មួយឆាវៗ ខណៈពេលដែលមាននរណាម្នាក់មានរូបរាងសង្ហា ស្អាតបាត ហើយបានធ្វើល្អចំពោះលោកអ្នក ហើយធ្វើឲ្យលោកអ្នកមានការស្រឡាញ់ចំពោះគាត់វិញឬ? តើនេះជាសេចក្តីស្រឡាញ់ដែលមកពីព្រះយេស៊ូវសម្រាប់លោកអ្នកចំពោះគាត់ ឬក៏យ៉ាងដូចម្ដេច? តែព្រះទ្រង់សព្វព្រះហឫទ័យលោកអ្នក ហើយនិងខ្ញុំស្រឡាញ់គ្នាទៅវិញទៅមក ហើយសេចក្ដីស្រឡាញ់ដែលត្រូវស្តង់ដាររបស់លោកអ្នក ហើយខ្ញុំគឺ ដូចជាព្រះគ្រីស្ទទ្រង់ស្រឡាញ់យើង ដោយព្រះអង្គបានប្តូរព្រះជន្មារបស់ទ្រង់សម្រាប់យើងដោយការសុគតនៅលើឈើឆ្កាងជំនួសអំពើបាបយើងផង។ ប្រហែលជាលោកអ្នកគិតថា ខ្ញុំមិនអាចប្តូរជីវិតដូចព្រះគ្រីស្ទបានធ្វើនោះទេ ប៉ុន្តែខ្ញុំជឿថាគ្រីស្ទបរិស័ទដែលជឿពិតប្រាកដគឺមានសេចក្ដីស្រឡាញ់ដែលមកពីព្រះអង្គ ហើយសេចក្ដីស្រឡាញ់នោះមិនដូចសេចក្ដីស្រឡាញ់របស់លោកីយ៍ឡើយ។
រីឯសេចក្ដីស្រឡាញ់បែបលោកីយ៍ គឺជាសេចក្ដីស្រឡាញ់ដែលចង់បានអ្វីមួយតបស្នងត្រឡប់មកវិញពីបុគ្គលណាម្នាក់ ដោយបុគ្គលនោះត្រូវធ្វើអ្វីមួយគួរឲ្យចាប់អារម្មណ៍សិនទើបគាត់ស្រឡាញ់វិញ។ ប្រសិនបើលោកអ្នកស្រឡាញ់ដូចជាព្រះអង្គស្រឡាញ់ ហើយដើរជាមួយនឹងព្រះអង្គយ៉ាងកៀកស្និទ្ធ ខ្ញុំជឿថានឹងមានពេលវេលាមួយមកដល់ នោះលោកអ្នកក៏អាចលះបង់ដូចជាទ្រង់បានលះបង់ដែរ។ ហើយលោកអ្នកក៏បានដឹងហើយថា នៅពេលដែលលោកអ្នកដើរជាមួយទ្រង់ នោះជីវិតរបស់លោកអ្នកនឹងមានការផ្លាស់ប្រែជាក់ជាមិនខានដូចព្រះអង្គផ្ទាល់ ព្រមទាំងគំនិត ហើយនិងការគិតរបស់លោកអ្នក វាក៏កាន់តែមានលក្ខណៈដូចជាព្រះអង្គផងដែរ។
សំណួរសួរថា សព្វថ្ងៃនេះ តើលោកអ្នកបានដើរយ៉ាងកៀកស្និទ្ធជាមួយនឹងទ្រង់ដែរឬទេ? ប្រសិនបើលោកអ្នកនិយាយថា លោកអ្នកមិនអាចស្រឡាញ់គាត់នេះ ឬគាត់នោះបានទេ ហើយក៏មិនអាចលះបង់អ្វីសោះសម្រាប់គាត់នោះបានដែរ។ សំណួរសួរថា តើឯណាទៅស្តង់ដាររបស់លោកអ្នក ដែលដើរកៀកស្និទ្ធជាមួយព្រះយេស៊ូវ? ផ្ទុយទៅវិញ ស្តង់ដាររបស់យើងដែលជាគ្រីស្ទបរិស័ទ គឺត្រូវស្រឡាញ់ដូចជាព្រះយេស៊ូវបានស្រឡាញ់យើងដែរ ដោយទ្រង់បានប្តូរព្រះជន្មរបស់ទ្រង់សម្រាប់លោកអ្នក ហើយនិងខ្ញុំ។ សូមកុំភាន់ច្រឡំឲ្យសោះ នៅត្រង់ចំណុចនេះ លោកអ្នកដឹងហើយថា ព្រះយេស៊ូវទ្រង់បានសុគតគឺទ្រង់អាចអត់ទោសអំពើបាបបាន។ ប៉ុន្តែ នៅពេលលោកអ្នកស្រឡាញ់នរណាម្នាក់ ដោយលោកអ្នកបានលះបង់ជីវិតរបស់ខ្លួនសម្រាប់បុគ្គលនោះ នោះមិនមែនមានន័យថា បុគ្គលដែលលោកអ្នកបានលះបង់ជីវិតសម្រាប់បានអត់ទោសបាប ឬក៏បានរួចពីបាបនោះទេ។ មានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះដែលមានសមត្ថភាព ហើយបានសុគតជំនួសអំពើបាបយើង ដោយទ្រង់អាចធ្វើការនេះបានគឺ ដោយសារទ្រង់ជាព្រះ ១០០% ហើយក៏ជាមនុស្ស ១០០%។ មិនមែនលោកអ្នកនោះទេ!
ដូច្នេះ លោកអ្នកអាចស្គាល់សេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់លោកអ្នកបានតាមរយៈការប្រព្រឹត្ត។ ប្រសិនបើលោកអ្នកនិយាយច្រើនដងថា លោកអ្នកស្រឡាញ់ដោយចេញតែពីបបូរម៉ាត់ ដោយមិនមានសកម្មភាពបង្ហាញអ្វីសោះ នោះពិតប្រាកដណាស់ នេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដនោះឡើយ។ លោកគ្រូ ចន ស្តុថ៍ បាននិយាយថា «សេចក្តីស្រឡាញ់ដ៏ពិតប្រាកដ ដែលយើងមានចំពោះមនុស្សនឹងនាំឲ្យយើងហ៊ានពលី ឬក៏ធ្វើកិច្ចការសម្រាប់ពួកគេ ប៉ុន្តែប្រសិនបើយើងមិនធ្វើដូច្នោះទេ ហើយប្រសិនបើសេចក្តីស្រឡាញ់របស់យើងមិនមានធ្វើការលះបង់ចំពោះពួកគេទេ នោះសេចក្ដីស្រឡាញ់គ្រាន់តែជាអារម្មណ៍អណ្ដែតអណ្តូង សង់ទីម៉ង់ ដូចដូងអណ្ដែតទឹកអញ្ចឹង»។ លោកអ្នកដឹងហើយថា មនុស្សម្នានៅក្នុងលោកីយ៍បច្ចុប្បន្ននេះមានការរវល់ច្រើនជាមួយការងាររៀងៗខ្លួន ហើយពួកគេធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់តែខ្លួនគេ និងសម្រាប់បំពេញតម្រូវការរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ។ ហើយពួកគេតែងតែគិតពីខ្លួនឯង ជាជាងគិតពីអ្នកដទៃ។ ចំពោះលោកអ្នកដែលជាគ្រីស្ទបរិស័ទ ព្រះអង្គបានបង្គាប់ថា ចូរឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដោយការមើលថែរក្សាគ្នា នឹងយកចិត្តទុកដាក់ចំពោះគ្នា។ សេចក្តីស្រឡាញ់គឺជាសកម្មភាព ដោយព្រះយេស៊ូវទ្រង់ជាគំរូសម្រាប់លោកអ្នក ហើយនិងខ្ញុំដោយទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់មកកាន់យើងរាល់គ្នាជាមុន មិនមែនទាមទារឲ្យយើងធ្វើល្អឲ្យបានគ្រប់គ្រាន់ទើបព្រះអង្គចាត់ព្រះរាជបុត្រារបស់ផងទ្រង់មកផែនដីនោះឡើយ។ ប៉ុន្តែ សេចក្ដីស្រឡាញ់គឺជាការចាប់ផ្ដើមជាមុន មានន័យថា លោកអ្នកត្រូវចាប់ផ្តើមសេចក្តីស្រឡាញ់ជាមុន ដោយមិនស្រ័យទៅលើអារម្មណ៍របស់ខ្លួនដោយទាមទារឲ្យមានការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួនលោកអ្នកនោះទេ។
ប្រសិនបើលោកអ្នកបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់គ្នាទោវិញទៅមក ដែលលោកអ្នកកំពុងមានយ៉ាងពិតប្រាកដ នោះនៅពេលមានអ្នកដទៃ ឬសហគមន៍របស់លោកអ្នកបានឃើញ នោះពួកគេនឹងមានលក្ខណៈខុសប្លែកពីធម្មតាពីលោកអ្នកជាមិនខាន។ ប៉ុន្តែ ប្រសិនបើលោកអ្នកនៅមានគំនិតគិតថា ចាំអ្នកដទៃធ្វើមុនសិន ទើបលោកអ្នកធ្វើតាមក្រោយ នោះលោកអ្នកនឹងនៅតែរង់ចាំអ្នកដទៃធ្វើបែបនេះជារៀងរហូតដល់ពេលមួយលោកអ្នកនឹងមានការរិះគន់គ្នា និយាយដើម ឬនិយាយមិនល្អពីគ្នា។ ការនេះផ្ទុយពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដែលមានសម្រាប់លោកអ្នក ហើយនិងខ្ញុំរួចទៅហើយ។ ប្រសិនបើលោកអ្នកជាអ្នកចាប់ផ្តើមជាមុន ដោយបង្ហាញពីសេចក្តីស្រឡាញ់ ដែលមានពិតប្រាកដដោយចាប់ផ្តើមសួរសុខទុក្ខគ្នា ជម្រាបសួរគ្នាទៅវិញទៅមក ស្វាគមន៍គ្នា មានទំនាក់ទំនងជាមួយគ្នា ជួយយកធុរៈគ្នាពេលមានគ្រាអាសន្ន ឈឺថ្កាត់ នៅពេលនោះសហគមន៍របស់លោកអ្នកនឹងមើលឃើញថា គ្រីស្ទបរិស័ទស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងពិតប្រាកដមែន។ ដូច្នេះ យើងស្គាល់សេចក្តីស្រឡាញ់ដ៏ពិតប្រាកដបាន ដោយសារការប្រព្រឹត្ត។
ទី២៖ តើយើងប្រព្រឹត្តនៅក្នុងលក្ខណៈណាខ្លះ?
ខ្ញុំមិនមែនចង់មានន័យថា លោកអ្នកគួរបានតែសួរសុខទុក្ខគ្នា ហើយបាននិយាយចេញពីបបូរមាត់របស់លោកអ្នកថា «ស្រឡាញ់» នោះប៉ុណ្ណោះទេ។ ខ្ញុំជឿថា អ្វីដែលសាវ័ក យ៉ូហាន បាននិយាយនៅត្រង់ចំណុចនេះ គឺមិនមែនមានន័យថា ការដែលលោកអ្នកនិយាយពាក្យលើកទឹកចិត្ត នោះមែនមែនមានន័យថា លោកអ្នកមិនបានបង្ហាញអំពីសេចក្តីស្រឡាញ់នោះទេ។ ផ្ទុយទៅវិញ គាត់ចង់បង្ហាញអំពីសកម្មភាពផ្សេងៗ ដែលយើងគួរមាននៅក្នុងការស្រឡាញ់។
«បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្ដីស្រឡាញ់នៃព្រះបានស្ថិតនៅក្នុងអ្នកនោះបាន» ១យ៉ូហាន ៣:១៧។
នៅពេលដែលលោកអ្នកដឹងថា មាននរណាម្នាក់ក្នុងចំណោមបងប្អូនរួមជំនឿរបស់លោកអ្នក (ឬអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ) មានការខ្វះខាតដោយលោកអ្នកបានដឹងនូវតម្រូវការរបស់ពួកគេ ហើយលោកអ្នកមានលទ្ធភាពក្នុងការបំពេញនូវតម្រូវការនោះ។ ប៉ុន្តែ លោកអ្នកគ្រាន់តែនិយាយថា «សូមព្រះប្រទានពរ សូមព្រះប្រទានក្ដីសុខសាន្តចុះ» ដោយមិនបានជួយអ្វីសោះដល់ពួកគេ។ នោះខ្ញុំជឿថា នេះមិនមែនជាក្តីស្រឡាញ់ដែលសាវ័ក យ៉ូហាន ចង់បង្រៀនយើងនោះទេ សេចក្តីស្រឡាញ់មិនមែនគ្រាន់តែនិយាយឲ្យចេញតែពីបបូរមាត់ប៉ុណ្ណោះទេ ។ កណ្ឌគម្ពីរ យ៉ាកុប ២:១៥-១៦ បានចែងថា «ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី»។
លោកអ្នកបានដឹងហើយថាពាក្យសម្ដីនៅក្នុងសេចក្ដីពិត គឺជាអ្វីដែលលោកអ្នកត្រូវប្រើប្រាស់ផងដែរ។ ហើយពាក្យសម្ដីរបស់លោកអ្នកក៏ជាសកម្មភាពដែលចេញពីសេចក្តីស្រឡាញ់ដែរ។ កណ្ឌគម្ពីរ យ៉ូហាន ៨:៣២ ចែងថា «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។ លោកអ្នកមានសេចក្តីពិតមកពីព្រះជាម្ចាស់។ ដូច្នេះ លោកអ្នកក៏អាចយកសេចក្ដីពិតនោះទៅប្រាប់អ្នកដទៃបានផងដែរ ហើយសកម្មភាពក្នុងការនិយាយសេចក្ដីពិតនោះក៏មានការប្រព្រឹត្តផងដែរ។ ការប្រើពាក្យសម្ដីក៏ត្រូវមានសកម្មភាពក្នុងការប្រព្រឹត្ត ទាក់ទងនឹងសេចក្ដីស្រឡាញ់ដែរ។ ប៉ុន្តែ សូមប្រើប្រាស់វាឲ្យត្រូវហើយចំពេលចុះ។ ឧទាហរណ៍៖ បើមានបងប្អូនរួមជំនឿរបស់យើងណាម្នាក់មានការបាក់ទឹកចិត្ត និងមានការពិបាកច្រើនក្នុងជីវិត ដូច្នេះ លោកអ្នកអាចប្រើប្រាស់ពាក្យសម្ដីដែលចេញពីសេចក្តីស្រឡាញ់ ដើម្បីលើកទឹកចិត្តសម្រាប់ពួកគេបាន។
នៅពេលដែលលោកអ្នកប្រើប្រាស់ពាក្យសម្ដីនៃសេចក្តីពិតដែលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពេល នោះគឺជាការលើកទឹកចិត្ត និងស្អាងគ្នាឡើងទៅវិញទៅមក ហើយសេចក្ដីពិតនោះនឹងរំដោះពួកគេឲ្យមានសេរីភាពឡើងវិញ។ ដូច្នេះ សូមលោកអ្នកកុំភាន់ច្រឡំថា ការដែលយើងនិយាយពាក្យសម្ដីនោះមិនមែនជាសកម្មភាពនៃសេចក្ដីស្រឡាញ់ឡើយ។ ពេលខ្លះ យើងមួយចំនួនក៏មានការភាន់ច្រឡំដែរថា ប្រសិនបើមាននរណាបានប្រព្រឹត្តខុស ហើយយើងមានសេចក្តីសេចក្ដីស្រឡាញ់ចំពោះ តែបែរជាបណ្តោយឲ្យបន្តធ្វើខុសបន្តទៀត (ត្រង់ចំណុចនេះជាពិសេសគឺខាងប៉ែកអាស៊ី)។ ម៉្យាងវិញទៀត នៅពេលដែលលោកអ្នកឃើញនរណាម្នាក់កំពុងធ្វើអ្វីដែលមិនត្រឹមត្រូវ ដោយលោកអ្នកគិតថាលោកអ្នកនឹងចង់រក្សានៅទំនាក់ទំនងល្អជាមួយនឹងគាត់ ហើយលោកអ្នកបែរជាមិនហ៊ាននិយាយប្រាប់គាត់ទេ ថែមទាំងមានគំនិតគិតថា ការដែលលោកអ្នកមិននិយាយប្រាប់គាត់នោះឯងគឺជាសេចក្ដីស្រឡាញ់ តែនេះមិនមែនជាអ្វីដែលព្រះគម្ពីរបានបង្រៀនយ៉ាងដូច្នោះនោះឡើយ។ នៅពេលដែលលោកអ្នកបានដឹងថា មាននរណាម្នាក់កំពុងធ្វើអ្វីដែលមិនត្រឹមត្រូវ ឬប្រព្រឹត្តខុស នោះមានរបៀបមួយដែលលោកអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ទៅកាន់ម្នាក់នោះបាន គឺលោកអ្នកត្រូវដើរចូលទៅកាន់គាត់ ហើយនិយាយសេចក្ដីពិតប្រាប់គាត់ ដោយសេចក្តីស្រឡាញ់ទៅចំពោះគាត់។ នេះគឺជាសកម្មភាពនៃសេចក្ដីស្រឡាញ់! ខ្ញុំក៏ដឹងថា វាពិបាកណាស់ក្នុងការនិយាយពីសេចក្ដីពិតនៃសេចក្ដីស្រឡាញ់នោះ។ វាជារឿងដ៏ពិបាកបំផុត។
សរុបសេចក្ដីមក លោកអ្នកអាចស្គាល់សេចក្តីស្រឡាញ់បាន ដោយការប្រព្រឹត្តក្នុងសេចក្ដីពិត។ នេះហើយគឺជាខ្លឹមសារដ៏សំខាន់។ ដូច្នេះ ចូរកុំបង្អង់យូរ។ ចូរអនុវត្តនូវសេចក្ដីស្រឡាញ់ដោយមានការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយមានការប្រព្រឹត្តក្នុងសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ចុះ។
មតិយោបល់
Loading…