in

ស្រឡាញ់ស្រឡាញ់ សើចសើច ខឹងខឹង អស្ចារ្យអស្ចារ្យ

អត្ថន័យ​នៃ​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ

What does it mean to be filled with the Spirit?

សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៥:១៨ ថា «កុំ​ឲ្យ​ស្រវឹង​ស្រា​ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​វិញ» ។ តើ​ការ​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​ន័យ​យ៉ាង​ដូចម្ដេច? កិរិយាសព្ទ «ចូរ​ឲ្យ​បាន​ពេញ» មាន​ន័យ​ថា «ចូរ​នៅ​បន្ត​ឲ្យ​បាន​ពេញ​ម្ដង​ហើយ​ម្ដង​ទៀត»។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​បាន​ពេញ​ម្ដង​ជា​សម្រេច​នោះ​ទេ ប៉ុន្តែ​ត្រូវ​បន្ត​រស់​នៅ​ក្នុង​បែប​មាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ។ តើ​ការ​នេះ​រួម​មាន​អ្វី​ខ្លះ? ចំណុច​គន្លឹះ​៖ សាវ័ក ប៉ុល មិន​មែន​កំពុង​តែ​និយាយ​ទៅ​កាន់​បុគ្គល​តែ​ម្នាក់​នោះ​ទេ តែ​គាត់​​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​មូល។ គាត់​មិន​មែន​និយាយ​មក​កាន់​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ​នោះ​ទេ តែ​គាត់​កំពុង​ប្រាប់​ក្រុម​ជំនុំ​ខ្ញុំ​ទាំង​មូល​ឲ្យ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ! តើ​យើង​អាច​មាន​លក្ខណៈ​បែប​នោះ​បាន​ដោយ​របៀប​ណា? សាវ័ក ប៉ុល បាន​លើក​ឡើង​ពី​ព័ន្ធកិច្ច​បួន​យ៉ាង ជា​ការ​រៀបរាប់​ពី​អត្ថន័យ​នៃ​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ។ កណ្ឌ​គម្ពីរ អេភេសូរ ៥:១៩-២១ មាន​រៀបរាប់​ពី​អត្ថន័យ​នេះ​យ៉ាង​ចំៗ៖

«ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ​អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត ទាំង​អរ​ព្រះ​គុណ​ដល់​ព្រះ ជា​ព្រះ​វរបិតា​ជានិច្ច ក្នុង​គ្រប់​ការ​ទាំង​អស់ ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​របស់​យើង។ ត្រូវ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ។» (អេភេសូរ ៥:១៩-២១ គកស)។

តើ​នៅ​ក្រុម​ជំនុំ​លោក​អ្នក​ជា​កន្លែង​មួយ​ដែល​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ដែរ​ឬ​ទេ? តើ​សមាជិក​ច្រៀង​សរសើរ​តម្កើង​ព្រះ​គ្រីស្ទ​ដោយ​មាន​ចិត្ត​ឆេះឆួល​ដែរ​ឬ​ទេ? តើ​ពួក​គាត់​នៅ​បន្ត​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ដោយសារ​ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​យេស៊ូវ​ដល់​ពួក​គាត់ ទោះ​បើ​ពួក​គាត់​កំពុង​ប្រឈម​មុខ​នឹង​កាលៈទេសៈ​លំបាកៗ​ដែរ​ឬ​ទេ? តើ​ពួក​គាត់​ចូល​ចិត្ត​បម្រើ​គ្នា ដោយសារ​ពួក​គាត់​លង់​ក្នុង​សិរីល្អ​របស់​ព្រះ​គ្រីស្ទ​ឬ​យ៉ាង​ណា​ដែរ? ប្រសិនបើ​ចម្លើយ​ចេញ​មក​ថា ពួក​គាត់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ហើយ​នៅ​បន្ត​អរ​ព្រះ​គុណ​ព្រះ និង​លង់​ក្នុង​សិរីល្អ​ព្រះ​អង្គ នោះ​មាន​ន័យ​ថា ក្រុម​ជំនុំ​លោកអ្នក​កំពុង​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​ហើយ។

ប៉ុន្តែ ចូរ​សម្គាល់​ពី​បង្គាប់​របស់​សាវ័ក ប៉ុល មក​កាន់​យើង​ទាំង​អស់​គ្នា ដែល​​ឲ្យយើង​​ពេញ​ជា​ព្រះ​វិញ្ញាណ​វិញ។ តើ​យើង​បាន​ពេញ​ដោយ​របៀប​ណា? តើ​យើង​អាច​ក្លាយ​ជា​ក្រុម​ជំនុំ​ដែល​ពេញ​ជា​ព្រះ​វិញ្ញាណ ហើយ​បន្ត​នៅ​ពេញ​បាន​ដោយ​របៀប​ណា? ចូរ​កុំ​ចាំ​អ្នក​ដទៃ ឬ​ក៏​ត្អូញត្អែរ​ពី​ក្រុម​ជំនុំ​របស់​លោក​អ្នក​ឡើយ។ ចូរ​ចាប់​ផ្ដើម​មាន​ចំណែក​ក្នុង​ការ​ពេញ​ជា​ព្រះ​វិញ្ញាណ​ចុះ ដែល​នោះ​ជា​ដំណោះ​ស្រាយ​នៃ​ការ​ដែល​ក្រុម​ជំនុំ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ ។ ចូរ​និយាយ​អំពី​ព្រះ​យេស៊ូវ​ទៅ​កាន់​អ្នក​ដទៃ។ ចូរ​រំឭក​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ដំណឹង​ល្អ ដោយ​ច្រៀង​ទំនុក​​ដែល​នឹង​ធ្វើ​ឲ្យ​ក្ដី​ស្រឡាញ់​របស់​យើង​កាន់​តែ​មាន​ភាព​រស់​រវើក​ជាង​មុន។ ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ​គ្រីស្ទ ពេញ​ដោយ​កម្លាំង និង​ចិត្ត​ឆេះឆួល។ ចូរ​ឈប់​រអ៊ូរទាំ ហើយ​ត្អូញត្អែរ​ចុះ តែ​ចាប់​ផ្ដើម​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ជាមួយ​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់​វិញ។ ចូរ​គិត​ពី​អ្នក​ដទៃ​មុន​នឹង​គិត​ខ្លួន​ឯង។ នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​បែប​នេះ ចូរ​បន្ត​អធិស្ឋាន​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បញ្ឆេះ​ចិត្ត​អ្នក​ដទៃ​ឲ្យ​ស្រឡាញ់​ព្រះ​គ្រីស្ទ​ផង​ដែរ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Tim Chester និង​លោក​គ្រូ Christopher de la Hoyde
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​និងលោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី Who on Earth is the Holy Spirit? ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

គេ​ចុច​ Like ទៀត​ហើយ!

ជា​ពូជ​ស្តេច