ទំនុកតម្កើង ១:១-៦៖
១ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់
ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយពួកអ្នកមើលងាយ
២ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
៣ អ្នកនោះប្រៀបដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល
ហើយស្លឹកមិនចេះស្រពោនឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើសុទ្ធតែចម្រុងចម្រើនទាំងអស់។
៤ ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ
គឺគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។
៥ ដូច្នេះ មនុស្សអាក្រក់មិនអាចឈរនៅក្នុងគ្រាជំនុំជម្រះបានឡើយ
ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំនៃមនុស្សសុចរិតបានដែរ
៦ ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត
តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
នេះជាថ្ងៃទី១ ខែកក្កដា ដែលយើងហៅថា «ទិវាអធិស្ឋានជាតិ» នៅប្រទេសខ្មែរ តើហេតុអ្វីបានជាយើងលើកយកកណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក១ ដែលជំពូកនេះមិនបានរៀបរាប់ពីការអធិស្ឋានសោះ តែបែរជាផ្ដោតទៅលើព្រះបន្ទូល ជាជាងការអធិស្ឋានទៅវិញ? ខ២គឺជាចំណុចស្នូលនៃកណ្ឌគម្ពីរទំនុកតម្កើងទាំងមូល «គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ» (គកស)។ បុគ្គលដែលត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជាបុគ្គលដែលសញ្ជឹងគិតពីក្រឹត្យវិន័យទាំងយប់ទាំងថ្ងៃ បុគ្គលនោះឯងដែលនឹងទទួលបានការរំដោះខ្លួនចេញពីផ្លូវរបស់មនុស្សអាក្រក់ មនុស្សមានបាប និងពួកអ្នកមើលងាយ ហើយគាត់ក៏នឹងបង្កើតផលតាមរដូវកាល និងនៅស្ថិតស្ថេរ ក៏ដូចជាចម្រុងចម្រើនឡើងៗ។ នេះហើយជាចំណុចស្នូល នៃការត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ដូច្នេះ មូលហេតុអ្វីបានជាយើងខ្ញុំលើកយកកណ្ឌគម្ពីរទំនុកតម្កើងនេះ ហើយផ្ដោតទៅលើការត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលទិវាអធិស្ឋានទៅវិញ?
បើសួរដោយឆោតទៅ តើកណ្ឌគម្ពីរទំនុកតម្កើងជំពូក១ស្ថិតនៅត្រង់ណាក្នុងគម្ពីរទំនុកតម្កើង? កណ្ឌគម្ពីរទំនុកតម្កើងជំពូក១ គឺស្ថិតនៅដើមបំផុតនៃកណ្ឌគម្ពីរទំនុកតម្កើង។ តើកណ្ឌគម្ពីរនេះបានរៀបរាប់ពីអ្វីខ្លះ? មានជំពូកជាច្រើននៃកណ្ឌគម្ពីរនេះ គឺជាសេចក្ដីអធិស្ឋាន។ តាមពិតទៅ កណ្ឌគម្ពីរទំនុកតម្កើង គឺជាកណ្ឌគម្ពីរនៃសេចក្ដីអធិស្ឋានក្នុងព្រះគម្ពីរ។ មានគ្រីស្ទបរិស័ទជាច្រើនអានកណ្ឌគម្ពីរទំនុកតម្កើង ដើម្បីជាជំនួយក្នុងការរកពាក្យពេចន៍ដែលទាក់ទងនឹងសម្រែកបេះដូងរបស់ខ្លួនក្នុងគ្រាលំបាក ក៏ដូចជាក្នុងពេលអរសប្បាយផងដែរ។ ហេតុដូច្នេះហើយបានជាខ្ញុំលើកយកកណ្ឌគម្ពីរទំនុកតម្កើងជំពូក១នេះ ដែលទាក់ទងនឹងថ្ងៃទិវាអធិស្ឋានជាតិ ព្រោះព្រះគម្ពីរក៏បានលើកយកទំនុកតម្កើងជំពូក១ដែលចាប់ផ្ដើមដោយការអធិស្ឋានផងដែរ។
ប៉ុន្តែ ហេតុអ្វីបានជាកណ្ឌគម្ពីរទំនុកតម្កើងចាប់ផ្ដើមដោយរបៀបនេះ? ហេតុអ្វីបានជាយើងត្រូវធ្វើបែបនេះដែរ? មូលហេតុគឺ៖ ជីវិតជាគ្រីស្ទបរិស័ទដែលជារាស្ត្ររបស់ព្រះជាម្ចាស់ ត្រូវតែយកការអធិស្ឋាន និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មកច្របាច់បញ្ចូលគ្នាឲ្យស្អិតល្មួតរហូតដល់ចំណុចមួយថា បើទាំងពីរនេះដាច់ចេញពីគ្នា នោះការទាំងពីរហ្នឹងនឹងរលាយបាត់សូន្យជាមិនខាន។ សូមអនុញ្ញាតឲ្យយើងខ្ញុំបានសង្ខេបនូវរបៀបស្អិតល្មួតនៃការអធិស្ឋាន និងព្រះបន្ទូលក្នុងរបៀបបីយ៉ាង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ញ៉ាំងឲ្យយើងកាន់តែចង់អធិស្ឋាន ឯព្រះបន្ទូលក៏ផ្ដល់ព័ត៌មានពីការអធិស្ឋាន ហើយព្រះបន្ទូលក៏បង្កើតចេញជាការអធិស្ឋានផងដែរ។ ខាងក្រោមនេះគឺជាការពន្យល់ត្រួសៗលើចំណុចទាំងបីនេះ៖
ភាពស្អិតល្មួតរវាងការអធិស្ឋាន និងព្រះបន្ទូល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ញ៉ាំងឲ្យយើងកាន់តែចង់អធិស្ឋាន។ នេះមានន័យថា ព្រះបន្ទូលបង្គាប់យើងឲ្យអធិស្ឋាន ហើយក៏បានរៀបរាប់នូវសេចក្ដីសន្យាដល់យើងពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើ បើយើងអធិស្ឋាន ហើយព្រះបន្ទូលក៏បានរៀបរាប់ពីដំណើររឿងរបស់បុរសនឹងស្ត្រីដែលអធិស្ឋានផងដែរ។ កណ្ឌគម្ពីរ យ៉ាកុប ៥:១៦-១៨ បានលើកឡើងពីចំណុចទាំងបីនេះ។ ទី១ «អធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ»។ នេះជាសេចក្តីបង្គាប់មកពីព្រះបន្ទូលព្រះ។ ទី២ «ពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់»។ នេះជាសេចក្ដីសន្យាដែលលើកទឹកចិត្តយើង។ ទី៣ «លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ»។ នេះជាចំណុចអស្ចារ្យដែលញ៉ាំងឲ្យយើងចង់អធិស្ឋាន។ សរុបសេចក្ដីទៅ ព្រះបន្ទូលញ៉ាំងយើងឲ្យអធិស្ឋានដោយការស្តាប់បង្គាប់ (ដូចជាគ្រូពេទ្យដែលប្រាប់ពីអ្វីដែលល្អសម្រាប់យើង) ហើយព្រះបន្ទូលក៏សន្យាដែរថា យើងនឹងទទួលបានរបស់ល្អៗ។ បើយើងអធិស្ឋាន ហើយព្រះបន្ទូលក៏បានរៀបរាប់ពីដំណើររឿងជាច្រើន ដើម្បីទុកជាការលើកទឹកចិត្តដល់យើងនៅពេលយើងចុះខ្សោយ។
ទី២ ព្រះបន្ទូលក៏ផ្ដល់នូវព័ត៌មានស្ដីពីការអធិស្ឋានដល់យើងផងដែរ។ នេះមានន័យថា ព្រះបន្ទូលប្រាប់យើងនូវអ្វីដែលយើងត្រូវអធិស្ឋាន ហើយព្រះបន្ទូលក៏បានក្លាយជាពាក្យពេចន៍ដែលយើងគួរអធិស្ឋានតាមផងដែរ។ ពេលដែលលោកអ្នកស្គាល់ព្រះឥត្ថិលិង្គ (ខួរក្បាល ឬចិត្ត) របស់ព្រះជាម្ចាស់ក្នុងព្រះបន្ទូលរបស់ទ្រង់ នោះលោកអ្នកក៏នឹងអធិស្ឋាននូវអ្វីៗដែលមានក្នុងព្រះឥត្ថិលិង្គរបស់ទ្រង់ក្នុងសេចក្ដីអធិស្ឋានរបស់លោកអ្នកជាមិនខាន។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរ កិច្ចការ ៤:២៤-២៦ យើងឃើញថា ក្រុមជំនុំដើមដំបូងបានអធិស្ឋានដូចនេះ «គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱ ព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ [និក្ខមនំ ២០:១១] ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ [ទំនុកតម្កើង ២] បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ? ពួកស្ដេចនៅលើផែនដីបានប្រុងប្រៀបខ្លួន ឯពួកមេគ្រប់គ្រងបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទរបស់ព្រះអង្គ។»»» (គកស)។ នោះជារបៀបដែលពួកបរិសុទ្ធដ៏មានអំណាចបានអធិស្ឋានតាំងពីយូរមកម្ល៉េះ។ សូមព្រះអម្ចាស់ជួយឲ្យការអធិស្ឋានរបស់យើងបានសម្រេចតាមគោលដៅ និងក្ដីសន្យារបស់ព្រះជាម្ចាស់ ដើម្បីឲ្យយើងបានរៀនពីព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលដែលផ្ដល់ព័ត៌មានពីការអធិស្ឋាន។
ទី៣ ព្រះបន្ទូលក៏បានបង្កើតឲ្យមានការអធិស្ឋានផងដែរ។ នេះមានន័យថា ជារឿយៗយើងមិនអាចមើលឃើញសេចក្តីអធិស្ឋានបានទេ តែសេចក្តីអធិស្ឋានមាននៅគ្រប់ទីកន្លែងក្នុងព្រលឹង ក្នុងបន្ទប់ និងក្នុងព្រះវិហាររបស់យើង។ ប៉ុន្តែ ការបើកសម្ដែងបែបនេះគួរតែមានការបើកចំហក្នុងជីវិតរបស់យើង និងក្នុងសហគមន៍របស់យើង។ តើការនេះកើតឡើងដោយរបៀបណា? ព្រះជាម្ចាស់តែងតែសម្រេចផែនការផ្សេងៗរបស់ទ្រង់ឲ្យមានដំណើរការឆ្ពោះទៅមុខដូចជា ការផ្សាយដំណឹងល្អដល់ចុងបំផុតនៃផែនដី និងការបំផ្លាស់បំប្រែជីវិតរបស់បុគ្គលណាម្នាក់ ក៏ដូចជាការផ្លាស់ប្តូរនូវវប្បធម៌ណាដែលទាស់នឹងសេចក្ដីពិតនៃព្រះបន្ទូល។ ព្រះបន្ទូលក៏ជួយជំរុញឲ្យយើងមានសេចក្តីអធិស្ឋាន។ ការអធិស្ឋាននឹងកាន់តែពូកែឡើងៗ និងមានប្រសិទ្ធភាព នៅពេលដែលគេឮសេចក្ដីពិតពេញត្រចៀក ហើយទទួលយកសេចក្ដីពិតនោះដាក់ក្នុងចិត្ត និងបេះដូងរបស់គេ។
មនុស្សលោកនឹងមិនទទួលជឿលើព្រះយេស៊ូវ ដោយគ្រាន់តែយើងអធិស្ឋានឲ្យពួកគាត់នោះទេ។ ពួកគាត់ក៏ត្រូវឮដំណឹងល្អពីព្រះយេស៊ូវដែរ។ «ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស?» (រ៉ូម ១០:១៤ គកស)។ «សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ» (២ថេស្សាឡូនិច ៣:១)។ ការអធិស្ឋានធ្វើឲ្យព្រះបន្ទូលមានអំណាច ហើយព្រះបន្ទូលបង្កើតឲ្យមានការអធិស្ឋាន។ ហើយពួកបរិសុទ្ធនឹងមិនកាន់តែបរិសុទ្ធ ដោយសារមាននរណាម្នាក់អធិស្ឋានឲ្យពួកគាត់ថា សូមឲ្យពួកគាត់បានកាន់តែបរិសុទ្ធនោះទេ។ ពួកគាត់ក៏ត្រូវការយល់សេចក្ដីពិត៖ «សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ព្រះអង្គ» (យ៉ូហាន ១៧:១៧ គកស)។ ទាសករនៃលោកីយ៍ដ៏អយុត្តិធម៌គឺ ការលោភលន់ ការមិនស្មោះត្រង់ និងការសហាយស្មន់ ការទាំងនេះមិនមែនសុខៗវាមិនអាចផ្លាស់ប្តូរបាននោះទេ បើយើងគ្រាន់តែអធិស្ឋានសម្រាប់ការទាំងអស់នោះ។ សេចក្ដីពិត មានតួនាទីជាអ្នកបំផ្លាស់បំប្រែ៖ «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច» (យ៉ូហាន ៨:៣២ គកស)។ ការអធិស្ឋានត្រូវតែកើតឡើងតាមរយៈការប្រកាស និងការបង្ហាញសេចក្ដីពិត។
នេះទំនងជាល្មមគ្រប់គ្រាន់ក្នុងការផ្ដល់មូលហេតុដែលយើងលើកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកនិយាយទាក់ទងនឹងថ្ងៃទិវាអធិស្ឋានជាតិ។ ព្រះបន្ទូលញ៉ាំងយើងឲ្យអធិស្ឋាន ផ្ដល់ព័ត៌មានពីការអធិស្ឋាន ហើយព្រះបន្ទូលក៏បង្កើតឲ្យមានការអធិស្ឋានកើតឡើងផងដែរ។ ទាំងអស់នេះត្រូវទៅជាមួយគ្នា ព្រោះព្រះបន្ទូល និងព្រះវិញ្ញាណនៅជាមួយគ្នា។ បើមានតែព្រះបន្ទូល តែគ្មានព្រះវិញ្ញាណ ការនេះគឺគ្រាន់តែជាបញ្ញវន្តប៉ុណ្ណោះ។ បើមានតែព្រះវិញ្ញាណ តែគ្មានព្រះបន្ទូល ការនេះគឺទំនងគ្រាន់តែជាការស៊ីអារម្មណ៍ និងការលាយឡំសាសនាប៉ុណ្ណោះ។ ប៉ុន្តែ ពេលយើងផ្សារភ្ជាប់ព្រះបន្ទូល និងព្រះវិញ្ញាណជាមួយគ្នា ខណៈពេលដែលយើងពឹងលើព្រះវិញ្ញាណឲ្យជួយយើងឲ្យយល់ដឹងពីព្រះបន្ទូល នោះហើយបង្ហាញពីសេចក្ដីពឹងផ្អែកតាមរយៈការអធិស្ឋាន។
ព្រះពរនៃការត្រេកអរលើព្រះបន្ទូលរបស់ព្រះជាម្ចាស់
ឥឡូវនេះ សូមពិចារណាលើកណ្ឌគម្ពីរទំនុកតម្កើងជំពូក១ ហើយផ្ដោតលើការត្រេកអរ និងការសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាដំបូង ចូរគិតពីព្រះពរដែលកើតចេញពីការត្រេកអរ និងការសញ្ជឹងគិតលើព្រះបន្ទូលព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ។ កណ្ឌគម្ពីរ ទំនុកតម្កើង ១:១ បានចាប់ផ្ដើមដោយលើកឡើងថា «មានពរហើយ អ្នកណាដែល…»។ ការចាប់ផ្ដើមជាមួយអត្ថបទបែបនេះនឹងធ្វើឲ្យយើងមានការទាក់ទាញភ្លាមៗ៖ តើលោកអ្នកចង់ទទួលបានព្រះពរក្នុងជីវិតរបស់លោកអ្នកដែរឬទេ? ពាក្យថា «ពរ» ត្រង់នេះ គឺផ្ដោតទៅលើអត្ថន័យនៃ «ការអរសប្បាយ» ដែលមានភាពពេញលេញ ឈរលើមូលដ្ឋាននៃសុខភាពដ៏ល្អដែលទាក់ទងទៅនឹង គំនិតប្រាជ្ញា និងរូបរាងកាយ។
ប៉ុន្តែ តើបុគ្គលដែលអាចអរសប្បាយបានជាបុគ្គលប្រភេទណាទៅ? គឺបុគ្គលដែលមិនធ្វើអ្វីម្យ៉ាង ឬក៏បុគ្គលដែលធ្វើអ្វីម្យ៉ាង។ បុគ្គលដែលអរសប្បាយ គឺជាបុគ្គលដែលមិន «ដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ!» (ខ១ គកស)។ ហើយតើបុគ្គលដែលអរសប្បាយ គាត់ត្រូវធ្វើអ្វីទៅ? ខ២លើកឡើងថា «គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។»។ ជាជាងមានការអរសប្បាយចេញពីពាក្យពេចន៍ផ្អែមល្ហែម ឬក៏ការប្រកបគ្នាជាមួយនឹងមនុស្សអាក្រក់ បុគ្គលដែលអរសប្បាយពិតនឹងស្វែងរកភាពអរសប្បាយរបស់គាត់ដោយចេញពីការសញ្ជឹងគិតលើព្រះបន្ទូល និងរបៀបរបបរបស់ព្រះជាម្ចាស់។ ក្រឹត្យវិន័យ [ធម៌រ៉ា (torah)] គឺស្មើនឹងការណែនាំ ដែលនោះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីរបៀបរបបរបស់ទ្រង់។
ចំណុចស្នូលនៃកណ្ឌគម្ពីរទំនុកតម្កើងជំពូក១ត្រង់នេះគឺថា ពេលដែលលោកអ្នកដកពិសោធន៍លើព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនោះ (ឧ. ការត្រេកអរ និងការស្កប់ស្កល់) នោះរាល់គំនិត និងគ្រប់ទាំងបេះដូងរបស់លោកអ្នកនឹងចុះចូល ហើយស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ហើយព្រះបន្ទូលរបស់ទ្រង់ក៏នឹងដកយកលោកអ្នកចេញពីដំបូន្មានអាក្រក់ និងផ្លូវខុសដែលជាការនៅជាមួយខាងលោកីយ៍ជាមិនខាន។ នៅពេលដែលលោកអ្នកមានបទពិសោធន៍បែបនេះ នោះមានន័យថា លោកអ្នកទទួលបានព្រះពរហើយ។ លោកអ្នកមានការអរសប្បាយ។
បុគ្គលដែលត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់
បន្ទាប់មក ខ៣បានលើកយកនូវបទបង្ហាញបីយ៉ាងស្ដីពីការអរសប្បាយ។ ទី១ បុគ្គលដែលត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសញ្ជឹងគិតលើព្រះបន្ទូលនោះទាំងយប់ទាំងថ្ងៃ បុគ្គលនោះនឹងបាន «ដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល»។ ទី២ បុគ្គលដែលត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសញ្ជឹងគិតព្រះបន្ទូលនោះទាំងយប់ទាំងថ្ងៃ បុគ្គលនោះនឹងបានដូចជា «ស្លឹកមិនចេះស្រពោន»។ ទី៣ គ្រប់កិច្ចការអ្វីដែលបុគ្គលនោះធ្វើ «សុទ្ធតែចម្រុងចម្រើនទាំងអស់»។
ចូរពិចារណាលើចំណុចទាំងនេះដោយត្រួសៗជាមួយគ្នា៖
១. បង្កើតផលតាមរដូវកាល
ប្រសិនបើលោកអ្នកត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសញ្ជឹងគិតព្រះបន្ទូលនោះទាំងយប់ទាំងថ្ងៃ នោះលោកអ្នកនឹងបង្កើតផលផ្លែតាមរដូវកាល។ លោកអ្នកនឹងក្លាយជាបុគ្គលដែលបង្កើតផលផ្លែ។ សូមឲ្យមានមនុស្សកាន់តែច្រើនបង្កើតផលផ្លែ។ លោកអ្នកទំនងជាស្គាល់ពួកគាត់ ព្រោះពួកគាត់ជួយសម្រាលទុក្ខ ហើយជួយថែទាំ គ្រប់ពេលដែលយើងនៅក្បែរពួកគាត់។ បន្ទាប់ពីបានចំណាយពេលជាមួយពួកគាត់ លោកអ្នកនឹងមានអារម្មណ៍ថា បានទទួលទានចំណីអាហារយ៉ាងឆ្អែត ហើយមានកម្លាំង ព្រមទាំងមានអារម្មណ៍ថា ពួកគាត់បានដាស់តឿនលោកអ្នកឲ្យកាន់តែចង់លូតលាស់ខាងឯព្រលឹងវិញ្ញាណទៀតផង។ បបូរមាត់របស់ពួកគាត់គឺប្រៀបដូចជារន្ធទឹកនៃជីវិត។ ពាក្យសម្ដីរបស់ពួកគាត់ពាំនាំនូវការព្យាបាល ដែលមានការចាក់ដោតក្នុងចិត្ត លើកទឹកចិត្ត ដោយមានភាពស៊ីជម្រៅ និងការបើកសម្ដែងឲ្យយល់។ ការនៅក្បែរពួកគាត់ គឺប្រៀបដូចជាការបរិភោគម្ហូបអញ្ចឹង។ នេះហើយជាឥទ្ធិពលនៃការត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការសញ្ជឹងគិតទាំងយប់ទាំងថ្ងៃ។ នោះលោកអ្នកនឹងបង្កើតផលផ្លែតាមរដូវកាលជាមិនខាន។
២. ស្ថិតស្ថេរចីរកាល
បទបង្ហាញទី២ស្ដីពីព្រះពរដែលមានដល់លោកអ្នក ប្រសិនបើលោកអ្នកត្រេកអរនឹងព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតទាំងយប់ទាំងថ្ងៃ នោះស្លឹករបស់លោកអ្នកនឹងមិនចេះស្រពោនឡើយ។ ចំណុចស្នូលនៅត្រង់នេះគឺ ទោះបើត្រូវក្តៅនិងខ្យល់បក់ផាត់ខ្ចាត់ខ្ចាយយ៉ាងណា ឬក៏គ្មានភ្លៀងធ្លាក់ក៏ដោយ ឬបើទោះមានដើមឈើផ្សេងៗដែលមិនដុះនៅក្បែរផ្លូវទឹកកំពុងតែស្រពោន ហើយនិងត្រូវងាប់ក៏ដោយ តែចំពោះលោកអ្នកវិញ មិនថានៅចំកណ្ដាលថ្ងៃ ឬក៏ខែប្រាំងបែកក្រហែងប៉ុណ្ណាក៏ដោយ ក៏ស្លឹករបស់លោកអ្នកនឹងនៅតែមានពណ៌បៃតងដដែល ព្រោះការត្រេកអរនឹងព្រះបន្ទូលព្រះជាម្ចាស់ និងការសញ្ជឹងគិតទាំងថ្ងៃទាំង យប់ គឺប្រៀបដូចជាដើមឈើមួយដែលបានដុះនៅក្បែរផ្លូវទឹកអញ្ចឹង។ ដោយសារភាពអរសប្បាយរបស់លោកអ្នក គឺជាភាពអរសប្បាយដែលនៅស្ថិតស្ថេរ ហើយភាពអរសប្បាយបែបនេះក៏មានការស៊ីជម្រៅដែរ។ ភាពអរសប្បាយបែបនេះមិនខ្វល់ថា តើខ្យល់បក់ទៅទិសណា ហើយក៏មិនខ្វល់ថា តើមានភ្លៀង ឬក៏មិនមានភ្លៀងដែរ។ បុគ្គលនោះទទួលមានជីវិតដែលមានតែភាពអរសប្បាយមកពីប្រភពដែលមិនចេះប្រែប្រួលគឺ៖ ព្រះជាម្ចាស់ ក្នុងព្រះបន្ទូលរបស់ទ្រង់។
បុគ្គលដែលត្រេកអរនឹងព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតព្រះបន្ទូលនោះទាំងយប់ទាំងថ្ងៃនឹងនិយាយដូចជាហោរា ហាបាគុកថា «ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយដោយសារព្រះយេហូវ៉ាខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ» (ហាបាគុក ៣:១៧-១៨ គកស)។
៣. ចម្រុងចម្រើនឡើង (ពិតមែនឬ?)
ប៉ុន្តែ ឥឡូវនេះ យើងប្រឈមមុខនឹងសំណួរដែលបទបង្ហាញទី៣បានលើកឡើងស្ដីពីព្រះពរ និងភាពអរសប្បាយក្នុងខ៣ «កិច្ចការអ្វីដែលអ្នកនោះធ្វើសុទ្ធតែចម្រុងចម្រើនទាំងអស់»។ តើនេះជាការពិតមែនឬ? តើខគម្ពីរនេះមានន័យដូចម្ដេច? តើខគម្ពីរនេះមានន័យបែបនេះឬ៖ បើលោកអ្នកត្រេកអរនឹងព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតយ៉ាងម៉ត់ចត់ នោះវានឹងធ្វើឲ្យការរកស៊ីរបស់លោកអ្នកចម្រុងចម្រើន ជួយឲ្យអ្នកមានសុខភាពល្អ មិនដែលខ្វះស្បៀងអាហារ ឬជួបគ្រោះថ្នាក់ ក៏ដូចជាអន្តរាយនៅក្នុងផ្ទះរបស់លោកអ្នកមែនទេ?
តាមពិត មានមូលហេតុខ្លះៗដែលយើងគួរលើកឡើងនោះគឺ បុគ្គលដូចនេះនឹងទទួលបានពរបែបដូច្នោះមួយចំនួនដែរ។ ឧទាហរណ៍ថា៖ ពេលដែលលោកអ្នកត្រេកអរនឹងព្រះបន្ទូលព្រះជាម្ចាស់ជាជាងការដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬក៏អង្គុយជាមួយពួកអ្នកមើលងាយអ្នកដ៏ទៃ នោះមានន័យថា លោកអ្នកកំពុងធ្វើនូវអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយព្រះអង្គនឹងប្រទានពរលើអ្វីដែលលោកអ្នកបានធ្វើ។ ពេលដែលលោកអ្នកត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកក៏ទុកចិត្តលើព្រះបន្ទូលទ្រង់ដែរ ហើយយើងដឹងហើយថា ព្រះជាម្ចាស់ធ្វើការសម្រាប់អស់អ្នកណាដែលទុកចិត្តលើទ្រង់ ក៏ដូចជារង់ចាំទ្រង់ (អេសាយ ៦៤:៤; ២របាក្សត្រ ១៦:៩)។
ប៉ុន្តែ ក៏មានមូលហេតុខ្លះៗដែលយើងគួរជឿថា ពេលខ្លះព្រះជាម្ចាស់ក៏មិនប្រណីរាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ដែរ។ មានខគម្ពីរជាច្រើនបានប្រាប់យើងថា «មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន» (ទំនុកតម្កើង ៣៤:១៩ អានថែមនៅក្នុងកិច្ចការ ១៤:២២ គកស)។ កណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក៧៣ បានលើកឡើងពីចំណុចដ៏ពិតដែលថា មនុស្សសុចរិតតែងតែរងទុក្ខលំបាកជារឿយៗ ហើយមនុស្សអាក្រក់តែងតែចម្រុងចម្រើនឡើង។ ចម្លើយត្រង់សំណួរនៅកណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក៣៤ និង៧៣គឺ៖ មើល៍ មានអ្វីកើតឡើងចំពោះពួកគេនៅចុងបញ្ចប់ (ទំនុកតម្កើង ៧៣:១៧)។
កណ្ឌគម្ពីរទំនុកតម្កើងជំពូក១បានលើកឡើងថា «ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺគេប្រៀបដូចជាអង្កាមដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។ ដូច្នេះ មនុស្សអាក្រក់មិនអាចឈរនៅក្នុងគ្រាជំនុំជម្រះបានឡើយ ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំនៃមនុស្សសុចរិតបានដែរ» (ខ៤-៥ គកស)។ ពេលអ្នកនិពន្ធបាននិពន្ធបទគម្ពីរទំនុកតម្កើងត្រង់ចំណុចនេះគាត់សញ្ជឹងគិតពីតម្លៃនៃការធ្វើជាមនុស្សអាក្រក់ ឬពីតម្លៃនៃការត្រេកអរនឹងព្រះបន្ទូលព្រះជាម្ចាស់ គឺគាត់បានថ្លឹងថ្លែងពីតម្លៃចុងបញ្ចប់ទាក់ទងនឹងការថ្កោលទោស។ មនុស្សអាក្រក់ទំនងជានឹងចម្រុងចម្រើនក្នុងជីវិតនេះ ប៉ុន្តែនៅចុងបញ្ចប់ខ្យល់នឹងបក់ផាត់ពួកគេឲ្យខ្ចាត់ខ្ចាយបាត់ទៅ ប៉ុន្តែអស់អ្នកណាដែលត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះនឹងចម្រុងចម្រើនឡើងនៅចុងបញ្ចប់ ព្រោះព្រះជាម្ចាស់បានងើបព្រះនេត្រទតមើលពួកគេ ហើយក៏សព្វព្រះហឫទ័យនឹងពួកគេផងដែរ។ ព្រះអង្គស្គាល់ផ្លូវរបស់ពួកគេ។
សរុបសេចក្ដីទៅ ព្រះពរ និងភាពអរសប្បាយ ដែលខ១លើកឡើងគឺផ្ដោតលើជីវិតដែលមានការបំប៉ន ហើយបង្កើតផលផ្លែសម្រាប់អ្នកដទៃ ជីវិតដែលនៅស្ថិតស្ថេរ ទោះបើប្រឈមមុខនឹងរដូវប្រាំង និងជាជីវិតដែលមានការខំប្រឹងប្រែងធ្វើនោះ គឺមិនមែនឥតប្រយោជន៍ទេ (១របាក្សត្រ ១៥:៥៨) ប៉ុន្តែ ជាជីវិតដែលមានជោគជ័យក្នុងផែនការដ៏ល្អ និងនៅរស់អស់កល្បជានិច្ចនៅជាមួយព្រះជាម្ចាស់។ នោះឯងជាព្រះពរនៃការត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការសញ្ជឹងគិតទាំងយប់ទាំងថ្ងៃអំពីព្រះបន្ទូល។
តើការសញ្ជឹងគិតមានន័យដូចម្ដេច?
តើការសញ្ជឹងគិតត្រូវធ្វើរបៀបណាទៅ? មូលដ្ឋានឫសនៃពាក្យ «សញ្ជឹងគិត» ក្នុងភាសាហេប្រឺ គឺជាទាក់ទងនឹងការនិយាយ ឬក៏ការរអ៊ូរទាំ។ ពេលដែលយើងធ្វើបែបនេះក្នុងចិត្ត នោះឯងគឺជាការគិតដក់ក្នុងចិត្ត ឬក៏ការសញ្ជឹងគិត។ ដូច្នេះ ការសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ គឺជាការនិយាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ក៏ដូចជាការនិយាយអំពីព្រះបន្ទូលមកកាន់ខ្លួនឯងផងដែរ។
ត្រង់ចំណុចនេះ យើងខ្ញុំចង់សំណូមពរលោកអ្នកឲ្យចេះមានទម្លាប់ក្នុងការទន្ទេញព្រះបន្ទូលឲ្យចាំមាត់។ បើលោកអ្នកមិនទន្ទេញព្រះបន្ទូលឲ្យចាំមាត់ទេ នោះលោកអ្នកក៏នឹងមិនសញ្ជឹងគិតបន្ទូលពីព្រះទាំងយប់ទាំងថ្ងៃនោះដែរ។ តាមរយៈការសញ្ជឹងគិតពីព្រះបន្ទូល នោះយើងនឹងទទួលបានអត្ថប្រយោជន៍ និងភាពត្រេកអរយ៉ាងខ្លាំង នៅពេលដែលយើងបានដកពិសោធន៍ធ្វើវា ហើយនិងការប្រកបគ្នាជាមួយនឹងព្រះជាម្ចាស់ក្នុងព្រះបន្ទូលរបស់ទ្រង់ពីមួយម៉ោងទៅមួយម៉ោង។ ប្រសិនបើលោកអ្នកធ្លាប់មានចម្ងល់ថា ដូចម្ដេចទៅដែលហៅថាការប្រកបគ្នាជាមួយនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អស់ពីមួយម៉ោងទៅមួយម៉ោង។ ចម្លើយគឺ៖ ការប្រកបគ្នាជាមួយព្រះជាម្ចាស់ពីមួយម៉ោងទៅមួយម៉ោង គឺការដែលព្រះអង្គមានបន្ទូលមកកាន់លោកអ្នកតាមរយៈព្រះគម្ពីរពេលដែលលោកអ្នកទន្ទេញ និងសញ្ជឹងគិត ការបំភ្លឺ ការអនុវត្ត ការអរព្រះគុណ ការសរសើរតម្កើង ការកោតខ្លាច ការប្រាថ្នា ការស្វែងរកជំនួយ ការដឹកនាំ និងការស្វែងយល់ពីទ្រង់។ ព្រះបន្ទូល គឺជាមូលដ្ឋានសម្រាប់លោកអ្នកក្នុងការឮពីព្រះបន្ទូលរបស់ព្រះអង្គ ក៏ដូចជាការដែលព្រះអង្គឮពីលោកអ្នកផងដែរ។ ភាពស្និទ្ធស្នាល និងភាពរឹងមាំ ហើយនិងភាពស្ថិតស្ថេរនៃដំណើររបស់លោកអ្នកជាមួយព្រះជាម្ចាស់ និងការប្រកបគ្នារបស់លោកអ្នកជាមួយព្រះជាម្ចាស់នឹងមានការរីកចម្រើន ឬក៏ថយចុះត្រង់ចំណុចថា តើការប្រកបរបស់លោកអ្នកមានការតភ្ជាប់ទៅនឹងព្រះគម្ពីរ ដែរឬទេ។
សូមអនុញ្ញាតឲ្យយើងខ្ញុំលើកយកឧទាហរណ៍មួយដែលស្ដីពីរបៀបនៃការដែលបានកើតឡើងក្នុងជីវិតរស់នៅរបស់យើងខ្ញុំ។ ខណៈពេលដែលយើងខ្ញុំកំពុងឈានមកដល់ចុងបញ្ចប់នៃឆ្នាំចាស់ ហើយក៏កំពុងតែបញ្ចប់ក្នុងការអានព្រះគម្ពីរសញ្ញាចាស់នៅក្នុងកណ្ឌគម្ពីរពួកហោរាតូចៗ ហើយកណ្ឌគម្ពីរ មីកា ៧:១៨ នេះឯងបានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ ដូច្នេះ យើងខ្ញុំក៏បានទន្ទេញខគម្ពីរនោះឲ្យចាំមាត់ ហើយបានសូត្រវាអស់ពីរបីថ្ងៃ។ «តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរតកព្រះអង្គ ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ» (មីកា ៧:១៨ គកស)។
ចំណុចមួយដែលយើងខ្ញុំបានយល់ឃើញ ហើយបានភ្លក់រសជាតិដ៏ឆ្ងាញ់នោះ គឺព្រះអង្គមានជម្រើសក្នុងការខ្ញាល់ ឬក៏មិនខ្ញាល់ ប៉ុន្តែសេចក្ដីខ្ញាល់របស់ទ្រង់ក៏មានដែនកំណត់ដែរ។ ហេតុអ្វី? «ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរស។» នេះមានន័យថា សេចក្ដីខ្ញាល់ គឺមិនមែនជាចំណង់ចំណូលចិត្តរបស់ព្រះអង្គទេ។ ព្រះអង្គ «សព្វព្រះហឫទ័យ» តែនឹងសេចក្ដីសប្បុរស។ ការនេះបានប៉ះពាល់យ៉ាងខ្លាំងក្នុងជីវិតរស់នៅរបស់យើងខ្ញុំទាក់ទងទៅនឹងការអនុវត្ត ការខឹង និងក្ដីសប្បុរសរបស់យើងខ្ញុំ ខណៈពេលដែលយើងខ្ញុំនៅជាមួយព្រះអង្គ។ ហើយពេលដែលខ្ញុំសញ្ជឹងគិតអំពីព្រះហឫទ័យរបស់ព្រះអង្គដែលទាក់ទងនឹងទេវវិទ្យា៖ ឲ្យខ្ញុំដឹងច្បាស់ថាក្នុងភាពបរិសុទ្ធរបស់ព្រះអង្គ គឺទ្រង់មានព្រះហឫទ័យខ្ញាល់នឹងអំពើបាប ប៉ុន្តែការសព្វព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងសេចក្ដីខ្ញាល់គឺមិនដូចគ្នាទេ ដូចនេះការសព្វព្រះហឫទ័យរបស់ទ្រង់មានតែសេចក្ដីសប្បុរសដ៏ស្ថិតស្ថេរនៅជាដរាបទេ។ ខគម្ពីរនេះបានផ្ដល់ជាចំណីអាហារខាងឯវិញ្ញាណដល់យើងខ្ញុំអស់រយៈពេលពីរបីថ្ងៃមុន ហើយបន្ទាប់មកយើងខ្ញុំក៏ចាប់ផ្ដើមទន្ទេញខគម្ពីរមួយផ្សេងទៀត។
ដូច្នេះ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យទន្ទេញចាំមាត់នូវព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតទាំងយប់ទាំងថ្ងៃផង។ ការធ្វើបែបនេះនឹងបំផ្លាស់បំប្រែចំណុចជាច្រើននៃជីវិតរបស់លោកអ្នក។
ចុះបើយើងមានការធុញនឹងការសញ្ជឹងគិត ហើយនិងការអធិស្ឋាននោះវិញ?
ជាចុងក្រោយ ត្រង់ចំណុចនេះ ដាច់ខាតយើងត្រូវតែសួរខ្លួនឯងទាក់ទងទៅនឹងការត្រេកអរមួយនេះ។ ចំណុចសម្គាល់ដ៏ធំបំផុតរបស់បុគ្គលដែលគាត់អរសប្បាយនោះ គឺក្នុងកណ្ឌគម្ពីរទំនុកតម្កើងជំពូក១ ត្រង់ថា គាត់មានការត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ខ២)។ ហើយការអានព្រះគម្ពីរ ការទន្ទេញព្រះគម្ពីរ និងការសញ្ជឹងគិតព្រះគម្ពីរមិនមែនជាការធុញទ្រាន់ចំពោះគាត់នោះទេ ប៉ុន្តែគាត់ពេញចិត្តនឹងធ្វើវាទៅវិញទេ។ នេះឯងគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវការ និងចង់បាន។ វាពិតជារឿងដែលគួរឲ្យសោកស្ដាយណាស់ នៅពេលយើងមានភាពធុញទ្រាន់ក្នុងការអានព្រះគម្ពីរ ដែលនោះបង្ហាញថា មានអ្វីមួយមិនត្រឹមត្រូវហើយ។
តើយើងគួរធ្វើដូចម្ដេចទៅ? ភាគច្រើន មូលហេតុដែលនាំឲ្យយើងធុញទ្រាន់ក្នុងការអានព្រះគម្ពីរ ទន្ទេញព្រះគម្ពីរឲ្យចាំមាត់ និងការសញ្ជឹងគិតព្រះគម្ពីរ គឺព្រោះយើងគ្មានភាពត្រេកអរ និងអំណរក្នុងការទាំងនោះ។ ដោយសារយើងមានអ្វីផ្សេងៗទៀតដែលយើងចង់ធ្វើ ឧ. ការមើលទូរទស្សន៍ ការហូបចុក ការងារ ការអានកាសែត ឬក៏ការលេងគ្រឿងអេឡិចត្រូនិក។ល។ នេះព្រោះចិត្តយើងមានការជ្រួលជ្រើមនឹងរឿងផ្សេងៗជាជាងព្រះបន្ទូលរបស់ព្រះអង្គ។ ហេតុដូច្នេះហើយបានជាយើងគ្មានភាពត្រេកអរនឹងការទាំងនោះ។
តើអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងធ្លាប់ធុញទ្រាន់នឹងការនេះដែរឬទេ? ប្រាកដណាស់ ពួកគាត់ក៏ធ្លាប់ដែរ។ ចូរមានទឹកចិត្តឡើង។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានការធុញទ្រាន់។ តើយើងអាចប្ដូរការធុញទ្រាន់ទាំងនេះបានដោយរបៀបណា? ចម្លើយគឺ៖ យើងអាចប្ដូរការធុញទ្រាន់ទាំងនេះបានតាមរយៈការអធិស្ឋាន។ ដាច់ខាត យើងត្រូវតែទូលសូមព្រះជាម្ចាស់ឲ្យជួយយើងឲ្យចេះមានភាពត្រេកអរនឹងព្រះបន្ទូលរបស់ព្រះអង្គ។ យើងអាចឃើញការនេះបានតាមរយះអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងដែលទាក់ទងនឹងការអធិស្ឋាន។ អ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងមិនមែនគ្រាន់តែបង្រៀនយើងឲ្យចេះអធិស្ឋានឥតឈប់ឈរប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បានបង្រៀនយើងឲ្យចេះមានភាពត្រេកអរក្នុងការអធិស្ឋានផងដែរ។
មតិយោបល់
Loading…