in ,

គ្រីស្ទ​បរិស័ទ និង​ពិធី​ភ្ជុំ​បិណ្ឌ

Christians and Pchum Ben

តើ​បង​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា នៅ​ពេល​ដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខិត​ជិត​មក​ដល់? មាន​អំណរ​ទេ? រំភើប​ចិត្ត​ទេ? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ខុសៗគ្នា៖ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​រំភើប ពី​ព្រោះ​បាន​ឈប់​សម្រាក​ពី​ការងារ ជិត​បាន​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ។ ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​អាឡោះអាល័យ​ចំពោះ​អ្វី​ដែល​ធ្លាប់​ធ្វើ​កាល​ពី​មុន​ជឿ​ព្រះគ្រីស្ទ។ ខ្លះ​ចង់​បែរ​ទៅ​ចូល​រួម​ជាមួយ​នឹង​គេ​វិញ ហើយ​ប្រហែល​ជា​ខ្លះ​ទៀត​មាន​អារម្មណ៍​អៀនខ្មាស​នឹង​អ្នក​ជិត​ខាង​ដែល​មិន​មែន​ជា​អ្នក​ជឿ ដោយ​ខ្លួន​មិន​បាន​ធ្វើ​ដូច​គេ ឬ​ក៏​អៀនខ្មាស។ ខ្លះ​មិន​ចង់​ទៅ​លេង​ស្រុក​កំណើត​ដោយ​សារ​តែ​ខ្លួន​ជា​គ្រីស្ទបរិស័ទ​តែ​ម្នាក់​ឯង​ក្នុង​គ្រួសារ មិន​ចង់​ឮ​សាច់ញាតិ​និយាយ​ចំអក ឬ​ក៏​មិន​មាន​អ្វី​ជូន​ចាស់ៗ គ្មាន​របស់​ទ្រព្យ​អ្វី​ដើម្បី​បង្អួត​បង្ហាញ​អ្នក​ស្រុក​ភូមិ។ ហើយ​ប្រហែល​ខ្លះ​ទៀត​មិន​ហ៊ាន​ទៅ​ស្រុក​កំណើត​ដោយសារ​មិន​ដឹង​ជា​ត្រូវ​ឆ្លើយតប​បែប​ណា​ចំពោះ​ពិធី​បុណ្យ​ភ្ជុំ ឬ​ក៏​អ្នក​ជិត​ខាង​ខ្លួន​ដែល​គេ​សួរ​នាំ​យើង។

ដូច្នេះ តើ​យើង​គួរ​រៀបចំ​ឥរិយាបថ​បែប​ណា​ទៅ​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ត្រូវ​មក​ដល់​ខាង​មុខ​នេះ? ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ​ខ្មែរ តើ​យើង​គួរ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ពិធី​ភ្ជុំបិណ្ឌ? តើ​កម្រិត​ណា​ដែល​យើង​អាច​ធ្វើ​បាន ហើយ​កម្រិត​ណា​ដែល​យើង​មិន​គួរ​ធ្វើ? នេះ​ជា​អារម្មណ៍​ពិត​របស់​យើង​ជា​គ្រីស្ទបរិស័ទ​ខ្មែរ ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ​មក​ដល់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​សង្ឃឹម​ថា យើង​ទាំង​អស់​គ្នា​នឹង​គិត​អំពី​រឿង​រ៉ាវ​ទាំង​អស់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​កាត់​ស្រាយ​តាម​ព្រះ​គម្ពីរ ក៏​ដូច​ជា​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​ធ្វើ​ជា​អំបិល និង​ពន្លឺ​ដល់​គ្រប់​ទាំង​រឿង​រ៉ាវ​នោះ​យ៉ាង​ដូចម្ដេច (ម៉ាថាយ ៥:១៣-១៦)។ ប៉ុន្តែ​ប្រសិន​បើ​បងប្អូន​មាន​អារម្មណ៍​ធម្មតា មិន​ខ្វល់ ហៃអើៗ ចូល​ស្ទឹង​តាម​បទ ឃើញ​គេ​ធ្វើ​អី យើង​ក៏​ធ្វើ​ហ្នឹង​ដែរ នោះ​ចូរ​ឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន ហើយ​ពិនិត្យ​មើល​ចិត្ត​ខ្លួន​ឯង ថា​តើ​ខ្ញុំ​ជា​អ្នក​ជឿ​ព្រះយេស៊ូវ​ពិត​ប្រាកដ ខ្ញុំ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​ដ៏​ពិត​ប្រាកដ​ដែរ​ឬ​អត់? ចូរ​ប្រយ័ត្ន ហើយ​ពិនិត្យ​មើល​ចិត្ត​របស់​ខ្លួន​ឲ្យ​ច្បាស់!

ដើម្បី​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ឆ្លើយតប​នឹង​សំណួរ​ទាំង​នេះ ចូរ​យើង​ពិនិត្យ​មើល​ចំណុច​បី​យ៉ាង​ជាមួយ​គ្នា៖

១. ស្គាល់​ខ្លួន​ឯង​ថា​ជា​នរណា
ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​ត្រូវ​ស្គាល់​ខ្លួន​យើង​ថា យើង​ជា​នរណា ហើយ​កាល​ណា​យើង​ស្គាល់​ពី​អត្តសញ្ញាណ​ខ្លួន​យើង​ច្បាស់ នោះ​នឹង​ជួយ​ឲ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ និង​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ នៅ​ពេល​មាន​ពិធី​បុណ្យ​ផ្សេងៗ​មក​ដល់។

ខ្ញុំ​សូម​លើក​យក​ចំណុច​មួយ​ចំនួន​ដែល​ជា​អត្តសញ្ញាណ​ដ៏​ពិត​របស់​យើង​ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ ដើម្បី​ជា​ការ​រំឭក​ដល់​ខ្លួន​យើង​ម្នាក់ៗ។

យើង​ជា​កូន​របស់​ព្រះ
កណ្ឌគម្ពីរ យ៉ូហាន ១:១២ បាន​ចែង​ថា «ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ»។ តើ​ការ​ដែល​យើង​ត្រឡប់​ជា​កូន​របស់​ព្រះ វា​នឹង​ជួយ​យើង​យ៉ាង​ដូចម្ដេច? ចំណុច​មួយ​ដែល​យើង​ដឹង​ច្បាស់​ពេល​ដែល​យើង​ជឿ​ដល់​ព្រះ គឺ​យើង​បាន​ត្រឡប់​ជា​កូន​របស់​ព្រះ​ដ៏​លើ​អស់​ទាំង​ព្រះ យើង​លែង​នៅ​ក្រោម​អំណាច​របស់​អារក្ស​សាតាំង​ទៀត​ហើយ។ ដូច្នេះ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់​យើង យើង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ។

យើង​ជា​សាសន៍​ស្ថាន​សួគ៌
យើង​ដឹង​ហើយ​ថា កាល​ណា​ដែល​យើង​ជឿ​ដល់​ព្រះ​អង្គ នោះ​យើង​ជា​សាសន៍​ស្ថានសួគ៌។ ដែល​យើង​អាច​ឃើញ​ពី​ការ​នេះ​នៅ​ក្នុង​កណ្ឌគម្ពីរ ភីលីព ៣:១៧-២១ ជា​ពិសេស​ត្រង់​ខ២០ ដោយ​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង»។ នេះ​ជា​ខគម្ពីរ​ដែល​បង្ហាញ​ប្រាប់​ពី​អត្តសញ្ញាណ​របស់​យើង ទោះ​បើ​សព្វ​ថ្ងៃ​នេះ​យើង​កំពុង​រស់​នៅ​ផែនដី​នេះ​នៅ​ឡើយ ប៉ុន្តែ​អត្តសញ្ញាណ​ដ៏​ពិត​របស់​យើង​ដែល​ជា​អ្នក​ជឿ គឺ​ព្រះ​អង្គ​បាន​រាប់​យើង​ជា​កូន​ព្រះអង្គ យើង​គឺ​ជា​សាសន៍​ស្ថានសួគ៌។ ការ​ដែល​យើង​រស់នៅ​ផែនដី​នេះ គឺ​គ្រាន់តែ​នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ខ្ញុំ​លើក​យក​ចំណុច​នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​អារម្មណ៍​ដែល​កើត​មាន​ឡើង​ចំពោះ​យើង ដើម្បី​ការពារ​ចិត្ត និង​អត្តសញ្ញាណ​របស់​យើង ពេល​ដែល​មាន​ពិធី​បុណ្យ​ភ្ជុំ ឬ​ពិធី​ផ្សេងៗ​មក​ដល់ ហើយ​ដែល​យើង​រស់នៅ​គឺ​មិនមែន ដើម្បី​ផ្គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់​នេះ​ទេ។ យើង​ត្រូវ​ដឹង​ថា ពេល​យើង​ជឿ​ព្រះ​អង្គ​ហើយ នោះ​យើង​ជា​សាសន៍​ស្ថានសួគ៌​មាន​ឈាម​ជា​កូន​របស់​ព្រះ។

យើង​មិន​មែន​ជា​របស់​លោកីយ៍​ទេ
នេះ​ជា​ចំណុច​មួយ​ដែល​រំឭក​យើង​ឲ្យ​ដឹង​ខ្លួន​ថា យើង​មិនមែន​ជា​របស់​លោកីយ៍​នេះ​ទេ ដូច​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​យ៉ាង​ដូច្នេះ​ថា «ទូល​បង្គំ​បាន​ឲ្យ​ព្រះ​បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ៍​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ ទូល​បង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់​ទូល​បង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ ឯ​ទូល​បង្គំ ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត​ដែរ» (យ៉ូហាន ១៧:១៤-១៩)។

បទគម្ពីរ​ត្រង់​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ដែល​យើង​ដើរ​តាម​ព្រះយេស៊ូវ ជឿ​លើ​ទ្រង់ នោះ​យើង​មិន​មែន​ជា​របស់​លោកីយ៍​ទៀត​ហើយ។ លោកីយ៍​បាន​ចាប់​ផ្ដើម​ស្អប់​យើង បៀតបៀន​យើង ហើយ​នេះ​ជា​ធាតុ​ពិត ពីព្រោះ​ព្រះយេស៊ូវ​បាន​ឆ្លង​កាត់ ហើយ​អ្នក​ដើរ​តាម​ទ្រង់​ក៏​នឹង​ត្រូវ​ឆ្លង​កាត់​ដូចគ្នា​ដែរ។ ប៉ុន្តែ បើ​យើង​ស្គាល់​ពី​អត្តសញ្ញាណ​របស់​យើង ដឹង​ពី​កន្លែង​រស់​នៅ​ដ៏​ពិត​របស់​យើង នោះ​នឹង​ជួយ​ឲ្យ​យើង​កាន់តែ​ឈរ​មាំមួន​ក្នុង​ជំនឿ​របស់​យើង។

យើង​ជា​ទូត​តំណាង​របស់​ព្រះគ្រីស្ទ
យើង​ជា​ទូត​តំណាង​របស់​ព្រះគ្រីស្ទ យើង​ត្រូវ​ដឹង​ឲ្យ​ប្រាកដ​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ និង​អ្វី​មិន​ត្រូវ​ធ្វើ ទោះ​បើ​យើង​កំពុងតែ​ស្ថិត​ក្នុង​ការ​បៀតបៀន បញ្ហា​ផ្សេងៗ ឬ​បញ្ហា​ដែល​យើង​នឹង​ជួប​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ បើ​យើង​ជា​ទូត​តំណាង​របស់​ព្រះគ្រីស្ទ​មែន តើ​យើង​នឹង​ត្រឡប់​ទៅ​ដូច​ជា​គេ​ឯង​តាម​ទម្លាប់​ដែល​យើង​ធ្លាប់​ធ្វើ​ក្នុង​កាល​មិន​ជឿ ឬ​ក៏​នៅ​តែ​អាច​រក្សា​នូវ​អត្តសញ្ញាណ​របស់​យើង​ជា​ទូត​តំណាង​របស់​ព្រះគ្រីស្ទ​​​ដដែល ដោយ​ធ្វើ​ជា​អ្នក​នាំ​សារ​ពី​ស្ថានសួគ៌​ទៅ​កាន់​មនុស្ស​ផ្សេងៗ​ដែរ​ឬ​យ៉ាង​ណា? កណ្ឌគម្ពីរ ២កូរិនថូស ៥:២០ បាន​ចែង​ថា «ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះ​គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​ទ្រង់​អង្វរ​ដោយ​សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ​គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ»។ យើង​គឺ​ជា​ទូត​របស់​ព្រះគ្រីស្ទ​ជា​អ្នក​នាំ​ដំណឹងល្អ ដើម្បី​ឲ្យ​មនុស្ស​បាន​ជា​មេត្រី​នឹង​ព្រះ។ ដូច្នេះ ការ​ដែល​យើង​ត្រូវ​ស្គាល់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ឯង នោះ​ជា​ការ​សំខាន់​ណាស់។

២. ស្គាល់​បេសកកម្ម​ធំ​របស់​យើង
តើ​អ្វី​ទៅ​ជា​បេសកកម្ម​ដ៏​ធំ​របស់​យើង​ក្នុង​នាម​ជា​អ្នក​ជឿ​ដ៏​ពិត? បេសកកម្ម​ដ៏​ធំ​នោះ គឺ​រស់​នៅ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់។ សូម​អាន​កណ្ឌគម្ពីរ ១កូរិនថូស ១០:៣១ «ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សម្រាប់​ចម្រើន​សិរី​ល្អ​ដល់​ព្រះ​ចុះ»។ នៅ​ពេល​ដែល​យើង​ស្គាល់​ពី​បេសកកម្ម​របស់​យើង​ហើយ នោះ​ងាយ​ស្រួល​ក្នុង​ការ​ឲ្យ​យើង​សម្រេច​ចិត្ត​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ និង​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ ដោយ​យើង​ដឹង​ថា គ្រប់​អ្វីៗ​ដែល​យើង​ធ្វើ គឺ​ធ្វើ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ ចុះ​តើ​យើង​អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​បាន​ដោយ​របៀប​ណា? ខ្ញុំ​សូម​លើក​យក​ចំណុច​ពីរ​យ៉ាង​មក​បង្ហាញ។ ទី១ ស្គាល់​ព្រះគ្រីស្ទ​យ៉ាង​ជិតស្និទ្ធ (ភីលីព ៣:១០)។ នេះ​គឺ​ដូច​ទៅ​នឹង​សេចក្តី​ប្រាថ្នា​របស់​សាវ័ក ប៉ុល គឺ​គាត់​ចង់​ស្គាល់​ព្រះគ្រីស្ទ​​យ៉ាង​ជិត​ស្និទ្ធ។ ការ​ដែល​យើង​ស្គាល់​ព្រះគ្រីស្ទ​យ៉ាង​ជិត​ស្និទ្ធ នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ការ​ផ្លាស់ប្រែ ហើយ​កាន់តែ​មាន​លក្ខណៈ​ដូច​នឹង​ព្រះអង្គ ហើយ​កាន់តែ​ស្រឡាញ់​ទ្រង់។ ទី២ ណែនាំ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះគ្រីស្ទ (ម៉ាថាយ ២៨:១៩-២០)។

៣. ស្គាល់​ពី​គោលបំណង​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ
តើ​ប្រជាជន​ខ្មែរ​យើង ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​គោល​បំណង​អ្វី? តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខ្ញុំ ខ្ញុំ​បាន​រក​ឃើញ​គោលបំណង​ពីរ​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ៖

ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​បុព្វបុរស​ញាតិ​សន្ដាន​ដែល​បាន​ស្លាប់​ទៅ
នៅ​ពេល​ដែល​យើង​ស្គាល់​ពី​ខ្លួន​យើង​ថា​ជា​នរណា ហើយ​ស្គាល់​ថា​អ្វី​ជា​គោលដៅ​ចម្បង​របស់​យើង ក៏​ដូចជា​ស្គាល់​នូវ​គោលបំណង​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នោះ​យើង​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​យើង​គួរ​ឆ្លើយតប​បែប​ណា​ទៅ​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ តើ​យើង​គួរ​ឆ្លើយតប​យ៉ាង​ដូចម្ដេច នៅ​ពេល​ដែល​គេ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បុព្វ​បុរស​ញាតិ​សន្តាន​ដែល​បាន​ស្លាប់​ទៅ? ការ​ដែល​យើង​គោរព​ឲ្យ​តម្លៃ នឹកចាំ​ពី​អនុស្សាវរីយ​ដែល​យើង​ធ្លាប់​មាន ការ​ទៅ​លេង​ផ្នូរ ទៅ​សម្អាត​ផ្នូរ និង​ការ​ដែល​យើង​រំឭក​គុណ​ដល់​ញាតិ​សន្ដាន​ដែល​បាន​ស្លាប់​ទៅ នោះ​មិន​មែន​ជា​ការ​ខុស​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ខុស​នោះ គឺ​ការ​ទៅ​សែន គោរព​ថ្វាយបង្គំ​ពួកគាត់​ទុក​ដូចជា​ព្រះ។ ឬ​ការ​ដែល​គេ​ធ្វើ​ដូច​នេះ ប្រហែល​ដោយសារ​គេ​មាន​ការ​ភ័យខ្លាច​ទៅ​នឹង​វិញ្ញាណ​ដែល​បាន​ស្លាប់​ទៅ​នោះ​ថា ខ្លាច​វិញ្ញាណ​នោះ​មក​ធ្វើ​ទុក្ខ មក​បំភ័យ មក​កាច់ ឬ​មក​ធ្វើ​ឲ្យ​ខ្លួន​វិនាស។ល។ ប៉ុន្តែ យើង​អរគុណ​ដល់​ព្រះ​យេស៊ូវ​ដែល​ទ្រង់​មិន​បាន​ប្រទាន​វិញ្ញាណ​ភ័យខ្លាច​ដល់​យើង ពោល​គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​មិន​អាច​ធ្វើ​អ្វី​យើង​បាន​ដែរ លើក​តែ​ព្រះ​អនុញ្ញាត។ ហើយ​ក្នុង​នាម​យើង​ជា​អ្នក​ជឿ​លើ​ព្រះគ្រីស្ទ យើង​សុទ្ធតែ​ដឹង​ហើយ​ថា ពេល​ដែល​មនុស្ស​ស្លាប់​ទៅ ពួកគេ​នឹង​ទៅ​ទីណា ទៅ​កន្លែង​ណា។ កណ្ឌគម្ពីរ ហេព្រើរ ៩:២៧ បាន​ចែង​យ៉ាង​ច្បាស់​ថា «ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​មួយ​ដង រួច​សឹម​ជាប់​សេចក្ដី ជំនុំជម្រះ»។ មនុស្ស​ត្រូវ​ស្លាប់​មួយ​ដង ហើយ​ត្រូវ​ជាប់​ជំនុំជម្រះ។ ដូច្នេះ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​នោះ? កណ្ឌគម្ពីរ លូកា ១៦:១៩-៣១ មាន​ប្រាប់​ពី​ការ​នេះ​ថា មាន​កន្លែង​ពីរ​ដែល​មនុស្ស​នឹង​ត្រូវ​ទៅ​នៅ​ពេល​ដែល​ពួកគេ​ស្លាប់។ កន្លែង​មួយ​ហៅ​ថា ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែល​ជា​កន្លែង​មាន​ពេញ​ទៅ​ដោយ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​កន្លែង​មួយ​ទៀត​ហៅ​ថា ស្ថានសួគ៌​ដែល​ជា​កន្លែង​ដែល​មាន​ព្រះ​វត្តមាន​ព្រះ​ជាម្ចាស់​គង់​នៅ។ កណ្ឌគម្ពីរ​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​ដែល​មិន​ជឿ​លើ​ព្រះគ្រីស្ទ ពួកគេ​នឹង​ត្រូវ​ទៅ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​អ្នក​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​នឹង​ទៅ​នៅ​នគរ​ស្ថានសួគ៌។

ដើម្បី​ជួបជុំ​បងប្អូន​សាច់ញាតិ​ដែល​នៅ​ទី​ជិត​ឆ្ងាយ
តើ​គ្រីស្ទបរិស័ទ​អាច​ទៅ​ជួបជុំ​សាច់​ញាតិ​បាន​ឬ​អត់? ប្រាកដ​ណាស់ យើង​អាច​ទៅ​បាន ហើយ​នេះ​ក៏​ជា​ពេលវេលា​ដ៏​ល្អ​ដែល​យើង​អាច​មាន​ឱកាស​ជួបជុំ​បងប្អូន​សាច់ញាតិ។ នេះ​ជា​ឱកាស​របស់​យើង​ក្នុង​ការ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ទៅ​កាន់​ពួកគាត់ មាន​ឱកាស​បង្ហាញ​ពី​គំរូ​ទៅ​ដល់​ពួកគាត់។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ គឺ​ការ​សែនព្រេន​ដល់​មនុស្ស​ស្លាប់ ថ្វាយ​បង្គំ​នូវ​អ្វី​ដែល​មិន​មែន​ជា​ព្រះ​ពិត។ សូម​ពិចារណា​នូវ​ប្រសាសន៍​របស់​សាវ័ក ប៉ុល នៅ​កណ្ឌគម្ពីរ ១កូរិនថូស ៩:១៩-២៣ «ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បម្រើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​ទេ‍) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រឹត្យវិន័យ ហើយ​ដូច​ជា​ឥត​ក្រឹត្យវិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រឹត្យវិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រឹត្យវិន័យ​ព្រះ​គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ​ដែរ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កម្សោយ ដើម្បី​ឲ្យ​បាន​ពួក​កម្សោយ​គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ​សារ​សណ្ឋាន​ទាំង​នោះ​ឯង ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ»។ សាវ័ក ប៉ុល បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ព្រះគ្រីស្ទ។

ដូច្នេះ ចូរ​យក​គំរូ​តាម​សាវ័ក ប៉ុល ចុះ។ ចូរ​ស្គាល់​ខ្លួន​យើង ស្គាល់​បេសកកម្ម​ធំ​បំផុត​របស់​យើង។ ហើយ​ក៏​កុំ​ឲ្យ​ភ័យខ្លាច​នឹង​វិញ្ញាណ​អាក្រក់ ដ្បិត​យើង​ជា​កូន​ព្រះ ជា​សាសន៍​ស្ថានសួគ៌ ជា​ទូត​របស់​ព្រះគ្រីស្ទ ហើយ​យើង​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។

និពន្ធ​ដោយ៖ លោក​គ្រូ ជឿន ជីវិចន្ធា ដែល​ជា​គ្រូ​គង្វាល​នៅ​ពួក​ជំនុំ សាឡូម ភ្នំពេញ shalomphnompenh.com
កែសម្រួល​ដោយ៖ លោក ជួប ប៊ុនហាក់ និង​លោក ឈាង បូរ៉ា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. តើខ្មែរយើងគួរសម្របខ្លួនយ៉ាងណានៅក្នុងបរិបទនេះ។ អ្នកគួរលះបង់នូវប្រពៃណីល្អរបស់ជាតិសាសន៍យើង ហើយទៅរកអ្វីថ្មីនោះ។ យើងសួរថាព្រះយេស៊ូ គ្រីស្ត មានហាមយើងមិនឱ្យគោរពប្រពៃណីខ្មែរឬទេ?។ ព្រះពុទ្ធលោកមិនហាមឃាត់ អ្នកណាម្នាក់មិនឱ្យជឿសាសនា
    ដទៃឡើយ នេះជាសាសនាប្រជាធិបតេយ្យសេរីឬយ៉ាងណា?។ ចុះបើយើងទៅវត្តធ្វើបុណ្យប្រពៃណីទៅ តើមានអីកើតឡើងទេ?។

    • អរគុណ​​បងស្រីនូវ​សំណួរ​ដ៏ល្អ​របស់​បង​ស្រី។ ចំពោះ​អ្នក​ដែលជឿ​ព្រះយេស៊ូវ ព្រះបន្ទូល​ព្រះ​មិន​បាន​ហាមយើង​មិន​ឲ្យ​គោរព​ប្រពៃ​ណី​ខ្មែរ​នោះ​ទេ។ ជា​ទូទៅ​មនុស្ស​នៅ​លើ​ផែនដី​​យើង​នេះ រាល់គ្រប់​ជាតិសាសន៏​នីមួយ​ៗ​គឺ​មាន​ប្រពៃ​ណី​វប្បធម៏​ខុសៗ​គ្នា​ទៅ​សង្គម​មនុស្ស​ឬ​ក៏ប្រទេស ហើយ​ព្រះ​ជាម្ចាស់​ផ្ទាល់ទ្រង់​បាន​បង្កើត​ប្រពៃ​ណី​មក​ផង​ដែរ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នកជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​ចូលរួម​ថែរក្សា​ប្រពៃណី​ខ្មែរ​ដូចគ្នា ពីព្រោះ​ព្រះ​បន្ទូល​ព្រះ​បាន​បង្គាប់​ឲ្យ​យើង​ចុះចូល​ ឧទាហរណ៏​ដូច​ជា ការ​ស្លៀក​ពាក់បែប​ប្រពៃណីខ្មែរ ការ​យក​ម្ហូប​អារហារ​ជូន​អ្នក​មាន​គុណ​ទាំងពីរ ការវិច​អន្សម ការ​លេង​ល្បែង​ទាញ​ព្រ័ត្រ ការលេង​បោះ​អង្គុញ ការ​ងូតទឹក​ឲ្យ​ឪពុកម្ដាយ ហូបអាហារ​ជុំ​គ្នា​ជាមួយ​នឹង​បងប្អូន ..ល..។ តែ​អ្វីដែល​អ្នក​ជឿ​ព្រះ​យេស៊ូវ​មិន​ចុះ​ចូល ឬ​មិន​ធ្វើ​តាម​គឺ​ ការ​ថ្វាយ​បង្គំ​ព្រះ​សង្ឃ ការ​អុចធូប ការ​សែន​ព្រេន​នា​នា ដែល​ទាំងនេះ​គឺ​ជា​ការ​ហាម​ប្រាម​ដាច់​ខាត​​ពី​ព្រះ​ជាម្ចាស់ ព្រះ​យេស៊ូវ​មិន​អោយ​ថ្វាយ​បង្គំ​នោះ​ទេ ព្រោះវា​ជា​វិញ្ញាណ​មិន​ល្អ។ អ្នក​ដែលស័ក្ដសម​ក្នុង​ការ​ថ្វាយ​បង្គំនោះ​គឹ​ព្រះយេស៊ូវ​ ដោយ​ព្រោះ ទ្រង់​ជា​ព្រះ​ពិត​តែ​មួយ។ សរុប​សេចក្ដី​ទៅ គ្រីស្ទបរិស័ទ​មិន​បាន​ប្រឆាំង​និងទំនៀម​ទម្លាប់​ វប្បធម៏​ ប្រពៃ​ណី នោះ​ទេ ប៉ុន្តែ​ទំនាស់​នោះ​គឺ​ទាក់ទង​ទៅនឹង​ការ​ថ្វាយ​បង្គំ ផ្សេងៗ ដែល​ខ្មែរ​យើង​យក​មក​លាយ​ឡំ​នឹង​ប្រពៃ​ណី។ សូមព្រះ​ប្រទាន​ពរ​បងស្រី​ឲ្យ​មាន​ក្ដី​សុខសាន្ដ​​នៅក្នុង​ក្រុម​គ្រួសារ​ក្នុងឪកាសបុណ្យភ្ជុំ​បិណ្ឌ ក៏​ដូច​ជាជួប​ជុំ​ក្រុម​គ្រួសារ។

  2. តេីអ្នកប្រាប់ខ្ញុំបានទេថា:
    តេីកាសំពះលោកសង្ឃ(មិនមែនថ្វាយបង្គំ) ខុសនឹងបន្ទូលព្រះឫទេ?
    តេីការយកសំភារៈ ម្ហូបអាហារ ប្រាក់កាស…ជូនលោកសង្ឃខុសនឹងបន្ទូលព្រះឫទេ?

    • សួស្ដី​បង Sok Bunnath

      សំណួរទី១​របស់​បង «តើកាសំពះលោកសង្ឃ(មិនមែនថ្វាយបង្គំ) ខុសនឹងបន្ទូលព្រះឫទេ?»
      ប្រសិនបើ​សំពះ​ ក៏​ដូច​ជា​ជម្រាបសួរនៅពេល​លោកសង្ឃណាម្នាក់ដែលគាត់​មកលេងផ្ទះ ក្នុង​ន័យ​ថា ជា​ភ្ញៀវ ឬ​ក៏​គាត់​ចាស់​ទុំ​ជាង​យើង​ នោះ​មិន​អី​ទេ។​ កុំ​តែ​ឲ្យ​យើង​សំពះ​ ឬ​ក៏​ថ្វាយ​បង្គំ​គាត់​ស្មើ​នឹង​ព្រះ​ជាម្ចាស់​នោះ​គឺ​ជា​អំពើបាបហើយ។
      យើង​គ្រីស្ទ​របរិស័ទ​ ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គឺ​យើង​ថ្វាយបង្គំទ្រង់តែ​មួយ​ប៉ុណ្ណោះ។ យើង​មិនអាច​លើកនរណា​ម្នាក់​ឲ្យ​ធ្វើ​ជាព្រះ​ ហើយ​ថ្វាយ​បង្គំបាន​ទេ ព្រះគម្ពីរ​ហាម​ដាច់ខាត។ពីព្រោះ​យើង​ដឹង​ហើយ​ថា ព្រះ​ពិត​មាន​តែ​១គត់។
      ចំពោះ​ខ្ញុំ​ផ្ទាល់ ពេល​ខ្ញុំ​ជួបលោកសង្ឃដែល​ខ្ញុំស្គាល់​គាត់ ​ខ្ញុំ​ជម្រាបសួរ​លោកសង្ឃ តែ​ខ្ញុំ​មិន​បាន​ថ្វាយ​បង្គំ​គាត់​នោះ​ទេ។ ពីព្រោះ​ ខ្ញុំ​ដឹង​ថា អ្នក​ដែល​ស័ក្កសមថ្វាយ​បង្គំ​គឺ​ព្រះ​ដ៏​ពិត​ មិនមែន​មនុស្សនោះ​ទេ។

      សំណួរ​ទី២របស់​បង «តើការយកសំភារៈ ម្ហូបអាហារ ប្រាក់កាស…ជូនលោកសង្ឃខុសនឹងបន្ទូលព្រះឫទេ?»
      សុំសួរ​បងវិញចុះ តើ​ហេតុអ្វី​បាន​បងរៀបចំ ម្ហូបអារហារ​សម្រាប់​លោកសង្ឃ? តើ​ដើម្បី​អ្វី? ឬ​ក៏​បងប្អូន​ដែល​មិនមែន​ជា​អ្នក​ជឿរបស់​បង ស្នើរ​បងជួយរៀបចំ?

      អ្វី​ដែល​យើង​គួរ​សិក្សា​គឺ​ថា ការ​ដែល​អ្នក​មិន​ជឿរៀប​ចំម្ហូប​អាហារសម្រាប់​លោកសង្ឃគឺ​គោលបំណង​គឺឧទ្ទិស​កុសល​ម្ហូប​អាហារ​ទាំងនោះ​ទៅ​ដល់​ញាតិដែល​ចែកស្ថាន​ទាំង​៧សន្ដាន​ដែល​បាន​ចែក​ស្ថាន​ទៅនោះ ដើម្បី​ឲ្យ​គាត់
      ទទួ​លម្ហូបអារហារដែល​យើង​បាន​យក​ជូន​ពួកគាត់​តាមរយៈ​លោកសង្ឃនោះ។ អ្នក​មិនជឿ​គេធ្វើដូច ពីព្រោះ​ពួកគេ​ខ្លាច វិញ្ញាណ​ទាំង​នោះ​មក​ធ្វើ​ទុក្ខ ឬ​ក៏​លងបន្លាច ឬ​ក៏​ដាក់ទំនាយ​ឲ្យ​ក្រ ជួន​កាល​ឲ្យ​ជា​យល់សប្តិទៀតផង។
      ប៉ុន្តែ​វិញ្ញាណ​ទាំង​នោះ​មិន​មែន​ជាវិញ្ញាណរបស់​បងប្អូនយើង​ដែល​ស្លាប់​ទៅ​នោះ​ទេ គឺ​ជាវិញ្ញាណ​អារក្សសាតាំង​ទេតើ ដែល​មក​បន្លំ​ធ្វើ​ជាបងប្អូន។ ចំពោះ​យើង​ដែល​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​យើង​បាន​ត្រឡប់​ជាកូន​ព្រះ ដូច្នេះ​វិញ្ញាណ​នោះ​មិន​អាចមក
      ធ្វើ​ទុក្ខ​បាន​ទេ ព្រោះ​ព្រះនៃ​យើង​មាន​អំណាច​ធំ​ជាង​វិញ្ញាណ​ទាំង​នោះ។

      => ជំនឿគ្រីស្ទបរិស័ទ៖ គ្រីស្ទបរិស័ទ​អត់ធ្វើដូចនោះ​ទេ ក្នុង​ព្រះ​គម្ពីរ​បាន​ប្រាប់​រួច​ហើយ អ្នកដែល​ស្លាប់​ពុំ​អាច​មាន​ទំនាក់ទំនង​ជាមួយ​យើង​បានទេ សម្បីតែ​ម្ហូបអាហារដែល​យើង​ហូប​ក៏​គាត់​ទទួលទាន​ពុំបាន​ដែរ។
      មនុស្ស​ដែល​ស្លាប់គឺ​មានស្ថាន​ពីរ​ដែល​គាត់​នឹង​ទៅទីនោះ ទី១​ស្ថាន​នរក ទី២ស្ថានសួគ៌។ ក្នុង​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា អ្នក​ណាដែល​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ ពេល​ស្លាប់ទៅនឹង​ទៅ​នៅ​ជាមួយ​នឹង​ទ្រង់។
      អ្នក​មិនជឿ​គឺស្ថាន​ផ្សេងៗទៀត​ក្រៅ​ពី​ស្ថានសួគ៌ (ស្ថាននរក) សូម​បង​អាន​ព្រះគម្ពីរដែ​លនិយាយ​ពី​លោក ឡាសារ និង​អ្នក​មាន​ម្នាក់។

      សូម​ព្រះ​ប្រទានពរ!!!!!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថបទ​លេខ​១-តើ​អ្វី​គឺ​ជា​ភាព​ដឹក​នាំ​របស់​ស្ត្រី​ដែល​មិន​ស្រប​តាម​ព្រះ​គម្ពីរ?

មិន​មើល មិន​ស្ដាប់ និង​មិន​និយាយ​ការ​អាក្រក់