១យ៉ូហាន ៥:១៣-២១
«ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ។ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ» (១យ៉ូហាន ៥:១៣-១៥)។
យើងមានជីវិតអស់កល្បជានិច្ច
យើងឃើញហើយថា លំហូរនៃគំនិតនេះគឺថាអ្នកនិពន្ធហាក់បីដូចជាផ្លាស់ប្ដូរ ទាក់ទងនឹងចំណុចចុងក្រោយ «ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា…» (ខ១៣)។ យោងតាមឃ្លានេះ ជាការសរុបសេចក្ដី គាត់បាននិយាយនៅចំណុចខាងលើរហូតដល់ចំណុចចុងក្រោយ។ ប្រសិនបើលោកអ្នកអានពីខ១៣-១៦ នោះលោកអ្នកនឹងឃើញពាក្យ «ដឹងថា» មានចំនួនប្រហែល៦-៧ដង (ប្រសិនបើលោកអ្នកអានក្នុងភាសាអង់គ្លេសមានចំនួន៧ដង)។ ខ១៣គឺជាគន្លឹះទាំងប៉ុន្មាននេះ ដែលអ្នកនិពន្ធបានសរសេរ។ គោលបំណងចម្បងរបស់អ្នកនិពន្ធគឺថា គាត់សរសេរគ្រប់ការទាំងអស់ ដើម្បីបញ្ជាក់ទៅដល់អ្នកជឿ និងអ្នកដែលដើរតាមព្រះយេស៊ូវឲ្យមានភាពប្រាកដនិយម ដោយមានភាពប្រាកដប្រជាថា ខ្លួនមានជីវិតដ៏នៅអស់កល្បជានិច្ចមែន។
នេះហើយគឺចំណុចទី១ដែលនិយាយអំពីភាពប្រាកដនិយម ដែលគ្រីស្ទបរិស័ទដ៏ពិតប្រាកដមានជីវិតអស់កល្បជានិច្ច។ ប្រហែលមានមនុស្សមួយចំនួន ដែលបានជឿព្រះហើយ តែនៅមានការសង្ស័យ។ បញ្ហាគឺដោយសារតែមានពួកគ្រូខុសឆ្គងបានជ្រៀតចូលមក និងបញ្ហាកត្តាសង្គមរបស់ពួកគាត់ «បាននិយាយនេះ និយាយនោះ» ធ្វើឲ្យពួកគាត់មានចិត្តឆ្ងល់សង្ស័យ ហើយពួកគាត់បានគិតថា តើខ្លួនមានជីវិតដ៏នៅអស់កល្បជានិច្ចដែរឬទេ? ហេតុដូច្នេះហើយបានជាសាវ័ក យ៉ូហាន សរសេរបញ្ជាក់ និងពន្យល់ដល់អស់អ្នកដែលជឿលើព្រះរាជបុត្រានៃព្រះ។ នៅត្រង់ចំណុចនេះសាវ័ក យ៉ូហាន បានសរសេរទៅកាន់ពួកគាត់ ដែលជាអ្នកជឿយ៉ាងពិតប្រាកដ គាត់មិនមែនសរសេរសំដៅទៅពួកអ្នកជឿក្នុងរបៀបខុសឆ្គងនោះទេ។ ប្រសិនបើលោកអ្នកក្រឡេកមើលទៅលើអ្វីដែលសាវ័ក យ៉ូហាន បានសរសេរចាប់តាំងពីដើមមក នោះគាត់បានប្រាប់យើងរួចហើយអំពីលក្ខណៈនៃអ្នកដែលជឿព្រះយ៉ាងពិតប្រាកដ គឺថាពួកគាត់ជាអ្នកដែលដើរក្នុងពន្លឺនៃព្រះ និងនៅក្នុងព្រះអង្គ។
សរុបសេចក្ដីមក អ្នកជឿពិតប្រាកដគឺជាអ្នកដែលដើរក្នុងពន្លឺនៃព្រះ។ មួយវិញសោត អស់អ្នកដែលជឿយ៉ាងពិតប្រាកដគឺជាអ្នកដែលស្តាប់តាមបង្គាប់របស់ព្រះអង្គ ហើយស្តាប់ព្រះបន្ទូលព្រះ ព្រមទាំងធ្វើតាមលំនាំនៃព្រះគ្រីស្ទ។ នេះហើយគឺជាអ្នកដែលជឿយ៉ាងពិតប្រាកដ។ ហើយចំពោះអ្នកដែលជឿយ៉ាងពិតប្រាកដនោះ សាវ័ក យ៉ូហាន ក៏បានប្រាប់ដែរថា ពួកគាត់គឺជាអ្នកដែលស្រឡាញ់ព្រះអង្គ ហើយស្រឡាញ់អ្នកដែលនៅជុំវិញខ្លួន មិនមែនស្រឡាញ់លោកីយ៍នោះទេ។
ចំណុចមួយទៀតដែលសាវ័ក យ៉ូហាន បាននិយាយច្រើនជាងគេបំផុត គឺទាក់ទងទៅនឹងសេចក្ដីស្រឡាញ់។ នេះហើយគឺជាលក្ខណសម្បត្តិរបស់អស់អ្នកដែលទទួលជឿលើព្រះអង្គ គឺថា ពួកគាត់នឹងមានជីវិតអស់កល្បជានិច្ច។ ដូច្នេះ ភាពប្រាកដនិយមរបស់យើងដែលជាគ្រីស្ទបរិស័ទ៖ យើងមានជីវិតអស់កល្បជានិច្ច។ ប្រហែលជាមានមនុស្សមួយចំនួន (ជាពិសេសអ្នកដែលជឿថ្មីថ្មោង) មានចម្ងល់ថា «តើជីវិតដែលនៅអស់កល្បជានិច្ចគឺជាអ្វី?» កណ្ឌគម្ពីរ យ៉ូហាន ១៧:៣ បានចែងថា «នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ ប្រសិនបើយើងផ្អែកទៅលើកណ្ឌគម្ពីរ យ៉ូហាន ១៧:៣ នោះយើងនឹងឃើញថា ជីវិតអស់កល្បជានិច្ចគឺជាជីវិតដែលមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ហើយមានលក្ខណៈប្រកបជាមួយនឹងព្រះជាម្ចាស់ឡើងវិញ នេះហើយគឺជាជីវិតអស់កល្បជានិច្ច។ ដូច្នេះ ត្រង់នេះមានន័យថា អស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែ មានរូបភាពពីរយ៉ាង៖ ពេលខ្លះ គេនិយាយអំពីពេលបន្ទាប់ពីយើងស្លាប់ទៅ នោះយើងនឹងមានជីវិតអស់កល្បជានិច្ច។ ពិតប្រាកដណាស់! បន្ទាប់ពីយើងស្លាប់ទៅ នោះយើងនឹងទៅនៅឯនគរស្ថានសួគ៌ជាមួយនឹងព្រះអង្គ។ នៅពេលដែលលោកអ្នក ហើយនិងខ្ញុំទទួលជឿព្រះអង្គ នោះយើងនឹងមានជីវិតអស់កល្បជានិច្ច។
បើនិយាយម្យ៉ាងទៀតទៅ ជីវិតអស់កល្បជានិច្ចក៏មានន័យថា យើងស្គាល់ព្រះយ៉ាងពិតប្រាកដ និងមានការប្រកបជិតស្និទ្ធជាមួយនឹងព្រះដ៏ជាព្រះដែលបានបង្កើតយើងមក៖ គឺព្រះយេស៊ូវ។ ជីវិតរបស់យើងនៅលើផែនដីនេះមិនទាន់បានពេញលេញនៅឡើយទេ។ ប៉ុន្តែ ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាជីវិតដែលយើងរំពឹងថា នឹងនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់នៅពេលដែលយើងស្លាប់ទៅ។ នេះហើយគឺជីវិតដ៏នៅអស់កល្បជានិច្ច ដែលមនុស្សគ្រប់ៗគ្នាទន្ទឹងរង់ចាំចង់បាន គឺការប្រកបជាមួយនឹងព្រះអង្គ។ ជីវិតដ៏នៅអស់កល្បជានិច្ចមានការចាប់ផ្តើមនៅពេលដែលយើងស្គាល់ព្រះជាម្ចាស់ ទទួលជឿព្រះអង្គ ហើយនិងមានទំនាក់ទំនងជាមួយនឹងទ្រង់។ នេះគឺជាចំណុច និងជាការបញ្ជាក់អះអាងយ៉ាងច្បាស់នៅក្នុងជីវិតរបស់យើងដែលជាគ្រីស្ទបរិស័ទ ទាក់ទងនឹងភាពប្រាកដនិយមរបស់យើង។ ជាពិសេសគឺជាដំណឹងល្អ ដែលយើងត្រូវតែប្រាប់អ្នកដទៃទៀត អំពីជីវិតអស់កល្បជានិច្ច។ ការធ្វើបែបនោះគឺជាអំណររបស់គ្រីស្ទបរិស័ទគ្រប់ៗរូប។
ព្រះជាម្ចាស់នឹងឆ្លើយតបការអធិស្ឋានរបស់យើង
កណ្ឌគម្ពីរ ១យ៉ូហាន ៥:១៣-១៤ បានចែងថា «យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ»។ ត្រង់ចំណុចនេះ ភាពប្រាកដនិយមមួយទៀត ដែលគ្រីស្ទបរិស័ទមានគឺថា អ្វីដែលយើងទូលសូម នោះព្រះអង្គនឹងឆ្លើយតបតាមពេលវេលា និងរបៀបរបស់ទ្រង់។ ប្រហែលមនុស្សមួយចំនួនមានសំណួរសួរថា «ខ្ញុំបានទូលសូមផងដែរ តែអត់មានចម្លើយឆ្លើយតបវិញសោះ ហើយក៏បានទូលសូមជាយូរហើយដែរ?» ពិតណាស់! កណ្ឌគម្ពីរ ១យ៉ូហាន ៥:១៤ បានប្រាប់យើងនូវលក្ខខណ្ឌ «…គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់»។ ពាក្យ «បើ» នៅត្រង់ចំណុចនេះ គឺជាការបំពេញនូវលក្ខខណ្ឌ ឬក៏ជាការបញ្ជាក់ទាមទារលក្ខខណ្ឌអ្វីម៉្យាងមកបំពេញ ហើយលទ្ធផលនៃការបំពេញនោះនឹងកើតឡើងជាមិនខាន។ ដូច្នេះ នេះមានន័យថា បើសិនជាលោកអ្នកសូមអ្វីដែល ត្រូវតាមព្រះហឫទ័យទ្រង់ នោះព្រះនឹងព្រះសណ្ដាប់ ហើយទ្រង់ក៏នឹងឆ្លើយតបដែរ។
មូលហេតុដែលសំណូមពររបស់លោកអ្នកប្រហែលជាមិនបានទទួលការឆ្លើយតប (ទោះបើលោកអ្នកបានអធិស្ឋានអស់រយៈពេលជាយូរ ហើយថែមទាំងបានគិតថា សំណូមពររបស់ខ្លួនត្រឹមត្រូវ) គឺដោយសារអ្វីដែលលោកអ្នកទូលសូមនោះមិនសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប៉ុន្តែ អ្វីដែលព្រះអង្គមិនទាន់បានឆ្លើយតបមិនមែនមានន័យថា ព្រះអង្គមិនបានឆ្លើយតបនោះទេ។ ការមិនឆ្លើយតបក៏ជាចម្លើយមួយដែរ! ហើយអ្វីដែលយើងបានអធិស្ឋានសូម តែព្រះអង្គមិនទាន់បានឆ្លើយតប នោះគឺប្រហែលជាមានលក្ខខណ្ឌមួយចំនួនដែលយើងមិនទាន់បានបំពេញឲ្យស្របតាមសព្វព្រះហឫទ័យរបស់ទ្រង់នៅឡើយ។
សំណួរដំបូងដែលយើងត្រូវសួរខ្លួនឯងគឺថា «តើអ្វីដែលខ្ញុំទូលសូមត្រូវទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ?» ហើយសំណួរបន្ទាប់សួរថា «តើធ្វើដូចម្ដេចឲ្យយើងអាចស្គាល់អំពីបំណងព្រះហឫទ័យព្រះអង្គបាន?» ចម្លើយគឺថា៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរគឺជាអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងឲ្យយើងអាចយល់បានអំពីបំណងព្រះហឫទ័យព្រះអង្គ។ ជួយឲ្យយើងដឹងអំពីអ្វីដែលព្រះជាម្ចាស់សព្វ និងមិនសព្វព្រះហឫទ័យ និងអំពីអ្វីដែលព្រះទ្រង់សព្វព្រះហឫទ័យនឹងប្រទាន ឬក៏មិនប្រទានឲ្យ។ ប្រសិនបើលោកអ្នកក្រឡេកមើលទៅកណ្ឌគម្ពីរ ១យ៉ូហាន ៣:២១-២៣ វិញ៖ «ពួកស្ងួនភ្ងាអើយ បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្ដីក្លាហាន នៅចំពោះព្រះ ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសម្រេច ពីព្រោះយើងកាន់តាមបញ្ញត្តិទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ ឯបញ្ញត្តិទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ»។
ដូច្នេះ តើអ្វីទៅជាលក្ខខណ្ឌ? ប្រសិនបើលោកអ្នកមិនមានភាពប្រាកដនិយមនោះទេ ដោយនៅមានការសង្ស័យ និងមានការចោទប្រកាន់នៅក្នុងជីវិតរបស់លោកអ្នក ហើយព្រមទាំងមិនមានទំនុកចិត្តចំពោះព្រះអង្គ នោះព្រះអង្គក៏មិនឆ្លើយតបនូវសំណូមពររបស់លោកអ្នកដែរ។ ប៉ុន្តែ ប្រសិនបើលោកអ្នកចូលទៅជិតព្រះអង្គដោយមានចិត្តក្លាហាន («ចិត្តក្លាហាន» មានន័យថា លោកអ្នកនៅជាប់ព្រះអង្គ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ) ហើយកាន់តាមបញ្ញត្តិព្រះអង្គ ដោយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះលោកអ្នកបានបំពេញតាមលក្ខខណ្ឌហើយ។ សូមពិនិត្យមើលក្នុងជីវិតរបស់ខ្លួនឯងថា «តើខ្ញុំបានរស់នៅស្របតាមលក្ខខណ្ឌរបស់ព្រះអង្គដែរឬទេ?» ជាពិសេសនៅពេលដែលលោកអ្នកអធិស្ឋានទូលអង្វរទៅកាន់ព្រះអង្គ។ ចូរសួរខ្លួនឯង «តើអ្វីដែលខ្ញុំទូលសូមនោះ ព្រះអង្គសព្វព្រះហឫទ័យដែរឬទេ? តើខ្ញុំបានចូលទៅចំពោះព្រះអង្គដោយមិនមានចិត្តសង្ស័យ ឬក៏ចិត្តក្លាហាន?» ពិតប្រាកដ! នេះជាលក្ខខណ្ឌសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿព្រះនោះទេ។ ហើយប្រសិនបើលោកអ្នកមើលនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៥:៧ នោះលោកអ្នកនឹងឃើញថា៖ «បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន»។
ដូច្នេះ លក្ខខណ្ឌមួយទៀតគឺថា យើងត្រូវតែនៅឲ្យជាប់នឹងព្រះបន្ទូលព្រះអង្គ និងមានការប្រកបជាមួយនឹងព្រះអង្គ ទាំងនេះគឺចំណុចមួយដែលសំខាន់ណាស់។ នៅពេលដែលលោកអ្នកនៅជាប់នឹងព្រះបន្ទូលព្រះអង្គ មានការប្រកបគ្នាជាមួយនឹងព្រះអង្គ រួមបញ្ចូលទាំងអ្វីដែលលោកអ្នកទូលសូមដែលត្រឹមត្រូវសមស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះអង្គនឹងឆ្លើយតបតាមសំណូមពរអធិស្ឋានរបស់លោកអ្នកជាមិនខាន។
ពេលខ្លះ យើងតែងតែមានសំណូមពរជាច្រើន ហើយជាទូទៅជីវិតយើង ដែលជាគ្រីស្ទបរិស័ទក៏តែងតែចង់បានអ្វីដែលមកពីព្រះអង្គ ដើម្បីបំពេញនូវតម្រូវការរបស់យើងផ្ទាល់ៗខ្លួនដែរ។ ពិតប្រាកដណាស់! វាគឺជាការល្អដែលលោកអ្នកទូលសូមសម្រាប់តម្រូវការរបស់លោកអ្នកក្នុងជីវិតពីព្រះអង្គ។ ប៉ុន្តែ លោកអ្នកត្រូវដឹងថា ព្រះអង្គមិនមែនឆ្លើយតបទៅតាមការនឹកឃើញចង់បានភ្លាមៗនោះទេ គឺទៅតាមពេលវេលារបស់ព្រះវិញ។ ពេលខ្លះ ប្រហែលព្រះអង្គសព្វព្រះហឫទ័យឲ្យលោកអ្នករង់ចាំសិន។ ទំនងជាមានមនុស្សមួយចំនួនប្រហែលមានការពិបាកក្នុងការរង់ចាំ ហើយក៏តែងតែធ្វើកិច្ចការនោះមុនព្រះអង្គប្រទានឲ្យដែរ។ ហើយមានមនុស្សមួយចំនួនទៀតក៏ចាប់ផ្តើមខឹងនឹងព្រះជាម្ចាស់ ដោយសារពួកគាត់បានអធិស្ឋានជាច្រើនដង តែមិនមានការឆ្លើយតប ហើយពួកគាត់ក៏បានឈប់អធិស្ឋានដោយមានកំហឹងនឹងព្រះជាម្ចាស់។ មានអ្នកខ្លះទៀតលែងមកព្រះវិហារថ្វាយបង្គំ ដោយនិយាយមកកាន់ក្រុមជំនុំថា «ព្រះកុហក»។ មិនតែប៉ុណ្ណោះ ការអធិស្ឋាននៅក្នុងជីវិតរបស់ពួកគាត់ក៏បានថយចុះបន្តិចម្ដងៗ រហូតលែងអធិស្ឋានតែម្តងទៅ ដោយគិតថាខំប្រឹងធ្វើខ្លួនឯងវិញ ដោយសារព្រះមិនឆ្លើយតបការអធិស្ឋានរបស់ពួកគាត់។
មានការទូលសូមខ្លះពីមនុស្សមួយចំនួន ដែលខ្ញុំធ្លាប់បានឮ ធ្លាប់ដឹង (ហើយក៏ធ្លាប់ទូលសូមដូចពួកគាត់ផងដែរ) គឺការអធិស្ឋានសម្រាប់ឪពុកម្ដាយបងប្អូនខ្លួនឲ្យពួកគាត់បានទទួលជឿព្រះយេស៊ូវ ហើយថែមទាំងមានគំនិតគិតថា ការអធិស្ឋានបែបនេះគឺជាការអធិស្ឋានដែលត្រឹមត្រូវ ហើយសមស្របតាមព្រះហឫទ័យព្រះជាម្ចាស់។ ប៉ុន្តែ លោកអ្នកដឹងហើយថា ពេលវេលារបស់ព្រះជាម្ចាស់ខុសគ្នាពីពេលវេលារបស់យើង ហើយរបៀបរបស់ទ្រង់ក៏មិនដូចយើងដែរ។ ក្នុងនាមយើងជាមនុស្ស យើងតែងតែទូលសូមព្រះឲ្យធ្វើទៅតាមពេលវេលា និងរបៀបរបស់យើង ជាជាងរបស់ទ្រង់។ ហេតុដូច្នេះហើយបានជាការដ៏សំខាន់ដែលគ្រីស្ទបរិស័ទត្រូវធ្វើគឺពឹងផ្អែកទៅលើព្រះអង្គ មានទំនុកចិត្ត និងមានភាពប្រាកដនិយមនៅពេលដែលយើងទូលសូមអ្វីមួយ។ យើងត្រូវតែសូមតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ នោះទើបព្រះអង្គនឹងឆ្លើយតប។
មានលោកគ្រូម្នាក់បាននិយាយថា «ភាពអស្ចារ្យនៃសេចក្ដីអធិស្ឋានគឺមិនមែនជាការដែលយើងព្យាយាមទាមទារឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គសមស្របនឹងបំណងរបស់មនុស្សនោះទេ។ ប៉ុន្តែ គឺជាការព្យាយាមសម្របចិត្តរបស់យើងទៅតាមបំណងព្រះហឫទ័យព្រះអង្គវិញ»។ ដូច្នេះ នេះមិនមែនមានន័យថា ការអធិស្ឋានទូលសូមអ្វីមួយគឺត្រូវទាមទារឲ្យបំណងព្រះហឫទ័យព្រះមកត្រូវ ឬសមស្របទៅតាមបំណងចិត្តរបស់យើងនោះឡើយ។ តែនៅពេលដែលយើងអធិស្ឋាន ចូរថ្វាយអ្វីដែលយើងទូលសូមឲ្យបានត្រឹមត្រូវទៅកាន់ព្រះអង្គចុះ។
ខ្ញុំជឿថា សេចក្ដីអធិស្ឋានបែបនេះគឺជាសេចក្ដីអធិស្ឋានដែលព្រះអង្គសព្វព្រះហឫទ័យ និងជាសេចក្ដីអធិស្ឋានដែលព្រះអង្គនឹងឆ្លើយតបដែរ។ ដូច្នេះ តើជីវិតនៃសេចក្ដីអធិស្ឋានរបស់លោកអ្នកមានលក្ខណៈដូចម្តេចជាមួយនឹងព្រះអង្គ? ជាទូទៅ យើងតែងតែនិយាយពីការអធិស្ឋាន តែប្រសិនបើជីវិតយើងមិនមានការអធិស្ឋានទេ នោះវាមិនស្របគ្នាឡើយ។ ប្រសិនបើព្រះអង្គមិនឆ្លើយតប នោះប្រហែលជាមានអ្វីមួយដែលកំពុងរាំងស្ទះ ហើយមិនត្រឹមត្រូវក្នុងជីវិតយើង។ ប្រសិនបើលោកអ្នកជាគ្រីស្ទបរិស័ទដែលត្រឹមត្រូវ ខ្ញុំជឿថា ជីវិតនៃការអធិស្ឋានរបស់លោកអ្នកនឹងកាន់តែមានភាពប្រសើរឡើងៗ។ នេះគឺលក្ខណៈមួយដែលព្រះអង្គបានបង្រៀនដល់យើង៖ កាលណាជីវិតរបស់យើងកាន់តែលូតលាស់ឡើង នោះជីវិតនៃការអធិស្ឋានរបស់យើងក៏កាន់តែរីកចម្រើនឡើងដែរ។ ហើយនៅពេលដែលជីវិតនៃការអធិស្ឋានរីកចម្រើនឡើងៗ នោះជីវិតរបស់យើងក៏កាន់តែលូតលាស់ដែរ។ ប៉ុន្តែ ប្រសិនបើជីវិតនៃការអធិស្ឋានរបស់យើងកាន់តែខ្សោយទៅៗ នោះជីវិតខាងឯព្រលឹងវិញ្ញាណរបស់យើងក៏នឹងកាន់តែដុនដាបទៅតាមការអធិស្ឋានផងដែរ។
បើលោកអ្នកគិតថា ការអធិស្ឋានគឺជាបន្ទុក នោះខ្ញុំគិតថា លោកអ្នកគួរតែពិនិត្យមើលជីវិតរបស់ខ្លួនសារឡើងវិញ។ ផ្ទុយទៅវិញ បើយើងសម្លឹងឃើញថា ការអធិស្ឋានគឺជាឯកសិទ្ធិ នោះមានន័យថា លោកអ្នកកំពុងមើលចំពោះព្រះអង្គក្នុងរបៀបដែលត្រឹមត្រូវហើយ។ ដូច្នេះ ចូរកុំអស់សង្ឃឹមក្នុងការអធិស្ឋានឡើយ!
មតិយោបល់
Loading…