ថ្ងៃនេះ ខ្ញុំចង់បំភ័យបងប្អូនបន្តិច។ យ៉ាងហោចណាស់ ខ្ញុំចង់សម្លុតបងប្អូនបន្តិច។ តាមពិតទៅ ខ្ញុំចង់ឲ្យព្រះគម្ពីរបំភ័យ និងសម្លុតបងប្អូន ដើម្បីលើកទឹកចិត្តបងប្អូនឲ្យធ្វើនូវអ្វីមួយដែលបងប្អូនដឹងថាមិនអាចធ្វើដោយខ្លួនឯងបាន។ ការលើកទឹកចិត្តនេះគឺសម្រាប់គ្រីស្ទបរិស័ទគ្រប់រូប ប៉ុន្តែជាពិសេសគឺខ្ញុំចង់លើកទឹកចិត្តដល់គ្រីស្ទបរិស័ទដែលមានវ័យក្មេង ពោលគឺក្មេងជំទង់ និងអ្នកដែលមានអាយុ២០ឆ្នាំជាង។
១ធីម៉ូថេ ៤:១២ ចែងថា «កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសម្ដី ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ» (គគខ)។ ទោះបីជាលោក ធីម៉ូថេ នៅក្មេងនៅឡើយក៏ដោយ ក៏សាវ័ក ប៉ុល នៅតែលើកទឹកចិត្តគាត់ឲ្យរស់នៅដោយធ្វើជាគំរូដល់អ្នកដទៃដែរ ដើម្បីឲ្យគេឃើញ ហើយត្រាប់តាមគាត់ ពោលគឺឲ្យគាត់រស់នៅក្នុងរបៀបមួយដែលបង្ហាញថា គាត់ពិតជាមានលក្ខណៈដែលធ្វើឲ្យអ្នកដទៃចង់ត្រាប់តាម
ចូរធ្វើជាគំរូក្នុងការប្រព្រឹត្តរបស់បងប្អូន
ខ្ញុំគិតថា បងប្អូនបានដឹងហើយថា ក្នុងនាមជាគ្រីស្ទបរិស័ទ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងរស់នៅដោយធ្វើជាគំរូនៅក្នុងអាកប្បកិរិយារបស់បងប្អូន។ ឪពុកម្ដាយតែងតែប្រាប់ដល់កូនបងឲ្យធ្វើជាគំរូដល់បងប្អូនរបស់ខ្លួន។ ព្រះគម្ពីរបានប្រាប់គ្រីស្ទបរិស័ទក្មេងៗអំពីអត្ថប្រយោជន៍នៃជីវិតរស់នៅរបស់ពួកគេ ចំពោះភ្នែកអ្នកមិនជឿនៅលើផែនដីនេះ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងមានអាកប្បកិរិយាដែលបង្ហាញពីព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ឧទាហរណ៍ នៅសាលារៀន នៅកន្លែងធ្វើការ នៅពេលបងប្អូននិយាយលេងជាមួយអ្នកជិតខាង និងជាមួយអ្នកទិញអីវ៉ាន់ ក៏ដូចជានៅពេលដែលបងប្អូនជួបជុំជាមួយនឹងក្រុមគ្រួសារផងដែរ ពោលគឺបងប្អូនមិនធ្វើអ្វីដែលអ្នកមិនជឿធ្វើ មិនមើលអ្វីដែលអ្នកមិនជឿមើល មិនសើចអំពីអ្វីដែលអ្នកមិនជឿសើច។ បងប្អូនត្រូវរស់នៅដូចជាអំបិល និងពន្លឺចំពោះអស់អ្នកដែលរស់នៅជុំវិញខ្លួន (ម៉ាថាយ ៥:១៣-១៦)។ បងប្អូនដឹងអំពីការនេះហើយ។ មានគេប្រាប់ប្អូនអំពីចំណុចទាំងនេះជាច្រើនលើកច្រើនសាររួចមកហើយ។
ប៉ុន្តែ តើបងប្អូនដឹងថា បងប្អូនត្រូវធ្វើជាគំរូក្នុងលក្ខណសម្បត្តិ និងភាពពេញវ័យ ចំពោះគ្រីស្ទបរិស័ទដទៃទៀត និងសូម្បីតែគ្រីស្ទបរិស័ទដែលមានអាយុចាស់ជាងបងប្អូន មានប្រាជ្ញាជាងបងប្អូន និងកោតខ្លាចព្រះអង្គជាងបងប្អូនដែរឬទេ? ចំណុចនេះពិតជាធ្វើឲ្យយើងភ័យខ្លាច ហើយតក់ស្លុតណាស់! ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏នោះជាអ្វីដែលសាវ័ក ប៉ុល បានបង្គាប់ដល់លោក ធីម៉ូថេដែរ។ ពោលនោះ លោក ធីម៉ូថេមានវ័យក្មេងណាស់ គឺក្មេងរហូតដល់អាចនឹងធ្វើឲ្យគ្រីស្ទបរិស័ទដែលមានវ័យចាស់ជាងគាត់មើលងាយគាត់បាន ដោយសារពួកគេគិតថា លោក ធីម៉ូថេ ក្មេងពេក ដូច្នេះគាត់មិនអាចបង្រៀនពួកគេបានឡើយ។ ប៉ុន្តែសាវ័ក ប៉ុល នៅតែប្រាប់លោក ធីម៉ូថេ ឲ្យធ្វើជាគំរូដល់ពួកគេក្នុងការប្រព្រឹត្តរបស់គាត់។
«គំរូ» គឺជាពាក្យទូទៅមួយ។ នេះជាពាក្យដែលនិយាយអំពីចំណុចគ្រប់យ៉ាងនៃជីវិត។ នៅក្នុងគ្រប់អ្វីៗទាំងអស់ដែលគាត់ធ្វើ ក៏ដូចជាឥរិយាបថរបស់គាត់ គឺគាត់ត្រូវតែធ្វើជាគំរូ។ នៅក្នុងចំណុចគ្រប់យ៉ាងរបស់គាត់ គឺគាត់ត្រូវតែធ្វើជាគំរូដល់អ្នកដទៃ។ គ្មានចំណុចណាមួយនៅក្នុងជីវិតរបស់គាត់ដែលគាត់មិនអាច «ធ្វើជាគំរូដល់ពួកអ្នកជឿខាងឯ…ការប្រព្រឹត្ត» ឡើយ។ លោក ធីម៉ូថេ បានទទួលការបង្គាប់នេះ ដូច្នេះបងប្អូនក៏ត្រូវតែទទួលយកការបង្គាប់នេះដែរ។ បងប្អូនមិនអាចបដិសេធមិនទទួលយកការនេះ ដោយសារបងប្អូនជាបុគ្គលដែលមានវ័យក្មេងក្នុងការធ្វើជាគំរូដល់អ្នកដទៃឡើយ។ លោកគ្រូ ភីលីព រ័យខិន (Philip Ryken) បានមានប្រសាសន៍ថា «លោកអ្នកត្រូវធ្វើជាគំរូនៅក្នុងការប្រព្រឹត្តរបស់លោកអ្នកនៅផ្ទះ នៅក្នុងក្រុមជំនុំ នៅផ្សារ នៅតាមផ្លូវថ្នល់ នៅកន្លែងដើរលេង និងនៅកន្លែងកាត់សក់»។ នៅគ្រប់ពេលវេលា គ្រប់វិធី និងគ្រប់ចំណុចនៃជីវិត គឺព្រះជាម្ចាស់បង្គាប់ឲ្យបងប្អូនធ្វើជាគំរូពីការកោតខ្លាចព្រះដល់អ្នកជឿដទៃទៀត។
តើបងប្អូនបានធ្វើជាគំរូដល់អ្នកជឿអំពីការកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? តើអ្នកជឿដទៃទៀតសម្លឹងមើលមកបងប្អូនដោយទុកជាគំរូដែលពួកគេគួរត្រាប់តាមដែរឬទេ? ខ្ញុំចង់ឲ្យបងប្អូនគិតពីចំណុចនេះនៅក្នុងគ្រប់ចំណុចទាំងអស់នៃជីវិតរបស់បងប្អូនដោយខ្លួនឯងផ្ទាល់ ព្រោះខ្ញុំចង់លើកឡើងតែពីឥរិយាបថរបស់បងប្អូនទាក់ទងនឹងក្រុមជំនុំតាមតំបន់ប៉ុណ្ណោះ។ នៅពេលដែលបងប្អូនជួបជុំគ្នាជាមួយគ្រីស្ទបរិស័ទដទៃទៀត តើបងប្អូនមើលឃើញខ្លួនឯងថា បានធ្វើជាគំរូក្នុងការប្រព្រឹត្តដល់គ្រីស្ទបរិស័ទដទៃទៀតដែរឬទេ? ឱអ្នកអានរាល់គ្នាអើយ! នេះហើយជាអ្វីដែលព្រះបានហៅបងប្អូនឲ្យមកធ្វើ!
តាមរយៈទស្សនៈរបស់គ្រីស្ទបរិស័ទវ័យចំណាស់ម្នាក់ដែលមានអាយុជិត៤០ឆ្នាំ ខ្ញុំអាចលើកឡើងយ៉ាងច្បាស់ថា គ្មានអ្វីលើកទឹកចិត្តខ្ញុំខ្លាំងជាងការដែលខ្ញុំឃើញគ្រីស្ទបរិស័ទវ័យក្មេងរស់នៅដោយធ្វើជាគំរូនោះទេ។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះការដែលគ្រីស្ទបរិស័ទក្មេងៗជម្រុញឲ្យខ្ញុំកាន់តែកោតខ្លាចព្រះ ដោយរស់នៅធ្វើជាគំរូ។ ដូច្នេះខ្ញុំចង់លើកទឹកចិត្តអ្នករាល់គ្នាដែលជាគ្រីស្ទបរិស័ទមានវ័យក្មេង ឲ្យព្យាយាមរស់នៅធ្វើជាគំរូដល់ក្រុមជំនុំរបស់បងប្អូនតាមរយៈការប្រព្រឹត្តរបស់ប្អូន។ ខាងក្រោមនេះជាវិធីមួយចំនួនសម្រាប់គ្រីស្ទបរិស័ទដែលមានវ័យក្មេង៖
• នៅទីនោះ។ ចូរចូលរួមគ្រប់ពេលដែលក្រុមជំនុំប្រជុំគ្នា។ ចូរទទួលស្គាល់ថា ការចូលរួមក្នុងក្រុមជំនុំ គឺជាអាទិភាពចម្បងនៅក្នុងជីវិតរបស់បងប្អូន ហើយបងប្អូននឹងមិនអនុញ្ញាតឲ្យអ្វីមកប៉ះពាល់ពេលវេលានោះឡើយ លុះត្រាតែមានករណីលើកលែងដែលមិនអាចចៀសផុត។ ប្រសិនបើបងប្អូនអនុញ្ញាតឲ្យកីឡាមកទាក់ទាញបងប្អូនពីអាទិត្យមួយទៅអាទិត្យមួយ នោះប្អូនត្រូវតែគិតដោយយកចិត្តទុកដាក់ថា តើការដែលខ្ញុំទៅមើលកីឡាគឺជារឿងដ៏ល្អបំផុតមែនឬ? ចូរកុំឲ្យការឈឺស្កាត់តិចតួចរារាំងមិនឲ្យបងប្អូនទៅព្រះវិហារឡើយ។ ប្រសិនបើបងប្អូននៅរៀននៅឡើយ ចូរធ្វើកិច្ចការសាលាឲ្យហើយនៅថ្ងៃសៅរ៍ ដើម្បីឲ្យបងប្អូនទំនេរអាចទៅព្រះវិហារនៅថ្ងៃអាទិត្យ។ ទាល់តែបងប្អូននៅជិតអ្នកផ្សេង ទើបបងប្អូនអាចធ្វើជាគំរូដល់ពួកគេបាន។
• ចូរចូលឲ្យស៊ប់។ នៅពេលដែលបងប្អូនទៅដល់ព្រះវិហារ ចូរចូលឲ្យស៊ប់។ វិធីមួយដែលបងប្អូនអាចធ្វើការនេះបាន គឺត្រូវមានចិត្តរាក់ទាក់ក្នុងការនិយាយស្ដីជាមួយអ្នកដទៃ និងស្ដាប់គេនៅពេលដែលគេនិយាយ។ អ្វីៗដែលបងប្អូនចូលចិត្តធ្វើនោះគឺ ការទៅនិយាយជាមួយអស់អ្នកដែលបងប្អូនស្គាល់។ ដូច្នេះហើយ ចូរជម្រុញចិត្តខ្លួនឯងឲ្យទៅនិយាយជាមួយអ្នកដទៃដែលខុសពីខ្លួន ពោលគឺអ្នកដែលមានវ័យចាស់ ឬក្មេងជាងខ្លួន មានសញ្ជាតិខុសពីខ្លួន ឬក៏មនុស្សពិការជាដើម។ ចូរធ្វើជាមិត្តភក្ដិជាមួយអ្នកដែលមិនសូវមានគេរាប់អាន ហើយព្យាយាមស្គាល់ពួកគេ។
• ចូរធ្វើជាអ្នកបម្រើ។ ចូរស្វែងរកការបម្រើនៅក្នុងក្រុមជំនុំ ជាពិសេសនៅក្នុងព័ន្ធកិច្ចដែលមិនសូវមានអ្នកចាប់អារម្មណ៍។ មានមនុស្សជាច្រើនមានអារម្មណ៍ថា ព្រះបានត្រាស់ហៅពួកគេឲ្យដឹកនាំចម្រៀង ឬក៏លេងភ្លេងនៅមុខក្រុមជំនុំ ប៉ុន្តែបើនិយាយឲ្យចំទៅ យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកសម្រាមបោះចោល ឬក៏រៀបចំកៅអីឲ្យគេអង្គុយ។ ចូរស្ម័គ្រចិត្តធ្វើកិច្ចការដែលអ្នកដទៃទៀតគិតថាថោកទាប ជាពិសេសកិច្ចការដែលអ្នកដទៃទៀតមិនចង់ធ្វើ ហើយចូរធ្វើកិច្ចការទាំងនោះដោយអំណរ ក៏កុំទាមទារឲ្យអ្នកដទៃទៀតដឹងគុណខ្លួនឡើយ។
• ចូរធ្វើឲ្យគេឃើញ។ នៅពេលដែលបងប្អូនកំពុងថ្វាយបង្គំ ចូរធ្វើជាគំរូដល់អ្នកជឿដទៃទៀត តាមរយៈការដែលបងប្អូនច្រៀងដោយអំណរ។ នៅពេលដល់ម៉ោងស្ដាប់ការអធិប្បាយ ចូរធ្វើជាគំរូពីការយកចិត្តទុកដាក់ស្ដាប់ការអធិប្បាយ។ នៅពេលដែលបងប្អូនអនុវត្តនូវអ្វីដែលបងប្អូនបានរៀន ចូរបង្ហាញពីការនោះដល់អ្នកជឿដទៃទៀត ដោយចេះបន្ទាបខ្លួន និងធ្វើឲ្យអស់ពីចិត្ត ហើយនៅពេលដែលបងប្អូនប្រកបគ្នាជាមួយក្រុមជំនុំ ចូរធ្វើជាគំរូដល់ពួកគាត់ ដោយហ៊ានលះបង់ភាពស្រណុកស្រួលរបស់ខ្លួន ដើម្បីប្រយោជន៍អ្នកដទៃ។
ចំណុចខាងលើនេះ គឺគ្រាន់តែជាសំណូមពរមួយចំនួនប៉ុណ្ណោះ។ តាមរយៈវិធីនេះ និងវិធីផ្សេងៗទៀត បងប្អូនអាចនឹងធ្វើជាគំរូដល់អ្នកជឿនៅក្នុងការប្រព្រឹត្តរបស់ខ្លួន។ នេះហើយជាការត្រាស់ហៅដ៏ខ្ពង់ខ្ពស់ និងបរិសុទ្ធរបស់ព្រះជាម្ចាស់ចំពោះបងប្អូន ក្នុងនាមជាគ្រីស្ទបរិស័ទដែលមានវ័យក្មេង។ តើបងប្អូននឹងទទួលយកការត្រាស់ហៅនេះដែរឬទេ?
សំណួរសម្រាប់ពិចារណា៖
១. តើការដែលបងប្អូនដឹងថា ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យរស់នៅធ្វើជាគំរូនៅក្នុងការប្រព្រឹត្តរបស់ខ្លួន ជាពិសេសគឺធ្វើជាគំរូដល់គ្រីស្ទបរិស័ទដទៃទៀត ធ្វើឲ្យបងប្អូនមានការភ័យខ្លាចដែរឬទេ?
២. នៅក្នុងជីវិតរបស់បងប្អូនសព្វថ្ងៃនេះ តើបងប្អូនគិតថា ខ្លួនកំពុងបម្រើដោយធ្វើជាគំរូនៅក្នុងការប្រព្រឹត្តដោយរបៀបណា? ចូរអធិស្ឋាន ហើយអរគុណព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់បងប្អូនសព្វថ្ងៃនេះ តើបងប្អូនគិតថា ខ្លួនកំពុងធ្វើជាគំរូអាក្រក់នៅក្នុងការប្រព្រឹត្តដោយរបៀបណា? ចូរអធិស្ឋាន ហើយទូលសូមព្រះជាម្ចាស់ឲ្យអត់ទោសឲ្យបងប្អូន ហើយទូលសូមទ្រង់ឲ្យប្រទានព្រះគុណដល់បងប្អូនក្នុងការផ្លាស់ប្រែ។
៣. តើបងប្អូនបម្រើនៅក្នុងព័ន្ធកិច្ចណាខ្លះ ក្នុងព្រះវិហាររបស់បងប្អូន? តើមានចំណុចណាខ្លះដែលបងប្អូនគិតថា ខ្លួនគួរតែបម្រើនៅក្នុងក្រុមជំនុំសព្វថ្ងៃនេះ?
៤. តើបងប្អូនគិតថា ខ្លួនមានការពិបាកក្នុងការប្រកបគ្នាជាមួយអ្នកដែលមានលក្ខណៈខុសពីបងប្អូនដែរឬទេ? តើបងប្អូននឹងផ្លាស់ប្ដូរ ឬក៏មិនផ្លាស់ប្ដូរ?
មតិយោបល់
Loading…