in ,

ការ​រួម​ដំណេក

លោក​គ្រូ រិនឌី អ័លខូន (Randy Alcorn) បាន​មក​ចូល​រួម​ជា​មួយ​នឹង​យើង​ជា​ថ្មី​ម្ដង​ទៀត​ជំនួស​លោក​គ្រូ ចន ផាបភ័រ។ លោកគ្រូ រិនឌី ក្នុង​ព្រះ​គម្ពីរ​យើង​ដឹង​ថា មិន​មាន​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឯ​ស្ថាន​សួគ៌​ទេ ហើយ​ក៏​មិន​មាន​ការ​បង្កើត​កូន​ចៅ​ដែរ។ ប៉ុន្តែ មើល​ទៅ​ហាក់​បី​ដូច​ជា​ថា រូប​កាយ​ដែល​រស់​ឡើង​វិញ​នឹង​នៅ​មាន​ជីវៈ​សាស្ត្រ​ភេទ ដើម្បី​ចែក​ឲ្យ​ដាច់​រវាង​ភេទ​ប្រុស និង​ភេទ​ស្រី។ ដូច្នេះ សំណួរ​សួរ​ថា តើ​រូប​កាយ​ដែល​នឹង​រស់​ឡើងវិញ​គឺជា​រូប​កាយ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​រួម​ដំណេក​ដែរ​ឬទេ? បើ​ដូច្នោះ​មែន តើ​ស្ថាន​សួគ៌​គឺ​ជា​កន្លែង​ដែល​យើង​នៅ​លីវ​ជា​អចិន្ត្រៃយ៍ ឬ​ក៏​ថា​យើង​នឹង​មាន​សកម្មភាព​នៃ​ការ​រួម​ភេទ​ដែរ? តើ​លោក​គ្រូ​មាន​យោបល់​យ៉ាង​ដូច​ម្ដេច?

ជីវៈ​សាស្ត្រ​ភេទ និង​ភេទ

យើង​ខ្ញុំ​ជឿ​ជាក់​ថា មាន​ភេទ​នៅ​ឯ​ស្ថាន​សួគ៌—ភេទ​នៅ​ផែនដី​ថ្មី​ក្នុង​លក្ខណៈ​នៃ​ជីវៈ​សាស្ត្រ​ភេទ និង​ភេទ។ ប៉ុន្តែ ក្នុង​លក្ខណៈ​នៃ​ទំនាក់​ទំនង​នៃ​ការ​រួម​ភេទ​ផ្ទាល់ ឬ​ក៏​ការ​ទទួល​បទ​ពិសោធន៍​ក្នុង​ការ​រួម​ភេទ​រវាង​មនុស្ស នោះ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ហើយ​ថា​នឹង​មិន​មាន​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឯ​ស្ថាន​សួគ៌​ទេ—ក្នុង​អត្ថ​ន័យ​នេះ​គឺ​ថា យើង​នៅ​មាន​លក្ខណៈ​ដូច​ជា​ពួក​ទេវតា​ដែរ។ ហើយ​យើង​ក៏​ត្រូវ​តែ​ទទួល​ស្គាល់​ផង​ដែរ​ថា វា​មាន​កម្រិត​យ៉ាង​ខ្លាំង​ណាស់​ទាក់​ទង​ទៅ​នឹង​ចំណុច​ដែល​ថា​យើង​មាន​លក្ខណៈ​ដូច​ជា​ពួក​ទេវតា។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​មាន​លក្ខណៈ​ជា​ច្រើន​ដូច​ទេវតា​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ចំណុច​មួយ​ដ៏​ជាក់​លាក់​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​នឹង​មិន​រំពឹង​ថា នឹង​មាន​ទំនាក់​ទំនង​ក្នុង​ការ​រួម​ភេទ​ខាង​ឯ​សាច់​ឈាម​ឡើយ។

ហើយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​អំពី​អ្វី​ដែល​ទ្រង់​បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២២:៣០ នោះ​ខ្ញុំ​គិត​ថា (ក្នុង​គំនិត​របស់​យើង​ខ្ញុំ) វា​នឹង​មិន​មាន​ការ​រួម​ដំណេក​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​ខ្ញុំ​បាន​អាន​សៀវភៅ​របស់​លោក ភិធ័រ ខ្រិហ្វត (Peter Kreeft) និង​បុគ្គល​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​វែក​ញែក​ថា នឹង​មាន​ការ​រួម​ដំណេក​នៅ​ឯ​ឋាន​សួគ៌។

ប្រសើរ​ជាង​ការ​រួម​ភេទ

ប៉ុន្តែ យើង​ខ្ញុំ​គិត​ថា​ទស្សនៈ​របស់​លោក​គ្រូ ស៊ី. អេស. លូវ៉ីស (C. S. Lewis) គឺ​ពិត​ជា​ល្អ​មែន នៅ​ពេល​ដែល​គាត់​បាន​លើក​ឡើង​អំពី​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ឮ​គេ​និយាយ​អំពី​ការ​រួម​ដំណេក និង​អំពី​អ្វី​ដែល​អ្នក​រួម​ភេទ​បាន​និយាយ «បើ​អញ្ចឹង តើ​ពួក​គាត់​ញ៉ាំ​ស្ករ​សូកូឡា​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​រួម​ដំណេក​ដែរ​មែន​ឬ?»—ពីព្រោះ​គេ​បាន​ប្រាប់​គាត់​ថា ការ​រួម​ភេទ​គឺ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​អស្ចារ្យ​ណាស់។ តែ​ចំពោះ​គាត់ គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ញ៉ាំ​ស្ករ​សូកូឡា​នោះ​ទេ។ ហើយ​បន្ទាប់​មក​លោក​គ្រូ លូវ៉ីស បាន​លើក​ឡើង​អំពី​ចំណុច​នៃ​របស់​គាត់​ថា ទំនង​គំនិត​របស់​យើង​ទាក់​ទង​នឹង​ការ​លែង​មាន​ការ​រួម​ដំណេក​បាន​គឺ​ដូច​ជា​ក្មេង​ប្រុស​ម្នាក់​នោះ​ដែល​គិត​អំពី​ស្ករ​សូកូឡា​ថា​គឺ​ជា​អំណរ​ដ៏​ក្រៃ​លែង ហើយ​ថា​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​អំណរ​នោះ​ទេ​ដែល​កំពុង​តែ​រង់​ចាំ​យើង។

ប៉ុន្តែ ចំណុច​មួយ​នៃ​ចំណុច​នានា​ដែល​យើង​ខ្ញុំ​តែង​តែ​ផ្ដោត​លើ​នៅ​ពេល​ដែល​និយាយ​ជា​មួយ​អ្នក​ដទៃ​គឺ​ថា​យើង​ខ្ញុំ​ពិត​ជា​គិត​ថា យើង​បាន​មើល​រំលង​អ្វី​មួយ​ហើយ​នៅ​ពេល​ដែល​យើង​លើក​ឡើង​ថា «គ្មាន​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឯ​ស្ថាន​សួគ៌»។ ព្រះ​គម្ពីរ​មិន​បាន​បង្រៀន​ថា គ្មាន​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឯ​ស្ថាន​សួគ៌​នោះ​ទេ។ តែ​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា មាន​ជីវិត​អាពាហ៍ពិពាហ៍​មួយ​ទៅ​ស្ថាន​សួគ៌៖ ជីវិត​អាពាហ៍ពិពាហ៍​របស់​ព្រះ​គ្រីស្ទ​ជា​មួយ​នឹង​កូន​ក្រមុំ​របស់​ទ្រង់ គឺ​ក្រុម​ជំនុំ។ យើង​ខ្ញុំ​ចង់​ចាំ​អំពី​ចំណុច​នេះ​នៅ​ពេល​ដែល​យើង​ខ្ញុំ​យល់​អំពី​វា​ប្រមាណ​ឆ្នាំ​មុន ហើយ​យើង​ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់ ណានស៊ី ដែល​ជា​ប្រពន្ធ​របស់​យើង​ខ្ញុំ​ថា «តើ​អូន​ដឹង​អំពី​ចំណុច​នេះ​ដែរ​ឬ​ទេ? យោង​តាម​ព្រះ​គម្ពីរ យើង​មាន​ចំណែក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដូច​គ្នា​យ៉ាង​អស់​កល្ប​ជានិច្ច។ យើង​ទាំង​ពីរ​នាក់​គឺ​ជា​ចំណែក​នៃ​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ ហើយ​យើង​ដែល​មាន​កូន​កំលោះ​តែ​មួយ​គត់​ដែល​ល្អ​ឥត​ខ្ចោះ​ទាំង​ស្រុង និង​ពេញ​ទៅ​ដោយ​ព្រះ​គុណ​ក្នុង​ប្រវត្តិសាស្ត្រ​ទាំង​អស់​នៃ​ចក្រវាឡ​ទាំង​មូល។ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​យើង​មាន ដើម្បី​រំពឹង​ទទួល ហើយ​យើង​ក៏​នឹង​មាន​អំណរ​ជា​មួយ​គ្នា​ផង​ដែរ។»។

បាត់​បង់​ដៃ​គូ​ជីវិត​យើង?

ជា​ការ​ឆ្លើយ​តប​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា «ខ្ញុំ​នឹង​បាត់​បង់​ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្តភក្ដិ​ដ៏​ស្និទ្ធស្នាល​បំផុត​របស់​ខ្ញុំ​ហើយ» យើង​ខ្ញុំ​ចង់​ឆ្លើយ​តប​វិញ​ថា៖ ទេ មិន​ដូច្នោះ​ទេ។ នៅ​មាន​ការ​បន្ត​ទៅ​មុខ​ទៀត​ពី​ជីវិត​នេះ​នៅ​ក្នុង​ជីវិត​បន្ទាប់។ យើង​នឹង​សម្លឹង​មើល​ក្រោយ​លើ​បទ​ពិសោធន៍​ដែល​យើង​មាន​ចំណែក​ជា​មួយ​គ្នា​នៅ​ទី​នេះ ដូច​ដែល​ពួក​ទាហាន​មាន​នៅ​ក្នុង​ទីលាន​ចម្បាំង​ជា​មួយ​គ្នា​អញ្ចឹង—យើង​មាន​ពេល​វេលា​ល្អ ហើយ​យើង​ក៏​មាន​ពេល​វេលា​ពិបាកៗ​ដែរ។ ហើយ​យើង​ក៏​គួរ​រំពឹង​អំពី​ទំនាក់​ទំនង​ទាំង​នោះ​ជា​មួយ​នឹង​គ្រួសារ​ថា​ពិសេស ហើយ​ក៏​នឹង​បន្ត​យ៉ាង​អស់​កល្ប​ជានិច្ច​ទៅ​មុខ​ផង​ដែរ។ ប៉ុន្តែ ទាក់​ទង​នឹង​ដៃ​គូ​មួយ​ចំនួន​ដែល​មិន​មាន​ជីវិត​អាពាហ៍ពិពាហ៍ នោះ​ចំពោះ​យើង​ខ្ញុំ វា​ហាក់​បី​ដូច​ជា​ថា​ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​គឺ​មិន​មែន​ជា​អ្វី​មួយ​ដែល​យើង​គួរ​រំពឹង​ថា​នឹង​មាន​ផង​ដែរ។

យើង​ខ្ញុំ​គិត​ថា ផ្នែក​នានា​នៃ​ភេទ​របស់​យើង​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​គឺ​ជា​អ្វី​ដែល​គួរ​ធ្វើ​ឲ្យ​យើង​មាន​គ្រប់​ហេតុ​ផល​ក្នុង​ការ​ជឿ​ជាក់​ថា វា​នឹង​បន្ត​មាន​នៅ​ក្នុង​រូប​កាយ​ថ្មី​របស់​យើង​ផង​ដែរ។ យើង​ខ្ញុំ​គិត​ថា ចំណុច​ដែល​ថា​យើង​នឹង​បរិភោគ​នៅ​ស្ថាន​សួគ៌​ក៏​ផ្ដល់​ជា​សំណើ​ថា​យើង​ក៏​នឹង​មាន​ពោះ និង​ប្រព័ន្ធ​រម្លាយ​អាហារ​ដែរ។ ដូច​គ្នា​ផង​ដែល ដូច​យើង​មាន​ពោះវៀន​ពោះតាំង​ដែល​ជួយ​ឲ្យ​រូប​កាយ​របស់​យើង​ដំណើរ​ការ​ក្នុង​របៀប​ច្បាស់​លាស់​បាន នោះ​យើង​ក៏​អាច​នៅ​មាន​ប្រដាប់​ភេទ​ដោយ​មិន​មាន​សេចក្ដី​ប្រាថ្នា​ចង់​រួម​ដំណេក​បាន​ដែរ ប៉ុន្តែ​នៅ​នៅ​មាន​ជីវៈ​សាស្ត្រ​ភេទ​ដែល​ផ្ដល់​អត្ថន័យ​ដល់​យើង​ថា​ជា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។

សម្រង់​សម្ដី​របស់​លោក​គ្រូ ស៊ី. អេស. លូវ៉ីស នៅ​ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Miracles” (ដែល​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​ថា «ការ​អស្ចារ្យ»)៖ «អក្សរ និង​ខ្លឹមសារ​នៃ​ព្រះ​បន្ទូល និង​រាល់​សេចក្ដី​បង្រៀន​នៃ​គ្រីស្ទ​បរិស័ទ​ទាំង​អស់​បាន​ហាម​ប្រាម​យើង​មិន​ឲ្យ​សន្មត​ថា ជីវិត​នៅ​ក្នុង​ការ​បង្កើត​ថ្មី​គឺ​ជា​ជីវិត​នៃ​ការ​រួម​ភេទ​ទេ ហើយ​ការ​នេះ​បន្ថយ​ការ​នឹក​ស្រមៃ​ផ្ទុយ​របស់​យើង​ដែល​ថា​ពិបាក​ស្គាល់​រូប​កាយ​មនុស្ស​ទាល់​តែ​សោះ ឬ​ក៏​នឹង​ត្រូវ​តម​ការ​រួម​ដំណេក​អស់​កល្ប​ជានិច្ច។ ហើយ​ទាក់​ទង​នឹង​ការ​តម យើង​ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​កំពុង​តែ​មើល​គឺ​ដូច​ជា​ក្មេង​ប្រុស​ដ៏​តូច​ម្នាក់​ដែល​គេ​បាន​ប្រាប់​គាត់​ថា​សកម្ម​ភាព​នៃ​ការ​រួម​ភេទ​គឺ​ជា​ការ​អរ​សប្បាយ​ដែល​ខ្ពស់​បំផុត​ខាង​ឯ​សាច់​ឈាម ភ្លាមៗ​នោះ​យើង​ក៏​គួរ​សួរ​ថា តើ​ពួក​គាត់​បរិភោគ​ស្ករ​សូកូឡា​ក្នុង​ពេល​នោះ​ដែរ​មែន​ឬ។ ទាក់​ទង​នឹង​ការ​ទទួល​ចម្លើយ​ថា «ទេ» គាត់​ទំនង​នឹង​រាប់​ការ​គ្មាន​ស្ករ​សូកូឡា​ថា​ជា​លក្ខណៈ​ចម្បង​នៃ​ការ​រួម​ភេទ​ហើយ។ ជា​អសារ​ការ លោក​អ្នក​នឹង​ទំនង​ជា​ប្រាប់​គាត់​មូល​ហេតុ​ដែល​អ្នក​ស្រឡាញ់​គ្នា​មិន​គិត​អំពី​ស្ករ​សូកូឡា ក្នុង​គ្រា​ឆក់​យក គឺ​ដោយ​សារ​ពួក​គាត់​មាន​អ្វី​ល្អ​ប្រសើរ​ជាង​ដើម្បី​គិត​អំពី។ កុមារ​ប្រុស​វ័យ​ក្មេង​ម្នាក់​នោះ​ស្គាល់​ស្ករ​សូកូឡា៖ គាត់​មិន​ស្គាល់​អ្វី​ដែល​ប្រសើរ​ជាង​ស្ករ​សូកូឡា​នោះ​ទេ។ យើង​ក៏​ស្ថិត​ក្នុង​ជំហរ​ដូច​គ្នា​ដែរ។ យើង​ស្គាល់​អំពី​ជីវិត​នៃ​ការ​រួម​ដំណេក តែ​យើង​មិន​ស្គាល់ លើក​លែង​តែ​ក្នុង​ការ​មើល​តែ​មួយ​ភ្លែត ចំណុច​ផ្សេងៗ​ទៀត​នៅ​ឯ​ស្ថាន​សួគ៌ ដែល​មិន​រក្សា​ចំណុច​ខ្លះៗ​សម្រាប់​វា»។

និពន្ធដោយ៖ Randy Alcorn
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នគររបស់ព្រះគ្រីស្ទ

តាមរយៈដំណឹងល្អ