ព្រះគម្ពីរសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ តើលោកគ្រូមានយោបល់យ៉ាងដូចម្ដេចសម្រាប់អ្នកអាន ឬក៏ស្ដាប់អត្ថបទដែលទំនងជាកំពុងលើកឡើងថា—ប្រសិនបើពួកគាត់ពិតជាមានភាពស្មោះត្រង់មែន—ចំពោះជីវិតជាប្រចាំថ្ងៃរបស់ខ្លួន ព្រះគម្ពីរហាក់បីដូចជាមិនសូវសំខាន់សោះ ទាក់ទងទៅនឹងកន្លែងដែលខ្ញុំរស់នៅ និងធ្វើការ។ ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវអានព្រះគម្ពីរជាប្រចាំថ្ងៃ? តើលោកគ្រូនឹងឆ្លើយដូចម្ដេច?
ខ្ញុំចង់លើកឡើងនូវចំណុចមួយដែលខ្ញុំដឹងយ៉ាងប្រាកដ ទាក់ទងទៅនឹងសំណួរនេះ និងចំណុចមួយទៀតដែលខ្ញុំមិនដឹងប្រាកដ។ អ្វីដែលខ្ញុំដឹងយ៉ាងប្រាកដនោះគឺថា ព្រះគម្ពីរសំខាន់សម្រាប់ជីវិតរស់នៅជាប្រចាំថ្ងៃ ទាក់ទងទៅនឹងកន្លែងដែលគាត់រស់នៅ និងធ្វើការ។ ហើយខ្ញុំនឹងប្រាប់មូលហេតុឆាប់ៗនេះ។ អ្វីដែលខ្ញុំមិនដឹងនោះគឺថា តើបុគ្គលនេះមានគោលបំណងអ្វីនៅក្នុងជីវិត និងនៅឯកន្លែងធ្វើការរបស់គាត់។ មូលហេតុដែលចំណុចនេះសំខាន់គឺដោយសារយើងអាចមានគោលបំណងនៅឯកន្លែងធ្វើការ ឬក៏នៅក្នុងជីវិតរស់នៅដែលមិនមានភាពស៊ីគ្នាជាមួយនឹងព្រះគម្ពីរ ដល់ថ្នាក់ថាយើងចាប់ផ្ដើមរាប់ព្រះគម្ពីរថាជាអ្វីដែលចូលចិត្តជំទាស់នឹងយើង ឬក៏ជំនុំជម្រះយើង ឬក៏មិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ ពីព្រោះគ្រប់អ្វីៗដែលព្រះគម្ពីរកំពុងតែបង្រៀនគឺកំពុងតែឆ្ពោះទៅរកទិសដៅខុសពីអ្វីដែលគាត់កំពុងតែទៅ។ ហើយខ្ញុំមិនដឹងថា តើការលើកសំណួរនេះកំពុងតែចេញពីទិសដៅណានោះទេ ទាក់ទងទៅនឹងជីវិតខាងឯព្រលឹងវិញ្ញាណ ឬក៏ថាតើបុគ្គលនោះមានគោលបំណងអ្វីនៅក្នុងជីវិតរបស់គាត់។ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅមើលសំណួរទី១របស់ខ្ញុំសិន ហើយយើងនឹងបញ្ចប់ឯកសារនេះដោយមើលសំណួរបន្ទាប់។
គ្រប់អ្វីៗទាំងអស់សម្រាប់ថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់
ខ្ញុំដឹងថា ព្រះគម្ពីរគឺសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់បុគ្គលម្នាក់នេះ។ គាត់បានលើកឡើងថា ព្រះគម្ពីរហាក់បីដូចជាមិនសូវសំខាន់ទេសម្រាប់គាត់។ ប៉ុន្តែ ខ្ញុំដឹងថាព្រះគម្ពីរសំខាន់។ ហើយនេះជាមូលហេតុដែលខ្ញុំដឹង។ ព្រះគម្ពីរបានលើកឡើងថា៖ «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ» (១កូរិនថូស ១០:៣១)។ ព្រះគម្ពីរបានលើកឡើងថា៖ «ទាំងបម្រើដោយអំណរ ដូចជាបម្រើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបម្រើមនុស្សឡើយ» (អេភេសូរ ៦:៧-៨)។ ដូច្នេះ នៅឯកន្លែងធ្វើការ តើគាត់កំពុងតែ «បម្រើដោយអំណរ ដូចជាបម្រើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបម្រើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់» ដែរឬទេ? ជីវិត និងការងាររបស់បុគ្គលនេះមានភាពស៊ីគ្នាទៅនឹងចំណាត់ថ្នាក់ទាំងអស់នៃអ្វីដែលគាត់ប្រព្រឹត្ត ទាក់ទងទៅនឹងការបម្រើ។ យ៉ាងហោចណាស់ គឺវាត្រូវតែទាក់ទង។ គ្រប់ចំណុចរស់នៅទាំងអស់នៃជីវិតរបស់យើង គឺយើងត្រូវរស់នៅ ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ ហើយមានតែនៅក្នុងព្រះគម្ពីរទេ ដែលថាយើងមិនត្រឹមតែអាចរៀនបានអំពីរបៀបនៃការធ្វើដូច្នោះ ប៉ុន្តែយើងក៏អាចរកអំណាចខាងឯវិញ្ញាណក្នុងការធ្វើវាផងដែរ។
ដូច្នេះ ខ្ញុំលើកឡើងម្ដងទៀតថា ខ្ញុំមិនដឹងថាតើបុគ្គលនោះមានគោលបំណងដូចនេះដែរ ឬក៏អត់នោះទេ។ ប្រសិនបើភាពឆេះឆួលរបស់គាត់មិនមែន ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់នៅឯកន្លែងធ្វើការ ហើយមិនមែនធ្វើដើម្បីថ្វាយសិរីល្អទៅកាន់ព្រះអម្ចាស់ នោះចំពោះគាត់ព្រះគម្ពីរនឹងមានលក្ខណៈហាក់បីដូចជាប្លែក និងគ្មានប្រយោជន៍ជាមិនខាន។ ប៉ុន្តែ នេះជាសំណួរមួយចំនួនដែលខ្ញុំចង់សួរគាត់ ដើម្បីល្បងលចំណុចសំខាន់នៃព្រះគម្ពីរ។ តើអ្នកធ្លាប់មានការល្បួងក្នុងការរអ៊ូរទាំ ឬក៏ត្អូញត្អែរនៅឯកន្លែងធ្វើការដែរឬទេ? បើធ្លាប់ នោះកណ្ឌគម្ពីរ (ភីលីព ២:១៥) មានសារៈសំខាន់ ហើយក៏បានបង្ហាញនូវរបៀបដ៏ពេញដោយសិរីល្អក្នុងការរស់នៅ ដោយមិនមានការត្អូញត្អែរ។ តើអ្នកធ្លាប់មានការល្បួងក្នុងការមានភាពលោភលន់នៅឯកន្លែងធ្វើការ ឬក៏ចង់យកអ្វីមួយដែលមិនមែនជារបស់ខ្លួនដែរឬទេ? ព្រះគម្ពីរមានខជាច្រើនដែលលើកឡើងអំពីសេចក្ដីលោភ ភាពលោភលន់ ការលួចប្លន់ និងអំពីរបៀប ដើម្បីឲ្យមានភាពស្កប់ចិត្តក្នុងព្រះគ្រីស្ទ ដល់ថ្នាក់ថាលោកអ្នកនឹងមានសេរីភាពក្នុងការមានចិត្តល្អ (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ លូកា ១២:១៥; ភីលីព ៤:១១)។
សំខាន់សម្រាប់គ្រប់ចំណុចនៃជីវិត
តើអ្នកធ្លាប់មានការល្បួងក្នុងការព្រួយ ឬក៏បារម្ភនៅឯកន្លែងធ្វើការដែរឬទេ? គ្រប់គ្នាសុទ្ធតែធ្លាប់បារម្ភ។ ហើយព្រះគម្ពីរក៏បានលើកឡើងអំពីចំណុចនេះស្ទើរតែស្មើគ្នាទៅនឹងចំណុចនានាផងដែរ។ បញ្ញត្តិដ៏សាមញ្ញបំផុតនៅក្នុងព្រះគម្ពីរគឺ «កុំឲ្យខ្លាចអ្វីឡើយ» (សូមអាននៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ១៥:១; អេសាយ ៤១:១០; ម៉ាថាយ ១០:៣១)។ ចំពោះបុគ្គលណាដែលមានភាពភ័យខ្លាចនៅឯកន្លែងធ្វើការ នោះព្រះគម្ពីរមានសារៈសំខាន់ណាស់។ តើអ្នកធ្លាប់មានការល្បួងក្នុងការអួតខ្លួននៅឯកន្លែងធ្វើការ ឬក៏មានអំនួត ឬក៏ចង់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង និងលើមេក្នុងចំណុចណាមួយដែរឬទេ? ព្រះគម្ពីរមានពេញទៅដោយខអំពីប្រាជ្ញាទាក់ទងនឹងអំនួត និងការបន្ទាបខ្លួន និងអំពីឥទ្ធិពលដែលវាមានលើទំនាក់ទំនង (សូមអាននៅក្នុងកណ្ឌគម្ពីរ ភីលីព ២:៣)។ តើអ្នកធ្លាប់មានការល្បួងក្នុងការខឹងនរណាម្នាក់នៅឯកន្លែងធ្វើការដែរឬទេ? តើអ្នកមានបញ្ហានៃការមានកំហឹងដែរឬទេ? តើមានទំនាក់ទំនងបាក់បែក ដោយសារអ្នកធ្លាប់ខឹងបុគ្គលម្នាក់ទៀតដែរឬទេ? ព្រះគម្ពីរបានលើកឡើងម្ដងហើយម្ដងទៀត ទាក់ទងទៅនឹងបញ្ហានៃកំហឹង ហើយក៏បានបកស្រាយយ៉ាងជ្រាលជ្រៅខ្លាំងជាងអ្នកចិត្តសាស្ត្រអាចធ្វើបាននៅសព្វថ្ងៃនេះទៅទៀត (សូមអានបន្ថែមនៅកណ្ឌគម្ពីរ ទំនុកតម្កើង ៣៧:៨; យ៉ាកុប ១:១៩-២០)។
តើអ្នកធ្លាប់មានការល្បួងក្នុងការដើរផ្លូវកាត់នៅឯកន្លែងធ្វើការដែរឬទេ—មិនបានបំពេញការងារទាំងស្រុងតាមសេចក្ដីរំពឹង ប៉ុន្តែទៅផ្ទះមុនម៉ោង ឬក៏មកឯកន្លែងធ្វើការយឺត ឬក៏ធ្វើការមិនអស់ពីចិត្ត? ព្រះគម្ពីរមានពេញទៅដោយចំណុចសំខាន់ៗជាច្រើនទាក់ទងទៅនឹងគុណភាពនៃការងាររបស់យើង (សូមអានបន្ថែមនៅកណ្ឌគម្ពីរ កូឡូស ៣:២៣)។ តើអ្នកធ្លាប់មានការល្បួងផ្នែកផ្លូវភេទក្នុងចំណុចនៃភាពត្រេកត្រអាល ឬក៏ចង់មានការផិតក្បត់នៅឯកន្លែងធ្វើការដែរឬទេ? ព្រះគម្ពីរមានពេញទៅដោយចំណុចសំខាន់ៗទាក់ទងទៅនឹងទស្សនៈនៃផ្នែកផ្លូវភេទ ដែលបង្រៀនយើងអំពីទស្សនៈត្រឹមត្រូវ និងសមរម្យ (សូមអាននៅក្នុងកណ្ឌគម្ពីរ សុភាសិត ១១:៦; ម៉ាថាយ ៥:២៧-២៨)។ តើអ្នកធ្លាប់មានការល្បួងក្នុងការអាណិតខ្លួនឯងនៅឯកន្លែងធ្វើការ ឬក៏ដកថយ ពីព្រោះមានគេនិយាយអាក្រក់អំពីអ្នក ឬក៏មេលើកតំណែងឲ្យអ្នកដទៃជាជាងឲ្យអ្នកដែរឬទេ? ព្រះគម្ពីរមានពេញទៅដោយខគម្ពីរដែលលើកឡើងអំពីជីវិតរស់នៅដែលមានសក្ដានុពល ក្នុងការជួយយើងដោះស្រាយទាក់ទងទៅនឹងការអាណិតអាសូរខ្លួនឯង (សូមអាននៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១:២៧; ២កូរិនថូស ១២:១០)។
តើអ្នកធ្លាប់តយុទ្ធនឹងមានពិរុទ្ធភាពនៅឯកន្លែងធ្វើការដែរឬទេ អារម្មណ៍មិនច្បាស់ដែលមាននៅក្នុងខ្លួនថា អ្នកមិនល្អល្មមដែលលោកម្នាក់គួរល្អដល់ ឬក៏ទំនងអ្នកពិតជាបានបរាជ័យក្នុងចំណុចណាមួយដែលលោកអ្នកគួរតែជោគជ័យ តាមស្តង់ដាររបស់ខ្លួន? គ្មានថ្នាំព្យាបាលណា ក្រៅពីថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពខ្លាំងជាងគេក្រៅពីថ្នាំដែលព្រះគម្ពីរប្រទានឲ្យទាក់ទងទៅនឹងពិរុទ្ធភាពនោះទេ (សូមអាននៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១:៤-៩; ១ពេត្រុស ២:២៤)។ តើមានមនុស្សបាត់បង់នៅឯកន្លែងធ្វើការរបស់អ្នក ដែលអ្នកយកចិត្តទុកដាក់ជាមួយ ដោយមិនចង់ឲ្យគាត់ធ្លាក់នរកដែរឬទេ? តើអ្នកនឹងរកជំនួយពីណាក្នុងការដោះស្រាយបញ្ហានោះជាមួយនឹងពួកគាត់ ក្នុងសេចក្ដីសង្ឃឹម នៃការប្រទានឲ្យមានជីវិតលើកលែងតែក្រៅពីព្រះគម្ពីរ? តើអ្នកនឹងទៅរកកម្លាំង ភាពក្លាហាន ភាពមោះមុត និងប្រាជ្ញាពីណា ដើម្បីដោះស្រាយបញ្ហាទាំងនោះជាមួយនឹងពួកគាត់ (សូមអាននៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ២:១៤-១៧)?
ទ្រព្យសម្បត្តិដ៏ល្អអស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរ
ដូច្នេះ ចម្លើយរបស់ខ្ញុំគឺថា វាច្បាស់លាស់ណាស់ដែលព្រះគម្ពីរមានសារៈសំខាន់សម្រាប់ជីវិតបុគ្គលនេះ និងការងាររបស់គាត់។ ប៉ុន្តែ ចំណុចចុងបំផុតគឺបែបនេះ៖ តើគាត់ចង់ឃើញទ្រព្យសម្បត្តិដ៏ល្អអស្ចារ្យបំផុតនៅក្នុងចក្រវាលនេះដែរឬទេ? តើគាត់ប្រាថ្នាចង់ស្គាល់ព្រះយេស៊ូវ ហើយមានអំណរនៅក្នុងព្រះយេស៊ូវជាជាងនៅក្នុងអ្វីផ្សេងទៀតដែរឬទេ? តើគាត់ស្រឡាញ់មនុស្សម្នាខ្លាំងដល់ថ្នាក់ថា គាត់ខូចចិត្តលើសេចក្ដីពិតដែលថាពួកគេមិនស្គាល់ព្រះយេស៊ូវ ហើយនិងបាត់បង់អស់កល្បជានិច្ចដោយគ្មានទ្រង់ដែរឬទេ? នេះគឺជាសំណួររបស់ខ្ញុំចំពោះគាត់។
ប្រសិនបើព្រះយេស៊ូវមានភាពឧត្តុង្គឧត្តមនៅក្នុងជីវិតបុគ្គលនេះ ប្រសិនបើបុគ្គលនេះមានភាពឆេះឆួលក្នុងការស្គាល់ទ្រង់លើសអ្វីៗទាំងអស់ ប្រសិនបើគាត់មានសេចក្ដីប្រាថ្នាក្នុងការចង់បានព្រះអង្គ ហើយមានអំណរក្នុងទ្រង់ ហើយយកទ្រង់ធ្វើជាទ្រព្យសម្បត្តិលើសអ្វីៗទាំងអស់ ហើយប្រសិនបើគាត់មានភាពឆេះឆួលក្នុងការនាំមនុស្សជាច្រើនតាមដែលគាត់អាចធ្វើបានឲ្យមានបទពិសោធន៍ដូចនេះដែរ នេះមានន័យថា គាត់មិនអាចរស់នៅដោយគ្មានព្រះគម្ពីរបានឡើយ។ ព្រះគម្ពីរគឺជាសៀវភៅដ៏សំខាន់បំផុតនៅលើពិភពលោកនេះ។
ព្រះគម្ពីរសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ តើលោកគ្រូមានយោបល់យ៉ាងដូចម្ដេចសម្រាប់អ្នកអាន ឬក៏ស្ដាប់អត្ថបទដែលទំនងជាកំពុងលើកឡើងថា…
មតិយោបល់
Loading…