មានមនុស្សជាច្រើននាក់បានអះអាងក្នុងប្រវត្តិសាស្ត្រថា ពួកគេមានស្នាមរបួស ឬស្នាមនៅលើដងខ្លួនរបស់ពួកគេ «លេចចេញ» ដែលដូចគ្នានឹងស្នាមរបួសដែលព្រះយេស៊ូវបានរងទុក្ខនៅលើឈើឆ្កាង។ លោកអ្នកប្រហែលជាធ្លាប់អានរឿងរ៉ាវរបស់បុគ្គលណាម្នាក់ដែលអះអាងបែបនេះនៅក្នុងព័ត៌មាន ប៉ុន្តែវាមិនមែនជារឿងថ្មីទេ។ របាយការណ៍ដែលបានស្មានដំបូងបង្អស់របស់បុគ្គលដែលអះអាងថា អព្ភូតហេតុនៃ «ការអស្ចារ្យ» នេះបានកើតឡើងចំពោះគាត់គឺនៅឆ្នាំ ១២២៤ នៃគ.ស.។ ពួកគេបាននិយាយថា ស្នាមរបួសនោះលេចឡើងនៅលើដៃ និងជើងរបស់ពួកគេ (ស្នាមរបួសដែលកើតឡើងដោយសារដែកគោលនៃការជាប់ឆ្កាង) និងនៅចំហៀងខ្លួនពួកគេ (កន្លែងដែលគេបានចាក់ព្រះយេស៊ូវដោយលំពែង ដើម្បីបញ្ជាក់ថាទ្រង់ពិតជាបានសុគត) ហើយពេលខ្លះទៀតនៅលើក្បាល (កន្លែងដែលមកុដបន្លាបានចាក់ចំព្រះសិរសារបស់ព្រះយេស៊ូវ)។ គេបានហៅការនេះក្នុងភាសាអង់គ្លេសថា «ស្ទិកមាតា» ដែលបកប្រែថា «ស្នាមរបួសដៅលើខ្លួន» ដែលសំដៅលើ «ស្នាមដែលមានលើប្រាំកន្លែង» ឬក៏ «ស្នាមដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់របស់យើង»។ ប៉ុន្តែ តើការកើតឡើងបែបនេះពិត ឬក៏អត់? តើព្រះគម្ពីរមានចែងអំពីស្នាមបែបនេះឬទេ? ចម្លើយគឺ៖ ទេ! វាមិនមែនជាការពិតទេ ហើយក៏មិនមានលើកឡើងក្នុងព្រះគម្ពីរដែរ។
មនុស្សជាច្រើននាក់បែរទៅឯកណ្ឌគម្ពីរ កាឡាទី ៦:១៧ «ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ» (គកស)។ ប៉ុន្តែសាវ័ក ប៉ុល មិនមែនសំដៅទៅលើស្នាមរបួសដែលដូចគ្នានឹងស្នាមរបួសដែលព្រះយេស៊ូវបានទទួលនៅលើឈើឆ្កាងនោះទេ ផ្ទុយទៅវិញគាត់កំពុងសំដៅទៅលើការពិតដែលថា គាត់បានរងទុក្ខយ៉ាងខ្លាំងដោយសារជំនឿរបស់គាត់លើព្រះយេស៊ូវ ហើយជាលទ្ធផលរាងកាយរបស់គាត់ក៏មានស្នាមរបួសជាំ។ សាវ័ក ប៉ុល ត្រូវបានគេគប់នឹងដុំថ្ម ហើយត្រូវបានគេវាយជាច្រើនលើកច្រើនសារ (កិច្ចការ ១៤:១៩; ២កូរិនថូស ១១:២៣) ហើយរាងកាយរបស់គាត់ក៏ត្រូវបានខូចជារៀងរហូតដោយសារតែការរងទុក្ខរបស់គាត់។ គាត់មិនមែនសំដៅទៅលើប្រភេទនៃស្នាមរបួសណាមួយ ឬក៏ស្នាមរបួសដែលកំពុងហូរឈាម ឬនៅចំទីតាំងដូចគ្នានឹងស្នាមរបួសដែលព្រះយេស៊ូវបានទទួលនៅពេលដែលទ្រង់នៅលើឈើឆ្កាងនោះទេ។ គាត់គ្រាន់តែបាននិយាយយ៉ាងសាមញ្ញថា គាត់បានរងទុក្ខជាច្រើនដង ហើយរាងកាយរបស់គាត់មានស្នាមរបួសដែលបង្ហាញថាគាត់បានរងទុក្ខដោយសារជំនឿរបស់គាត់លើព្រះគ្រីស្ទ។ អស់អ្នកដែលបង្រៀនថាសាវ័ក ប៉ុល កំពុងសំដៅទៅលើ «ស្នាមដៅលើខ្លួន» ត្រង់នេះកំពុងបង្រៀនបង្ខូចព្រះគម្ពីរ ដើម្បីបង្រៀនឲ្យមានន័យដូចអ្វីដែលខ្លួនចង់បានអត្ថន័យ ជាជាងអ្វីដែលព្រះវិញ្ញាណបរិសុទ្ធចង់បង្រៀន។
បន្ថែមលើចំណុចនេះ «ស្នាមរបួសដៅលើខ្លួន» មិនមែនជាអ្វីដែលព្រះគម្ពីរបានបង្រៀនទេ ខណៈពេលដែលលោកអ្នកមើលប្រវត្តិសាស្ត្រ និងស្រាវជ្រាវអំពីករណីនៃមនុស្សដែលបានអះអាងថា មានអព្ភូតហេតុនៃ «ការអស្ចារ្យ» នៃការទទួលបានស្នាមរបួសបែបនេះ នោះលោកអ្នកនឹងឃើញថា ក្រោយមកគេបានរកឃើញថាភាគច្រើនពួកគាត់បានកុហក (ហើយចំពោះអស់អ្នកដែលយើងមិនបានរកឃើញគឺដោយសារវាបានកើតឡើងរាប់រយឆ្នាំហើយ ដូច្នេះហើយយើងមិនអាចផ្ទៀងផ្ទាត់អំណះអំណាងរបស់ពួកគេ) ។ ប្រសិនបើលោកអ្នកស្រាវជ្រាវការអះអាងទាំងនេះ នោះលោកអ្នកនឹងឃើញពេលក្រោយថា បុគ្គលទាំងនោះបានធ្វើឲ្យមានរបួសលើខ្លួនឯង ឬក៏ប្រើប្រាស់គ្រឿងសម្អាងការ ដើម្បីក្លែងបន្លំការកើតឡើង (ឬក៏នៅសម័យបច្ចុប្បន្ននេះពួកគេប្រើប្រាស់កម្មវិធីកាត់ត) ។
ប្រភពរូបថត៖ World News Daily Report
ឧទាហរណ៍៖ ថ្មីៗនេះកំពុងតែមានចេញផ្សព្វផ្សាយពាសពេញគេហទំព័រក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ អំណះអំណាងគឺថា ទារកដែលបានកើតនៅប្រទេសហ្វីលីពីនម្នាក់បានកើតមកដោយមានស្នាមរបួសដែលត្រូវនឹងស្នាមរបួសរបស់ព្រះយេស៊ូវ ដូច្នេះមនុស្សម្នាកំពុងតែអះអាងថា ព្រះយេស៊ូវបានយាងមកយកកំណើតជាថ្មីម្ដងទៀតហើយ។ ក្រៅពីចំណុចពិតដែលព្រះគម្ពីរបានលើកឡើងយ៉ាងច្បាស់លាស់ថា នៅពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ នោះព្រះអង្គនឹងមិនយាងមកក្នុងលក្ខណៈជាទារកទេ ប៉ុន្តែ «…ព្រះអង្គនឹងយាងមកវិញ តាមបែបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងទៅស្ថានសួគ៌នោះដែរ» (កិច្ចការ ១:១១ខ)។ ហើយកណ្ឌគម្ពីរ វិវរណៈ ១:៧ ក៏បានចែងផងដែរថា «មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន»។ យើងអាចពិនិត្យមើលយ៉ាងរហ័សបានលើរូបថតដែលគេយកមកប្រើជាភស្តុតាង ហើយវែកញែកឃើញថារូបថតនោះគឺត្រូវបានគេកាត់តទេ។ ហើយប្រសិនបើយើងស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅបន្តិចទៀត នោះយើងនឹងឃើញថាតាមពិតទៅរូបថតដើមនៃទារកនោះមិនមានស្នាមរបួសដូចដែលគេបានកាត់តទេ។ ហើយតាមពិតទៅ ទារកនោះពិតជាបានកើតនៅប្រទេសហ្វីលីពីនមែន ប៉ុន្តែគាត់ជាភេទស្រីទេ មិនមែនប្រុសឡើយ។ ហើយគាត់ក៏មិនបានកើតដោយមានស្នាមរបួសដៅដូចនោះដែរ៖ photoblog.nbcnews.com តាមពិតទៅ វាគ្រាន់តែរូបភាពនៃទារកដ៏ល្បីល្បាញម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារគាត់ជាទារកលេខទី ៧ លានដែលបានកើតមក នោះមិនមែនមានន័យថា នាងគឺជាព្រះយេស៊ូវដែលបានយាងមកយកកំណើតជាថ្មីនោះឡើយ។
រូបថតដើមពីប្រភព៖ Reuters
យើងនឹងទទួលបានប្រយោជន៍យ៉ាងល្អក្នុងការស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវថា «ពេលនោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា “មើល៍! ព្រះគ្រីស្ទគង់នៅទីនេះ!” ឬថា “មើល៍! ព្រះអង្គគង់នៅទីនោះ!” កុំជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន! ដ្បិតខ្ញុំបានប្រាប់អ្វីៗទាំងអស់ដល់អ្នករាល់គ្នាជាមុនហើយ»។ (ម៉ាកុស ១៣:២១–២៣ គកស)។
ដូចគ្នាផងដែរ យើងក៏ឃើញពីហេតុផលយ៉ាងច្បាស់ដែលមានមនុស្សអះអាងអំពីការទាំងនេះគឺដោយសារពួកគេចង់ធ្វើឲ្យខ្លួនល្បីល្បាញ ឬក៏ហាក់ដូចជាបរិសុទ្ធជាងអ្នកដទៃ និងសំខាន់ជាងមនុស្សគ្រប់គ្នា។ ព្រះជាម្ចាស់បានបង្គាប់យើងយ៉ាងច្បាស់ថា យើងមិនត្រូវថ្វាយសិរីល្អដល់ខ្លួនឯងទេ ប៉ុន្តែផ្ទុយទៅវិញ «ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ» (១កូរិនថូស ១០:៣១ខ)។ វាមិនជាការលើកតម្កើងសិរីល្អរបស់ព្រះយេស៊ូវឡើយ។ ការនេះបង្ហាញជាថ្មីម្ដងទៀតថា វាជាការប្រឆាំងនឹងព្រះគ្រីស្ទ និងជាការមិនពិត។
កណ្ឌគម្ពីរ អេសាយ ៥៣:៥ ចែងយ៉ាងច្បាស់ថា យើងបានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ មិនមែនជាដោយសាររបួសរបស់យើងនោះទេ។ ព្រះយេស៊ូវបានរងទុក្ខ និងបានសុគតជំនួសយើង។ វាពិតជាមិនមានផលប្រយោជន៍ ឬក៏អត្ថន័យអ្វីទេខាងឯវិញ្ញាណក្នុងការមានស្នាមរបួសនៅលើដងខ្លួនរបស់យើងដែលមានទីកន្លែងដូចគ្នានឹងស្នាមរបួសរបស់ព្រះយេស៊ូវដែរ។ យើងទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ តាមរយៈជំនឿ មិនមែនដោយសារការប្រព្រឹត្តទេ ក្រែងលោអ្នកណាអួតខ្លួន (អេភេសូរ ២:៨-៩)។
ដូច្នេះ កុំជឿគ្រប់អ្វីៗទាំងអស់ដែលលោកអ្នកឮ ឬអានឡើយ—តែចូរល្បងល ហើយមើលថាតើវាជាការពិត ឬក៏អត់ដោយផ្ទៀងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាប្រើប្រាស់ការយល់ដឹងដ៏សាមញ្ញរបស់យើងដែលព្រះជាម្ចាស់បានប្រទានមកកាន់យើងដែរ។
មតិយោបល់
Loading…