ប្រវត្តិ
ក្រុមនេះបានចាប់ផ្តើមនៅឆ្នាំ ១៩៩១ នៅប្រទេសចិន។ សេចក្តីបង្រៀនចំបងរបស់ពួកគេគឺថា ព្រះយេស៊ូវបានយាងត្រឡប់មកវិញជាស្ត្រីជនជាតិចិន! ពួកគេថែមទាំងថ្វាយបង្គំនាងថាជា«ព្រះដ៏មានព្រះចេស្ដា» ក្រុមនេះមិនបានបញ្ជាក់ជាសាធារណៈថា ស្ត្រីនេះជានរណាទេ ប៉ុន្តែ ឈ្មោះរបស់គាត់គឺ យ៉ាង ស៊ីងប៊ិន (Yang Xiangbin) ហើយនាងកើតនៅឆ្នាំ ១៩៧៣ នៅប្រទេសចិន។ ក្រោយដែលគាត់ប្រលងធ្លាក់មធ្យមសិក្សាទុតិយភូមិនៅស្រុកចិន គាត់ចាប់ផ្ដើមធ្វើទំនាយដល់ក្រុមមួយដែលស្ដាប់គាត់។ នៅឆ្នាំ ១៩៩១ បុរសម្នាក់ឈ្មោះ ចាវ វៃសាន (Zhao Weishan) ដែលជាសមាជិកក្រុមខុសឆ្គងមួយទៀត បានជួបនាង ហើយក៏បានក្លាយជាមេដឹកនាំក្រុមគាត់។ ដោយសារក្រុមនេះបង្កមានបញ្ហាជាច្រើន រដ្ឋាភិបាលចិនបានប្រកាសថា ពួកគេជាក្រុមខុសច្បាប់ ដែលធ្វើឲ្យពួកគេត្រូវលាក់ខ្លួន។ នៅឆ្នាំ ២០០០ យ៉ាង ស៊ីងប៊ិន និង ចាវ វៃសាន ត្រូវបានអនុញ្ញាតឲ្យចូលទឹកដីសហរដ្ឋអាមេរិក។ ពួកគេបានទៅរស់នៅទីក្រុងញូវយ៉ក ជាកន្លែងដែលពួកគេកំពុងដឹកនាំក្រុមខុសឆ្គងនេះ។ ប៉ុន្តែ នាង យ៉ាង ស៊ីងប៊ិននៅតែលាក់ខ្លួន ហើយមិនបង្ហាញខ្លួនជាសាធារណៈឡើយ។ ប្រហែលជានាងនៅតែព្រួយបារម្ភ អំពីអ្វីដែលរដ្ឋាភិបាលចិននឹងធ្វើដល់ «ព្រះដ៏មានគ្រប់ព្រះចេស្ដា»។
សមាជិកនៃក្រុមនេះ គឺច្រឡោងខាមណាស់។ ពួកគេធ្វើជាមិត្តភក្ដិជាមួយមនុស្សក្នុងគោលបំណង ដើម្បីហៅពួកគេឲ្យចូលសិក្សា«ព្រះគម្ពីរ»។ ប៉ុន្តែដល់កន្លែងគេរៀនពីសៀវភៅ របស់យ៉ាង ស៊ីងប៊ិន។ ជាធម្មតាយុវនារីក្នុងក្រុមនេះ ទាក់ទងនឹងមនុស្សប្រុស ហើយមនុស្សប្រុសទាក់ទងនឹងមនុស្សស្រីវិញ។ នៅប្រទេសចិន ក្រុមខុសឆ្គងនេះ ទាក់ទាញស្រីៗ ជាពិសេសស្ត្រីមេផ្ទះដែលឯកោ ដែលស្វាមីទៅធ្វើការនៅទីក្រុងមួយផ្សេងទៀត។ មនុស្សបានធ្វើទីបន្ទាល់ថា បើស្វាមីមិនព្រមចូលរួមក្រុមនេះដែរ ក្រុមនេះបបួលភរិយាឲ្យលែងលះប្តីរបស់គាត់។ ដោយសារអាកប្បកិរិយាច្រឡោងខាមរបស់ក្រុមនេះ និងការប្រើប្រាស់ សៀវភៅ វីដេអូ និងអ៊ីនធឺណិតយ៉ាងឆ្លាតវៃ ខ្ញុំចាត់ទុកក្រុមនេះថាជាក្រុមដ៏គ្រោះថ្នាក់បំផុតនៅកម្ពុជា។
ជំនឿរបស់ក្រុមនៃព្រះដ៏មានគ្រប់ព្រះចេស្ដា (ផ្លេកបន្ទោរទិសកើត)
ក្រុមនេះជឿថា យ៉ាង ស៊ីងប៊ិន គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ក្រុមផ្លេកបន្ទោរទិសកើតនេះជឿថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» បានមកផែនដីហើយ គឺនៅពេលដែលអ្នកស្រី យ៉ាង ស៊ីងប៊ិន បានកើតក្នុងឆ្នាំ ១៩៧៣ ដើម្បីនាំមកនូវសម័យកាលទីបី នៃមនុស្សជាតិ គឺ«សម័យកាលនៃនគរ»។ សម័យកាលដំបូងគឺ «សម័យកាលនៃក្រិត្យវិន័យ» (សម័យនៃគម្ពីរសញ្ញាចាស់) ហើយសម័យកាលទី២ គឺ «សម័យកាលនៃព្រះគុណ» ដែលបានចាប់ផ្តើមជាមួយនឹងកំណើតរបស់ព្រះគ្រីស្ទ។ សម័យកាលទី៣ បានចាប់ផ្តើមក្នុងឆ្នាំ ១៩៧៣ ដោយកំណើតលោកស្រី យ៉ាង ស៊ីងប៊ិន។ ការបែងចែកប្រវត្តិសាស្ត្រទៅជាសម័យកាលទាំងបី គឺជាការដែលក្រុមខុសឆ្គងជាច្រើនបានបង្រៀន។ ហើយស្ថាបនិកនៃក្រុមខុសឆ្គង គឺតែងតែអះអាងថា ខ្លួនជា «ព្រះគ្រីស្ទ» នៃសម័យកាលទីបី!
ប៉ុន្តែក្រុម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» បានភ្លេចថា ព្រះយេស៊ូវមិនមែនគ្រាន់តែជាព្រះអង្គសង្គ្រោះនៃសម័យកាលរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាអ្នកបង្កើតសកលលោកទាំងមូលផងដែរ។ «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ» (យ៉ូហាន ១ៈ៣)។ «ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង» (កូល៉ូស ១ៈ១៦)។ ដូច្នេះព្រះយេស៊ូវ ជាអ្នកបង្កើតរបស់សព្វសារពើ ទាំង យ៉ាង ស៊ីងប៊ិន និង ចាវ វៃសាន ដែលគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ព្រះយេស៊ូវក៏ជា អាលផា និងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង (វិវរណៈ ២២ៈ១៣)។
ក្រុមនេះបដិសេធគោលជំនឿព្រះត្រៃឯក។
ក្រុមនេះបង្រៀនថា ព្រះយេស៊ូវមិនអាចជម្រះមនុស្សពីអំណាចនៃអំពើបាបឡើយ។
ក៏ដូចជាក្រុមខុសឆ្គងដទៃទៀតដែរ ក្រុមនេះអះអាងថា ព្រះយេស៊ូវមិនបានជោគជ័យទាំងស្រុងក្នុងបេសកកម្មរបស់ព្រះអង្គ ដើម្បីលោះមនុស្សជាតិទេ។ ពួកគេនិយាយថា ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបរបស់មនុស្សជាតិ ប៉ុន្តែបានបរាជ័យក្នុងការដោះស្រាយបញ្ហានៃនិស្ស័យបាបដែលនៅសេសសល់។ ដូច្នេះ ត្រូវការព្រះគ្រីស្ទមួយទៀត គឺ យ៉ាង ស៊ីងប៊ិន។ នៅក្នុង វីដេអូ យូធូប ក្រុមនេះនិយាយថា «ព្រះដ៏គ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ… ពាក្យសំដីរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មានសេចក្ដីពិតទាំងអស់ ដើម្បីជម្រះ និងសង្គ្រោះមនុស្សលោក» ពួកគេកំពុងនិយាយអំពី យ៉ាង ស៊ីងប៊ិន។ នេះគឺជាការប្រមាថខ្លាំងណាស់ ដល់ព្រះយេស៊ូវ។ យ៉ាង ស៊ីងប៊ិន គឺជា អង់ទីគ្រីស្ទមួយ។
ក្រុមនេះជឿថា ព្រះយេស៊ូវមិនបានរស់ពីសុគតឡើងវិញទេ។
ការនេះមានន័យថា ក្រុមនេះគ្មានសង្ឃឹមថា នឹងទទួលបានជ័យជំនះលើសេចក្តីស្លាប់ទេ ពីព្រោះមានតែព្រះគ្រីស្ទដែលបានឈ្នះសេចក្តីស្លាប់ ដែលអាចជួយយើងឲ្យឈ្នះសេចក្តីស្លាប់បាន។ នៅពេលដែល យ៉ាង ស៊ីងប៊ិន ស្លាប់ ប្រាកដណាស់ គាត់នឹងមិនអាចរស់ឡើងវិញទេ ពីព្រោះគាត់មិនមែនជាព្រះគ្រីស្ទពិត។
ក្រុមនេះជឿថា ព្រះគម្ពីរបរិសុទ្ធ គឺសម្រាប់សម័យកាលមុន ហើយគ្មានប្រយោជន៍សម្រាប់សម័យកាលនេះទេ។
ពួកគេបង្រៀនថា ជំនួសព្រះគម្ពីរបរិសុទ្ធ ឥឡូវយើងមានពាក្យថ្មីរបស់ «ព្រះដ៏មានគ្រប់ព្រះចេស្ដា (យ៉ាង ស៊ីងប៊ិន)» សម្រាប់សម័យកាលនេះ។ ពួកគេបានបោះពុម្ពសៀវភៅជាច្រើន ដែលមានពាក្យរបស់ យ៉ាង ស៊ីងប៊ិន ដូចជាសៀវភៅដែលមានឈ្មោះថា ព្រះបន្ទូលបានលេចមកជាសាច់ឈាម ។ ក្រុមខុសឆ្គងនេះសង្កត់ធ្ងន់ទៅលើការប្រជុំគ្នា ដើម្បីអានពាក្យរបស់«ព្រះដ៏មានគ្រប់ព្រះចេស្ដា»ជាមួយគ្នា។ ពួកគេហៅការប្រជុំនោះថា «ការសិក្សាព្រះគម្ពីរ» ប៉ុន្តែនៅពេលពួកគេជួបជុំគ្នា ពួកគេមិនសិក្សាព្រះគម្ពីរប៊ីបទាល់តែសោះ ប៉ុន្តែជានិមិត្ត និងពាក្យសំដីរបស់ព្រះគ្រីស្ទក្លែងក្លាយ យ៉ាង ស៊ីងប៊ិន នេះវិញ។
សូមកត់សម្គាល់នៅក្នុងរូបភាពនេះថា ក្រុមនេះបានបោះពុម្ពពាក្យ «ព្រះគម្ពីរបរិសុទ្ធ» (Holy Bible) នៅលើគម្របសៀវភៅរបស់ យ៉ាង ស៊ីងប៊ិន។ នេះគឺជាការបោកប្រាស់សុទ្ធសាធ។ ចំណងជើង «ព្រះគម្ពីរបរិសុទ្ធ» តែងតែសំដៅទៅ ព្រះគម្ពីរបរិសុទ្ធដើមដែលមាន ៦៦កណ្ឌពីលោកុប្បត្ដិរហូតដល់វិវរណៈ។ ប៉ុន្តែសៀវភៅនេះ គ្មានអ្វីក្រៅពីសំដីរបស់ស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងលាក់ខ្លួននៅក្រុងញូវយ៉ក ដែលអះអាងថា ខ្លួននាងគឺជា «ព្រះដ៏មានគ្រប់ចេស្ដា»ប៉ុណ្ណោះ។ សៀវភៅនេះជាគម្ពីរក្លែងក្លាយ។ ចូរប្រយ័ត្ននឹងក្រុមភូតភរអាក្រក់នេះ។ ប្រសិនបើអ្នកឃើញមនុស្សដែលមានសៀវភៅនេះ ពួកគេគឺជាឆ្កែចចកដែលពាក់រោមចៀម ហើយសៀវភៅដែលពួកគេសិក្សា គឺពោរពេញទៅដោយការកុហក។
ឈ្មោះក្រុមនេះគួរអោយអស់សំណើចណាស់
ឈ្មោះមួយរបស់គេគឺ «ផ្លេកបន្ទោរទិសខាងកើត» ដោយដកស្រង់ចេញពី ម៉ាថាយ ២៤ៈ២៧ ដែលព្រះយេស៊ូវប្រកាសថា ការយាងមកលើកទីពីររបស់ទ្រង់ គឺមកជាសាធារណៈ ដែលមនុស្សទាំងអស់ក្នុងពិភពលោកនឹងឃើញ៖ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» ហើយ «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» (វិវរណៈ ១ៈ៧)។ ប៉ុន្តែ គ្រីស្ទក្លែងក្លាយនៃក្រុមនេះ មិនបានមកផែនដីជាសាធារណៈដូចជាផ្លេកបន្ទោរដែលបំភ្លឺពេញផ្ទៃមេឃ ដើម្បីឲ្យមនុស្សទាំងអស់ឃើញនោះទេ។ ផ្ទុយទៅវិញ នាងបានមកដោយសម្ងាត់ ហើយបានលាក់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ! ប៉ុន្តែនៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់នឹងមិនមកដោយសម្ងាត់ទេ។ សូមស្តាប់ពីការនេះ៖
«គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន។ មើល! ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន។ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ។ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» (ម៉ាថាយ ២៤:២៣-២៧)។
រយៈពេល ៣០ឆ្នាំមកហើយ «គ្រីស្ទ» របស់ក្រុមក្លែងក្លាយនេះ បានលាក់ខ្លួននៅក្នុង «ក្នុងបន្ទប់» (ខ២៦) នៅប្រទេសចិន ហើយឥឡូវនៅ«ក្នុងបន្ទប់» កន្លែងណាមួយនៅទីក្រុងញូវយ៉ក។ ប៉ុន្តែនៅពេលដែលព្រះយេស៊ូវយាងមក «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» (វិវរណៈ ១:៧) ។
យ៉ាង ស៊ីងប៊ិន អះអាងថា គាត់ជាព្រះគ្រីស្ទដែលយាងត្រឡប់មកវិញ ប៉ុន្តែព្រឹត្តិការណ៍ណាខ្លះត្រូវកើតឡើង នៅពេលព្រះគ្រីស្ទពិតយាងមកវិញ?
ព្រះគម្ពីរបាននិយាយច្បាស់ណាស់ អំពីព្រឹត្តិការណ៍ដែលត្រូវតែកើតឡើងនៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ។ យើងអាចប្រើប្រាស់បទទំនាយទាំងនេះ ដើម្បីល្បងមើល យ៉ាង ស៊ីងប៊ិន គឺជាព្រះគ្រីស្ទពិត ឬជាព្រះគ្រីស្ទក្លែងក្លាយ។
១. ពេលដែលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់នឹង «សងសេចក្តីទុក្ខលំបាក» ដល់ពួកអ្នកដែលធ្វើទុក្ខដល់គ្រីស្ទបរិស័ទ ហើយប្រទានការ «សំរាក» និងសេចក្តីសង្គ្រោះ ដល់ពួកអ្នកដែលត្រូវគេធ្វើទុក្ខ។ ទ្រង់នឹងមក «ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (២ថែស្សាឡូនីច ១:៦-៨) តើការនេះបានកើតឡើងទេនៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
២. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងមិនយាងមកដោយស្ងាត់ៗទេ។ មនុស្សគ្រប់គ្នានៅលើពិភពលោកនឹងបានឃើញទ្រង់។ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» និង «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង» (ម៉ាថាយ ២៤:២៧; វិវរណៈ ១:៧; ១ថែស្សាឡូនីច ៤:១៦) តើការនេះបានកើតឡើងទេនៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៣. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ នោះនៅលើមេឃនឹងត្រូវកក្រើករំពើក។ «ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក» (ម៉ាថាយ ២៤:២៩)។ តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៤. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងយាងមកដោយអំណាច និងសិរីល្អ ហើយមនុស្សមានបាបទាំងអស់នៅលើផែនដីនឹងសោកសៅ។ «នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង» (ម៉ាថាយ ២៤:៣០) តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៥. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ «លោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ (ម៉ាថាយ ២៤:៣១) តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៦. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងបំផ្លាញអាទទឹងនឹងព្រះគ្រីស្ទ (ជាមនុស្សដែលត្រូវហិនវិនាស) «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង…នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក» (២ថែស្សាឡូនីច ២:៣-៤, ៨)។ តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៧. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងចាក់សេចក្តីក្រោធរបស់ទ្រង់ទៅលើអស់អ្នកមានបាបទាំងអស់គ្នា។ «ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ» (១ថែស្សាឡូនីច ៥:២-៣)។ តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៨. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងកាត់ទោសគ្រប់គ្នាភ្លាមៗ។ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក។ រួចគ្រប់ទាំងសាសន៍ នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាលដែលញែកចៀមចេញពីពពែដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
៩. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងប្រោសរូបកាយអ្នកស្លាប់ទាំងអស់ដែលជាគ្រីស្ទបរិស័ទ។ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤:១៦-១៧)។ តើការនេះបានកើតឡើងទេ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
១០. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងមិនកើតមកជាទារកតូចទេ ប៉ុន្តែទ្រង់នឹងយាងមកពីស្ថានសួគ៌ជាអ្នកចម្បាំងដ៏មានគ្រប់ព្រះចេស្ដា ដើម្បីវិនិច្ឆ័យជំនុំជម្រះផែនដី។ «ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ១២ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ១៣ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» ១៤ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង ១៥ មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ១៦ ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើការនេះបានកើតឡើងទេនៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ?
គ្មានព្រឹត្តិការណ៍ណាមួយសោះបានកើតឡើង ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ នៅពេលដែល យ៉ាង ស៊ីងប៊ិន មកនោះ។ យ៉ាង ស៊ីងប៊ិន ជាព្រះគ្រីស្ទក្លែងក្លាយ។ គាត់មិនមែនជា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» នោះទេ។ អស់រយៈពេលជាច្រើនឆ្នាំនាងបានលាក់ខ្លួនពីរដ្ឋាភិបាលចិន។ ប៉ុន្តែនៅពេលព្រះគ្រីស្ទពិតយាងមក ទ្រង់មិនខ្លាចអ្នកណាទេ ពីព្រោះទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាពិតប្រាកដ គឺជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់!
មុខពូថៅ
តើអ្វីជាមុខពូថៅ ដែលក្រុមនេះប្រើ សម្រាប់ពុះគ្រីស្ទបរិស័ទចេញពីក្រុមជំនុំ និងព្រះរបស់គេ? ឧបាយកលចម្បងរបស់ក្រុមនេះគឺ ហ្វេសបុក និងទូរស័ព្ទ។ ពួកគេបង្ហោះវីដេអូតាម ហ្វេសបុក និង យូធូប អំពីព្រឹត្តិការ និងមហន្តរាយនៃថ្ងៃចុងក្រោយ ដើម្បីបំភ័យអ្នកមើល។ នៅពេលគ្រីស្ទបរិស័ទម្នាក់ចុចឡៃ លើការបង្ហោះនោះ ក្រុមនេះទាក់ទងនឹងគេភ្លាមតាមមេសសិនចឺដើម្បីសុំលេខទូរស័ព្ទ។ នៅពេលពួកបានលេខទូរស័ព្ទពួកគេតេអ្នកនោះរហូត ដើម្បីបបួលពួកគេចូលរួម«រៀនព្រះគម្ពីរ»ជាមួយពួកគេតាមទូរស័ព្ទ ឬ Zoom។ គ្រីស្ទបរិស័ទទាំងអស់ចាប់អារម្មណ៍ នឹងការសិក្សាព្រះគម្ពីរ ដូច្នេះនៅពេលក្រុមនេះ អញ្ជើញគេឲ្យចូល«សិក្សាព្រះគម្ពីរ» នោះគេចាប់អារម្មណ៍ណាស់។ ប៉ុន្តែនៅពេលគ្រីស្ទបរិស័ទចូលរួម ពួកគេឃើញថា ក្រុមនេះមិនបានសិក្សាព្រះគម្ពីរបរិសុទ្ធទាល់តែសោះ គ្រាន់តែជាពាក្យសំដីរបស់ស្ត្រីដែលហៅខ្លួនថា «ព្រះដ៏មានគ្រប់ចេស្ដា»។
ការច្រៀងចំរៀងថ្វាយបង្គំព្រះគ្រីស្ទក្លែងក្លាយ
គ្រីស្ទបរិស័ទក៏ចូលចិត្ដច្រៀងចម្រៀងសរសើរព្រះណាស់។ អ្នកដើរតាម យ៉ាង ស៊ីងប៊ិន បានសរសេរបទចម្រៀងជាច្រើន មិនមែនសរសើរព្រះជាម្ចាស់ពិតទេ តែសរសើរព្រះក្លែងក្លាយយ៉ាង ស៊ីងប៊ិន ដែលគេហៅថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា»វិញ។ ពួកគេបានបកប្រែបទចម្រៀងនោះជាច្រើនភាសា ហើយបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត។ ក៏ប៉ុន្តែ បទចម្រៀងរបស់ពួកគេ មានការបោកបញ្ឆោត ឧទាហរណ៍ បទចម្រៀងរបស់ពួកគេជាភាសាអង់គ្លេស មិនប្រើពាក្យសព្វនាមស្រី «She» និង «Her» សំដៅលើ យ៉ាង ស៊ីងប៊ិនទេ ប៉ុន្តែប្រើសព្វនាមបុរស «He» និង «Him» ហាក់ដូចជា យ៉ាង ស៊ីងប៊ិនជាមនុស្សប្រុស។ ហើយការបង្រៀននៅយូធូប ក៏សំដៅទៅ យ៉ាង ស៊ីងប៊ិន ដោយប្រើ «He» និង «Him» ដែរ។ នេះគឺជាការបោកបញ្ឆោតខ្លាំងណាស់។ ក្រុមនេះដឹងថា មនុស្សភាគច្រើនមិនចង់គិតពីព្រះយេស៊ូវគ្រីស្ទជាស្ត្រីទេ ពីព្រោះព្រះគ្រីស្ទពិត ត្រូវតែជាបុរសម្នាក់ ដែលជាកូនចៅរបស់ស្តេចដាវីឌ។
វិធីមួយទៀតដែលពួកគេទាក់ទាញសមាជិកថ្មី គឺតាមរយៈគេហទំព័ររបស់គេឈ្មោះថា «kingdomsalvation» និង «godfootsteps» ដែលមានអត្ថបទ និងវីដេអូដែលត្រូវបានបកប្រែទៅភាសាជាច្រើននៅក្នុងពិភពលោក។ ពួកគេបានបង្ហោះវីដេអូរាប់រយ ដែលមានចម្រៀង មានសេចក្ដីអធិប្បាយ ទីបន្ទាល់ និងខ្សែភាពយន្ត ដើម្បីសរសើរស្ត្រីនេះ ដែលពួកគេហៅថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា»។ កុំមើលវីដេអូ យូធូប ណាមួយរបស់ពួកគេ ឬមើលគេហទំព័ររបស់ពួកគេនោះឡើយ។ ប្រសិនបើអ្នកឃើញរូបសញ្ញាសំគាល់ នេះ អ្នកត្រូវដឹងថា វាជាក្រុមអង់ទីគ្រីស្ទ៖
មិនយូរមិនឆាប់ព្រះគ្រីស្ទក្លែងក្លាយនេះ ដែលមកពីប្រទេសចិន នឹងត្រូវចាស់ទៅ (ឥឡូវគាត់មានអាយុ ៥០ ឆ្នាំហើយ)។ ទោះបីជានាងហៅខ្លួនឯងថា «មានគ្រប់ចេស្ដា» ក៏ដោយ ក៏នាងមិនអាចយកឈ្នះសេចក្តីស្លាប់បានដែរ ពីព្រោះនាងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ មិនមែនជាព្រះគ្រីស្ទទេ។ ប៉ុន្តែនៅពេលដែលព្រះគ្រីស្ទដ៏ពិតបានសុគត នោះទ្រង់បានរស់ឡើងវិញ នៅបីថ្ងៃក្រោយមក ដូចដែលព្រះគម្ពីរបានចែងទុក។ សេចក្តីស្លាប់មិនអាចមានជ័យជំនះលើព្រះយេស៊ូវគ្រីស្ទបានទេ ពីព្រោះទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាពិត! ហើយនៅពេលដែលព្រះគ្រីស្ទពិតប្រាកដត្រឡប់មកផែនដីវិញ ទ្រង់នឹងមិនលាក់ខ្លួននៅក្នុងបន្ទប់ ដូច យ៉ាង ស៊ីងប៊ិនទេ! អត់ទេ «គ្រប់ទាំងភ្នែកនឹងបានឃើញទ្រង់» (វិវរណៈ១ៈ៧)
ក្រុមប្រឹក្សាគ្រីស្ទបរិស័ទទាំងអស់នៅក្នុងប្រទេសចិន ចាត់ទុកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា (Eastern Lightning) ថាជា ក្រុមខុសឆ្គងដ៏គ្រោះថ្នាក់។ សូមនៅឲ្យឆ្ងាយពីពួកគេ ហើយកុំមើលវីដេអូរបស់ពួកគេ ឬនិយាយជាមួយពួកគេតាមទូរស័ព្ទ។ ពួកគេជាឆ្កែចចកពាក់រោមចៀម។
ក្រុមនេះប្រើឈ្មោះច្រើន៖ The Church of the Almighty God, The Congregation, Eastern Lightning, New Power Lord’s Church, Church of the Gospel’s Kingdom
ចុងក្រោយ សូមកុំភ្លេច ២យ៉ូហាន ១:១០-១១ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្តីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ»។ (កុំភ្លេចថា ការហាមមិនអនុញ្ញាតឲ្យគេចូលផ្ទះនេះ ក៏និយាយរួមទាំងការចូលតាមទូរស័ព្ទរបស់ខ្លួនដែរ)។
ធនធានគួរឲ្យទុកចិត្ត
https://www.chinasource.org/resource-library/articles/brief-look-at-some-of-eastern-lightnings-false-teachings/
https://www.chinasource.org/resource-library/articles/a-field-study-of-the-church-of-almighty-god-cult/
https://www.chinasource.org/resource-library/articles/combating-the-cult-almighty-god-church/
https://www.cnn.com/2014/06/06/world/asia/china-eastern-lightning-killing/index.html
មតិយោបល់
Loading…