in

សប្បុរស

យើងដឹងហើយថា គោលបំណងដែលយើងជួបជុំគ្នាគឺ ដើម្បីលើកទឹកចិត្តគ្នា ជំរុញចិត្តគ្នា ប្រកបគ្នា និងដើម្បីឲ្យម្នាក់ៗកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទ។ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យយើងមានការលូតលាស់ខាងឯវិញ្ញាណបាន? វិធីមួយដែលក្នុងនាមយើងជាគ្រីស្ទបរិស័ទគួរធ្វើនោះ គឺការប្រជុំគ្នារៀនព្រះបន្ទូលព្រះ ហើយស្អាងចិត្តគ្នាទៅវិញទៅមក។ ការនេះប្រសើរជាងការដែលយើងនៅម្នាក់ឯង វាពិបាកនឹងលើកទឹកចិត្តខ្លួនឯង។

បងប្អូនបានដឹងរួចមកហើយពីលក្ខណសម្បត្តិនៃផលផ្លែរបស់ព្រះវិញ្ញាណបរិសុទ្ធដែលរួមមានចំនួន៩ដូចដែលបានចែងក្នុងកណ្ឌគម្ពីរ កាឡាទី ៥:២២-២៣ ថា «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ»។ ចំណែកឯលក្ខណសម្បត្តិមួយនៃផលផ្លែរបស់ព្រះវិញ្ញាណដែលយើងនឹងលើកយកមកពិភាក្សាគឺ៖ សេចក្ដីសប្បុរស។

សូមសួរខ្លួនឯងបន្តិចទៅមើលថា តើបងប្អូនបានទទួលជីវិតដែលពោរពេញ និងលូតលាស់ខាងឯសេចក្ដីស្រឡាញ់ហើយឬនៅ? តើបងប្អូនមានជីវិតដែលមានអំណរហើយឬនៅ? តើបងប្អូនបានទទួលបទពិសោធន៍នៃសេចក្ដីសុខសាន្តរបស់ព្រះហើយឬនៅ គឺការផ្សះផ្សារវាងបងប្អូន និងព្រះជាម្ចាស់? តើសព្វថ្ងៃនេះ បងប្អូនអាចអត់ធ្មត់ចំពោះអ្នកដទៃបានដែរឬទេ? តើអត្តចរិតដែលមិនសូវឆាប់ខឹង និងមានការអត់ធ្មត់របស់បងប្អូនមានដល់កម្រិតណាដែរ?

មុននឹងយើងស្វែងយល់ពីព្រះបន្ទូលព្រះជាម្ចាស់ស្ដីពីសេចក្ដីសប្បុរស នោះយើងគួរយកចិត្តទុកដាក់ទៅលើអត្ថន័យនៃពាក្យ «សេចក្ដីសប្បុរស» ជាមុនសិន។ មនុស្សភាគច្រើនយល់ថា «សេចក្ដីសប្បុរស» គឺជាការបង្ហាញឲ្យឃើញនូវទឹកចិត្តទូលាយ តាមរយៈអាកប្បកិរិយាដូចជា ញញឹមដាក់អ្នកដទៃ ចែកទានដល់អ្នកខ្វះខាត។ល។ ទាំងនេះគ្រាន់តែជាចំណែកមួយនៃអត្ថន័យរបស់ពាក្យសេចក្ដីសប្បុរសប៉ុណ្ណោះ។ ចុះអត្ថន័យក្នុងព្រះគម្ពីរវិញ? តើព្រះបន្ទូលបានឲ្យនិយមន័យ ហើយអប់រំយើងយ៉ាងដូចម្ដេចអំពីសេចក្ដីសប្បុរស? តើយើងអាចអនុវត្តការប្រៀនប្រដៅរបស់ព្រះអង្គបានយ៉ាងដូចម្ដេច ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង? យោងតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះគម្ពីរបានបង្ហាញថា «សេចក្ដីសប្បុរស» គឺជាសេចក្ដីស្រឡាញ់ដែលបង្ហាញចេញតាមរយៈសកម្មភាពដែលរួមមាន ការប្រព្រឹត្តល្អចំពោះអ្នកដទៃ ដើម្បីបំពេញតម្រូវការរបស់ពួកគាត់។

យ៉ាងណាមិញ បើយើងក្រឡេកមើលសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរស នោះយើងនឹងឃើញថា
ពាក្យទាំង២នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា។ តើអ្វីទៅជាភាពខុសគ្នារវាងពាក្យថា «សេចក្ដីស្រឡាញ់» និង «សេចក្ដីសប្បុរស»? ពេលខ្លះ យើងប្រហែលពិបាកនឹងបែងចែក តែបើយើងមើលទៅព្រះបន្ទូលទ្រង់ ព្រះអង្គមានព្រះបន្ទូលថា សេចក្ដីស្រឡាញ់ គឺគ្របបាំងទាំងអស់។ «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង» (១កូរិនថូស ១៣:៤)។

ជាទូទៅ សេចក្ដីស្រឡាញ់ គឺធំលើសទាំងអស់។ ចំណែកឯសេចក្ដីសប្បុរសកើតចេញពីសេចក្ដីស្រឡាញ់ ពីព្រោះសេចក្ដីស្រឡាញ់នាំឲ្យយើងចេះចែករំលែកទៅអ្នកដទៃនូវអ្វីដែលខ្លួនមាន។ នៅពេលដែលយើងប្រព្រឹត្តបែបនោះទៅលើមនុស្សណាម្នាក់ នោះយើងកំពុងតែបង្ហាញភាពសប្បុរសដល់អ្នកនោះហើយ។ សេចក្ដីសប្បុរសជាលក្ខណសម្បត្តិមួយនៃសេចក្ដីស្រឡាញ់ដោយផ្អែកលើកណ្ឌគម្ពីរ ១កូរិនថូស ១៣:៤ ហើយវាសម្ដែងចេញតាមរយៈសកម្មភាព។ សកម្មភាពនេះឯងបានស្ដែងឲ្យឃើញពីចិត្តសប្បុរសដែលយើងមាន ដោយការធ្វើល្អទៅកាន់អ្នកដទៃ។

កណ្ឌគម្ពីរ លូកា ៦:៣៥ បានចែងថា «ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកតញ្ញូ នឹងមនុស្សអាក្រក់ដែរ»។ ព្រះបន្ទូលទ្រង់នៅត្រង់នេះចង់បង្ហាញឲ្យឃើញថា ទ្រង់តែងមានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់។ ដូច្នេះ យើងក៏ត្រូវធ្វើល្អចំពោះមនុស្សអាក្រក់ដែរ មិនមែនធ្វើល្អតែចំពោះនរណាម្នាក់ដែលធ្លាប់តែធ្វើល្អដាក់ខ្លួនយើងនោះទេ។ ពេលដែលយើងពិនិត្យមើលព្រះបន្ទូលទ្រង់នៅត្រង់នេះ មានអ្នកខ្លះលើកឡើងថា «តើឲ្យខ្ញុំស្រឡាញ់ ហើយមានចិត្តសប្បុរសចំពោះគាត់យ៉ាងដូចម្ដេច បើគាត់មានអាកប្បកិរិយាក្រអឺតក្រទម វាយឫក និងមិនសូវរួសរាយដូច្នេះ?
ខ្ញុំជាមនុស្ស មិនមែនជាព្រះយេស៊ូវទេ!»
។ តែតាមពិតទៅ នេះគ្រាន់តែជាលេសរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងជឿថា យើងមានព្រះវិញ្ញាណព្រះអង្គគង់នៅជាមួយ និងធ្វើជាជំនួយដល់យើង ដើម្បីឲ្យយើងអាចធ្វើការនោះបាន។

នៅចុងខ៣៥ បានបញ្ជាក់ថា ទ្រង់មានសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ គឺមានទាំងមនុស្ស អកតញ្ញូ មនុស្សអាក្រក់ មនុស្សដែលមិនគួរនឹងទទួលបាននូវសេចក្ដីសប្បុរសរបស់ទ្រង់។ ចំពោះយើងវិញ តើយើងអាចមានសេចក្ដីសប្បុរសបែបនេះ ដូចព្រះអង្គមានដែរឬទេ? ចំពោះទ្រង់ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងមានក្ដីសប្បុរសដែលខុសប្លែកពីលោកីយ៍នេះ ហើយចេះចែករំលែកដល់អ្នកដទៃ។ បើយើងរស់នៅដោយមានសេចក្ដីសប្បុរសបែបនេះ នោះនឹងនាំឲ្យមនុស្សលោកអាចមើលឃើញពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ មើលឃើញសេចក្ដីល្អរបស់ព្រះអង្គ ហើយការល្អដែលយើងធ្វើចំពោះអ្នកដទៃគឺមិនមែនជាការអួតខ្លួនឲ្យគេស្គាល់ និងសរសើរយើងនោះទេ តែគឺដើម្បីបង្ហាញឲ្យគេស្គាល់ព្រះដែលយើងជឿនោះ។

ពេលយើងធ្វើដូច្នេះ នោះដំណឹងល្អរបស់ព្រះអម្ចាស់នៃយើងនឹងសាយទៅដល់អ្នកទាំងនោះ ហើយគេនឹងឆ្ងល់ថា តើមានអ្វីប្លែកអំពីយើង ដែលជាគ្រីស្ទបរិស័ទ? ព្រោះពេលដែលគាត់ធ្វើអំពើដែលមិនគប្បីមកលើយើង យើងនៅតែស្រឡាញ់គាត់ រាប់អានគាត់ ហើយទោះបើគាត់ធ្វើអាក្រក់មកលើយើងក៏ដោយ។ យើងប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាយើងត្រូវជួយគាត់ បើគាត់មិនព្រមទទួលសេចក្តីសង្គ្រោះរបស់ព្រះអង្គផង? គាត់ជាមនុស្សដែលមិនសមនឹងទទួលបានជំនួយពីយើងទេ គាត់ជាមនុស្សដែលចចេសរឹងរូស មិនស្ដាប់អ្វីដែលអ្នកដទៃណែនាំ។ ប៉ុន្តែយើងដឹងថា ព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះយើងជាដំបូង និងចំពោះពួកគាត់ដែរ។ ទោះបើយើងមិនសមនឹងទទួល តែទ្រង់នៅតែប្រទានដល់យើងម្នាក់ៗ។ នេះឯងជាអត្ថន័យដ៏ពិតប្រាកដនៃក្ដីសប្បុរសក្នុងព្រះគម្ពីរ។ សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដែលបង្ហាញតាមរយៈការប្រព្រឹត្តល្អទៅអ្នកដទៃ ដើម្បីបំពេញតម្រូវការរបស់ពួកគាត់។

កណ្ឌគម្ពីរ ទីតុស ៣:៤-៥ បានលើកឡើងថា «តែកាលសេចក្ដីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសម្អាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ»។ សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ទ្រង់បានលេចមកតាមរយៈសេចក្ដីសង្គ្រោះវិញ មិនមែនមកពីយើងបានប្រព្រឹត្តដោយសុចរិតទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ។ ទ្រង់ក៏បានប្រោស និងសម្អាតយើងជាថ្មីដែរ។ ព្រះអង្គសម្ដែងសេចក្ដីសប្បុរសតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ នោះជាការមួយដែលព្រះអង្គសម្ដែងសេចក្ដីស្រឡាញ់ដល់មនុស្ស។ ទ្រង់មិនមែនគ្រាន់តែមានព្រះបន្ទូលថា ទ្រង់ស្រឡាញ់មនុស្ស ដោយមិនចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកសង្គ្រោះយើងនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញយើងឲ្យឃើញសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសដោយព្រះយេស៊ូវបានយាងមកសុគតជំនួសយើងទាំងអស់គ្នា ក្នុងកាលដែលយើងជាមនុស្សជាប់មានបាបនៅឡើយ គឺក្នុងកាលដែលយើងមិនសមនឹងទទួលសេចក្ដីសង្គ្រោះ ក៏ប៉ុន្តែទ្រង់នៅតែផ្ដល់
ឲ្យយើង។

ហេតុអ្វីបានជាបងប្អូនចាំបាច់ត្រូវការសេចក្ដីសប្បុរសនេះ? ហេតុផល៖ គឺមកពីបងប្អូនជាមនុស្សដែលមិនសុចរិត ១០០% បងប្អូនមានជំងឺ បងប្អូនត្រូវការអាហារ និងតម្រូវការផ្សេងៗទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃលើផែនដីនេះ។ ហេតុដូច្នេះហើយទើបព្រះអង្គប្រទានឲ្យបងប្អូនគ្រប់តម្រូវការ ដ្បិតទ្រង់យល់ ហើយស្គាល់ពីតម្រូវការបងប្អូន។ ជាក់ស្ដែង នៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង៤ បានរៀបរាប់ប្រាប់យ៉ាងលម្អិត អំពីដំណើរដែលព្រះយេស៊ូវបានមកយកកំណើតក្នុងនិស្ស័យជាមនុស្ស ហើយបានប្រោសប្រទានដល់មនុស្សគ្រប់ទាំងតម្រូវការដូចជា ការប្រោសជំងឺ ការប្រទានអាហារដល់មនុស្ស៥ពាន់នាក់ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ បំពេញតម្រូវការផ្សេងៗរបស់មនុស្ស ក៏ដូចជាតម្រូវការភ្លាមៗតែម្ដង។

ព្រះអង្គជ្រាបអំពីតម្រូវការធំបំផុតរបស់យើង។ យើងដឹងថា ប្រសិនបើគ្មានព្រះយេស៊ូវទេ នោះនឹងគ្មានអ្វីអាចបំពេញតម្រូវការដ៏ធំបំផុតរបស់យើងបានឡើយ។ ព្រោះលទ្ធផលនៃអំពើបាបជាសេចក្ដីស្លាប់ ហើយយើងត្រូវការម្នាក់ ដើម្បីស្លាប់ជំនួសអំពើបាបរបស់យើង ដើម្បីឲ្យយើងអាចរួចពីទណ្ឌកម្មនេះបាន។ ដូច្នេះ នេះជាការដែលព្រះអង្គបានបំពេញតម្រូវការដ៏ធំបំផុតរបស់យើង។ នេះឯងជាគំរូដែលព្រះបានបង្ហាញដល់យើង នេះជាមូលហេតុដែលយើងក៏ត្រូវបង្ហាញក្ដីស្រឡាញ់ ដោយការប្រព្រឹត្តិល្អទៅចំពោះអ្នកដទៃ ដើម្បីបំពេញតម្រូវការភ្លាមៗរបស់ពួកគាត់ដែរ។ ឧទាហរណ៍៖ បច្ចុប្បន្ននេះ យើងអាចនឹងចែកអាហារដល់អ្នកដែលខ្វះខាត ហើយប្រហែលមានអ្នកខ្លះកំពុងតែបាក់ទឹកចិត្ត ហើយពិតជាត្រូវការការលើកទឹកចិត្តពីយើង ដូច្នេះយើងត្រូវជួយគាំទ្រពួកគាត់។ ប្រហែលមានអ្នកខ្លះខ្វះទីជម្រក ដូច្នេះយើងក៏អាចផ្ដល់កន្លែងស្នាក់នៅឲ្យគេមួយរយៈដែរ។ យ៉ាងណាក៏ដោយ
ក៏យើងគួរយល់ថា តើតម្រូវការដ៏ធំបំផុតរបស់ពួកគាត់ គឺជាអ្វីទៅ? តម្រូវការដ៏ពិតប្រាកដរបស់ពួកគាត់ គឺមិនមែនគ្រាន់តែមានរបស់ទាំងអស់នេះទេ ប៉ុន្តែអ្វីដែលពួកគាត់ត្រូវការដ៏ពិតនោះគឺព្រះយេស៊ូវ។ យើងចង់ឲ្យពួកគាត់ស្គាល់ព្រះអង្គ និងចង់ឲ្យពួកគាត់ទទួលជឿព្រះយេស៊ូវ ទុកជាព្រះអង្គសង្គ្រោះរបស់ពួកគាត់។

មានសំណួរមួយចោទសួរថា ហេតុអ្វីបានជាយើងចាំបាច់ត្រូវមានចិត្តសប្បុរសទៅចំពោះអ្នកដទៃ?
ចម្លើយដ៏សមហេតុផលមួយ៖ គឺដោយសារយើងមានគំរូពីព្រះអង្គ។ ចំណែកឯហេតុផលមួយទៀតដែលយើងត្រូវតែមានសេចក្ដីសប្បុរសចំពោះអ្នកដទៃ គឺដោយសារនោះជាសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់។ «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ» (អេភេសូរ ៤:៣២)។ នៅត្រង់ខគម្ពីរនេះ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងស្ដាប់តាមបង្គាប់ទ្រង់។ នេះប្រាកដជាសេចក្ដីបង្គាប់ មិនមែនគ្រាន់តែជាការដែលយើងចង់ធ្វើ ឬមិនចង់ធ្វើនោះទេ តែជាសេចក្ដីសប្បុរសដែលត្រូវតែធ្វើ។ ដរាបណាយើង ដែលជាគ្រីស្ទបរិស័ទប្រកាសថា ខ្លួនជាអ្នកដែលស្ដាប់បង្គាប់ព្រះ និងចុះចូលចំពោះព្រះ នោះយើងត្រូវតែមានសេចក្ដីសប្បុរសចំពោះអ្នកដទៃ។ ចិត្តទន់សន្ដោស
និងការអត់ទោសគ្នា ក៏ជាគំរូមួយដែលព្រះយេស៊ូវបានធ្វើចំពោះយើងដូច្នោះដែរ។

មានមូលហេតុធំៗពីរយ៉ាងដែលយើងគួរមានសេចក្ដីសប្បុរសចំពោះអ្នកដទៃ៖

• ជាគំរូរបស់ព្រះយេស៊ូវ
• ជាសេចក្ដីបង្គាប់ដែលទ្រង់ឲ្យយើងរាល់គ្នាធ្វើតាម

ពេលយើងមានសេចក្ដីសប្បុរស នោះនាំឲ្យយើងអាចអត់ទោសឲ្យគ្នាទៅវិញទៅមកបាន។ យើងអាចអត់ទោសឲ្យអ្នកដទៃ លុះត្រាតែយើងទទួលការអត់ទោសពីព្រះអង្គជាមុនសិន ទោះជាមានការមួយចំនួនដែលយើងគិតថា ពិបាកនឹងអត់ទោស ក៏យើងអាចអត់ទោសបានដែរ។ ប្រហែលជាបងប្អូនមួយចំនួនមិនទាន់បានទទួលការអត់ទោសពីព្រះជាម្ចាស់នៅឡើយ។ យើងគួរតែអត់ទោសឲ្យអ្នកដទៃ។ យ៉ាងណាមិញក៏យើងគួរតែទទួលការអត់ទោសមកពីព្រះអង្គជាមុនដែរ គឺតាមរយៈព្រះយេស៊ូវ។ ដូច្នេះ បើបងប្អូនមានចំណុចទាំងពីរនេះជាមូលដ្ឋានហើយ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបណ្ដាលឲ្យបងប្អូនអាចអត់ទោសឲ្យគេបានដែរ ទោះបីជាកាលៈទេសៈខ្លះពិបាកអត់ទោសក៏ដោយ។

សេចក្ដីសប្បុរសជាគំរូ ជាលក្ខណសម្បត្តិរបស់ព្រះអម្ចាស់

ព្រះអម្ចាស់នៃយើង ទ្រង់ជាព្រះដែលសប្បុរស។ «ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនិងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ» (ទំនុកតម្កើង ១០៣:៨)។ យើងឃើញថា ទាំងនេះសុទ្ធតែជាលក្ខណសម្បត្តិរបស់ព្រះអង្គ។ ដូច្នេះ ក្នុងនាមយើងជាអ្នកដើរតាមទ្រង់ យើងក៏គួរតែមានលក្ខណសម្បត្តិដូចទ្រង់ដែរ។ យើងបានទទួលសេចក្ដីបង្គាប់ពីទ្រង់ថា សេចក្ដីសប្បុរស គឺជាផលផ្លែម្យ៉ាងដែលទ្រង់បានបញ្ជាមកយើង ដូច្នេះយើងគួរតែមានសេចក្ដីសប្បុរសចំពោះគ្នាទៅវិញទៅមក។ ទាំងអស់នេះហើយជាហេតុផលដែលយើងត្រូវបង្ហាញទៅមនុស្ស ប្រសិនយើងបានប្រកាសថា យើងជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ។ សេចក្ដីសប្បុរសគួរតែជាផ្នែកមួយនៃជីវិតរបស់យើង ដើម្បីឲ្យអ្នកដទៃមើលឃើញព្រះអង្គ តាមរយៈយើង។ នេះឯងជាផលផ្លែមួយក្នុងចំណោមផលផ្លែផ្សេងៗទៀត ដែលយើងអាចកត់សម្គាល់បាន។
តើយើងអាចមានសេចក្ដីសប្បុរសក្នុងជីវិតរបស់យើងដោយរបៀបណា? ពេលខ្លះយើងពិភាក្សាអំពីការនោះ
តើយើងគួរធ្វើដូចម្ដេច ដើម្បីអាចមានសេចក្ដីសប្បុរសបាន? នៅត្រង់នេះ ខ្ញុំមិនចង់ឲ្យបងប្អូនផ្ដោតសំខាន់ទៅលើការខំប្រឹងដោយខ្លួនឯងនោះទេ។ អ្វីដែលយើងចង់និយាយ និងគិតជាមួយគ្នានោះ គឺផលផ្លែនៃព្រះវិញ្ញាណ។ តើនរណាជាអ្នកបង្កើតផលផ្លែនោះ? ខ្ញុំ? បងប្អូន? ឬអ្នកណាផ្សេងទៀត? តាមការពិត អ្នកដែលអាចបង្កើតផលផ្លែទាំងនោះបាន គឺមានតែព្រះវិញ្ញាណបរិសុទ្ធតែមួយអង្គប៉ុណ្ណោះ។

យើងប្រហែលជានិយាយ ហើយតែងប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែចេះសប្បុរស ខ្ញុំត្រូវមានសេចក្ដីស្រឡាញ់ ខ្ញុំត្រូវមានអំណរ តែយើងបែរជាខំប្រឹងដោយកម្លាំងខ្លួនឯងទៅវិញ។ ទោះជាយ៉ាងនោះក៏ដោយ ក៏យើងមិនអាចមានសមត្ថភាពធ្វើវាបានរហូតដែរ ពីព្រោះយើងជាមនុស្សមានបាប ហើយគ្មានលទ្ធភាពនឹងអាចធ្វើការល្អទាំងអស់នោះបានទេ។ តែខ្ញុំនៅតែជឿថា បើយើងដើរដោយព្រះវិញ្ញាណ នោះផលផ្លែនៃព្រះវិញ្ញាណនឹងកើតឡើង គឺមិនមែនដោយការខំប្រឹងធ្វើតាមកម្លាំងខ្លួនឯង និងការបំពេញតាមក្រឹត្យវិន័យទេ តែជាព្រះវិញ្ញាណផ្ទាល់ដែលទ្រង់ដឹកនាំយើង ដើម្បីឲ្យយើងអាចមានផលផ្លែទាំងនោះ។ «តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ» (កាឡាទី ៥:១៦)។

លើសពីនេះទៀត យើងក៏ត្រូវសហការជាមួយព្រះ ដើម្បីអនុញ្ញាតឲ្យទ្រង់ធ្វើការក្នុងជីវិតយើងដែរ។ យើងត្រូវដើរដោយព្រះវិញ្ញាណបរិសុទ្ធ។ បើសិនជាបងប្អូនមិនទាន់មានព្រះវិញ្ញាណបរិសុទ្ធទេ នោះបងប្អូនត្រូវចូលទៅជិតព្រះអង្គ លន់តួបាប ហើយទទួលស្គាល់ថា ទ្រង់ជាព្រះដែលអាចបង្វែរយើងចេញពីអំពើបាបបាន។ ពេលដែលយើងទទួលស្គាល់ ជឿទុកចិត្ត និងចុះចូល ដើរតាមព្រះអង្គ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយយើង ដែលបានត្រឡប់ទៅរកទ្រង់វិញ ហើយពេលទ្រង់គង់នៅជាមួយយើង នោះព្រះវិញ្ញាណនៃព្រះនឹងបណ្ដាលឲ្យមានផលផ្លែ។ ដូចដែលកណ្ឌគម្ពីរ យ៉ូហាន ១៥:៥ បានចែងថា «ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ»។ ព្រះបន្ទូលចង់រម្លឹកដាស់តឿនយើងឲ្យចំណាយពេលជាមួយទ្រង់ជានិច្ច។ សំណួរមួយដែលបងប្អូនគួរតែរម្លឹកខ្លួនឯងនោះគឺ៖ «តើបងប្អូនបានចំណាយពេលជាមួយនឹងព្រះអង្គហើយឬនៅ»? ប្រហែលបងប្អូនត្រូវសួរខ្លួនឯងថា «តើខ្ញុំមានបានចំណាយពេលជាមួយព្រះវរបិតាដែរឬទេ? »។ អ្នកខ្លះថា
«ខ្ញុំមិនទាន់បានចំណាយពេលជាមួយទ្រង់ទេ»។ រីឯអ្នកខ្លះទៀតក៏បានឆ្លើយថា «ខ្ញុំបានចំណាយពេលជាមួយនឹងទ្រង់ហើយ ធ្លាប់បានញែកពេលសម្រាប់ទ្រង់ និងចំណាយពេលនោះយ៉ាងជិតស្និទ្ធ ខ្ញុំបាននៅជាប់ព្រះបន្ទូលរបស់ព្រះអង្គដែលជាប្រភពនៃការបង្កើតផលផ្លែហើយ»

នៅពេលដែលយើងចំណាយពេលជាមួយទ្រង់ នោះព្រះអង្គនឹងចាប់ផ្ដើមផ្លាស់ប្ដូរយើងបន្តិចម្ដងៗ។ មានពេលខ្លះ យើងមានអារម្មណ៍ថា យើងមិនចង់មកព្រះវិហារ ហើយក៏មានអ្នកខ្លះក៏មានអារម្មណ៍ថា គ្មានផលផ្លែនៃព្រះវិញ្ញាណសោះ។ តាមពិត ពេលដែលយើងមកជួបជុំបងប្អូនរួមជំនឿនៅព្រះវិហារ នោះគឺជាឱកាសដែលឲ្យយើងប្រកបជាមួយបងប្អូនឯទៀតៗបាន។ លើសពីនេះទៅទៀត យើងមិនគ្រាន់តែចង់ចំណាយពេលជាមួយទ្រង់នៅព្រះវិហារតែមួយកន្លែងប៉ុណ្ណោះទេ យើងក៏ត្រូវមានពេលសម្រាប់ទ្រង់ជាប្រចាំថ្ងៃនៅផ្ទះ នៅកន្លែងធ្វើការ នៅសាលារៀន និងនៅផ្ទះបាយផងដែរ គឺសុទ្ធតែជាពេលដែលយើងអាចចំណាយជាមួយទ្រង់បាន។ ការអធិស្ឋាន ការអាន និងការសិក្សាព្រះបន្ទូលទ្រង់ ក៏ជាកាតព្វកិច្ចរបស់គ្រីស្ទបរិស័ទគ្រប់ៗរូបដែរ។ ដូច្នេះ អ្វីដែលសំខាន់ និងចាំបាច់នោះ គឺយើងត្រូវមានពេលផ្ទាល់ខ្លួនជាមួយព្រះវរបិតា និងត្រូវដើរដោយជំនឿ។

តើយើងអាចរស់នៅដោយបង្ហាញសេចក្ដីសប្បុរសរបៀបណា?

សេចក្ដីសប្បុរសគឺជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គធ្វើការក្នុងចិត្តគំនិតរបស់យើង។ យើងអាចចាប់ផ្ដើមបន្តិចម្ដងៗបាន ដោយបង្ហាញតាមរយៈសកម្មភាពទៅចំពោះអ្នកដទៃ។ «ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្ដៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ» (អេភេសូរ ៤:៣១-៣២)។ យើងត្រូវដកសេចក្ដីអាក្រក់ចេញពីមាត់ និងចិត្តគំនិតរបស់យើងដែលរួមមានទាំង ការក្ដៅក្រហាយ ខឹង ការជេរប្រមាថ ហើយត្រូវមានចិត្តសន្ដោសប្រណីបងប្អូន។ ពេលយើងមានកំហឹង រួចបង្ហាញភាពក្ដៅក្រហាយទៅកាន់អ្នកដទៃ ពេលនោះ តើយើងកំពុងតែធ្វើអំពើសប្បុរសដល់គេដែរឬទេ? បើយើងជេរប្រមាថ ខឹង តើយើងបានបង្ហាញការអត់ទោសទៅចំពោះគេដែរឬទេ? អត់ទេ! សាវ័ក ប៉ុល បានរម្លឹកយើងឲ្យកាត់ចោល និងដកការទាំងអស់នោះចេញ។ នេះជាផ្នែកមួយដែលងាយស្រួលបំផុតគឺ

ទី១ អនុញ្ញាតឲ្យព្រះកាត់បន្ថយសេចក្ដីអាក្រក់ដែលមានក្នុងជីវិតយើង ដូចជាគំនិតអាក្រក់ដែលមានក្នុងចិត្តគំនិតរបស់យើងជាប្រចាំថ្ងៃ។ ឧទាហរណ៍៖ មានម្នាក់បានជិះម៉ូតូកាត់មុខយើង យើងជេរប្រមាថគាត់ នោះជាការដែលមិនបានបង្ហាញពីសេចក្ដីសប្បុរសរបស់យើងនោះទេ។ នេះជាការសំខាន់មួយដែលយើងត្រូវអនុវត្តនៅកន្លែងធ្វើការ កន្លែងសិក្សា។ល។ ប្រសិនជាយើងអាចអនុវត្តនូវសេចក្ដីសប្បុរសក្នុងគ្រប់ទីកន្លែងដែលយើងទៅ នោះខ្ញុំជឿថា ការនោះជាផ្នែកមួយដែលអាចធ្វើឲ្យអ្នកដទៃទៀត ចង់ដឹងចង់ឮពីដំណឹងល្អដែលយើងជឿជាមិនខាន។

ទី២ ចំណុចដែលសំខាន់មួយទៀតនោះគឺ យើងត្រូវតែប្រាកដថា៖ យើងត្រូវបំពេញតម្រូវការរបស់អ្នកដែលនៅជុំវិញខ្លួនយើងខាងសាច់ឈាម តាមដែលអាចធ្វើបាន។ «ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្ដៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី» (យ៉ាកុប ២:១៥-១៦)។ មានការមួយចំនួនដែលយើងអាចផ្ដល់ឲ្យបាន តែយើងបែរជាមិនផ្ដល់ឲ្យនូវអ្វីដែលគេកំពុងតែត្រូវការទៅវិញ គឺយើងមិនបានបង្ហាញឲ្យគេឃើញពីទឹកចិត្តសប្បុរសរបស់យើងឡើយ។ មានគំនិតដែលផុសឡើងក្នុងខួរក្បាលរបស់យើងថា «តើខ្ញុំនឹងមានអ្វីសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារខ្ញុំ បើខ្ញុំចែករំលែករបស់ទ្រព្យនេះទៅដល់អ្នកដទៃនោះ?»។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាយើងបានចែករំលែកទៅឲ្យអ្នកដទៃតាមលទ្ធភាពដែលខ្លួនមាន នោះយើងនឹងអាចធ្វើបាន។ យើងមិនគួរគិតតែពីក្រុមគ្រួសាររបស់យើងនោះទេ ចូរសម្លឹងមើលអ្នកដែលកំពុងរង់ចាំទទួលព្រះពររបស់ព្រះផង។

បើយើងសាកគិតពីខាងព្រលឹងវិញ្ញាណ គឺយើងអាចបង្ហាញសេចក្ដីសប្បុរសតាមការបម្រើរួមមាន ការលើកទឹកចិត្ត ការបំពេញតម្រូវការរបស់អ្នកដទៃខាងផ្លូវចិត្ត។ ចំពោះការលើកទឹកចិត្ត យើងក៏គួរតែគិតពិចារណាឲ្យបានម៉ត់ចត់លើការនិយាយស្ដីដែលចេញពីមាត់របស់យើងដែរ។ ចៀសវាងការនិយាយបង្អាប់ និងធ្វើឲ្យអ្នកដែលត្រូវការកម្លាំងចិត្តពីយើង បែរជាត្រូវបាក់ទឹកចិត្តទៅវិញ។

ទី៣ យើងក៏អាចបង្ហាញចិត្តសប្បុរសរបស់យើង តាមវិធីម្យ៉ាងទៀត គឺការចែកចាយនូវអ្វីដែលខ្លួនចេះឲ្យអ្នកដទៃបានចេះដែរ។ នោះគឺជាការបង្រៀនគ្នាទៅវិញទៅមក តាមអំណោយទានដែលខ្លួនទទួលបានពីព្រះជាម្ចាស់ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យយើងលាក់ចំណេះតែម្នាក់ឯងនោះទេ។

ផ្នែកចុងក្រោយនៃដំណឹងល្អនេះគឺ៖ យើងត្រូវផ្សាយដំណឹងល្អនៃព្រះគ្រីស្ទជាអម្ចាស់ដល់មនុស្សបាត់បង់ និងត្រូវបង្ហាញឲ្យពួកគាត់បានឃើញពីទឹកចិត្តសប្បុរសរបស់យើង ពីព្រោះយើងដឹងថា មានតែព្រះយេស៊ូវតែមួយអង្គគត់ដែលអាចបំពេញគ្រប់ទាំងតម្រូវការរបស់ពួកគាត់បាន។ ប្រហែលជាពួកគាត់គិតថា ដំណឹងល្អជារឿងឥតប្រយោជន៍ ឥតន័យនៅពេលដែលឮដំបូង លុះយូរៗទៅពួកគាត់នឹងយល់ ហើយព្រមទទួលស្គាល់ថា ព្រះយេស៊ូវជាព្រះអម្ចាស់របស់ពួកគាត់មែន។ ពេលនោះពួកគាត់នឹងមានអំណរ និងនឹកចាំពីព្រះគុណរបស់ព្រះ ក៏ដូចជាដឹងគុណចំពោះយើង ដែលបាននាំពួកគាត់ឲ្យផុតពីបឹងភ្លើង។ នេះឯងជាការលើកទឹកចិត្ត ដើម្បីឲ្យជីវិតរស់នៅរបស់បងប្អូនមានទំនាក់ទំនងជាមួយព្រះ ឲ្យទ្រង់ធ្វើការក្នុងជីវិតបងប្អូន។ បងប្អូនទាំងអស់គ្នា រួមទាំងខ្ញុំត្រូវរីកចម្រើនឡើងខាងព្រលឹងវិញ្ញាណ។

និពន្ធ​ដោយ៖ លោក​គ្រូ ជឿន ជីវិចន្ធា
កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា,លោក ឯក​ សត្យា,​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង លោក ធីម៉ូថេ ឯក

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

យើង​មាន​សុវត្ថិភាព

ការអត់ទោសពីអំពើបាប