in ,

សេចក្តីស្រឡាញ់

នៅពេលឆ្នាំថ្មីឈានចូលមកដល់ យើងតែងតែលើកសំណួរសួរខ្លួនឯងថា តើយើងមានគម្រោងអ្វី មានគោលដៅអ្វី ឬក៏មានផែនការល្អអ្វីសម្រាប់ជីវិតជាគ្រីស្ទបរិស័ទ? ប្រសិនបើយើងពុំដែលគិតអំពីការល្អៗក្នុងជីវិតយើងជាគ្រីស្ទបរិស័ទទេ នោះមានន័យថា យើងមិនទាន់លូតលាស់នៅឡើយទេ។ តើការដែលយើងផ្គាប់ព្រះហឫទ័យដល់ព្រះអង្គ មានភាពខុសប្លែកយ៉ាងណាបើប្រៀបទៅនឹងឆ្នាំមុនៗ? តើការនោះកាន់តែមានលក្ខណៈល្អប្រសើរ នៅដដែល ឬក៏ខ្សោយជាងមុន? ជីវិតជាគ្រីស្ទបរិស័ទតែងតែមានគោលដៅមួយគឺ ឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងជីវិតរបស់យើង ហើយមានភាពល្អប្រសើរជាងឆ្នាំមុនៗ។

មានខគម្ពីរមួយដែលនិយាយទាក់ទងនឹងផលផ្លែនៃព្រះវិញ្ញាណ ដែលខ្ញុំជឿថា លោកអ្នកបានអាន ហើយបានឃើញជាច្រើនដង។ វាជាការល្អប្រសើរខ្លាំងណាស់ ប្រសិនបើយើងបានរៀនសូត្រអំពីព្រះវិញ្ញាណបរិសុទ្ធជាមួយគ្នា ដើម្បីជាការរម្លឹកដល់យើងថា តើអ្វីទៅជាលក្ខណសម្បត្តិរបស់គ្រីស្ទបរិស័ទ ហើយតើជីវិតរបស់យើងគួរតែមានលក្ខណៈបែបណា ដើម្បីឲ្យជីវិតរបស់យើងកាន់តែលូតលាស់ ហើយបានឈានទៅដល់ភាពពេញខ្នាត?

នៅក្នុងកណ្ឌគម្ពីរកាឡាទីជំពូក៥ សាវ័ក ប៉ុល បានសរសេរសំបុត្រទៅកាន់ទីក្រុងកាឡាទី ហើយគាត់បានលើកឡើងពីកិច្ចការខាងសាច់ឈាមថា «រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សម្លាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ» (កាឡាទី ៥:១៩-២១)។

ទាំងនេះគឺជាការព្រមាន ប្រសិនបើជីវិតរបស់យើងមានចរិតលក្ខណៈដូចកិច្ចការខាងសាច់ឈាម នោះចូរប្រយ័ត្ន ដ្បិតសាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់ថា ប្រសិនបើយើងរស់នៅដូចបែបខាងលើនេះ នោះយើងពុំអាចទៅស្ថានសួគ៌បានឡើយ។ បើយើងពុំមានព្រះវិញ្ញាណបរិសុទ្ធស្ថិតនៅក្នុងជីវិតរបស់យើងទេ នោះមានន័យថា យើងមិនបានកើតជាថ្មី ហើយក៏មិនបានសង្គ្រោះឡើយ។ ជាងនេះទៅទៀត ការនេះក៏បានបង្ហាញថា លោកអ្នកមិនបានទទួលជឿលើព្រះយេស៊ូវ ដើម្បីទទួលបានសេចក្តីសង្គ្រោះដែរ។ យ៉ាងណាមិញ អស់អ្នកណាដែលជឿលើព្រះយេស៊ូវគ្រីស្ទសុទ្ធតែមានព្រះវិញ្ញាណបរិសុទ្ធស្ថិតនៅក្នុងជីវិត និងមានផលផ្លែ ដែលនោះជាផលផ្លែនៃព្រះវិញ្ញាណ ពុំមែនជាផលផ្លែនៃទង្វើរបស់ខ្លួននោះទេ។ ខ្ញុំចង់ឲ្យលោកអ្នកសួរខ្លួនឯងថា តើខ្ញុំមានផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ឋនៅក្នុងជីវិតរបស់ខ្ញុំហើយឬនៅ?

«តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ» (កាឡាទី ៥:២២-២៣)។

ការដែលលោកអ្នកមានវត្តមាននៅក្នុងព្រះវិហារ ហើយទទួលបានការអញ្ជើញឲ្យចូលរួមក្នុងព្រះវិហារ នោះមិនមែនមានន័យថា លោកអ្នកទទួលបានសេចក្តីសង្គ្រោះនោះទេ។ ការទាំងនេះមិនមានប្រយោជន៍ដល់សេចក្តី
សង្គ្រោះរបស់លោកអ្នកឡើយ។ កុំស្មានថា លោកអ្នកមានសេចក្ដីសង្គ្រោះ ព្រោះលោកអ្នកមកចូលរួមក្នុង
ព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យ ឬបានទទួលពិធីជ្រមុជទឹកនោះឡើយ។ បើលោកអ្នកមិនមានសេចក្តីសង្គ្រោះ នោះវាពុំមានប្រយោជន៍ឡើយ ទោះបីជាមានអ្នកដទៃគិតថាលោកអ្នកជាគ្រីស្ទបរិស័ទ ក៏វានៅតែគ្មានប្រយោជន៍ដែរ។ ប្រសិនបើលោកអ្នកពិតជាបានសង្គ្រោះមែន នោះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធកំពុងស្ថិតនៅជាមួយលោកអ្នក ហើយលោកអ្នកពិតជាមានជីវិតមួយដែលខុសប្លែកពីលោកីយ៍ និងនិស្ស័យចាស់របស់ខ្លួនមែន។ ទាំងនេះបានបង្ហាញឲ្យយើងឃើញថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែបង្កើតផលផ្លែក្នុងជីវិតរបស់យើង។ ផលផ្លែទីមួយរបស់ព្រះវិញ្ញាណបរិសុទ្ធគឺ សេចក្តីស្រឡាញ់។

តើអ្វីទៅជាសេចក្តីស្រឡាញ់?

ប្រសិនបើខ្ញុំចោទជាសំណួរនេះទៅកាន់លោកអ្នក នោះប្រាកដជាមានចម្លើយជាច្រើន។ ពិតណាស់! សេចក្តីស្រឡាញ់ជាពាក្យមួយដែលពិបាកយល់ ព្រោះយើងមានរបៀបច្រើនក្នុងការបង្ហាញសេចក្តីស្រឡាញ់។ ក៏ប៉ុន្តែ ប្រសិនបើយើងមើលក្នុងព្រះគម្ពីរ នោះយើងនឹងឆាប់យល់ពីអត្ថន័យនៃសេចក្តីស្រឡាញ់ជាមិនខាន។ នៅក្នុងកណ្ឌគម្ពីរ កាឡាទី ៥:២២៖ ផលផ្លែនៃព្រះវិញ្ញាណនោះគឺសេចក្តីស្រឡាញ់។ លោកីយ៍មានមតិយោបល់ជាច្រើនទាក់ទងនឹងសេចក្តីស្រឡាញ់ ប៉ុន្តែអ្វីដែលពិតប្រាកដ គឺព្រះបន្ទូលរបស់ព្រះអង្គ ដោយសារព្រះអង្គបានបង្កើតអ្វីៗទាំងអស់។ ព្រះអង្គមានអំណាចដែលអាចដាក់ពាក្យមួយឲ្យមានន័យ ដោយសារព្រះអង្គជាព្រះជាម្ចាស់នៃវិទ្យាសាស្ត្រ។ កណ្ឌគម្ពីរ ១យ៉ូហាន ៤:១០ បានចែងថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»។ សេចក្តីស្រឡាញ់ដ៏ពិតគ្មានលក្ខខណ្ឌទេ។

ទាក់ទងនឹងសេចក្តីស្រឡាញ់ លោកអ្នកប្រហែលជាគិតថា «ខ្ញុំនឹងស្រឡាញ់ ប្រសិន…» ប៉ុន្តែ ចំពោះព្រះអង្គវិញ សេចក្តីស្រឡាញ់របស់ទ្រង់ គឺគ្មានលក្ខខណ្ឌឡើយ ជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ។ ទ្រង់មិនមែនស្រឡាញ់យើង ដោយសារយើងស្រឡាញ់ព្រះអង្គមុននោះទេ តែដោយសារព្រះអង្គបានជ្រើសរើសយើង។ ព្រះអង្គបានធ្វើឲ្យយើងមានការស្រឡាញ់ និងធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលគួរឲ្យស្រឡាញ់វិញ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះអង្គបានមានព្រះបន្ទូលអំពីក្មេងស្រីម្នាក់ដែលត្រូវម្តាយបោះបង់ចោល ក្មេងស្រីនោះប្រឡាក់ទៅដោយឈាមដែលមិនស្អាតពេលទើបតែកើតមក និងស្ទើរតែបាត់បង់ជីវិតទៅហើយ តែព្រះអង្គបានលើកនាងឡើង ហើយសង្គ្រោះនាង។ នេះជារឿងប្រៀបប្រដូច ក្មេងស្រីនោះជាតំណាងនៃប្រទេសអ៊‌ីស្រាអែល (អេសេគាល ១៦)។ នេះគឺជារបៀបដែលព្រះអង្គស្រឡាញ់ ព្រះអង្គបានសង្គ្រោះ និងប្រទានព្រះពរទៅអ្វីដែលមិនគួរស្រឡាញ់។ ព្រះអង្គបានសម្អាតយើងឲ្យស្អាតតាមរយៈព្រះរាជបុត្រារបស់ទ្រង់ ហើយក៏បានលោះបាបរបស់យើងផង។ ព្រះអង្គបានសម្អាតយើងឲ្យស្អាតពីអ្វីដែលអាក្រក់ និងពីអ្វីដែលធ្វើឲ្យយើងអាម៉ាស់ ក្នុងគោលបំណង៖ ដើម្បីឲ្យយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះដ៏បរិសុទ្ធបាន។ នេះហើយជាសេចក្តីស្រឡាញ់!

សាវ័ក ប៉ុល បានលើកឡើងអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យមួយថា «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់» (១កូរិនថូស ១៣:៤-៧)។

យ៉ាងណាមិញ អ្វីដែលសេចក្តីស្រឡាញ់ធ្វើ គឺបម្រើអ្នកដទៃ មិនមែនឲ្យអ្នកដទៃមកបម្រើខ្លួននោះទេ (ម៉ាកុស ១០:៤៥)។ សេចក្តីស្រឡាញ់ គឺជាការឲ្យ មិនមែនទទួលយក (យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់ គឺជាការប្ដេជ្ញាចិត្តបែបមិនអាត្មានិយម ដើម្បីប្រយោជន៍ល្អបំផុតរបស់អ្នកដទៃ។ សេចក្តីស្រឡាញ់ គឺជាផលផ្លែនៃព្រះវិញ្ញាណ ហើយយើងដែលជាគ្រីស្ទបរិស័ទត្រូវតែមានផលផ្លែនេះក្នុងជីវិត ដោយសារព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើង។

តើយើងស្រឡាញ់ដោយរបៀបណា?

កណ្ឌគម្ពីរ កាឡាទី ២:២០ បានចែងថា «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។ យើងចេះស្រឡាញ់ ដោយសារព្រះអង្គស្រឡាញ់យើង ហើយទ្រង់បាននាំឲ្យយើងមានសមត្ថភាពស្រឡាញ់ តាមបែបដែលព្រះអង្គស្រឡាញ់យើងផងដែរ។ ប្រសិនបើយើងស្រឡាញ់ ប៉ុន្តែមានមូលហេតុផ្សេង ដែលផ្ទុយពីការដែលព្រះអង្គស្រឡាញ់យើង នោះមានន័យថា សេចក្តីស្រឡាញ់របស់យើងមិននៅស្ថិតស្ថេរឡើយ។ ថ្ងៃណាមួយយើងនឹងអស់ក្តីស្រឡាញ់ពីខ្លួនជាមិនខាន ជាពិសេសនៅពេលដែលយើងខឹង ឬជួបឧបសគ្គអ្វីមួយ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ខុសពីយើង ព្រោះក្ដីស្រឡាញ់របស់ទ្រង់គ្មានដែនកំណត់ឡើយ។

ព្រះយេស៊ូវមានបន្ទូលថា «ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា» នេះគឺជាពាក្យដ៏អស្ចារ្យ ដែលលោកីយ៍មិនទទួលស្គាល់។ យើងមិនអាចធ្វើបាននោះឡើយ ប្រសិនបើយើងព្យាយាមស្រឡាញ់ដូចដែលព្រះយេស៊ូវមានបន្ទូល ដោយពឹងលើសាច់ឈាមខ្លួនឯង។ ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចីដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយបានធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុតជាមិនខាន (ម៉ាថាយ ៥:៤៤ និងលូកា ៦:៣៥)។ ប្រសិនបើយើងជាបុត្រាបុត្រីរបស់ព្រះអង្គ នោះយើងក៏នឹងមានចរិតលក្ខណៈដូចជាព្រះវរបិតារបស់យើងដែរ ដែលទ្រង់ស្រឡាញ់គ្រប់ទាំងមនុស្សល្អ និងមនុស្សអាក្រក់។ ប៉ុន្តែ យើងមិនអាចធ្វើការនេះដោយខ្លួនឯងបានឡើយ។ យើងត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តគំនិតរបស់យើង ដើម្បីឲ្យយើងមានសមត្ថភាពក្នុងការស្រឡាញ់ដូច
ទ្រង់។ ប្រសិនបើយើងគ្រាន់តែស្រឡាញ់អ្នកដែលគេស្រឡាញ់យើង នោះមិនមែនជាសេចក្តីស្រឡាញ់ទេ ប៉ុន្តែពេលដែលយើងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងវិញ នោះវាបង្ហាញថា យើងមានសេចក្តីស្រឡាញ់ពិតប្រាកដ។ លក្ខណៈនៃសេចក្ដីស្រឡាញ់របស់យើងបង្ហាញថា តើសេចក្តីស្រឡាញ់របស់យើងចេញពីព្រះវិញ្ញាណបរិសុទ្ធ ឬក៏ចេញពីសាច់ឈាមរបស់យើង។ ការដែលយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើង អ្នកដែលស្អប់ខ្ពើមយើង នោះគឺភស្តុតាងមួយដែលបញ្ជាក់ថា យើងគឺជាកូនដ៏ពិតប្រាកដរបស់ព្រះអង្គ ហើយក៏មានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយដែរ។

ហេតុអ្វីបានជាយើងត្រូវស្រឡាញ់អ្នកដទៃ?

កណ្ឌគម្ពីរ ១យ៉ូហាន ៤:៨ បានចែងថា «តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។ នេះគឺជាពាក្យដ៏ធ្ងន់ធ្ងរមួយ។ ប្រសិនបើយើងគ្មានក្តីស្រឡាញ់ដូចដែលព្រះជាម្ចាស់ស្រឡាញ់ទេ នោះមានន័យថា យើងស្រឡាញ់ដូចបែបលោកីយ៍ ដែលមិនស្រឡាញ់សត្រូវរបស់ខ្លួន ឬក៏អ្នកដែលស្អប់ខ្លួនឯងហើយ។ ប្រសិនបើយើងគ្មានសេចក្តីស្រឡាញ់ដូចព្រះជាម្ចាស់ នោះយើងមិនបានស្គាល់ព្រះអង្គពិតប្រាកដទេ។ យើងមិនត្រូវស្រឡាញ់ ដើម្បីសង្គ្រោះខ្លួនឯងទេ! ចំណុចនេះជាអ្វីដែលសាវ័ក ប៉ុល បានលើកឡើងថា សេចក្តីស្រឡាញ់ជាផលផ្លែរបស់ព្រះវិញ្ញាណ មិនមែនជា
ទង្វើល្អរបស់យើងឡើយ។ យើងស្រឡាញ់ដោយសារយើងបានទទួលសេចក្តីសង្គ្រោះ និងដោយសារព្រះអង្គស្រឡាញ់យើងជាមុន ហើយបានកែប្រែឲ្យយើងបានកើតជាថ្មី ក៏ដូចជាមាននិស្ស័យថ្មីដែរ។ យ៉ាងណាមិញ បើយើងគ្រាន់តែអង្គុយចាំទទួលសេចក្តីស្រឡាញ់ នោះក៏មិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដែរ។

កិច្ចការខាងសាច់ឈាម គឺជាកិច្ចការដែលមិនត្រូវការការព្យាយាម រីឯផលផ្លែនៃព្រះវិញ្ញាណ គឺជាការដែលយើងត្រូវព្យាយាម ហើយយើងត្រូវតែសម្លាប់និស្ស័យចាស់របស់យើង។ «បើសិនជាយើងរស់ដោយនូវ
ព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ» (កាឡាទី ៥:២៥)។ ដើម្បីឲ្យសេចក្តីស្រឡាញ់របស់យើងមានការលូតលាស់បាន យើងត្រូវតែព្យាយាម ដែលមិនមែនគ្រាន់តែជាការដែលយើងអង្គុយរង់ចាំនោះទេ។ សាវ័ក ប៉ុល ក៏បានបញ្ជាក់យ៉ាងច្បាស់ថា យើងប្រហែលជាគ្មានសេចក្ដីសង្គ្រោះសោះឡើយ ប្រសិនបើយើងមិនបានស្រឡាញ់សត្រូវរបស់យើង។ ប្រសិនបើយើងមានបំណងប្រាថ្នាចង់បំពេញកិច្ចការខាងឯសាច់ឈាម នោះជាសញ្ញាបង្ហាញថា យើងមិនបានសង្គ្រោះឡើយ។

ចំពោះគ្រីស្ទបរិស័ទដ៏ពិតវិញ គាត់មានបំណងផ្សេងពីលោកីយ៍ ពោលគឺគាត់ចង់ផ្គាប់ព្រះហឫទ័យដល់ព្រះអង្គ ព្រោះគាត់មានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតគាត់ ហើយដោយសារគាត់មានជីវិតថ្មី។ ម៉្យាងវិញទៀត ប្រសិនបើលោកអ្នកមានសេចក្តីស្រឡាញ់ដែលទន់ខ្សោយ នោះទំនងដោយសារតែលោកអ្នកមិនបានពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធឲ្យជួយលោកអ្នក ប៉ុន្តែបានដើរដោយសាច់ឈាមរបស់ខ្លួនទៅវិញ។ ចូរអធិស្ឋានសូមឲ្យព្រះអង្គជួយយើង។ ចូរសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីឲ្យយើងអាចបំពេញតាមគំនិតនៃព្រះបន្ទូលរបស់ព្រះអង្គបាន។ ចូរប្រកបជាមួយអ្នកជឿផ្សេងទៀត ដើម្បីឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ព្រោះផែនការរបស់ព្រះអង្គ គឺឲ្យយើងប្រកបគ្នា ហើយលើកទឹកចិត្តគ្នា។

ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបានដូចជាកញ្ចក់ ដែលបង្ហាញធាតុពិតរបស់យើង។ មួយវិញទៀតសោត នៅពេលដែលយើងអានព្រះបន្ទូលរបស់ព្រះអង្គ យើងគួរតែពិចារណាពីជីវិតរបស់យើងថា តើខ្ញុំកំពុងតែប្រព្រឹត្តយ៉ាងដូចម៉េចចំពោះព្រះអង្គ? តើខ្ញុំកំពុងតាមទ្រង់ ឬក៏កំពុងតែដើរចេញពីទ្រង់?

ខ្ញុំចង់សួរសំណួរត្រង់ៗទៅលោកអ្នកថា នៅពេលដែលលោកអ្នកនៅជាមួយមិត្តភក្ដិ តើលោកអ្នកមានទង្វើបែបណា? «របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ» (សុភាសិត ២៧:៦)។ អ្វីដែលខ្ញុំចង់លើកឡើងត្រង់នេះគឺ ខ្ញុំតែងតែសង្កេតឃើញថា នៅពេលដែលយើងនិយាយគ្នា នៅពេលដែលយើងលេងសើចជាមួយគ្នា យើងពុំបានបង្ហាញសេចក្តីស្រឡាញ់ឡើយ ប៉ុន្តែបែរជាប្រើពាក្យឌឺដងដាក់គ្នា ក្លែមពាក្យសម្ដីដាក់គ្នា។ តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តពាក្យលែបខាយ ពាក្យឌឺដង ពាក្យអវិជ្ជមាន? ពិតណាស់! គឺគ្មានម្នាក់សោះឡើយ។ តើលោកអ្នកធ្លាប់វាយប្រហារអ្នកដទៃដោយពាក្យសម្ដីដែរឬទេ? បើធ្លាប់ នេះពុំមែនជាសេចក្តីស្រឡាញ់ឡើយ បើយើងធ្វើ
ទង្វើដែលយើងមិនចូលចិត្តទៅកាន់អ្នកដទៃ។ ការលេងសើចជាការល្អ ក៏ប៉ុន្តែនៅក្នុងជីវិតយើងជាគ្រីស្ទបរិស័ទ ការលេងសើចរបស់យើងគួរតែមានលក្ខណៈខុសប្លែកពីលោកីយ៍។ លក្ខណសម្បត្តិរបស់យើងដែលជាគ្រីស្ទបរិស័ទ មិនគួរមានការលេងសើចបែបជេរគ្នា ឌឺដងដាក់គ្នាឡើយ។

កណ្ឌគម្ពីរ កាឡាទី ៥:១៤-១៥ ចែងថា «ដ្បិតក្រឹត្យវិន័យទាំងមូល បានសម្រេចមកក្នុងពាក្យតែ១ម៉ាត់នេះថា “ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង” បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័ត្នចុះ ក្រែងលោវិនាសអស់រលីងទៅ»។ ខ្ញុំចង់ឲ្យលោកអ្នកពិចារណាពីជីវិត និងការរស់នៅរបស់លោកអ្នក៖ តើលោកអ្នកបានប្រើប្រាស់ទង្វើ និងពាក្យសម្ដីយ៉ាងដូចម្តេច? ពេលខ្លះ យើងបានប្រើជីវិតរបស់យើងនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គម ខុសពីជីវិតដែលយើងរស់នៅពិតប្រាកដ។ ពេលខ្លះ យើងហ៊ានបង្ហាញក្នុងបណ្ដាញសង្គមដោយហ៊ាននិយាយអំពីអ្វីដែលយើងមិនហ៊ាននិយាយផ្ទាល់។ ដូច្នេះ តើយើងបានបង្ហាញសេចក្តីស្រឡាញ់របស់យើងនៅលើបណ្ដាញទាំងនោះ ឬនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងដែរឬទេ? ដោយសារអំនួត តើអ្វីៗដែលយើងធ្វើ វាបានបង្ហាញដល់អ្នកដទៃថា យើងល្អជាងគេមែនទេ? តើយើងបានធ្វើ ដើម្បីប្រយោជន៍អ្នកដទៃ ឬក៏ប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង? ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងធ្វើអ្វីៗទាំងអស់ ដើម្បីប្រយោជន៍អ្នកដទៃ មិនមែនសម្រាប់ខ្លួនឯង និងសម្រាប់តែថ្ងៃនេះនោះឡើយ(ភីលីព២:៤)។

សេចក្តីស្រឡាញ់ មិននិយាយពាក្យសម្ដីដែលធ្វើឲ្យអ្នកដទៃឈឺចាប់ឡើយ។ ចូរប្រើពាក្យសម្ដីរបស់យើងទុកជាការលើកទឹកចិត្តវិញ។ ខ្ញុំតែងតែនឹកចាំពីរឿងមួយ ទាក់ទងនឹងសេចក្តីស្រឡាញ់៖ មានបងប្អូនពីរនាក់ ឈ្មោះលោក យ៉ាកុប និងលោក យ៉ូហាន ដែលជាសាវ័ករបស់ព្រះយេស៊ូវ ពួកគាត់បានធ្វើដំណើរទៅកាន់ទីក្រុងមួយជាមួយនឹងព្រះយេស៊ូវ ពេលដែលពួកគាត់ឃើញថា ទីក្រុងនោះមិនព្រមទទួលព្រះយេស៊ូវ នោះពួកគាត់ក៏មានចិត្តខឹងសម្បារយ៉ាងខ្លាំង៖ «ក៏ទូលថា “ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោក អេលីយ៉ា បានធ្វើដែរឬអី”?» (លូកា ៩:៥៤)។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន យើងឃើញពីការផ្លាស់ប្ដូររបស់សាវ័ក យ៉ូហាន ដែលពីមុនគាត់មានចិត្តចង់បំផ្លាញអស់អ្នកដែលគាត់បានស្អប់។ ហើយពេលក្រោយនៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ដែលជាកណ្ឌគម្ពីរដែលគាត់ជាអ្នកនិពន្ធដដែល យើងឃើញថា ចិត្តគំនិត និងពាក្យសម្ដីរបស់គាត់បានកែប្រែ ដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ។

ដូច្នេះ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ គឺជាបុត្រាបុត្រីរបស់ព្រះ ដែលជារូបកាយរបស់ព្រះអង្គ ការណាដែលយើងបានធ្វើទង្វើអ្វីមួយ នោះមានន័យថា យើងកំពុងតែធ្វើឲ្យរូបកាយរបស់ព្រះអង្គធ្វើទង្វើនោះជាមួយយើងដែរហើយ។ ចូរទូលសូមព្រះអង្គឲ្យជួយលោកអ្នកលូតលាស់ខាងឯព្រលឹងវិញ្ញាណ និងមានសេចក្តីស្រឡាញ់ ដើម្បីឲ្យលោកអ្នកបានបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធពិតជាគង់នៅជាមួយលោកអ្នកមែន និងដើម្បីឲ្យលោកអ្នកមានការកែប្រែចេញពីនិស្ស័យចាស់។ ចូរយើងប្ដេជ្ញាចិត្ត និងនិយាយពាក្យដែលពោរពេញទៅដោយ
សេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកចុះ។

និពន្ធ​ដោយ៖ លោក​គ្រូ ជឿន ជីវិចន្ធា
កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា,លោក ឯក​ សត្យា,​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង លោក ធីម៉ូថេ ឯក

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-2 Points
Upvote Downvote

មតិយោបល់

Leave a Reply
  1. អរគុណព្រះអង្គនូវព្រះបន្ទូលទ្រង់ថ្ងៃនេះព្រះបន្ទូលទ្រង់ពិតជាចង់ស្តាឡើងវិញចំពោះចរិតលក្ខណះរបស់បុគ្គលម្នាក់ៗដែលរស់នៅដោយការពឹងអាងលើសាច់ឈាមដោយធ្វើការផ្លាស់ប្រែនៅជីវិតរបស់ខ្លួនដើម្បីអោយបានគាប់ព្រះហរទ័យទ្រង់គឺប្រាកដណាស់យើងនឹងពិបាកធ្វើទោះពេលខ្លះធ្វើបានតែនឹងបោះបង់ទៅវិញដោយប្រការណាមួយមិនខានតែផ្ទុយមកវិញបើយើងរស់នៅពឹងលើអំណាចនៃព្រះវិញាណដោយការសហការនិងការព្យាយាមរបស់យើងម្នាក់និងជាមួយព្រះវិញាណដើម្បីអោយជីវិតរបស់គ្រីស្តបងរិស័ទ្ទមានការផ្លាស់ប្រែដោយពេញដោយសេចក្តីស្រឡាញ់ពេញខ្នាតរបស់ទ្រង់។អរគុណព្រះអង្គ!កូនសូមរស់នៅក្រោមការដឹកនាំរបស់ព្រះអង្គទាំងស្រុងព្រោះកូនជាមនុស្សខ្សោយសូមជួយកូនគ្រប់ពេលវេលាអោយកូនរស់នៅក្នុងការគាប់ព្រះហរទ័យទ្រង់កូនសូមថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ត។អាម៉ែន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការភ្ញាក់ស្មារតីខាងឯព្រលឹងវិញ្ញាណ

​មិន​ត្រូវ​ឈប់​អធិស្ឋាន​ឡើយ