«តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ» (កាឡាទី ៥:២២-២៣)។
មនុស្សគ្រប់គ្នាតែងតែប៉ងប្រាថ្នាចង់បានមេត្រីភាព (ឬក៏ «សេចក្ដីសុខសាន្ត») ក្នុងជីវិតខ្លួន។ យើងម្នាក់ៗឲ្យនិយមន័យ និងស្វែងរកមេត្រីភាពក្នុងរបៀបខុសៗគ្នា។ អ្នកខ្លះយល់ថា មេត្រីភាពកើតមានឡើងនៅពេលដែលគ្មានបញ្ហា។ អ្នកខ្លះទៀតគិតថា ពេលរស់នៅកន្លែងណាមួយដែលល្អបំផុត នោះគេនឹងមានមេត្រីភាព ដូចជាការទៅរស់នៅប្រទេសរីកចម្រើន៖ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូងជាដើម។ អ្នកខ្លះទំនងជាគិតថា ខ្លួននឹងមានមេត្រីភាពនៅពេលដែលគេមានអ្វីៗទាំងអស់ គឺជាសម្ភារៈនិយមនាសម័យនេះដែលលោកីយ៍កំពុងដេញតាម។ ខ្លះទៀតថា ពេលមានសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុ គឺមានមេត្រីភាពហើយ ព្រោះនាំឲ្យគេមានទំនុកចិត្ត។ ខ្លះថា មេត្រីភាពរបស់គេ គឺពេលដែលគេមានសមត្ថភាពទិញឡានមានតម្លៃថ្លៃអាចការពារគ្រាប់កាំភ្លើងមិនឲ្យបាញ់ធ្លុះ នោះខ្លួនមានសុវត្ថិភាពនិងមានមេត្រីភាពហើយ។
តើអ្វីទៅជាមេត្រីភាពដ៏ពិត?
តើក្នុងចំណោមទស្សនៈខុសៗគ្នាទាំងប៉ុន្មានខាងលើនេះ មេត្រីភាពគឺជាអ្វីឲ្យប្រាកដ? តើអ្នកដែលមានអ្វីៗទាំងអស់នោះពិតជាមានមេត្រីភាពពិតប្រាកដមែន ឬយ៉ាងណា? ចំពោះយើងដែលជាគ្រីស្ទបរិស័ទ តើយើងគិតយ៉ាងណាចំពោះនិយមន័យនៃពាក្យ «មេត្រីភាព»? តើបងប្អូនមានមេត្រីភាពដែរឬទេ? តើក្នុងព្រះគម្ពីរមានចែងយ៉ាងដូចម្ដេចអំពីមេត្រីភាព?
យើងដែលជាអ្នកជឿលើព្រះគ្រីស្ទ យើងបានដឹងហើយថាមានផលផ្លែនៃព្រះវិញ្ញាណចំនួន៩យ៉ាង រួមមានសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ ក្នុងនោះយើងឃើញថា ផលផ្លែម្យ៉ាងនៃព្រះវិញ្ញាណគឺជាមេត្រីភាព។ តើមនុស្សទាំងអស់ (រាប់បញ្ចូលទាំងអ្នកជឿ និងអ្នកមិនជឿ) អាចទទួលបាននូវមេត្រីភាពរបស់ព្រះដោយរបៀបណា? ហើយតើយើងអាចអនុវត្តនូវមេត្រីភាពក្នុងជីវិតរបស់យើងបានដែរឬទេ នៅក្នុងពិភពលោកដែលពេញទៅដោយចលាចល សង្គ្រាម អសន្តិសុខ និងការកាប់សម្លាប់គ្នាបែបនេះ?
ព្រះគម្ពីរមិនបានលើកឡើងថា ការមានមេត្រីភាពគឺជាអវត្តមាននៃសង្គ្រាម ការគ្មានបញ្ហា ឬភាពរស់នៅសុខស្រួលខាងក្រៅនោះទេ។ តែអ្វីដែលព្រះគម្ពីរចង់រៀបរាប់នោះគឺសំដៅទៅលើអ្វីៗដែលនៅខាងក្នុងចិត្តនិង
គំនិត។ មែនហើយ! ព្រះគម្ពីរមានគោលបំណងផ្សេងចំពោះនិយមន័យនៃមេត្រីភាព ដែលផ្ទុយពីគំនិតរបស់លោកីយ៍នេះ។ កណ្ឌគម្ពីរ យ៉ូហាន ៤:២៧ បានចែងថា «ខណៈនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថាទ្រង់សួររកអ្វី ឬថា ទ្រង់មានបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ»។ នៅក្នុងលោកីយ៍នេះ ដែលយើងកំពុងតែរស់នៅ មនុស្សគិតថាមេត្រីភាពកើតមាននៅពេលដែលគ្មានសង្គ្រាម ឬជម្លោះធំៗផ្សេងណាមួយ។ កណ្ឌគម្ពីរយ៉ូហានជំពូក១៤ចែងអំពីពេលដែលព្រះយេស៊ូវធ្វើពិធីលៀងព្រះអម្ចាស់ ដោយហៅពួកសិស្សទាំងអស់មកជួបជុំគ្នាជាលើកចុងក្រោយ ព្រោះទ្រង់ជ្រាបច្បាស់អំពីពេលវេលាដែលទ្រង់ត្រូវយាងទៅឯឈើឆ្កាង ប៉ុន្តែទ្រង់បែរជាមានបន្ទូលថា ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា អ្នកដែលដើរតាម និងអ្នកជឿលើទ្រង់ទៅវិញ។ ដូច្នេះ មេត្រីភាពរបស់ព្រះយេស៊ូវមានលក្ខណៈប្លែកពីលោកីយ៍។
ព្រះគម្ពីរបកប្រែឆ្នាំ១៩៥៤ បានប្រើពាក្យ «មេត្រីភាព» ជំនួសឲ្យ «សេចក្ដីសុខសាន្ត» ដែលជាពាក្យប្រើនៅក្នុងព្រះគម្ពីរកែសម្រួលឆ្នាំ២០១៦។ «មេត្រីភាព» មានន័យថា «ភាពដែលរាប់រកគ្នា រាប់អានគ្នាទៅវិញទៅមក ការប្រកបគ្នា មិនមែនជាខ្មាំងសត្រូវនឹងគ្នាទេ»។ រីឯសេចក្ដីសុខសាន្តវិញ គឺជាភាពស្ងប់សុខ អ្វីដែលនៅខាងក្នុង គ្មានអ្វីអាចចូលមកធ្វើឲ្យពិបាកចិត្ត ឬក៏ថប់បារម្ភបានឡើយ។ ចំពោះពាក្យដែលជាភាសាដើមថា «អេរេណេ» (εἰρήνη) ដែលមានន័យថា មនុស្សមានមេត្រីភាពជាមួយព្រះជាម្ចាស់ ហើយក៏មានសេចក្តីសុខសាន្តចេញពីការមានមេត្រីភាពជាមួយទ្រង់ផងដែរ។ បើយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់ នោះយើងនឹងមាន
សេចក្តីសុខសាន្ត។ យើងអាចទទួលបានសេចក្ដីសុខសាន្ត ដោយព្រោះវាជាអំណោយទានរបស់ព្រះជាម្ចាស់ ហើយវានឹងអាចនាំយើងឲ្យទៅរកការផ្សះផ្សាជាមួយនឹងទ្រង់បាន។
ដូចនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា មេត្រីភាពកើតចេញពីសេចក្ដីសុខសាន្ត។ យ៉ាងណាមិញ មានសំណួរមួយចោទសួរថា តើយើងមានមេត្រីភាពដ៏ពិតដោយរបៀបណា ស្របពេលកំពុងតែមានសង្គ្រាម អសន្តិសុខក្នុងសង្គម? ហើយថាសេចក្ដីសុខសាន្ត និងមេត្រីភាពមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្ដេចដែរ?
ទាំងនេះជាចំណុចគ្រឹះមួយចំនួនដែលជាស្ពានអាចជួយចម្លងបងប្អូនឲ្យទទួលបាននូវមេត្រីភាពដែលមកពីព្រះជាម្ចាស់៖
បងប្អូនអាចទទួលនូវមេត្រីភាពដោយការមានសេចក្ដីសុខសាន្តជាមួយនឹងព្រះ
នេះជាមូលដ្ឋាន ដើម្បីឲ្យយើងអាចទទួលបានសេចក្តីសុខសាន្តដ៏ពិត។ ត្រូវមានមេត្រីភាពជាមួយព្រះ? ការនេះមានន័យដូចម្ដេច? មានន័យថា យើងត្រូវមានការជានាជាមួយនឹងព្រះ ដែលមិនមែនជាសត្រូវនឹងគ្នា ហើយក្លាយជាមិត្តរបស់ទ្រង់សិន។ តើយើងអាចក្លាយជាមិត្តរបស់ទ្រង់ និងមានភាពជិតស្និទ្ធជាមួយនឹងទ្រង់បានយ៉ាងដូចម្ដេច? កណ្ឌគម្ពីរ រ៉ូម ៥:១ បានចែងថា «ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ»។ ព្រះជាម្ចាស់ជាអ្នកប្រទាននូវមេត្រីភាពដល់យើង តែចំពោះយើងវិញ គឺមិនដែលមានចិត្តចង់ស្វែងរកសេចក្ដីសុខមកពីព្រះអង្គទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះហឫទ័យស្រឡាញ់របស់ទ្រង់នៅតែមានសម្រាប់មនុស្សទាំងអស់ ដោយទ្រង់បានចាត់ព្រះរាជបុត្រាតែមួយអង្គរបស់ទ្រង់យាងមកលើផែនដីនេះ ដើម្បីសុគតជំនួសយើងរាល់គ្នា ដើម្បីឲ្យយើងបានជានានឹងព្រះជាម្ចាស់ជាព្រះវរបិតាវិញ ហើយម្ចាស់នៃមេត្រីភាពនោះគឺជាព្រះយេស៊ូវគ្រីស្ទ។ យើងទាំងអស់គ្នានឹងមិនត្រូវការមេត្រីភាពទេ លុះត្រាតែមានការជំរុញពីព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់ជាព្រះជំនួយដល់យើងរាល់គ្នា ទ្រង់ធ្វើការក្នុងចិត្តគំនិតយើង សម្អាតចិត្តគំនិតរបស់យើងឲ្យបានស្អាត ដើម្បីរៀបចំទទួលមេត្រីភាពមកពីទ្រង់។
កណ្ឌគម្ពីរ រ៉ូម ៥:១០ បានចែងថា «ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ»។ ការនេះអាចសម្រេចបានក៏ព្រោះតែជំនឿរបស់យើងលើព្រះយេស៊ូវដែរ។ ដែលនេះមានន័យថា កាលៈទេសៈនៅជុំវិញយើងនឹងមិនជះឥទ្ធិពលលើយើងឡើយ ព្រោះយើងមានការផ្សះផ្សានឹងព្រះជាម្ចាស់ហើយ។
យើងអាចមានមេត្រីភាព ដោយផ្ដោតគំនិតរបស់យើងទៅលើព្រះជាម្ចាស់
កណ្ឌគម្ពីរ អេសាយ ២៦:៣ បានចែងថា «ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់»។ នៅក្នុងសង្គមមនុស្សលោក យើងតែងតែមានរឿងរ៉ាវជាច្រើន ដែលពិបាកនឹងដោះស្រាយ ហើយនៅពេលដែលយើងបារម្ភពីបញ្ហានោះហួសហេតុពេក វាធ្វើឲ្យក្លាយទៅជាការថប់អារម្មណ៍ និងធ្វើឲ្យពួកគេបាត់បង់នូវមេត្រីភាពក្នុងចិត្តរបស់គេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏យើងនៅតែអាចមានដំណោះស្រាយដែរ គឺយើងអាចទុកចិត្តលើព្រះអម្ចាស់ និងថ្វាយកិច្ចការទាំងប៉ុន្មានដែលយើងមិនអាចដោះស្រាយបានទៅព្រះអង្គដោយជឿទុកចិត្ត។ នៅពេលដែលយើងទុកចិត្តលើ
ព្រះវរបិតាជាម្ចាស់នៃយើង នោះយើងនឹងដឹងថាព្រះអង្គស្រឡាញ់យើង ការពារ ទំនុកបម្រុង និងថែរក្សាយើងក្នុងគ្រប់បញ្ហាក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលយើងថ្វាយទៅទ្រង់។ ជាលទ្ធផល ទុក្ខលំបាកទាំងនោះមិនអាចលួចយកសន្តិភាពចេញពីជីវិតរបស់យើងបានឡើយ ព្រោះព្រះទ្រង់សន្យាថា ទ្រង់នឹងធ្វើជាជម្រកដល់អស់អ្នកដែលមកជ្រកកោនក្នុងព្រះគុណរបស់ទ្រង់។
ជាទូទៅ នៅពេលដែលយើងជួបប្រទះនឹងបញ្ហាណាមួយ ភាគច្រើនយើងព្យាយាមដោះស្រាយ ឃុំគ្រងលើបញ្ហានោះ តែពេលដែលយើងមិនអាចគ្រប់គ្រងស្ថានការណ៍នោះបាន វាក៏បានធ្វើឲ្យយើងថប់បារម្ភយ៉ាងខ្លាំងទៀតផង។ ផ្ទុយទៅវិញ ពេលយើងមានគំនិតដែលជាប់ជាមួយព្រះ នោះគ្រប់កាលៈទេសៈ ព្រះអង្គនឹងជួយយើង។ យើងអាចផ្ដោតគំនិត ទុកចិត្ត និងស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ។
ចំណុចដែលបងប្អូនគួរចងចាំនោះគឺ៖
ស្គាល់ព្រះបន្ទូលព្រះ → ស្គាល់លក្ខណសម្បត្តិរបស់ព្រះ → ជឿទុកចិត្តលើព្រះ → មានសន្តិភាពក្នុងជីវិត
យើងត្រូវតែអនុវត្តវាក្នុងជីវិតរបស់យើងដែរ។ ព្រះទ្រង់បានប្រទានព្រះបន្ទូលនៃសេចក្ដីសុខសាន្ត ដូច្នេះតើយើងព្រមទទួលឬទេ? ដូចនេះហើយទើបការស្វែងយល់ពីព្រះបន្ទូលព្រះជាគ្រឹះដ៏សំខាន់នៃសុខសន្តិភាព។
សូមអនុញ្ញាតឲ្យព្រះបន្ទូលនៃព្រះធ្វើការក្នុងជីវិតរបស់យើង
កណ្ឌគម្ពីរ កូឡូស ៣:១៥ បានចែងថា «ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង»។ ជាធម្មតា ពេលយើងមានភាពមមាញឹកខ្លាំង យើងមិនចង់ទុកវាឲ្យនៅយូរទេ គឺយើងតែងតែបង្ខំបំពេញការងារនោះឲ្យហើយ។ កណ្ឌគម្ពីរ ទំនុកតម្កើង ៤៦:១០ បានលើកឡើងថា «ចូរបង្អង់សិន ឲ្យបានដឹងថា “អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្ដាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី”»។
ភាពរវល់តែងមាននៅក្នុងខួរក្បាលរបស់យើង តែព្រះទ្រង់សព្វព្រះហឫទ័យឲ្យយើងសម្រាក។ ពេលខ្លះយើងបារម្ភច្រើនពេក តែងគិតពីរឿងថ្ងៃស្អែក ខានស្អែក ខែក្រោយ ឆ្នាំក្រោយ ១០ឆ្នាំខាងមុខទៀត។ល។ តើយើងនឹងមានអ្វីស្លៀកពាក់ បរិភោគ និងមានផែនការយ៉ាងដូចម្ដេច សម្រាប់កូនៗរបស់យើង? ការទាំងនោះឯងដែលធ្វើឲ្យយើងធុញថប់ និងមានអារម្មណ៍តានតឹង។ ព្រះទ្រង់ចង់ឲ្យយើងសម្រាក និងពិសោធនូវមេត្រីភាពមកពីទ្រង់ ហើយដឹងឲ្យជាក់ច្បាស់ថាទ្រង់ជាព្រះ! ការមានគម្រោងច្បាស់លាស់ នោះជាការដែលល្អ ប៉ុន្តែបើយើងខ្វល់ខ្វាយពីវាច្រើនពេក នោះយើងក៏នឹងមិនទទួលបានអ្វីមកវិញដែរ។
គោលការណ៍ទាំងបីនេះអាចជួយឲ្យយើងមានមេត្រីភាពដ៏ពិតប្រាកដបាន។ តាមការរៀបរាប់ខាងលើ យើងដឹងថា មេត្រីភាពកើតមាននៅពេលដែលយើងបាត់វត្តមាននៃអារម្មណ៍ធុញថប់។ តើអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ធុញថប់? ចម្លើយ៖ ការដេញតាមភាពស៊ីវិល័យ សម្ភារៈនិយម ទ្រព្យសម្បត្តិជាដើម បារម្ភពីផែនការនាពេលអនាគត។ ទាំងនេះសុទ្ធតែធ្វើឲ្យយើងហត់នឿយ ហើយក៏នឹងធ្វើឲ្យយើងបាត់បង់ពេលវេលា ដើម្បីទទួលអារម្មណ៍សន្តិភាពក្នុងជីវិត។ ការគិតពីអនាគត និងការរៀបផែនការគឺមិនមែនជាអ្វីដែលអាក្រក់ទេ ប៉ុន្តែ ពេលយើងចាប់ផ្ដើមថប់បារម្ភអំពីការទាំងនោះ ដោយមិនទុកចិត្តលើព្រះជាម្ចាស់ នោះឯងជាអ្វីដែលព្រះអង្គមិនសព្វព្រះហឫទ័យឲ្យយើងធ្វើ។ ប៉ុន្តែ ការថប់បារម្ភរបស់យើងនឹងថយចុះពេលដែលយើងមានមេត្រីភាពក្នុងព្រះជាម្ចាស់។
កណ្ឌគម្ពីរ ភីលីព ៤:៦-៧ បានលើកឡើងថា «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យ
អរព្រះគុណផង យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ»។ សេចក្ដីសុខសាន្ត និងការខ្វល់ខ្វាយមានការទាក់ទងគ្នា។ សាវ័ក ប៉ុល បានប្រាប់ដល់អ្នកជឿនៅក្រុងភីលីពថា កុំឲ្យខ្វល់ខ្វាយអ្វីឡើយ តែចូរឲ្យយើងថ្វាយនៅរាល់អ្វីៗដែលយើងមានទៅចំពោះព្រះអង្គ ចូរសម្រាកក្នុងព្រះអង្គ ចូរទូលថ្វាយទៅចំពោះព្រះអង្គនូវគ្រប់អ្វីៗដែលយើងមាន ដោយមានចិត្តជឿ ទាំងអរព្រះគុណព្រះអង្គដែរ។ នៅពេលដែលជីវិតយើងខ្វះការអរព្រះគុណព្រះអង្គ ខ្វះការអធិស្ឋានទូលអង្វរទៅព្រះអង្គ ការនោះនឹងធ្វើឲ្យយើងចាប់ផ្តើមដេញតាមការខ្វល់ខ្វាយពីការទាំងនោះ។ យ៉ាងនោះហើយ នៅពេលដែលយើងថ្វាយទៅព្រះអង្គ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអ្វីដែលមិនយល់ ដែលជាសេចក្តីសុខសាន្តដែលមកពីព្រះអង្គដែលពិបាកនឹងពណ៌នា ដែលលោកីយ៍មិនអាចឲ្យបាន នេះហើយជាមេត្រីភាពដែលមកពីព្រះជាម្ចាស់។ នេះជាចំណុចមួយដែលបងប្អូនគួរតែគិត និងពិចារណាជាមួយគ្នា ហើយយកទៅអនុវត្តជាមួយគ្នាផងដែរ៖
១. ចូលយើងទូលថ្វាយការទាំងអស់នោះទៅកាន់ព្រះអង្គ និងអ្វីៗដែលជាបញ្ហាដែលធ្វើឲ្យយើងមានចិត្តថប់បារម្ភ ធ្វើឲ្យយើងមិនមានមេត្រីភាពមកពីព្រះអង្គ ហើយទូលសូមដល់ព្រះអង្គ ដោយមានការទុកចិត្តដល់ទ្រង់ចុះ។
២. បងប្អូនបានដឹងហើយថា យើងបានមេត្រីភាពជាមួយព្រះអង្គ ប្រាកដណាស់យើងទទួលស្គាល់ថាសេចក្ដីសុខសាន្ត គឺទ្រង់បានផ្តល់ឲ្យយើង។ ក្នុងពេលដូចគ្នាទ្រង់ក៏បានប្រើមនុស្ស ដើម្បីនាំនូវសេចក្តីផ្សះផ្សា និងនាំនូវសេចក្តីមេត្រីភាពនោះ ដើម្បីឲ្យយើងដឹងដែរ។
ដូច្នេះ ជាការលើកទឹកចិត្ត និងជំរុញទឹកចិត្តដល់បងប្អូន យើងទាំងអស់គ្នាបានទទួលសេចក្តីមេត្រីមកពីទ្រង់ហើយ តើយើងនឹងនាំនូវសេចក្តីមេត្រីដែលយើងមានទៅកាន់អ្នកដទៃដែលនៅជុំវិញយើងដែរឬទេ? ឬក៏បងប្អូនចង់រក្សាទុកសេចក្តីមេត្រីដែលទទួលបានពីអង្គព្រះយេស៊ូវគ្រីស្ទសម្រាប់តែខ្លួនយើងឬ?
ពេលខ្លះយើងដឹងហើយថា ភាពរវល់ និងភាពមមាញឹកនៃការងារ រវល់នៅក្នុងក្រុមគ្រួសារ ហើយមានគំនិតផ្ដោតគិតតែប្រយោជន៍សម្រាប់តែក្រុមគ្រួសារខ្ញុំបានហើយ ឬពីរនាក់បានហើយ បីនាក់បានហើយ ទាំងនេះហាក់បីដូចជាមានភាពពេញនិយមនៅក្នុងសង្គមហ្វេសបុកណាស់។ សព្វថ្ងៃនេះ ពេលខ្លះមានគំនិតគិតថា តែពីរនាក់បានហើយ តែចូរឲ្យយើងគិតទៅដល់អ្នកនៅជុំវិញផងដែរ ហើយនាំសេចក្តីមេត្រីទៅកាន់អ្នកដទៃ
ទៀត។ បងប្អូនបានទទួលបានសេចក្តីមេត្រីរួចហើយ ចុះហេតុអ្វីបានជាបងប្អូនមិននាំដំណឹងល្អនៃសេចក្តីមេត្រីនោះទៅកាន់អ្នកដទៃទៀតអញ្ចឹង?
កណ្ឋគម្ពីរ អេភេសូរ ២:១៧ បានចែងថា «ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្ដីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ នឹងដល់ពួកអ្នកដែលនៅជិតផង»។ ដូច្នេះ យើងបានដឹងហើយថា យើងគួរតែនាំដំណឹងល្អនៃសេចក្តីមេត្រីដែលយើងមានទៅប្រាប់អ្នកដទៃ ដើម្បីឲ្យពួកគេអាចមានទំនាក់ទំនង និងការផ្សះផ្សាជាមួយអង្គព្រះយេស៊ូវគ្រីស្ទដែរ។ ពិតប្រាកដណាស់ ព្រះយេស៊ូវបានយាងមក ដើម្បីផ្សះផ្សាតាមរយៈអង្គទ្រង់ផ្ទាល់ ហើយបន្ទាប់មកទ្រង់ក៏បានប្រើយើង ដើម្បីនាំដំណឹងល្អនោះទៅកាន់អ្នកផ្សេងដែរ។ ដូច្នេះ កុំឲ្យបងប្អូនមានគំនិតគិតថា តែពីរនាក់ ឬបីនាក់នោះគ្រប់គ្រាន់ឡើយ។ ប៉ុន្តែ ចូរឲ្យយើងចែករំលែក និងគិតអំពីអស់អ្នកដែលមិនទាន់ទទួលជឿផង។ នេះហើយជាអ្វីដែលព្រះអង្គសព្វព្រះហឫទ័យឲ្យយើងធ្វើ។
មតិយោបល់
Loading…