in ,

អ្វី​មួយ​សំខាន់​ជាង​គេ​បំផុត​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ធ្វើ

ខ្ញុំ​បាន​រីក​ចម្រើន​ធំធាត់​ឡើង​នៅ​ក្នុង​វប្បធម៌​ក្រុម​ជំនុំ វប្បធម៌​នៃ​ការ​បង្រៀន​បែប​សំណួរ-ចម្លើយ និង​វប្បធម៌​ថ្វាយ​បង្គំ​តាម​ផ្ទះ។ ខ្ញុំ​ដឹង​ច្បាស់​ថា​ទាំង​អស់​នេះ ពិត​ជា​អស្ចារ្យ និង​ជា​ព្រះ​ពរ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ ខ្ញុំ​បាន​ចូល​រួម​ថ្វាយ​បង្គំ​ពីរ​វេន​រៀង​រាល់​ថ្ងៃ​អាទិត្យ ហើយ​ចាំ​សំណួរ​-ចម្លើយ​នៃ​សេចក្ដី​បង្រៀន និង​ការ​ថ្វាយ​បង្គំ​នៅ​ផ្ទះ ការ​ទាំង​នោះ​បានជះ​ឥទ្ធិពលលើ​ខ្ញុំ​យ៉ាង​ខ្លាំង។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​ដែល​ភ្លេច​អំពី​ភាព​កក់ក្ដៅ​នេះ​ឡើយ​គឺ​ថា ទោះ​ស្លាប់ ឬ​ក៏​រស់​នៅ​ក្ដី គឺ​ខ្ញុំ​មិន​មែន​របស់​ខ្លួន​ឯង​ទេ ប៉ុន្តែ​ទោះ​បី​ជា​ស្លាប់ ឬ​ក៏​រស់​ក្ដី ទាំង​ព្រលឹង និង​រូប​កាយ​ខ្ញុំ វា​គឺ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ស្មោះ​ត្រង់​គឺ​ព្រះ​យេស៊ូ​វគ្រីស្ទ។ ឬ​ក៍​ថា​ទីបញ្ចប់​របស់​មនុស្ស​គ្រប់​គ្នា​គឺ ដើម្បី​ថ្វាយ​សិរី​ល្អ ហើយ​នឹង​រីក​រាយ​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​ដរាប។ ខ្ញុំ​នៅ​ចេះ​ច្រៀង​បទ​ទំនុក​តម្កើង និង​កំណាព្យ​ជា​ច្រើន​កាល​ពី​យុវវ័យ ខ្ញុំ​ក៏​នៅ​មាន​អនុស្សាវរីយ៍​ដែល​គួរ​ឲ្យ​ចង​ចាំ​ជា​ច្រើន​បាន​អំពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​នៅ​ពេល​ដែល​យើង​អធិស្ឋាន​នៅ​ជុំ​វិញ​តុ​ក្នុង​ផ្ទះ​បាយ​ជា​មួយ​គ្នា។

អ្វី​ដែល​ជា​ការ​ពិត​ក្នុង​គ្រួសារ​ខ្ញុំ​ក៏​ជា​ការ​ពិត​ក្នុង​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន​នាក់​ដែរ។ ពួក​គាត់​ក៏​បាន​ចម្រើន​វ័យ​ធំធាត់​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ និង​វប្បធម៌​នៃ​ការ​បង្រៀន​បែប​សំណួរ-ចម្លើយ ព្រម​ទាំង​ការ​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ​តាម​ផ្ទះ​ជាប់​មិន​ដាច់។ ជាក់​ស្ដែង ជា​រៀង​រាល់​ពេល​ដែល​ខ្ញុំ​ទៅ​លេង​ផ្ទះ​ពួក​គាត់ ខ្ញុំ​អាច​ធ្វើ​សាក្សី​ថា ពួក​គាត់​មិន​ដែល​ខក​ខាន​ចូល​រួម​ប្រជុំ​ថ្វាយ​បង្គំ​នៅ​ផ្ទះ​ពួក​គាត់​ឡើយ។ វា​ជា​ទម្លាប់ ជា​ការ​រំពឹង ចង់​បាន ហើយ​វា​ក៏​ជា​ការ​ល្អ​ប្រពៃ​ដែរ។ ក្រុម​ជំនុំ​របស់​យើង​មាន​វត្តមាន​អ្នក​ចូល​រួម​ស្ទើរ​តែ​១០០​ភាគរយ នៅ​វេន​ថ្វាយ​បង្គំ​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ស្ទើរ​តែ​១០០ភាគរយ​នៅ​វេន​ថ្វាយ​បង្គំ​ល្ងាច​ថ្ងៃ​អាទិត្យ។ វា​ជា​ទម្លាប់​របស់​យើង។

ប៉ុន្តែ ទោះ​បី​ជា​មាន​នូវ​គុណសម្បត្តិ​អស់​ទាំង​នេះ​ក្ដី​ក៏​មិត្តភ័ក្ដិ​តាំង​ពី​កុមារភាព​របស់​ខ្ញុំ​ជា​ច្រើន​នាក់​បាន​ដើរ​ចេញ​ពី​សេចក្ដី​ជំនឿ។ មាន​មួយ​ចំនួន​បាន​រសាត់​បាត់​ទៅ​យ៉ាង​លឿន តែ​មួយ​ចំនួន​ទៀត​រស់​នៅ​តាម​យថាហេតុ​ធម្មតាៗ ដូច្នេះ​ហើយ​ពេល​ខ្លះ​ការ​ខកខាន​មិន​បាន​ទៅ​ចូល​រួម​ថ្ងៃ​អាទិត្យ​ជា​រឿយៗ​ក៏​ក្លាយ​ទៅ​ជា​ខែ ហើយ​ពេល​ខ្លះ​ទៅ​ជា​ឆ្នាំ​ក៏​មាន​ដែរ។ ជា​ការ​ពិត​ណាស់ មិន​មែន​ទាំង​អស់​គ្នា​នោះ​ទេ។ ពួក​គាត់​ជា​ច្រើន​នាក់ ខ្លះ​ក៏​នៅ​ជា​អ្នក​ជឿ​ធម្មតា ខ្លះ​ជា​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន និង​ខ្លះ​ទៀត​បាន​ទាំង​ក្លាយ​ជា​អ្នក​ដឹក​នាំ​ក៏​មាន។ ប៉ុន្តែ មាន​ច្រើន​ណាស់​ដែល​បាន​បាត់​មុខ​អស់​ទៅ​ហើយ។

ហេតុ​អ្វី? ខ្ញុំ​សួរ​សំណួរ​នេះ​ម្តង​ហើយ​ម្តង​ទៀត ហេតុអ្វី​បានជា​កូន​ប្រុស​ស្រី​របស់​ឪពុកម្ដាយ​ខ្ញុំ នៅ​បន្ត​ដើរតាម​ព្រះ​អម្ចាស់ ខណៈ​ដែល​មិត្ត​ភក្តិ​ខ្ញុំ និង​ក្រុម​គ្រួសារ​​របស់​គេជា​ច្រើន​លែង​បន្ត? មែន​ទែន​ទៅ ខ្ញុំ​គ្មាន​លទ្ធភាព​ដើម្បី​នឹង​អាច​យល់ ហើយ​អាច​ដាក់​ជា​សេចក្ដី​សន្និដ្ឋាន​លើ​អ្វី​ដែល​ព្រះ​ជាម្ចាស់​ទ្រង់​សម្រេច​នោះឡើយ។ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​មក​ខាង​ក្រោយ ខ្ញុំ​អាច​មើល​ឃើញ​ពី​អ្វី​មួយ​ដែល​ខុស​ប្លែក​គ្នា​ខ្លាំង​រវាង​គ្រួសារ​របស់​ខ្ញុំ ហើយ​នឹង​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ—គឺ​យ៉ាង​ហោច​ណាស់ គ្រួសារ​របស់​មិត្ត​ខ្ញុំ​ដែល​បាន​ដើរចេញ​ពី​ព្រះ​ជាម្ចាស់ និង​ក្រុម​ជំនុំ​របស់​​ព្រះអង្គ​តាំង​ពី​ពេល​នោះ​មក​ម្ល៉េះ។ ទោះបី​ជា​វា​មិន​ពិត​ជា​លក្ខណៈ​សកល​ក្ដី តែ​វា​ការ​ពិត​ទូទៅ​មួយ​ដែរ។ នេះ​ឯង​ជា​ភាព​ខុស​ប្លែក​គ្នា៖ សូម្បី​តែ​មិន​ចង់​មើល​ក្ដី ខ្ញុំ​បាន​ឃើញ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​រស់​នៅ​ស្ដែង​ចេញ​នូវ​សេចក្ដី​ជំនឿ​របស់​ពួក​គាត់។

ពេល​ខ្ញុំ​ចុះ​ពី​ជណ្ដើរ​នៅ​ពេល​ព្រឹក​ដោយ​ថ្នម​ជើង ខ្ញុំ​មុខ​ជា​ឃើញ​លោក​ពុក​របស់​ខ្ញុំ​អង្គុយ​នៅ​ក្នុង​បន្ទប់​ជួប​ជុំ​គ្រួសារ ដោយ​មាន​ព្រះ​គម្ពីរ​បើក​ហើយ​ដាក់​លើ​ភ្លៅ​គាត់។ គ្រប់​ពេល​ខ្ញុំ​បើក​ព្រះ​គម្ពីរ​សិក្សា​របស់​ម្ដាយ​ខ្ញុំ វា​ហាក់​ដូច​ជា​សឹក​ជាង​កាល​ពី​លើក​មុនៗ ខ្ញុំ​ឃើញ​ថា​មាន​ដាន​ពណ៌​ទឹក​ប៊ិច​ច្រើន​ជាង​មុន​លើ​ទំព័រ ហើយ​មាន​បិទ​ស្តុក​ជា​ច្រើន ដើម្បី​ឲ្យ​វា​នៅ​ជាប់​គ្នា។ នៅ​ពេល​ជីវិត​យើង​ជួប​ការ​លំបាក ខ្ញុំ​ឮ​ឪពុក​ម្ដាយ​លើក​វែក​ញែក​ប្រឹក្សា​គ្នា​ពី​ព្រះ​បន្ទូល ហើយ​ខ្ញុំ​ក៏​ឃើញ​ទៀត​ថា​ឪពុក​ម្ដាយ​ខ្ញុំ​អធិស្ឋាន​ជា​មួយ​គ្នា​ដែរ។ ពួក​គាត់​ពុំ​បាន​ធ្វើ​ការ​ទាំង​អស់​នេះ​សម្រាប់​ពួក​យើង​ទេ។ ពួក​គាត់​ក៏​មិន​ធ្វើ ដើម្បី​គ្រាន់​តែ​ឲ្យ​យើង​មើល​ដែរ។ ពួក​គាត់​បាន​ធ្វើ​កិច្ចការ​អស់​ទាំង​នេះ ដោយ​សារ​តែ​ពួក​គាត់​ស្រឡាញ់​ព្រះ​ជាម្ចាស់ ហើយ​ស្រឡាញ់ និង​ពេញ​ចិត្ត​ចំណាយ​ពេល​ជា​មួយ​នឹង​ទ្រង់ ហើយ​ការ​នេះ​បាន​ក្លាយ​ជា​គំរូ​ល្អ​ដល់​ខ្ញុំ។ ខ្ញុំ​អាច​ធ្វើ​ការ​បញ្ជាក់​យ៉ាង​មុតមាំ​ថា ឪពុក​ម្តាយ​ខ្ញុំ​ពិត​ជា​បាន​ជឿ និង​អនុវត្ត​អ្វី​ដែល​ពួក​គាត់​បាន​អធិប្បាយ​ដែរ។ ខ្ញុំ​ដឹង​ថា ពួក​គាត់​ជឿ​ជាក់​ថា ព្រះ​បន្ទូល​ស័ក្ដិសម​គួរ​ឲ្យ​ទុក​ចិត្ត​មែន ដោយ​សារ​តែ​ពួក​គាត់​ចាប់​ផ្ដើម​ថ្ងៃ​របស់​គាត់​ទាំង​អស់​ជា​មួយ​នឹង​ព្រះ​បន្ទូល។ ខ្ញុំ​ដឹង​ថា ពួក​គាត់​ជឿ​ថា ព្រះ​ជាម្ចាស់​ពិត​ជា​គង់​នៅ ហើយ​ទ្រង់​ព្រះ​សណ្ដាប់​ឮ​មែន ដោយ​សារ​ពួក​គាត់​ចំណាយ​ពេល​ជា​រៀង​រាល់​ព្រឹក​ជា​មួយ​នឹង​ព្រះ​អង្គ ដើម្បី​អធិស្ឋាន​សម្រាប់​ពួក​គាត់​ផ្ទាល់ និង​សម្រាប់​កូនៗ។ ខ្ញុំ​បាន​មើល​ឃើញ​ថា ជំនឿ​របស់​ពួក​គាត់​មិន​មែន​សម្រាប់​តែ​ផ្លូវ​ការ និង​សាធារណៈ​នោះ​ឡើយ ប៉ុន្តែ​វា​មាន​ភាព​ជិតស្និទ្ធ និង​មាន​ភាព​ឯកជន។

នេះ​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​រៀន​បាន​ពី​ឪពុក​ម្តាយ​ខ្ញុំ៖ គ្មាន​អ្វី​អាច​ជំនួស​ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ​ក្រោម​ក្រសែភ្នែក​កូនៗ​របស់​ខ្ញុំ​សោះ​ឡើយ។ គ្មាន​ចំនួន​នៃ​ការ​ហ្វឹកហ្វឺន​ផ្នែក​ទេវសាស្ត្រ ចំនួន​នៃ​ការ​ចូល​រួម​ក្រុម​ជំនុំ ឬ​ក៏​ការ​ចូល​រួម​ថ្វាយ​បង្គំ​តាម​ផ្ទះ​ដែល​អាច​នឹង​បង្កើត​ការ​មិន​ចាប់​អារម្មណ៍​លើ​ព្រះ​ជាម្ចាស់​បាន​ឡើយ។ ខ្ញុំ​អាច​បង្រៀន​កូនៗ​ខ្ញុំ​បែប​សំណួរ-ចម្លើយ​ពេញ​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ តែ​ប្រសិន​បើ​ខ្ញុំ​មិន​រីករាយ និង​ត្រេកអរ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ជំនឿ​ទេ នោះ​កូនៗ​របស់​ខ្ញុំ​នឹង​ប្រាកដ​ជា​ឃើញ ហើយ​ពួក​គាត់​ដឹង​ជា​មិន​ខាន។

សម្រាប់​កិច្ចការ​ល្អ​ទាំង​អស់​ដែល​ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ អ្វី​មួយ​ដែល​ខ្ញុំ​គិត​ថា​សំខាន់​ជាង​គេ​គឺ ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ​ដោយ​សាមញ្ញ​នៅ​ចំពោះ​មុខ​ខ្ញុំ។ ខ្ញុំ​គិត​ថា មិន​មាន​អ្វី​ផ្សេង​ទៀត​ដែល​ប៉ះពាល់ និង​ជំរុញ​ចិត្ត​ខ្ញុំ​ជាង​ការ​នេះ​នោះ​ឡើយ។

ខ្ញុំ​បាន​រីក​ចម្រើន​ធំធាត់​ឡើង​នៅ​ក្នុង​វប្បធម៌​ក្រុម​ជំនុំ វប្បធម៌​នៃ​ការ​បង្រៀន​បែប​សំណួរ-ចម្លើយ និង​វប្បធម៌​ថ្វាយ​បង្គំ​តាម​ផ្ទះ។ ខ្ញុំ​ដឹង​ច្បាស់​ថា​ទាំង​អស់​នេះ ពិត​ជា​អស្ចារ្យ និង​ជា​ព្រះ​ពរ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ គ្រា​ស្ងៀម​ស្ងាត់​៤០០​ឆ្នាំ

តើ «ផែន​ដី​​ចាស់» ហើយ​កើត​ចេញ​ពី​ការ​វិវត្តន៍​មែន​ឬ?