in ,

បន្ទាល់អំពីព្រះបុត្រា

១យ៉ូហាន ៥:៦-១២
«គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ​វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​ជា​សេចក្ដី​ពិត មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះ​វិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ បើ​សិន​ជា​យើង​បាន​ទទួល​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្ដី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះ​រាជបុត្រា​នៃ​ទ្រង់ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ នោះ​មាន​សេចក្ដី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពីព្រោះ​មិន​បាន​ជឿ​ដល់​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ​រាជបុត្រា​នៃ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ​រាជបុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះ​រាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ​រាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ» (១យ៉ូហាន ៥:៦-១២)។

សេចក្ដី​បន្ទាល់​របស់​ព្រះ​ជាម្ចាស់​អំពី​ព្រះ​រាជបុត្រា​របស់​ទ្រង់

កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:៩ «បើ​សិន​ជា​យើង​បាន​ទទួល​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្ដី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះ​រាជបុត្រា​នៃ​ទ្រង់»។ ព្រះ​ជាម្ចាស់​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជបុត្រា​ទ្រង់​ផ្ទាល់​តែ​ម្តង ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ចែង​ថា «ប្រសិន​បើ​យើង​បាន​ជឿ​អ្វី​ដែល​មនុស្ស​បាន​ធ្វើ​ទីបន្ទាល់​ហើយ» តើ​យើង​មិន​គួរ​ទទួល​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ប្រសើរ​ជាង​អម្បាលម៉ាន​ទៅ​ទៀត? តើ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ​ដោយ​របៀប​ណា? ព្រះ​អង្គ​បាន​ធ្វើ​បន្ទាល់​ក្នុង​៣​ចំណុច​ដែល​យើង​នឹង​ពិនិត្យ។

ហេតុ​ផល​ទី១៖ ព្រះ​អង្គ​បាន​ធ្វើ​ទី​បន្ទាល់​តាម​រយៈ «ទឹក»។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:៦ បាន​ចែង​ថា «គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ​វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​ជា​សេចក្ដី​ពិត»។ ប្រសិន​បើ​លោក​អ្នក​ពិនិត្យ និង​សង្កេត​មើល​ក្នុង​ខគម្ពីរ​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​មាន​៣​ចំណុច ដែល​លោកអ្នក​មើល​ឃើញ។ ខ​គម្ពីរ​ត្រង់​នេះ មាន​ការ​ពិបាក​យល់​ណាស់ ប៉ុន្តែ បន្ទាប់​ពី​លោក​អ្នក​បាន​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ពេល​ខាង​មុខ ហើយ​និង​អាន​ដោយ​ខ្លួន​ឯង​ច្រើន​លើក​ច្រើន​សារ ហើយ​បន្ត​សិក្សា​ពី​សៀវភៅ​អធិប្បាយ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនួយ ហើយ​ខ្ញុំ​ផ្ទាល់​រក​ឃើញ​ថា ការ​បក​ស្រាយ​នៅ​ត្រង់​ខគម្ពីរ​នេះ គឺ​មាន​ការ​បក​ស្រាយ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ជា​អ្វី​ដែល​ព្រះ​បន្ទូល​ព្រះ​ចង់​មាន​បន្ទូល​នៅ​ត្រង់​ខ​គម្ពីរ​នេះ។

ដូច្នេះ លោកអ្នក​អាច​ឃើញ​ពី​ស្មរ​បន្ទាល់​ពី​ព្រះ​ជាម្ចាស់ សម្រាប់​ព្រះ​រាជបុត្រា​ទ្រង់​តាម​របៀប​៣​យ៉ាង​គឺ៖ តាម​រយៈ ទឹក ឈាម និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ តើ​ខ​គម្ពីរ​នេះ​ចង់​មាន​ន័យ​យ៉ាង​ម្ដេច​ដែល​ថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូវ​តាមរយៈ «ទឹក»? មាន​ការ​បក​ស្រាយ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​អត្ថបទ​នៃ​ខ​គម្ពីរ​នេះ។ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ការ​កាត់​ស្រាយ​នឹង​ព្យាយាម​បកស្រាយ​ថា ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​សុគត​នៅ​ឈើ​ឆ្កាង ហើយ​មាន​ទាហាន​ដែល​យាម​នៅ​ទី​នោះ​បាន​យក​លំពែង​ទៅ​ចាក់​ត្រង់​ឆ្អឹងជំនី​ទ្រង់​នៅ​ខាង​ឆ្វេង ហើយ​បណ្ដាល​ឲ្យ​ឃើញ​មាន​ចេញ​ជា ឈាម និង​ទឹក ហូរ​ចុះ​មក ហើយ​គេ​ឃើញ​ថា នោះ​បញ្ជាក់​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ជា​សាច់ និង​ជា​ឈាម។

ប៉ុន្តែ នោះ​វា​ក៏​ជា​ការ​មួយ​ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូវ​ទ្រង់​បាន​សុគត​ពិត​មែន (ខណៈ​ពេល​ទាហាន​យក​លំពែង​ចាក់​ទ្រង់​នោះ) ហើយ​ខ្ញុំ​ជឿ​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​ចង់​សំដៅ​លើ ឬ​ក៏​ធ្វើ​ជា​ស្មរ​បន្ទាល់​នៅ​ត្រង់​ករណី​ដូច​ខាង​លើ​នេះ​ឡើយ ហើយ​ខ្ញុំ​ជឿ​ថា «ទឹក» នៅ​ត្រង់​ចំណុច​ខាង​លើ​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូវ។ កណ្ឌ​គម្ពីរ ម៉ាថាយ ៣:១៧ បាន​ប្រាប់​យើង​ថា «នោះ​មាន​ឮ​សម្លេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ មុន​ពេល​ដែល​ព្រះ​យេស៊ូវ​ចាប់​ផ្តើម​ព័ន្ធកិច្ច​របស់​ទ្រង់ ទ្រង់​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ស្រប​ពេល​នោះ​ហើយ​គឺ​មាន​សម្លេង​មក​ពី​លើ​មេឃ​ដែល​មាន​បន្ទូល​ថា «នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។ ដូច្នេះ លោក​អ្នក​ឃើញ​ថា នេះ​គឺ​ជា​ការ​មួយ​ដែល​ព្រះ​ជាម្ចាស់​បាន​អះអាង​បញ្ជាក់​ថា ព្រះ​យេស៊ូវ​គឺ​ជា​កូន​ស្ងួនភ្ងា​របស់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​គួរ​ជា​ទី​ពេញ​ចិត្ត​ដល់​ព្រះ​អង្គ​ណាស់។ ត្រង់​នេះ​គឺ​មុន​ទ្រង់​ចាប់​ផ្ដើម​ធ្វើ​ព័ន្ធកិច្ច​របស់​ទ្រង់។

ហេតុ​ផល​ទី២៖ ព្រះ​អង្គ​បាន​ធ្វើ​ទី​បន្ទាល់​តាម​រយៈ «ឈាម»។ ខ្ញុំ​ជឿ​ថា «ឈាម» ទាក់​ទង​ទៅ​នឹង​ការ​សុគត​របស់​ផង​ព្រះ​អង្គ។ លោក​អ្នក​ឃើញ​ហើយ​ថា នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ពិធី​ជ្រមុជ​ទឹក នោះ​ក៏​មាន​សម្លេង​ពី​លើ​មេឃ​មក។ ប៉ុន្តែ នៅ​ពេល​ដែល​ទ្រង់​សុគត យើង​ឃើញ​ថា មាន​ការ​ជា​ច្រើន​ដែល​បង្ហាញ​ថា នោះ​គឺ​ជា​ទីបន្ទាល់​អំពី​ព្រះ​អង្គ (ឧ. នៅ​ត្រង់​កណ្ឌ​គម្ពីរ ម៉ាថាយ ២៧:៤៥)។ មាន​ហេតុការណ៍​ជា​ច្រើន​បាន​កើត​ឡើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ជាប់​ឆ្កាង៖ ផ្ទៃមេឃ​មាន​ការ​អាប់អួ​ខ្មៅ​ងងឹត ខណៈ​ពេល​កណ្ដាល​ថ្ងៃ​ត្រង់​នៅ​ឡើយ នោះ​គឺ​ជា​ការ​មួយ​ដែល​កើត​ឡើង​មក​ពី​ព្រះ​ជាម្ចាស់ វា​មិន​មែន​ជា​ហេតុការណ៍ កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ហើយ​នៅ​ពេល​ដែល​ទ្រង់​សុគត នោះ​វាំងនន​នៅ​ក្នុង​ព្រះ​វិហារ​បាន​រហែក​ជា​ពីរ​កំណាត់​ពី​លើ​ចុះ​ក្រោម។ នោះ​ហើយ​គឺ​ជា​ទី​បន្ទាល់​មួយ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រាប់​ថា ព្រះ​យេស៊ូវ​ជា​កូន​ស្ងួន​ភ្ងា​ទ្រង់ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត​ក៏​បាន​បង្ហាញ​ថា កិច្ចការ​របស់​ព្រះ​យេស៊ូវ​ក៏​បញ្ចប់​សព្វ​គ្រប់​ហើយ​ដែរ។

ហេតុ​ផល​ទី៣៖ ព្រះ​អង្គ​បាន​ធ្វើ​ទី​បន្ទាល់​តាម​រយៈ «ព្រះ​វិញ្ញាណ»។ ខ្ញុំ​ជឿ​ថា ហេតុ​ផល​ទាំង​បី​នេះ​ហើយ​គឺ​មាន​ភាព​ឯកភាព​គ្នា ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា ទាំង​បី​នេះ​គួរ​តែ​ដូច​គ្នា ហើយ​ស៊ី​គ្នា។ ដ្បិត​កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:៦ បាន​ចែង​ថា «…គឺ​ជា​ព្រះ​វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​ជា​សេចក្ដី​ពិត»។ ដូច្នេះ លោក​អ្នក​ឃើញ​ថា ព្រះ​វិញ្ញាណ​គឺ​ជា​អ្នក​ធ្វើ​ទីបន្ទាល់ ព្រម​ទាំង​បើក​សម្ដែង។ ហើយ​លោក​អ្នក​ក៏​ដឹង​រួច​ហើយ​ថា ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ជា​ការ​បើក​សម្ដែង​ផ្ទាល់ (និពន្ធ​ដោយ​ព្រះ​ជាម្ចាស់)ពី​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ព្រះ​អង្គ​បាន​ធ្វើ​ការ​តាម​រយៈ​ហោរា​ផ្សេងៗ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ ២ពេត្រុស ១:២១៖ «ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ» (សូម​មើល​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៣:១៦)។

នោះ​ហើយ​គឺ​ជា​ទីបន្ទាល់​ពី​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​តែង​តែ​និយាយ​អ្វី​ដែល​ជា​ការ​ពិត។ ដូច្នេះ ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ជា​ទីបន្ទាល់​របស់​ព្រះ​ជាម្ចាស់ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ បណ្តាល​ឲ្យ​តែង​ឡើង​អំពី​ព្រះ​រាជបុត្រា​នៃ​ព្រះ។ ប្រសិន​បើ​លោក​អ្នក​ពិនិត្យ​មើល​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដោយ​ចាប់​ផ្តើម​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ទាំង​អស់​គឺ​ជា​ទីបន្ទាល់​ពី​ព្រះ​ជាម្ចាស់​អំពី​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ ដែល​ទ្រង់​ត្រូវ​យាង​មក។

សរុប​សេចក្ដី​មក នេះ​ហើយ​គឺ​ជា​ទីបន្ទាល់​៣​យ៉ាង ហើយ​ខ្ញុំ​គិត​ថា គឺ​ជា​ទីបន្ទាល់​ដ៏​ពេញ​លេញ​បំផុត ដោយ​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​ទីបន្ទាល់​៣​នោះ ដើម្បី​ជា​ការ​អះអាង​អំពី​ព្រះ​រាជបុត្រា​នៃ​ព្រះ។ មាន​ការ​ជា​ច្រើន​ដែល​យើង​ត្រូវ​គិត និង​ពិភាក្សា​ដោយ​ត្រូវ​សិក្សា​បន្ថែម​ទៀត ប្រហែល​មនុស្ស​មួយ​ចំនួន​មាន​ទស្សនៈ​ផ្សេង​ពី​ការ​លើក​ឡើង​ត្រង់​ខគម្ពីរ​នេះ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​អាច​យល់​បាន​គឺ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដោយ​ការ​៣​យ៉ាង​គឺ៖ ទឹក ឈាម ហើយ​និង​ព្រះវិញ្ញាណ​បរិសុទ្ធ ទីបន្ទាល់​៣​យ៉ាង​នេះ​បញ្ជាក់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ។

ប្រសិន​បើ​លោក​អ្នក​បន្ត​អាន និង​សិក្សា​បន្ថែម​ទៅ​មុខ​ទៀត នោះ​លោក​អ្នក​នឹង​ឃើញ​ថា​កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:៧ បាន​ចែង​ថា «មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះ​វរបិតា​១ ព្រះ​បន្ទូល​១ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ»។ ដូច្នេះ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​បាន​ថា​ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ដោយ​ព្រះ​ជាម្ចាស់​បាន​ផ្តល់​នូវ​សាក្សី (ព្រះ​វរបិតា ព្រះ​បន្ទូល និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ) និង​ទី​បន្ទាល់​៣​យ៉ាង ដើម្បី​អះអាង​ដូច​អ្វី​ដែល​បាន​រៀបរាប់​ពី​ដើម​ខាង​លើ​មក​គឺ​មាន ទឹក ឈាម និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ នេះ​ហើយ​គឺ​ជា​ការ​បញ្ជាក់​បង្ហាញ​ឲ្យ​យើង​ដឹង​ថែម​ទៀត​ថា ទីបន្ទាល់​របស់​ព្រះ​ជាម្ចាស់​ប្រសើរ​លើស​ជាង​ទីបន្ទាល់​របស់​មនុស្ស​ទៅ​ទៀត។

កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១០ បាន​ចែង​ថា «អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ នោះ​មាន​សេចក្ដី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពីព្រោះ​មិន​បាន​ជឿ​ដល់​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ​រាជបុត្រា​នៃ​ទ្រង់»។ ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់ ដោយ​សារ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​បន្ទាល់។ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​ជឿ​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ទីបន្ទាល់​ទេ នោះ​យើង​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​ក្លាយ​ជា​អ្នក​កុហក​វិញ។ ហើយ​នៅ​ពេល​ដែល​យើង​ថា ព្រះ​ជាម្ចាស់​ជា​អ្នក​កុហក នោះ​មាន​ន័យ​ថា យើង​កំពុង​ប្រមាថ​ព្រះ​អង្គ​ហើយ។ ជា​ទូទៅ យើង​ឃើញ​ហើយ​ថា ការ​ប្រមាថ​ព្រះ​អង្គ​ក៏​ជា​ការ​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ ហើយ​នៅ​ពេល​ដែល​យើង​បដិសេធ​ទីបន្ទាល់​របស់​ព្រះ​ជាម្ចាស់ នោះ​មាន​ន័យ​ថា យើង​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទៅ​ជា​តួ​កុហក​វិញ។ ដូច្នេះ នៅ​ពេល​ដែល​យើង​ប្រមាថ​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ នោះ​លទ្ធផល​គឺ​ជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​ថា មិន​អាច​អធ្យាស្រ័យ​ឲ្យ​បាន ហើយ​ក៏​ជា​អំពើ​បាប​នៃ​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច​ដែរ។

ប៉ុន្តែ ប្រសិន​បើ​យើង​ជឿ​លើ​ទីបន្ទាល់​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រាប់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ នោះ​យើង​នឹង​ទទួល​ទីបន្ទាល់​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ។ ហើយ​អស់​អ្នក​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ នោះ​មាន​ន័យ​ថា មាន​ទីបន្ទាល់​នៅ​ក្នុង​ជីវិត ហើយ​តួនាទី​របស់​យើង​ដែល​ជា​អ្នក​ជឿ​គឺ​ជា​ភស្តុតាង និង​ជា​សាក្សី ដែល​យើង​បាន​ទទួល​ពី​ព្រះ​ជាម្ចាស់​មក ដោយ​យើង​ប្រកាស​ទៅ​កាន់​អ្នក​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ​អង្គ តាម​រយៈ​ទីបន្ទាល់​របស់​យើង នោះ​បញ្ជាក់​ថា​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង និង​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​ជំនួស​អំពើ​បាប​របស់​យើង​ផង​ដែរ។

តើ​អ្វី​ទៅ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ​ជាម្ចាស់?

កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១១ មាន​ចែង​ដូច​ត​ទៅ «នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ​រាជបុត្រា​នៃ​ទ្រង់»។ នេះ​ហើយ​គឺ​ជា​ទីបន្ទាល់​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​ន័យ​ថា ព្រះ​អង្គ​បាន​ប្រទាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ​គឺ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ។ នេះ​ក៏​ជា​ទីបន្ទាល់​មួយ ដែល​លោក​អ្នក ហើយ​និង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ប្រាប់​លោកីយ៍​ពី​ព្រះ​យេស៊ូវ​ឲ្យ​ពួក​គេ​បាន​ដឹង​ច្បាស់​ថា មាន​តែ​តាម​រយៈ​ព្រះ​យេស៊ូវ​មួយ​ប៉ុណ្ណោះ​ទើប​មនុស្ស​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន។ ប្រហែល​មនុស្ស​មួយ​ចំនួន​គិត​ថា មាន​ផ្លូវ​ផ្សេង ឬ​មធ្យោបាយ​ជា​ច្រើន​ទៀត ដើម្បី​សង្គ្រោះ និង​នាំ​ពួក​គេ​ទៅ​ស្ថានសួគ៌​បាន។ ប៉ុន្តែ ការ​គិត​បែប​នោះ​ខុស​ហើយ ពីព្រោះ​មាន​តែ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​មួយ​គត់ ដែល​យើង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា «ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ» (យ៉ូហាន ១៤:៦)។

នេះ​ជា​ចំណុច​មួយ​ដែល​ជា​ស្មរ​បន្ទាល់​របស់​ព្រះ​អង្គ គឺ​ចេញ​ទៅ​ប្រកាស​ប្រាប់​ថា មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ដែល​នាំ​យើង​ទៅ​រក​ជីវិត​គឺ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ដូច្នេះ យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​គឺ​មាន​តួនាទី​ប្រកាស​ពី​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​មក​ពី​ព្រះ​ជាម្ចាស់ ហើយ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​សេចក្ដី​បន្ទាល់​ពី​ព្រះ​រាជបុត្រា​ថា មាន​ជីវិត​នៅ​ក្នុង​ព្រះ​រាជបុត្រា​នោះ ហើយ​មិន​មាន​ផ្លូវ​ណា​ក្រៅ​ពី​ទ្រង់​ឡើយ។ នេះ​ហើយ​គឺ​លក្ខណៈ​មួយ​ដាច់​ដោយ​ឡែក​របស់​គ្រីស្ទ​បរិស័ទ ពីព្រោះ​យើង​ជឿ​ថា មាន​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​មួយ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ​មនុស្ស​លោក​បាន។

មូល​ហេតុ​ដែល​យើង​គួរ​ជឿ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ

កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១២ បាន​ចែង​ថា «ឯ​អ្នក​ណា​ដែល​មាន​ព្រះ​រាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ​រាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ»។ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ហើយ​ថា អ្នក​ណា​ដែល​មាន​ព្រះ​យេស៊ូវ​នៅ​ក្នុង​ជីវិត នោះ​គាត់​មាន​ជីវិត ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ​រាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ លោក​អ្នក​ឃើញ​ហើយ​ថា ការ​ជឿ​លើ​ព្រះ​យេស៊ូវ និង​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេស៊ូវ នោះ​ក៏​ជា​ការ​ដែល​សំខាន់​ណាស់។ មាន​មនុស្ស​ជា​ច្រើន​នាក់​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​យេស៊ូវ ដោយ​សារ​ពួក​គេ​គ្រាន់​តែ​ចាត់​ទុក​ព្រះ​យេស៊ូវ​ថា ទ្រង់​គឺ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​មួយ និង​ជា​ម្នាក់​ដែល​បង្រៀន​ឲ្យ​ធ្វើ​ល្អ ហើយ​ការ​ដែល​យើង​មាន​ទស្សនៈ​នឹង​ជឿ​បែប​នេះ នោះ​គឺ​ជា​ការ​មួយ​ដែល​មិន​នាំ​យើង​ទៅ​រក​សេចក្ដី​សង្គ្រោះ​នោះ​ទេ។

ប៉ុន្តែ ជំនឿ​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​សង្គ្រោះ និង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ហើយ​ព្រះ​អង្គ​យាង​មក​ប្រសូត​ដោយ​យក​និស្ស័យ​ជា​សាច់​ឈាម ជា​មនុស្ស ព្រម​ទាំង​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង បី​ថ្ងៃ​ក្រោយ​មក ព្រះ​អង្គ​បាន​រស់​ពី​សុគត​ឡើង​វិញ។ ហើយ​អស់​អ្នក​ណា​ដែល​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មែន។ រីឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​ថា យើង​នឹង​មាន​វត្ត​មាន​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​រហូត​ត​ទៅ។ ជា​ការ​ដាស់​តឿន និង​រម្លឹក​លោក​អ្នក​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ពិត​ប្រាកដ។

ចំពោះ​មនុស្ស​មួយ​ចំនួន ដែល​មិន​ទាន់​ច្បាស់​នៅ​ឡើយ សូម​ប្រែចិត្ត ហើយ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ដោយ​ការ​អធិស្ឋាន ដោយ​ទទួល​ស្គាល់​ព្រះ​រាជបុត្រា ដែល​ទ្រង់​បាន​យាង​មក​យក​និស្ស័យ​ជា​មនុស្ស ហើយ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​អំពើ​បាប​របស់​លោក​អ្នក ហើយ​បី​ថ្ងៃ​ក្រោយ​មក​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

ហើយ​ចំពោះ​បង​ប្អូន ដែល​ជា​អ្នក​ជឿ​ពិត​ប្រាកដ​ហើយ ដោយ​បង​ប្អូន​បាន​ដឹង​ហើយ​ថា មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ នោះ​បង​ប្អូន​ត្រូវ​ធ្វើ​ជា​បន្ទាល់​ទៅ​កាន់​អ្នក​ដទៃ​ទៀត ដែល​កំពុង​តែ​ដើរ​តម្រង់​ទៅ​កាន់​ផ្លូវ​នៃ​សេចក្ដី​ហិនវិនាស។ សូម​ប្រកាស​ប្រាប់​ពួក​គេ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ព្រោះ​ប្រសិន​បើ​យើង​មិន​ប្រាប់​ពួក​គេ​ទេ នោះ​ពួក​គេ​នឹង​មិន​ឮ​ពី​ព្រះ​បន្ទូល​ឡើយ។

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ក្រុមខុសឆ្គង៖ គ្រីស្ទសាសនាសេរីនិយម

អ្នក​កាន់​ទុក្ខ​ប្រាថ្នា​