យើងកំពុងតែមើលទៅលើដំណាក់កាលនៃភាពចាស់ទុំខាងវិញ្ញាណដែលសាវក យ៉ូហាន បានលើកឡើងដែលមាន៖ កូនក្មេង មនុស្សពេញវ័យ និងឪពុកខាងឯវិញ្ញាណដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ១យូហាន ២:១២-១៤។ ពីមុនយើងបានមើលដំណាក់កាលនៃការដែលកូនក្មេងពេញវ័យខាងឯព្រលឹងវិញ្ញាណ ហើយឃើញថាយើងទាំងអស់គ្នាចាប់ផ្ដើមដំណើរជីវិតជាគ្រីស្ទបរិស័ទនៅក្នុងដំណក់កាលនេះ មិនថាព្រះអម្ចាស់បានសង្គ្រោះយើងនៅអាយុណាក៏ដោយ។ មានសញ្ញាសម្គាល់ពីរនៃដំណាក់កាលនេះផងដែរ៖ អំពើបាបរបស់យើងត្រូវបានលើកលែងទោសសម្រាប់ជាប្រយោជន៍ដល់ព្រះនាមរបស់ព្រះគ្រីស្ទ ហើយយើងស្គាល់ព្រះវរបិតារបស់យើង។
ថ្ងៃនេះ យើងនឹងមើលភាពពេញវ័យខាងឯវិញ្ញាណដែលសាវ័ក យ៉ូហាន បានណែនាំនៅក្នុងខ១៣ និង១៤។ សាវ័ក យ៉ូហាន បានដាក់ដំណាក់កាលនេះចុងក្រោយ ប៉ុន្តែយើងនឹងរៀបរាប់វាឥឡូវនេះ ដើម្បីជួយដល់អ្នកអានឲ្យមើលឃើញអំពីដំណើរការនៃការលូតលាស់ខាងឯវិញ្ញាណ។
ហេតុអ្វីបានជាសាវ័ក យ៉ូហាន ដាក់ដំណាក់កាលនេះចុងក្រោយ? មូលហេតុគឺដើម្បីសង្កត់ធ្ងន់លើន័យ ពីព្រោះមនុស្សពេញវ័យជាធម្មតាជាអ្នកដែលកំពុងស្ថិតនៅក្នុងសមរភូមិ។ ឪពុកនឹងផ្តល់ការណែនាំ និងត្រួតពិនិត្យមើល ប៉ុន្តែអ្នកដែលនៅក្នុងសង្វៀននៃសង្គ្រាមខាងឯវិញ្ញាណជារឿយៗជាមនុស្សពេញវ័យ។ សាវ័ក យ៉ូហាន ចង់លើកបញ្ជាក់អំពីពួកគេជាពិសេស ដោយសារសារៈសំខាន់របស់ពួកគេចំពោះភាពជោគជ័យនៃបេសកកម្មនៅក្នុងសង្គ្រាមខាងឯវិញ្ញាណ។
មានលក្ខណៈបីយ៉ាងនៃភាពពេញវ័យខាងឯវិញ្ញាណក្នុងខគម្ពីរនេះ៖ ពួកគេមានកម្លាំង ព្រះបន្ទូលរបស់ព្រះស្ថិតជាប់នៅក្នុងពួកគេ ហើយពួកគេបានយកឈ្នះលើមេកំណាច។
ជាដំបូង សូមកត់ចំណាំថាអ្នកដែលបានផ្លាស់ប្តូរពីភាពជាកូនក្មេងខាងឯវិញ្ញាណទៅជាពេញវ័យខាងឯវិញ្ញាណគឺជាអ្នកមានកម្លាំង។ ភាពខុសគ្នាដ៏សំខាន់មួយរវាងកុមារ និងមនុស្សពេញវ័យគឺកម្រិតនៃកម្លាំង។ ពាក្យដែលសាវ័ក យ៉ូហាន បានប្រើប្រាស់សម្រាប់មនុស្សពេញវ័យនៅក្នុងខគម្ពីរនេះ ជាធម្មតាសំដៅទៅលើយុវជនអាយុចន្លោះពី២២ទៅ២៨ឆ្នាំ។ នេះមិនមែនជាមនុស្សពេញវ័យក្នុងន័យថាជាក្មេងជំទង់ទេ ប៉ុន្តែទាំងនេះគឺជាមនុស្សពេញកម្លាំងក្នុងជីវិត ដោយសំដៅលើកាយសម្បទា។ ហេតុនេះហើយបានជាសាវ័ក យ៉ូហាន និយាយថា ពួកគេមានកម្លាំង ពីព្រោះពួកគេបានផ្លាស់ប្តូរពីភាពទន់ខ្សោយខាងឯវិញ្ញាណទៅជាខ្លាំងខាងឯវិញ្ញាណ។
យើងឃើញឧទាហរណ៍នៃរឿងដូចនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដោយមានមនុស្សពេញវ័យដែលព្រះបានលើកឡើង ដែលបានបង្ហាញពីកម្លាំងខាងឯវិញ្ញាណយ៉ាងសម្បើម។ ឧទាហរណ៍៖ នៅក្នុងកណ្ឌគម្ពីរដានីយ៉ែល យើងជួបនឹងមនុស្សពេញវ័យបួននាក់ដែលគេហៅថា «យុវវ័យ»។ យុវជនទាំងនេះមានកម្លាំងខ្លាំងណាស់ប្រហែលមិនមែនខាងរូបកាយទេ ប៉ុន្តែខាងឯវិញ្ញាណ។ លោក ដានីយ៉ែល បានដិសេធមិនទទួលទានអាហាររបស់ស្ដេចជាមួយនឹងមិត្តភក្តិបីនាក់ទៀតរបស់គាត់ ហើយមិត្តភក្ដិបីនោះក្រោយមកក៏បានបង្ហាញពីកម្លាំងខាងឯវិញ្ញាណថា ពួកគេហ៊ានទទួលយកការសម្រេចព្រះទ័យរបស់ស្តេចក្នុងការបោះពួកគេចូលក្នុងភ្លើងឆេះជាជាងក្រាបថ្វាយបង្គំរូបព្រះក្លែងក្លាយ។ ច្បាស់ណាស់ នេះមិនមែនជាទារកខាងឯវិញ្ញាណទេ ប៉ុន្តែជាមនុស្សពេញវ័យខ្លាំងខាងឯវិញ្ញាណ!
សាវ័ក យ៉ូហាន កំពុងនិយាយនៅទីនេះថា មនុស្សពេញវ័យមានជំនឿខ្លាំង។ មនុស្សពេញវ័យខាងឯវិញ្ញាណបានឈានដល់ចំណុចនៃការមានឆន្ទៈក្នុងការប្រថុយប្រថាន ដើម្បីជាប្រយោជន៍ដល់នគរព្រះ។ ពួកគេសុខចិត្តដាក់គ្រប់ការទាំងអស់ចូល ហើយហ៊ានលះបង់សម្រាប់សិរីល្អរបស់ព្រះគ្រីស្ទដោយជឿថា ព្រះគ្រីស្ទកំពុងធ្វើការនៅក្នុង និងតាមរយៈពួកគេ។
មូលហេតុចម្បងដែលពួកគេមានជំនឿខ្លាំងគឺដោយសារតែព្រះបន្ទូលរបស់ព្រះស្ថិតនៅជាប់ក្នុងពួកគេ។ (សូមចំណាំថា នេះគឺជាគន្លឹះ ដើម្បីផ្លាស់ប្តូរពីកុមារភាពខាងឯវិញ្ញាណទៅជាមនុស្សពេញវ័យខាងឯវិញ្ញាណ។) អ្វីដែលបណ្តាលឲ្យមានការរីកចម្រើនក្នុងជីវិតជាគ្រីស្ទបរិស័ទមិនមែនជាបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងលោកីយ៍នេះទេ ប៉ុន្តែគឺការអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះនៅជាប់ក្នុងលោកអ្នក។ យើងសង្កេតឃើញការពិតនេះនៅក្នុងកណ្ឌគម្ពីរទំនុកតម្កើង ១១៩:៩ ដែលមនុស្សកំឡោះគឺជាអ្នកដែលមិនត្រឹមតែបានអាន និងសិក្សាព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងមានព្រះបន្ទូលនៅជាប់ក្នុងគាត់ដែរ។ ហើយម្តងទៀត នៅក្នុងខ៩៩បានលើកឡើងអំពីរបៀបដែលព្រះបន្ទូលនៃព្រះដែលស្ថិតជាប់នៅក្នុងអ្នកនិពន្ធទំនុកតម្កើងតែងតែបានបណ្តាលឲ្យមានការរីកចម្រើនខាងឯវិញ្ញាណ បានផ្តល់ប្រាជ្ញាខាងឯវិញ្ញាណដល់គាត់ ហើយអនុញ្ញាតឲ្យគាត់បានរឹងមាំនៅក្នុងសេចក្តីជំនឿ និងការគោរពប្រតិបត្តិចំពោះព្រះអម្ចាស់។
តើលោកអ្នកចង់ដឹងទេថា ហេតុអ្វីបានជាគ្រីស្ទបរិស័ទជាច្រើនហាក់ដូចជាមិនមានជំនឿខ្លាំងក្លា ហើយធ្វើកិច្ចការដ៏អស្ចារ្យ និងមានឥទ្ធិពលសម្រាប់ព្រះអម្ចាស់ឬ? ហេតុអ្វីបានជាយើងមានទារកខាងឯវិញ្ញាណជាច្រើននៅក្នុងក្រុមជំនុំ ហើយមានមនុស្សពេញវ័យខាងឯវិញ្ញាណតិចតួចណាស់ ដែលសុខចិត្តយកដាវនៃព្រះវិញ្ញាណទៅច្បាំងជាមួយអារក្ស?
ចម្លើយគឺថា៖ ដោយសារយើងមានគ្រីស្ទបរិស័ទដែលមានទំនាក់ទំនងប្រញាប់ប្រញាល់ជាមួយនឹងព្រះគម្ពីរ។ លោក ថូម៉ាស វ៉ាតសុន (Thomas Watson) ដែលជាពួកព្យួរីតិនម្នាក់បានសរសេរថា «កុំឈប់អានព្រះគម្ពីរឡើយរហូតដល់លោកអ្នកឃើញថា ចិត្តលោកអ្នកបានកក់ក្តៅសិន…កុំត្រឹមតែឲ្យព្រះគម្ពីរប្រាប់លោកអ្នកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសូមឲ្យព្រះគម្ពីរបញ្ឆេះលោកអ្នក»។ នេះគឺជាបញ្ហាដ៏ធំមួយរបស់យើងនៅក្នុងក្រុមជំនុំសព្វថ្ងៃនេះ៖ ក្នុងចំណោមពួកយើងមានច្រើននាក់ណាស់ដែលត្រូវបានទទួលព័ត៌មានពីព្រះបន្ទូលរបស់ព្រះ ប៉ុន្តែមិនដែលបានបញ្ឆេះដោយព្រះបន្ទូលរបស់ព្រះឡើយ។ យើងមានក្បាលដែលពោរពេញទៅដោយសេចក្ដីពិត តែចិត្តត្រជាក់ដូចថ្ម។
ប្រសិនបើលោកអ្នកចង់ធំឡើងឲ្យក្លាយជាមនុស្សពេញវ័យ ហើយទុកកុមារភាពខាងឯវិញ្ញាណចោល នោះលោកអ្នកត្រូវតែនៅក្នុងព្រះគម្ពីររហូតទល់តែព្រះគម្ពីរនៅក្នុងលោកអ្នក។ នៅពេលដែលវាកើតឡើង—នៅពេលដែលដួងចិត្តរបស់អ្នកត្រូវបានបញ្ឆេះដោយព្រះបន្ទូលនៃព្រះ ហើយព្រះបន្ទូលរស់នៅក្នុងលោកអ្នក នោះលោកអ្នកក៏នឹងបង្ហាញលក្ខណៈទីបីនៃការក្លាយជាមនុស្សពេញវ័យនៅក្នុងសេចក្តីជំនឿដែរ ដោយយកឈ្នះលើមារសាតាំង។
ព្រះគម្ពីរបានលើកឡើងយ៉ាងច្បាស់ណាស់ ជាពិសេសនៅក្នុងកណ្ឌគម្ពីរអេភេសូរ ថាការប្រយុទ្ធរបស់យើងមិនមែនប្រឆាំងនឹងសាច់ឈាមទេ។ យើងមិនត្រឹមតែប្រយុទ្ធនឹងសត្រូវនៅលើផែនដីនោះទេ។ យើងមានសត្រូវដ៏ខ្លាំងពូកែ ប៉ុន្តែយើងអាចយកឈ្នះពួកវាបាននៅពេលយើងមានជំនឿខ្លាំង ហើយព្រះបន្ទូលរបស់ព្រះស្ថិតនៅជាប់ក្នុងយើង។
នៅទីនេះមានភាពខុសគ្នាដ៏សំខាន់មួយទៀតរវាងកូនក្មេងខាងឯវិញ្ញាណ និងមនុស្សពេញវ័យខាងឯវិញ្ញាណ៖ ជ័យជម្នះលើអារក្ស និងជ័យជម្នះលើសាច់ឈាម។ សាវ័ក ប៉ុល បានសរសេរនៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១៤ ថាកូនក្មេងខាងឯវិញ្ញាណគឺដូចជាអ្នកដែលត្រូវបោះទៅទីនេះនិងទីនោះ ទន់ខ្សោយ មិនស្ថិតស្ថេរ ងាយផ្លាស់ទី និងងាយចាញ់បោកអ្នកដទៃ។ កូនក្មេងខាងឯវិញ្ញាណប្រហែលអាចត្រូវការតស៊ូយ៉ាងខ្លាំងក្លាប្រឆាំងជាមួយអារក្ស ពីព្រោះពួកគេនៅជាទារកនៅឡើយនៅក្នុងព្រះគ្រីស្ទនៅឡើង។ ប៉ុន្តែ យើងមិនត្រូវនៅជាកូនក្មេងទៀតឡើយ។ យើងត្រូវតែលូតលាស់ធំឡើង។ យើងត្រូវមានភាពពេញវ័យ។ ហើយយើងត្រូវក្លាយជាមនុស្សរឹងមាំក្នុងសេចក្ដីជំនឿ—ដើម្បីឲ្យយើងយកឈ្នះលើមារសាតាំងបាន និងដើម្បីកុំឲ្យយើងត្រូវបានបំភាន់ដោយរាល់គោលលទ្ធិក្លែងក្លាយ និងរាល់ការល្បួងឡើយ។
ដូច្នេះ នេះគឺជាការសាកល្បងសម្រាប់មនុស្សពេញវ័យខាងឯវិញ្ញាណ៖ តើលោកអ្នកបានផ្លាស់ប្តូរលើសពីកម្រិតមូលដ្ឋានហើយឬនៅ? តើលោកអ្នកបានឈានទៅដល់ចំណុចមួយដែលព្រះបន្ទូលនៃព្រះ ពីដើមដល់ចុងបញ្ចប់ បានកាន់កាប់ព្រលឹងលោកអ្នកហើយឬនៅ? តើលោកអ្នកបានមានជំនឿខ្លាំងឡើង ដោយសារព្រះបន្ទូលនៃព្រះស្ថិតនៅជាប់ក្នុងលោកអ្នក ហើយបានបញ្ឆេះដួងចិត្តខ្លួនចំពោះព្រះគ្រីស្ទហើយឬនៅ? តើលោកអ្នកឃើញភស្តុតាងនៃសេចក្ដីពិតនោះនៅក្នុងរបៀបដែលលោកអ្នកយកឈ្នះលើអំពើបាបក្នុងជីវិតរបស់ខ្លួន ក្នុងរបៀបដែលអ្នកឆ្លើយតបនឹងការបង្រៀនក្លែងក្លាយ គោលលទ្ធិមិនពិត និងក្នុងរបៀបដែលអ្នកដោះស្រាយនឹងការល្បួងហើយឬនៅ?
ប្រសិនបើលោកអ្នកមិនទាន់ដល់ចំណុចនេះនៅឡើយទេ នោះលោកអ្នកត្រូវតែនៅក្នុងព្រះបន្ទូល ហើយលោកអ្នកត្រូវស្វែងរកនរណាម្នាក់ ឬក្រុមមនុស្សដែលពេញវ័យជាងលោកអ្នក ហើយអាចបង្រៀនលោកអ្នក និងជួយលោកអ្នកឲ្យរីកចម្រើនឡើងបាន។ ប៉ុន្តែ ប្រសិនបើលោកអ្នកមកដល់ចំណុចនេះហើយ នោះលោកអ្នកត្រូវតែស្វែងរកអ្នកដ៏ទៃ ដើម្បីលើកទឹកចិត្តដល់ពួកគេ ដែលនៅមានដំណើរវែងឆ្ងាយជាងដំណើររបស់លោកអ្នក។
ជាបន្ទាប់ យើងនឹងពិនិត្យមើលដំណាក់កាលចុងក្រោយនៃភាពចាស់ទុំខាងឯវិញ្ញាណដែលសាវ័ក យ៉ូហាន បានបង្ហាញដល់យើង៖ ឪពុកខាងឯវិញ្ញាណ។
យើងកំពុងតែមើលទៅលើដំណាក់កាលនៃភាពចាស់ទុំខាងវិញ្ញាណដែលសាវក យ៉ូហាន បានលើកឡើងដែលមាន៖ កូនក្មេង មនុស្សពេញវ័យ និងឪពុកខាងឯវិញ្ញាណដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ១យូហាន ២:១២-១៤…
មតិយោបល់
Loading…